មូលដ្ឋានគ្រឹះនៃពិធីលៀងព្រះអម្ចាស់

ដេរេក ព្រីនស៍
Published: 2025
Last Updated: November 2026
Read Time: 7
ពិធីលៀងព្រះអម្ចាស់ផ្តោតសំខាន់លើព្រះកាយ និងព្រះលោហិតរបស់ព្រះយេស៊ូវ ដែលទ្រង់បានប្រទានដើម្បីតាំងសញ្ញាថ្មី និងនាំមកនូវការអត់ទោសបាប។ នៅក្នុងសំបុត្របង្រៀននេះ យើងនឹងសិក្សាអំពីប្រភពដើមនៃពិធីលៀងព្រះអម្ចាស់ ចាប់តាំងពីនំប៉័ង និងស្រាទំពាំងបាយជូររបស់លោកម៉ិលគីស្សាដែក រហូតដល់ការបូជាព្រះជន្មរបស់ព្រះយេស៊ូវ ដោយសង្កត់ធ្ងន់លើការពិនិត្យមើលខ្លួនឯង ការអត់ទោស និងការគោរពឱ្យតម្លៃដល់បងប្អូនរួមជំនឿ ក្នុងនាមជាអវយវៈនៃព្រះកាយព្រះគ្រីស្ទ។
នៅក្នុងសៀវភៅ “អំណាចនៃពិធីលៀងព្រះអម្ចាស់” លោកដេរេក ព្រីនស៍ បានបង្រៀនអំពីចំណុចសំខាន់នៃទិដ្ឋភាពទាំងប្រាំពីរ អំពីពិធីបរិសុទ្ធដ៏សំខាន់នេះ ក្នុងសេចក្ដីជំនឿគ្រីស្ទបរិស័ទ។ ខ្លឹមសារនៃសេចក្ដីបង្រៀនប្រចាំខែ ដែលមានចំណងជើងថា “មូលដ្ឋានគ្រឹះនៃពិធីលៀងព្រះអម្ចាស់” បានផ្ដល់ជាមូលដ្ឋានគ្រឹះសម្រាប់ទិដ្ឋភាពទាំងប្រាំពីរ ដែលគាត់បានបំផុសបន្ថែមក្រោយមកទៀត។
ពិធីបរិសុទ្ធដ៏អស្ចារ្យ
ពាក្យមួយចំនួនដែលព្រះយេស៊ូវមានបន្ទូល ហើយពោរពេញដោយសេចក្ដីស្រឡាញ់ និងប៉ះពាល់ដល់ចិត្តមនុស្សបំផុត គឺ៖
“ចូរធ្វើពិធីនេះ ដើម្បីរំឭកពីខ្ញុំចុះ”។
ព្រះអង្គមានបន្ទូលពាក្យទាំងនេះនៅយប់មុនពេលទ្រង់ត្រូវគេឆ្កាង ខណៈដែលទ្រង់កំពុងកាច់នំបុ័ងជាមួយពួកសិស្ស នៅក្នុងបន្ទប់ខាងលើ។
ក្នុងប៉ុន្មានថ្ងៃចុងក្រោយនៃព្រះជន្មរបស់ទ្រង់នៅលើផែនដី ព្រះយេស៊ូវបានធ្វើគ្រប់ការទាំងអស់ដោយមានគោលបំណងយ៉ាងច្បាស់លាស់។ នៅពេលនោះ ទ្រង់បានតាំងពិធីដ៏បរិសុទ្ធមួយ ដែលជាពិធីដ៏មានតម្លៃនិងវិសេសបំផុតសម្រាប់សេចក្ដីជំនឿគ្រីស្ទបរិស័ទរបស់យើង គឺ ពិធីលៀងព្រះអម្ចាស់។
ការជួបដ៏គួរឲ្យចាប់អារម្មណ៍
មនុស្សជាច្រើនប្រហែលជាគិតថា ការសិក្សាអំពីពិធីលៀងព្រះអម្ចាស់គួរតែចាប់ផ្ដើមពីព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់នៅអាហារពេលល្ងាចចុងក្រោយ ដែលព្រះអង្គបានតាំងសញ្ញាថ្មីដោយការកាច់នំបុ័ង និងស្រាទំពាំងបាយជូរ។ ប៉ុន្តែ ខ្ញុំចង់ចាប់ផ្ដើម ដោយពិនិត្យមើលអត្ថបទមួយពីសៀវភៅលោកុប្បត្តិ ជំពូក 14:17-24។ ខគម្ពីរទាំងនេះរៀបរាប់អំពីការជួបដ៏គួរឲ្យចាប់អារម្មណ៍មួយរវាងលោកអាប់រ៉ាម (មុនពេលព្រះទ្រង់ប្ដូរឈ្មោះរបស់គាត់ទៅជា អ័ប្រាហាំ) និងបុគ្គលដ៏អស្ចារ្យ និងអាថ៌កំបាំងបំផុតម្នាក់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺ មិលគីស្សាដែក។
