បំណុលរបស់យើងចំពោះអ៊ីស្រាអែល

ដេរេក ព្រីនស៍
Published: 1970
Last Updated: September 2026
Read Time: 11
គ្រីស្ទបរិស័ទមានបំណុលខាងវិញ្ញាណចំពោះប្រជាជនជ្វីហ្វ ពីព្រោះតាមរយៈពួកគេ ព្រះគម្ពីរ ពួកសាវ័ក និងព្រះអង្គសង្គ្រោះបានមកដល់មនុស្សជាតិ។ ព្រះគម្ពីរបង្រៀនអ្នកជឿដែលជាសាសន៍ដទៃឲ្យតបស្នងបំណុលនេះ តាមរយៈសេចក្ដីស្រឡាញ់ ការអធិស្ឋានសម្រាប់ក្រុងយេរូសាឡិម និងការបង្ហាញសេចក្ដីមេត្តាករុណាតាមការអនុវត្តជាក់ស្ដែង មិនមែនតាមរយៈភាពក្រអឺតក្រទម ឬអរិភាពឡើយ។ ព្រះក៏ទាមទារឲ្យប្រជាជាតិនានាទទួលខុសត្រូវចំពោះរបៀបដែលពួកគេប្រព្រឹត្តចំពោះអ៊ីស្រាអែលផងដែរ។
នៅក្នុងការសន្ទនារបស់ទ្រង់ជាមួយស្ត្រីសាសន៍សាម៉ារី នៅអណ្តូងរបស់យ៉ាកុប ព្រះយេស៊ូវបានមានបន្ទូល ប្រាប់នាងថា៖
«អ្នករាល់គ្នាមិនដឹងជាខ្លួនថ្វាយបង្គំអ្វីទេ ឯយើងវិញ យើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតសេចក្តីសង្គ្រោះកើតមកពីសាសន៍យូជា» (យ៉ូ ហាន 4:22)
ពាក្យ «អ្នករាល់គ្នា» ព្រះយេស៊ូវកំពុងសំដៅទៅលើសាសន៍សាម៉ារី ខណៈដែលពាក្យ «យើង» ទ្រង់កំពុងសំដៅទៅលើពួកយូដា។ ដូច្នេះ ទ្រង់បានកំណត់អត្តសញ្ញាណរបស់ទ្រង់ជាមួយជនជាតិយូដា ហើយមានបន្ទូលក្នុងនាមជាម្នាក់ក្នុងចំណោមពួកគេ។ នៅក្នុងសៀវភៅចុងក្រោយនៃព្រះគម្ពីរ គឺវិវរណៈ 5:5 ព្រះយេស៊ូវត្រូវបានហៅថា «សត្វសិង្ហដែលកើតពីពូជអំបូរយូដា»។ ពាក្យ «យូដា» គឺជាឈ្មោះដែលពាក្យ «ជនជាតិយូដា» ត្រូវបានយកមក ។ វាជារឿងសំខាន់សម្រាប់យើងទាំងអស់គ្នា ក្នុងការយល់ថា មានវិធីមួយដែលព្រះយេស៊ូវត្រូវបានកំណត់អត្តសញ្ញាណជាពិសេសជាមួយពួកយូដា។ ការកំណត់អត្តសញ្ញាណនេះ មិនបានបញ្ចប់ត្រឹមតែជីវិតនៅលើផែនដីរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែបន្តតាមរយៈបទគម្ពីរបន្ទាប់ពីការសុគត ការបញ្ចុះ និងការរស់ឡើងវិញរបស់ទ្រង់ ហើយបន្តរហូតដល់អស់កល្បជានិច្ច។
វាមានសារៈសំខាន់ដូចគ្នា សម្រាប់យើងទាំងអស់គ្នា ក្នុងការទទួលស្គាល់ការពិតនៃអ្វីដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់ស្ត្រីសាសន៍សាម៉ារីថា៖ «សេចក្តីសង្គ្រោះកើតមកពីសាសន៍យូដា»។ នេះជាការពិតក្នុងប្រវត្តិសាស្ត្រ ដែលមិនអាចបដិសេធបាន។ បើគ្មានសាសន៍យូដាទេ យើងនឹងគ្មានបុព្វបុរស គ្មានហោរា គ្មានសាវ័ក គ្មានព្រះគម្ពីរ និងគ្មានព្រះអង្គសង្គ្រោះឡើយ។ ប្រសិនបើយើងគ្មានអ្វីទាំងនេះទេ តើយើងនឹងមានសេចក្តីសង្គ្រោះឬទេ? មិនមានឡើយ!
