ហេតុអ្វីបានជារឿងទាំងនេះកើតឡើងចំពោះរាស្ដ្ររបស់ព្រះ វគ្គ១ (វគ្គ១)

ដេរេក ព្រីនស៍
Last Updated: September 2026
Read Time: 8
លោក ដេរិក ព្រីនស៍ ចាប់ផ្តើមមេរៀនសប្តាហ៍នេះអំពី «បាបនៃការចង់រស់នៅដោយឯករាជ្យពីព្រះ» ដោយត្រឡប់ទៅកាន់ដើមកំណើតនៃអ័ដាម អេវ៉ា និងសត្វពស់នៅក្នុងសួនច្បារ។ សាតាំងបានល្បួងឱ្យនាងអេវ៉ាសង្ស័យលើសេចក្តីពិតរបស់ព្រះ។ ការឆ្លើយតបរបស់នាងបានបង្ហាញពីជំហានធ្លាក់ចុះបីយ៉ាងដែលសាតាំងនៅតែប្រើរហូតមកដល់សព្វថ្ងៃនេះ គឺ៖ ការសង្ស័យ ការមិនជឿ និងការមិនស្តាប់បង្គាប់។
Transcript
ខ្ញុំចង់បញ្ជាក់ជូនឲ្យច្បាស់ពីដំបូងថា ខ្ញុំមិនអាចមានគ្រប់ចម្លើយជូនលោកអ្នកទេ។ សូម្បីតែពេលមេរៀនជាភាគខ្លីៗទាំងនេះចប់ហើយក៏ដោយ លោកអ្នកនឹងមានសំណួរខ្លះដែលលោកអ្នករកមិនឃើញចម្លើយ។ យើងទាំងអស់គ្នាសុទ្ធតែបែបនោះ។ គ្មាននរណាម្នាក់ក្នុងចំណោមយើងអាចយល់អស់អំពីព្រះ និងកិច្ចការរបស់ព្រះអង្គបានទេ។ ប្រសិនបើយើងអាចយល់អស់ នោះព្រះអង្គមិនមែនជាព្រះទេ។
ខ្ញុំសូមបទគម្ពីរពីរដែលនឹងជួយលោកអ្នក ឬយ៉ាងហោចណាស់ បទគម្ពីរទាំងនេះបញ្ជាក់ប្រាប់ពីបញ្ហា។ រ៉ូម ១១:៣៣ លោកប៉ុលមានប្រសាសន៍ថា៖
«ការសម្រេចរបស់ព្រះអង្គ តើអ្នកណាអាចស្វែងយល់បាន! ហើយផ្លូវរបស់ព្រះអង្គ តើអ្នកណាអាចស្វែងរកបាន!»។
ដូច្នេះ ប្រសិនបើលោកអ្នកចង់ស្វែងយល់ការជំនុំជម្រះរបស់ព្រះ លោកអ្នកនឹងមិនយល់អស់ឡើយ។ ប្រសិនបើលោកអ្នកចង់ស្គាល់អស់ទាំងផ្លូវរបស់ព្រះ នោះស្គាល់មិនអស់ឡើយ។
បទគម្ពីរនេះអាចជួយលោកអ្នកឲ្យទទួលស្គាល់ថា នឹងមានរឿងរ៉ាវកើតឡើងនៅក្នុងជីវិតលោកអ្នក ដែលលោកអ្នកមិនយល់ មិនដឹងមូលហេតុ ហើយប្រហែលជាមិនដឹងមូលហេតុរហូតតទៅ។
បទគម្ពីរមួយទៀតគឺសុភាសិត ៣:៥៖
«ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ»។
មុននេះមិនយូរប៉ុន្មាន ព្រះទ្រង់បានដោះស្រាយជាមួយរស់ ប្រពន្ធខ្ញុំ អំពីបញ្ហាដែលគាត់មាននៅករបស់គាត់។ ព្រះទ្រង់បានបង្ហាញគាត់ចេញពីបទគម្ពីរនេះថា គាត់កំពុងតែមិនស្តាប់បង្គាប់តាមបទគម្ពីរ ពីព្រោះមិនព្រមទុកចិត្តព្រះ គាត់បែរជាព្យាយាមយល់ទៅវិញ។ តើលោកអ្នកធ្លាប់ធ្វើដូច្នោះឬទេ? ការធ្វើបែបនោះផ្ទុយនឹងបទគម្ពីរ។ បទគម្ពីរប្រាប់ថា ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ កុំព្យាយាមដោះស្រាយបញ្ហាតាមគំនិតយោបល់របស់លោកអ្នកឡើយ។
