ហេតុអ្វីបានជារឿងទាំងនេះកើតឡើងចំពោះរាស្ដ្ររបស់ព្រះ វគ្គ១ (វគ្គ៤)

ដេរេក ព្រីនស៍
Last Updated: September 2026
Read Time: 6
នៅក្នុងមេរៀនថ្ងៃនេះ លោក Derek ពិនិត្យមើលពីរបៀបដែលព្រះជាម្ចាស់ដោះស្រាយបញ្ហានៃភាពឯករាជ្យរបស់មនុស្ស។ យើងអាចនឹងស្ថិតក្នុងស្ថានភាពដូចជាពួកកូនចៅអ៊ីស្រាអែលនៅសមុទ្រក្រហម ដែលយើងមិនអាចធ្វើអ្វីបាន ក្រៅពីស្រែកហៅព្រះអម្ចាស់ឱ្យជួយ ហើយរង់ចាំមើលកិច្ចការដែលទ្រង់នឹងធ្វើ។ ទ្រង់រង់ចាំរហូតដល់យើងអស់សង្ឃឹម ហើយបន្ទាប់មកទ្រង់នឹងធ្វើអន្តរាគមន៍ជំនួសយើង។
Transcript
«រីឯលោកម៉ូសេ លោកជាមនុស្សសុភាពរាបសាណាស់ លើសជាងមនុស្សណាទៀតទាំងអស់នៅលើផែនដី»។
តើលោកអ្នកអាចមើលឃើញដែរឬទេថា ព្រះទ្រង់មិនអាចប្រគល់អំណាចឲ្យអ្នកណាផ្សេង ក្រៅតែពីអ្នកដែលបន្ទាបខ្លួននោះទេ។ តើយើងមានការបន្ទាបខ្លួនបានយ៉ាងដូចម្តេច? គឺគ្រាន់នៅទីរហោស្ថានសែសិបឆ្នាំជាមួយហ្វូងចៀមប៉ុណ្ណោះ។ ពេលមួយ មានគេសួរលោក បប់ ម៉ាំហ្វ័ត ថា ហេតុអ្វីបានជាលោកម៉ូសេត្រូវនៅទីរហោស្ថានសែសិបឆ្នាំ? លោក បប់ ឆ្លើយថា៖ «ពីព្រោះព្រះមិនអាចធ្វើបានក្នុងរយៈពេលសាមសិបប្រាំបួនឆ្នាំ»។ ដូច្នេះ ព្រះនឹងទុកលោកអ្នកនៅទីនោះ រហូតដល់គ្រប់ឆ្នាំ។ លោកអ្នកអាចលំបាក លោកអ្នកអាចរអ៊ូរទាំ លោកអ្នកអាចអធិស្ឋាន ប៉ុន្តែព្រះទ្រង់មេត្តាពេក មិនអាចឆ្លើយតបនឹងការអធិស្ឋានរបស់លោកអ្នកបានឡើយ។ ព្រះអង្គនឹងទុកលោកអ្នកនៅទីនោះ រហូតដល់ដំណើរការនោះចប់សព្វគ្រប់។
ដូច្នេះ នោះហើយជារបៀបទីមួយដើម្បីនាំយកមនុស្សឯករាជ្យ ឲ្យត្រឡប់ជាពឹងអាងលើព្រះ គឺដោយការរង់ចាំ។
មានបទគម្ពីរគួរឲ្យចាប់អារម្មណ៍ខ្លះទៀតអំពីការរង់ចាំ ដែលខ្ញុំចង់បង្ហាញប្រាប់លោកអ្នក។ ខ្ញុំចង់អានអេសាយ ៦៤:៤៖
«ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីទ្រង់...»
