ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

ដេរេក ព្រីនស៍
Published: 2011
Last Updated: September 2026
Read Time: 13
ការបាក់ទឹកចិត្តជាការវាយប្រហារខាងវិញ្ញាណ មិនមែនជាភស្តុតាងថាជីវិតខាងជំនឿរបស់អ្នកជឿមានបញ្ហាជាមួយព្រះឡើយ។ ព្រះគម្ពីរបង្ហាញថា ជំនឿដែលធ្វើការតាមរយៈសេចក្ដីស្រឡាញ់ ការពារចិត្ត ហើយជំនឿលើព្រះបន្ទូលដែលមិនប្រែប្រួលរបស់ព្រះ ជាខែលប្រឆាំងនឹងការបាក់ទឹកចិត្ត។
លើកដំបូងដែលខ្ញុំបានឮលោក ប៊ីលី ហ្គ្រាហាម (Billy Graham) អធិប្បាយ គឺនៅទីក្រុងឡុងដ៍ ក្នុងឆ្នាំ ១៩៥៤។ មានពាក្យមួយដែលគាត់បាននិយាយនៅក្នុងកម្មវិធីនោះ ដែលខ្ញុំមិនដែលភ្លេចឡើយ។ គាត់បាននិយាយថា «ព្រះជាម្ចាស់មិនដែលប្រើគ្រីស្ទបរិស័ទដែលបាក់ទឹកចិត្តឡើយ»។ ខ្ញុំបានគិតអំពីពាក្យនេះ ហើយសន្និដ្ឋានថា វាហាក់ដូចជាមិនយុត្តិធម៌សោះ។ នៅគ្រានោះ ការបាក់ទឹកចិត្តពិតជាបញ្ហាដែលខ្ញុំកំពុងប្រឈមមុខ ហើយខ្ញុំគិតថា ការនិយាយបែបនេះរបស់គាត់មិនសូវល្អចំពោះខ្ញុំទេ។
ឧទាហរណ៍ដែលគាត់បានលើកឡើង គឺអំពីលោក គេឌាន ដែលអង្គុយនៅខាងក្រោយទីលានច្របាច់ទំពាំងបាយជូរ ដើម្បីបោកស្រូវ ហើយកំពុងលាក់ខ្លួនដោយការអស់សង្ឃឹមយ៉ាងខ្លាំង។ ទេវតាបានមករកគេឌាន ហើយនិយាយដោយមិននឹកដល់ស្មានថា «នែ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង» (ចៅហ្វាយ ៦:១២)។ ប្រាកដណាស់ គេឌានប្រហែលជាបានក្រឡេកមើលជុំវិញ ដើម្បីមើលថាទេវតាកំពុងនិយាយជាមួយអ្នកណា ព្រោះគាត់កំពុងញ័រភ័យខ្លាចចំពោះពួកម៉ាឌាន។ ព្រះអម្ចាស់ត្រូវតែផ្លាស់ប្តូររូបភាពដែលគេឌានមានចំពោះខ្លួនឯងជាមុនសិន ទើបទ្រង់អាចប្រើគាត់បាន។
រឿងដូចគ្នានេះក៏កើតមានចំពោះយើងដែរ។ ប្រសិនបើយើងមិនអាចមើលខ្លួនឯងតាមរយៈភ្នែកនៃសេចក្តីជំនឿទេ នោះយើងស្ទើរតែមិនអាចមានលក្ខណៈសមស្របសម្រាប់ការបម្រើព្រះបានឡើយ។ ការមានទស្សនៈអវិជ្ជមានខុសឆ្គងចំពោះខ្លួនឯង នឹងរារាំងអ្វីៗដែលព្រះចង់ធ្វើសម្រាប់យើង លុះត្រាតែយើងមើលឃើញអ្វីៗក្នុងទស្សនៈផ្សេង។ ខ្ញុំចង់ប្រាប់លោកអ្នកអំពីចម្លើយ ដែលមានមូលដ្ឋានមកពីបទព្រះគម្ពីរចំពោះការបាក់ទឹកចិត្ត និង វិធីដោះស្រាយជាមួយនឹងប្រភេទនៃការវាយប្រហារខាងឯវិញ្ញាណ បែបនេះ។
គ្រឿងសឹកដែលយើងត្រូវការ
