បន្ទាប់ពីបានបម្រើព្រះអស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំបានបម្រើមនុស្សរាប់ពាន់នាក់ដែលកំពុងរងទុក្ខនៅជុំវិញពិភពលោក ខ្ញុំបានឈានដល់ការសន្និដ្ឋានដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា៖ បញ្ហាជាមូលដ្ឋានរបស់យើង ក្នុងនាមជាមនុស្ស គឺយើងមិនបានដឹងថា ខ្លួនយើងមានតម្លៃខ្លាំងប៉ុណ្ណានោះទេ។ ខ្ញុំសង្ឃឹមថា ស៊េរីលិខិតរបង្រៀននេះ ដែលមានចំណងជើងថា «តម្លៃ និងភាពមានតម្លៃរបស់យើង» នឹងក្លាយជាប្រភពនៃជំនួយ និងការព្យាបាលសម្រាប់អ្នក។

ដោយសារយើងមិនបានយល់ច្បាស់លាស់អំពីតម្លៃរបស់យើងចំពោះព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ពេលខ្លះយើងបានធ្វើកំហុសដ៏គួរឲ្យសោកសៅបំផុត។ យើងប្រៀបដូចជាមនុស្សម្នាក់ដែលមានសិទ្ធិតាមផ្លូវច្បាប់ជាអ្នកទទួលមរតកនៃទ្រព្យសម្បត្តិដ៏មហាសាល ប៉ុន្តែបែរជាលក់មរតកទាំងមូលរបស់ខ្លួន ដើម្បីដូរយកអ្វីមួយដែលមានតម្លៃទាបជាងមិនអាចប្រៀបផ្ទឹមបាន ដូចជា៖ ការមើលរូបអាសអាភាស ការប្រើប្រាស់គ្រឿងញៀន ការផឹកស្រារហូតដល់ប្រមឹក សម្ភារៈនិយម និងការបន្លំឯកសារហិរញ្ញវត្ថុជាដើម។

អ្នកខ្លះអាចឲ្យតម្លៃខ្លួនគេខ្ពស់ជាង ដោយស្វែងរកមុខតំណែងដ៏មានកិត្យានុភាពនៅក្នុងឆាកនយោបាយ ពិភពកម្សាន្ត ឬសូម្បីតែនៅក្នុងវិស័យសាសនា ។ ប៉ុន្តែ សម្រាប់កិត្យានុភាពទាំងអស់ដែលពិភពលោកផ្តល់ឲ្យ វាមិនអាចប្រៀបធៀបនឹងតម្លៃនៃមរតករបស់យើង ដែលមនុស្សមួយចំនួនបានដោះដូរដើម្បីជាថ្នូរនឹងកិត្យានុភាពនោះទេ។

ប្រសិនបើយើង ចង់ដឹងតម្លៃដ៏ពិតរបស់យើងក្នុងនាមជាមនុស្ស យើងត្រូវតែពិចារណាអំពីវិធីដ៏ពិសេស និងអស្ចារ្យ ដែលអ័ដាម ជាបុព្វបុរសនៃពូជមនុស្សយើង ត្រូវបានបង្កើតឡើង ។

វគ្គបង្រៀននេះដែលមានចំណងជើងថា តម្លៃរបស់យើង ស្វែងយល់អំពីថា តើយើងមានតម្លៃវិសេសយ៉ាងណាចំពោះព្រះ។

ការអស្ចារ្យនៃការបង្កើតលោកអ័ដាម

នៅក្នុងគម្ពីរយ៉ូហាន ១:១–២ យើងរកឃើញថា អង្គដែលបានបំពេញតួនាទីជាអ្នកបង្កើតដ៏ពិតប្រាកដ មិនមែនព្រះវរបិតាផ្ទាល់ទេ ប៉ុន្តែគឺជាព្រះបន្ទូល ដែលបានគង់នៅជាមួយព្រះជាម្ចាស់តាំងពីអស់កល្បជានិច្ច។ ព្រះបន្ទូលនេះ គឺជាព្រះអង្គដែលក្រោយមកបានបង្ហាញយ៉ាងច្បាស់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ តាមរយៈព្រះយេស៊ូវដែលមកពីភូមិណាសារ៉ែត៖

គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ [ព្រះបន្ទូល] ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះ គ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ ។ (យ៉ូហាន ១:៣)

