ការសោយរាជ្យជាមួយព្រះគ្រីស្ទ

ដេរេក ព្រីនស៍
Published: 2020
Last Updated: November 2026
Read Time: 9
ការប្រោសលោះមិនមែនគ្រាន់តែជាការសង្គ្រោះឱ្យរួចផុតពីស្ថាននរកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរៀបចំយើងឱ្យមានចំណែកក្នុងការគ្រងរាជ្យជាមួយព្រះគ្រីស្ទ នៅក្នុងនគររបស់ព្រះអង្គដែលនឹងមកដល់ផងដែរ។ ព្រះគម្ពីរបង្ហាញថា ភាពខ្ជាប់ខ្ជួន ចិត្តបន្ទាបខ្លួន ភាពបរិសុទ្ធ និងការស្ដាប់បង្គាប់ដោយសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិត គឺជាលក្ខណៈសម្បត្តិដ៏សំខាន់ក្នុងការត្រៀមខ្លួនសម្រាប់ទំនួលខុសត្រូវនេះ។
ដូចជាការចាប់ផ្ដើមថ្មីទាំងអស់ ការឈានចូលឆ្នាំថ្មី និងទសវត្សរ៍ថ្មី តែងនាំមកនូវសេចក្ដីរំភើប ការទន្ទឹងរង់ចាំ និងក្ដីសង្ឃឹម។ ទោះបីជាយើងមិនយល់ទាំងស្រុងអំពីហេតុការណ៍ដែលកើតឡើងក្នុងជីវិតរបស់យើង ឬអ្វីដែលនឹងកើតឡើងនៅថ្ងៃខាងមុខក៏ដោយ ក៏យើងអាចទុកចិត្តបានថា ព្រះអម្ចាស់តែងតែកំពុងធ្វើការឥតឈប់ឈរ ដើម្បីសម្រេចព្រះបំណងរបស់ទ្រង់ និងកសាងព្រះរាជ្យរបស់ទ្រង់។ តាមពិត ព្រះរាជ្យនេះ គឺជានគរដែលអ្នក និងខ្ញុំនឹងមានចំណែកនៅក្នុងនោះផងដែរ។ ការយល់ដឹងអំពីរបៀបត្រៀមខ្លួនសម្រាប់តួនាទីរបស់យើងនៅក្នុងព្រះរាជ្យដែលនឹងមកដល់របស់ព្រះគ្រីស្ទ នឹងក្លាយជាប្រធានបទសំខាន់នៃមេរៀនដែលជាកេរដំណែលនៃសេចក្ដីបង្រៀនក្នុងឆ្នាំនេះដែលមានចំណងជើងថា “ការត្រៀមខ្លួនដើម្បីសោយរាជ្យជាមួយព្រះគ្រីស្ទ”។
ពេញមួយជីវិតរបស់យើង ព្រះតែងតែកំពុងរៀបចំយើងសម្រាប់អ្វីមួយ។ ខ្ញុំនៅចាំបានយ៉ាងច្បាស់នូវបទពិសោធន៍មួយក្នុងជីវិតរបស់ខ្ញុំ។ នៅពេលខ្ញុំមានអាយុ ១៥ ឆ្នាំ ខ្ញុំបានចូលរៀននៅមហាវិទ្យាល័យ Eton College ប្រទេសអង់គ្លេស ដោយសារអាហារូបករណ៍ដែលខ្ញុំបានទទួលកាលពីឆ្នាំមុន។ ក្រោយមក សាលាបានប្រកាសថា សិស្សទាំងអស់ត្រូវចូលរួមពិធីបញ្ជាក់ជំនឿ (Confirmation) នៅក្នុងព្រះវិហារអង់គ្លីកាន (Anglican Church)។ ប៉ុន្តែនៅពេលនោះ ខ្ញុំបានបាត់បង់ជំនឿលើសាសនាគ្រីស្ទរួចទៅហើយ ហើយខ្ញុំមិនចង់ចូលរួមឡើយ។ ទោះជាយ៉ាងណា ឪពុករបស់ខ្ញុំបានទទូចឱ្យខ្ញុំចូលរួម ដូច្នេះខ្ញុំក៏បានឆ្លងកាត់ការរៀន និងពិធីទាំងអស់តាមដែលបានកំណត់។
ជាច្រើនឆ្នាំក្រោយមក ទើបខ្ញុំយល់ថា ក្នុងអំឡុងពេលដ៏វែងនៃការចូលរួមពិធីសាសនាទាំងនោះ ព្រះបន្ទូលរបស់ព្រះ និងគ្រាប់ពូជនៃសេចក្ដីជំនឿ កំពុងត្រូវបានដាំនៅក្នុងព្រលឹងរបស់ខ្ញុំ។ ហេតុការណ៍ដែលខ្ញុំចង់ជៀសវាងបំផុត គឺពិធីបញ្ជាក់ជំនឿ (Confirmation) នោះឯង បែរជាក្លាយជាចំណុចសំខាន់បំផុតមួយក្នុងអំឡុងពេលដែលខ្ញុំរៀននៅ Eton College។ នោះគឺជាពេលវេលានៃការរៀបចំ ដែលព្រះជាម្ចាស់ទ្រង់ជ្រាបថា ខ្ញុំនឹងត្រូវការវា ដើម្បីឱ្យខ្ញុំអាចបំពេញតួនាទីរបស់ខ្ញុំនៅក្នុងផែនការរបស់ទ្រង់ សម្រាប់ព្រះរាជ្យរបស់ទ្រង់។
តើគោលបំណងរបស់ព្រះ ជាគោលបំណងរបស់យើងដែរឬទេ?
នៅពេលខ្ញុំសិក្សានៅសាលា Eton ខ្ញុំមិនបានគិតអំពីនគររបស់ព្រះ ឬតួនាទីរបស់ខ្ញុំនៅក្នុងនគរនោះឡើយ។ ខ្ញុំសិក្សានៅសាលា Eton ដើម្បីរៀបចំខ្លួនសម្រាប់ជីវិតរបស់ខ្ញុំនៅក្នុងលោកីយ៍នេះប៉ុណ្ណោះ។ ប៉ុន្តែ ខ្ញុំបានសង្កេតឃើញថា ទោះបីជាយើងជាគ្រីស្ទបរិស័ទក៏ដោយ នៅពេលដែលយើងនិយាយអំពី “គោលបំណងរបស់ព្រះសម្រាប់ជីវិតរបស់យើង” យើងក៏ប្រហែលជាកំពុងគិតតែអំពីជីវិតនេះ គឺជាជីវិតនៅក្នុងលោកីយ៍នេះប៉ុណ្ណោះ។ តើខ្ញុំគួររៀបការជាមួយនរណា? តើខ្ញុំកំពុងសិក្សានៅសាលាត្រឹមត្រូវទេ ឬកំពុងនៅក្នុងព្រះវិហារត្រឹមត្រូវ ឬធ្វើការងារត្រឹមត្រូវឬទេ? តើព្រះបានត្រាស់ហៅខ្ញុំឱ្យធ្វើការងារធម្មតា ឬឱ្យបម្រើពេញម៉ោងក្នុងព្រះរាជកិច្ច?