ទោះបីជាសំបុត្រទៅកាន់ជនជាតិហេព្រើរបាននិយាយអំពីមិលគីស្សាដែកយ៉ាងច្រើនក៏ដោយ ក៏គាត់នៅតែជាបុគ្គលដ៏អាថ៌កំបាំងម្នាក់។ មនុស្សជាច្រើនជឿថា ការលេចមករបស់មិលគីស្សាដែកនៅក្នុងលោកុប្បត្តិ ជំពូក ១៤ គឺជាការបង្ហាញអង្គទ្រង់ជាមុន (Christophany) ពោលគឺជាការលេចមករបស់ព្រះយេស៊ូវ មុនពេលទ្រង់យាងមកប្រសូតជាមនុស្ស។
អ្នកប្រហែលជាសួរថា៖ “ហេតុអ្វីបានជាអ្នកចាប់ផ្ដើមប្រធានបទអំពីពិធីលៀងព្រះអម្ចាស់ ដោយប្រើបទគម្ពីរនេះ?” ខ្ញុំចង់ឲ្យអ្នកកត់សម្គាល់នូវចំណុចដ៏សំខាន់មួយ (ប្រសិនបើអ្នកមិនទាន់បានឃើញវា) គឺថា នៅក្នុងការជួបគ្នារវាងមិលគីស្សាដែក និងអាប់រ៉ាមនេះ មិលគីស្សាដែកបានយកនំបុ័ង និងស្រាទំពាំងបាយជូរមកជូនអាប់រ៉ាម។ និមិត្តសញ្ញាទាំងពីរនេះ គឺជានិមិត្តសញ្ញាដដែល ដែលស្ថិតនៅជាចំណុចកណ្ដាលនៃពិធីលៀងព្រះអម្ចាស់ ដែលក្រុមជំនុំគ្រីស្ទបរិស័ទធ្វើរហូតមកដល់សព្វថ្ងៃ។
ភាពជាសង្ឃរបស់លោក មិលគីស្សាដែក
ជាមួយសេចក្ដីផ្ដើមដ៏ខ្លីនេះហើយ ឥឡូវនេះ សូមយើងបង្វែរការយកចិត្តទុកដាក់ទៅកាន់បទគម្ពីរនៅក្នុងលោកុប្បត្តិ ជំពូក ១៤។ នៅពេលនោះ លោកអាប់រ៉ាមទើបតែបានសង្គ្រោះក្មួយរបស់គាត់ គឺលោកឡុត ព្រមទាំងក្រុមគ្រួសាររបស់ឡុត ដោយបានយកមនុស្សទាំងអស់ និងទ្រព្យសម្បត្តិទាំងអស់ ដែលត្រូវបានចាប់យកទៅក្នុងសង្គ្រាមនោះមកវិញ។ យើងនឹងបន្តសាច់រឿងនេះ ដោយចាប់ផ្ដើមពីខទី១៨៖
ហើយមិលគីស្សាដែកជាស្ដេចក្រុងសាឡិម ក៏នាំយកនំបុ័ង នឹងស្រាទំពាំងបាយជូរមក ពីព្រោះទ្រង់ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត ទ្រង់ [មិលគីស្សាដែក] ប្រទានពរដល់គាត់ [អាប់រ៉ាម] ថា សូមឲ្យអាប់រ៉ាមបានពរពីព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌នឹងផែនដី ហើយសូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃឯងរួច គាត់ [អាប់រ៉ាម] ក៏ថ្វាយ១ភាគក្នុង១០ ពីគ្រប់របស់ទាំងអស់ដល់ទ្រង់ [មិលគីស្សាដែក]។ (ខ 18-20)
គួរឲ្យចាប់អារម្មណ៍ណាស់ដែលថា នៅទីនេះ យើងឃើញពាក្យ “សង្ឃ” ត្រូវបានប្រើជាលើកដំបូងនៅក្នុងព្រះគម្ពីរ។ ភាពជាសង្ឃរបស់មិលគីស្សាដែក គឺជាភាពជាសង្ឃដំបូងបង្អស់ និងជាគំរូដើមនៃភាពជាសង្ឃទាំងអស់។ ចំណែកឯភាពជាសង្ឃរបស់ពួកលេវី ដែលត្រូវបានណែនាំប្រហែល ៥០០ ឆ្នាំក្រោយមក ក្រោមក្រឹត្យវិន័យរបស់លោកម៉ូសេវិញ គឺវាជាភាពជាសង្ឃដែលទាបជាង។
ទំនាក់ទំនងដ៏ច្បាស់លាស់