នៅក្នុងជំពូកទី៦នៃអេភេសូរ មានរាយឈ្មោះគ្រឿងសឹកចំនួនប្រាំមួយ៖ ខ្សែក្រវាត់នៃសេចក្តីពិត អាវក្រោះនៃសេចក្តីសុចរិត ស្បែកជើងនៃដំណឹងល្អអំពីសេចក្តីសុខសាន្ត ខែលនៃសេចក្តីជំនឿ មួកនៃសេចក្តីសង្គ្រោះ និងដាវនៃព្រះវិញ្ញាណ។ ទាំងនេះមិនមែនគ្រាន់តែជាឈ្មោះដ៏ស្រស់ស្អាត ឬគំនិតទ្រឹស្តីខាងសាសនាប៉ុណ្ណោះទេ។ វាជាសេចក្តីពិតដែលអាចអនុវត្តបាន ហើយយើងម្នាក់ៗត្រូវតែកាន់ខ្ជាប់។ ខ្ញុំចង់លើកយកតែពីរក្នុងចំណោមប្រាំមួយនេះប៉ុណ្ណោះ ដើម្បីផ្ដល់នូវការបង្រៀនជាក់លាក់ដែលអាចអនុវត្តបានពីព្រះគម្ពីរ ដើម្បីតទល់នឹងការវាយប្រហារនៃការអស់សង្ឃឹមខាងវិញ្ញាណ។
ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច នឹងពួកម្ចាស់នៃសេចក្ដីងងឹតនៅលោកីយនេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ ហេតុនោះបានជាត្រូវឲ្យយកគ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន រួចកាលណាបានតតាំងសព្វគ្រប់ហើយ នោះឲ្យបាននៅតែឈរមាំមួនដដែល ដូច្នេះ ចូរឲ្យឈរមាំមួនចុះ ដោយក្រវាត់សេចក្ដីពិតនៅចង្កេះ ហើយពាក់សេចក្ដីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង ទាំងពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្ដីសុខសាន្ត ទុកជាស្បែកជើង ថែមទាំងយកសេចក្ដីជំនឿទុកជាខែលផង ដែលអ្នករាល់គ្នានឹងអាចរំលត់ អស់ទាំងព្រួញឆេះរបស់មេកំណាច ដោយសារខែលនោះបាន ចូរយកសេចក្ដីសង្គ្រោះទុកជាមួកសឹក នឹងដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល ។ (អេភេសូ ៦:១២-១៧)
ផ្អែកលើការសិក្សារបស់ខ្ញុំ និងការបកប្រែព្រះគម្ពីរនាសម័យទំនើបជាច្រើន ខ្ញុំជឿថា ខគម្ពីរដំបូងនោះ អាចបកប្រែបានត្រឹមត្រូវជាងនេះថា៖ «ដ្បិតការតយុទ្ធរបស់យើង មិនមែនប្រឆាំងនឹងមនុស្សដែលមានរូបកាយឡើយ»។ នេះជារូបភាពដ៏ច្បាស់លាស់មួយ។ និយាយម្យ៉ាងទៀត យើងមិនកំពុងតយុទ្ធប្រឆាំងនឹងមនុស្សទេ។ ម្តាយក្មេករបស់អ្នកមិនមែនជាបញ្ហាទេ ហើយសូម្បីតែជនផ្តាច់ការដូចជា ស្តាលីន ឬ ហ៊ីត្លែរ ក៏មិនមែនជាបញ្ហាដែរ។
ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច នឹងពួកម្ចាស់នៃសេចក្ដីងងឹតនៅលោកីយនេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ ។
ចូរពាក់គ្រឿងសឹករបស់ព្រះជាម្ចាស់
យើងកំពុងចូលរួមក្នុងការប្រយុទ្ធដ៏ពេញទំហឹងជាមួយអំណាចខាងវិញ្ញាណដែលមើលមិនឃើញ ដែលមានអំណាចយ៉ាងខ្លាំង មានការរៀបចំយ៉ាងល្អ និងប្រឆាំងទាំងស្រុងនឹងយើង ព្រមទាំងអ្វីៗទាំងអស់ដែលតំណាងឱ្យព្រះ និងរាស្រ្តរបស់ព្រះ។ មូលដ្ឋានរបស់ពួកវាស្ថិតនៅស្ថានដ៏ខ្ពស់ ហើយពួកវាប្រើសម្ពាធខាងវិញ្ញាណគ្រប់បែបយ៉ាងប្រឆាំងនឹងយើង ដើម្បីធ្វើឱ្យយើងដួលចុះ។ ដោយផ្អែកលើការពិតនេះ លោកប៉ុលបាននិយាយនៅក្នុង អេភេសូរ ៦:១៣ ថា «អ្នកត្រូវពាក់គ្រឿងសឹករបស់អ្នក។ បើមិនដូច្នោះទេ អ្នកនឹងក្លាយជាជនរងគ្រោះ»។ នេះជាសេចក្តីសន្និដ្ឋានដែលសមហេតុផល និងអាចអនុវត្តបានយ៉ាងច្បាស់។