គ្រប់ របស់ទាំងអស់ត្រូវបានបង្កើតឡើងដោយសារព្រះបន្ទូលរបស់ព្រះ៖ «យើងរាល់គ្នាក៏យល់ដោយសារសេចក្តីជំនឿនោះថា លោកីយបានកើតមក ដោយសារបន្ទូលនៃព្រះ» (ហេព្រើរ ១១:៣)។ «ដ្បិតទ្រង់គ្រាន់តែមានបន្ទូល នោះក៏កើតមានដូច្នោះ ទ្រង់បានបង្គាប់នោះក៏មាននៅ» (ទំនុកតម្កើង ៣៣៩)។ ប៉ុន្តែចំពោះកំណើតលោកអ័ដាមវិញ មានចែងយ៉ាងច្បាស់នៅក្នុងគម្ពីរ លោកុប្បត្តិ ២:៧ថា៖

ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ នោះក៏ត្រឡប់ជាមានព្រលឹងរស់ឡើង។ (មានន័យថា មានជីវិតរស់ឡើង) ។

ចូរស្រមៃមើលពីទិដ្ឋភាពនេះ! ព្រះអម្ចាស់បានលុតជង្គង់ចុះ ហើយយកធូលីដីដាក់ក្នុងព្រះហស្ថទ្រង់ រួចលាយជាមួយនឹងទឹក និងសូនវាឲ្យក្លាយទៅជារាងកាយរបស់បុរសម្នាក់។ នេះគឺជារូបចម្លាក់ដ៏ល្អឥតខ្ចោះជាងគេ ដែលមិនធ្លាប់មានជាងណាបានឆ្លាក់ពីមុនមកទេ ហើយវាពិតជាល្អឥតខ្ចោះជាងស្នាដៃឆ្លាក់រូបរបស់លោកម៉ៃឃេលេនហ្គីឡូ (Michelangelo) ទៅទៀត។ ប៉ុន្តែ រូបចម្លាក់នោះមិនទាន់មានជីវិតនោះទេ! ស្រាប់តែមានការអស្ចារ្យមួយកើតឡើង។ ព្រះអាទិករបានឱនទៅមុខ ដាក់បបូរមាត់ដ៏ជាព្រះរបស់ទ្រង់ ទល់នឹងបបូរមាត់របស់ដីឥដ្ឋ ដាក់ច្រមុះដ៏ជាព្រះរបស់ទ្រង់ទល់នឹងច្រមុះរបស់ដីឥដ្ឋ រួចព្រះអង្គផ្លុំដង្ហើមជីវិតចូលតាមរន្ធច្រមុះដីឥដ្ឋនោះ។ ដង្ហើមជីវិតរបស់ទ្រង់ បានទម្លាយចូលទៅក្នុងសរីរាង្គកាយរបស់ដីឥដ្ឋ និងផ្លាស់ប្រែទៅជាមនុស្សមានជីវិត ដោយគ្រប់ទាំងសរីរាង្គទាំងអស់ បំពេញមុខងារយ៉ាងល្អឥតខ្ចោះ រួមជាមួយនឹងការឆ្លើយតបខាងសតិអារម្មណ៍ បញ្ញា និងវិញ្ញាណ តាមសមត្ថភាពរបស់មនុស្ស។ គ្មានសត្វមានជីវិតណាមួយផ្សេងទៀតត្រូវបានបង្កើតតាមរបៀបនេះឡើយ។

ដង្ហើមជីវិតដ៏មានអានុភាព

ពាក្យដែលយកមកប្រើ ដើម្បីពិពណ៌នាអំពីការអស្ចារ្យនេះគឺមានភាពរស់រវើកណាស់។ ភាសាហេព្រើរជាភាសាមួយ ដែលមានលក្ខណៈច្បាស់ជាងគេ ក្នុងការពិពណ៌នាអំពីសកម្មភាពទាំងនេះ។ ពាក្យថា ផ្លុំខ្យល់ដង្ហើម បកប្រែមកពីភាសាហេព្រើរ យីប៉ាក (yipakh)។ វាកើតឡើងពី “ការផ្ទុះ” នៃផ្ទៃខាងក្នុងដោយកម្លាំងខ្យល់ឥតដាច់ ចេញពីបំពង់កមក។ ដូច្នេះ វាតំណាងឱ្យសកម្មភាពយ៉ាងរស់រវើកដូចដែលបានពិពណ៌នាមកនេះ។