ថ្ងៃនេះ ខ្ញុំនឹងព្យាយាមនិយាយអំពីបញ្ហាជាមូលដ្ឋានមួយដែលយើងទាំងអស់គ្នាមាន ហើយប្រសិនបើលោកអ្នកមិនចាប់ផ្តើមយល់បញ្ហានេះទេ នោះលោកអ្នកមិនអាចដោះស្រាយបញ្ហាដទៃទៀតជាច្រើនបានឡើយ ហើយលោកអ្នកក៏នឹងមិនយល់រឿងរ៉ាវជាច្រើនដែលកើតឡើងនៅក្នុងជីវិតរបស់លោកអ្នកដែរ។ យប់នេះ យើងនឹងនិយាយអំពីមេរៀនខ្លះៗចេញពីគម្ពីរយ៉ូប។ ខ្ញុំបានប្រកាសជូនដំណឹងជាមុន ហើយមានមនុស្សម្នាក់ ឬពីរនាក់បានប្រាប់ខ្ញុំថា ពួកគេមិនដែលបានអានគម្ពីរយ៉ូបទាល់តែសោះ! គម្ពីរយ៉ូបមិនស្ថិតនៅក្នុងបញ្ជីអានរបស់ពួកគេទេ។ ខ្ញុំភ្ញាក់ផ្អើលនឹងពាក្យនោះ។ ខ្ញុំគិតថា គ្រីស្តបរិស័ទអានគ្រប់កណ្ឌគម្ពីរទាំងអស់។ មែនទេ?
លោកអ្នកដឹងហើយ ព្រះគម្ពីរប្រាប់ថា គ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត ដើម្បីឲ្យអ្នកសំណព្វរបស់ព្រះបានគ្រប់លក្ខណ៍ ហើយមានចំណេះសម្រាប់ធ្វើការល្អគ្រប់ជំពូក។ ហើយមានបទគម្ពីរមួយទៀតដែលសន្យាថា លោកអ្នកនឹងមិនខ្វះអ្វីឡើយ ប៉ុន្តែលោកអ្នកត្រូវតែអនុវត្តតាមបទគម្ពីរនោះ។ ប្រសិនបើលោកអ្នកគ្រាន់តែអានព្រះគម្ពីរពាក់កណ្តាល លោកអ្នកនឹងមិនក្លាយទៅជាគ្រីស្តបរិស័ទគ្រប់លក្ខណ៍ទេ ពីព្រោះគ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែង សូម្បីតែបញ្ជីវង្សត្រកូល។
ខ្ញុំនឹងត្រឡប់ទៅដើមដំបូងនៃប្រវត្តិសាស្ត្រមនុស្សជាតិ គឺទៅឯឪពុកម្តាយដើមរបស់យើង គឺអ័ដាម និងអេវ៉ា។ ខ្ញុំនឹងព្យាយាមទាញយកសេចក្តីពិតជាមូលដ្ឋានមួយ ដែលពាក់ព័ន្ធនឹងយើងម្នាក់ៗចេញពីសម័យនោះ។
លោកអ្នកដឹងហើយ យើងទាំងអស់គ្នាមានពូជពង្សចេញមកពីអ័ដាម ហើយខ្ញុំជឿ។ ខ្ញុំដឹងថា មនុស្សជាច្រើនមិនជឿការនោះទេ ប៉ុន្តែខ្ញុំជឿ។ ក្នុងនាមជាទស្សនវិទូម្នាក់ ខ្ញុំបានសិក្សាទ្រឹស្តីជាច្រើនអំពីដើមកំណើតមនុស្ស ដើមកំណើតចក្រវាឡ និងអ្វីៗផ្សេងទៀតទាំងអស់។ ប៉ុន្តែនៅពេលដែលខ្ញុំបើកមើលព្រះគម្ពីរ ហើយអានដោយជំនឿ ខ្ញុំបានរកឃើញថា ព្រះគម្ពីរបានធ្វើកិច្ចការមួយដែលទ្រឹស្តីដទៃទៀតមិនបានធ្វើ គឺព្រះគម្ពីរបានពន្យល់ប្រាប់ខ្ញុំអំពីខ្លួនខ្ញុំ។ ខ្ញុំបានរកឃើញថា ខ្ញុំជាគ្រូអធិប្បាយបែបណា មានធាតុខុសប្លែកអ្វីខ្លះនៅក្នុងបុគ្គលិកលក្ខណៈរបស់ខ្ញុំ ហេតុអ្វីបានជាខ្ញុំប្រព្រឹត្តដូចដែលខ្ញុំប្រព្រឹត្ត ហេតុអ្វីបានជាខ្ញុំមានសម្ពាធដូចដែលខ្ញុំមាន។ ខ្ញុំបានយល់សេចក្តីទាំងអស់នោះចេញពីគម្ពីរលោកុប្បត្តិ ត្រង់សេចក្តីពណ៌នាអំពីការបង្កើតអ័ដាម និងអេវ៉ា។ ដូច្នេះ កុំសរុបរឿងនោះដូចជារឿងព្រេងបុរាណឡើយ ពីព្រោះនោះជាសេចក្តីពណ៌នាយ៉ាងត្រឹមត្រូវ ពិតប្រាកដ អំពីដើមកំណើតមនុស្សយើង។
