ចង្កូតនៃរូបកាយ

Derek Prince
*Last Updated: March 2026
2 min read
នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។
សូមគិតមើលពីសំពៅដែរ វាធំដល់ម៉្លេះ ហើយមានខ្យល់គំហុកបក់ផាត់ទៅផង តែនាយកុងបើកទៅមកបានតាមចិត្ត ក៏ដោយសារតែចង្កូតយ៉ាងតូចប៉ុណ្ណោះ ឯអណ្ដាតក៏ជាអវយវៈ១យ៉ាងតូច ដូច្នោះដែរ។ [យ៉ាកុប ៣:៤-៥]
តើអ្នកយល់ពីការប្រៀបធៀបនេះឬទេ? ចង្កូតគឺសម្រាប់ដឹកនាំសំពៅ អណ្ដាតគឺសម្រាប់ដឹកនាំរាងកាយរបស់មនុស្ស និងជីវិតមនុស្ស។ អ្នកមិនចាំបាច់ធ្វើជាអ្នកជំនាញខាងនាវាចរដើម្បីដឹងថា មនុស្សដែលកាន់ដៃចង្កូតសំពៅជាអ្នកដែលតម្រង់ទិសដៅរបស់សំពៅនោះទេ។ ប្រសិនបើដាក់មនុស្សត្រូវដើម្បីកាន់ដៃចង្កូត សំពៅនោះនឹងធ្វើដំណើរដោយសុវត្ថិភាព និងមកដល់ទីកំពង់ផែដោយសុវត្ថិភាព។ ប៉ុន្តែប្រសិនបើដាក់មនុស្សខុសដើម្បីកាច់ចង្កូតសំពៅ ហើយគាត់មិនដឹងថាគាត់កំពុងធ្វើអ្វីនោះទេ នោះសំពៅទំនងជានឹងត្រូវលិចលង់។ នេះហើយជារបៀបដែលវាស្ថិតនៅក្នុងជីវិតរបស់អ្នក និងនៅក្នុងខ្ញុំ។ ប្រសិនបើមានឥទ្ធិពលត្រូវដែលគ្រប់គ្រងលើអណ្ដាតរបស់យើង យើងនឹងធ្វើដំណើរដោយជោគជ័យឆ្លងកាត់ជីវិត និងមកដល់គោលដៅរបស់យើងដោយសុវត្ថិភាព។ ប៉ុន្តែប្រសិនបើមានឥទ្ធិពលខុសដែលគ្រប់គ្រងអណ្ដាតរបស់យើង យើងទំនងជានឹងធ្វើឲ្យសំពៅត្រូវលិចលង់មិនខាន។ ដូច្នេះ សូមចាំថា របៀបដែលអ្នកប្រើអណ្ដាតរបស់អ្នកនឹងកំណត់ផ្លូវនៃជីវិតរបស់អ្នកទាំងមូល។ ចូរធ្វើឱ្យវាក្លាយទៅជាគោលការណ៍មួយដែលមានភាពវិជ្ជមាន៖ ដើម្បីបង្ហាញពីជំនឿ និងទំនុកចិត្ត មិនមែនជាការសង្ស័យ និងការភ័យខ្លាច ត្រូវមានភាពស្មោះត្រង់ និងមិនមែននិយាយបំផ្លើសឡើយ និយាយពីការពិត និងនិយាយអំពីអ្នកដទៃ ដូចជាអ្នកចង់ឲ្យមនុស្សផ្សេងទៀតនិយាយអំពីអ្នកដែរ។
ដោយសារតែពាក្យសម្ដីក៏គឺជាគ្រាប់ពូជផងដែរ។ ប្រសិនបើអ្នកសាបព្រោះភាពល្វីងជូរចត់ និងពាក្យប្រមាថ ពេលមួយអ្នកនឹងទទួលបានផលទ្វេគុណនៅក្នុងជីវិតរបស់អ្នកជាមិនខាន។ ដូច្នេះសូមចាំថា ត្រូវប្រុងប្រយ័ត្នអំពីរបៀបដែលអ្នកប្រើចង្កូតដែលដឹកនាំសំពៅរបស់អ្នក ចង្កូតនេះគឺជាអណ្ដាតរបស់អ្នក។ ចូរទូលសុំព្រះឱ្យជួយប្រើអណ្ដាតរបស់អ្នកឱ្យបានត្រឹមត្រូវ។
កូដ: WD-WFTW-004-KHM