ទោះបីជារឿងទាំងនេះជាការសំខាន់ ហើយសមនឹងឱ្យយើងយកចិត្តទុកដាក់ក៏ដោយ ប៉ុន្តែ វានៅតែមានឥទ្ធិពលត្រឹមតែជីវិតក្នុងលោកិយនេះប៉ុណ្ណោះ។ ខ្ញុំជឿថា ព្រះវិញ្ញាណបរិសុទ្ធ កំពុងសង្កត់ធ្ងន់លើអ្វីដែលធំជាងនេះទៅទៀត គឺការត្រៀមខ្លួនសម្រាប់វាសនាអស់កល្បជានិច្ចរបស់យើង ដែលនឹងកើតឡើងបន្ទាប់ពីជីវិតនេះ។ របៀបដែលយើងគួរឆ្លើយតបចំពោះការដឹកនាំ និងការរំឭករបស់ព្រះវិញ្ញាណបរិសុទ្ធ នោះគឺជាមូលដ្ឋាននៃស៊េរីមេរៀននេះ ដែលមានចំណងជើងថា “ការត្រៀមខ្លួនដើម្បីសោយរាជ្យជាមួយព្រះគ្រីស្ទ”។
គោលបំណងអវិជ្ជមាន និងវិជ្ជមាន
សូមឲ្យខ្ញុំចាប់ផ្ដើម ដោយសួរសំណួរមួយថា៖ តើអ្នកដឹងទេថា ព្រះមានគោលបំណងពីរយ៉ាង ក្នុងការប្រោសលោះយើង?
ក្នុងន័យអវិជ្ជមាន គោលបំណងទីមួយនៃការប្រោសលោះ គឺដើម្បីសង្គ្រោះយើងពីស្ថាននរក។ (យើងគួរតែអរព្រះគុណព្រះជារៀងរហូតសម្រាប់ការនេះ!) យើងត្រូវរំឭកខ្លួនជានិច្ចថា ស្ថាននរកពិតជាមានមែន ហើយការទទួលទោសនៅទីនោះគឺអស់កល្បជានិច្ច។ ប៉ុន្តែ ការប្រោសលោះរបស់ព្រះ មិនមែនមានគោលបំណងត្រឹមតែសង្គ្រោះយើងពីស្ថាននរកប៉ុណ្ណោះទេ។ តើគោលបំណងនោះជាអ្វី? វាជាគោលបំណងដ៏អស្ចារ្យ និងវិជ្ជមាន។ ព្រះបានប្រោសលោះយើង ដើម្បីរៀបចំមនុស្សមួយក្រុមសម្រាប់ព្រះអង្គ ដែលនឹងសោយរាជ្យជាមួយព្រះគ្រីស្ទ!
យើងពិនិត្យមើលព្រះបន្ទូលមួយចំនួន ដែលនិយាយអំពីសេចក្ដីពិតនេះ៖
តើមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជម្រះលោកីយ៍ដែរទេឬ? (១ កូរិនថូស 6:2)
ព្រះយេស៊ូវទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ដល់គ្រាកែជាថ្មីឡើងវិញ កាលណាកូនមនុស្សបានឡើងគង់លើបល្ល័ង្កឧត្តមរបស់លោក នោះអ្នករាល់គ្នាដែលបានមកតាមខ្ញុំ នឹងបានអង្គុយលើបល្ល័ង្ក១២ដែរ ហើយនឹងជំនុំជម្រះពូជអំបូរអ៊ីស្រាអែលទាំង១២។ (ម៉ាថាយ 19:28)
ឯអ្នកណាដែលឈ្នះ ហើយកាន់តាមការអញ ដរាបដល់ចុងបំផុត នោះអញនឹងឲ្យមានអំណាចលើពួកសាសន៍ដទៃ អ្នកនោះនឹងឃ្វាលគេ ដោយដំបងដែក ដូចជាគេបំបែកភាជនៈដីឲ្យខ្ទេចខ្ទី តាមអំណាចដែលអញបានទទួលពីព្រះវរបិតាមក។ (វិវរណៈ 2:26-27)
ការត្រៀមខ្លួនដើម្បីសោយរាជ្យ
ព្រះយេស៊ូវគ្រីស្ទ មានព្រះបំណងនាំអ្នក និងខ្ញុំទៅកាន់តួនាទីដែលពោរពេញដោយការទទួលខុសត្រូវ និងកិត្តិយសដ៏អស្ចារ្យនៅក្នុងនគររបស់ទ្រង់។ មុននឹងបន្តទៅមុខទៀត សូមយើងឈប់គិតមួយភ្លែតថា តើការនេះមានន័យយ៉ាងដូចម្ដេច ចំពោះជីវិតរបស់យើង? ក្នុងនាមជាគ្រីស្ទបរិស័ទ តើយើងគួរត្រៀមខ្លួនយ៉ាងដូចម្ដេច ដើម្បីសោយរាជ្យជាមួយព្រះគ្រីស្ទអស់កល្បជានិច្ច?