ព្រះគម្ពីរប្រាប់អំពីកូនចៅអ័ដាមជាច្រើនដង។ លោកអ្នកត្រូវចងចាំថា ព្រះគម្ពីរ និងសេចក្តីសង្គ្រោះសុទ្ធតែតម្រង់ទៅរកអ័ដាម និងពូជពង្សរបស់លោក។ ប្រហែលជាមានអ្វីៗផ្សេងទៀតជាច្រើននៅលើផែនដីមុនអ័ដាម។ យើងមិនដឹងទេ ប៉ុន្តែព្រះគម្ពីរមិននិយាយសំដៅទៅរករបស់ទាំងនោះទេ។ ដោយព្រោះហេតុផលអស្ចារ្យមួយ ព្រះទ្រង់យកព្រះហឫទ័យទុកដាក់ជាពិសេសចំពោះអ័ដាម និងពូជពង្សរបស់លោក។ នោះគឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុត។ ពេលខ្លះ ខ្ញុំប្រាប់ខ្លួនឯងថា មិនគួរឲ្យជឿសោះ ដែលព្រះទ្រង់ខ្វល់នឹងស្នាព្រះហស្តមួយនេះរបស់ព្រះអង្គ។ បន្ទាប់មក ខ្ញុំនិយាយថា គួរឲ្យជឿណាស់ ពីព្រោះព្រះគម្ពីរបង្ហាញប្រាប់ការនោះ ហើយខ្ញុំជឿព្រះគម្ពីរ។ ដូច្នេះ នោះជាការពិត។
ខ្ញុំចង់អានសេចក្តីពណ៌នាអំពីការធ្លាក់ចុះរបស់អ័ដាម និងអេវ៉ា ជាសេចក្តីពណ៌នាយ៉ាងសង្ខេប។ ការដ៏អស្ចារ្យរបស់ព្រះគម្ពីរគឺថា ព្រះគម្ពីរអាចប្រាប់ពីការយ៉ាងច្រើន ដោយប្រើពាក្យយ៉ាងតិច។ ដូច្នេះ អ្វីដែលខ្ញុំនឹងធ្វើ គឺអានប្រាំពីរខដំបូង នៅក្នុងលោកុប្បត្តិ ៣៖
«ឯពស់ជាសត្វមួយដែលមានកលល្បិចលើសជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះបានបង្កើត។ វាពោលទៅកាន់ស្ត្រីថា៖ “តើព្រះមានព្រះបន្ទូលថា អ្នកមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មានដែលនៅក្នុងសួនច្បារ មែនឬ?” ស្ត្រីពោលទៅកាន់ពស់ថា៖ “យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនច្បារបាន តែព្រះមានព្រះបន្ទូលថា៖ មិនត្រូវបរិភោគផ្លែឈើមួយដែលនៅកណ្តាលសួនច្បារនោះឡើយ ហើយក៏កុំប៉ះពាល់ដែរ ក្រែងលោស្លាប់”»។
តើអេវ៉ាបានដឹងបម្រាមនោះយ៉ាងដូចម្តេច? តើនរណាប្រាប់នាង? គឺអ័ដាម។ ត្រឹមត្រូវហើយ។ លោកអ្នកឃើញហើយ នោះជាការងារដែលលោកត្រូវធ្វើ។
លោកអ្នកឃើញហើយ នាងមិនចង់សារភាពថា មានការដែលពួកគាត់មិនអាចធ្វើបាននោះទេ។ នាងបានឆ្លើយថា៖ «យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនច្បារបាន លើកលែងតែដើមឈើមួយប៉ុណ្ណោះ»។ យើងស្ទាក់ស្ទើរជាខ្លាំងមិនចង់ទទួលស្គាល់ដែនកំណត់របស់យើងទេ។ តើលោកអ្នកដែលកត់សម្គាល់ឃើញការនោះទេ?
