នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។

ឯលោកីយ៍នេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ច។ [១ យ៉ូហាន ២:១៧]

យើងកំពុងរស់នៅក្នុងពិភពលោកដែលតែងតែផ្លាស់ប្ដូរជានិច្ច ហើយវាមិននៅស្ថិតស្ថេរជាអចិន្ត្រៃយ៍នោះទេ។ គ្មានអ្វីដែលយើងមើលឃើញនេះ នឹងស្ថិតស្ថេរនៅជាអចិន្ត្រៃយ៍នោះទេ។ មហិច្ឆតា បំណងប្រាថ្នា តណ្ហារបស់មនុស្សនៅក្នុងពិភពលោកនេះ នឹងត្រូវលិចលង់ទៅតាមពេលវេលា ហើយអ្វីៗខាងសាច់ឈាមនឹងត្រូវកន្លងផុតទៅដែរ។

មានអំណាចដែលធ្វើការនៅក្នុងពិភពលោកនេះ អំណាចខាងព្រលឹងវិញ្ញាណ អំណាចខាងសម្ភារៈ ដែលមានអំណាចខ្លាំងជាងយើង មានអំណាចដែលយើងមិនអាចគ្រប់គ្រងបាន។ យើងគ្រាន់តែដូចជាដំណក់ទឹកតូចមួយ នៅលើផ្ទៃទឹកទន្លេដែលត្រូវបានហូរនាំទៅឆ្ងាយប៉ុណ្ណោះ។ តើមានផ្លូវណាមួយដែលអាចស្វែងរកភាពអចិន្ត្រៃយ៍បាន?

តើមានផ្លូវណាមួយដែលអាចស្វែងរកសុវត្ថិភាពបាន? បាទ វាសាមញ្ញណាស់។ ពាក្យព្រះបន្ទូលដែលខ្ញុំអានទាំងនេះមានចម្លើយជាស្រេច។

តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ច។

នៅចុងបញ្ចប់ មានតែព្រះហឫទ័យរបស់ព្រះទេដែលនឹងនៅជាប់អស់កល្បជានិច្ច។ នៅពេលដែលអ្វីៗផ្សេងទៀតបានដួលរលំ និងរសាត់ទៅឆ្ងាយបាត់ ហើយមិននៅស្ថិតស្ថេរជាអចិន្ត្រៃយ៍ និងមិនមានសុវត្ថិភាព ធ្វើឱ្យយើងខកចិត្ត ហើយប្រហែលជាមានការបញ្ឆោតយើងយ៉ាងណាក៏ដោយ។

មានការមួយដែលនឹងធ្វើឲ្យយើងមានសុវត្ថិភាព នោះគឺជាព្រះហឫទ័យរបស់ព្រះ។ ព្រះទ្រង់គ្រប់គ្រង។ ទ្រង់មានអំណាចកំពូលលើសទាំងអស់។ ហើយប្រសិនបើអ្នករួបរួមខ្លួនអ្នកជាមួយនឹងព្រះហឫទ័យរបស់ព្រះ ប្រសិនបើអ្នកធ្វើវាឱ្យក្លាយទៅជាគោលបំណងរបស់អ្នកនៅក្នុងជីវិត ដោយធ្វើតាមព្រះហឫទ័យរបស់ព្រះ នោះអ្នកនឹងមានភាពរឹងមាំ ហើយស្ថិតស្ថេរនៅជាអចិន្ត្រៃយ៍ និងមានសុវត្ថិភាពដូចជាព្រះហឫទ័យរបស់ព្រះដែរ។

កាលៈទេសៈនឹងផ្លាស់ប្ដូរ ពិភពលោកនឹងផ្លាស់ប្ដូរ ប៉ុន្តែព្រះហឫទ័យរបស់ព្រះនៅជាប់យ៉ាងរឹងមាំ នៅស្ថិតស្ថេរ និងគ្មានអ្វីដែលអាចយកឈ្នះបានឡើយ ហើយអ្នកក៏អាចធ្វើបានដូចជាព្រះហឫទ័យរបស់ព្រះដែរ ប្រសិនបើអ្នកតាំងចិត្តធ្វើវា។

ចូលចិត្ត
ចែករំលែក