ប្រជាជាតិទាំងអស់នៅលើផែនដី ជំពាក់ជនជាតិយូដានូវមរតកខាងវិញ្ញាណដ៏មានតម្លៃបំផុតដែលខ្លួនមាន។ នេះជាការពិតសម្រាប់យើងគ្រប់គ្នា មិនថាយើងជាជនជាតិអារ៉ាប់ អាហ្វ្រិក អាស៊ី ឬអឺរ៉ុប រុស្ស៊ី អាមេរិក ឬចិនឡើយ។ យើងទាំងអស់គ្នា ជំពាក់បំណុលខាងវិញ្ញាណដល់ជនជាតិយូដា ដែលមិនអាចគណនាបាន។
ព្រះគម្ពីរបានបញ្ជាក់យ៉ាងច្បាស់ថា ព្រះទាមទារឲ្យគ្រីស្ទបរិស័ទដែលមកពីសាសន៍ដទៃទាំងអស់ ទទួលស្គាល់បំណុលរបស់ពួកគេចំពោះសាសន៍យូដា ហើយធ្វើអ្វីដែលពួកគេអាចធ្វើបាន ដើម្បីសងបំណុលនោះវិញ។ នៅក្នុងគម្ពីររ៉ូម ជំពូកទី១១ លោកប៉ុលកំពុងសរសេរជាចម្បងទៅកាន់គ្រីស្ទបរិស័ទដែលមានដើមកំណើតពីសាសន៍ដទៃ។ នៅក្នុងខទី 13 គាត់បានមានប្រសាសន៍ថា៖ «ខ្ញុំនិយាយនឹងអ្នករាល់គ្នាដែលជាសាសន៍ដទៃ…»។ លោកបានរំលឹកពួកគេអំពីបំណុលរបស់ពួកគេចំពោះសាសន៍យូដា ហើយព្រមានពួកគេ កុំឲ្យមានអាកប្បកិរិយាឆ្មើងឆ្មៃ ឬមិនដឹងគុណចំពោះអ៊ីស្រាអែល។ ការពិនិត្យជំពូកនេះបង្ហាញថា លោកប៉ុលប្រើពាក្យ «អ៊ីស្រាអែល» សំដៅលើអ្នកដែលមានដើមកំណើតជាជនជាតិយូដា ដើម្បីបែងចែកពួកគេចេញពីគ្រីស្ទបរិស័ទដែលមានដើមកំណើតជាសាសន៍ដទៃ។ ម្យ៉ាងវិញទៀត លោកមិនបានប្រើពាក្យ «អ៊ីស្រាអែល» ជាពាក្យមានន័យដូចនឹង ពួកជំនុំនោះទេ។
នៅក្នុងរ៉ូម 11:30–31 លោកប៉ុលបានសង្ខេបនូវអ្វីដែលលោកបាននិយាយអំពីបំណុល និងការទទួលខុសត្រូវរបស់គ្រីស្ទបរិស័ទសាសន៍ដទៃចំពោះអ៊ីស្រាអែល។ (ដើម្បីឲ្យកាន់តែងាយយល់ ខ្ញុំបានបញ្ចូលពាក្យសមស្រប ទាំង "អ៊ីស្រាអែល" ឬ "សាសន៍ដទៃ" ក្នុងតង្កៀបក្បែរសព្វនាម)៖
ពីព្រោះដូចជាកាលពីដើម អ្នករាល់គ្នា [សាសន៍ដទៃ] មិនបានស្តាប់បង្គាប់ព្រះ តែឥឡូវនេះ ទ្រង់បានផ្តល់សេចក្ដីមេត្តាករុណា ដល់អ្នករាល់គ្នា ដោយព្រោះពួកនោះ [អ៊ីស្រាអែល] មិនស្តាប់បង្គាប់វិញ ដូច្នេះ ដែលគេ [អ៊ីស្រាអែល] មិនស្តាប់បង្គាប់នៅជាន់នេះ នោះគឺដើម្បីឲ្យគេ [អ៊ីស្រាអែល] បានទទួលសេចក្ដីមេត្តាករុណា ដោយសារសេចក្ដីមេត្តាករុណា ដែលទ្រង់បានផ្តល់មកអ្នករាល់គ្នា [សាសន៍ដទៃ] ដូច្នោះដែរ ។
ម្យ៉ាងទៀត ដោយសារសេចក្ដីមេត្តាករុណារបស់ព្រះបានមកដល់យើងជាគ្រីស្ទានសាសន៍ដទៃតាមរយៈអ៊ីស្រាអែល ព្រះក៏ទាមទារឲ្យយើងបង្ហាញសេចក្ដីមេត្តាករុណាដល់អ៊ីស្រាអែលវិញផងដែរ។ តើយើងនឹងបំពេញកាតព្វកិច្ចនេះដោយរបៀបណា? ខាងក្រោមនេះជាវិធីជាក់ស្តែងបួនយ៉ាងដែលយើងអាចធ្វើបាន។
