នៅពេលដែលយើងឈានចូលដល់រដូវបុណ្យព្រះអង្គមានព្រះជន្មរស់ ចិត្ត និងគំនិតរបស់យើងត្រូវបាននាំឲ្យផ្តោតទៅលើជ័យជម្នះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិទាំងមូល គឺការរស់ឡើងវិញរបស់ ព្រះយេស៊ូវគ្រីស្ទ។ សំបុត្រដែលជាកេរដំណែលនៃការបង្រៀននេះ ត្រូវបានកែសម្រួលចេញ ពីកូនសៀវភៅរបស់លោក ដេរេក ព្រីនស៍ ដែលមានចំណងជើងថា "សេចក្តីសង្ឃឹមលើសពីទុក្ខព្រួយ"។

ការរស់ឡើងវិញរបស់ព្រះគ្រីស្ទ ធានាដល់យើងនូវជ័យជម្នះលើសត្រូវទាំងអស់របស់យើង ជាពិសេសលើសេចក្តីស្លាប់។ សាសនាណាមួយ ដែលមិន មានចម្លើយដ៏គ្រប់គ្រាន់ ចំពោះបញ្ហាសេចក្តីស្លាប់ នោះមិនអាចបំពេញតម្រូវការដ៏ជ្រាលជ្រៅបំផុតរបស់មនុស្សជាតិបានឡើយ។ ខ្ញុំជឿថា គ្រីស្ទាន គឺជាសាសនាតែមួយគត់ ដែលមានចម្លើយសម្រាប់ បញ្ហានេះ។ ហើយចម្លើយនោះបានមកតាមរយៈ ការសុគត និងការរស់ឡើងវិញរបស់ព្រះយេស៊ូវ។

ព្រះគ្រីស្ទមានជ័យជម្នះដោយការរស់ឡើងវិញ

រូបភាពដ៏រុងរឿងមួយនៃព្រះគ្រីស្ទ ក្នុងនាមជាព្រះអង្គដែលបានមានជ័យជម្នះដោយការរស់ឡើងវិញ ត្រូវបានកត់ត្រាទុកនៅក្នុងកណ្ឌគម្ពីរវិវរណៈ។ នេះគឺជារបៀបដែលព្រះយេស៊ូវ បានបង្ហាញអង្គទ្រង់ដល់ សាវ័កយ៉ូហាននៅលើកោះប៉ាតម៉ុស៖

ហើយនៅថ្ងៃនៃព្រះអម្ចាស់ ខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ នោះក៏ឮសំឡេងបន្លឺឡើង ដូចជាសូរត្រៃនៅខាងក្រោយខ្ញុំថា… អញ្ញគឺជា អាលផា និងជាអូមេកា គឺជាដើមហើយជាចុង ខ្ញុំក៏បែរខ្លួនទៅមើលសំឡេងដែលមានបន្ទូលមកខ្ញុំនោះ លុះបែរខ្លួនទៅហើយ នោះក៏ឃើញជើងចង្កៀងមាស ៧ នៅត្រង់កណ្តាលជើងចង្កៀងទាំង៧នោះ ឃើញមាន១អង្គ ដូចជាកូនមនុស្ស… ហើយព្រះភក្ត្រទ្រង់ ដូចជាថ្ងៃភ្លឺពេញអំណាច កាលខ្ញុំឃើញទ្រង់ នោះខ្ញុំដួលនៅទៀបព្រះបាទាទ្រង់ដូចជា ស្លាប់ តែទ្រង់ដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយបន្ទូលថា កុំខ្លាចអ្វីឡើយ អញជាដើមហើយជាចុង ជាព្រះដ៏រស់នៅ អញបានស្លាប់ តែមើលអញរស់នៅ អស់កល្បជានិច្ចរៀងរាបតទៅវិញ អញក៏មានកូនសោនៃសេចក្តីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ។ (វិវរណៈ 1:10–11ក, 12–13ក, 168–18)

ខគម្ពីរនេះ គឺជាការពិពណ៌នាអំពីព្រះគ្រីស្ទដែលបានរស់ឡើងវិញ៖ "ព្រះបាទាទ្រង់ដូចជាលង្ហិនរលីងដែលភ្លឺផ្លេកៗ…. ព្រះសូរសៀងទ្រង់ដូចជាសូរនៃទឹកច្រើន… ព្រះសិរសា នឹងព្រះកេសាទ្រង់សដូចជារោម ចៀមដែលស ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង… ក៏មានដាវមុខ២ដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក។”

