សោកនាដកម្ម ការបៀតបៀន អាពាហ៍ពិពាហ៍ដែលបែកបាក់ បញ្ហាសុខភាព ការខកចិត្តចំពោះអ្នកដឹកនាំ ឬឪពុកម្ដាយ មិនយូរមិនឆាប់ យើងម្នាក់ៗសុទ្ធតែត្រូវប្រឈមមុខនឹងស្ថានភាពដ៏ឈឺចាប់ទាំងនេះ។

ប៉ុន្តែ ដូចដែលរឿងជាច្រើននៅក្នុងព្រះគម្ពីរបានបង្ហាញ ព្រះជាម្ចាស់ជាញឹកញាប់អាចនិងនឹងប្រើគ្រាលំបាក ដើម្បីសាកល្បង និងពង្រឹងជំនឿរបស់យើង។

ខ្ញុំសូមនាំការយកចិត្តទុកដាក់របស់អ្នក ទៅរឿងមួយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបានកើតឡើងជាង ៣,០០០ ឆ្នាំមកហើយ ប៉ុន្តែមេរៀនរបស់វានៅតែមានសារៈសំខាន់សម្រាប់យើងសព្វថ្ងៃនេះ។

ប្រជារាស្ត្ររបស់ព្រះជាម្ចាស់បានឆ្លងកាត់សមុទ្រក្រហម ដោយដើរលើដីស្ងួត។ បន្ទាប់មក សត្រូវរបស់ពួកគេ គឺជនជាតិអេស៊ីប បានដេញតាមចូលទៅក្នុងសមុទ្រ ហើយព្រះបានធ្វើឲ្យទឹកត្រឡប់មកវិញ គ្របលើជនជាតិអេស៊ីបទាំងនោះ បោកបក់ពួកគេឲ្យវិនាស និងបញ្ចប់កម្លាំងសត្រូវទាំងមូលដែលកំពុងដេញតាមរាស្ត្ររបស់ទ្រង់។

បន្ទាប់ពីការរំដោះ ដ៏អស្ចារ្យនេះ និក្ខមនំ ១៥:២២-២៤៖

ម៉ូសេក៏នាំពួកអ៊ីស្រាអែល ពីសមុទ្រក្រហមទៅ ហើយគេចេញទៅឯទីរហោស្ថានស៊ើរ គេដើរក្នុងទីរហោស្ថានអស់៣ថ្ងៃ មិនឃើញមានទឹកសោះ កាលគេទៅដល់ម៉ារ៉ាហើយ ក៏ផឹកទឹកម៉ារ៉ាមិនបាន [នេះហើយជាមូលហេតុដែលគេហៅកន្លែងនោះថា ម៉ារ៉ា] [នៅក្នុងភាសាហេព្រើរ ពាក្យ ម៉ារ៉ា មានន័យថា ល្វីង ដ្បិតទឹកនោះល្វីងណាស់ ហេតុនោះបានជាគេហៅកន្លែងនោះថា ម៉ារ៉ា] បណ្ដាជនក៏ត្អូញត្អែរដាក់ម៉ូសេថា តើយើងមានអ្វីផឹក?

ជនជាតិអ៊ីស្រាអែលបានទទួលបទពិសោធន៍នៃការរំដោះដ៏អស្ចារ្យ។ ពួកគេបានទទួលជ័យជម្នះ ហើយបន្ទាប់មក នៅក្នុងទីរហោស្ថាន ពួកគេបានដើររយៈពេលបីថ្ងៃដោយមិនឃើញមានទឹកសោះ។ ទាំងកុមារ និងសត្វចិញ្ចឹមបានស្រេកទឹក ហើយពួកគេទាំងអស់គ្នាមានភាពនឿយហត់ពីការធ្វើដំណើរនៅក្រោមកម្ដៅថ្ងៃ និងធូលីដី។

ពីចម្ងាយ ពួកគេបានឃើញទឹកភ្លឺចែងចាំង។ មួយចំនួនក្នុងចំណោមពួកគេ ប្រហែលជាបានចាប់ផ្ដើមរត់ទៅរកទឹកនោះ ដើម្បីបំបាត់ការស្រេកទឹក របស់ខ្លួន។