ខណៈពេល ព្រះអម្ចាស់បានឱនចុះផ្ទប់ពីលើបបូរមាត់ និងរន្ធច្រមុះរបស់រូបកាយដីឥដ្ឋនោះ ព្រះអង្គមិនបានបញ្ចេញដង្ហើមដោយខ្សោយល្វើយនោះទេ ប៉ុន្តែ ទ្រង់បានផ្លុំដង្ហើមចូលទៅក្នុងរូបកាយដីឥដ្ឋនោះយ៉ាងខ្លាំងវិញ ដើម្បីឲ្យរូបកាយដីឥដ្ឋទទួលបានជីវិតពីព្រះជាម្ចាស់ហើយមានជីវិតរស់ជាមនុស្ស។

ភ្លាមនោះ មនុស្សដំបូងមានលក្ខណៈត្រៃឯក ដែលរួមមាន៖ វិញ្ញាណ ព្រលឹង និងរូបកាយ។ វិញ្ញាណបានមកពីខ្យល់ដង្ហើមរបស់ព្រះជាម្ចាស់ ដែលផ្តុំបញ្ចូលក្នុងរូបកាយមនុស្សធ្វើពីដីឥដ្ឋឲ្យមានជីវិតរស់ឡើង ដោយមានសាច់ឈាម មានជីពចរដំណើរការ ចំណែកឯព្រលឹងវិញ កើតឡើងពីការរួមបញ្ចូលគ្នារវាងវិញ្ញាណនិងរូបកាយ ធ្វើឲ្យមានបុគ្គលិកលក្ខណៈជាមនុស្សម្នាក់ មានភាពឯកលក្ខណៈ និងមានសមត្ថភាពក្នុងការធ្វើការសម្រេចចិត្តបានថា ខ្ញុំនឹងធ្វើ ឬខ្ញុំនឹងមិនធ្វើ។

អ្នកតំណាងរបស់ព្រះ

រួមជាមួយដៃគូដែលព្រះបានប្រទានឲ្យគាត់ អ័ដាមត្រូវបានតែងតាំងឲ្យគ្រប់គ្រងផែនដី ក្នុងនាមជាតំណាងរបស់ព្រះ។ លក្ខណៈត្រៃឯករបស់លោកអ័ដាម តំណាងឲ្យលក្ខណៈត្រៃឯករបស់ព្រះជាម្ចាស់។ រូបរាងខាងក្រៅរបស់គាត់ ឆ្លុះបញ្ចាំងពីរូបភាពរបស់ព្រះអម្ចាស់ ដែលបានបង្កើតគាត់មក (លោកុប្បត្តិ ១:២៦-២៧)។ ទាំងលក្ខណៈខាងក្នុង និងខាងក្រៅរបស់គាត់ជាតំណាងតែមួយគត់របស់ព្រះជាម្ចាស់ ដល់សត្វមានជីវិតដទៃទៀតនៅលើផែនដី ។

លើសពីនេះទៀត លោកអ័ដាម និងនាងអេវ៉ារីករាយនឹង សម្ព័ន្ធភាពជាមួយព្រះអម្ចាស់ជាប្រចាំ។ រាល់ពេលល្ងាចព្រះជាម្ចាស់យាងមកចំណាយពេលជាមួយពួកគេ (លោកុប្បត្តិ ៣:៨)។ តើ នរណាអាចដឹងបានថា ព្រះជាមា្ចស់មានទំនាក់ទំនងអ្វីខ្លះជាមួយពួកគេ? ទោះបីជាយ៉ាងណាក៏ដោយ យើងពិតជាដឹងថា ព្រះជាម្ចាស់បានផ្តល់ឯកសិទ្ធិឲ្យលោកអ័ដាមជ្រើសរើសឈ្មោះ ដាក់ឲ្យសត្វមានជីវិតទាំងអស់ (លោកុប្បត្តិ ២:១៩)។

ទោះបីជាមានទំនាក់ទំនងដ៏មានឯកសិទ្ធិនេះក៏ដោយ សោកនាដកម្មដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិក៏បានកើតឡើងជាបន្តបន្ទាប់។ ដោយត្រូវបានសាតាំងបោកបញ្ឆោត អ័ដាម និងនាងអេវ៉ាបានយកមរតកដែលព្រះបានប្រទានឲ្យពួកគេ ទៅដូរយកផ្លែឈើមួយផ្លែ! ការមិនស្តាប់បង្គាប់នេះបានជះឥទ្ធិពលដល់គ្រប់ផ្នែកនៃលក្ខណៈត្រៃឯករបស់លោកអ័ដាម។ វិញ្ញាណរបស់គាត់ ត្រូវបានកាត់ផ្តាច់ចេញពីព្រះជាម្ចាស់ ហើយបានស្លាប់ខាងឯវិញ្ញាណ។ ព្រលឹងរបស់គាត់ គាត់បានក្លាយជាអ្នកបះបោរ ដែលធ្វើសង្គ្រាមប្រឆាំងនឹងព្រះអាទិកររបស់គាត់ ចាប់តាំងពីពេលនោះមក។ រូបកាយរបស់គាត់ បានធ្លាក់នៅក្រោមអំណាចនៃជំងឺ ភាពចាស់ជរា ហើយទីបំផុតគឺសេចក្ដីស្លាប់។

