នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។

«ឱព្រះយេហូវ៉ាអើយ នៅពេលព្រឹក ទ្រង់នឹងឮសម្លេងរបស់ទូលបង្គំ គឺនៅពេលព្រឹក ទូលបង្គំនឹងទូលដល់ទ្រង់ ដោយលំដាប់ ព្រមទាំងរក្សាពេលចាំយាមផង»។ [ទំនុកតម្កើង ៥:៣]

តើអ្នកចាប់ផ្តើមថ្ងៃថ្មីនីមួយៗយ៉ាងដូចម្តេច? តើថ្ងៃរបស់អ្នកចាប់ផ្តើមដោយការឥតមានលំដាប់លំដោយ ដោយការច្របូកច្របល់ ដោយការព្យាយាមធ្វើរឿងបីខុសគ្នា ក្នុងពេលតែមួយឬទេ? តើអ្នកបានឃើញថាខ្លួនឯងជាញឹកញាប់មានដង្ហើមខ្លី ឆាប់ខឹង ឬខឹងនឹងភរិយា ឬបតីរបស់អ្នក ស្តីបន្ទោសកូនៗ មិនសប្បាយចិត្ត មានអារម្មណ៍ព្រួយបារម្ភ និងមានការភាន់ភាំងឬទេ?

តើអ្នកបានចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកដោយមិនបានត្រៀមខ្លួនរៀបចំទុកជាមុន ឬមិនបានប្រដាប់ដោយអាវុធ មិនមានទំនុកចិត្តនូវអ្វីដែលនឹងកើតឡើងចំពោះអ្នកនៅពេលខាងមុខនោះទេ? មូលហេតុគឺអ្នកមិនបានចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកឲ្យបានត្រឹមត្រូវ។ ចូរទទួលយកមេរៀនមួយពីស្តេចដាវីឌ។ ទ្រង់មានបន្ទូលទៅកាន់ព្រះអម្ចាស់ថា៖ «ព្រះយេហូវ៉ាអើយ នៅពេលព្រឹក ទ្រង់នឹងឮសម្លេងរបស់ទូលបង្គំ»។

ការដំបូងដែលដាវីឌបានធ្វើរាល់ព្រឹកគឺបន្លឺសម្លេងទៅព្រះអម្ចាស់។ គាត់និយាយបន្តថា៖ «គឺនៅពេលព្រឹក ទូលបង្គំនឹងទូលដល់ទ្រង់ ដោយលំដាប់ ព្រមទាំងរក្សាពេលចាំយាមផង (រង់ចាំដោយមានសេចក្តីសង្ឃឹមទុក)»។ នេះគឺជាវិធីប្រកបដោយប្រាជ្ញាក្នុងការចាប់ផ្តើមថ្ងៃថ្មី។

ចូរបន្លឺសម្លេងរបស់អ្នកទៅកាន់ព្រះអម្ចាស់តាមរយៈការអធិស្ឋាន។ ចូរទូលថ្វាយនូវសំណូមពររបស់អ្នកនៅចំពោះទ្រង់។ ចូរថ្វាយផែនការរបស់អ្នកទៅព្រះអម្ចាស់ នូវអ្វីដែលអ្នកនឹងត្រូវធ្វើនៅថ្ងៃនោះ។ ចូរថ្វាយដល់ទ្រង់អំពីបញ្ហា ការលំបាកដែលអ្នកបានគិតទុកជាមុន ហើយបន្ទាប់មកដូចជាស្តេចដាវីឌដែរ អ្នកនឹងអាចរង់ចាំដោយមានសេចក្តីសង្ឃឹមទុក។

អ្នកនឹងមិនព្រួយបារម្ភឬមានការភ័យខ្លាចអ្វីឡើយ។ អ្នកនឹងរង់ចាំទទួលចម្លើយចំពោះការអធិស្ឋានទាំងនោះ ដែលអ្នកបានថ្វាយដល់ព្រះអម្ចាស់នៅពេលព្រឹក។ ចូរចាំថានេះគឺជាអាថ៌កំបាំង។ ចូរចាប់ផ្តើមថ្ងៃនីមួយៗរបស់អ្នកដោយអនុញ្ញាតឲ្យព្រះអម្ចាស់ឮសម្លេងរបស់អ្នក។

ចូលចិត្ត
ចែករំលែក