តើព្រះបានរៀបចំផ្លូវមួយសម្រាប់ឲ្យយើងរួចផុតពីភាពជាទាសករនៃនគរងងឹត ហើយក្លាយជាអ្នកទទួលមរតកនៃនគរពន្លឺដែរឬទេ? ចម្លើយគឺ ពិតជាមាន។ ផ្លូវដែលព្រះបានរៀបចំសម្រាប់យើង គឺតាមរយៈការសុគតរបស់ព្រះយេស៊ូវគ្រីស្ទជំនួសយើង។ នៅលើឈើឆ្កាង ព្រះយេស៊ូវបានទទួលយកបណ្តាសាដែលយើងសមនឹងទទួល ដោយសារការមិនស្តាប់បង្គាប់របស់យើង ដើម្បីឲ្យយើងអាចចូលរួមក្នុងព្រះពរ ដែលព្រះយេស៊ូវបានទទួលដោយសារការស្តាប់បង្គាប់របស់ព្រះអង្គ។ ព្រះពរទាំងនេះគ្របដណ្តប់លើគ្រប់វិស័យនៃនគរពន្លឺ។ ទាំងបណ្តាសា និងព្រះពរ ត្រូវបានបង្ហាញនៅក្នុងវិស័យសំខាន់បីនៃជីវិតរបស់យើង គឺ ខាងវិញ្ញាណ ខាងរាងកាយ និងខាងសម្ភារៈ។

អត្ថប្រយោជន៍ខាងវិញ្ញាណ

តើបណ្តាសាខាងវិញ្ញាណអ្វីខ្លះ ដែលព្រះគ្រីស្ទបានរំដោះយើងឲ្យរួចផុត? ដូចគ្នានេះដែរ តើព្រះពរខាងវិញ្ញាណអ្វីខ្លះ ដែលព្រះគ្រីស្ទបានធ្វើឲ្យមានសម្រាប់យើង?

ជាដំបូង សូមយើងមកពិនិត្យមើលមូលហេតុសំខាន់ៗដែលនាំមកនូវព្រះពរ ព្រមទាំងមូលហេតុដែលនាំមកនូវបណ្តាសា។

បើសិនជាខំប្រឹងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង ឲ្យអស់ពីចិត្ត ព្រមទាំងប្រយ័ត នឹងប្រព្រឹត្តតាមអស់ទាំងបញ្ញត្តទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងលើកឯងឡើងជាខ្ពស់ លើសជាងអស់ទាំងសាសន៍នៅផែនដីទាំងប៉ុន្មាន រួចអស់ទាំងពរទាំងនេះនឹងបានផ្សាយមកលើឯង ហើយរត់មករកឯងផង គឺបើឯងនឹងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង ។ (ទុតិយកថា 28:1-2 ពគប)។

បន្ទាប់មក លោកម៉ូសេបានបន្តនិយាយអំពីមូលហេតុដែលនាំឲ្យមានបណ្តាសា។

ប៉ុន្តែ បើឯងមិនព្រមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង ហើយមិនប្រយ័ត នឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីបញ្ញត្ត នឹងច្បាប់ទាំងប៉ុន្មានរបស់ទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះទេ នោះអស់ទាំងសេចក្ដីបណ្តាសាទាំងនេះនឹងផ្សាយមកលើឯង ហើយរត់មករកឯងផង ។ (ខ 15)។

វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងក្នុងការយល់ដឹងអំពីភាពខុសគ្នារវាងការទទួលបានព្រះពរ និងការទទួលបានបណ្តាសា។ ភាពខុសគ្នានោះត្រូវបានសង្ខេបនៅក្នុងឃ្លាដ៏ខ្លីមួយ ប៉ុន្តែមានសារៈសំខាន់បំផុតថា៖ «ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង» ។

ជោគវាសនារបស់យើងទាំងមូល ថាតើយើងនឹងបានសេចក្តីសុខចម្រើន ឬជួបគ្រោះមហន្តរាយ គឺអាស្រ័យលើសំឡេងដែលយើងស្តាប់។ ការស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ និងការស្តាប់បង្គាប់តាមអ្វីដែលទ្រង់មានបន្ទូល នឹងនាំមកនូវព្រះពរ។ ប៉ុន្តែការមិនស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ នឹងនាំមកនូវបណ្តាសាជាច្រើន។ ជាការពិត ការស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់តែមួយមុខមិនគ្រប់គ្រាន់ទេ ប្រសិនបើយើងមិនស្តាប់បង្គាប់តាមអ្វីដែលទ្រង់មានបន្ទូល។ ផ្ទុយទៅវិញ យើងមិនអាចស្តាប់បង្គាប់តាមអ្វីដែលព្រះមានបន្ទូលបានឡើយ ប្រសិនបើយើងមិនបានស្តាប់ព្រះសូរសៀងរបស់ទ្រង់ជាមុនទេ ព្រោះព្រះសូរសៀងរបស់ទ្រង់ប្រាប់យើងថា ទ្រង់តម្រូវឲ្យយើងធ្វើអ្វី។

គ្រោះថ្នាក់ខាងវិញ្ញាណដ៏ធំដែលប្រឈមមុខនឹងអ្នកដែលអះអាងថាជាគ្រីស្ទបរិស័ទ គឺការក្លាយជាមនុស្សដែលមិនអាចស្គាល់ ឬមិនយកចិត្តទុកដាក់ចំពោះព្រះសូរសៀងរបស់ព្រះ។ មនុស្សជាច្រើនអាចបន្តធ្វើសកម្មភាព និងកាតព្វកិច្ចខាងសាសនា ដែលបានក្លាយជាទម្លាប់ និងជាទម្រង់បែបផ្លូវការ (ជារបៀបរស់នៅដែលពួកគេបានបង្កើតឡើង) ប៉ុន្តែមិនមានការយល់ដឹងជាបន្តបន្ទាប់អំពីព្រះសូរសៀងរបស់ព្រះឡើយ។ គ្រប់សម័យកាលទាំងអស់ តម្រូវការតែមួយដែលព្រះមានសម្រាប់រាស្ត្ររបស់ទ្រង់ គឺឲ្យយើងស្តាប់សំឡេងរបស់ទ្រង់។

