ឥឡូវនេះ ខ្ញុំចង់ប្រាប់លោកអ្នកអំពីហេតុការណ៍តូចមួយ។ លោកអ្នកខ្លះបានឮពីមុនមកហើយ ប៉ុន្តែនោះជារូបភាពពន្យល់មួយល្អណាស់។ នៅឆ្នាំ ១៩៩០ រស់ ភរិយាខ្ញុំ បានចូលមន្ទីរពេទ្យដើម្បីធ្វើការវះកាត់។ នាងដេកលើគ្រែក្នុងមន្ទីរពេទ្យ រង់ចាំការរៀបចំចុងក្រោយសម្រាប់ធ្វើការវះកាត់។ ខ្ញុំមិនដឹងថា រឿងនោះអាចកើតឡើងដោយរបៀបណាទេ ប៉ុន្តែគាត់រវល់យ៉ាងខ្លាំងជាមួយនឹងការពិនិត្យពេញមួយថ្ងៃ ធ្វើឲ្យខ្ញុំមិនអាចអានព្រះគម្ពីរជាមួយគាត់បាន។ មកដល់ពេលល្ងាច មានដូនជីចំណាស់ម្នាក់ដើរចុះឡើងនិយាយជាមួយអ្នកជំងឺ។ គាត់បានមកដល់គ្រែប្រពន្ធខ្ញុំ ហើយបានឃើញព្រះគម្ពីររបស់រស់នៅទីនោះ ដូច្នេះគាត់ក៏ចាប់អារម្មណ៍។ គាត់បានណែនាំខ្លួន ហើយសួរថា៖ «តើមានអ្វីដែលខ្ញុំអាចជួយប្អូនបានទេ?»។ រស់បានឆ្លើយថា៖ «ចាស សូមបងស្រីជួយអានព្រះគម្ពីរខ្ញុំឲ្យខ្ញុំស្តាប់បន្តិច ព្រោះខ្ញុំមិនអាចអានដោយខ្លួនឯងបាន»។ ដូនជីម្នាក់នេះបានសួរទៀតថា៖ «តើឲ្យខ្ញុំអានគម្ពីរអ្វី?» រស់បានឆ្លើយថា៖ «ភីលីព ២»។ ដូនជីនោះរំភើបចិត្តខ្លាំងណាស់ រួចឆ្លើយឡើងថា៖ «នោះជាបទគម្ពីរដែលគេអានពេលខ្ញុំធ្វើពិធីសច្ចា»។ ដូច្នេះ អ្នកទាំងពីរមានអារម្មណ៍ថាពួកគេមានគំនិតដូចគ្នា។ គាត់បានអានព្រះគម្ពីរ បន្ទាប់មកបានចែកចាយពីរឿងមួយ។ ដូនជីនេះបានទៅចូលរួមការជួបជុំពិសេសនៅកន្លែងមួយ ដែលមានសង្ឃពីនិកាយដ៏តឹងរឹងមួយមកបង្រៀន។ សង្ឃនៅនិកាយតឹងរឹងនោះ មិនត្រូវបានអនុញ្ញាតឲ្យនិយាយនៅក្នុងព្រះវិហារទេ ប៉ុន្តែយូរៗម្តង ពួកគេត្រូវបានអនុញ្ញាតឲ្យចេញមកចែកចាយជាមួយបណ្តាជន ពីអ្វីដែលពួកគេបានរៀនដោយស្ងៀមស្ងាត់នៅក្នុងព្រះវិហារ។ សង្ឃមកពីនិកាយតឹងរឹងនេះ បានបង្រៀនដល់ក្រុមដូនជីកាតូលិកទាំងនេះ។