ប៉ុន្តែ អូ! ពួកគេពិតជាខកចិត្តយ៉ាងខ្លាំងនៅពេលឱនចុះផឹកទឹក។ ទឹកនោះល្វីងខ្លាំងណាស់ រហូតមិនអាចផឹកបាន។

ប្រជារាស្ត្រទាំងនេះមិនបានត្រៀមខ្លួនសម្រាប់ស្ថានភាពបែបនេះឡើយ។ ពួកគេមិននឹកស្មានថា រឿងបែបនេះអាចកើតឡើងចំពោះពួកគេ ខណៈដែលព្រះកំពុងដឹកនាំពួកគេ ហើយទ្រង់ទើបតែបានប្រទានការរំដោះដ៏អស្ចារ្យបែបនេះដល់ពួកគេ។

ដូចគ្នានេះដែរ ការដែលយើងបានទទួលជ័យជម្នះដ៏អស្ចារ្យមួយនៅក្នុងជីវិត មិនមែនមានន័យថា យើងនឹងមិនត្រូវបានសាកល្បងទៀតឡើយ។ ផ្ទុយទៅវិញ វាមានន័យថា យើងត្រូវតែត្រៀមខ្លួនឲ្យកាន់តែប្រសើរសម្រាប់ការសាកល្បងបន្ទាប់។

នៅពេលដែលប្រជារាស្ត្រទាំងនោះមិនបានត្រៀមខ្លួន មានម្នាក់ដែលមិនដែលខ្វះការត្រៀមខ្លួន គឺព្រះជាម្ចាស់។ ដូច្នេះ សូមចាំរឿងមួយថា ទោះបីជាយើងមានអារម្មណ៍ថាមិនបានត្រៀមខ្លួនប៉ុន្មានដងក៏ដោយ ព្រះជាម្ចាស់មិនដែលមិនបានត្រៀមខ្លួននោះឡើយ។

អំណាចដ៏អស្ចារ្យរបស់ព្រះ អាចប្រែក្លាយទុក្ខព្រួយរបស់យើងទៅជាអំណរ

ឥឡូវនេះប្រជារាស្ត្របានរអ៊ូរទាំ ខណៈដែលមានមនុស្សម្នាក់បានដឹងថា គួរតែអធិស្ឋាន គឺលោកម៉ូសេ។ អ្វីដែលបានកើតឡើងបន្ទាប់ បានកត់ត្រាក្នុង និក្ខមនំ ១៥:២៥-២៦៖

លោកក៏អំពាវនាវដល់ព្រះយេហូវ៉ា រួចទ្រង់បង្ហាញដើមឈើ១ ឲ្យលោកបោះទៅក្នុងទឹក នោះទឹកក៏ត្រឡប់ទៅជាសាបវិញ នៅទីនោះទ្រង់បានតែងជាច្បាប់នឹងបញ្ញត្តិសំរាប់គេ ព្រមទាំងល្បងគេដែរ, ទ្រង់មានបន្ទូលថា បើឯងរាល់គ្នាប្រុងនឹងស្ដាប់តាមព្រះយេហូវ៉ា ជាព្រះនៃឯង ហើយធ្វើការត្រឹមត្រូវនៅព្រះនេត្រនៃទ្រង់ ព្រមទាំងផ្ទៀងត្រចៀកស្ដាប់តាមបញ្ញត្តិទ្រង់ ហើយកាន់តាមច្បាប់ទ្រង់ទាំងប៉ុន្មាន នោះអញនឹងមិនធ្វើឲ្យឯងរាល់គ្នាកើតមានជំងឺរោគណាមួយ ដូចជាអញបានធ្វើឲ្យកើតឡើងដល់ពួកសាសន៍អេស៊ីព្ទនោះឡើយ ដ្បិតអញនេះជាយេហូវ៉ា គឺជាព្រះដែលប្រោសឯងរាល់គ្នាឲ្យជា។

ក្នុងភាសាហេព្រើរ ពាក្យ “ដើមឈើ” ឬ “ឈើ” ក៏អាចត្រូវបានប្រើ ដើម្បីសំដៅទៅលើកន្លែងព្យួរក ឬឈើឆ្កាងផងដែរ (ចោទិយកថា 21:22-23 និង កាឡាទី 3:13-14)។