ព្រះគម្ពីរចែងថា៖

តម្រូវការនេះ ត្រូវបានព្រះអម្ចាស់មានបន្ទូលយ៉ាងច្បាស់នៅក្នុង យេរេមា 7:22–23។ នៅក្នុងខទាំងនេះ ព្រះបានពន្យល់ថា តើទ្រង់ពិតជាតម្រូវអ្វីពីជនជាតិអ៊ីស្រាអែល។

ពីព្រោះនៅគ្រាដែលអញបាននាំពួកព្ធយុកោឯងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក នោះអញមិនបាននិយាយនឹងគេ ឬបង្គាប់គេ ពីដំណើរដង្វាយដុត នឹងយញ្ញបូជាទេ គឺអញបានបង្គាប់សេចក្ដីនេះដល់គេវិញថា ចូរស្តាប់តាមពាក្យអញ នោះអញនឹងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងបានជារាស្ត្ររបស់អញ…។ (ពគប)

សូមកត់សម្គាល់នូវលក្ខខណ្ឌដ៏សាមញ្ញ ដើម្បីឱ្យព្រះអម្ចាស់ក្លាយជាព្រះរបស់យើង ហើយយើងជាប្រជារាស្ត្ររបស់ទ្រង់៖ «ចូរស្តាប់តាមពាក្យអញ នោះអញនឹងធ្វើជាព្រះដល់ឯងរាល់គ្នា»។

អ្នកប្រហែលជាគិតថា ព្រះគម្ពីរសញ្ញាថ្មីមានលក្ខណៈខុសប្លែកពីនេះ ប៉ុន្តែវាមិនមែនជាការពិតនោះទេ។ គោលការណ៍គឺដូចគ្នាទាំងស្រុង។ ព្រះយេស៊ូវបានសង្ខេបសេចក្តីនេះនៅក្នុងខគម្ពីរតែមួយថា៖ «ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ» (យ៉ូហាន 10:27, ពគប) ។

សញ្ញាសម្គាល់ដែលបញ្ជាក់ថា យើងពិត ជារបស់ព្រះយេស៊ូវមែននោះ មិនមែនស្ថិតនៅលើការដែលយើងអនុវត្តតាមរបៀបរបបរស់នៅ ឬការថ្វាយបង្គំតាមនិកាយណាមួយនោះទេ ប៉ុន្តែគឺស្ថិតនៅលើការដែលយើងឮព្រះសូរសៀងរបស់ទ្រង់ ហើយនៅពេលដែលឮព្រះសូរសៀងរបស់ទ្រង់ហើយ យើងក៏ដើរតាមទ្រង់។ វិថីដ៏សាមញ្ញដើម្បីទទួលបានព្រះពរពីព្រះ គឺការឮ និងការស្តាប់បង្គាប់តាមព្រះសូរសៀងរបស់ទ្រង់។ លទ្ធផលចុងក្រោយដែលមិនអាចជៀសផុតបាននៃការមិនព្រមឮ និងមិនស្តាប់បង្គាប់តាមព្រះសូរសៀងរបស់ព្រះ គឺការទទួលបណ្តាសា។

ឥឡូវនេះ ខ្ញុំនឹងរៀបរាប់ដោយសង្ខេបជូនអ្នកនូវបណ្តាសាទាំងឡាយនៅក្នុងផ្នែកខាងវិញ្ញាណ (ផ្នែកខាងក្នុង) នៃបុគ្គលិកលក្ខណៈរបស់យើង ដែលកើតចេញពីការមិនស្តាប់បង្គាប់ព្រះជាម្ចាស់។ អ្វីទាំងនេះត្រូវបានរៀបរាប់ដោយលោកម៉ូសេ។

  • នៅក្នុងខទី 20 ម៉ូសេមានប្រសាសន៍ថា យើងនឹងជួបប្រទះនូវសេចក្តីច្របូកច្របល់ នៅក្នុងគ្រប់កិច្ចការទាំងអស់ដែលយើងធ្វើ។
  • នៅក្នុងខ 28 ត្រូវវាយឲ្យវង្វេងស្មារតី និងឲ្យមានចិត្តឆ្ងល់ភាំង ។
  • នៅក្នុងខទី 34 យើងនឹងត្រូវវង្វេងស្មារតីដោយសារអ្វីដែលយើងមើលឃើញ។
  • នៅក្នុងខទី 65 ចិត្តដែលញ័ររន្ធត់ និងឲ្យមានគំនិតព្រួយលំបាក។

ទាំងនេះគឺជាផលវិបាកខាងវិញ្ញាណមួយចំនួន ដែលយើងជួបប្រទះក្នុងជីវិតរបស់មនុស្សនៅក្នុងពិភពលោកសព្វថ្ងៃនេះ៖ ភាពច្របូកច្របល់ ការខកចិត្ត ការឈឺចាប់ និងការរងទុក្ខវេទនាខាងក្នុង។

តើអ្វីទៅជាព្រះពរក្នុងវិស័យខាងវិញ្ញាណ ដែលកើតចេញពីការស្តាប់បង្គាប់? ពិតណាស់ មានព្រះពរជាច្រើនរាប់មិនអស់។ ប៉ុន្តែខ្ញុំជឿថា ព្រះពរទាំងនោះអាចសង្ខេបមកត្រឹមពាក្យដ៏ខ្លី និងស្រស់ស្អាតមួយម៉ាត់គឺ៖ សេចក្តីសុខសាន្ត។