ខ្ញុំពិតជាចាប់អារម្មណ៍នឹងរបៀបដែលព្រះសម្រេចកិច្ចការ។ ខ្ញុំមានទ្រឹស្តីមួយថា ពាក្យដែលប្រកាសដោយព្រះវិញ្ញាណបរិសុទ្ធ មិនដែលស្លាប់ទេ។ ខ្ញុំចងចាំសេចក្តីដែលគេនិយាយប្រាប់ខ្ញុំកាលពីជាង ៥០ ឆ្នាំមុន គឺមុនពេលដែលខ្ញុំជឿព្រះយេស៊ូ ប៉ុន្តែពាក្យទាំងនោះបានរស់នៅជាមួយខ្ញុំ ពីព្រោះព្រះវិញ្ញាណបរិសុទ្ធស្ថិតនៅក្នុងពាក្យទាំងនោះ។ ខ្ញុំគិតថា ព្រះទ្រង់សព្វព្រះហឫទ័យឲ្យចែកចាយសេចក្តីពិតនេះចេញទៅ។

សង្ឃមកពីនិកាយតឹងរឹងម្នាក់នេះ មិនត្រូវបានអនុញ្ញាតឲ្យនិយាយក្នុងព្រះវិហារទេ ប៉ុន្តែត្រូវបានអនុញ្ញាតឲ្យចេញទៅនិយាយ និងចែកចាយអ្វីដែលខ្ញុំនឹងចែកចាយជាមួយលោកអ្នក។ ប៉ុន្តែ គាត់ចែកចាយការនោះជាមួយនឹងដូនជីកាតូលិកមួយក្រុម។ តើយើងភាគច្រើនដឹងដោយរបៀបណា ពីអ្វីដែលពួកដូនជីកាតូលិកបានឮ? ប៉ុន្តែ ដូនជីកាតូលិកនេះ បានមកនិយាយជាមួយប្រពន្ធខ្ញុំ ហើយចែកចាយអំពីការនោះ។ គាប់ជួន នាងជាប្រពន្ធរបស់គ្រូអធិប្បាយម្នាក់។ នាងបានចែកចាយការនោះប្រាប់ខ្ញុំ ហើយខ្ញុំបានចែកចាយការនោះបន្តទៀត ដូច្នេះការនោះបានទៅដល់គ្រប់ទីកន្លែងនៅជុំវិញពិភពលោក។

ដូច្នេះ នេះជាអ្វីដែលសង្ឃនោះបានបង្រៀន ហើយគាត់ប្រាកដជានិយាយអំពីប្រធានបទដែលខ្ញុំកំពុងនិយាយនេះដែរ ទោះបីជាយើងមិនដឹងប្រាកដថាជាអ្វី។ គាត់បាននិយាយថា៖ «សូមអធិស្ឋានប្រាថ្នាចង់បានការបី គឺៈ កុំឲ្យគេគោរព កុំឲ្យមានសុវត្ថិភាព និងកុំឲ្យធ្វើជាម្ចាស់ការ»។ នៅពេលដែលខ្ញុំឮពាក្យទាំងនោះ ខ្ញុំញាក់ខ្លួន ហើយដែលពិត កុំឲ្យគេគោរពនោះពិតជាមិនសំខាន់ប៉ុន្មានទេសម្រាប់ខ្ញុំក្នុងដំណាក់កាលនៃជីវិតរបស់ខ្ញុំនេះ។ ប៉ុន្តែ ដែលកុំឲ្យមានសុវត្ថិភាព និងកុំឲ្យធ្វើជាម្ចាស់ការ តើលោកអ្នកមានប្រតិកម្មដំបូងយ៉ាងដូចម្តេច? បែបនោះមិនមែនសម្រាប់ខ្ញុំទេ! តើខ្ញុំអាចអធិស្ឋានបែបនោះដូចម្តេចបាន?

