កម្មវិធី ១_៣ ត្រូវឲ្យទទួលស្គាល់ទ្រង់

Derek Prince
*Last Updated: March 2026
2 min read
នេះគឺជាពាក្យរបស់លោក ដេ រិក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។
ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។ [សុភាសិត ៣:៦]
តើអ្នកចង់បានការធានាថាព្រះជាម្ចាស់កំពុងតែគ្រប់គ្រងផ្លូវរបស់អ្នក ជីវិតរបស់អ្នក ដែលទ្រង់កំពុងដឹកនាំ ដែលទ្រង់កំពុងតែណែនាំនៅក្នុងការសម្រេចចិត្តរបស់អ្នក ហើយត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហារបស់អ្នកឬទេ?
ព្រះបន្ទូលដែលខ្ញុំបានអាននេះគឺជាគន្លឹះនៃការធានានោះ។ «ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ» នេះហើយគឺជាព្រះអម្ចាស់។ នៅរាល់ពេលផ្អាក រាល់ចំណុចរបត់ រាល់ពេលដែលអ្នកអាចសម្រាក និងដកដង្ហើមបានមួយភ្លែត ហើយអ្នកមិនត្រូវបានគេទទូចឲ្យធ្វើការសម្រេចចិត្តពិសេសមួយចំនួនទេ ចូរទទួលស្គាល់ទ្រង់។ វិធីដ៏ល្អបំផុតក្នុងការទទួលស្គាល់ទ្រង់គឺគ្រាន់តែជាការអរព្រះគុណដល់ទ្រង់ប៉ុណ្ណោះ។
អរព្រះគុណព្រះអង្គដែលទ្រង់ជាអ្នកទទួលខុសត្រូវ។
សូមអរព្រះគុណព្រះអង្គចំពោះភាពស្មោះត្រង់របស់ទ្រង់។
អរព្រះគុណទ្រង់ចំពោះជំនួយទាំងអស់ ដែលអ្នកបានទទួលពីទ្រង់កាលពីអតីតកាល។ សូមអរព្រះគុណទ្រង់ចំពោះប្រាជ្ញារបស់ទ្រង់។ អរព្រះគុណទ្រង់ចំពោះអំណាចចេស្ដារបស់ទ្រង់។ នៅពេលអ្នកអរព្រះគុណទ្រង់ អ្នកកំពុងទទួលស្គាល់ទ្រង់ហើយ។ អ្នកកំពុងអនុញ្ញាតឲ្យទ្រង់គ្រប់គ្រងលើជីវិត និងស្ថានភាពរបស់អ្នក ហើយតាមរបៀបនេះឯងដែលអ្នកនៅតែបន្តមានការដឹកនាំ និងការណែនាំពីទ្រង់។ ចូរទទួលស្គាល់ទ្រង់រាល់ពេលទាំងអស់ដោយការអធិស្ឋានយ៉ាងខ្លីថា៖ «សូមអរព្រះគុណព្រះអម្ចាស់។ សូមអរព្រះគុណព្រះអង្គដែលទ្រង់ទទួលបន្ទុកលើស្ថានភាពនេះ។
សូមអរព្រះគុណព្រះអង្គដែលទ្រង់មានចម្លើយចំពោះបញ្ហានេះ។ នៅគ្រប់ជំហាន ព្រះអម្ចាស់អើយ ទូលបង្គំសូមទទួលស្គាល់ទ្រង់។ រាល់សំណួរទូលបង្គំនាំយកថ្វាយព្រះអង្គ។ រាល់ការសម្រេចចិត្តទាំងអស់ទូលបង្គំថ្វាយដល់ទ្រង់សម្រេច។
សូមអរព្រះគុណព្រះអម្ចាស់ ដែលទ្រង់ជាអ្នកទទួលខុសត្រូវលើបន្ទុកនេះ។
សូមអរព្រះគុណព្រះអង្គដែលទ្រង់មានឆន្ទៈទទួលយកការទទួលខុសត្រូវនេះ»។ នៅពេលអ្នកទទួលស្គាល់ទ្រង់នៅគ្រប់ជំហានដូច្នេះ អ្នកអាចប្រាកដថា ទ្រង់ពិតជានឹងដឹកនាំផ្លូវអ្នក។
កូដ: WD-WFTW-003-KHM