ខ្ញុំមិនណែនាំឱ្យនរណាម្នាក់ចូលរួមក្នុងការប្រយុទ្ធខាងវិញ្ញាណ ឬចូលរួមក្នុងការកសាងនគររបស់ព្រះ ដោយមិនបានពាក់គ្រឿងសឹកជាមុនឡើយ។ ហេតុអ្វី? ពីព្រោះនៅពេលអ្នកវាយប្រហារប្រឆាំងនឹងអារក្ស សូមជឿខ្ញុំចុះ វានឹងតបតវិញ ហើយវាមិនប្រយុទ្ធតាមច្បាប់ឡើយ។
ហេតុនោះបានជាត្រូវឲ្យយកគ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន រួចកាលណាបានតតាំងសព្វគ្រប់ហើយ នោះឲ្យបាននៅតែឈរមាំមួនដដែល ។ (អេភេសូ ៦:១៣)
សូមកត់សម្គាល់ថា លោកប៉ុលសន្មតថា «ថ្ងៃអាក្រក់» នឹងមកដល់។ ខ្ញុំមិនជឿថា នេះសំដៅទៅលើគ្រាទុក្ខវេទនាដ៏ធំនោះទេ។ វាមានន័យថា គ្រីស្ទបរិស័ទគ្រប់រូបនឹងឆ្លងកាត់ «ថ្ងៃអាក្រក់» ផ្ទាល់ខ្លួនរបស់គាត់។ នៅពេលព្រះយេស៊ូវមានបន្ទូលជាឧទាហរណ៍អំពីមនុស្សពីរនាក់ដែលសង់ផ្ទះ ម្នាក់សង់លើថ្ម និងម្នាក់ទៀតសង់លើខ្សាច់ (ម៉ាថាយ ៧:២៤–២៧) ទ្រង់មិនបានមានបន្ទូលថា «ប្រសិនបើខ្យល់ និងភ្លៀងធ្លាក់មក» នោះទេ។ ទ្រង់មានបន្ទូលថា «នៅពេលខ្យល់ និងភ្លៀងធ្លាក់មក»។ ផ្ទះទាំងពីរត្រូវបានសាកល្បងដោយការល្បងលដូចគ្នា។
នៅពេលព្រះយេស៊ូវមានបន្ទូលជាឧទាហរណ៍អំពីអ្នកព្រោះពូជ ទ្រង់មានបន្ទូលថា «លុះកាលណាកើតមានសេចក្ដីទុក្ខលំបាក ឬសេចក្ដីបៀតបៀន» (ម៉ាថាយ ១៣:២១)។ ទ្រង់មិនបានមានបន្ទូលថា «ប្រសិនបើ» ទេ។ ទ្រង់ចាត់ទុកថា ការបៀតបៀននឹងមកដល់ជាក់ជាមិនខាន។ គ្រីស្ទបរិស័ទគ្រប់រូបនឹងត្រូវឆ្លងកាត់ថ្ងៃដ៏អាក្រក់ នៅពេលដែលពួកគេត្រូវប្រឈមមុខនឹងសេចក្តីទុក្ខវេទនា និងការបៀតបៀន។ ដូចលោកប៉ុលបានមានប្រសាសន៍នៅក្នុង កិច្ចការ ១៤:២២ ថា «ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន»។ គ្មានផ្លូវផ្សេងទៀតឡើយ។
ដូច្នេះ ជាដំបូងបង្អស់ យើងត្រូវចាំឱ្យបានច្បាស់ក្នុងចិត្តថា៖ នៅពេលយើងឃើញខ្លួនឯងកំពុងស្ថិតក្នុងថ្ងៃដ៏អាក្រក់ និងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង វាមិនមានន័យថា មានអ្វីមួយខុសប្រក្រតីនោះទេ។ វាក៏មិនមានន័យថា យើងនៅក្រៅព្រះហឫទ័យរបស់ព្រះដែរ។ ផ្ទុយទៅវិញ វាប្រហែលជាសញ្ញាដ៏ល្អមួយថា យើងកំពុងដើរឆ្ពោះទៅកាន់នគររបស់ព្រះ។