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ មុនពេលព្រះយេស៊ូវរស់ឡើងវិញ សាវ័កយ៉ូហានធ្លាប់ផ្អែកក្បាលរបស់គាត់លើព្រះឱរ៉ារបស់ព្រះយេស៊ូវផ្ទាល់។ គាត់មានទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានអារម្មណ៍សុខស្រួលជាមួយទ្រង់យ៉ាងខ្លាំង។ ប៉ុន្តែ នៅពេលគាត់បានជួបព្រះគ្រីស្ទដែលបានរស់ឡើងវិញ ត្រូវបានលើកតម្កើងក្នុងសិរីល្អ គាត់ត្រូវបានព្រះចេស្តា និងសិរីល្អរបស់ទ្រង់គ្របដណ្តប់ទាំងស្រុង សាវ័កយ៉ូហាន ខ្លួនឯងបាននិយាយថា៖ "ខ្ញុំក្លាយដូច ជាមនុស្សស្លាប់ម្នាក់" ។ ការនេះបង្ហាញឲ្យឃើញពីទំហំដ៏អស្ចារ្យនៃព្រះចេស្តា និងសិរីល្អ ដែលត្រូវបានសម្តែងឡើងនៅក្នុងព្រះគ្រីស្ទ ដែលបានរស់ឡើងវិញ។

ជ័យជំនះលើសេចក្តីស្លាប់

យើងដឹងតាមរយៈការសិក្សារបស់យើងថា ដោយសារការរស់ឡើងវិញរបស់ព្រះយេស៊ូវ សេចក្តីស្លាប់ត្រូវបានបរាជ័យ។ ព្រះយេស៊ូវបានដកអំណាច និងទ្រនិចនៃសេចក្តីស្លាប់ចេញ។

ដ្បិតត្រូវតែរូបកាយដ៏ពុករលួយនេះ បានប្រដាប់ ដោយសេចក្ដីមិនពុករលួយវិញ ហើយរូបកាយដែលរមែងស្លាប់នេះ ត្រូវតែបានប្រដាប់ដោយ សេចក្តីមិនចេះស្លាប់វិញដែរ កាលណារូបកាយពុករលួយនេះ បានប្រដាប់ដោយសេចក្តីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្តីមិនចេះស្លាប់វិញ នោះទើបនឹងបានសំរេចតាមពាក្យដែលចែងទុកមកថា «សេចក្តី ជ័យជំនះបានលេបសេចក្តីស្លាប់បាត់ហើយ» [ជ័យជម្នះរបស់ព្រះគ្រីស្ទបានលេបសេចក្តីស្លាប់] «ឱសេចក្តីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្តី ស្លាប់អើយ ជ័យជំនះរបស់ឯងនៅឯណា» រីឯ ទ្រនិចនៃសេចក្តីស្លាប់ គឺជាអំពើបាប ហើយអំណាចរបស់បាប គឺជាក្រិត្យវិន័យតែអរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជំនះ ដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង។ (១កូរិនថូស 15:53–57)

ព្រះយេស៊ូវបានដកទ្រនិចនៃសេចក្តីស្លាប់។ ឥឡូវនេះ សេចក្តីស្លាប់ក្លាយជាអ្នកបម្រើដល់គោលបំណងរបស់ព្រះ ជាសត្រូវដែលបានចាញ់រួចហើយ និងកំពុងរង់ចាំថ្ងៃដែលនឹងត្រូវបំផ្លាញទាំងស្រុង។

ពីសេចក្តីស្លាប់ទៅកាន់ជីវិត

ដោយសារជ័យជម្នះរបស់ព្រះគ្រីស្ទលើសេចក្តីស្លាប់ ខ្ញុំចង់បង្ហាញអំពីព្រះបន្ទូលសន្យាមួយចំនួន ដែលព្រះយេស៊ូវបានមានបន្ទូលទុកជាមុន ដោយផ្អែកលើជ័យជម្នះរបស់ទ្រង់។ នៅពេលទ្រង់ប្រើឃ្លាថា «ប្រាកដមែន» នោះមានន័យថា ព្រះបន្ទូលដែលទ្រង់ នឹងមានបន្ទូលបន្ទាប់ គឺមានសិទ្ធិអំណាច និងអាចទុកចិត្តបានទាំងស្រុង។

ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលស្ដាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមក អ្នកនោះមានជីវិតដ៏នៅអស់ កល្បជានិច្ច ហើយមិនដែលត្រូវជំនុំជំរះឡើយ គឺបានកន្លងហួសពីសេចក្តីស្លាប់ទៅដល់ជីវិតវិញ។ (យ៉ូហាន 5:24)

សូមកត់សម្គាល់ថា សេចក្តីពិតនេះត្រូវបានបញ្ជាក់ថា ជាអ្វីដែលបានកើតឡើងរួចហើយ។ វាមិនមែនជាអ្វីដែលនឹងកើតឡើងនៅពេលអនាគតទេ។ តាមរយៈជំនឿរបស់យើងលើការសុគត និងការរស់ឡើង វិញរបស់ព្រះយេស៊ូវគ្រីស្ទ យើងបានឆ្លងផុតពីសេចក្តីស្លាប់ទៅកាន់ជីវិតរួចហើយ។ សេចក្តីស្លាប់មិនមានអំណាចលើយើងទៀតទេ ហើយក៏លែងមានសិទ្ធិទាមទារអ្វីពីយើងទៀតដែរ។ សេចក្តីស្លាប់គ្រាន់តែជាទ្វារចូលទៅកាន់ជីវិតថ្មីមួយប៉ុណ្ណោះ។ នៅក្នុង យ៉ូហាន 8:51-52 យើងបានទទួលសេចក្តីសន្យានេះពីព្រះយេស៊ូវផ្ទាល់៖ "ប្រាកដ មែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណាកាន់តាមពាក្យខ្ញុំ អ្នកនោះមិនត្រូវឃើញសេចក្តីស្លាប់… បើអ្នកណាកាន់តាមពាក្យខ្ញុំ នោះមិនដែលភ្លក់សេចក្តីស្លាប់ នៅអស់កល្បរៀងទៅវិញ"។

តើអ្នកអាចជឿសេចក្តីពិតនេះ សម្រាប់ខ្លួនអ្នក និងសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នកបានទេ?" នេះគឺជាព្រះបន្ទូលសន្យាដែលចេញពីព្រះឱស្ឋរបស់ព្រះយេស៊ូវផ្ទាល់។ ទ្រង់មិនបានមានបន្ទូលថា យើងនឹងមិនជួបប្រទះការស្លាប់ខាងរូបកាយឡើយ។ ប៉ុន្តែ ទ្រង់បានមានបន្ទូលថា សេចក្តីស្លាប់ និងស្ថានមនុស្សស្លាប់ លែងមានសិទ្ធិអំណាចលើយើងទៀតហើយ។ ការគ្រប់គ្រងដែលពួកវាធ្លាប់មានលើយើង ត្រូវបាន លុបបំបាត់ដោយព្រះនាម និងព្រះលោហិតរបស់ព្រះយេស៊ូវ។ នៅពេលយើងប្រឈមមុខនឹងសេចក្តីស្លាប់ យើងមិនកំពុងធ្លាក់ចុះទៅក្នុងនគរនៃសេចក្តីងងឹតឡើយ។ ផ្ទុយទៅវិញ យើងកំពុងចូលទៅក្នុងព្រះវត្តមានរបស់ព្រះ។ នេះគឺជាការធានាដែលយើងមាន តាមរយៈជំនឿលើព្រះយេស៊ូវ ។

ការរស់ឡើងវិញនៃមនុស្សសុចរិត

ជាផ្នែកមួយដ៏សំខាន់នៃការយាងមកវិញរបស់ព្រះយេស៊ូវ ការរស់ឡើងវិញនៃមនុស្សសុចរិតដែលជាអ្នកជឿនឹងកើតឡើង។ ដោយទទួលការបើកសម្តែងពីព្រះ នេះគឺជារបៀបដែលសាវ័កប៉ុលបានពិពណ៌នាអំពីព្រឹត្តិការណ៍នោះ៖

បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាឥតដឹងពីពួកអ្នកដែលដេកលក់ទៅហើយទេ ក្រែងអ្នករាល់គ្នាកើតទុក្ខព្រួយដូចជាអ្នកឯទៀត ដែលគ្មានសង្ឃឹម ដ្បិតបើយើងជឿថាព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញហើយ នោះត្រូវជឿថា ព្រះទ្រង់នឹងនាំអស់អ្នកដែលដេកលក់ទៅក្នុងព្រះយេស៊ូវ ឲ្យបានមកជាមួយនឹងទ្រង់ដែរ [គឺអ្នកដែលបានស្លាប់ក្នុងជំនឿ] ដ្បិតយើងខ្ញុំប្រាប់មកអ្នករាល់គ្នា តាមព្រះបន្ទូលនៃព្រះអម្ចាស់ដូច្នេះថា យើងដែលរស់នៅជាប់ដរាបដល់ព្រះអម្ចាស់យាងមក នោះយើងមិនទៅមុនពួកអ្នកដែលបានដេកលក់ទៅហើយនោះទេ ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា នឹងត្រៃរបស់ ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះយើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ ដូច្នេះ ចូរកំសាន្តចិត្តគ្នាទៅវិញទៅមកដោយដំណើរនេះចុះ។ (១ថៃស្សាឡូនិច្ច 4:13–18)

យើងត្រូវចងចាំថា ព្រះបន្ទូលទាំងនេះត្រូវបានប្រទានមក ដើម្បីជាការលើកទឹកចិត្តនិងការកម្សាន្តចិត្តយើង។

យើងនឹងបានផ្លាស់ប្រែ

ព្រឹត្តិការណ៍ដដែលនេះ ត្រូវបានសាវ័កប៉ុលពិពណ៌នាម្តងទៀតនៅក្នុងកណ្ឌគម្ពីរ ១ កូរិនថូស៖

នែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្ដី​អាថ៌‌កំបាំង គឺ​ថា​យើង​ទាំង​អស់​គ្នា​នឹង​មិន​ដេក​លក់​ទៅ​ទេ តែ​ទាំង​អស់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ​ក្នុង​១​រំពេច​វិញ គឺ​ក្នុង​១​ប៉ប្រិច‌ភ្នែក​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឮ​សូរ​ត្រែ​ក្រោយ​បង្អស់ ដ្បិត​ត្រែ​នឹង​ឮ​ឡើង​មែន នោះ​ពួក​ស្លាប់​នឹង​រស់​ឡើង​វិញ មិន​ពុក‌រលួយ​ទៀត​ឡើយ រួច​យើង​រាល់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ ។ (១កូរិនថូស 15:51–52)

ពាក្យ «ដេកលក់» នៅក្នុងបទគម្ពីរទាំងនេះ ត្រូវបានប្រើសម្រាប់តែអ្នកដែលស្លាប់នៅក្នុងជំនឿប៉ុណ្ណោះ ពីព្រោះវាបង្ហាញពីការភ្ញាក់ឡើងវិញ។ តើការនោះនឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យប៉ុណ្ណា!

ខ្ញុំចូលចិត្តពាក្យថា “ក្នុង១ប៉ប្រិចភ្នែក” ខ្លាំងណាស់។ វាមានន័យថា នៅគ្រាមួយ អ្នក និងខ្ញុំ ក្នុងនាមជាអ្នកជឿ អាចកំពុងសម្លឹងមើលគ្នាទៅវិញទៅមក។ បន្ទាប់មក នឹងមានពន្លឺដ៏ចែងចាំងមួយភ្លឺឡើង ដែលធ្វើឲ្យយើងព្រិចភ្នែកមួយរំពេច។ នៅពេលយើងបើកភ្នែកឡើងវិញ យើងនឹងឃើញគ្នាទៅវិញទៅមក ក្នុងសភាពថ្មីទាំងស្រុង។ ក្នុងមួយរំពេចនោះ រូបកាយខាងសាច់ឈាមរបស់យើងនឹងត្រូវបានផ្លាស់ប្រែទាំងស្រុង ដោយព្រះចេស្តាដ៏អស្ចារ្យរបស់ព្រះ។ នោះហើយជាក្តីសង្ឃឹមដ៏ រុងរឿង ដែលកំពុងរង់ចាំអ្នកជឿពិតប្រាកដគ្រប់រូបនៅខាងមុខ។