ខ្ញុំជឿថា ដើមឈើដែលបានរៀបរាប់នៅក្នុងកណ្ឌនិក្ខមនំ សំដៅទៅលើប្រធានបទដ៏សំខាន់មួយនៅក្នុងព្រះគម្ពីរ។ វាចង្អុលបង្ហាញទៅកាន់ដើមឈើមួយទៀត ដែលត្រូវបានលើកឡើងប្រហែលជា ២,៤០០ ឆ្នាំក្រោយមក នៅលើភ្នំមួយឈ្មោះ គុលគោថា គឺឈើឆ្កាង។

នៅពេលអ្នកនឹកឃើញ ដើមឈើដែលត្រូវបានបោះចូលទៅក្នុងទឹក សូមនឹកឃើញដល់ឈើឆ្កាងរបស់ព្រះយេស៊ូវ និងសេចក្ដីពិតដែលថា នៅលើឈើឆ្កាងនោះ ព្រះយេស៊ូវបានទទួលបណ្ដាសាដ៏ល្វីងជំនួសយើង ដើម្បីឲ្យយើងទទួលបានភាពផ្អែមល្ហែមនៃព្រះពរ។ ការដែលលោកម៉ូសេបោះដើមឈើចូលទៅក្នុងទឹក គឺជារូបភាពមួយដែលបង្ហាញពីអ្នក និងខ្ញុំ ក្នុងការយកអ្វីដែលព្រះយេស៊ូវបានសម្រេចសម្រាប់យើងនៅលើឈើឆ្កាង មកអនុវត្តក្នុងជីវិតរបស់យើង ដើម្បីប្រែក្លាយទឹកដ៏ល្វីងរបស់យើងឲ្យទៅជាទឹកដ៏ផ្អែម។

យើងត្រូវបានត្រាស់ហៅឲ្យអនុវត្តជំនឿរបស់យើងលើព្រះយេស៊ូវ

វាសំខាន់ក្នុងការមើលឃើញថា ព្រះគម្ពីរមិនបាននិយាយថា ដើមឈើបានធ្វើឲ្យទឹកផ្អែមឡើយ។ គឺគ្មានឫទ្ធិអំណាចអ្វីនៅក្នុងដើមឈើនោះទេ។ ការបោះដើមឈើចូលក្នុងទឹក គឺជាការអនុវត្តជំនឿ ដែលបានបញ្ចេញអំណាចអស្ចារ្យរបស់ព្រះទៅក្នុងទឹក។ នេះជាវិធីដែលអំណាចរបស់ព្រះត្រូវបានបញ្ចេញក្នុងជីវិតរបស់យើង។

នៅក្នុង ១ ពេត្រុស 2:24 “ឈើឆ្កាងត្រូវបានហៅថាឈើ” ហើយសេចក្ដីពិតដូចគ្នានេះក៏ត្រូវបានបង្ហាញផងដែរ។

ទ្រង់ បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិត ដោយបានស្លាប់ខាងឯអំពើបាបហើយ គឺដោយស្នាមជាំរបស់ទ្រង់ដែលអ្នករាល់គ្នាបានជា។

លើ “ដើមឈើ” ការប្រោសឲ្យជាទាំងស្រុងសម្រាប់មនុស្សជាតិទាំងអស់ត្រូវបានសម្រេច៖ ការប្រោសឲ្យជាខាងវិញ្ញាណពីអំពើបាប ការប្រោសឲ្យជាខាងរូបកាយពីជំងឺ ការរំដោះពីបណ្ដាសា និងសិទ្ធិក្នុងការទទួលមរតកនៃព្រះពរ។

ការប្រោសឲ្យជា និងការរំដោះដែលកើតចេញពីដើមឈើនោះ គឺជាឈើឆ្កាងរបស់ព្រះយេស៊ូវ ត្រូវតែយកមកអនុវត្តនៅក្នុងជីវិតរបស់យើង តាមរយៈសកម្មភាពនៃជំនឿ។ ដូចលោកម៉ូសេ បានបោះដើមឈើនោះចូលក្នុងស្រះទឹកដ៏ល្វីងដោយសកម្មភាពនៃជំនឿ យើងក៏ត្រូវអនុវត្តជំនឿដូចគ្នា នៅពេលយើងប្រឈមមុខនឹងអាងទឹកដ៏ល្វីងរបស់យើង។ យើងត្រូវមានជំនឿលើអ្វីដែលព្រះយេស៊ូវ បានសម្រេចនៅលើឈើឆ្កាង ហើយនិយាយក្នុងន័យប្រៀបធៀប គឺយកដើមឈើនោះ ទៅបោះចូលក្នុងស្រះទឹកដ៏ល្វីងរបស់យើង។

