ហេតុអ្វីបានជារឿងទាំងនេះកើតឡើងចំពោះរាស្ដ្ររបស់ព្រះ វគ្គ១ (វគ្គ៣)

ដេរេក ព្រីនស៍
Last Updated: September 2026
Read Time: 7
ថ្ងៃនេះ លោក Derek ចាប់ផ្ដើមសាររបស់លោកដោយការពិនិត្យមើលពីរបៀបដែលយើងត្រូវលះបង់ការពឹងផ្អែកលើខ្លួនឯង ហើយរៀនពឹងផ្អែកលើព្រះវិញ។ វិធីមួយដែលហាក់ដូចជាពិបាកទទួលយកគឺការរង់ចាំ។ ចូរទុកចិត្តលើព្រះអម្ចាស់ ហើយរង់ចាំមើលអ្វីដែលទ្រង់នឹងធ្វើក្នុងជីវិតរបស់អ្នក។ ចូរស្វែងរកបំណងព្រះហឫទ័យទ្រង់ ជាជាងធ្វើតាមតែផែនការខ្លួនឯង។ លោកអ័ប្រាហាំ និងលោកម៉ូសេ គឺជាគំរូដ៏ល្អដែលលោក Derek លើកយកមកបង្ហាញពីចំណុចនេះ។
Transcript
ខ្ញុំចង់ប្រាប់លោកអ្នកដូច្នេះថា នៅពេលដែលព្រះបានបញ្ចប់កិច្ចការដែលព្រះអង្គកំពុងធ្វើនៅពេលឥឡូវនេះ នោះនឹងគ្មាននរណាម្នាក់នៅស្ថានសួគ៌ ឬនៅផែនដីដែលឯករាជ្យមិនត្រូវការព្រះនោះឡើយ។ អ្នកដែលប្រកាន់យកភាពឯករាជ្យរបស់ខ្លួន នឹងស្ថិតនៅទីងងឹតខាងក្រៅ។ នឹងគ្មានកន្លែងនៅក្នុងចក្រវាឡនេះ សម្រាប់អ្វីមួយ ឬនរណាម្នាក់ដែលចង់ឯករាជ្យដាច់ចេញពីព្រះឡើយ។
តាមដែលខ្ញុំដឹង មានស្នាព្រះហស្តតែពីរប្រភេទប៉ុណ្ណោះដែលចង់ឯករាជ្យពីព្រះ។ មួយ គឺជាពួកទេវតាមួយចំនួន និងមួយទៀត គឺជាមនុស្ស។ ស្នាព្រះហស្តដទៃទៀតនៅក្នុងចក្រវាឡ សុទ្ធតែរីករាយនឹងការពឹងអាងលើព្រះ។ ហ្វូងផ្កាយមិនដែលចង់ឯករាជ្យដាច់ចេញពីព្រះទេ។ ហ្វូងសត្វមិនដែលចង់ឯករាជ្យដាច់ចេញពីព្រះទេ។ មានតែមនុស្សដែលខ្លៅល្ងង់ដូចជាលោកអ្នក ហើយនិងខ្ញុំប៉ុណ្ណោះ ដែលចេះតែចង់ឯករាជ្យ។ លោកអ្នកកាន់តែសញ្ជឹងគិតអំពីរឿងនេះ នោះកាន់តែគួរឲ្យអស់សំណើច។ ជាសេចក្តីអស្ចារ្យណាស់ទៅហើយ ដែលព្រះទ្រង់មិនដាក់ព្រះបាទាព្រះអង្គជាន់យើងកប់ចូលទៅក្នុងដីនោះ! យើងគ្រាន់តែជាកម្ទេចដ៏តូចប៉ុណ្ណោះ ប៉ុន្តែព្រះវិញ ទ្រង់អស្ចារ្យណាស់ ព្រះអង្គមានសេចក្តីស្រឡាញ់យ៉ាងពិសេសសម្រាប់ពូជពង្សរបស់អ័ដាម។ ខ្ញុំចង់និយាយថា ខ្ញុំធ្លាប់គិតថា តើការនេះអាចកើតឡើងបានដោយរបៀបណា? នោះជារឿងដែលមិនធម្មតា។ តាមរបៀបមួយ យើងជាបញ្ហាមួយរបស់ព្រះអង្គដែលមិនទាន់បានដោះស្រាយ។ យើងគឺជាប្រភពបញ្ហារាប់ពាន់ឆ្នាំមកហើយ យើងគ្មានអ្វីល្អនឹងឲ្យសរសើរទេ យើងមិនស្អាត យើងមិនខ្លាំង យើងមិនឆ្លាត ប៉ុន្តែព្រះទ្រង់ស្រឡាញ់យើង។