ប៉ុន្តែតើលោកអ្នកឃើញថាជាអ្វីឬទេ? នោះវាជារបៀបមួយនៃការដោះស្រាយបញ្ហាសំខាន់របស់យើង។ សូមប្រាប់ខ្ញុំមើល៍ តើជាអ្វី? ត្រឹមត្រូវហើយ គឺភាពឯករាជ្យ។ លោកអ្នកឃើញទេ ភាពឯករាជ្យអាចជ្រកយ៉ាងឈ្លាសវៃនៅក្រោមការប្រតិបត្តិសាសនា ដែលស្តាប់មើលទៅគួរឲ្យគោរព។ មនុស្សជាច្រើនប្រើសាសនារបស់គេ ដើម្បីគេចចេញពីការពឹងអាងលើព្រះ។ ព្រះមានវិធីពីរដើម្បីដោះស្រាយការនោះ ដូចដែលខ្ញុំបាននិយាយរួចមកហើយ។ ព្រះអង្គនឹងទុកឲ្យយើងរង់ចាំ។ តើលោកអ្នកអាចនិយាយថា សូមសរសើរតម្កើងព្រះបានទេ? នេះអាចជាសំឡេងដែលសរសើរតម្កើងព្រះបែបខ្សោយ។ ហើយព្រះអង្គនឹងនាំយើងមកដល់កន្លែងមួយដែលអស់សង្ឃឹមទាំងស្រុង ជាកន្លែងដែលថា បើព្រះមិនធ្វើការទេ ការនោះនឹងមិនកើតឡើងបានឡើយ។ «ទូលបង្គំមិនអាចធ្វើឲ្យការនោះកើតឡើងបានទេ។ ទូលបង្គំបានសាកល្បងគ្រប់យ៉ាងហើយ មិនជោគជ័យទេ។ ទូលបង្គំគ្មានចម្លើយទេ។ ព្រះអង្គអើយ ទូលបង្គំបែរមករកព្រះអង្គហើយ ទូលបង្គំសូមឲ្យព្រះអង្គធ្វើការនោះតាមរបៀបរបស់ព្រះអង្គចុះ។ ព្រះអង្គចង់បានយ៉ាងម៉េច ក៏ទូលបង្គំយល់ព្រមដែរ»។ នោះហើយជាចម្លើយ។

ឥឡូវនេះ ខ្ញុំនឹងព្យាយាមផ្តល់ការអនុវត្តន៍ចំពោះរាជសារនេះ។ ច្រើនឆ្នាំមុន ប្រហែលនៅឆ្នាំ ១៩៦២ ខ្ញុំកំពុងបង្រៀនតាមក្រុមជំនុំផ្សេងៗនៅប្រទេសកាណាដា ហើយព្រះអម្ចាស់មានបន្ទូលថា៖ «យើងមិនចង់ឲ្យអ្នកបង្រៀនសេចក្តីពិតដែលពិបាកយល់ទេ។ យើងចង់ឲ្យអ្នកប្រាប់ប្រជារាស្ត្ររបស់យើងពីរបៀបអនុវត្តសេចក្តីពិតដែលអ្នកបង្រៀន»។ ដូច្នេះ ខ្ញុំបានព្យាយាមផ្លាស់ប្តូរ ខ្ញុំបានសាកល្បងវិធីនេះ វិធីនោះ ដើម្បីធ្វើឲ្យមនុស្សចូលរួមឆ្លើយតបចំពោះអ្វីដែលខ្ញុំកំពុងបង្រៀន។ ឥឡូវនេះ ខ្ញុំនឹងព្យាយាមធ្វើបែបនោះ។ ខ្ញុំនឹងនិយាយទៅកាន់មនុស្សពីរប្រភេទ។ ប្រភេទទីមួយ លោកអ្នកដែលខ្លាចបាត់បង់ភាពឯករាជ្យរបស់ខ្លួន។ លោកអ្នកប្រហែលជាមិនមានច្រើនទេ ជីវិតប្រហែលជាពិបាក ប៉ុន្តែយ៉ាងហោចណាស់ លោកអ្នកធ្វើការសម្រេចចិត្តខ្លួនឯង។ ការសម្រេចចិត្តទាំងនោះ អាចខុស ប៉ុន្តែនោះជាការសម្រេចចិត្តរបស់លោកអ្នក។ តើលោកអ្នកពិតជាបានត្រៀមខ្លួននឹងបើកឲ្យព្រះចូលមកក្នុងដំណើរការសម្រេចចិត្តនោះហើយឬនៅ? តើលោកអ្នកព្រមធ្វើដូចជាក្មេងស្រីនៅក្នុងការិយាល័យរបស់គ្រូគង្វាលនោះដែរឬទេ? តើលោកអ្នកព្រមលើកដៃឡើង ហើយនិយាយថា៖ «ទូលបង្គំចុះចាញ់ហើយ ទូលបង្គំទម្លាក់ចុះភាពឯករាជ្យរបស់ទូលបង្គំហើយ។ ទូលបង្គំមិនដឹងថា ព្រះអង្គនឹងសុំអ្វីពីទូលបង្គំទេ ប៉ុន្តែទូលបង្គំត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកការនោះដោយជំនឿ។ ទូលបង្គំទុកចិត្តព្រះអង្គ»។