ទីមួយ យើងអាចបណ្តុះ និងបង្ហាញអាកប្បកិរិយានៃសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះជនជាតិយូដា។ វិធីសាស្ត្រធម្មតាភាគច្រើននៃការ «ធ្វើបន្ទាល់» ឬ «ការផ្សាយដំណឹងល្អ» ដែលគ្រីស្ទបរិស័ទអនុវត្ត មិនអាចប៉ះពាល់ដល់ចិត្តរបស់ជនជាតិយូដាបានទេ។ ផ្ទុយទៅវិញ ជាញឹកញាប់វាធ្វើឲ្យពួកគេខឹង និងចេញឆ្ងាយពីយើង។ ប៉ុន្តែ គួរឲ្យភ្ញាក់ផ្អើលណាស់ ដែលភាពរឹងមាំខាងក្រៅរបស់ជនជាតិយូដាអាចរលាយទៅបាន នៅពេលពួកគេជួបនឹងសេចក្ដីស្រឡាញ់ដ៏កក់ក្តៅ និងស្មោះត្រង់។ ក្នុងរយៈពេលដប់ប្រាំបួនសតវត្សរ៍នៃការខ្ចាត់ខ្ចាយទៅក្នុងចំណោមប្រជាជាតិនានា មានរឿងមួយដែលជនជាតិយូដាកម្របានជួបប្រទះបំផុត នោះគឺសេចក្ដីស្រឡាញ់។ ដើម្បីជាកិត្តិយសដល់ព្រះអម្ចាស់ សូមឲ្យយើងឈប់ព្យាយាមធ្វើឲ្យជនជាតិយូដាក្លាយជា «អ្នកប្រែចិត្ត» ហើយចាប់ផ្ដើមសងបំណុលនៃសេចក្ដីស្រឡាញ់ដែលយើងជំពាក់ពួកគេអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។
ទីពីរ នៅក្នុង រ៉ូម 11:11 ប៉ុលបាននិយាយថា ៖
"...បានជាមានសេចក្ដីសង្គ្រោះ ផ្សាយទៅដល់ពួកសាសន៍ដទៃវិញ ដើម្បីបណ្តាលឲ្យគេ [អ៊ីស្រាអែល] ច្រណែន"
នេះជាវិធីដ៏សំខាន់មួយទៀត ដែលយើងអាចសងបំណុលរបស់យើងចំពោះជនជាតិយូដាបាន គឺដោយការរីករាយ និងបង្ហាញពីភាពបរិបូរណ៍នៃព្រះពររបស់ព្រះក្នុងព្រះគ្រីស្ទ តាមរបៀបមួយដែលធ្វើឲ្យសាសន៍យូដាមានចិត្តចង់បានអ្វីដែលពួកគេឃើញយើងកំពុងរីករាយ។ ព្រះពរទាំងនេះគួរត្រូវបានមើលឃើញនៅក្នុងគ្រប់ផ្នែកនៃជីវិតរបស់យើង ទាំងខាងវិញ្ញាណ ខាងរូបកាយ ខាងហិរញ្ញវត្ថុ និងខាងសម្ភារៈ។ ប៉ុន្តែ លើសពីអ្វីទាំងអស់ វាគួរត្រូវបានបង្ហាញតាមរយៈជីវិតរួមគ្នារបស់យើងជាអ្នកជឿ គឺជា ជីវិតដែលពោរពេញដោយសេចក្ដីសុចរិត សេចក្ដីសុខសាន្ត និងអំណរក្នុងព្រះវិញ្ញាណបរិសុទ្ធ។
គួរឲ្យសោកស្តាយណាស់! អស់រយៈពេលជាច្រើនសតវត្សរ៍មកនេះ ជនជាតិយូដាបានឃើញតិចតួចប៉ុណ្ណោះនៅក្នុងចំណោមគ្រីស្ទបរិស័ទ ដែលអាចធ្វើឲ្យពួកគេមានចិត្តចង់បាន។ ភាគច្រើន ពួកគេបានឃើញនិកាយជាច្រើនរាប់មិនអស់ ដែលសុទ្ធតែអះអាងខ្លួនថាជា «គ្រីស្ទបរិស័ទ» ប៉ុន្តែបែរជារិះគន់គ្នា ហើយសូម្បីតែសម្លាប់គ្នាទៅវិញទៅមក