យើងនឹងបានដូចជាទ្រង់

ពួកស្ងួនភាអើយ ឥឡូវនេះយើងរាល់គ្នាជាកូនព្រះហើយ តែដែលយើងរាល់គ្នានឹងបានទៅជាយ៉ាងណាទៀត នោះមិនទាន់សំដែងមកនៅឡើយ ប៉ុន្តែ យើងដឹងថា កាលណាទ្រង់លេចមក នោះយើងនឹងបានដូចជាទ្រង់ ដ្បិតដែលទ្រង់យ៉ាងណា នោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង។ (១យ៉ូហាន 3:2)

យើងគឺជាកូនរបស់ព្រះជាម្ចាស់រួចហើយ តាមរយៈជីវិតខាងក្នុងដែលយើងមាន៖

…ព្រះ‌គ្រីស្ទទ្រង់សណ្ឋិតនៅក្នុងអ្នករាល់គ្នា ដែលជាទីសង្ឃឹមយ៉ាងឧត្តម។ (កូល៉ុស 1:27)

ប៉ុន្តែការបើកសម្តែងពេញលេញនៃជីវិតនោះ នៅក្នុងរូបកាយ ខាងក្រៅរបស់យើង នឹងកើតឡើងតែនៅពេលដែលព្រះយេស៊ូវយាងមក ក្នុងសិរីល្អរបស់ទ្រង់ប៉ុណ្ណោះ។ នៅពេលនោះ យើងនឹង់បានដូចជាទ្រង់។ យើងនឹងទទួលបានរូបកាយ ដូចជារូបកាយរបស់ទ្រង់ ដ្បិតដែលទ្រង់ យ៉ាងណា នោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង។

នឹងមានការបើកសម្តែងអំពីព្រះគ្រីស្ទ ដែលបានរស់ឡើងវិញពេញដោយសិរីល្អ និងត្រូវបានលើកតម្កើង ដល់ពួកអ្នកជឿដែលកំពុងរង់ចាំទ្រង់ ហើយនឹងមានអំណាចផ្លាស់ប្រែយ៉ាងអស្ចារ្យ។ ការបើកសម្តែងនោះ នឹងផ្លាស់ប្រែរូបកាយដែលរមែងស្លាប់របស់យើង ឲ្យទៅជារូបកាយមិនចេះស្លាប់ រូបកាយទន់ខ្សោយរបស់យើង ឲ្យទៅជារូបកាយដ៏មានកម្លាំង រូបកាយដែលគួរឲ្យអាម៉ាស់របស់យើង ឲ្យទៅជារូបកាយប្រកបដោយសិរីល្អ និងរូបកាយដែលពុករលួយរបស់យើង ឲ្យទៅជារូបកាយមិនចេះពុករលួយវិញ។

លោកប៉ុល បាននិយាយ នៅក្នុង ភីលីព 3:21 ថា៖

“…តាមដែលព្រះចេស្តាទ្រង់ពូកែនឹងបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នៅក្រោមអំណាចទ្រង់ផង។”

តើអ្នកជឿលើសេចក្តីនេះឬទេ? តើអ្នកជឿថា ព្រះយេស៊ូវអាចដាក់អ្វីៗទាំងអស់ឱ្យស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គបានឬទេ សូម្បីតែរូបកាយដ៏ទន់ខ្សោយ និងពុករលួយរបស់យើង? ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងបានដូចព្រះអង្គ គឺរូបកាយរបស់យើងនឹងត្រូវបានផ្លាស់ប្រែឱ្យមានលក្ខណៈដូចរូបកាយដ៏ឧត្តមរបស់ព្រះអង្គ។

ប្រសិនបើយើងរក្សាព្រះបន្ទូលដ៏អស្ចារ្យទាំងនេះទុកក្នុងចិត្ត នោះព្រះបន្ទូលទាំងនេះនឹងបន្តលើកទឹកចិត្ត និងជំរុញចិត្តយើងជានិច្ច ឱ្យប្រឈមមុខនឹងសេចក្តីស្លាប់ដោយជ័យជម្នះ។