នេះជាព្រះដ៏ពិសេសតែមួយអង្គគត់ គ្មានព្រះឯណាទៀតដូចទេ។ បន្ទាប់មក បទគម្ពីរនោះលើកឡើងការពិតមួយអំពីព្រះដ៏ពិសេសតែមួយនេះ។
«...ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីទ្រង់ ដែលធ្វើការជំនួសអ្នកដែលរង់ចាំទ្រង់ឡើយ»។
ដូច្នេះ តើលក្ខណៈពិសេសរបស់ព្រះមួយនេះជាអ្វី? សូមប្រាប់ខ្ញុំ។ គឺព្រះអង្គធ្វើការជំនួសអ្នកដែលរង់ចាំព្រះអង្គ។ តើលោកអ្នកចង់ឲ្យព្រះអង្គធ្វើការជំនួសលោកអ្នកឬទេ? ដូច្នេះ តើលោកអ្នកត្រូវធ្វើយ៉ាងដូចម្តេច? គឺរង់ចាំព្រះអង្គ។ តើមានអ្វីនឹងកើតឡើង នៅពេលដែលលោកអ្នកកំពុងរង់ចាំ? លោកអ្នកនឹងពឹងអាងលើព្រះកាន់តែខ្លាំងឡើងៗ ហើយក៏កាន់តែលែងពឹងអាងលើខ្លួនឯងដែរ។ គ្មានអ្វីនឹងសម្រេចកិច្ចការនោះ ក្រៅពីការរង់ចាំទេ។
នៅក្នុង ១ ថែស្សាឡូនីច លោកប៉ុលមានប្រសាសន៍អំពីទំនាក់ទំនងដំបូងរបស់លោកជាមួយគ្រីស្តបរិស័ទនៅក្រុងថែស្សាឡូនីច និងរបៀបដែលមនុស្សដទៃទៀតបានប្រាប់ពីឥទ្ធិពលដ៏អស្ចារ្យដែលលោកមាន។ នៅក្នុង ១ ថែស្សាឡូនីច ១:៩-១០ លោកប៉ុលមានប្រសាសន៍អំពីអ្នកទាំងនេះ៖
«មនុស្សជាច្រើនបានរៀបរាប់អំពីយើង ពីរបៀបដែលអ្នករាល់គ្នា (គឺ អ្នកក្រុងថែស្សាឡូនីច) បានទទួលយើង និងពីរបៀបដែលអ្នករាល់គ្នាបែរចេញពីរូបព្រះ មករកព្រះដ៏ពិត ដើម្បីគោរពប្រតិបត្តិដល់ព្រះដ៏មានព្រះជន្មរស់នៅ ហើយរង់ចាំព្រះរាជបុត្រារបស់ព្រះអង្គយាងមកពីស្ថានសួគ៌»។
ដូច្នេះ តើការពីរដែលពួកគេត្រូវធ្វើជាអ្វី? គោរពប្រតិបត្តិ និងរង់ចាំ។ លោកអ្នកឃើញទេ? នោះហើយជាជីវិតគ្រីស្តបរិស័ទ។ យើងទាំងអស់គ្នា មានខ្លះរំភើបចិត្តនឹងការគោរពបម្រើព្រះ ប៉ុន្តែតើយើងប៉ុន្មាននាក់ដែលរំភើបចិត្តនឹងការរង់ចាំ? ប៉ុន្តែ ជីវិតគ្រីស្តបរិស័ទមិនមែនត្រឹមតែជាការគោរពបម្រើព្រះប៉ុណ្ណោះទេ ប៉ុន្តែគោរពបម្រើផង រង់ចាំផង។ ហេតុអ្វី? ហេតុផលមួយគឺ ពីព្រោះការរង់ចាំលុបបំបាត់វិញ្ញាណឯករាជ្យនៅក្នុងយើង ហើយនាំយើងមកដល់កន្លែងមួយដែលថា «ព្រះអើយ ទូលបង្គំធ្វើអ្វីលែងបានទៀតហើយ ទូលបង្គំទៅលែងរួចហើយ។ ប្រសិនបើព្រះអង្គមិនធ្វើការនេះទេ ការនេះនឹងមិនកើតឡើងបានឡើយ»។ លោកអ្នកដឹងទេថា ព្រះទ្រង់កំពុងរង់ចាំលោកអ្នកជាច្រើនឲ្យមកដល់កន្លែងនេះ។
ខ្ញុំសូមអានបទគម្ពីរមួយចេញពីអេសាយ ៣០ ដែលខ្ញុំគិតថាជាបទគម្ពីរសម្រាប់លោកអ្នកខ្លះនៅព្រឹកនេះ។ អេសាយ ៣០ តែពីរខប៉ុណ្ណោះ គឺខ ១៨-១៩។
«ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ារង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់អ្នករាល់គ្នាដែរ...»