កុំរអ៊ូរទាំ តែត្រូវអធិស្ឋាន

ព្រះគម្ពីរបានព្រមានយើងយ៉ាងច្បាស់និងជាញឹកញាប់ថា យើងនឹងជួបប្រទះការសាកល្បង។ ដូច្នេះ យើងមិនគួរមិនបានត្រៀមខ្លួន ដូចជាជនជាតិអ៊ីស្រាអែលឡើយ។ ខគម្ពីរមួយដែលនិយាយអំពីការសាកល្បងដែលយើងនឹងជួបមាននៅក្នុងយ៉ាកុប ១:២-៤៖

បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្ដីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ…។

ពេលអ្នកកំពុងដើរជាមួយព្រះអម្ចាស់ ហើយប្រឈមមុខនឹងការសាកល្បងគ្រប់បែបយ៉ាង តើអ្នករាប់វាជាសេចក្ដីអំណរទាំងស្រុងឬ? ឬតើអ្នកធ្វើដូចពួកអ៊ីស្រាអែល ដោយចាប់ផ្ដើមរអ៊ូរទាំថា៖ “ព្រះអម្ចាស់អើយ ហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យរឿងនេះកើតឡើង? ឱព្រះជាម្ចាស់អើយ! ទូលបង្គំគិតថា ទ្រង់ជាអ្នកគ្រប់គ្រងស្ថានការណ៍នេះទាំងមូល។ ឥឡូវនេះ ទូលបង្គំមិនដឹងថាត្រូវធ្វើដូចម្ដេចទេ”។

សំណួរមិនមែនថា តើយើងនឹងជួបការសាកល្បងឬអត់នោះទេ ប៉ុន្តែគឺថា តើយើងនឹងឆ្លើយតបចំពោះវាយ៉ាងដូចម្ដេច។ យ៉ាកុបបន្តថា៖

ដោយដឹងថា ការល្បងលមើលសេចក្ដីជំនឿនៃអ្នករាល់គ្នានោះ បណ្ដាលឲ្យមានសេចក្ដីខ្ជាប់ខ្ជួន [ការអត់ធ្មត់] ចូរទុកឲ្យសេចក្ដីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសម្រេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ។

ធាតុដ៏សំខាន់មួយនៃចរិតលក្ខណៈជាគ្រីស្ទបរិស័ទ គឺការអត់ធ្មត់។ ដរាបណាយើងមិនទាន់អភិវឌ្ឍការអត់ធ្មត់នៅឡើយ នៅមានគោលដៅខ្លះៗរបស់ព្រះ ដែលយើងមិនអាចទៅដល់បានឡើយ។ ការអត់ធ្មត់កើតឡើងតាមរយៈការសាកល្បងជំនឿរបស់យើង។ តាមពិត មានតែវិធីមួយគត់ក្នុងការរៀនអំពីការអត់ធ្មត់ គឺត្រូវអត់ធ្មត់។

លោកយ៉ាកុបបាននិយាយថា “ចូរទុកឲ្យសេចក្ដីខ្ជាប់ខ្ជួន [ការអត់ធ្មត់] នោះ បានធ្វើការឲ្យសម្រេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ”។ នេះគឺជាគោលដៅរបស់ព្រះសម្រាប់អ្នក គឺឲ្យអ្នកមានភាពចាស់ទុំ និងមានចរិតលក្ខណៈជាគ្រីស្ទបរិស័ទដែលពេញលេញ។

សំណួរគឺថា៖ តើអ្នកចង់ក្លាយជាមនុស្សដែលមានភាពចាស់ទុំ និងពេញលេញ ដោយមិនខ្វះអ្វីនោះឬ? ប្រសិនបើអ្នកចង់ នោះអ្នកត្រូវឆ្លងកាត់ដំណើរការនោះ ហើយជាពិសេសដំណើរការនោះរួមបញ្ចូលទាំង “ស្រះទឹកដ៏ល្វីង” របស់អ្នកផងដែរ។