ព្រះជាម្ចាស់បានព្រមានលោកអ័ដាម មិនឲ្យបរិភោគផ្លែពី ដើមដឹងខុសត្រូវឡើយ ដោយថា៖ «ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន» (លោកុប្បត្តិ ២:១៧)។ វិញ្ញាណ របស់លោកអ័ដាមបានស្លាប់ភ្លាម! ប៉ុន្តែ រូបរាងកាយរបស់គាត់ មិនទាន់ស្លាប់ភ្លាមទេ គឺនៅរស់បានជាង៩០០ឆ្នាំទៀត។

ទំនាក់ទំនងដែលបានស្តារឡើងវិញ

ការមិនស្តាប់បង្គាប់របស់លោកអ័ដាម នាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែវាក៏បានបង្ហាញឲ្យឃើញនូវលក្ខណៈរបស់ព្រះជាម្ចាស់ ដែលប្រសិនបើគ្មានហេតុការណ៍នេះទេ ប្រហែលជាមិនអាចបង្ហាញឲ្យយើងយល់បានយ៉ាងពេញលេញឡើយ គឺ ជម្រៅនៃសេចក្ដីស្រឡាញ់របស់ព្រះ ដែលមិនអាចវាស់ស្ទង់បាន។ ព្រះជាម្ចាស់មិនដែលបោះបង់ចោលលោកអ័ដាម និងកូនចៅជំនាន់ក្រោយរបស់គាត់ឡើយ។ ព្រះអង្គមានព្រះហឫទ័យចង់នាំយើងត្រឡប់មករកទ្រង់វិញ។

រឿងនេះត្រូវបានបង្ហាញយ៉ាងច្បាស់ នៅក្នុងអត្ថបទ គម្ពីរយ៉ាកុប ៤:៥ (គកស១៦) «ព្រះវិញ្ញាណដែលព្រះទ្រង់ប្រទាន ឲ្យមកគង់ក្នុងយើង ទ្រង់ស្រឡាញ់ដោយព្រះហឫទ័យប្រចណ្ឌ» គឺជាវិញ្ញាណដែលព្រះបានផ្លុំចូលទៅក្នុងលោកអ័ដាម នៅពេលទ្រង់បង្កើតគាត់។ អ្វីដែលមិនគួរឲ្យជឿនោះគឺថា ព្រះជាម្ចាស់នៅតែប្រាថ្នាចង់មានសម្ព័ន្ធភាពផ្ទាល់ខ្លួន ដែលទ្រង់ធ្លាប់រីករាយជាមួយលោកអ័ដាមពីមុនមក។ ទំនាក់ទំនងនេះត្រូវបានបំផ្លាញដោយការបះបោររបស់លោកអ័ដាម ដែលជាការបះបោរដែលបានបន្តកើតមាននៅក្នុងកូនចៅគ្រប់រូបរបស់លោកអ័ដាម។

លើសពីនេះទៅទៀត ព្រះជាម្ចាស់ក៏បានប្រទានមធ្យោបាយមួយ ដើម្បីស្តារទំនាក់ទំនងរវាងយើង និងទ្រង់ឡើងវិញ ដោយការបង់ថ្លៃដ៏ខ្ពស់បំផុត។ ព្រះជាម្ចាស់បានចាត់ព្រះយេស៊ូវ «ដ្បិតកូនមនុស្សបានមក ដើម្បីនឹងរក ហើយជួយសង្គ្រោះដល់មនុស្សបាត់បង់» (លូកា ១៩:១០)។ តាមរយៈយញ្ញបូជាលោះបាបរបស់ទ្រង់នៅលើឈើឆ្កាង ព្រះយេស៊ូវបានធ្វើឱ្យយើងម្នាក់ៗអាចទទួលបានការអត់ទោស និងការសម្អាតពីអំពើបាប ហើយក្លាយជាសមាជិកនៃគ្រួសាររបស់ព្រះ ។