នៅពេលដែលហោរាអេសាយបានសរសេរអំពីការផ្លាស់ប្តូរដែលបានកើតឡើងនៅពេលដែលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង លោកបានមានប្រសាសន៍ដូច្នេះថា៖ «ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់» (អេសាយ ៥៣:៥, NIV) ។ ព្រះយេស៊ូវបានទទួលរងនូវការជំនុំជម្រះ និងការដាក់ទោសដែលយើងសមនឹងទទួល ដោយសារអំពើបាប និងការមិនស្តាប់បង្គាប់របស់យើង ដើម្បីឲ្យយើងបានផ្សះផ្សាជាមួយព្រះជាម្ចាស់វិញ ។ ជាលទ្ធផលនៃការដែលត្រូវបានផ្សះផ្សាជាមួយព្រះជាម្ចាស់ យើងអាចរួចផុតពីការឈឺចាប់ ការរងទុក្ខវេទនាខាងក្នុង ភាពច្របូកច្របល់ និងការខកចិត្ត។ យើងអាចទទួលស្គាល់នូវភាពពិតនៃសេចក្តីសុខសាន្តដ៏ជ្រាលជ្រៅ និងស្ថិតស្ថេរនៅក្នុងចិត្ត។

ចូរយើងពិនិត្យមើលខគម្ពីរពីរទៀតនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលនិយាយអំពីសេចក្តីសុខសាន្តនេះ។

ដូច្នេះ ដែលយើងរាល់គ្នាបានរាប់ជាសុចរិត ដោយការជឿ នោះឈ្មោះថាយើងបានមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ។ (រ៉ូម 5:1)

យ៉ាងនោះ សេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ ។ (ភីលីព 4:7)

អត្ថបទគម្ពីរទាំងពីរនេះមានន័យណាស់! យើងលែងជាប់ពិរុទ្ធទៀតហើយ យើងលែងភ័យខ្លាចពីរបៀបធ្វើឲ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងយើងទៀតហើយ។ យើងមានសន្តិភាពជាមួយនឹងព្រះជាម្ចាស់ហើយ។ អត្ថបទគម្ពីរភីលីពជំពូក៤ នេះពិពណ៌នាពីលទ្ធផល កើតចេញពីបទពិសោធន៍ ក្នៃសេចក្តីសុខសាន្តពីក្នុងជម្រៅចិត្តយើង។ សេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់នឹងការពារចិត្ត និង គំនិតនៅក្នុង អរិយធម៌សហសម័យនេះ។

ជាការពិត នៅក្នុងភាសាហេព្រើរ ពាក្យថា «សេចក្តីសុខសាន្ត» មានន័យទូលំទូលាយជាងការដែលគ្រាន់តែគ្មានជម្លោះ។ វាមានន័យថា ភាពពេញលេញ ឬសុខុមាលភាព។ សន្តិភាពប្រភេទនេះចាប់ផ្ដើមនៅក្នុងចិត្តខាងក្នុងរបស់មនុស្ស ប៉ុន្តែវានាំទៅរកសុខុមាលភាពពេញលេញ។ វាប៉ះពាល់ដល់គ្រប់ផ្នែកនៃជីវិតរបស់យើង។

អត្ថប្រយោជន៍ខាងរូបកាយ

ឥឡូវនេះ ចូរយើងត្រឡប់ទៅកាន់ព្រះគម្ពីរចោទិយកថា ជំពូកទី 28 ដើម្បីពិនិត្យមើលបណ្ដាសាខាងរូបកាយទាំងអស់ ដែលកើតឡើងដោយសារមិនស្ដាប់ និងមិនធ្វើតាមព្រះសូរសៀងរបស់ព្រះអម្ចាស់។ បណ្ដាសាទាំងនេះពិតជាមានច្រើនណាស់។ នៅពេលអ្នកអានអត្ថបទនេះ សូមចងចាំថា ជំងឺ និងទុក្ខវេទនាទាំងអស់នេះ ត្រូវបានចែងថាជាបណ្ដាសា ដែលមិនមែនជាចំណែករបស់ប្រជារាស្ត្ររបស់ព្រះ ដែលបានទទួលការប្រោសលោះនោះឡើយ។

អាសន្នរោគកើតមានចំពោះអ្នក (ខ២១) ជំងឺ​រីងរៃ នឹង​គ្រុន​រងា ហើយ​ដោយ​កើត​ហើម​ពិស នឹង​ក្តៅ​ខ្លួន​ដូច​ភ្លើង (ខ២២) ឫសដូងបាត កើតបូស កើតរមាស់ (ខ២៧) ខ្វាក់ (ខ២៨) ឲ្យ​កើត​មាន​ដំបៅ​អាក្រក់ ចាប់​តាំង​ពី​បាត​ជើង​ទៅ​ដល់​ក្រយៅ​ក្បាល (ខ៣៥)។

យើងជាច្រើនដែលជាគ្រីស្ទបរិស័ទ កំពុងតែទ្រាំទ្រនឹងបណ្ដាសា ខណៈដែលយើងគួរតែរីករាយនឹងព្រះពរវិញ។ ហេតុអ្វី? ប្រហែលជាមានមូលហេតុសំខាន់ពីរយ៉ាង៖ មូលហេតុទីមួយ គឺដោយសារយើងមិនដឹងថា វាជាបណ្ដាសា ឬមូលហេតុទីពីរ គឺដោយសារយើងមិនដឹងថា ព្រះយេស៊ូវបានរំដោះយើងចេញពីបណ្ដាសា ដើម្បីឱ្យយើងអាចទទួលមរតកនូវព្រះពរ។ សូមអានខទី 59 នៃព្រះគម្ពីរចោទិយកថា ជំពូកទី 28 ហើយពិនិត្យមើលថា តើអ្នកកំពុងរស់នៅក្រោមបណ្ដាសា ឬកំពុងរស់នៅក្នុងព្រះពរ។

នោះ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​របស់​ឯង បាន​ចំឡែក​អស្ចារ្យ ព្រម​ទាំង​សេចក្ដី​វេទនា​នៃ​ពូជ​ឯង​ផង [សូមកត់សម្គាល់ថា បណ្ដាសាទាំងនេះបន្តពីជំនាន់មួយទៅជំនាន់មួយ] គឺ​ជា​សេចក្ដី​វេទនា​យ៉ាង​ធំ ហើយ​ជាប់​ជា​យូរ នឹង​ជំងឺ​គ្រាំ‌គ្រា​ដែល​នៅ​ជាប់​ជា​យូរ​ដែរ ។