ហើយការទាំងអស់នេះកើតឡើងក្នុងឈ្មោះជាគ្រីស្ទសាសនា ។ គ្មានទីកន្លែងណាដែលការបែកបាក់របស់គ្រីស្ទបរិស័ទត្រូវបានបង្ហាញយ៉ាងច្បាស់ជាងនៅក្នុងក្រុងយេរូសាឡឹម ដែលជាទីក្រុងបរិសុទ្ធសម្រាប់ទាំងគ្រីស្ទបរិស័ទ និងជនជាតិយូដានោះទេ។ ជាញឹកញាប់ នៅតាមកន្លែងដែលគេហៅថា «ទីសក្ការៈ» នៃពិភពគ្រីស្ទសាសនា តំណាងនៃនិកាយគ្រីស្ទានផ្សេងៗបានប្រើអំពើហិង្សា និងបង្ហូរឈាមគ្នាទៅវិញទៅមក ដើម្បីបង្ហាញថាខ្លួនមានជំនឿត្រឹមត្រូវ និងដើម្បីការពារទីសក្ការៈ និងសិទ្ធិពិសេសរបស់ខ្លួន។ ចាប់តាំងពីរដ្ឋអ៊ីស្រាអែលត្រូវបានបង្កើតឡើង មានច្រើនជាងមួយលើកដែលបេសកជនពីក្រុមគ្រីស្ទានមួយបានប្ដឹងទៅរដ្ឋមន្ត្រីកិច្ចការសាសនាជនជាតិយូដា អំពីតំណាងនៃក្រុមគ្រីស្ទានមួយផ្សេងទៀត ហើយស្នើសុំឲ្យបណ្តេញពួកគេចេញពីប្រទេស។ អ្វីទាំងអស់នេះ មិនអាចធ្វើឲ្យជនជាតិយូដាស្រែកឡើងថា៖ «មើលចុះ! ពួកគ្រីស្ទបរិស័ទទាំងនេះស្រឡាញ់គ្នាទៅវិញទៅមកណាស់!» បានឡើយ។
ទីបី ព្រះគម្ពីរដាស់តឿនយើងឲ្យស្វែងរកសេចក្ដីសុខសម្រាប់អ៊ីស្រាអែល តាមរយៈការអធិស្ឋានរបស់យើង៖
"ចូរអធិស្ឋាន ឲ្យក្រុងយេរូសាឡិមបានសេចក្ដីសុខចុះ សូមឲ្យអស់អ្នកដែលស្រឡាញ់ឯង បានសេចក្ដីចំរើន" ។ (ទំនុកដំកើង ១២២:៦)
ដើម្បីអធិស្ឋានយ៉ាងមានប្រសិទ្ធភាពក្នុងរបៀបនេះ យើងត្រូវសិក្សាស្វែងរកពីបទគម្ពីរអំពីផែនការ និងគោលបំណងរបស់ព្រះសម្រាប់អ៊ីស្រាអែល និងសម្រាប់ក្រុង យេរូសាឡឹម ហើយបន្ទាប់មកតាំងចិត្តអធិស្ឋានដោយមានការយល់ដឹង និងដោយខ្ជាប់ខ្ជួន សម្រាប់ការសម្រេច និងការបំពេញគោលបំណងទាំងនោះ។ នៅពេលយើងសិក្សាបទគម្ពីរបែបនេះ យើងនឹងរកឃើញថា នៅទីបញ្ចប់ សេចក្ដីសុចរិត និងសេចក្ដីសុខសាន្ត ត្រូវបានកំណត់ឲ្យហូរចេញពីក្រុង យេរូសាឡឹម ទៅកាន់ប្រជាជាតិទាំងអស់នៅលើផែនដី។ ដូច្នេះ សុខមាលភាពរបស់ប្រជាជាតិទាំងអស់ ក៏ស្ថិតនៅក្នុងការអធិស្ឋានសម្រាប់ក្រុងយេរូសាឡឹមនេះផងដែរ ហើយវាអាស្រ័យលើការសម្រេចបាននៃគោលបំណងទាំងនោះ។