តម្លៃពិតប្រាកដរបស់យើង

ព្រះយេស៊ូវបានមានបន្ទូលនូវរឿងប្រៀបប្រដូចមួយ ដែលបានពិពណ៌នាយ៉ាងស្រស់ស្អាតអំពីភាពអស្ចារ្យនៃការលោះយើង៖

មួយទៀត នគរស្ថាន‌សួគ៌ក៏ប្រៀបដូចជាអ្នកឈ្មួញម្នាក់ ដែលរកកែវ‌មុក្តា [គជ់ខ្យង] យ៉ាងល្អ កាលណាបានឃើញ១ដែលមានដំឡៃណាស់ នោះគាត់ទៅលក់របស់ទ្រព្យទាំងអស់ មកទិញកែវ‌មុក្តានោះ ។

ចំពោះខ្ញុំផ្ទាល់ នេះគឺជារូបភាពនៃការប្រោសលោះ ព្រលឹងមនុស្សម្នាក់យ៉ាងច្បាស់។ ព្រះយេស៊ូវប្រៀបបាននឹងអ្នកជំនួញម្នាក់ មិនមែនជាអ្នកទេសចរណ៍ ឬអ្នកដើរកំសាន្តទេ ប៉ុន្តែជាបុរសម្នាក់ដែលដើររកទិញគជ់ខ្យងពេញមួយជីវិត ។ ទ្រង់ជ្រាបច្បាស់អំពីតម្លៃពិតប្រាកដនៃគជ់ខ្យងនីមួយៗ។ គជ់ខ្យងដែលទ្រង់ទិញបាននោះ គឺជាព្រលឹងរបស់មនុស្សម្នាក់ប៉ុណ្ណោះ គឺជាព្រលឹងរបស់អ្នក ឬរបស់ខ្ញុំ។ ព្រលឹងនេះមាន តម្លៃស្មើនឹងអ្វីទាំងអស់ដែលទ្រង់មាន អ្វីទាំងអស់ដែលជាកម្ម សិទ្ធិរបស់ទ្រង់ ។

បើនិយាយតាមបរិបទសម័យបច្ចុប្បន្ន ខ្ញុំស្រមៃឃើញឈុតឆាកនេះថា ជាពេលដែលអ្នកជំនួញនោះប្រាប់ដំណឹងដល់ភរិយារបស់គាត់។

«អូនសម្លាញ់! បងបានលក់ឡានរបស់យើងហើយ»។

«បងបានលក់ឡានរបស់យើងហើយ! មិនអីទេ យ៉ាងហោចណាស់យើងនៅសល់ដំបូលសម្រាប់ជ្រកដែរ»។

«អត់ទេអូន បងក៏បានលក់ទាំងផ្ទះរបស់យើងផងដែរ»

«តើមានអ្វីធ្វើឲ្យបងសម្រេចចិត្តធ្វើដល់ថ្នាក់នេះ?»

«បងបានរកឃើញគជ់ដ៏ស្រស់ស្អាតបំផុត ដែលបងមិនធ្លាប់បានឃើញពីមុនមកទេ ។ បងបានខិតខំស្វែងរកគ់ជមួយគ្រាប់នេះអស់មួយជីវិតរបស់បងហើយ។ គជ់នេះមានតម្លៃស្មើនឹងអ្វីៗទាំងអស់ដែលបងមាន។ សូមអូនរង់ចាំមើល ពេលអូនឃើញវា ទើបដឹង!»

តើរឿងនេះមានន័យយ៉ាងណាចំពោះអ្នក និងខ្ញុំ? យើងម្នាក់ៗគួរតែស្រមៃថា ខ្លួនយើងគឺជាគជ់ខ្យងដ៏មានតម្លៃមិនអាចកាត់ថ្លៃបានមួយគ្រាប់។

ព្រះអង្គដែលប្រោសលោះយើង

សូមចងចាំថា ព្រះយេស៊ូវបានចំណាយអស់គ្រប់យ៉ាងដែលទ្រង់មាន ដើម្បីទិញយកអ្នក និងខ្ញុំត្រឡប់មកជាកម្មសិទ្ធិរបស់ទ្រង់វិញ។ ទោះបីជាទ្រង់ជាព្រះអម្ចាស់នៃចក្រវាលទាំងមូលក៏ដោយ ក៏ទ្រង់បានលះបង់អ្វីៗទាំងអស់ ហើយសុគតក្នុងភាពក្រីក្របំផុត។ ទ្រង់ពុំមានអី្វជាកម្មសិទិ្ធឡើយ។ សំពត់ និងផ្នូរ ដែលគេបញ្ចុះសពរបស់ព្រះអង្គ សុទ្ធតែបានមកពីការខ្ចីគេទាំងអស់។

ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះ‌គុណនៃព្រះ‌យេស៊ូវគ្រីស្ទ ជាព្រះ‌អម្ចាស់នៃយើងរាល់គ្នាហើយ ថាទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានមានឡើង ដោយ‌សារសេចក្ដីកម្ររបស់ទ្រង់ ។ (២កូរិនថូស ៨:៩)

ប្រហែលជាអ្នកមិនធ្លាប់មើលឃើញខ្លួនឯងថា ជាមនុស្សដែលមានសារៈសំខាន់នោះទេ។ អ្នកប្រហែលជាមានទស្សនៈអវិជ្ជមានចំពោះខ្លួនឯង។ អ្នកអាចនឹងរំឭកមើលជីវិតដែលពោរពេញដោយការឈឺចាប់ និងការខកចិត្ត កុមារភាពដែលខ្វះខាត និងគ្មានសេចក្ដីសុខ អាពាហ៍ពិពាហ៍ដែលបានបញ្ចប់ដោយការលែងលះ អាជីពដែលមិនដែលបានសម្រេចដូចបំណង ឬរយៈពេលជាច្រើនឆ្នាំដែលបានខ្ជះខ្ជាយទៅលើគ្រឿងញៀន និងគ្រឿងស្រវឹង។ ទាំងអតីតកាល និងអនាគតរបស់អ្នក ប្រហែលជាកំពុងបញ្ជូនសារដូចគ្នាថា៖ មនុស្សបរាជ័យ!

វាមិនមែនចំពោះព្រះយេស៊ូវទេ! ព្រះអង្គស្រឡាញ់អ្នកខ្លាំងណាស់ ហេតុនេះហើយបានជាទ្រង់លះបង់អ្វីៗទាំងអស់ដើម្បីប្រោសលោះអ្នក។ សូមនិយាយតាមខ្ញុំនូវពាក្យសម្ដីដ៏ពិរោះមានន័យរបស់សាវកប៉ុល ហើយឱ្យពាក្យទាំងអស់ក្លាយទៅជាពាក្យរបស់អ្នក៖ “ទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ» ។ សូមនិយាយម្តងទៀត “ទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ» ម្តងទៀតថា “ទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ» (កាឡាទី ២:២០)។ ឥឡូវនេះ សូមលោកអ្នកមើលមកខ្លួនឯក ដូចជាគជមួយគ្រាប់ ដែលស្ថិតនៅក្នុងព្រះហស្ថ ដែលមានស្នាមដែកគោលរបស់ព្រះយេស៊ូវ។

ឥឡូវនេះ ដល់ពេលដែលអ្នកត្រូវមើលឃើញខ្លួនឯងថា ជាគជ់ខ្យងដ៏មានតម្លៃ ដែលស្ថិតនៅក្នុងព្រះហស្តរបស់ព្រះយេស៊ូវ ដែលមានស្នាមដៅដោយដែកគោល។ ចូរស្តាប់ទ្រង់មានបន្ទូលមកកាន់អ្នកថា៖ «អ្នកពិតជាស្រស់ស្អាតណាស់! យើងបានចំណាយអស់គ្រប់យ៉ាងដែលយើងមាន ប៉ុន្តែយើងមិនដែលសោកស្តាយឡើយ។ ឥឡូវនេះ អ្នកជាកម្មសិទ្ធិរបស់យើងជារៀងរហូត!»

អ្នកមិនអាចធ្វើអ្វីមួយ ដើម្បីឲ្យសក្តិសមនឹងសេចក្ដីស្រឡាញ់ និងការទទួលយកពីទ្រង់បានឡើយ។ អ្នកមិនអាចកែប្រែខ្លួនឯងបានគ្រប់គ្រាន់ ឬធ្វើខ្លួនឯងឲ្យល្អគ្រប់គ្រាន់នោះទេ។ អ្វីដែលអ្នកអាចធ្វើបាន គឺទទួលយកអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់អ្នក ហើយអរព្រះគុណទ្រង់!

អ្នកជាកម្មសិទ្ធិរបស់ទ្រង់ជារៀងរហូត!

20
ចែករំលែក