ទីប្រឹក្សាដ៏អស្ចារ្យ

ដេរេក ព្រីនស៍
*Last Updated: March 2026
2 min read
នេះគឺជាលោក ដេរេក ព្រីនស៍ ដែលនាំមកនូវព្រះបន្ទូលមួយសម្រាប់អ្នក។
“ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ា ដែលទ្រង់ជួយគំនិតទូលបង្គំ អើ ចិត្តក៏បង្គាប់ដល់ទូលបង្គំនៅវេលាយប់ដែរ” (ទំនុកដំកើង 16:7 ពគប)
ខ្ញុំអាចនិយាយដូចពាក្យរបស់ដាវីឌដែរ។ ខ្ញុំដឹងថា ការទទួលបានការជួយគំនិតពីព្រះអម្ចាស់មានន័យយ៉ាងដូចម្តេច។ ខ្ញុំឲ្យតម្លៃដល់ការប្រឹក្សារបស់ព្រះអម្ចាស់ លើសជាងប្រាជ្ញារបស់មនុស្សទាំងអស់។ តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ ខ្ញុំបានឃើញជាច្រើនដងហើយថា ការប្រឹក្សារបស់ព្រះអម្ចាស់អាចទុកចិត្តបាន។
ក្រោយមក នៅក្នុងគម្ពីរអេសាយ ព្រះអម្ចាស់ត្រូវបានពិពណ៌នាថាជា ទីប្រឹក្សាដ៏អស្ចារ្យ ជាទីប្រឹក្សាដែលស្ថិតនៅកម្រិតខ្ពស់ជាងប្រាជ្ញា ការយល់ដឹង ឬចំណេះដឹងរបស់មនុស្ស។ ខ្ញុំមានអំណរយ៉ាងខ្លាំងដែលខ្ញុំអាចទទួលបានការជួយគំនិតពីព្រះអម្ចាស់។
ហើយខ្ញុំក៏អាចនិយាយដូចពាក្យដែលដាវីឌបាននិយាយនៅក្នុងឃ្លាបន្ទាប់ដែរ៖ “អើ ចិត្តក៏បង្គាប់ដល់ទូលបង្គំនៅវេលាយប់ដែរ”។ ជាច្រើនដងណាស់ នៅពេលដែលខ្ញុំមានបញ្ហាដែលមិនទាន់ដោះស្រាយ ហើយខ្ញុំចូលគេង ដោយថ្វាយវាទៅព្រះអម្ចាស់ នោះនៅពេលយប់ ព្រះអម្ចាស់ក៏ដាស់ខ្ញុំ។ ហើយនៅក្នុងជម្រៅខាងក្នុងបំផុតនៃចិត្តខ្ញុំ ក្នុងភាពស្ងប់ស្ងាត់នៃពេលយប់ ដោយសំឡេងតូចស្ងាត់នោះ ទ្រង់មានបន្ទូលមកកាន់ខ្ញុំ។ ទ្រង់បង្ហាញខ្ញុំនូវចម្លើយសម្រាប់បញ្ហានោះ។ អូ! វាពិតជាល្អណាស់ដែលដឹងថា អ្នកអាចទទួលបានការជួយគំនិតពីព្រះអម្ចាស់ នៅពេលដែលអ្នកឈានដល់ទីបញ្ចប់នៃសមត្ថភាពរបស់ខ្លួន នៅពេលដែលអ្នកបានវែកញែកអ្វីៗគ្រប់យ៉ាងហើយ តែវាមិនសមហេតុផល។ នៅពេលដែលអ្នកស្ថិតក្នុងស្ថានភាពជាប់គាំងក្នុងជីវិត ហើយអ្នកមិនដឹងថាត្រូវងាកទៅផ្លូវណា។
ចូរចងចាំថា ព្រះអម្ចាស់គឺជាទីប្រឹក្សាដ៏អស្ចារ្យ។ ចូរទៅរកព្រះអង្គ ហើយថ្វាយបញ្ហានោះទៅព្រះអង្គ។ ព្រះអង្គនឹងបង្ហាញចម្លើយដល់អ្នក តាមរបៀបដ៏អស្ចារ្យរបស់ព្រះអង្គ។
កូដ: WD-WFTW-022-KHM