គំរូដ៏ប្រឈមមួយតាមបទគម្ពីរ សម្រាប់ការអធិស្ឋានបែបនេះ ត្រូវបានបង្ហាញដោយដានីយ៉ែល ដែលបានតាំងចិត្តអធិស្ឋានបីដងក្នុងមួយថ្ងៃ ដោយបើកបង្អួចបែរទៅក្រុង យេរូសាឡឹម។ ការអធិស្ឋានរបស់ដានីយ៉ែលបានរំខានសាតាំង និងគំរាមកំហែងដល់អាណាចក្ររបស់វាយ៉ាងខ្លាំង រហូតដល់វាប្រើការច្រណែនរបស់មនុស្សអាក្រក់ ដើម្បីនាំឲ្យមានការផ្លាស់ប្ដូរច្បាប់ទូទាំងអាណាចក្រពើស៊ី ដែលធ្វើឲ្យការអធិស្ឋានរបស់ដានីយ៉ែលក្លាយជាអំពើខុសច្បាប់។ ផ្ទុយទៅវិញ ការអធិស្ឋានសម្រាប់ក្រុងយេរូសាឡឹមមានសារៈសំខាន់ខ្លាំងចំពោះដានីយ៉ែល រហូតដល់គាត់សុខចិត្តឲ្យគេបោះចូលក្នុងរូងសត្វតោ ជាជាងបោះបង់ការអធិស្ឋានរបស់គាត់។ នៅទីបញ្ចប់ ជំនឿ និងភាពក្លាហានរបស់ដានីយ៉ែលបានយកឈ្នះលើការប្រឆាំងរបស់សាតាំង ហើយគាត់បានចេញពីរូងសត្វតោដោយជ័យជម្នះ ដើម្បីបន្តអធិស្ឋានសម្រាប់ក្រុងយេរូសាឡឹម (សូមមើល ដានីយ៉ែល ជំពូក ៦)។
តាមបទពិសោធន៍ផ្ទាល់របស់ខ្ញុំ ដែលបានបន្តអស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំចង់បន្ថែមមតិផ្ទាល់មួយនៅត្រង់នេះ។ ខ្ញុំបានរកឃើញថា ការតាំងចិត្តអធិស្ឋានសម្រាប់ក្រុងយេរូសាឡិម និងអ៊ីស្រាអែល នឹងនាំឱ្យមានការប្រឆាំងពិសេសមួយពីអំណាចដែលសាតាំងជំរុញ។ ប៉ុន្តែ ម្យ៉ាងវិញទៀត ខ្ញុំក៏បានរកឃើញថា ព្រះបន្ទូលសន្យារបស់ព្រះ ដែលបានប្រទានដល់អ្នកដែលអធិស្ឋានតាមរបៀបនេះ គឺពិតជានឹងកើតមានមែន៖ «សូមឲ្យអស់អ្នកដែលស្រឡាញ់ឯង បានសេចក្ដីចំរើន»។ នេះជាមាគ៌ាតាមព្រះគម្ពីរទៅកាន់ភាពចម្រើន មិនមែនសំដៅតែលើផ្នែកហិរញ្ញវត្ថុ ឬទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែរួមមានការធានាដ៏ខ្ជាប់ខ្ជួនថា ព្រះនឹងប្រទានសេចក្តីមេត្តាករុណា ការផ្គត់ផ្គង់ និងការការពារដល់យើង។
ទីបួន យើងអាចស្វែងរកការសងបំណុលរបស់យើងចំពោះអ៊ីស្រាអែល តាមរយៈអំពើជាក់ស្តែងនៃសេចក្ដីសប្បុរស និងសេចក្ដីមេត្តាករុណា។ នៅក្នុង នៅក្នុងរ៉ូម 12:6-8 លោកប៉ុលបានរាយបញ្ជីអំណោយទាន (charismata) ចំនួនប្រាំពីរផ្សេងៗគ្នា ដែលគ្រីស្ទបរិស័ទគួរបណ្តុះ និងអនុវត្ត។ អំណោយទានចុងក្រោយដែលគាត់បានលើកឡើង គឺ «ការបង្ហាញសេចក្ដីមេត្តាករុណា»។ ខ្ញុំជឿថា វាសមរម្យណាស់ ដែលយើងជាគ្រីស្ទបរិស័ទ អនុវត្តអំណោយទាននេះ មិនត្រឹមតែចំពោះជនជាតិយូដាម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែចំពោះអ៊ីស្រាអែលជាប្រជាជាតិមួយផងដែរ។ តាមរបៀបនេះ យើងអាចសងខ្លះៗ ចំពោះអំពើអយុត្តិធម៌ អំពើឃោរឃៅ និងអំពើព្រៃផ្សៃរាប់មិនអស់ ដែលបានប្រព្រឹត្តលើជនជាតិយូដាអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ជាញឹកញាប់ក្នុងនាមជាគ្រីស្ទសាសនា ។