«ប៉ុន្តែ ពស់និយាយទៅកាន់ស្ត្រីថា៖ “អ្នកនឹងមិនស្លាប់ជាពិតទេ ដ្បិតព្រះជ្រាបថា ពេលណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចជាព្រះ ព្រមទាំងដឹងខុសត្រូវផង”។ ដូច្នេះ ពេលស្ត្រីឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយថា ដើមឈើនោះគួរឲ្យចង់បាន ដើម្បីឲ្យមានប្រាជ្ញា នាងក៏បេះផ្លែឈើនោះមកបរិភោគ ព្រមទាំងចែកឲ្យប្តីដែលនៅជាមួយ ហើយប្តីក៏បរិភោគដែរ។ ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយគេដឹងថា គេនៅខ្លួនទទេ ហើយគេក៏យកស្លឹកល្វាមកខ្ទាស់ ធ្វើជាបាំងបិទបាំងកាយ»។
ខ្ញុំនឹងមិនបន្តទៀតទេ។ ប៉ុន្តែ នៅចំណុចនេះ យើងមានចំណុចសំខាន់នៃអ្វីដែលយើងត្រូវដឹងអំពីខ្លួនយើង បញ្ហារបស់យើង និងរបៀបគេចចេញពីបញ្ហាទាំងនោះ។
សត្វពស់ដែលជារូបភាពនៃអារក្សសាតាំង វាមានគោលបំណងមួយធំ គឺដកយកអ័ដាម និងអេវ៉ាចេញពីគ្រឹះរបស់ពួកគាត់នៅក្នុងព្រះបន្ទូលរបស់ព្រះ។ នៅពេលវាអាចធ្វើការនោះបានហើយ ពួកគាត់ត្រឡប់ជាសុំសេចក្តីមេត្តាពីវា។ ខ្ញុំចង់ប្រាប់លោកអ្នកថា ទោះជាលោកអ្នកជានរណាក៏ដោយ ក្នុងនាមជាអ្នកជឿ គោលដៅធំរបស់អារក្សសាតាំងនៅក្នុងជីវិតរបស់លោកអ្នក គឺបំផ្លាញ និងបង្ខូចបទគម្ពីរ។ នៅពេលដែលវានាំលោកអ្នកទៅដល់កន្លែងមួយដែលលោកអ្នកលែងជឿ ហើយលែងទទួលយកសិទ្ធិអំណាចរបស់បទគម្ពីរទៀត នោះលោកអ្នកលិចលង់ ហើយក៏ក្លាយទៅជាជនរងគ្រោះ។ នោះហើយជាកិច្ចការដែលវាត្រូវធ្វើ។
វាបានចូលមកតាមវិធីដ៏មានកលល្បិចបំផុត។ ព្រះគម្ពីរប្រាប់ថា ឯពស់ជាសត្វមួយដែលមានកលល្បិចលើសជាងអស់ទាំងសត្វព្រៃ។ វាបានធ្វើការពីរយ៉ាង។ ទីមួយ វាបានសួរដេញដោលព្រះបន្ទូលរបស់ព្រះ។ តើព្រះមានព្រះបន្ទូលមែនឬ? នៅពេលនាងចាប់អារម្មណ៍នឹងសំណួរនោះហើយ នាងក៏លិចលង់។ នៅពេលនាងចាប់អារម្មណ៍នឹងសំណួរនោះហើយ នោះវាក៏ដាក់ការបដិសេធចូលមក គឺវាថា អ្នកនឹងមិនស្លាប់ជាពិតទេ។