រូបភាពដ៏រស់រវើក

ហោរាអេសាយបានផ្ដល់ឱ្យយើងនូវរូបភាពដ៏រស់រវើកមួយ អំពីលទ្ធផលនៃការមិនស្ដាប់បង្គាប់ និងការបះបោរ។ ដោយថ្លែងទៅកាន់ប្រជាជាតិអ៊ីស្រាអែល លោកបានប្រៀបធៀបស្ថានភាពរបស់ពួកគេ ដែលកើតឡើងដោយសារការមិនស្ដាប់បង្គាប់ ទៅនឹងរូបកាយដែលពោរពេញដោយជំងឺ៖

ហេតុ​អ្វី​អ្នក​រាល់​គ្នា​ចង់​ត្រូវ​រំពាត់? ហេតុ​អ្វី​ចេះ​តែ​បះ‌បោរ​កាន់​តែ​ច្រើន​ឡើង​ដូច្នេះ? ក្បាល​របស់​អ្នក​រាល់​គ្នា​ក៏​ឈឺ ហើយ​គ្រប់គ្នា​មាន​ចិត្ត​ល្វើយ​ហើយ។ ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​កំពូល​ក្បាល នោះ​ឥត​មាន​កន្លែង​ណា​មាំ‌មួន​ឡើយ គឺ​មាន​សុទ្ធ​តែ​របួស និង​ជាំ ហើយ​ស្នាម​រំពាត់​ថ្មី ឥត​បាន​បិទ​ភ្ជិត ឬ​រុំ ឬ​ចាក់​ប្រេង​ឲ្យ​ធូរ​ស្រាក​ទេ។ (អេសាយ១:៥-៦ គកស១៦)

អត្ថបទនេះគឺជារូបភាពប្រៀបធៀបអំពីលទ្ធផលនៃការមិនស្ដាប់បង្គាប់។ ប៉ុន្តែ ថ្ងៃមួយ នៅពេលខ្ញុំកំពុងអានអត្ថបទនេះ ព្រះវិញ្ញាណបរិសុទ្ធបានបង្ហាញខ្ញុំនូវអ្វីមួយដ៏អស្ចារ្យ និងស្រស់ស្អាតបំផុត។ ខ្ញុំបានដឹងថា ព្រះយេស៊ូវបានទទួលយកបណ្ដាសាទាំងអស់មកលើអង្គទ្រង់រួចហើយ ពីព្រោះទ្រង់បានទទួលទណ្ឌកម្មជំនួសយើង។ ខទាំងនោះមិនមែនគ្រាន់តែជារូបភាពប្រៀបធៀបអំពីស្ថានភាពរបស់ជនជាតិអ៊ីស្រាអែល ដែលកើតឡើងដោយសារការមិនស្ដាប់បង្គាប់របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារូបភាពជាក់ស្តែងអំពីព្រះយេស៊ូវ ខណៈពេលដែលទ្រង់កំពុងជាប់នៅលើឈើឆ្កាងផងដែរ។

ព្រះយេស៊ូវត្រូវបានវាយនឹងរំពាត់របស់ទាហានរ៉ូម៉ាំង ដែលមានខ្សែកាត់ស្បែកដ៏គួរឱ្យរន្ធត់ចំនួនប្រាំបួន។ ព្រះសិរសារបស់ទ្រង់ក៏ត្រូវបានរងរបួសផងដែរ ដោយបន្លាត្រូវបានសង្កត់ចុះលើព្រះសិរសារបស់ទ្រង់។ ព្រះហឫទ័យរបស់ទ្រង់ទាំងមូលបានរងទុក្ខយ៉ាងខ្លាំង។ ខ្ញុំជឿថា ព្រះយេស៊ូវបានសុគតដោយសារព្រះហឫទ័យបាក់បែក។ អត្ថបទនេះគឺជាការពិពណ៌នាយ៉ាងច្បាស់អំពីព្រះយេស៊ូវ ខណៈពេលដែលទ្រង់កំពុងជាប់នៅលើឈើឆ្កាង។ ហេតុអ្វីបានជាព្រះអង្គធ្វើបែបនេះ? គឺដើម្បីលោះយើងឱ្យរួចពីបណ្តាសា ដោយការទទួលយកបណ្តាសាជំនួសយើង។ រាល់បណ្តាសាខាងរូបកាយទាំងអស់ដែលកើតចេញពីការមិនស្តាប់បង្គាប់របស់យើងចំពោះព្រះ បានធ្លាក់មកលើព្រះយេស៊ូវ នៅពេលដែលព្រះអង្គជាប់នៅលើឈើឆ្កាងនោះ។

ឥឡូវនេះ ចូរយើងពិនិត្យមើលព្រះពរខាងរូបកាយ ដែលព្រះយេស៊ូវបានបង់ថ្លៃសម្រាប់យើង។ ជាដំបូង យើងនឹងត្រឡប់ទៅកាន់ព្រះគម្ពីរអេសាយ 53:4–5 ម្ដងទៀត៖

ទ្រង់ [ព្រះយេស៊ូវ] ​បាន​ទ្រាំ‌ទ្រ រង​អស់​ទាំង​សេចក្ដី​ឈឺ‌ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​យើង​ជា​ពិត ប៉ុន្តែយើង​រាល់​គ្នា​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​មាន​ទោស​វិញ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា តែ​ទ្រង់ [ព្រះយេស៊ូវ] ​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយ‌ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយ‌សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់ ។