មានគ្រីស្ទបរិស័ទដែលជាសាសន៍ដទៃតិចតួចប៉ុណ្ណោះ ដែលដឹងអំពីទស្សនៈដ៏ជ្រាលជ្រៅ និងបានចាក់ឫសយ៉ាងរឹងមាំរបស់ជនជាតិយូដាចំពោះពួកគេ ដែលជាទស្សនៈមួយដែលកម្រត្រូវបាននិយាយចេញមក។ ជនជាតិយូដាបានរងការធ្វើទុក្ខបុកម្នេញក្នុងទម្រង់ផ្សេងៗពីមនុស្សជាច្រើនក្រុម ប៉ុន្តែតាមទស្សនៈរបស់ពួកគេចំពោះប្រវត្តិសាស្ត្រ អ្នកដែលបានធ្វើទុក្ខបុកម្នេញពួកគេយ៉ាងសាហាវបំផុត និងជាប់លាប់បំផុត គឺគ្រីស្ទបរិស័ទ។ មុននឹងយើងច្រានចោលទស្សនៈនេះថាមិនពិត ឬមិនយុត្តិធម៌ ចូរយើងពិនិត្យមើលដោយសង្ខេបនូវហេតុការណ៍ប្រវត្តិសាស្ត្រមួយចំនួន ដែលជាមូលដ្ឋាននៃទស្សនៈនេះ។
នៅក្នុងយុគសម័យកណ្ដាល ពួកអ្នកចម្បាំងគ្រូសេដ (Crusaders) ខណៈពេលធ្វើដំណើរកាត់ទ្វីបអឺរ៉ុបទៅ «រំដោះ» ដែនដីបរិសុទ្ធ បានសម្លាប់រង្គាលសហគមន៍ជនជាតិយូដាទាំងមូល ទាំងបុរស ស្ត្រី និងកុមារ រាប់រយនាក់។ ក្រោយមក នៅពេលពួកគេអាចដណ្ដើមកាន់កាប់ក្រុង យេរូសាឡឹមបាន ពួកគេបានបង្ហូរឈាម និងប្រព្រឹត្តអំពើឃោរឃៅច្រើនជាងអ្នកឈ្នះសង្គ្រាមជាច្រើនដែលធ្លាប់ដណ្ដើមក្រុងយេរូសាឡឹមមុនពួកគេ លើកលែងតែពួករ៉ូមក្រោមការដឹកនាំរបស់ទីតុសប៉ុណ្ណោះ។ អ្វីទាំងអស់នេះ ពួកគេបានធ្វើក្នុងនាមព្រះគ្រីស្ទ ហើយយកឈើឆ្កាងជានិមិត្តសញ្ញាដ៏បរិសុទ្ធរបស់ពួកគេ។ (ដោយហេតុនេះហើយ ខ្ញុំផ្ទាល់មិនដែលមានអារម្មណ៍ល្អ នៅពេលឃើញការបង្ហាញដំណឹងល្អពិតប្រាកដណាមួយ ត្រូវបានហៅថា «គ្រូសេដ [crusade]»)។
ក្រោយមកទៀត នៅក្នុងតំបន់ហ្គេតតូ (ghettos) នៃទ្វីបអឺរ៉ុប និងរុស្ស៊ី គឺពួកសង្ឃគ្រីស្ទាន ដែលកាន់ឈើឆ្កាង បានដឹកនាំហ្វូងមនុស្សឲ្យវាយប្រហារលើសហគមន៍ជនជាតិយូដា ប្លន់ និងដុតផ្ទះសម្បែង និងសាលាប្រជុំរបស់ពួកគេ រំលោភស្ត្រីរបស់ពួកគេ ហើយសម្លាប់អ្នកដែលព្យាយាមការពារខ្លួន។ មូលហេតុដែលពួកគេលើកឡើងដើម្បីបង្ហាញថាការទាំងនេះត្រឹមត្រូវ គឺដោយពួកគេអះអាងថា ជនជាតិយូដាជាអ្នក «សម្លាប់ព្រះគ្រីស្ទ» ។