ដើម្បីឈានចូលទៅក្នុងតួនាទីដ៏អស្ចារ្យនេះ គឺការសោយរាជ្យជាមួយព្រះគ្រីស្ទ អ្នក និងខ្ញុំត្រូវតែរៀបចំខ្លួនដោយយកចិត្តទុកដាក់ និងអស់ពីចិត្ត។ ការគ្រាន់តែអះអាងថា “ខ្ញុំបានកើតជាថ្មី” មិនទាន់គ្រប់គ្រាន់នោះទេ។ នៅទីបញ្ចប់ ការនេះតែមួយមុខមិនអាចនាំយើងទៅដល់កម្រិតនៃភាពចាស់ទុំខាងវិញ្ញាណ ដែលចាំបាច់សម្រាប់ការសោយរាជ្យជាមួយព្រះគ្រីស្ទបានឡើយ។ ខាងក្រោមនេះ គឺជាលក្ខខណ្ឌសំខាន់ៗមួយចំនួន ដែលយើងត្រូវតែរៀបចំខ្លួន ដើម្បីសោយរាជ្យជាមួយទ្រង់៖
១. ការស៊ូទ្រាំ (ការទ្រាំទ្រ)
ឯអ្នករាល់គ្នា គឺជាពួកដែលបានកាន់ខ្ជាប់ជាមួយនឹងខ្ញុំ ក្នុងអស់ទាំងសេចក្ដីល្បងលខ្ញុំ ខ្ញុំក៏តម្រូវនគរ១ឲ្យអ្នករាល់គ្នា ដូចជាព្រះវរបិតានៃខ្ញុំបានតម្រូវនគរឲ្យខ្ញុំដែរ ដើម្បីឲ្យអ្នករាល់គ្នាបានបរិភោគនៅតុខ្ញុំ ក្នុងនគររបស់ខ្ញុំ ហើយឲ្យបានអង្គុយលើបល្ល័ង្កជំនុំជម្រះពូជអំបូរអ៊ីស្រាអែលទាំង១២ផង។ (លូកា 22:28-30)
មនុស្សជាច្រើន បានចាប់ផ្ដើមដើរតាមព្រះយេស៊ូវក្នុងនាមជាសិស្សរបស់ទ្រង់ ប៉ុន្តែ មានតែសិស្សដប់ពីរនាក់ប៉ុណ្ណោះដែលបានស្ថិតស្ថេរជាប់ជាមួយទ្រង់រហូតដល់ទីបញ្ចប់។ មានតែពួកគេប៉ុណ្ណោះដែលត្រូវបានរាប់ថាសមនឹងសោយរាជ្យជាមួយទ្រង់លើជនជាតិអ៊ីស្រាអែល។
ដ្បិតបើយើងបានស្លាប់ជាមួយនឹងទ្រង់ នោះយើងនឹងរស់នៅជាមួយនឹងទ្រង់ដែរ បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់...។ (២ ធីម៉ូថេ 2:11-12)
ប្រសិនបើយើងចង់មានចំណែកនៃសិរីល្អ និងការលើកតម្កើងរបស់ព្រះគ្រីស្ទ នោះយើងត្រូវមានចំណែកក្នុងការរងទុក្ខ និងការសុគតរបស់ទ្រង់ជាមុនសិន។ យើងត្រូវទ្រាំទ្ររហូតដល់ទីបញ្ចប់ ដោយឆ្លងកាត់ការសាកល្បងជាច្រើន។
២. ស្លូតត្រង់ និងការបន្ទាបខ្លួន
មានពរហើយ អស់អ្នកដែលមានសេចក្ដីកំសត់ខាងឯវិញ្ញាណ ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ។ (ម៉ាថាយ 5:3)
មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរដក។ (ម៉ាថាយ 5:5)
ព្រះមិនប្រទានព្រះរាជ្យរបស់ទ្រង់ដល់អ្នកដែលក្រអឺតក្រទម ឬលើកតម្កើងខ្លួនឯងឡើយ ប៉ុន្តែទ្រង់ប្រទានដល់អ្នកដែលទទួលស្គាល់ថា ដោយខ្លួនឯងពួកគេមិនសមនឹងទទួលកិត្តិយសដ៏អស្ចារ្យនេះទាល់តែសោះ។ ដូចជានាង ហាណា ម្ដាយរបស់សាំយូអែល បានប្រកាសសេចក្ដីពិតនេះនៅក្នុងបទចម្រៀងនៃជ័យជម្នះរបស់នាងថា៖
ទ្រង់លើកមនុស្សក្រីក្រពីធូលីដី ហើយស្រង់មនុស្សកំសត់ទុរគតពីគំនរលាមកឡើង ឲ្យគេបានអង្គុយជាមួយនឹងពួកត្រកូលខ្ពស់ ហើយឲ្យគេគ្រងមរដកជាបល្ល័ង្កឧត្តុង្គឧត្តម...។ (១ សាំយូអែល 2:8)
មួយពាន់ឆ្នាំក្រោយ នាងព្រហ្មចារីម៉ារា បានប្រកាសសេចក្ដីពិតនេះដូចគ្នានៅក្នុងចម្រៀងនៃជ័យជម្នះដ៏អស្ចារ្យជាងមុនទៅទៀត៖
ទាំងទម្លាក់ស្ដេចពីបល្ល័ង្កចេញ ហើយលើកមនុស្សរាបសាឡើងវិញ។ (លូកា 1:52)
៣. ភាពបរិសុទ្ធ
ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើងរាល់គ្នា ដើម្បីនឹងលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយនឹងស្អាតមនុស្ស១ពួក ទុកដាច់ជារាស្ត្ររបស់ផងទ្រង់ ដែលឧស្សាហ៍ធ្វើការល្អ។ (ទីតុស 2:14)
អ្នកដែលព្រះគ្រីស្ទទទួលស្គាល់ថាជារបស់ទ្រង់ គឺជាអ្នកដែលទ្រង់បានលោះឲ្យរួចពីអំពើទុច្ចរិតគ្រប់យ៉ាង ហើយបានសម្អាតឲ្យបរិសុទ្ធ ដើម្បីធ្វើជាប្រជាជនផ្ទាល់របស់ទ្រង់។
សូមចងចាំថា ការសម្អាតឲ្យបរិសុទ្ធនេះមានពីរផ្នែក៖ ផ្នែកមួយជាកិច្ចការរបស់ព្រះ ហើយផ្នែកមួយទៀតជាការឆ្លើយតបរបស់មនុស្ស។ នៅក្នុង ១ យ៉ូហាន ៣:២ សាវកយ៉ូហាននិយាយអំពីសេចក្ដីសង្ឃឹមថា នៅពេលព្រះគ្រីស្ទយាងត្រឡប់មកវិញ យើងនឹងត្រូវបានផ្លាស់ប្រែឲ្យមានលក្ខណៈដូចទ្រង់៖ “យើងដឹងថា កាលណាទ្រង់លេចមក នោះយើងនឹងបានដូចជាទ្រង់ ដ្បិតដែលទ្រង់យ៉ាងណា នោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង”។ បន្ទាប់មក