ក្នុងចំណោមគ្រឿងសឹកទាំងប្រាំមួយដែលលោកប៉ុលបានរៀបរាប់ ខ្ញុំចង់និយាយតែពីរប៉ុណ្ណោះ គឺអាវក្រោះការពារទ្រូង និងខែល។ គ្រឿងសឹកបួនផ្សេងទៀតក៏ចាំបាច់ដែរ ប៉ុន្តែសម្រាប់គោលបំណងនៃសំបុត្រនេះ ខ្ញុំចង់ផ្តោតលើគ្រឿងសឹកពីរដែលបានរៀបរាប់។ ខ្ញុំចង់ពិនិត្យមើលតាមរបៀបជាក់ស្តែងបំផុត ដោយផ្អែកជាចម្បងលើបទពិសោធន៍ផ្ទាល់ខ្លួន អំពីការប្រើប្រាស់អាវក្រោះការពារទ្រូង និងខែល។
អាវក្រោះ (ប្រដាប់បាំងដើមទ្រូង)
ដើម្បីចាប់ផ្តើម សូមយើងកត់សម្គាល់អំពីខគម្ពីរមួយដែលមានខ្លឹមសារស្របគ្នាយ៉ាងគួរឱ្យចាប់អារម្មណ៍នឹងផ្នែកមួយនៃ អេភេសូរ ៦ ដែលមាននៅក្នុង ១ ថែស្សាឡូនិក ៥៖
តែយើងដែលជាពួកនៃថ្ងៃ យើងត្រូវដឹងខ្លួន ទាំងប្រដាប់កាយដោយសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់ ទុកជាប្រដាប់បាំងដើមទ្រូង ហើយសេចក្ដីសង្ឃឹមរបស់ផងសេចក្ដីសង្គ្រោះ ទុកជាមួកសឹក។ (១ ថែស្សាឡូនីច ៥:៨)
អេភេសូរ ៦:១៤ និយាយអំពី «អាវក្រោះនៃសេចក្តីសុចរិត» ប៉ុន្តែ ១ ថែស្សាឡូនិក ៥:៨ ប្រាប់យើងកាន់តែច្បាស់ថា សេចក្តីសុចរិតនោះជាអ្វី។ វាមិនមែនជាសេចក្តីសុចរិតមកពីការ ខិតខំប្រឹងប្រែងរបស់ខ្លួនឯង ឬក៏មកពីការប្រព្រឹត្តអំពើល្អដែរ ប៉ុន្តែជាសេចក្តីសុចរិតនៃសេចក្តីជំនឿ ដែលបង្ហាញចេញតាមរយៈសេចក្តីស្រឡាញ់។ (និយាយអញ្ចឹងផ្ទៃរឿងនៃជំនឿនេះគឺជា គ្រឿងសឹកសំខាន់នៅក្នុងចំណោមគ្រឿងសឹកទាំងអស់ហើយក៏ជាសរីរាង្គមួយដ៏សំខាន់របស់រូបកាយដែលសម្រាប់ការពារដែរ ។)
តើអាវក្រោះបាំងដើមទ្រូងការពារសរីរាង្គសំខាន់អ្វីខ្លះនៃរូបកាយ? គឺបេះដូង។ គោលបំណងនៃអាវក្រោះនៃសេចក្តីសុចរិត តាមរយៈសេចក្តីជំនឿដែលបង្ហាញចេញដោយសេចក្តីស្រឡាញ់ គឺដើម្បីការពារចិត្ត។ សូមចងចាំថា សេចក្តីជំនឿតាមព្រះគម្ពីរ តែងតែស្ថិតនៅក្នុងចិត្ត មិនមែននៅក្នុងគំនិតនោះទេ។ ជាឧទាហរណ៍ រ៉ូម ១០:១០ ចែងថា «ដ្បិតយើងបានសុចរិត ដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះ»។ សេចក្តីជំនឿពិត មិនមែនគ្រាន់តែជាគំនិតបញ្ញា ទ្រឹស្តីសាសនា ឬគោលលទ្ធិនោះទេ។ វាគឺជាសេចក្តីជំនឿនៅក្នុងចិត្ត ដែលបង្ហាញចេញតាមរយៈមធ្យោបាយសំខាន់មួយ គឺសេចក្តីស្រឡាញ់។
ស្របជាមួយនឹងចំណុចនេះ សូមមើលកាឡាទី ៥:៦៖
ពីព្រោះក្នុងព្រះគ្រីស្ទយេស៊ូវ ដែលកាត់ស្បែកឬមិនកាត់ នោះមិនជាប្រយោជន៍អ្វីទេ មានប្រយោជន៍តែសេចក្ដីជំនឿ ដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ។