ម្តងទៀត នៅក្នុងការចងចាំរបស់មនុស្សជំនាន់ថ្មីនេះ ពួកណាស៊ី ក្នុងការសម្លាប់រង្គាលជនជាតិយូដាជាប្រព័ន្ធចំនួនប្រាំមួយលាននាក់នៅទ្វីបអឺរ៉ុប បានប្រើមនុស្សដែលអះអាងថាជាគ្រីស្ទបរិស័ទ ភាគច្រើនជាលូធើរ៉ាន ឬកាតូលិក ជាឧបករណ៍របស់ពួកគេ។ លើសពីនេះទៀត គ្មានក្រុមគ្រីស្ទបរិស័ទធំណាមួយនៅទ្វីបអឺរ៉ុប ឬកន្លែងផ្សេងទៀត បានបញ្ចេញសំឡេងតវ៉ា ឬថ្កោលទោសគោលនយោបាយរបស់ពួកណាស៊ីប្រឆាំងនឹងជនជាតិយូដាឡើយ។ នៅក្នុងក្រសែភ្នែករបស់ជនជាតិយូដា គ្រីស្ទបរិស័ទជាច្រើនត្រូវបានចាត់ទុកថាមានទោស ដោយសារតែភាពស្ងៀមស្ងាត់របស់ពួកគេ។
ដើម្បីលុបបំបាត់ផលប៉ះពាល់ដែលបទពិសោធន៍ទាំងនេះ និងហេតុការណ៍រាប់មិនអស់ផ្សេងទៀត បានបន្សល់ទុកលើជនជាតិយូដា វាត្រូវការអ្វីមួយលើសពីខិត្តប័ណ្ណ ឬសេចក្ដីអធិប្បាយ។ វានឹងតម្រូវឱ្យមានសកម្មភាព ទាំងជាបុគ្គល និងជារួម ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណា ដូចដែលទង្វើកាលពីមុនបានបង្ហាញនូវភាពអយុត្តិធម៌ និងភាពឃោរឃៅ។
ចុងក្រោយ យើងត្រូវចងចាំថា កត្តាដ៏សំខាន់មួយក្នុងការជំនុំជម្រះរបស់ព្រះលើប្រជាជាតិទាំងអស់ គឺការប្រព្រឹត្តរបស់ពួកគេចំពោះជនជាតិយូដា។ នៅក្នុង ម៉ាថាយ 25:31–46 យើងឃើញរូបភាពនៃព្រះគ្រីស្ទជាស្តេច នៅគ្រាចុងក្រោយបង្អស់ គង់នៅលើបល្ល័ង្កនៃសិរីល្អរបស់ទ្រង់ ហើយប្រជាជាតិទាំងអស់ត្រូវបាននាំមកនៅចំពោះទ្រង់ដើម្បីទទួលការជំនុំជម្រះ។ ពួកគេត្រូវបានបែងចែកជាពីរប្រភេទ គឺ «ចៀម» ដែលត្រូវបានទទួលយកចូលទៅក្នុងនគររបស់ព្រះគ្រីស្ទ និង «ពពែ» ដែលត្រូវបានបដិសេធចេញពីនគររបស់ទ្រង់។ ក្នុងករណីនីមួយៗ ហេតុផលដែលព្រះគ្រីស្ទបានប្រទានគឺ៖ «ដែលមិនបានធ្វើការទាំងនោះ ដល់អ្នកយ៉ាងតូចបំផុត ក្នុងពួកអ្នកទាំងនេះ នោះឈ្មោះថាមិនបានធ្វើដល់អញដែរ»។ ប្រជាជាតិដែលបង្ហាញសេចក្ដីមេត្តាករុណាដល់ជនជាតិយូដា នឹងទទួលបានសេចក្ដីមេត្តាករុណាពីព្រះ។ រីឯប្រជាជាតិដែលបដិសេធមិនបង្ហាញសេចក្ដីមេត្តាករុណាដល់ជនជាតិយូដា នឹងត្រូវបដិសេធមិនទទួលបានសេចក្ដីមេត្តាករុណាពីព្រះដែរ។
ក្នុងកម្រិតមួយ ការនេះត្រូវបានបង្ហាញថាជាការពិតជាច្រើនដងរួចមកហើយក្នុងប្រវត្តិសាស្ត្រ។ ឧទាហរណ៍ នៅក្នុងសតវត្សទី 15 និងទី 16 ប្រទេសអេស្ប៉ាញ គឺជាប្រទេសដ៏មានអំណាចបំផុតនៅទ្វីបអឺរ៉ុប ដោយមានវប្បធម៌រីកចម្រើន កងទ័ពជើងគោក និងជើងទឹកដ៏ខ្លាំងក្លា ហើយមានអាណាចក្រដែលលាតសន្ធឹងទាំងពីរអឌ្ឍគោលនៃផែនដី។ ប៉ុន្តែ ក្នុងរយៈពេលមិនដល់មួយសតវត្សរ៍ បន្ទាប់ពីបណ្តេញជនជាតិយូដាទាំងអស់ចេញពីដែនដីរបស់ខ្លួន ប្រទេសអេស្ប៉ាញបានធ្លាក់ចុះទៅជាមហាអំណាចលំដាប់ទីពីរ និងកំពុងតស៊ូ។
