សុវត្ថិភាពពិតប្រាកដ

Derek Prince
*Last Updated: March 2026
2 min read
នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។
ត្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងប្រទានពរដល់មនុស្សសុចរិត ទ្រង់នឹងបាំងអ្នកទាំងនោះនៅជុំវិញ ដោយព្រះគុណ ទុកដូចជាខែល។ [ទំនុកដំកើង ៥:១២]
នេះហើយជារឿងមួយដែលប្រាកដណាស់ថា ព្រះអម្ចាស់ប្រទានពរដល់មនុស្សសុចរិត។ រឿងជាច្រើននៅថ្ងៃនេះដែលយើងធ្លាប់បានពឹងពាក់ យើងបានឃើញថា វាមិនមានភាពប្រាកដប្រជាទាំងស្រុងនោះទេ។ កន្លែងជាច្រើនដែលយើងបានស្វែងរកសន្តិសុខ និងភាពច្បាស់លាស់បានធ្វើឱ្យយើងបរាជ័យ និងធ្វើឱ្យយើងធ្លាក់ចុះ។ ដំណោះស្រាយនយោបាយ និងដំណោះស្រាយហិរញ្ញវត្ថុហាក់បីដូចជាកំពុងតែដួលរលំនៅពេលសព្វថ្ងៃនេះ។ ប៉ុន្តែមានរឿងមួយដែលនៅតែប្រាកដនៅក្នុងជីវិត គឺថា ព្រះអម្ចាស់ប្រទានពរដល់មនុស្សសុចរិត។
យើងត្រូវចំណាយពេលកាន់តែច្រើនថែមទៀតគិតអំពីការធ្វើឱ្យប្រាកដថា ជីវិតរបស់យើង គឺបានត្រឹមត្រូវនៅចំពោះព្រះអម្ចាស់ ថាយើងសក្ដិសមចំពោះព្រះពររបស់ព្រះអម្ចាស់ ដែលទ្រង់បម្រុងទុកសម្រាប់មនុស្សសុចរិត ដែលនេះគ្រាន់តែសម្រាប់មនុស្សសុចរិតប៉ុណ្ណោះ។
ហើយបន្ទាប់មកអ្នកនិពន្ធទំនុកដំកើងនិយាយថា៖ «ទ្រង់នឹងបាំងអ្នកទាំងនោះ (មនុស្សសុចរិត) នៅជុំវិញ ដោយព្រះគុណ ទុកដូចជាខែល»។
ព្រះគុណរបស់ព្រះគឺសម្រាប់មនុស្សសុចរិត។ នៅពេលដែលយើងដើរនៅក្នុងសេចក្តីសុចរិតរបស់ទ្រង់ ព្រះគុណរបស់ទ្រង់គឺដូចជាខែល ការពារនៅជុំវិញយើងទប់ទល់នឹងការវាយប្រហារដល់ជីវិតយើង។
វាការពារយើងប្រឆាំងនឹងសេចក្តីស្លាប់។ វាការពារយើងប្រឆាំងនឹងអំណាចដែលខ្លាំងពេកសម្រាប់យើង។ វាការពារយើងពីគ្រោះអន្តរាយ និងគ្រោះថ្នាក់ និងអំពើអាក្រក់។ នេះជាព្រះពរមួយក្នុងការដើរដោយព្រះគុណរបស់ព្រះអម្ចាស់ ដោយដឹងពីព្រះវត្តមានរបស់ទ្រង់ ដោយដឹងពីព្រះគុណរបស់ទ្រង់នៅបាំងជុំវិញអ្នកដូចជាខែល។ សូមចាំថាមានរឿងមួយដែលប្រាកដគឺព្រះអម្ចាស់ប្រទានពរដល់មនុស្សសុចរិត។
កូដ: WD-WFTW-015-KHM