នៅក្នុងខ៣ យ៉ូហានបន្ថែមថា៖ “អស់អ្នកណាដែលមានសេចក្ដីសង្ឃឹមយ៉ាងនេះដល់ទ្រង់ នោះក៏តែងជម្រះសម្អាតចិត្តខ្លួន ឲ្យដូចទ្រង់ដែលស្អាតដែរ”។ ព្រះយេស៊ូវនឹងសម្អាតឲ្យបរិសុទ្ធ តែចំពោះអ្នកដែលឆ្លើយតបដោយសម្អាតខ្លួនឯងឲ្យបរិសុទ្ធផងដែរ។ លើសពីនេះ ព្រះមានខ្នាតតែមួយគត់សម្រាប់ភាពបរិសុទ្ធ គឺ “ដូចជាព្រះយេស៊ូវបរិសុទ្ធ”។
តើយើងចូលរួមក្នុងការសម្អាតព្រលឹងរបស់យើងដោយរបៀបណា? ១ ពេត្រុស ១:២២ ប្រាប់ថា គឺដោយ “ស្ដាប់តាមសេចក្ដីពិត តាមរយៈព្រះវិញ្ញាណបរិសុទ្ធ” ដែលនាំមក “ឲ្យបានសេចក្ដីស្រឡាញ់ជាបងប្អូន”។ ព្រលឹងដែលបានសម្អាតឲ្យបរិសុទ្ធ គឺជាព្រលឹងដែលពោរពេញដោយសេចក្ដីស្រឡាញ់។
៣. ស្រឡាញ់សេចក្ដីពិត
សាតាំងបានប្រើការបោកបញ្ឆោត ដើម្បីល្បួងអ័ដាម និងអេវ៉ាឲ្យបះបោរប្រឆាំងនឹងព្រះ។ មិនគួរឲ្យភ្ញាក់ផ្អើលទេ ដែលចាប់តាំងពីពេលនោះមក ការបោកបញ្ឆោតបានក្លាយជាអាវុធដ៏សំខាន់បំផុតរបស់វា ក្នុងការបំភាន់មនុស្សជាតិ។ នៅក្នុង វិវរណៈ ១២:៩ វាត្រូវបានហៅថា៖ “គឺជាពស់ពីបុរាណ ដែលឈ្មោះហៅថា អារក្ស ហើយសាតាំង ដែលបាននាំលោកីយ៍ទាំងមូលឲ្យវង្វេងចេញ”។
នៅក្នុង ២ ថែស្សាឡូនិច ២:៩-១១ សាវកប៉ុលបានព្រមានថា យុទ្ធសាស្ត្ររបស់សាតាំងនេះ នឹងបង្ហាញខ្លួនយ៉ាងពេញលេញបំផុតតាមរយៈ អាទទឹងនឹងព្រះគ្រីស្ទ។ វានឹងប្រើ អំណាច ទីសម្គាល់ និងការអស្ចារ្យក្លែងក្លាយ ដើម្បីបោកបញ្ឆោតអស់អ្នកដែល “មិនសេចក្ដីស្រឡាញ់សេចក្ដីពិត”។
ដូច្នេះ ការការពារតែមួយគត់របស់យើង គឺការស្រឡាញ់សេចក្ដីពិត។ អ្នកដែលបដិសេធមិនទទួលសេចក្ដីស្រឡាញ់នេះ មិនត្រឹមតែត្រូវសាតាំងបោកបញ្ឆោតប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គផ្ទាល់នឹងអនុញ្ញាតឲ្យពួកគេធ្លាក់ក្នុងការវង្វេងយ៉ាងខ្លាំង។
