ហេតុអ្វីបានជារឿងទាំងនេះកើតឡើងចំពោះរាស្ដ្ររបស់ព្រះ វគ្គ១ (វគ្គ២)

ដេរេក ព្រីនស៍
Last Updated: September 2026
Read Time: 7
ថ្ងៃនេះ លោក ដេរិក ពិនិត្យមើលពាក្យបញ្ចុះបញ្ចូលរបស់សាតាំងចំពោះនាងអេវ៉ា។ វាបានអះអាងថានាងអាចធ្វើអ្វីៗ និងក្លាយជាអ្វីក៏បានតាមចិត្តចង់ ដោយមិនចាំបាច់ពឹងផ្អែកលើព្រះឡើយ។ នាងបានចាញ់បោកវា ហើយអ័ដាមក៏បានចូលរួមដែរ ដែលធ្វើឱ្យមនុស្សជាតិទាំងអស់មានធម្មជាតិបាបនេះ។ ដំណោះស្រាយចំពោះបញ្ហានេះគឺការផ្លាស់ប្តូរវាវិញ តាមរយៈការថ្វាយអ្វីៗគ្រប់យ៉ាងរបស់យើងចំពោះព្រះ។
Transcript
សាតាំងបានប្រើការបណ្តាលចិត្តមួយបែបដើម្បីលួងលោមអេវ៉ា។ ការបណ្តាលចិត្តរបស់វា ដំបូងគឺធ្វើឲ្យនាងមិនទុកចិត្តលើសេចក្តីល្អរបស់ព្រះ បន្ទាប់មកឲ្យគំនិតថា នាង និងអ័ដាមអាចបានដូចជាព្រះ ហើយពាក្យចុងក្រោយគឺថា ពួកគេអាចបានដូចជាព្រះ ដោយមិនបាច់ពឹងអាងព្រះ។
នោះហើយជាការសង្កត់ធ្ងន់ដែលខ្ញុំចង់នាំមកជូនលោកអ្នកនៅព្រឹកនេះ។ បញ្ហាមិនមែនពួកគាត់ចង់ដូចព្រះនោះទេ នោះមិនមែនជាបំណងចិត្តអាក្រក់ទេ។ ប៉ុន្តែពួកគាត់ចង់ដូចជាព្រះ ដោយមិនបាច់ពឹងអាងព្រះ។
ប៉ុន្តែសាតាំងបានធ្វើអ្វីដែលវាតែងតែធ្វើ គឺវាបានបង្ខូចចរិតរបស់ព្រះ។ វាបានឲ្យយោបល់ថា ព្រះគឺជាអ្នកកាន់អំណាចផ្តាច់ការ។ «ព្រះអង្គដាក់អ្នកនៅក្នុងសួនឧទ្យានដ៏ស្រស់ស្អាតនេះ។ ពិតហើយ នេះជាសួនច្បារដែលស្អាត ហើយមានអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការ ប៉ុន្តែ...សូមគិតថា តើនឹងទៅជាយ៉ាងណាវិញ ប្រសិនបើអ្នកមានសេរីភាព ប្រសិនបើអ្នកធ្វើអ្វីបានតាមចិត្ត ប្រសិនបើអ្នកអាចរកចម្លើយដោយខ្លួនឯងបាន ហើយអ្នកមិនចាំបាច់ពឹងអាងព្រះ។ មើល៍ ព្រះទ្រង់ប្រព្រឹត្តនឹងអ្នកដូចជាពលរដ្ឋលំដាប់ទាប។ ព្រះអង្គមិនបានប្រព្រឹត្តនឹងអ្នកតាមរបៀបដែលអ្នកសមនឹងទទួលបានទេ។ អ្នកសមនឹងទទួលបានអ្វីដែលពិសេសជាងនេះ»។