ខ្ញុំនឹងប្រាប់លោកអ្នកការមួយដែលព្រះគម្ពីរមិនដែលពន្យល់ប្រាប់។ នោះគឺជាសេចក្តីស្រឡាញ់របស់ព្រះ។ លោកអ្នកអាចស្វែងរកដោយឥតប្រយោជន៍ ចាប់ពីទំព័រដំបូង ដល់ទំព័រចុងក្រោយ។ ព្រះគម្ពីរមិនដែលពន្យល់អំពីមូលហេតុដែលព្រះស្រឡាញ់មនុស្សទេ ប៉ុន្តែព្រះអង្គស្រឡាញ់មនុស្ស។ នោះហើយជាសេចក្តីអាថ៌កំបាំងដ៏អស្ចារ្យនៅក្នុងចក្រវាឡ ដែលមិនត្រូវបានពន្យល់ប្រាប់។ ប៉ុន្តែខ្ញុំចង់អះអាងជូនលោកអ្នកថា សេចក្តីស្រឡាញ់នោះ គឺជាការពិត។ ព្រះទ្រង់ស្រឡាញ់លោកអ្នក ហើយនិងខ្ញុំ។ ព្រះអង្គស្រឡាញ់មនុស្សដូចជាយើង។ ព្រះអង្គស្រឡាញ់មនុស្សដែលបានធ្វើឲ្យមានរញ៉េរញ៉ៃនៅក្នុងជីវិតរបស់យើង។ យើងគ្មានអ្វីដែលនឹងឲ្យសរសើរទេ។ យើងមិនចេះអរគុណ មិនបរិសុទ្ធ បះបោរ និងលេលា ប៉ុន្តែអស្ចារ្យណាស់ ព្រះអង្គស្រឡាញ់យើង។ នេះជារឿងអស្ចារ្យ។
ដូច្នេះ យើងត្រូវទម្លាក់ភាពឯករាជ្យរបស់យើងចុះ។ នោះហើយជាបញ្ហាដែលខ្ញុំនឹងនិយាយនៅព្រឹកនេះ។ ខ្ញុំសូមទូន្មានលោកអ្នកជាមុន។
បន្ទាប់មក យើងត្រូវជឿព្រះបន្ទូលរបស់ព្រះ ជាជាងញាណរបស់យើង។ យើងត្រូវបង្វែរចេញពីកំហុសរបស់អេវ៉ា។ នាងបានមើលទៅដើមឈើនោះ ហើយគិតថា៖ «ផ្លែនេះមើលទៅល្អណាស់ ទោះជាព្រះបន្ទូលរបស់ព្រះនិយាយយ៉ាងម៉េចក៏ដោយ ខ្ញុំនឹងបរិភោគផ្លែពីដើមឈើនោះ»។
ខ្ញុំសូមបញ្ជាក់ជំហានទាំងបីនោះឡើងវិញ ពីព្រោះជំហានទាំងនោះសំខាន់ណាស់។ ទីមួយ យើងត្រូវទុកចិត្តលើសេចក្តីល្អរបស់ព្រះ។ ទីពីរ យើងត្រូវទម្លាក់ភាពឯករាជ្យរបស់យើងចុះ ហើយទីបី យើងត្រូវជឿលើបទគម្ពីរ ជាជាងជឿលើញាណយល់ដឹងរបស់យើង។
ខ្ញុំចង់ផ្តោតទៅលើរឿងទម្លាក់ចុះភាពឯករាជ្យរបស់យើង។ ខ្ញុំចង់ជម្រាបជូនលោកអ្នកថា ចំណុចដ៏សំខាន់មួយនៃការដែលព្រះទ្រង់ដោះស្រាយជាមួយមនុស្សគ្រប់គ្នា គឺនាំយើងចេញពីភាពឯករាជ្យ ត្រឡប់ទៅរកការពឹងអាងដល់ព្រះដោយអំណរ។ ព្រោះនៅទីបំផុត ព្រះទ្រង់ជាទីពឹងតែមួយគត់នៅក្នុងជីវិតរបស់យើង។ វាជារឿងអស់សំណើច ដែលយើងទុកចិត្តលើអ្វីផ្សេង ក្រៅពីការទុកចិត្តព្រះ។