អ្នកសរសេរកណ្ឌគម្ពីរហេព្រើរ បានបង្ហាញពីភាពខុសគ្នាយ៉ាងច្បាស់ជាច្រើន រវាងភាពជាសង្ឃរបស់លោកមិលគីស្សាដែក និងភាពជាសង្ឃរបស់ពួកលេវី។ អ្វីដែលសំខាន់បំផុតនោះ គឺព្រះគម្ពីរបញ្ជាក់ថា ព្រះយេស៊ូវជាសង្ឃ មិនមែនតាមរបៀបរបស់លេវីទេ ប៉ុន្តែតាមរបៀបរបស់មិលគីស្សាដែក។ ដូចមានចែងនៅក្នុងហេព្រើរ ៧:១៧ ថា៖
“ដ្បិតមានសេចក្ដីបន្ទាល់ពីទ្រង់ [ព្រះយេស៊ូវ] ថា ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកមិលគីស្សាដែក”។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ប្រសិនបើអ្នកសិក្សាពីបទបញ្ជានៃភាពជាសង្ឃតាមរបៀបពួកលេវី អ្នកនឹងឃើញថា សង្ឃលេវីមិនដែលមានអ្វីផ្ដល់ឲ្យរាស្ត្ររបស់ព្រះ លើសពីអ្វីដែលរាស្ត្ររបស់ព្រះបានយកមកថ្វាយពួកគេជាមុននោះឡើយ។ ប៉ុន្តែលោក មិលគីស្សាដែក បានឲ្យដល់លោកអាប់រ៉ាម នូវអ្វីដែលលោកអាប់រ៉ាមមិនធ្លាប់បានថ្វាយដល់គាត់សោះ គឺ នំបុ័ង និងស្រាទំពាំងបាយជូរ។
ដោយបានដាក់គ្រឹះនៃការយល់ដឹងនេះហើយ ឥឡូវនេះ សូមយើងបង្វែរការយកចិត្តទុកដាក់ទៅកាន់ការរៀបរាប់អំពីពិធីលៀងព្រះអម្ចាស់។ យើងនឹងអានគម្ពីរម៉ាថាយ ២៦:២៦-២៩ ដែលពិពណ៌នាអំពីព្រឹត្តិការណ៍នៅក្នុងអាហារពេលល្ងាចចុងក្រោយ ជាពេលដែលព្រះយេស៊ូវបានបង្កើតពិធីលៀងព្រះអម្ចាស់ (Eucharist)។ ខគម្ពីរទាំងនេះបង្ហាញអំពីពេលវេលាដ៏ជ្រាលជ្រៅ និងមានអត្ថន័យបំផុតមួយនៅក្នុងគម្ពីរទាំងមូល។
គ្រាដែលកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យកនំបុ័ង ហើយកាលទ្រង់បានប្រទានពរ [បានប្រទានពររួច ឬបានអរព្រះគុណរួច] នោះក៏កាច់ប្រទានទៅពួកសិស្ស ដោយបន្ទូលថា ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ រួចទ្រង់យកពែងមកប្រទានពរ ក៏ហុចទៅឲ្យគេ ដោយបន្ទូលថា ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សម្រាប់មនុស្សជាច្រើន ប្រយោជន៍នឹងផ្ដាច់បាប តែខ្ញុំប្រាប់អ្នករាល់គ្នាថា ពីនេះទៅមុខ ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃណាដែលខ្ញុំនឹងផឹកជាថ្មី ជាមួយនឹងអ្នករាល់គ្នានៅក្នុងនគរព្រះវរបិតានៃខ្ញុំ។ (ម៉ាថាយ 26:26-29)
ការលេចឡើងវិញនៃភាពជាសង្ឃដំបូង
តើការដែលព្រះយេស៊ូវយកនំបុ័ង ហើយបន្ទាប់មកស្រាទំពាំងបាយជូរមកប្រគល់ឲ្យពួកសិស្ស មានអត្ថន័យអ្វី? តើទ្រង់កំពុងមានបន្ទូលអ្វីទៅកាន់ពួកគេ? ទ្រង់កំពុងមានបន្ទូលថា៖ "នៅក្នុងខ្ញុំ អ្នករាល់គ្នាកំពុងឃើញភាពជាសង្ឃរបស់លោកមិលគីស្សាដែក លេចឡើងវិញ។ ក្នុងអំឡុងពេលដែលក្រឹត្យវិន័យជាសម្ពន្ធមេត្រី ភាពជាសង្ឃនេះត្រូវបានផ្អាកទុកមួយរយៈ។ ប៉ុន្តែឥឡូវនេះ ក្នុងសម្ពន្ធមេត្រីថ្មី ភាពជាសង្ឃរបស់មិលគីស្សាដែកកំពុងត្រូវបានស្ដារឡើងវិញ”។