ដូច្នេះ នាងក៏ឆ្លើយតប។ នាងរំភើបនឹងការជំរុញចិត្តដែលថានឹងបានដូចជាព្រះ ហើយមិនបាច់ពឹងអាងដល់ព្រះ។ កំហុសពិតប្រាកដរបស់អ័ដាម និងអេវ៉ា គឺបំណងប្រាថ្នាចង់បានល្អ ដោយមិនបាច់ពឹងអាងដល់ព្រះ។ សូមកត់សម្គាល់ថា ការជំរុញចិត្តនោះ មិនមែនអាក្រក់ទេ ការបានដូចជាព្រះនោះល្អណាស់ ប៉ុន្តែមិនបាច់ពឹងអាងដល់ព្រះ នោះមិនល្អទេ។ ពួកគាត់បានចូលទៅក្នុងទំនាក់ទំនងមួយដែលឯករាជ្យមិនពឹងអាងព្រះ។ ពួកគាត់គឺជាឪពុកម្តាយដើមរបស់យើង។
នៅពេលដែលព្រះគម្ពីរនិយាយអំពីមនុស្សចាស់ ព្រះគម្ពីរមិនមែននិយាយអំពីសាសន៍អាល្លឺម៉ង់ចាស់ ឬសាសន៍រុស្ស៊ីចាស់ ឬសាសន៍យូដាចាស់ ឬសាសន៍ដទៃចាស់នោះទេ ពីព្រោះព្រះគម្ពីរត្រឡប់ទៅក្រោយ ទៅរកឪពុកម្តាយដើមរបស់យើង ដែលជាមនុស្សចាស់ គឺអ័ដាមចាស់វិញ។ អ័ដាមមិនមានកូនទេ រហូតដល់ពេលលោកក្លាយជាអ្នកបះបោរ។ ចាប់តាំងពីពេលនោះរហូតមកដល់ឥឡូវនេះ ពូជពង្សទាំងអស់របស់អ័ដាម កើតមកមានការបះបោរនៅខាងក្នុងចិត្ត។ លក្ខណៈសំខាន់របស់ការបះបោរ គឺបំណងប្រាថ្នាចង់ឯករាជ្យមិនពឹងអាងដល់ព្រះ។
ខ្ញុំចង់ប្រាប់លោកអ្នកថា នោះហើយជាឫសគល់នៃបញ្ហាទាំងអស់របស់លោកអ្នក។
នៅក្នុងការបម្រើព័ន្ធកិច្ច និងការប្រឹក្សាយោបល់ ខ្ញុំបានជួបមនុស្សដែលបានធ្វើដំណើរពាក់កណ្តាលពិភពលោក ដើម្បីគេចចេញពីបញ្ហា ប្រហែលជាប្រពន្ធរបស់គេ កូនរបស់គេ ឬអ្វីមួយផ្សេង។ ខ្ញុំបានប្រាប់ពួកគេថា អ្នកមិនអាចធ្វើបែបនោះបានទេ ពីព្រោះអ្នកនឹងស្ពាយយកបញ្ហាទៅជាមួយគ្រប់កន្លែងដែលអ្នកទៅ។ បញ្ហាជាមូលដ្ឋាននោះស្ថិតនៅជាប់ក្នុងអ្នក។ អ្នកមិនអាចរត់គេចចេញពីបញ្ហានោះបានទេ។ អ្នកអាចធ្វើដំណើរជុំវិញពិភពលោកបាន ប៉ុន្តែអ្នកក៏នាំយកបញ្ហានោះទៅជាមួយដែរ។
បញ្ហាជាមូលដ្ឋានដែលព្រះគម្ពីរហៅថា សាច់ឈាម ឬនិស្ស័យសាច់ឈាម ឬមនុស្សចាស់ ឬអ័ដាមចាស់នោះ គឺជាបំណងប្រាថ្នាចង់ឯករាជ្យដាច់ចេញពីព្រះ។ ខ្ញុំគិតថា លោកអ្នកខ្លះទំនងជាមិនដែលប្រឈមនឹងរឿងនេះទេ។ ខ្ញុំអធិស្ឋានសុំឲ្យព្រះវិញ្ញាណបរិសុទ្ធជួយលោកអ្នកឲ្យអាចធ្វើការនេះបាន។