មានរបៀបពីរ ខ្ញុំចង់និយាយថា មានច្រើនជាងពីរ ប៉ុន្តែមានរបៀបចម្បងពីរដែលខ្ញុំចង់ចង្អុលបង្ហាញលោកអ្នកថា ព្រះទ្រង់ប្រើ ដើម្បីនាំយើងចេញពីភាពឯករាជ្យរបស់យើង។ របៀបទីមួយ គឺការរង់ចាំ។ ភាពប្រភេទនៃភាពស្ងៀមស្ងាត់មួយ ចេញពីពាក្យរង់ចាំ។ គ្មាននរណាម្នាក់ចូលចិត្តការរង់ចាំទេ យ៉ាងហោចណាស់ ក៏មានជនជាតិអាមេរិកនៅពេលបច្ចុប្បន្ននេះដែរ។ តាមដែលខ្ញុំគិត ជាច្រើនឆ្នាំមុន លោក ប៊ីលី ហ្គ្រាហាំ មានប្រសាសន៍ថា ជនជាតិអាមេរិកខកចិត្តខ្លាំងណាស់ ប្រសិនបើគេទៅមិនទាន់ទ្វារវិល ហើយត្រូវរង់ចាំទ្វារនោះវិលមកដល់វិញជាលើកទីពីរ។ ដូច្នេះ ការរង់ចាំ វាផ្ទុយស្រឡះនឹងផ្នត់គំនិតបច្ចុប្បន្នរបស់យើង។ ប៉ុន្តែ គ្មានអ្វីមកដល់លោកអ្នកភ្លាមៗឡើយនៅក្នុងដំណើរជីវិតគ្រីស្តបរិស័ទរបស់លោកអ្នក រហូតទាល់តែលោកអ្នករៀនឲ្យចេះរង់ចាំ ពីព្រោះព្រះទ្រង់ទទូចឲ្យចេះរង់ចាំ។
ខ្ញុំចង់និយាយអំពីអ្នកសំណព្វពីរនាក់របស់ព្រះ ដែលត្រូវរង់ចាំ។ ពួកគាត់ជាគំរូមួយនៅក្នុងបទគម្ពីរ។ មួយគឺលោកអ័ប្រាហាំ ហើយម្នាក់ទៀត គឺលោកម៉ូសេ។ ព្រះទ្រង់មានគោលដៅសម្រាប់ពួកគាត់ទាំងពីរ។ ព្រះអង្គជ្រាបពីអ្វីដែលពួកគាត់នឹងធ្វើ ព្រះអង្គបានជ្រើសរើសពួកគាត់ ព្រះអង្គបានញែកពួកគាត់ចេញដោយឡែក។ ហើយចំណុចស្នូលនៃផែនការទាំងមូលរបស់ព្រះសម្រាប់លោកអ័ប្រាហាំ គឺលោកត្រូវមានកូនប្រុសដ៏ពិសេសម្នាក់ ដោយសារនាងសារ៉ា ជាប្រពន្ធរបស់លោក។ សេចក្តីនេះបានសន្យាដល់លោកតាំងពីដំបូង នៅពេលដែលលោកមានអាយុ ៧៥ ឆ្នាំ។ លោកត្រូវរង់ចាំ ២៥ ឆ្នាំ ទម្រាំនឹងកូនប្រុសនោះកើតមក។ តើហេតុអ្វី? តើព្រះមិនអាចប្រទានឲ្យលោកភ្លាមៗបានទេឬ? ពីព្រោះព្រះអង្គត្រូវនាំលោកអ័ប្រាហាំមកដល់កន្លែងមួយដែលត្រូវពឹងអាងទាំងស្រុងលើព្រះ។ លោកអ្នកដឹងរឿងនោះហើយ ក្រោយពីរង់ចាំអស់ ១២ ឆ្នាំហើយ លោកបាននិយាយថា៖ «ខ្ញុំបានរង់ចាំយូរល្មមហើយ»។ នាងសារ៉ា ប្រពន្ធជាទីស្រឡាញ់របស់លោក បានឲ្យដំបូន្មានមិនល្អមួយដល់លោក។ នាងបាននិយាយថា៖ «ទៅចុះ ទៅដេកជាមួយស្រីបម្រើខ្ញុំចុះ ខ្ញុំយល់ព្រម គឺនាងហាការ ខ្ញុំព្រមឲ្យលោកម្ចាស់មានកូនដោយសារនាង»។