កំឡុងពេលនៃការសាកល្បង អាចធ្វើឲ្យជំនឿរបស់លោកអ្នកកាន់តែខ្លាំងឡើង

ការរអ៊ូរទាំមិនមែនជាវិធីដោះស្រាយបញ្ហារបស់អ្នកទេ ប៉ុន្តែជាវិធីធ្វើឲ្យបញ្ហាទាំងនោះកាន់តែធំឡើង។ អ្នកនឹងមិនអាចរកឃើញផ្លូវចេញពីបញ្ហារបស់អ្នក ដោយការរអ៊ូរទាំឡើយ។ នៅលើច្រាំងនៃស្រះទឹកដ៏ល្វីង លោកម៉ូសេបានអធិស្ឋាន និងអំពាវនាវទៅកាន់ព្រះ។ គ្មានប្រភពជំនួយផ្សេងទៀតក្រៅពីព្រះទេ។ ហើយនៅពេលលោកម៉ូសេជ្រើសរើសអធិស្ឋាន ជាជាងរអ៊ូរទាំ នោះព្រះបានឆ្លើយតបដោយបង្ហាញអង្គទ្រង់តាមរបៀបថ្មីមួយ។

គោលបំណងរបស់ព្រះក្នុងការនាំពួកអ៊ីស្រាអែល ទៅដល់ស្រះទឹកដ៏ល្វីង គឺដើម្បីជួយឲ្យពួកគេរៀនអំពីការអត់ធ្មត់។ ទ្រង់បានដាក់ពួកគេនៅក្នុងស្ថានភាពមួយ ដែលការបង្ហាញអង្គទ្រង់ដែលទ្រង់មានសម្រាប់ពួកគេ គឺសមស្របនឹងស្ថានភាពនោះ។ វាជាការបង្ហាញពីរយ៉ាង។ ទីមួយ ទ្រង់បានបង្ហាញដល់ពួកគេអំពី ដើមឈើ ដែលជាមធ្យោបាយនៃការប្រោសឲ្យជា។ ទីពីរ ហើយសំខាន់ជាងនេះទៅទៀត ទ្រង់បានបើកសម្ដែងអង្គទ្រង់ដល់ពួកគេក្នុងទម្រង់ថ្មីមួយ៖ គឺជាព្រះអម្ចាស់ជាអ្នកដែលប្រោសពួកគេឲ្យជា។

ការខកចិត្ត គឺជារឿងមួយដែលស្ទើរតែយើងគ្រប់គ្នាត្រូវប្រឈមមុខ។ នៅពេលអ្នកមានសេចក្ដីសង្ឃឹមខ្ពស់ អ្នកកំពុងបន្តដំណើរទៅមុខ ហើយអ្វីៗហាក់ដូចជាប្រព្រឹត្តទៅយ៉ាងល្អ ប៉ុន្តែភ្លាមៗនោះ អ្វីៗទាំងអស់ក៏បែកបាក់ និងរលំរលាយទៅវិញ ដោយបន្សល់ទុកតែសេចក្ដីសង្ឃឹមដែលខកចិត្ត។ នោះហើយគឺជាស្រះទឹកដ៏ល្វីង។

អ្វីដែលខ្ញុំចង់ឲ្យអ្នកយល់គឺថា៖ ព្រះបាននាំអ្នកមកដល់ស្រះទឹកដ៏ល្វីងនោះ។ ទ្រង់មានអ្វីល្អសម្រាប់អ្នកនៅទីនោះ ប្រសិនបើអ្នកឆ្លើយតបដោយវិធីត្រឹមត្រូវ។