ព្រះយេស៊ូបានទទួលយកផលវិបាកខាងរូបកាយ ដែលកើតចេញពីការមិនស្តាប់បង្គាប់របស់យើង ដើម្បីឲ្យយើងអាចទទួលបានការប្រោសឲ្យជា។ យើងឃើញឃ្លានេះនៅចុងខទី 5 «ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយ‌សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់» ។ បើតាមភាសាហេប្រើវិញបញ្ជាក់ច្បាស់ជាងនេះថា «ស្នាមរបួសរបស់លោកធ្វើឲ្យយើងបានជាសះស្បើយ» ឬក៏អាចនិយាយមួយបែបទៀតថា «ដោយសារស្នាមរបួសរបស់ទ្រង់ យើងទទួលបានការប្រោសឱ្យជា»។ ការប្រោសឲ្យជាសះស្បើយជាមរតករបស់យើង តាមរយៈស្នាមរបួសនៅលើព្រះកាយព្រះយេស៊ូ។

ផ្នែកបន្ទាប់នៃអត្ថបទនេះ ត្រូវបានដកស្រង់មកបង្ហាញក្នុងព្រះគម្ពីរសញ្ញាថ្មី ក្នុងដំណឹងល្អរបស់ម៉ាថាយ ដែលពិពណ៌នាអំពីព័ន្ធកិច្ចរបស់ព្រះយេស៊ូវ ក្នុងការប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញវិញ្ញាណអាក្រក់។ នេះជាអ្វីដែលបានចែង៖

ដល់​ពេល​ព្រលប់ គេ​នាំ​មនុស្ស​ជា​ច្រើន ដែល​មាន​អារក្ស​ចូល​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ក៏​ដេញ​អារក្ស​ដោយ‌សារ​ព្រះ‌បន្ទូល ឯ​អស់​អ្នក​ដែល​មាន​ជំងឺ​រោគា ទ្រង់​បាន​ប្រោស​ឲ្យ​ជា​គ្រប់​គ្នា​ដែរ ដើម្បី​ឲ្យ​បាន​សំរេច តាម​ទំនាយ​ដែល​ហោរា​អេសាយ បាន​ទាយ​ទុក​មក​ថា «ទ្រង់​បាន​ទទួល​អស់​ទាំង​រោគា ហើយ​ផ្ទុក​អស់​ទាំង​ជំងឺ​របស់​យើង​រាល់​គ្នា នៅ​លើ​ព្រះ‌អង្គ​ទ្រង់»។ (ម៉ាថាយ 8:16-17)

លោកម៉ាថាយ ពុំមានមន្ទិលសង្ស័យចំពោះការយោងអត្ថបទគម្ពីរអេសាយជំពូក 53 នោះឡើយ។ គឺលោកសំដៅទៅលើព្រះយេស៊ូវតែម្តង។ សូមកត់សម្គាល់ផងដែរថាលោកម៉ាថាយ (គឺជាជនជាតិយូដា ហើយយល់ភាសាហេប្រឺច្បាស់) ពុំមានមន្ទិលសង្ស័យចំពោះអត្ថបទគម្ពីរអេសាយ 53 ដែលសំដៅទៅលើរូបកាយ។ វាគឺជាការប្រោសអ្នកជំងឺឲ្យជាខាងរូបកាយ ដើម្បីឲ្យសម្រេចតាមទំនាយរបស់ហោរាអេសាយ ។

សូមកត់សម្គាល់អ្វីដែលព្រះយេស៊ូវមានព្រះបន្ទូល នៅពេលទ្រង់ឆ្លើយតបទៅកាន់អ្នកដែលរិះគន់ទ្រង់ ដោយសារទ្រង់បានប្រោសបុរសម្នាក់ឱ្យជានៅថ្ងៃឈប់សម្រាក៖

បើ​មនុស្ស​ទទួល​កាត់​ស្បែក​នៅ​ថ្ងៃ​សប្ប័ទ មិន​ខុស​នឹង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ម្ដេច​ក៏​អ្នក​រាល់​គ្នា​ខឹង​ខ្ញុំ ព្រោះ​តែ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​បាន​ជា​នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ? (យ៉ូហាន 7:23 គកស១៦)

ព្រះយេស៊ូវបានប្រោសមនុស្សម្នាក់ឱ្យបានជាសះស្បើយទាំងស្រុង។ គ្រប់ផ្នែកទាំងអស់នៃជីវិត និងបុគ្គលិកលក្ខណៈរបស់មនុស្ស អាចទទួលការប្រោសឱ្យជាតាមរយៈព្រះយេស៊ូវ។

សូមកត់សម្គាល់ផងដែរនូវអ្វីដែលលោកពេត្រុសបាននិយាយ បន្ទាប់ពីការប្រោសបុរសពិការជើងម្នាក់ឱ្យជា នៅមាត់ទ្វារដ៏ស្រស់ស្អាត ក្នុងកិច្ចការ 3:16។ លោកបានពន្យល់អំពីការប្រោសឱ្យជានោះដូច្នេះថា៖

ដោយ​សារ​ជំនឿ​ដល់​ព្រះ‌នាមព្រះ‌អង្គ នោះ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​បុរស​នេះ ដែល​អ្នក​រាល់​គ្នា​ឃើញ ហើយ​ស្គាល់ មាន​កម្លាំង​ឡើង​វិញ គឺជា​ជំនឿ​ដល់​ព្រះ‌យេស៊ូវនេះ​ហើយ ដែលបាន​ធ្វើ​ឲ្យ​គាត់​ជា​ទាំង​ស្រុង នៅ​មុខ​អ្នក​រាល់​គ្នា​ដូច្នេះ។