បន្ទាប់មក មនុស្សមួយប្រភេទទៀត គឺជាមនុស្សដែលបានមកដល់ចំណុចអស់សង្ឃឹម។ លោកអ្នកដែលចូលរួមស្តាប់នៅព្រឹកនេះ ហើយលោកអ្នកគ្មានចម្លើយ។ លោកអ្នកកំពុងប្រឈមនឹងស្ថានភាពដែលលោកអ្នកមិនអាចដោះស្រាយបាន ហើយហាក់បីដូចជាគ្មានវិធីដែលលោកអ្នកអាចដោះស្រាយបញ្ហានោះបានសោះ។ ចុះបើអនុញ្ញាតឲ្យព្រះចូលមកធ្វើវិញ យ៉ាងម៉េចដែរ? ចុះការឲ្យឱកាសទៅព្រះអង្គយ៉ាងម៉េចដែរ? តើព្រះអង្គសុំអ្វីពីលោកអ្នក? ព្រះអង្គសុំពីលោកអ្នកនូវអ្វីដែលព្រះអង្គបានសុំជនជាតិអ៊ីស្រាអែលនៅឯសមុទ្រក្រហម គឺ «ស្រែករកព្រះអង្គ»។ អំពាវនាវរកព្រះអង្គ។ ស្រែកថា៖ «ជួយផង!»។ ពេលខ្លះ យើងអៀនពេក មិនហ៊ានអធិស្ឋានស្រែកចេញពីភាពអស់សង្ឃឹមទេ។ លោកអ្នកអានទំនុកតម្កើងចុះ ទំនុកតម្កើងមានពេញដោយសម្រែកអស់សង្ឃឹម។ គ្មាននរណាម្នាក់ស្រែកដោយអស់សង្ឃឹមញឹកញាប់ជាងស្តេចដាវីឌ ដែលជាអ្នកចម្បាំងដ៏ខ្លាំងពូកែ ជាអ្នកសំណព្វរបស់ព្រះទៀតនោះទេ។ ម្តងហើយម្តងទៀត ស្តេចបានស្រែកថា៖ «ព្រះអើយ ប្រសិនបើព្រះអង្គមិនជួយទូលបង្គំទេ ទូលបង្គំចប់ហើយ។ ទូលបង្គំគ្មានជំនួយឯណាទៀតទេ។ ព្រះអើយ សូមយាងមកជួយទូលបង្គំផង»។

ឧបមាថា លោកអ្នកកំពុងតែលង់ទឹក។ តើលោកអ្នកនឹងគួរសមយ៉ាងដូចម្តេច? មានមនុស្សម្នាក់នៅលើច្រាំងដែលអាចទៅដល់លោកអ្នកទាន់ពេល។ តើលោកអ្នករវល់តែរៀបពាក្យអធិស្ឋានឲ្យត្រឹមត្រូវដែរឬ? តើលោកអ្នកនឹងខ្សឹបៗដោយគួរសមដែរឬ? ឬក៏លោកអ្នកនឹងស្រែកឡើងថា៖ «ជួយផង! ជួយខ្ញុំឥឡូវនេះផង!»។ លោកអ្នកខ្លះប្រហែលជាត្រូវការជំនួយនោះ នៅពេលឥឡូវនេះ។ លោកអ្នកមានវត្តមានស្តាប់នៅព្រឹកនេះ មិនមែនដោយចៃដន្យទេ ប៉ុន្តែដោយព្រោះព្រះចង់ជួយលោកអ្នក។ ប៉ុន្តែ ព្រះអង្គកំពុងរង់ចាំឲ្យលោកអ្នកស្រែករកព្រះអង្គ។ សូមលោកអ្នកស្រែករកព្រះអង្គឥឡូវនេះចុះ។ កុំឯអង់ទៀតឡើយ។