ការស្រឡាញ់ដល់សេចក្ដីពិត មិនមែនគ្រាន់តែជាការប្រព្រឹត្តតាមច្បាប់សាសនាមួយប៉ុណ្ណោះទេ ទោះបីវាមើលទៅត្រឹមត្រូវតាមសាសនាយ៉ាងណាក៏ដោយ។ វាក៏មិនមែនគ្រាន់តែជាការអានព្រះគម្ពីរ និងមានពេលស្ងប់ស្ងាត់ជាមួយព្រះរាល់ថ្ងៃប៉ុណ្ណោះដែរ។ វាទាមទារឲ្យមានការប្ដេជ្ញាចិត្តទាំងស្រុង ដោយគ្មានការរក្សាទុកអ្វីឡើយ ក្នុងការជឿនិងគោរពតាមព្រះបន្ទូលរបស់ព្រះ ដោយមិនទុកកន្លែងសម្រាប់ការសម្របសម្រួលជាមួយសេចក្ដីមិនពិតឡើយ។
នៅសម័យព្រះយេស៊ូវ មានជនជាតិយូដាជាច្រើនបានដឹងថា ព្រះយេស៊ូវពិតជាព្រះមេស្ស៊ី។ ប៉ុន្តែ ដោយខ្លាចអាជ្ញាធរសាសនា ពួកគេមិនហ៊ានទទួលស្គាល់ទ្រង់ជាសាធារណៈទេ ពីព្រោះ៖ “គេចូលចិត្តនឹងសេចក្ដីសរសើររបស់មនុស្ស ជាជាងសេចក្ដីសរសើររបស់ព្រះវិញ”។ (យ៉ូហាន 12:43) នេះហើយជាខ្លឹមសារនៃការសម្របសម្រួល។ ដូច្នេះ យើងម្នាក់ៗត្រូវសួរខ្លួនឯងថា៖ “តើអ្វីមានតម្លៃជាងសម្រាប់ខ្ញុំ? ការសព្វព្រះហឫទ័យរបស់ព្រះ ឬការទទួលបានការសរសើរពីមនុស្ស?”
នៅក្នុង សុភាសិត 23:23 សាឡូម៉ូនបានណែនាំថា៖ “ចូរទិញសេចក្ដីពិតចុះ កុំឲ្យលក់ចេញឡើយ”។ សេចក្ដីពិតមិនមែនជារបស់ដែលអាចទទួលបានដោយងាយនោះទេ។ វាទាមទារឲ្យយើងលះបង់ពេលវេលាក្នុងការអធិស្ឋាន សិក្សាព្រះគម្ពីរ និងអនុវត្តព្រះបន្ទូលនៅក្នុងជីវិតប្រចាំថ្ងៃ។ វិន័យខាងវិញ្ញាណទាំងនេះ ត្រូវតែមានអាទិភាពលើការកម្សាន្តឥតប្រយោជន៍ជាច្រើន ដែលវប្បធម៌លោកិយផ្ដល់ជូន។ នេះគឺជាការប្ដេជ្ញាចិត្តពេញមួយជីវិត។
យើងក៏ត្រូវបានព្រមាន កុំលក់សេចក្ដីពិតផងដែរ។ ពេលខ្លះ យើងអាចត្រូវល្បួងឲ្យបោះបង់សេចក្ដីពិតខ្លះៗ ដើម្បីទទួលបានការពេញនិយមពីមនុស្ស ដោយលាក់ឬមិនបង្រៀនព្រះបន្ទូលដែលពិបាកទទួលយក របស់ព្រះយេស៊ូវ។ ការផ្សាយដំណឹងល្អដែលមិនទាមទារការលះបង់អាចមើលទៅដូចជាផ្លូវងាយស្រួលក្នុងជីវិត ប៉ុន្តែវាផ្ទុយពីការព្រមានរបស់ព្រះយេស៊ូវ ដែលមានព្រះបន្ទូលថា៖ “តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ”។ (ម៉ាថាយ 7:14)។
តើខ្ញុំគួរធ្វើអ្វី?