នេះជាសេចក្តីថ្លែងការណ៍ដ៏សាមញ្ញ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅ។ យើងត្រូវរំឭកខ្លួនឯងជានិច្ចថា អ្វីដែលពិតជាសំខាន់បំផុតក្នុងជីវិតជាគ្រីស្ទបរិស័ទទាំងមូល គឺសេចក្តីជំនឿដែលបង្ហាញចេញតាមរយៈសេចក្តីស្រឡាញ់។ យើងអាចមានចំណេះដឹងជ្រៅជ្រះ រហូតដល់អាចឆ្លើយសំណួរខាងទ្រឹស្តីសាសនាគ្រប់បែបយ៉ាង ប៉ុន្តែនៅតែអាចខកខានចំណុចសំខាន់បំផុត គឺសេចក្តីជំនឿនៅក្នុងចិត្តដែលបង្ហាញចេញតាមសេចក្តីស្រឡាញ់។ បើគ្មានសេចក្តីជំនឿបែបនេះទេ នោះយើងបានខកខានអ្វីៗទាំងអស់។
អាវក្រោះការពារដើមទ្រូងដែលការពារបេះដូង គឺជាសេចក្តីជំនឿដែលបង្ហាញចេញតាមរយៈសេចក្តីស្រឡាញ់។ នៅពេលដោះអាវក្រោះការពារដើមទ្រូងចេញសរីរាង្គដ៏សំខាន់ និងងាយរងគ្រោះបំផុតរបស់យើង គឺបេះដូង នឹងត្រូវលាតត្រដាង និងងាយរងការវាយប្រហារ។
ទាក់ទងនឹងលក្ខណៈនៃសេចក្តីជំនឿ យើងត្រូវយល់ថា សេចក្តីជំនឿតែងតែទាក់ទងនឹងអ្វីដែលមើលមិនឃើញ មិនមែនអ្វីដែលមើលឃើញនោះទេ។ ដូចដែល ២ កូរិនថូស ៥:៧ ចែងយ៉ាងសាមញ្ញថា «ដ្បិតយើងខ្ញុំដើរដោយជំនឿ មិនមែនដោយមើលឃើញទេ»។ ពាក្យ «ដើរ» មានន័យថា «រស់នៅ»។ ជីវិតទាំងមូលរបស់យើងជាគ្រីស្ទបរិស័ទ មិនផ្អែកលើអ្វីដែលយើងមើលឃើញទេ ប៉ុន្តែផ្អែកលើអ្វីដែលយើងជឿ។ យើងរស់នៅដោយសេចក្តីជំនឿ មិនមែនដោយការមើលឃើញឡើយ ហើយទាំងពីរនេះផ្ទុយគ្នា។ ប្រសិនបើយើងដើរតាមអ្វីដែលយើងមើលឃើញ នោះយើងមិនបានដើរតាមអ្វីដែលយើងជឿនោះទេ។
បញ្ហាទាំងអស់នេះ គឺជាកំហុសដំបូងបំផុតដែលមនុស្សជាតិបានធ្វើ។ នៅពេលសត្វពស់នៅក្នុងសួនច្បារអេដែន បានចោទសួរអំពីព្រះបន្ទូលរបស់ព្រះ ហើយនាងអេវ៉ាបានយកសំណួរនោះមកពិចារណា នាងក៏បានចាញ់។ លោកុប្បត្តិ ៣:៦ ប្រាប់យើងថា តើអ្វីជាសម្ពាធដែលនាងអេវ៉ាបានចុះចាញ់៖ «កាលស្ត្រីបានឃើញថា ផ្លែឈើនោះបរិភោគបាន»។ ពាក្យគន្លឹះនៅទីនេះគឺ «បានឃើញ»។ នាងអេវ៉ាបានចាកចេញពីវិស័យនៃសេចក្តីជំនឿលើព្រះបន្ទូលដែលមើលមិនឃើញ ហើយបែរទៅទុកចិត្តលើអ្វីដែលភ្នែករបស់នាងបានឃើញ។ នៅពេលបន្ទាប់ នាងក៏បានចាញ់។ គោលការណ៍ដូចគ្នានេះ ក៏អនុវត្តចំពោះយើងដែរ។ នៅពេលយើងដើរតាមអ្វីដែលយើងមើលឃើញ យើងមិនអាចតស៊ូទល់នឹងអារក្សបានឡើយ។ យើងត្រូវដើរដោយសេចក្តីជំនឿ មិនមែនដោយការមើលឃើញទេ។
អាវក្រោះការពារដើមទ្រូងដែលការពារបេះដូងរបស់យើង គឺជាសេចក្តីជំនឿលើព្រះដែលមើលមិនឃើញ និងព្រះបន្ទូលរបស់ទ្រង់ ហើយសេចក្តីជំនឿនេះបង្ហាញចេញតាមរយៈសេចក្តីស្រឡាញ់។ នៅពេលយើងបោះបង់សេចក្តីជំនឿនោះ យើងក៏ឈប់មានសេចក្តីស្រឡាញ់ពិតប្រាកដ។ មនុស្សខ្លះនិយាយថា «សេចក្តីស្រឡាញ់សំខាន់ជាងសេចក្តីជំនឿ»។ ប្រហែលជាដូច្នេះមែន ប៉ុន្តែវិធីតែមួយដែលយើងអាចស្រឡាញ់បាន គឺតាមរយៈសេចក្តីជំនឿ។ ដោយសារសេចក្តីជំនឿបង្ហាញចេញតាមរយៈសេចក្តីស្រឡាញ់ ដូច្នេះមិនគួរឱ្យឆ្ងល់ទេថា នៅពេលយើងទម្លាក់អាវក្រោះការពារដើមទ្រូងចុះ យើងក៏ឆាប់ខឹង ខកចិត្ត អស់ការអត់ធ្មត់ និងជះពាក្យសម្តីខ្លាំងៗដាក់ប្តី ឬប្រពន្ធរបស់យើង។ សេចក្តីជំនឿរបស់យើង ដែលជាអ្វីតែមួយគត់ដែលបង្កើតសេចក្តីស្រឡាញ់ បានបាត់ទៅហើយ។ ដូច្នេះ «មនុស្សចាស់» ដែលមានចរិតអាក្រក់ និងទម្លាប់ចម្លែកៗគ្រប់យ៉ាង ក៏លេចចេញមកវិញ។ ប៉ុន្តែ តើបញ្ហាជាមូលដ្ឋានគឺអ្វី? គឺអាវក្រោះការពារដើមទ្រូងត្រូវបានដោះចេញ។
ខែល
ប្រសិនបើអាវក្រោះបាំងដើមទ្រូងការពារបេះដូង នោះខែលការពារមនុស្សទាំងមូល។ នៅសម័យរ៉ូម៉ាំង ប្រសិនបើអ្នកចេះប្រើខែលបានយ៉ាងស្ទាត់ជំនាញ នោះគ្មានផ្នែកណាមួយនៃរាងកាយរបស់អ្នក ដែលព្រួញភ្លើងអាចវាយដល់បានឡើយ។ ដូចគ្នានេះដែរ ខែលនៃសេចក្តីជំនឿការពារមនុស្សទាំងមូល។
ពេលខ្លះ យើងយល់ច្រឡំអំពីសេចក្តីជំនឿ ដោយគិតថា យើងត្រូវតែខិតខំជឿដោយដឹងខ្លួនជានិច្ច។ «ខ្ញុំត្រូវតែប្រើកម្លាំងខាងវិញ្ញាណរបស់ខ្ញុំ ហើយជឿ»។ ប៉ុន្តែ សេចក្តីជំនឿមិនមែនជាសកម្មភាពដែលយើងត្រូវធ្វើជានិច្ចនោះទេ ប៉ុន្តែជាឥរិយាបថនៃការទុកចិត្តលើព្រះ។
ភរិយាចុងក្រោយរបស់ខ្ញុំ ឈ្មោះ លីឌា ធ្លាប់លើកឧទាហរណ៍អំពីក្មេងប្រុសតូចម្នាក់ ដែលកំពុងអង្គុយកៀកនៅក្នុងដៃឪពុករបស់គាត់។ ក្មេងប្រុសនោះតោងក្របអាវធំរបស់ឪពុកជាប់ ដើម្បីកុំឱ្យខ្លួនធ្លាក់ ប៉ុន្តែបន្តិចក្រោយមក គាត់ចាប់ផ្តើមងងុយគេង ហើយក៏គេងលក់ទៅ។ ដៃរបស់គាត់ក៏ចាប់ផ្តើមលែងតោង ប៉ុន្តែឪពុករបស់គាត់នៅតែឱបកាន់គាត់ជាប់។ ការតោងក្របអាវរបស់ឪពុក គឺជាការខិតខំដែលមិនចាំបាច់ពិតប្រាកដ។ នេះប្រៀបដូចជាយើងជាមួយព្រះ។ យើងអាចតោងទ្រង់ ប៉ុន្តែទោះបីជាយើងលែងតោងក៏ដោយ ក៏ព្រះជាម្ចាស់នៅតែបន្តកាន់យើងជាប់ជានិច្ច។
ក្នុងន័យមួយ យើងអាចមានចិត្តស្ងប់បាន។ សេចក្តីជំនឿមិនមែនជាការខំប្រឹងតោងព្រះជាប់រហូត ដោយខ្លាចថាព្រះនឹងចាកចេញពីយើងនោះទេ។ ផ្ទុយទៅវិញ វាគឺជាការទុកចិត្ត និងដឹងច្បាស់ថា ព្រះទ្រង់គង់នៅជាមួយយើង ហើយព្រះហស្តដ៏អស់កល្បជានិច្ចរបស់ទ្រង់កំពុងទ្រយើងពីក្រោម។ ជាមួយនឹងការទុកចិត្តបែបនេះ យើងក៏ត្រូវប្រកាសបញ្ជាក់ពីសេចក្តីជំនឿដែលយើងមានផងដែរ។