ដូច្នេះ ខ្ញុំចង់បានមនុស្សពីរប្រភេទ។ ប្រសិនបើលោកអ្នកចង់ ប៉ុន្តែលោកអ្នកមិនចាំបាច់ត្រូវតែធ្វើទេ គឺប្រភេទអ្នកដែលនិយាយថា៖ «លោកគ្រូ ព្រីនស៍ ខ្ញុំមិនដែលបានទម្លាក់ចុះភាពឯករាជ្យរបស់ខ្ញុំទេ។ ខ្ញុំតែងតែប្រតិបត្តិតាមបែបសាសនា។ ខ្ញុំបានព្យាយាមប្រព្រឹត្តល្អ ហើយខ្ញុំតែងតែគ្រប់គ្រងជីវិតខ្លួនឯង។ ខ្ញុំមិនដែលអនុញ្ញាតឲ្យព្រះយេស៊ូយាងចូលមកធ្វើការសម្រេចចិត្តឲ្យខ្ញុំទេ» និងប្រភេទអ្នកដែលមានវត្តមាននៅព្រឹកនេះ ដែលលោកអ្នកជាមនុស្សអស់សង្ឃឹម ហើយលោកអ្នកដឹងថា ខ្លួនឯងអស់សង្ឃឹម។ ខ្ញុំចង់ជួយលោកអ្នកទាំងពីរ។ គ្មាននរណាថ្កោលទោសលោកអ្នកទេ។ ព្រះយេស៊ូមិនបានយាងចូលមកក្នុងពិភពលោកនេះ ដើម្បីថ្កោលទោសមនុស្សលោកទេ ប៉ុន្តែដើម្បីឲ្យមនុស្សលោកបានសង្គ្រោះ តាមរយៈព្រះអង្គវិញ។ យើងមិនបានទទួលព័ន្ធកិច្ចថ្កោលទោសទេ តែយើងបានទទួលព័ន្ធកិច្ចផ្សះផ្សាវិញ។ យើងចង់ឲ្យលោកអ្នកបានជានាជាមួយព្រះ តាមរយៈព្រះយេស៊ូគ្រីស្ត។

ខ្ញុំនឹងអធិស្ឋានសម្រាប់លោកអ្នកទាំងអស់គ្នា បន្ទាប់មក ខ្ញុំចង់ឲ្យលោកអ្នកបោះជំហាន។ សូមកុំអង្គុយប្រាថ្នាឲ្យលោកអ្នកអាចធ្វើអ្វីម្យ៉ាងនោះឡើយ តែសូមធ្វើការនេះទៅ។

ព្រះអម្ចាស់យេស៊ូអើយ យើងខ្ញុំអរព្រះគុណព្រះអង្គ ដែលទ្រង់មានវត្តមាននៅព្រឹកនេះ។ ព្រះអង្គគង់នៅជិតយើងខ្ញុំ។ ព្រះអង្គពិតជាចង់ជួយយើងខ្ញុំ។ ព្រះអង្គសក្តិសមនឹងទុកចិត្ត យើងខ្ញុំអាចទុកចិត្តលើព្រះអង្គបាន។ ព្រះអម្ចាស់អើយ ទូលបង្គំអធិស្ឋានសម្រាប់អ្នកដែលត្រូវការព្រះអង្គជួយ អ្នកដែលត្រូវការទម្លាក់ចោលភាពឯករាជ្យរបស់ខ្លួន និងអ្នកដែលស្រែកអំពាវនាវរកព្រះអង្គដោយសម្រែកអស់សង្ឃឹម សូមព្រះអង្គរំដោះពួកគេឲ្យអាចមករកព្រះអង្គដោយជំនឿបាននៅព្រឹកនេះផង។ សូមឲ្យអ្វីៗដែលរារាំងពួកគេត្រូវបានចង គឺគ្រប់ទាំងវិញ្ញាណអាក្រក់ គ្រប់ទាំងអំណួត គ្រប់ទាំងការភ័យខ្លាច សូមចងការទាំងនោះ ហើយសូមឲ្យមនុស្សដែលព្រះអង្គចង់ឲ្យមក បានរួច មានសេរីភាព ក្នុងព្រះនាមព្រះយេស៊ូ។