តើលទ្ធផលគឺជាអ្វី? «ការប្រោសឱ្យជាទាំងស្រុង»។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ខ្ញុំបានប្រោសមនុស្សម្នាក់ឱ្យជាទាំងស្រុង»។ នេះគឺជាលទ្ធផលខាងរូបកាយនៃការប្រោសលោះដែលព្រះយេស៊ូវបានប្រទានឲ្យយើង។យើងសូមអរគុណចំពោះការងាររបស់គ្រូពេទ្យ គ្រូពេទ្យផ្នែកចិត្តសាស្ត្រ និងអ្នកដទៃទៀត។ ប៉ុន្តែ មានតែមនុស្សម្នាក់ប៉ុណ្ណោះនៅក្នុងសកលលោក ដែលអាចមានបន្ទូលថា៖ «ខ្ញុំប្រោសមនុស្សម្នាក់ឱ្យជាទាំងស្រុង! ខ្ញុំអាចដោះស្រាយបញ្ហាទាំងអស់របស់គាត់បាន៖ ទាំងបញ្ហាខាងវិញ្ញាណ ខាងផ្លូវចិត្ត ខាងអារម្មណ៍ និងខាងរូបកាយ»។ តើបុគ្គលនោះជានរណា? គឺព្រះអម្ចាស់យេស៊ូវគ្រីស្ទ។

កាលណាយើងចូលមករកព្រះយេស៊ូ ដោយពឹងផ្អែកលើជំនឿដែលជាមូលដ្ឋាននៃការប្រោសលោះនោះ លទ្ធផលដែលកើតមានឡើង និងបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ក៏អាចកើតឡើងចំពោះអ្នក ហើយនឹងខ្ញុំ តាមរយៈជំនឿលើព្រះយេស៊ូ នាពេលបច្ចុប្បន្ននេះដែរ។

អត្ថប្រយោជន៍ខាងសម្ភារៈ

ឥឡូវនេះ យើងនឹងពិនិត្យមើលព្រះពរ និងបណ្ដាសា ជាពិសេសនៅក្នុងផ្នែកខាងសម្ភារៈ។ ជាដំបូង យើងមើលព្រះពរខាងសម្ភារៈ ដែលបានសន្យាចំពោះអ្នកដែលស្ដាប់បង្គាប់ ហើយព្រះពរទាំងនោះពិតជាមានច្រើនណាស់។ (នៅក្នុងសំបុត្រខ្លីនេះ ខ្ញុំមិនអាចរៀបរាប់ព្រះពរទាំងអស់បានទេ។) នេះជាអ្វីដែលលោកម៉ូសេបានមានប្រសាសន៍នៅក្នុងព្រះគម្ពីរចោទិយកថា ជំពូកទី 28៖

  • ឯង​នឹង​មាន​ពរ​នៅ​ក្នុង​ក្រុង ហើយ​នឹង​មាន​ពរ​នៅ​ស្រែ​ចំការ​ដែរ (ខ 3) ។
  • ផល​ដែល​កើត​ពី​ពោះ​ឯង​មក ព្រម​ទាំង​ផល​កើត​ពី​ដី​ឯង នឹង​ផល​កើត​ពី​សត្វ​ឯង គឺ​ជា​សេចក្ដី​ចំរើន​របស់​គោ នឹង​កូន​ទាំង​ប៉ុន្មាន​របស់​ចៀម​ឯង នោះ​នឹង​មាន​ពរ​គ្រប់​ទាំង​អស់ ។ (ខ 4)
  • ឯ​កំប្រោង នឹង​ស្បៀង​អាហារ​របស់​ឯង នោះ​នឹង​មាន​ពរ​ដែរ (ខ 5)។
  • ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បង្គាប់​ឲ្យ​មាន​ពរ​នៅ​លើ​ជង្រុក​ឯង ហើយ​លើ​គ្រប់​ទាំង​ការ​អ្វី​ដែល​ឯង​នឹង​ដាក់​ដៃ​ធ្វើ (ខ 8)។
  • ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​នឹង​ចំរើន​ឲ្យ​ឯង​មាន​ជា​បរិបូរ​ឡើង ដោយ​ផល​ដែល​កើត​ពី​ពោះ នឹង​ផល​កើត​ពី​ហ្វូង​សត្វ ហើយ​នឹង​ផល​កើត​ពី​ដី​ឯង នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ពួក​ឰយុកោ​ថា នឹង​ឲ្យ​ដល់​ឯង (ខ 11)។

ឃ្លាថា«ព្រះអម្ចាស់ ជាព្រះរបស់អ្នកនឹងប្រទានឲ្យអ្នកបាន ចម្រុងចម្រើន» ពិពណ៌នាអំពីព្រះពរមួយ ដែលជាលទ្ធផលបានមកពីការស្តាប់និងធ្វើតាមបង្គាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ លោកម៉ូសេសង្ខេបផ្ទៃរឿងដូចគ្នាទៅនឹង ទុតិយកថា ២៩៨ដូច្នេះអ្នករាល់គ្នាត្រូវកាន់ និងប្រតិបត្តិតាមសេចក្តីដែលមានចែងទុកក្នុងសម្ពន្ធមេត្រីនេះ

ដូច្នេះ​ចូរ​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​នៃ​សញ្ញា​នេះ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្ដី​ចំរើន​ក្នុង​គ្រប់​ទាំង​ការ​ដែល​ឯង​ធ្វើ ។ (ចោទិយ‌កថា 29:8)

ការ​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​នៃ​សញ្ញា​នេះ នឹងធ្វើឱ្យយើងមានភាពចម្រុងចម្រើនក្នុងគ្រប់កិច្ចការទាំងអស់ដែលយើងធ្វើ។ នោះមានន័យថា គ្មានកន្លែងសម្រាប់ការបរាជ័យ ឬការខកចិត្តនៅក្នុងផ្នែកណាមួយនៃជីវិតរបស់យើងឡើយ។ ទាំងនេះគឺជាព្រះពរដែលបានសន្យាចំពោះអ្នកដែលស្ដាប់បង្គាប់។

ឥឡូវនេះ ចូរយើងពិនិត្យមើលបណ្ដាសាខាងសម្ភារៈ ដែលកើតមានដោយសារការមិនស្ដាប់បង្គាប់។ សូមត្រឡប់ទៅកាន់ព្រះគម្ពីរចោទិយកថា 28:29៖