រឿងនេះគួរឲ្យចាប់អារម្មណ៍ណាស់ ពីព្រោះនាងសារ៉ាបានឲ្យដំបូន្មានពីរដល់លោក។ ទីមួយ នាងបាននិយាយថា៖ «ទៅដេកចុះ ដើម្បីឲ្យមានកូន»។ ដំបូន្មានទីពីរគឺ៖ «បណ្តេញកូនដែលលោកមានជាមួយនាងនោះចេញទៅ»។ នៅពេលដែលលោកអ្នកទទួលដំបូន្មានបែបសាច់ឈាម ដំបូន្មាននោះរមែងប្រឆាំងនឹងខ្លួនឯង។
តើមានលទ្ធផលដូចម្តេច? លទ្ធផលគឺអ៊ីស្មាអែល។ ខ្ញុំមិនចង់និយាយច្រើនអំពីអ្វីដែលអាចជាបញ្ហាខាងនយោបាយដែលចម្រូងចម្រាសនោះទេ ប៉ុន្តែខ្ញុំត្រូវតែនិយាយអំពីបញ្ហាចម្បងមួយគឺ អ៊ីស្មាអែល និងពូជពង្សរបស់គាត់ បានចូលមកជំនួសអ៊ីសាក និងពូជពង្សរបស់គាត់រាប់ពាន់ឆ្នាំមកហើយ។ នេះហើយជាការព្រមានកុំឲ្យដោះស្រាយបញ្ហាដោយខ្លួនឯង ពីព្រោះប្រសិនបើលោកអ្នកពឹងអាងខ្លួនឯង អ្វីដែលលោកអ្នកនឹងបង្កើតបាន មិនមែនអ៊ីសាកទេ តែជាអ៊ីស្មាអែលវិញ។
ប្រសិនបើខ្ញុំត្រូវសួរលោកអ្នក តែខ្ញុំមិនចង់ទេ ប៉ុន្តែតើលោកអ្នកប៉ុន្មាននាក់បានបង្កើតអ៊ីស្មាអែលនៅពេលមួយក្នុងជីវិតរបស់លោកអ្នក? ប្រសិនបើលោកអ្នកស្មោះត្រង់ មានច្រើនណាស់ដែលលើកដៃ។ ហេតុអ្វី? ព្រោះលោកអ្នកមិនព្រមរង់ចាំ។
ដូច្នេះ លោកអ័ប្រាហាំត្រូវរៀនរង់ចាំ។ តើការរង់ចាំរបស់លោក មានលទ្ធផលដូចម្ដេច? លោកបានមកដល់កន្លែងមួយ ដែលលោកបានពឹងអាងទាំងស្រុងលើព្រះ។ លោកគ្មានជម្រើសផ្សេងទៀតទេ។ លោកអស់លទ្ធភាពផ្សេងទៀតហើយ។ នៅពេលដែលលោកមកដល់កន្លែងនោះ ព្រះបានជួបជាមួយលោក ហើយលោកក៏មានកូនប្រុសដែលព្រះបានសន្យា។
នេះជារឿងដែលគួរចាប់អារម្មណ៍ ប្រសិនបើលោកអ្នកអានបន្ត គឺព្រះបានល្បងលោកអ័ប្រាហាំតាមរបៀបមួយដែលព្រះអង្គនឹងមិនល្បងយើងទាំងអស់គ្នាទេ។ លោកអ័ប្រាហាំមានកូនប្រុសម្នាក់ ហើយព្រះមានបន្ទូលថា៖ «ចូរថ្វាយកូននោះជាយញ្ញបូជា»។ ខ្ញុំចង់និយាយថា ព្រះអង្គបានល្បងលោកអ័ប្រាហាំ តាមរបៀបមួយ ដែលព្រះអង្គមិនអាចល្បងយើងរាល់គ្នាភាគច្រើននេះទេ។
ម្តងទៀតហើយ លោកអ័ប្រាហាំបានពឹងផ្អែកទាំងស្រុងលើព្រះ។ លោកត្រៀមរួចជាស្រេចដើម្បីសម្លាប់កូនប្រុសរបស់លោក ហើយពឹងអាងលើព្រះថា ទ្រង់នឹងប្រោសកូននោះឲ្យរស់ឡើងវិញ ដូចដែលបទគម្ពីរបង្ហាញប្រាប់។
