នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។

មានមនុស្សជាច្រើនដែលនិយាយថា តើអ្នកណានឹងសម្តែងឲ្យយើងឃើញសេចក្តីល្អ? ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យរស្មីនៃព្រះភក្ត្រទ្រង់បានភ្លឺមកលើយើងខ្ញុំរាល់គ្នា ទ្រង់បានប្រោសឲ្យចិត្តទូលបង្គំមានសេចក្តីអំណរលើសជាងពួកទាំងនោះ ក្នុងកាលដែលស្រូវ និងទឹកទំពាំងបាយជូររបស់គេបានសម្បូរផង។ [ទំនុកដំកើង ៤:៦-៧]

នេះគឺជាស្ថានភាពរបស់យើងពិតប្រាកដសព្វថ្ងៃនេះ។ មនុស្សជាច្រើនកំពុងសួរ តើអ្នកណាអាចសម្តែងឲ្យយើងឃើញពីសេចក្តីល្អបាន? មានការស្រងាកចិត្តមួយប្រភេទ ដែលជាភាពទុទិដ្ឋិនិយមនៅក្នុងខ្យល់ ជាពិសេសនៅក្នុងវិស័យនយោបាយ ការខ្វះទំនុកចិត្តលើភាពជាអ្នកដឹកនាំ ជាការខកចិត្តយ៉ាងខ្លាំងដែលបានផ្តល់ឲ្យយើងក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។ ប៉ុន្តែ នៅកណ្តាលនៃការទាំងអស់នេះមានចម្លើយមួយ។

តើអ្នកណាអាចសម្តែងឲ្យយើងឃើញពីសេចក្តីល្អបាន?

បន្ទាប់មកដាវីឌដែលជាអ្នកសរសេរទំនុកដំកើង បានបង្រៀនថា «ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យរស្មីនៃព្រះភក្ត្រទ្រង់បានភ្លឺមកលើយើងខ្ញុំរាល់គ្នា»។

សេចក្តីល្អពិតមានប្រភពតែមួយ។ វាមកពីព្រះអម្ចាស់ ហើយនៅពេលទ្រង់លើករស្មីនៃព្រះភក្ត្ររបស់ទ្រង់ចាំងមកលើយើង រស្មីនោះបណ្តេញភាពងងឹត ភាពកង្វល់ ការព្រួយបារម្ភ និងការភ័យខ្លាចរបស់យើងចេញ។ យើងត្រូវបានបំពេញដោយសេចក្តីអំណរ។ ដាវីឌបាននិយាយថា៖

«ទ្រង់បានប្រោសឲ្យចិត្តទូលបង្គំមានសេចក្តីអំណរលើសជាងពួកទាំងនោះ ក្នុងកាលដែលស្រូវ និងទឹកទំពាំងបាយជូររបស់គេបានសម្បូរផង»។

មានការសប្បាយ និងការពេញចិត្តនិងសុភមង្គលដែលយើងទទួលបានពីភាពសម្បូរបែបនៃសម្ភារៈ ប៉ុន្តែមានអ្វីមួយដែលខុសប្លែកគ្នា ដែលមានតែចេញពីរស្មីនៃព្រះភក្ត្ររបស់ព្រះនៅលើជីវិតរបស់យើងប៉ុណ្ណោះ។ សេចក្តីអំណរពិតដែលហួសពីអ្វីដែលយើងអាចទទួលបានពីភាពសម្បូរសប្បាយនៃសម្ភារៈ ឬសុវត្ថិភាព ឬការពេញចិត្តនៅក្រៅ។ ដូច្នេះសូមចាំថា វានឹងជារស្មីនៃព្រះភក្ត្ររបស់ព្រះដែលនឹងធ្វើឲ្យជីវិតរបស់អ្នកមានន័យ និងមានសុវត្ថិភាព។

ចូលចិត្ត
ចែករំលែក