តាមរយៈការយកនំបុ័ង និងស្រាទំពាំងបាយជូរមកប្រគល់នៅក្នុងអាហារពេលល្ងាចចុងក្រោយ ព្រះយេស៊ូវបានតាំងសម្ពន្ធមេត្រីថ្មីដោយព្រះលោហិតរបស់ទ្រង់។ នៅពេលទ្រង់យកពែង នោះទ្រង់មានបន្ទូលថា៖ “ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សម្រាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្ដាច់បាប”។
នេះហើយគឺជាមូលដ្ឋានតាមព្រះគម្ពីរសម្រាប់ការយល់ដឹងអំពីពិធីលៀងព្រះអម្ចាស់។ ពិធីនេះគឺជាការស្ដារឡើងវិញនូវភាពជាសង្ឃរបស់មិលគីស្សាដែក ដែលជាសង្ឃដ៏ខ្ពង់ខ្ពស់បំផុត និងជាភាពជាសង្ឃដើមតាំងពីដំបូង។ លើសពីនេះទៅទៀត និមិត្តសញ្ញាដែលព្រះយេស៊ូវបានប្រគល់ដល់ពួកសិស្ស គឺជានិមិត្តសញ្ញាដដែល ដែលមិលគីស្សាដែកបានប្រគល់ដល់លោកអាប់រ៉ាម គឺ នំបុ័ង និងស្រាទំពាំងបាយជូរ។ តាមរយៈពិធីលៀងព្រះអម្ចាស់ ព្រះយេស៊ូវបានស្ដារឡើងវិញនូវភាពជាសង្ឃតាមរបៀបមិលគីស្សាដែក ព្រមទាំងស្ដារឡើងវិញនូវនិមិត្តសញ្ញាដ៏វិសុទ្ធ ដែលយើងប្រើក្នុងការធ្វើពិធីលៀងព្រះអម្ចាស់រហូតមកដល់សព្វថ្ងៃ។
ការពិចារណាឃើញរូបអង្គនៃព្រះអម្ចាស់
ខ្ញុំផ្ទាល់ជឿថា នៅពេលខ្ញុំទទួលទានពិធីលៀងព្រះអម្ចាស់ ដោយបានបំពេញលក្ខខណ្ឌដែលព្រះបានកំណត់រួចហើយ នំបុ័ងដែលខ្ញុំកំពុងទទួលទាននោះ គឺជារូបកាយរបស់ព្រះអម្ចាស់។ ខ្ញុំមិនមែនកំពុងធ្វើពិធីដែលគ្រាន់តែជានិមិត្តសញ្ញាប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំកំពុងចូលរួមក្នុងអ្វីដែលពិតប្រាកដ។ វាមិនមែនគ្រាន់តែជានិមិត្តសញ្ញាទេ តែជារូបកាយរបស់ព្រះអម្ចាស់។ នេះហើយជាអត្ថន័យនៃ “ការពិចារណាឃើញរូបអង្គនៃព្រះអម្ចាស់យ៉ាងត្រឹមត្រូវ” (១ កូរិនថូស 11:29)។
នៅពេលយើងកំពុងទទួលពិធីលៀងព្រះអម្ចាស់ យើងត្រូវមើលឲ្យហួសពីអ្វីដែលភ្នែកមើលឃើញ។ នៅពេលខ្ញុំមើលទៅបងប្អូនប្រុសស្រីដែលអង្គុយក្បែរខ្ញុំ ឬនៅជួរខាងមុខ ខ្ញុំមិនគួរមើលឃើញគ្រាន់តែមនុស្សម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវមើលឃើញថា គាត់គឺជា “សមាជិកម្នាក់នៃរូបកាយរបស់ព្រះគ្រីស្ទ”។ ខ្ញុំត្រូវដឹងថា គាត់គឺជាមនុស្សដែលព្រះយេស៊ូវបានសុគតជំនួស និងបានបង្ហូរព្រះលោហិតរបស់ទ្រង់ដើម្បីសង្គ្រោះពួកគេ។ នៅពេលនោះ ខ្ញុំត្រូវដឹងថា ប្រសិនបើខ្ញុំមិនឲ្យតម្លៃ និងមិនគោរពបងប្អូននោះទេ នោះខ្ញុំកំពុងធ្វើឲ្យព្រះទ័យរបស់ព្រះអម្ចាស់ព្រួយ។