មានរបៀបផ្សេងៗជាច្រើនដែលមនុស្សឯករាជ្យដាច់ចេញពីព្រះ។ វិធីទូទៅបំផុតមួយ គឺសាសនា។ អ្នកកាន់សាសនាភាគច្រើន ប្រើសាសនារបស់ខ្លួនដើម្បីធ្វើឲ្យពួកគេឯករាជ្យដាច់ពីព្រះ។ ខ្ញុំគិតថា បែបនោះពិតណាស់សម្រាប់សាសនាយូដាសព្វថ្ងៃ។ សាសនាយូដាកាន់តាមក្រឹត្យវិន័យរបស់លោកម៉ូសេតែបបូរមាត់ប៉ុណ្ណោះ ប៉ុន្តែតាមពិត សាសនានេះប្រើក្រឹត្យវិន័យជាមូលដ្ឋាននៃការមិនពឹងអាងលើព្រះ។ ដូចគ្នាដែរ សម្រាប់គ្រីស្តបរិស័ទជាច្រើន។ គ្រីស្តបរិស័ទដែលកាន់តាមក្រឹត្យវិន័យ ពួកគេត្រូវកាន់តាមច្បាប់ផ្សេងៗយ៉ាងច្រើន។ តាមពិត ពួកគេមិនកំពុងពឹងអាងលើព្រះទេ ពួកគេកំពុងពឹងអាងលើច្បាប់បញ្ញត្តិរបស់ខ្លួន។ ចិត្តរបស់ពួកគេបានឃ្លាតឆ្ងាយពីព្រះ។ ពួកគេប្រតិបត្តិសាសនាកាន់តែខ្លាំង បញ្ហារបស់ពួកគេកាន់តែធ្ងន់ធ្ងរ។ ដូច្នេះ កុំស្រមៃថា សាសនាជាដំណោះស្រាយចាំបាច់នោះឡើយ។ តាមពិត ខ្ញុំគិតថា បញ្ហាចម្បងភាគច្រើននៅក្នុងពិភពលោកបង្កឡើងដោយសាសនា។
ដូច្នេះ តើដំណោះស្រាយជាអ្វី? មុនពេលខ្ញុំក្លាយជាគ្រូអធិប្បាយ ខ្ញុំជាអ្នកតក្កវិជ្ជា។ ពេលខ្លះ គំនិតខាងតក្កវិជ្ជានៅតែបង្ហាញចេញមក។ ការមួយដែលខ្ញុំចូលចិត្តអំពីព្រះគម្ពីរគឺថា ព្រះគម្ពីរគឺជាសៀវភៅដែលមានលក្ខណៈតក្កវិជ្ជាបំផុត ដែលខ្ញុំមិនធ្លាប់ជួបប្រទះពីមុននៅក្នុងជីវិតខ្ញុំ។ លោកអ្នកមិនត្រូវមានអារម្មណ៍ថាខ្លួនអន់ដោយព្រោះជឿព្រះគម្ពីរនោះឡើយ។ សេចក្តីអធិប្បាយដែលមានលក្ខណៈតក្កវិជ្ជាបំផុតដែលខ្ញុំមិនធ្លាប់ជួបប្រទះ គឺគម្ពីរសំបុត្រដែលផ្ញើទៅក្រុងរ៉ូម។ មនុស្សគិតថា សំបុត្រនោះមិនមានលក្ខណៈតក្កវិជ្ជា ព្រោះតែមិនបានចាប់ផ្តើមដោយការសន្មត់ ឬដោយហេតុការណ៍សំខាន់ៗ។
ដូច្នេះ តក្កវិជ្ជាប្រៀបបាននឹងកុំព្យូទ័រ។ កុំព្យូទ័រត្រឹមត្រូវតាមតែអ្វីដែលលោកអ្នកដាក់បញ្ចូល។ ប្រសិនបើលោកដាក់កំហុសទៅក្នុងកុំព្យូទ័រ លោកអ្នកនឹងបានកំហុសចេញពីកុំព្យូទ័រមកវិញ! កុំព្យូទ័រត្រឹមត្រូវណាស់ ប៉ុន្តែក៏ខុសណាស់ដែរ។ មនុស្សនិយាយថា ព្រះគម្ពីរមិនមានលក្ខណៈតក្កវិជ្ជា ពីព្រោះព្រះគម្ពីរមិនចាប់ផ្តើមចេញពីបញ្ហាជាមូលដ្ឋាន។ អ្វីដែលយើងសិក្សានៅព្រឹកនេះ គឺជាមូលដ្ឋានគ្រឹះនៅក្នុងព្រះគម្ពីរ ដែលនិយាយអំពីលក្ខណៈរបស់មនុស្ស និងឫសគល់នៃបញ្ហារបស់មនុស្ស។ នៅពេលដែលមនុស្សចាប់ផ្តើមដោយការសន្មត់ថា មនុស្សមានភាពល្អស្រាប់ហើយ ទុកឲ្យគេរស់តាមរបៀបគេទៅ គេចេះធ្វើអ្វីត្រឹមត្រូវហើយ តែការសន្មត់បែបនោះ វាផ្ទុយនឹងព្រះគម្ពីរ។ នោះជាគំនិតភូតភរ ហើយអ្វីៗដែលចេញមកពីគំនិតភូតភរនោះ វាជាសេចក្តីបញ្ឆោត។