តាមការចងចាំ និងបទពិសោធន៍ផ្ទាល់របស់ខ្ញុំ មានអ្វីស្រដៀងគ្នានេះបានកើតឡើងចំពោះមាតុភូមិរបស់ខ្ញុំផ្ទាល់ គឺប្រទេស អង់គ្លេស។ ប្រទេសអង់គ្លេសបានទទួលជ័យជម្នះពីសង្គ្រាមលោកទាំងពីរ ដោយនៅរក្សាអាណាចក្រដ៏ធំល្វឹងល្វើយមួយ ដែលប្រហែលជាធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ប៉ុន្តែ នៅឆ្នាំ 1947–48 ក្នុងនាមជាអ្នកគ្រប់គ្រងដែនដីប៉ាឡេស្ទីន ប្រទេស អង់គ្លេស បានប្រឆាំង និងព្យាយាមរារាំងការកកើតឡើងវិញរបស់អ៊ីស្រាអែល ជាប្រជាជាតិអធិបតេយ្យមួយដែលមានរដ្ឋរបស់ខ្លួន។ (ដោយសារខ្ញុំបានរស់នៅក្នុងក្រុង យេរូសាឡឹម ពេញមួយរយៈពេលនោះ ខ្ញុំនិយាយការនេះក្នុងនាមជាសាក្សីផ្ទាល់នៃអ្វីដែលបានកើតឡើងពិតប្រាកដ)។ ចាប់តាំងពីពេលនោះមកក្នុងប្រវត្តិសាស្ត្រ ចក្រភពអង់គ្លេសបានឆ្លងកាត់ដំណើរការនៃការធ្លាក់ចុះ និងការបែកបាក់យ៉ាងលឿន និងស្ទើរតែទាំងស្រុង ដែលមិនអាចពន្យល់បានដោយគ្រាន់តែកត្តានយោបាយ យោធា ឬសេដ្ឋកិច្ចប៉ុណ្ណោះទេ។ សព្វថ្ងៃនេះ មិនដល់មួយជំនាន់ផង ប្រទេសអង់គ្លេស ក៏ដូចជាប្រទេសអេស្ប៉ាញដែរ គឺជាមហាអំណាចលំដាប់ទីពីរដែលកំពុងតស៊ូ។
យ៉ាងហោចណាស់ មួយផ្នែកនៃការទាំងនេះ គឺជាការសម្រេចនៃគោលការណ៍មួយមកពីព្រះ ដែលបានចែងនៅក្នុងគម្ពីរអេសាយ 60:12៖
«ដ្បិតសាសន៍ណា នឹងនគរណាដែលមិនព្រមគោរពដល់ឯង នោះនឹងត្រូវវិនាស អើ សាសន៍ទាំងនោះនឹងត្រូវសាបសូន្យបាត់ទៅអស់រលីង»
នៅទីនេះ ព្រះបានសន្យាដល់អ៊ីស្រាអែល ហើយក៏បានព្រមានដល់សាសន៍ដទៃទាំងអស់ផងដែរថា ទ្រង់នឹងនាំការជំនុំជម្រះមកលើប្រជាជាតិណាដែលប្រឆាំងនឹងផែនការនៃការប្រោសលោះ និងការស្ដារឡើងវិញរបស់ទ្រង់សម្រាប់អ៊ីស្រាអែល។ ដូច្នេះ នៅក្នុងការស្វែងរក និងអធិស្ឋានសម្រាប់សេចក្ដីល្អរបស់អ៊ីស្រាអែល គ្រីស្ទបរិស័ទសាសន៍ដទៃត្រូវរំឭកខ្លួនឯងថា ពួកគេមិនមែនកំពុងបម្រើតែផលប្រយោជន៍របស់អ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែកាន់តែសំខាន់ជាងនោះទៀត គឺផលប្រយោជន៍របស់ប្រជាជាតិរបស់ខ្លួនផ្ទាល់។

ទាញយកដោយឥតគិតថ្លៃ
សេចក្តីបង្រៀននេះអាចទាញយក បោះពុម្ព និងចែករំលែកសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬក្នុងព្រះវិហារ។
កូដ: TL-L800-100-KHM