ឯង​នឹង​ដើរ​ស្ទាប​រក​ផ្លូវ​ទាំង​ថ្ងៃ​ត្រង់ ដូច​ជា​មនុស្ស​ខ្វាក់​ស្ទាប​រាវ​រក​ផ្លូវ​ក្នុង​ទី​ងងឹត​ដែរ ហើយ​ឯង​នឹង​ធ្វើ​ការ​អ្វី តាម​ផ្លូវ​ប្រព្រឹត្ត​របស់​ឯង​ក៏​មិន​កើត​ឡើយ ។

ភាពចម្រុងចម្រើនគឺជាព្រះពរ ដូច្នោះដែរ ការមិនមានភាពចម្រុងចម្រើននៅក្នុងគ្រប់កិច្ចការរបស់យើង គឺជាបណ្ដាសា។ លោកម៉ូសេបានបញ្ជាក់អំពីចំណុចនេះម្ដងទៀត យ៉ាងពេញលេញ និងរស់រវើកជាងមុន នៅក្នុងចោទិយកថា 28:47-48 ។ នៅទីនេះ ព្រះពរ និងបណ្ដាសា ត្រូវបានដាក់បង្ហាញនៅទន្ទឹមគ្នាដោយផ្ទាល់។

ដោយ​ហេតុ​តែ​ឯង​មិន​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដោយ​ចិត្ត​រីក‌រាយ​សប្បាយ នៅ​កណ្តាល​របស់​ដែល​មាន​ជា​បរិបូរ​ទាំង​ប៉ុន្មាន បាន​ជា​ឯង​ត្រូវ​បំរើ​ពួក​ខ្មាំង​សត្រូវ ដែល​ព្រះ‌យេហូវ៉ា​នឹង​ឲ្យ​មក​ទាស់​នឹង​ឯង គឺ​នឹង​បំរើ​គេ​ទាំង​ស្រេក​ឃ្លាន ទាំង​នៅ​អាក្រាត ទាំង​ខ្វះ‌ខាត​របស់​ទាំង​អស់​វិញ ហើយ​ទ្រង់​នឹង​បំពាក់​នឹម​ដែក​មក​លើ​ក​ឯង ដរាប​ដល់​ឯង​បាន​វិនាស​បាត់​ទៅ ។

គ្មានវិធីណាដែលអាចបង្ហាញជម្រើសទាំងពីរនេះបានយ៉ាងច្បាស់ជាងនៅក្នុងខទាំងពីរនោះឡើយ។ លទ្ធផលនៃការស្ដាប់បង្គាប់៖ មានអ្វីៗគ្រប់យ៉ាងយ៉ាងបរិបូរណ៍ និងបម្រើព្រះដោយអំណរ និងដោយចិត្តរីករាយ។ លទ្ធផលនៃការមិនស្ដាប់បង្គាប់៖ បម្រើសត្រូវរបស់ខ្លួនដោយភាពអត់ឃ្លាន អត់ទឹក នៅអាក្រាត និងខ្វះខាតអ្វីៗគ្រប់យ៉ាង។

នៅថ្ងៃមួយ ខណៈពេលខ្ញុំកំពុងសញ្ជឹងគិតអំពីព្រះបន្ទូលទាំងនោះ ខ្ញុំបានឃើញថា នេះគឺជាការពិពណ៌នាអំពីភាពក្រីក្រដ៏ធ្ងន់ធ្ងរបំផុត។ មនុស្សម្នាក់ដែលឃ្លាន គឺគ្មានអ្វីបរិភោគ។ មនុស្សម្នាក់ដែលស្រេកទឹក គឺគ្មានអ្វីផឹក។ មនុស្សម្នាក់ដែលអាក្រាត គឺគ្មានសម្លៀកបំពាក់សម្រាប់ស្លៀកពាក់។ ហើយអ្នកដែលខ្វះខាតគ្រប់យ៉ាង គឺគ្មានអ្វីសោះ។ មនុស្សបែបនេះកំពុងស្ថិតក្នុងស្ថានភាពក្រីក្រយ៉ាងខ្លាំងបំផុត។ វាមិនអាចមានភាពក្រីក្រណាខ្លាំងជាងនេះទៀតឡើយ៖ ឃ្លាន ស្រេកទឹក អាក្រាត និងខ្វះខាតគ្រប់យ៉ាង។ សេចក្ដីពិតដ៏សំខាន់ដែលយើងត្រូវយល់ឃើញ គឺថា ភាពក្រីក្រគឺជាបណ្ដាសា។ វាមិនមែនជាចំណែករបស់ប្រជារាស្ត្ររបស់ព្រះឡើយ។ នៅថ្ងៃមួយ នៅពេលខ្ញុំបានយល់ឃើញចំណុចនេះយ៉ាងច្បាស់ តើមានសេចក្ដីអំណរ និងការរំដោះយ៉ាងណាដែលបានចូលមកក្នុងព្រលឹងរបស់ខ្ញុំ! ភាពក្រីក្រមិនមែនសម្រាប់កូនរបស់ព្រះឡើយ។ វាមិនមែនសម្រាប់ប្រជារាស្ត្ររបស់ព្រះដែលបានទទួលការប្រោសលោះហើយនោះទេ។ ផ្ទុយទៅវិញ ព្រះហឫទ័យរបស់ព្រះគឺចង់ឱ្យយើងមានភាពបរិបូរណ៍ ដើម្បីឱ្យយើងអាចបម្រើទ្រង់ដោយអំណរ និងដោយចិត្តរីករាយ។