នៅពេលអ្វីៗដំណើរការល្អ ហើយជីវិតមានភាពងាយស្រួល ពួកយើងភាគច្រើនមានទំនោររស់នៅក្នុងកម្រិតទាប។ យើងពេញចិត្តនឹងស្ថានភាពដែលមានស្រាប់ ពេញចិត្តនឹងការទៅព្រះវិហារ ថ្វាយដង្វាយមួយភាគក្នុងដប់ អធិស្ឋាន និងរស់នៅដោយគួរសម។ ប៉ុន្តែ ព្រះមានអ្វីដែលជ្រាលជ្រៅជាងនេះសម្រាប់យើង។ ទ្រង់នាំយើងមកដល់ស្រះទឹកដ៏ល្វីង។ បន្ទាប់មក នៅក្នុងភាពឈឺចាប់ និងការខកចិត្តយ៉ាងជ្រាលជ្រៅ យើងអំពាវនាវទៅកាន់ព្រះ ដូចដែលលោកម៉ូសេបានធ្វើ។ ហើយនៅពេលដែលយើងធ្វើដូច្នេះ យើងទទួលបានការបើកសម្ដែងពីទ្រង់យ៉ាងជ្រាលជ្រៅ និងពេញលេញជាងមុន ដែលអាចទទួលបានតែនៅលើច្រាំងនៃស្រះទឹកដ៏ល្វីងនោះប៉ុណ្ណោះ។

របៀបប្រែក្លាយស្រះទឹកដ៏ល្វីងទៅជាទឹកដ៏ផ្អែម

ខាងក្រោមនេះ គឺជាជំហានសាមញ្ញ និងជាក់ស្ដែង ដែលអ្នកអាចអនុវត្តបាន៖

  • ១. ទទួលស្គាល់ថា “ស្រះទឹកដ៏ល្វីង” គឺជាផ្នែកមួយនៃផែនការរបស់ព្រះសម្រាប់ជីវិតរបស់អ្នក។ ទ្រង់ជ្រាបអំពីវាទាំងអស់ ហើយទ្រង់ក៏មានដំណោះស្រាយផងដែរ។
  • ២. អនុញ្ញាតឲ្យព្រះ ដោះស្រាយចំណុចខ្វះខាតក្នុងចរិតលក្ខណៈរបស់អ្នក ដែលត្រូវបានបើកបង្ហាញដោយស្រះទឹកដ៏ល្វីង។ ប្រសិនបើអ្នកបានរអ៊ូរទាំ នៅពេលដែលអ្នកគួរតែអធិស្ឋាន នោះមានអ្វីមួយនៅក្នុងអ្នក ដែលព្រះវិញ្ញាណបរិសុទ្ធត្រូវធ្វើការកែប្រែ។
  • ៣. ដោយជំនឿ ទទួលយកអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់អ្នកនៅលើឈើឆ្កាង។ “ទ្រង់បានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ផ្ទាល់នៅលើដើមឈើ ដើម្បីឲ្យយើងស្លាប់ខាងឯបាប ហើយរស់នៅសម្រាប់សេចក្ដីសុចរិត។ ដោយស្នាមរបួសរបស់ទ្រង់ អ្នកត្រូវបានប្រោសឲ្យជា”។
  • ៤. អរព្រះគុណព្រះជាម្ចាស់ សម្រាប់អ្វីដែលព្រះយេស៊ូវបានធ្វើជំនួសអ្នក។ ចាប់ផ្ដើមទទួលយក ដោយការអរព្រះគុណទ្រង់សម្រាប់អ្វីក៏ដោយដែលអ្នកត្រូវការ៖ ការអត់ទោស ការប្រោសឲ្យជា (ទាំងផ្លូវអារម្មណ៍ ឬផ្លូវរូបកាយ) ការរួចផុតពីការអន់ចិត្ត ភាពល្វីងជូរចត់ ការបះបោរ ឬភាពច្របូកច្របល់។

ការអរព្រះគុណព្រះជាម្ចាស់ដោយជំនឿ គឺប្រៀបដូចជាការបោះដើមឈើនោះចូលទៅក្នុងទឹក។ ការបង្ហាញជំនឿដ៏បរិសុទ្ធបំផុតដែលអ្នក និងខ្ញុំអាចធ្វើបាន គឺគ្រាន់តែអរព្រះគុណព្រះជាម្ចាស់ ដោយមិនទាន់ឃើញការផ្លាស់ប្ដូរ ឬរង់ចាំភស្តុតាងបញ្ជាក់ ប៉ុន្តែ ជឿលើអ្វីដែលព្រះមានបន្ទូលអំពីឈើឆ្កាងរបស់ព្រះយេស៊ូវ។ ការអរព្រះគុណទ្រង់ បញ្ចេញអំណាចដ៏អស្ចារ្យរបស់ព្រះឲ្យប្រែក្លាយទឹកដ៏ល្វីងទៅជាទឹកដ៏ផ្អែម។