អ្នកប្រហែលជាធ្លាប់បានឮអំពី "អក្សរ F ទាំងបី" ដែលជាការបង្រៀនមួយ។ អក្សរទាំងនោះគឺ៖ ការពិត (Fact) ជំនឿ (Faith) និងអារម្មណ៍ (Feeling) តាមលំដាប់លំដោយនេះ។ ការពិតមាននៅក្នុងព្រះគម្ពីរ ជំនឿបញ្ជាក់ពីការពិតទាំងនោះ ហើយអារម្មណ៍របស់អ្នកនឹងស្ថិតក្នុងសណ្តាប់ធ្នាប់ដោយខ្លួនឯង។ ប៉ុន្តែប្រសិនបើយើងចាប់ផ្តើមដោយផ្អែកលើអារម្មណ៍របស់យើង យើងនឹងមិនមានស្ថិរភាព ដូចអារម្មណ៍របស់យើងដែរ។ ការពិតមិនដែលផ្លាស់ប្តូរទេ ប៉ុន្តែអារម្មណ៍អាចប្រែប្រួលពីមួយពេលទៅមួយពេល។
យើងមិនអាចយកអារម្មណ៍របស់យើងមកធ្វើជាមូលដ្ឋាននៃសេចក្តីជំនឿបានទេ។ ចូរដាក់សេចក្តីជំនឿរបស់អ្នកលើការពិតដែលមានចែងក្នុងព្រះបន្ទូលរបស់ព្រះ ដែលមិនដែលផ្លាស់ប្តូរ។ ការពិតទាំងនេះនៅតែដដែល ពីមួយម៉ោងទៅមួយម៉ោង ពីមួយថ្ងៃទៅមួយថ្ងៃ និងពីមួយឆ្នាំទៅមួយឆ្នាំ។ ដើម្បីជឿលើការពិតទាំងនេះ យើងត្រូវសម្រេចចិត្តដោយគំនិតរបស់យើង។ លោក ស្ម៊ីធ វីកលស្វ័រត (Smith Wigglesworth) ធ្លាប់មានប្រសាសន៍ថា៖ «ខ្ញុំមិនដែលរងឥទ្ធិពលពីអ្វីដែលខ្ញុំមានអារម្មណ៍នោះទេ ប៉ុន្តែខ្ញុំរងឥទ្ធិពលតែពីអ្វីដែលខ្ញុំជឿប៉ុណ្ណោះ»។
ប្រភពតែមួយគត់នៃសេចក្តីពិតដែលស្ថិតស្ថេរ មិនប្រែប្រួល និងអាចទុកចិត្តបាន គឺព្រះគម្ពីរ។ សេចក្តីជំនឿនិយាយថា៖ «ព្រះគម្ពីរជាសេចក្តីពិត ហើយខ្ញុំជឿលើព្រះគម្ពីរ។ ព្រះទ្រង់គង់នៅទីនេះ។ ទ្រង់នឹងមិនបោះបង់ខ្ញុំឡើយ។ អារម្មណ៍របស់ខ្ញុំអាចមើលថែខ្លួនវាបាន»។ ប្រសិនបើអ្នកមានឥរិយាបថបែបនេះ អារម្មណ៍របស់អ្នកនឹងស្របតាមសេចក្តីពិត។ ប៉ុន្តែ ប្រសិនបើអ្នកចាប់ផ្តើមពីអារម្មណ៍របស់អ្នក អ្នកនឹងមិនអាចឈានទៅដល់ការពិតបានឡើយ។ អ្វីដែលសំខាន់បំផុត គឺអ្នកត្រូវចាប់ផ្តើមពីសេចក្តីពិតដែលមានចែងក្នុងព្រះបន្ទូលរបស់ព្រះ។
ការស្គាល់សេចក្តីពិត
ដើម្បីធ្វើដូច្នេះបាន អ្នកត្រូវស្គាល់សេចក្តីពិត។ អ្នកត្រូវដឹងច្បាស់ថា ព្រះគម្ពីរមានចែងយ៉ាងដូចម្តេច។
ជាឧទាហរណ៍ អំពីសេចក្តីពិតនៃការប្រោសលោះរបស់យើង។ ពាក្យ «ប្រោសលោះ» មានន័យថា «ទិញយកមកវិញ»។ ព្រះគម្ពីរប្រាប់ថា យើងត្រូវបានលក់ឱ្យនៅក្រោមអំណាចនៃអំពើបាប ក្នុងទីផ្សារទាសកររបស់សាតាំង ប៉ុន្តែព្រះយេស៊ូវបានប្រោសលោះយើង ឬទិញយើងមកវិញពីទីផ្សារទាសកររបស់សាតាំង ដោយព្រះលោហិតដ៏ថ្លៃវិសេសរបស់ទ្រង់។ តើការពិតនេះមានចែងនៅឯណា? ទំនុកតម្កើង ១០៧:២ ចែងថា៖ «គួរឲ្យពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះបានថាដូច្នេះដែរគឺអស់អ្នកដែលទ្រង់បានលោះឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវនោះ»។ ព្រះអម្ចាស់បានប្រោសលោះយើង ដើម្បីឱ្យយើងលែងស្ថិតនៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវទៀត ប៉ុន្តែស្ថិតនៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់វិញ។