សូមកត់សម្គាល់ថា មិនមែនតែលោកអ្នកទេដែលរង់ចាំ ព្រះក៏រង់ចាំដែរ។ ហេតុអ្វីបានជាព្រះអង្គរង់ចាំ? ដើម្បីឲ្យព្រះអង្គមានឱកាសនឹងផ្តល់ព្រះគុណ។ ព្រះអង្គកំពុងរង់ចាំលោកអ្នកបំពេញលក្ខខណ្ឌ ដើម្បីឲ្យព្រះអង្គបង្ហាញព្រះគុណរបស់ព្រះអង្គដល់លោកអ្នក។
«...ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែទ្រង់នឹងចាំអ្នកលើកតម្កើងទ្រង់ឡើង ដើម្បីឲ្យទ្រង់មានសេចក្តីអាណិតមេត្តាដល់អ្នក ពីព្រោះព្រះយេហូវ៉ាជាព្រះដ៏ប្រកបដោយយុត្តិធម៌ មានពរហើយ អស់អ្នកណាដែលរង់ចាំទ្រង់»។
តើលោកអ្នកចង់បានពរឬទេ? នេះជាវិធីមួយដើម្បីឲ្យបានពរ។
នៅខបន្ទាប់ ប្រាប់ទៀតថា៖
«ឱជនជាតិនៅក្រុងស៊ីយ៉ូន ជាពួកអ្នកដែលអាស្រ័យនៅក្រុងយេរូសាឡិមអើយ អ្នកនឹងមិនត្រូវយំទៀតឡើយ ទ្រង់នឹងមានព្រះគុណចំពោះអ្នក ដោយឮសំឡេងអ្នកស្រែក កាលណាទ្រង់ឮ នោះទ្រង់នឹងឆ្លើយមកអ្នក»។
តើព្រះកំពុងរង់ចាំអ្វី? សំឡេងស្រែករបស់លោកអ្នក។ ព្រះអង្គរង់ចាំ រហូតដល់លោកអ្នកអស់សង្ឃឹម រហូតដល់លោកអ្នកមកដល់កន្លែងមួយ ដែលគ្មានអ្វីទៀតនឹងគ្រប់គ្រាន់ ក្រៅតែពីព្រះ។
យើងរាល់គ្នាជាច្រើនខ្លាចភាពអស់សង្ឃឹម។ ខ្ញុំគិតថា នោះជាចរិតបែបជនជាតិអង់គ្លេស។ យើងចូលចិត្តមានអ្វីៗ ដើម្បីកុំឲ្យអារម្មណ៍យើងតានតឹងពេក។ ប៉ុន្តែ មានកន្លែងមួយដែលលោកអ្នកអាចជួបជាមួយព្រះបាន គឺមានតែពេលដែលលោកអ្នកស្រែកប៉ុណ្ណោះ។ ស្រែក នៅភាសាហេព្រើរ មានន័យថា ស្រែកឲ្យជួយ។ ខ្ញុំគិតថា ការបកប្រែនៅពេលបច្ចុប្បន្នបកប្រែពាក្យនោះយ៉ាងដូច្នោះ។ ប៉ុន្តែព្រះកំពុងរង់ចាំឲ្យនាំលោកអ្នកមកដល់កន្លែងមួយដែលលោកអ្នកនឹងស្រែកឲ្យជួយ។
លោកអ្នកខ្លះអាចមើលត្រឡប់ទៅក្រោយវិញក្នុងជីវិតលោកអ្នក ហើយនឹកចាំពេលមួយដែលលោកអ្នកអស់សង្ឃឹម ហើយព្រះបានធ្វើការ។ ព្រះអង្គមិនមែនជារបស់ធ្វើឲ្យឆើតឆាយទេ។ ព្រះអង្គគឺជារបស់ដែលសំខាន់។ ដរាបណាមានអ្វីផ្សេងទៀតសំខាន់ជាងព្រះអង្គធ្វើការ ព្រះអង្គទំនងជានឹងមិនធ្វើការទេ។