តើព្រះមានគោលដៅអ្វី? គឺគោលដៅមួយ ការពឹងអាង គឺពឹងអាងទាំងស្រុងលើព្រះ។
ឥឡូវនេះ យើងនឹងមើលទៅលោកម៉ូសេម្តង។ លោកម៉ូសេត្រូវបានចិញ្ចឹមបីបាច់តាមរបៀបមួយដែលប្រកបដោយឯកសិទ្ធិ។ លោកបានធំឡើងនៅក្នុងដំណាក់របស់ស្តេចផារ៉ោន។ លោកបានរៀនសូត្រគ្រប់អស់ទាំងចំណេះវិជ្ជា និងវប្បធម៌របស់ជនជាតិអេស៊ីព្ទ ដែលជាចក្រភពដ៏លេចធ្លោមួយនៅសម័យនោះ។ បន្ទាប់មក លោកបានយល់ច្បាស់ថា លោកជាជនជាតិយូដា ជាជនជាតិអ៊ីស្រាអែល ហើយពួកបងប្អូនរបស់លោកកំពុងតែរងទុក្ខវេទនា។ លោកបានគិតថា ខ្ញុំនេះហើយជាអ្នកដែលនឹងចេញទៅជួយរំដោះពួកគេ។ នៅពេលនោះ លោកមានអាយុសែសិបឆ្នាំ។ ប៉ុន្តែវាបានត្រឡប់ទៅជាមហន្តរាយទៅវិញ។ លោកត្រូវរត់គេចឲ្យបានរួចជីវិត ហើយទៅរស់នៅសែសិបឆ្នាំទៀតនៅក្នុងទីរហោស្ថាន មើលថែហ្វូងចៀមឲ្យឪពុកក្មេក។ នោះមិនមែនជាតួនាទីខ្ពង់ខ្ពស់ទេ មែនទេ?
ជារឿងគាប់ជួន តើលោកអ្នកធ្លាប់មើលថែចៀមឬទេ? លោកអ្នកខ្លះប្រហែលជាធ្លាប់។ ខ្ញុំធ្លាប់មើលថែចៀមមួយរយៈពេលខ្លីដែរ។ ការងារនោះក៏ត្រូវការអត់ធ្មត់ដែរ។
ឥឡូវនេះ លោកម៉ូសេមានអាយុ ៨០ ឆ្នាំ ជាអាយុចូលនិវត្តហើយ ជីវិតអស់ហើយ លោកគ្មានអ្វីត្រូវបង្ហាញទៀតទេ។ ការសិក្សាអប់រំរបស់លោក សមត្ថភាពរបស់លោក កម្លាំងរបស់លោក មិនបានបង្កើតផលអ្វីទេ។ ព្រះទ្រង់មានបន្ទូលថា៖ «ម៉ូសេ ឥឡូវនេះ យើងអាចចាប់ផ្តើមបានហើយ»។ តាមគំនិតរបស់ខ្ញុំ សែសិបឆ្នាំបន្ទាប់មកទៀតនោះ លោកម៉ូសេគឺជាមនុស្សដែលមានអំណាចបំផុត ដែលប្រវត្តិសាស្ត្រមិនដែលបានកត់ត្រាទុក។ ខ្ញុំចង់និយាយថា ប្រសិនបើលោកអ្នកពិចារណាអ្វីដែលលោកបានធ្វើ នោះគួរឲ្យស្ញប់ស្ញែងណាស់។ តើខ្ញុំគួរប្រាប់ហេតុផលមួយដល់លោកអ្នកដែរឬទេ? តើលោកអ្នកចង់ក្លាយជាមនុស្សម្នាក់ដែលមានអំណាចដែរឬទេ? ខ្ញុំនឹងប្រាប់អាថ៌កំបាំងមួយដល់លោកអ្នក។ អាថ៌កំបាំងនោះមាននៅក្នុងជនគណនា ១២:៣៖
«រីឯលោកម៉ូសេ លោកជាមនុស្សសុភាពរាបសាណាស់ លើសជាងមនុស្សណាទៀតទាំងអស់នៅលើផែនដី»។
តើលោកអ្នកអាចមើលឃើញឬទេថា ព្រះមិនអាចប្រគល់អំណាចឲ្យអ្នកណាផ្សេង ក្រៅតែពីអ្នកដែលបន្ទាបខ្លួន?
កូដ: RP-R186-103-KHM