បន្ទាប់មក លោកប៉ុលបានលើកឡើងពីចំណុចសំខាន់មួយទៀត ដោយមានប្រសាសន៍ថា៖
“ត្រូវឲ្យមនុស្សល្បងខ្លួនឯងមើល រួចសឹមបរិភោគនំបុ័ង ហើយផឹកពីពែងនេះចុះ” (១កូរិនថូស11:28)។
ខ្ញុំពិតជាអរព្រះគុណព្រះ ដែលទ្រង់មិនបានបង្គាប់ឲ្យខ្ញុំពិនិត្យមើលអ្នកដទៃ។ តាមពិតទៅ ខ្ញុំមានការងារពេញម៉ោងរួចហើយ គឺ ការពិនិត្យមើលខ្លួនឯង។
ការចូលមកកាន់តុរបស់ព្រះអម្ចាស់
នៅពេលអ្នកគិតអំពីការចូលមកកាន់តុរបស់ព្រះអម្ចាស់ តើមានឥរិយាបថណាមួយនៅក្នុងចិត្តរបស់អ្នកដែលត្រូវប្រែចិត្តដែរឬទេ? តើមាននរណាម្នាក់ដែលអ្នកនៅតែស្អប់ឬ? តើមាននរណាម្នាក់ដែលអ្នកមិនទាន់អត់ទោសឲ្យឬ? ឬតើអ្នកកំពុងតែតស៊ូ ឬមានការមិនចុះសម្រុងជាមួយព្រះផ្ទាល់ឬទេ? បញ្ហាទាំងនេះត្រូវតែដោះស្រាយជាមុន។
ហេតុអ្វីមិនដោះស្រាយរឿងទាំងនេះឥឡូវនេះ ដោយការអធិស្ឋានរួមគ្នា? សូមឲ្យយើងទូលសូមព្រះឲ្យទ្រង់ចាប់ផ្ដើមរៀបចំចិត្តរបស់យើង សម្រាប់ការចូលរួមក្នុងពិធីលៀងព្រះអម្ចាស់ ដោយការអធិស្ឋានដូចខាងក្រោម៖
Prayer Response
ឱព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយ! ទូលបង្គំសូមអរព្រះគុណព្រះអង្គយ៉ាងជ្រាលជ្រៅ សម្រាប់ពិធីដ៏វិសុទ្ធ និងមានតម្លៃនេះ គឺ ពិធីលៀងព្រះអម្ចាស់ ដែលព្រះយេស៊ូវបានប្រទានដល់យើង នៅយប់មុនពេលទ្រង់ត្រូវឆ្កាង។
ទូលបង្គំសូមប្ដេជ្ញាចិត្តថា នឹងចូលរួមក្នុងពិធីដ៏វិសុទ្ធនេះឲ្យបានញឹកញាប់ជាងមុន ដើម្បីប្រកាសអំពីការសុគតរបស់ព្រះអង្គ រំឭកដល់ព្រះអង្គ ទន្ទឹងរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះអង្គ ទទួលស្គាល់រូបកាយរបស់ព្រះគ្រីស្ទ ចូលរួមក្នុងការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ មានសាមគ្គីភាពជាមួយអ្នកជឿទាំងអស់ និងញែកខ្លួនចេញពីការស្វែងរករបស់នៅលោកិយ។ សូមអរព្រះគុណទ្រង់ នៅពេលទូលបង្គំទទួលពិធីនេះ ទូលបង្គំកំពុងទទួលជីវិតពីទ្រង់ និងអបអរសាទរជីវិតដ៏អស់កល្បជានិច្ចដែលទ្រង់បានប្រទានឲ្យទូលបង្គំ។
ឥឡូវនេះ ទូលបង្គំរៀបចំចិត្តរបស់ទូលបង្គំដើម្បីជួបទ្រង់ នៅគ្រប់ឱកាសដែលទូលបង្គំនឹងមាន ក្នុងការចូលរួមក្នុងពិធីលៀងព្រះអម្ចាស់ដ៏អស្ចារ្យនេះ។ ទូលបង្គំសូមអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន!

ទាញយកដោយឥតគិតថ្លៃ
សេចក្តីបង្រៀននេះអាចទាញយក បោះពុម្ព និងចែករំលែកសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬក្នុងព្រះវិហារ។
ទាញយក PDFកូដ: TL-L161-100-KHM