ម្តងទៀតហើយ ព្រះបានដោះស្រាយជាមួយមនុស្សទាំងអស់នៅក្នុងព្រះគម្ពីរ ដើម្បីនាំពួកគេមកដល់កន្លែងអស់សង្ឃឹម។ ឧទាហរណ៍ដែលច្បាស់បំផុតមួយ គឺអ៊ីស្រាអែលត្រូវបានរំដោះចេញពីស្រុកអេស៊ីព្ទ។ ពួកគេចេញមក ពួកគេមានបុណ្យរំភើបដ៏អស្ចារ្យ ពួកគេបានទទួលការប្រោសឲ្យជា ត្រឡប់ជាខ្លាំង អាចធ្វើដំណើរទៅមុខទៀត។ ពួកគេមកដល់សមុទ្រក្រហម ហើយមើលទៅក្រោយវិញ ក៏ឃើញកងទ័ពអេស៊ីព្ទទាំងអស់ដេញតាមពួកគេ។ ខ្ញុំធ្លាប់ឮគេប្រើឃ្លានេះថា៖ «ចុះទឹក ក្រពើរ ឡើងលើ ខ្លា»។ ប្រសិនបើអ្នកដែលជួបស្ថានភាពចុះទឹក ក្រពើរ ឡើងលើ ខ្លា នោះគឺជាអ៊ីស្រាអែលហើយ ដែលសមុទ្រក្រហមនៅខាងមុខ ហើយកងទ័ពអេស៊ីព្ទនៅខាងក្រោយ។ តើពួកគេបានធ្វើអ្វី? នៅក្នុង និក្ខមនំ ១៤:១០ ប្រាប់ថា៖
«គេស្រែកអំពាវនាវរកព្រះយេហូវ៉ា...»។
មានការខ្លះដែលព្រះនឹងមិនធ្វើនៅក្នុងជីវិតលោកអ្នកទេ រហូតដល់លោកអ្នកស្រែករកព្រះអង្គ។ ខ្ញុំចង់និយាយថា មិនមែនត្រឹមតែអធិស្ឋានប៉ុណ្ណោះទេ។ ខ្ញុំចង់និយាយថា អស់សង្ឃឹម។ ព្រះអង្គកំពុងរង់ចាំឲ្យលោកអ្នកអស់សង្ឃឹម។ ព្រះអង្គកំពុងរង់ចាំស្តាប់សម្រែករបស់លោកអ្នក។ ព្រះអង្គត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការ។ ព្រះអង្គមានផែនការ ប៉ុន្តែព្រះអង្គនឹងមិនធ្វើតាមផែនការនោះទេ រហូតដល់លោកអ្នកស្ថិតនៅក្នុងស្ថានភាពដែលលោកអ្នកអាចទទួលយកផែនការនោះបាន។
ដូច្នេះ តើព្រះកំពុងដោះស្រាយអ្វី? គឺបញ្ហាសំខាន់មួយដ៏សាមញ្ញ គឺបំណងប្រាថ្នាដែលយើងមិនចង់ពឹងលើព្រះ។ គ្មាននរណាម្នាក់នៅទីនេះ រួមទាំងខ្ញុំដែរ ដែលចង់ពឹងអាងទាំងស្រុងលើព្រះទេ។ ការនោះផ្ទុយពីនិស្ស័យសាច់ឈាមរបស់យើង ដែលផ្ទេរបន្តពីអ័ដាម និងអេវ៉ា មកក្នុងយើង។ ប៉ុន្តែ នោះជាការមួយដែលព្រះកំពុងតែស្វែងរក គឺពឹងអាងទាំងស្រុងលើព្រះ ដ្បិតគ្មានចម្លើយផ្សេងទៀត គ្មានអនាគតផ្សេងទៀត គ្មានផែនការផ្សេងទៀត ក្រៅតែពីព្រះឡើយ។ នោះមិនមែនជាការរំលោភបំពានទេ តែនោះជារបៀបដែលព្រះអង្គដោះស្រាយជាមួយបញ្ហានិស្ស័យសាច់ឈាមរបស់លោកអ្នក ដែលជាបំណងប្រាថ្នាចង់ឯករាជ្យមិនពឹងព្រះ។
ព្រះមិនអាចសម្រេចផែនការរបស់ព្រះអង្គពេញលេញនៅក្នុងជីវិតយើងម្នាក់ៗបានទេ រហូតដល់បានដោះស្រាយបញ្ហានោះរួចរាល់។
កូដ: RP-R186-104-KHM