ឥឡូវនេះ វាមិនបានផ្លាស់ប្តូរល្បិចកលរបស់វាទេ។ សព្វថ្ងៃនេះ មារសាតាំងធ្វើតាមរបៀបដដែល។ តើលោកអ្នកដឹងថាហេតុអ្វីទេ? ព្រោះវាធ្វើបែបនោះកើតការ។ ការធ្វើបែបនោះនាំឲ្យវាមានជោគជ័យរហូត។ ដូច្នេះ ខ្ញុំចង់ប្រាប់លោកអ្នកជាមុន។ ទោះជាលោកអ្នកធ្វើអ្វីក៏ដោយ កុំងាកចេញពីជំនឿរបស់លោកអ្នកលើបទគម្ពីរ ដែលជាព្រះបន្ទូលរបស់ព្រះឡើយ។
អារក្សវាមិនបាច់ចាប់ផ្តើមដោយវាយប្រហារព្រះបន្ទូលនោះទេ។ វាចាប់ផ្តើមដោយសួរដេញដោលឲ្យសង្ស័យនឹងព្រះបន្ទូល។ វាបានធ្វើបែបនោះនៅក្នុងប្រទេសអាល្លឺម៉ង់ ប្រទេសន័រវេ ប្រទេសអង់គ្លេស កាលពីចុងសតវត្សរ៍មុន។ វាបានដេញដោលព្រះបន្ទូល ហើយនៅសព្វថ្ងៃនេះ យើងមានក្រុមជំនុំ និងគ្រូដែលមិនមែនសុទ្ធតែជាអ្នកជឿ។
ប៉ុន្តែវាមិនបានចាប់ផ្តើមដោយបដិសេធភ្លាមទេ គឺវាបានចាប់ផ្តើមឡើងដោយការសួរដេញដោល។ ហើយប្រសិនបើលោកអ្នកចាប់អារម្មណ៍នឹងសំណួរនោះ លោកអ្នកនឹងមានបញ្ហាដដែលដូចគ្នានឹងអេវ៉ាដែរ។
ការឆ្លើយតបរបស់អេវ៉ា អាចសង្ខេបមកត្រឹមពាក្យបី។ ទីមួយ នាងសង្ស័យនឹងព្រះបន្ទូលរបស់ព្រះ។ ក្រោយពីសង្ស័យនឹងព្រះបន្ទូលរបស់ព្រះហើយ នាងមិនជឿព្រះបន្ទូល។ ហើយក្រោយពីមិនជឿព្រះបន្ទូលហើយ នាងមិនស្តាប់បង្គាប់តាមព្រះបន្ទូល។ ពាក្យទាំងនោះ គឺជាបីជំហានចុះមកក្រោម៖ សង្ស័យ មិនជឿ និងមិនស្តាប់បង្គាប់។ នៅពេលដែលនាងបានធ្វើការនោះ នាងបានបាត់បង់ នាងបានបរាជ័យ។
ខ្ញុំចង់បញ្ជាក់ធ្ងន់ម្តងទៀត ដ្បិតវានឹងជួបរឿងដូចគ្នាជាមួយនឹងលោកអ្នក។ ទោះជាលោកអ្នកជានរណា ហើយមកពីណាក៏ដោយ ប្រសិនបើលោកអ្នកចុះតាមជំហានទាំងបីនោះទៅក្រោម គឺសង្ស័យ មិនជឿ ហើយមិនស្តាប់បង្គាប់ នោះលោកអ្នកនឹងបាត់បង់ ដូចអេវ៉ាហើយ។ យ៉ាងនោះ សាតាំងវានឹងមានជោគជ័យយ៉ាងធំនៅក្នុងជីវិតលោកអ្នក។
កូដ: RP-R186-101-KHM