មានពេលមួយ នៅពេលខ្ញុំកំពុងអធិប្បាយទៅកាន់ក្រុមជំនុំមួយនៅប្រទេសនូវែលសេឡង់ ព្រះវិញ្ញាណបរិសុទ្ធបានបង្ហាញដល់វិញ្ញាណ និងគំនិតរបស់ខ្ញុំ ក្នុងពេលតែមួយ នូវអ្វីមួយដែលបានជាប់នៅក្នុងចិត្តខ្ញុំរហូតមកដល់សព្វថ្ងៃ។ ព្រះវិញ្ញាណបរិសុទ្ធបានបង្ហាញខ្ញុំនូវព្រះយេស៊ូវនៅលើឈើឆ្កាង។ ទ្រង់ឃ្លាន ទ្រង់ស្រេកទឹក ទ្រង់អាក្រាត ហើយទ្រង់ខ្វះខាតគ្រប់យ៉ាង។ ហេតុអ្វី? វាត្រូវតែកើតឡើងដូច្នេះ ពីព្រោះទ្រង់បានទទួលយកបណ្ដាសានៃភាពក្រីក្រជំនួសយើង។ ទ្រង់បានដកយកបណ្ដាសានេះចេញទាំងស្រុង ម្ដងជាសម្រេចជារៀងរហូត។ ហេតុអ្វី? ដើម្បីឱ្យអ្នក និងខ្ញុំ ដែលជាអ្នកជឿដែលបានទទួលការប្រោសលោះតាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវ មិនចាំបាច់ត្រូវរងទុក្ខដោយនឹមដែក ដែលជាបណ្ដាសានៃភាពក្រីក្រនោះទៀតទេ ។

ការដោះដូររបស់ព្រះជាម្ចាស់

ភាពក្រីក្រមិនមែនជាព្រះពរដែលកើតចេញពីការស្ដាប់បង្គាប់នោះទេ ប៉ុន្តែវាគឺជាលទ្ធផលនៃការមិនស្ដាប់បង្គាប់។ សូមអរព្រះគុណដល់ព្រះ ទោះបីយើងទាំងអស់គ្នាបានមិនស្ដាប់បង្គាប់ក៏ដោយ ក៏ព្រះយេស៊ូវបានទទួលយកអំពើទុច្ចរិតរបស់យើងទាំងអស់មកលើអង្គទ្រង់។ ការបះបោររបស់យើង និងផលវិបាកអាក្រក់ទាំងអស់របស់វា រួមទាំងភាពក្រីក្រ ត្រូវបានដាក់មកលើព្រះយេស៊ូវ ខណៈពេលដែលទ្រង់កំពុងជាប់នៅលើឈើឆ្កាង។

ការដោះដូរនេះ ត្រូវបានសង្ខេបយ៉ាងច្បាស់នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ នៅក្នុងសំបុត្រទី២ទៅកាន់ពួកកូរិនថូស យើងឃើញទិដ្ឋភាពពីរនៃការដោះដូរនេះនៅក្នុងផ្នែកខាងសម្ភារៈ។ លោកប៉ុលមានប្រសាសន៍ថា៖

ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ‌គុណ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ ថា​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏​ដោយ គង់​តែ​ទ្រង់​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​មាន​ឡើង ដោយ‌សារ​សេចក្ដី​កម្រ​របស់​ទ្រង់ (២ កូរិនថូស 8:9)

ហើយ​ព្រះ‌ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ព្រះ‌គុណ បាន​ចំរើន​ដល់​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​មាន​ទាំង​អស់​គ្រប់​គ្រាន់​ជានិច្ច ដើម្បី​ឲ្យ​បាន​ចំរើន​ឡើង ខាង​ឯ​ការ​ល្អ​គ្រប់​ជំពូក (២ កូរិនថូស 9:8)

តើការដោះដូរនៅទីនោះគឺជាអ្វី? ព្រះយេស៊ូវបានទទួលយកភាពក្រីក្ររបស់យើងនៅលើឈើឆ្កាង ដើម្បីឱ្យយើងអាចទទួលបានចំណែកនៅក្នុងទ្រព្យសម្បត្តិ និងភាពបរិបូរណ៍របស់ទ្រង់។ ការនេះកើតឡើងតាមរយៈព្រះគុណ។ ព្រះគុណមានតែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ។ ព្រះគុណមិនអាចទទួលបានដោយការខិតខំធ្វើអំពើល្អ ឬដោយការសមនឹងទទួលនោះទេ។ ព្រះគុណអាចទទួលយកបានតែតាមរយៈសេចក្ដីជំនឿប៉ុណ្ណោះ។

នៅក្នុងភាសាក្រិកដើម សេចក្ដីថ្លែងនៅក្នុង ២កូរិនថូស 9:8 ពិតជាអស្ចារ្យណាស់។ ពាក្យ «បរិបូរណ៍» ត្រូវបានប្រើពីរដង ហើយពាក្យ «គ្រប់ទាំង» ត្រូវបានប្រើប្រាំដង! នេះជាអំណោយដែលព្រះយេស៊ូវប្រទានឲ្យយើង។ ទ្រង់បានទទួលយកបណ្ដាសានៃភាពក្រីក្របំផុត ដើម្បីឱ្យយើងអាចទទួលបាននូវព្រះពរ។

ព្រះពរនៅក្នុងផ្នែកទាំងបី ដែលព្រះយេស៊ូវបានទទួលសម្រាប់យើង គឺខាងវិញ្ញាណ ខាងរូបកាយ និងខាងសម្ភារៈ ត្រូវបានសង្ខេបនៅក្នុងខដ៏ស្រស់ស្អាតមួយនៃសំបុត្រទី៣របស់លោកយ៉ូហាន ខទី 2 ដែលលោកយ៉ូហានមានប្រសាសន៍ថា៖

អ្នក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​ប្រាថ្នា​ចង់​ឲ្យ​អ្នក​បាន​ចំរើន​ឡើង​គ្រប់​ជំពូក [នេះសំដៅលើផ្នែកខាងសម្ភារៈ] ហើយ​ឲ្យ​បាន​សុខ​សប្បាយ​ខាង​រូប​សាច់ [នេះសំដៅលើផ្នែកខាងរូបកាយ] ដូច​ជា​ព្រលឹង​អ្នក​បាន​ចំរើន​ឡើង​ដែរ [នេះសំដៅលើផ្នែកខាងវិញ្ញាណ] ។

នោះគឺជាព្រះហឫទ័យរបស់ព្រះ។ នោះគឺជាមរតករបស់អ្នក ក្នុងនាមជាអ្នកជឿលើព្រះយេស៊ូវគ្រីស្ទ។

10
ចែករំលែក