បន្ទាប់មក សូមពិនិត្យមើល កូល៉ុស ១:១២-១៤
ព្រមទាំងអរព្រះគុណ ដល់ព្រះវរបិតាដែលទ្រង់បានប្រោស ឲ្យយើងបានគួរនឹងទទួលចំណែកកេរ្ដិ៍អាករ ក្នុងពួកបរិសុទ្ធនៅទីភ្លឺផង 13ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្ដីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់ យើងរាល់គ្នាមានសេចក្ដីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្ដីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់ ។
នេះជាសេចក្តីពិតដែលថា ព្រះបានរំដោះយើងចេញពីអំណាចនៃភាពងងឹត គឺនគររបស់សាតាំង ហើយបានផ្ទេរយើងចូលទៅក្នុងនគររបស់ព្រះគ្រីស្ទ។ ដូច្នេះ យើងបានទទួលការប្រោសលោះ ហើយអំពើបាបរបស់យើងត្រូវបានអត់ទោស។ យើងលែងស្ថិតនៅក្នុងដែនអំណាចរបស់សាតាំងទៀត ហើយក៏លែងស្ថិតនៅក្រោមអំណាចរបស់វាដែរ។ អ្នកដែលមិនជឿ អ្នកដែលបដិសេធព្រះគ្រីស្ទ អ្នកដែលបះបោរ និងអ្នកដែលមិនស្តាប់បង្គាប់ ស្ថិតនៅក្រោមអំណាចស្របច្បាប់របស់សាតាំង។ ប៉ុន្តែ យើងមិនស្ថិតនៅក្រោមអំណាចនោះទៀតទេ។
ការពិតគឺថា នៅពេលយើងប្រែចិត្ត បដិសេធខ្លួនឯងចុះចូលចំពោះព្រះយេស៊ូវគ្រីស្ទ ហើយទទួលទ្រង់ជាព្រះអម្ចាស់ នោះយើងត្រូវបានផ្ទេរ គឺត្រូវបាននាំចេញទាំងវិញ្ញាណ ព្រលឹង និងរូបកាយ ពីនគររបស់សាតាំង ចូលទៅក្នុងនគររបស់ព្រះគ្រីស្ទវិញ។
ទាំងនេះគឺជាសេចក្តីពិត។ យើងជឿលើសេចក្តីពិតដែលមកពីពិភពដែលមើលមិនឃើញ តាមរយៈព្រះបន្ទូលរបស់ទ្រង់ ពីព្រោះយើងលែងរស់នៅតាមអារម្មណ៍របស់យើងទៀតហើយ។ ខែលនៃសេចក្តីជំនឿ នោះគ្របដណ្តប់ និងការពារគ្រប់ផ្នែកនៃជីវិតរបស់យើង។ គ្មានព្រួញភ្លើងណាមួយអាចឆ្លងកាត់ខែលនេះបានឡើយ។
ដូច្នេះ យើងអាចមើលឃើញថា ព្រះបានប្រទានការការពារដ៏មានប្រសិទ្ធភាពដល់យើង នៅពេលសត្រូវព្យាយាមធ្វើឱ្យយើងអស់សង្ឃឹម។ នៅពេលយើងចងចាំថា ត្រូវរៀបចំខ្លួនជារៀងរាល់ថ្ងៃ ដោយពាក់គ្រឿងសឹកទាំងនេះ ដើម្បីការពារខ្លួនពីការវាយប្រហារដែលប្រាកដជានឹងមកដល់ (រួមទាំងគ្រឿងសឹកបួនមុខទៀតផង) យើងនឹងឃើញថា ព្រះទ្រង់ស្មោះត្រង់ក្នុងការពង្រឹងសេចក្តីជំនឿ និងសេចក្តីសង្ឃឹមរបស់យើង ហើយប្រទានកម្លាំងឱ្យយើងឈរយ៉ាងមានជ័យជម្នះ ដោយព្រះវិញ្ញាណរបស់ទ្រង់។

ទាញយកដោយឥតគិតថ្លៃ
សេចក្តីបង្រៀននេះអាចទាញយក បោះពុម្ព និងចែករំលែកសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬក្នុងព្រះវិហារ។
កូដ: TL-L083-100-KHM