តើអ្នកពិតជាមានបំណងចិត្តយ៉ាងមុតមាំក្នុងការសោយរាជ្យជាមួយព្រះគ្រីស្ទនៅក្នុងនគររបស់ទ្រង់ឬ? បើ “បាទ/ចាស” ខ្ញុំសូមលើកទឹកចិត្តឲ្យអ្នក ចំណាយពេលអានខគម្ពីរទាំងឡាយដែលបានលើកឡើងខាងលើ ដោយការអធិស្ឋាន និងការសញ្ជឹងគិត។ សូមអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធបង្ហាញអ្នកថា ព្រះបន្ទូលនីមួយៗអនុវត្តចំពោះជីវិតរបស់អ្នកយ៉ាងដូចម្ដេច រួមទាំងការបង្ហាញពីចំណុចខ្វះខាតដែលអ្នកត្រូវកែប្រែ ទោះបីជាវាជាសេចក្ដីពិតដែលពិបាកទទួលយកក៏ដោយ។ បន្ទាប់មក សូមអធិស្ឋានសុំជំនួយពីព្រះអម្ចាស់ ដើម្បីឲ្យទ្រង់ផ្លាស់ប្រែជីវិតរបស់អ្នកនៅក្នុងផ្នែកដែលចាំបាច់។ ខ្ញុំជឿថា ទ្រង់នឹងសព្វព្រះហឫទ័យជួយអ្នកដោយព្រះគុណ និងសេចក្ដីមេត្តារបស់ទ្រង់។
លោកអ្នកអាចអធិស្ឋានដោយពាក្យផ្ទាល់របស់អ្នក ឬប្រើការអធិស្ឋានខាងក្រោម៖
Prayer Response
ឱព្រះវរបិតានៃទូលបង្គំអើយ! រហូតមកដល់ពេលនេះ ទូលបង្គំមិនទាន់បានយល់ច្បាស់ថា ផែនការរបស់ព្រះអង្គសម្រាប់ជីវិតទូលបង្គំ គឺអស្ចារ្យលើសពីអ្វីដែលទូលបង្គំធ្លាប់ស្រមៃនោះទេ។ ឥឡូវនេះ ទូលបង្គំយល់ហើយថា ព្រះអង្គសព្វព្រះហឫទ័យឲ្យទូលបង្គំសោយរាជ្យជាមួយព្រះរាជបុត្រារបស់ព្រះអង្គអស់កល្បជានិច្ច។ ឱព្រះអម្ចាស់អើយ សូមជួយទូលបង្គំផង។ ទូលបង្គំត្រូវការការរៀបចំជាច្រើន ហើយទូលបង្គំក៏មិនដឹងថា ត្រូវចាប់ផ្ដើមពីកន្លែងណាដែរ។
ដោយចិត្តរាបទាប ទូលបង្គំសូមប្រគល់ខ្លួនទាំងស្រុងដល់ព្រះអង្គ។ ទូលបង្គំសូមប្ដេជ្ញាចិត្តជាថ្មី ដើម្បីស្រឡាញ់ និងកាន់ខ្ជាប់ព្រះបន្ទូលរបស់ព្រះអង្គឲ្យកាន់តែជ្រាលជ្រៅ ហើយស្ដាប់បង្គាប់ការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធឲ្យបានកាន់តែពេញលេញ។ សូមព្រះអង្គបង្កើតនៅក្នុងជីវិតទូលបង្គំនូវគុណលក្ខណៈដែលទូលបង្គំត្រូវការ គឺការអត់ធ្មត់ ភាពស្លូតបូត ភាពបរិសុទ្ធ និងសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិត។ ដោយសារព្រះគុណ និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គ សូមឲ្យឆ្នាំនេះក្លាយជាឆ្នាំនៃការលូតលាស់ខាងវិញ្ញាណ និងការបំពេញព្រះបំណងរបស់ព្រះអង្គនៅក្នុងជីវិតទូលបង្គំ ដើម្បីជាប្រយោជន៍ដល់នគររបស់ព្រះអង្គ។ ទូលបង្គំសូមអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន!

ទាញយកដោយឥតគិតថ្លៃ
សេចក្តីបង្រៀននេះអាចទាញយក បោះពុម្ព និងចែករំលែកសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬក្នុងព្រះវិហារ។
ទាញយក PDFកូដ: TL-L131-100-KHM