ដូច្នេះ តើដំណោះស្រាយជាអ្វី? ដំណោះស្រាយគឺបង្វែរចេញពីដំណើរការនៃការធ្លាក់ចុះ។ ការធ្លាក់ចុះចាប់ផ្តើមឡើងនៅពេលដែលអេវ៉ា និងអ័ដាមមិនបានទុកចិត្តលើសេចក្តីល្អរបស់ព្រះ ព្យាយាមឯករាជ្យដាច់ពីព្រះ ហើយការទីបីដែលខ្ញុំមិនបានបញ្ជាក់ប្រាប់ គឺពួកគាត់ទុកចិត្តញាណយល់ដឹងរបស់ខ្លួន ជាងព្រះបន្ទូលរបស់ព្រះ។ ប្រសិនបើលោកអ្នកមើលនៅលោកុប្បត្តិ ៣ ខ ៦ ព្រះគម្ពីរចែងថា៖
«ពេលស្ត្រីឃើញថា ផ្លែឈើនោះបរិភោគបាន...»
តើមានអ្វីបានកើតឡើង? នាងបានបោះបង់ចោលជំនឿរបស់នាងទៅលើព្រះបន្ទូលដែលមើលមិនឃើញនឹងភ្នែក ហើយទុកចិត្តលើញាណរបស់នាងវិញ។ នោះហើយជាពេលដែលនាងធ្លាក់ចុះយ៉ាងពិតប្រាកដ គឺនៅពេលដែលនាងឃើញថា ផ្លែឈើនោះបរិភោគបាន។
ដូច្នេះ បញ្ហាដែលជាឫសគល់ គឺការមិនទុកចិត្តលើសេចក្តីល្អរបស់ព្រះ ចង់ឯករាជ្យដាច់ពីព្រះ ហើយពឹងអាងលើញាណយល់ដឹងរបស់ខ្លួន ជាជាងពឹងអាងលើព្រះបន្ទូលរបស់ព្រះ។
ចម្លើយសម្រាប់បញ្ហានេះ គឺបង្វែរដំណើរនោះមកវិញ។ នោះហើយជាអ្វីដែលយើងត្រូវធ្វើ។ យើងត្រូវជឿលើសេចក្តីល្អរបស់ព្រះ។ ខ្ញុំភ្ញាក់ផ្អើលនឹងមនុស្សជាច្រើនដែលខ្ញុំបានជួប ពួកគេហៅខ្លួនឯងថាជាគ្រីស្តបរិស័ទ ប៉ុន្តែមិនទុកចិត្តព្រះ។ ពួកគេមិនទុកចិត្តថា ព្រះនឹងធ្វើឲ្យពួកគេបានល្អទេ។ ប្រសិនបើខ្ញុំចុះចូលចំពោះព្រះ ព្រះអង្គនឹងសុំអ្វីមួយពីខ្ញុំមិនខាន។ ព្រះអង្គអាចនឹងចាត់ខ្ញុំឲ្យចេញទៅធ្វើជាបេសកជន ដែលខ្ញុំមិនចង់ក៏ថាបាន។
ខ្ញុំនិយាយថា យ៉ាងហោចណាស់ ២០ ភាគរយក្នុងចំណោមអ្នកស្តាប់ព្រឹកនេះ លោកអ្នកមិនទុកចិត្តព្រះពិតប្រាកដទេ។ លោកអ្នកភ័យខ្លាចថា ប្រសិនបើលោកអ្នកចុះចូលចំពោះព្រះ ព្រះអង្គនឹងធ្វើអ្វីម្យ៉ាង។ ព្រះអង្គនឹងឲ្យលោកអ្នកធ្វើអ្វីមួយ។ ព្រះអង្គនឹងសុំអ្វីមួយពីលោកអ្នក ដែលលោកអ្នកមិនចង់ធ្វើ។
ដូច្នេះ បញ្ហាដែលជាឫសគល់របស់លោកអ្នក នៅតែដូចគ្នានឹងអេវ៉ា គឺការមិនទុកចិត្តលើសេចក្តីល្អរបស់ព្រះ។ គ្មានផ្លូវត្រឡប់ក្រោយឡើយ រហូតទាល់តែលោកអ្នកព្រមទុកចិត្តព្រះ។ នោះហើយជាដំណោះស្រាយពិតប្រាកដតែមួយគត់។ លោកអ្នកត្រូវតែទុកចិត្តព្រះ ទាំងមិនដឹងថា ព្រះអង្គនឹងសុំអ្វីពីលោកអ្នក។
មនុស្សជាច្រើននិយាយថា៖ «ខ្ញុំនឹងទុកចិត្តព្រះ ប្រសិនបើព្រះអង្គធ្វើនេះ ឬធ្វើនោះ»។ នោះមិនមែនជាការទុកចិត្តទេ។ ការទុកចិត្ត គឺនៅពេលដែលលោកអ្នកមិនដឹងថា ព្រះអង្គនឹងធ្វើអ្វី។
ខ្ញុំបានទុកចិត្តព្រះ ពីពេលមួយទៅពេលមួយ អស់រយៈពេលជាងហាសិបឆ្នាំមកហើយ។ ខ្ញុំចង់ប្រាប់លោកអ្នកថា ព្រះអង្គធ្វើឲ្យលោកអ្នកបានប្រសើរជាងលោកអ្នកធ្វើខ្លួនឯង។ ប៉ុន្តែ ដោយព្រោះព្រះអង្គបានធ្វើការនោះសម្រាប់ខ្ញុំ នោះលោកអ្នកក៏ត្រូវជឿសម្រាប់ខ្លួនឯងដែរ។
លោកអ្នកត្រូវតែទុកចិត្តលើសេចក្តីល្អរបស់ព្រះ។ ដូចដែលលោកប៉ុលមានប្រសាសន៍រួចហើយថា ព្រះទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយព្រះគ្រីស្តបានសុគតសម្រាប់អំពើបាបរបស់យើង។ លោកអ្នកមិនចាំបាច់ត្រូវការភស្តុតាងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ ជាជាងហេតុការណ៍នេះឡើយ។
ទីពីរ លោកអ្នកត្រូវទម្លាក់ភាពឯករាជ្យរបស់លោកអ្នកចុះ។ ការប្រាថ្នាចង់ឯករាជ្យដាច់ពីព្រះ គឺជាអំពើបាប។ តើលោកអ្នកបានដឹងដូច្នោះឬអត់? ប្រសិនបើលោកអ្នកមើលបញ្ហានេះ ដោយឆ្លុះបញ្ចាំងនឹងសេចក្តីពិតពេញលេញ នោះការដែលប្រាថ្នាចង់ឯករាជ្យដាច់ពីព្រះ គឺជាការដែលគួរឲ្យអស់សំណើច ហើយជាអំពើបាបគួរឲ្យខ្លាច។ នេះជាព្រះដ៏មានគ្រប់ព្រះចេស្តា ជាអ្នកបង្កើតចក្រវាឡ ជាម្ចាស់លើទេវតាទាំងសល់សែន ជាអ្នកដែលគ្រប់គ្រងហ្វូងផ្កាយ សមុទ្រ រដូវ និងដំណើរការរបស់ចក្រវាឡ ហើយលោកអ្នកគ្រាន់តែជាស្រមោចតូចមួយនៅលើដី រួចហើយលោកអ្នកនិយាយថា៖ «ខ្ញុំចង់ឯករាជ្យ»។ នោះជារឿងដែលគួរអស់សំណើច។ ប្រសិនបើលោកអ្នកអាចមើលយល់រឿងនេះ នោះវាជារឿងដែលមិនទំនងទាល់តែសោះ។
កូដ: RP-R186-102-KHM










