ដូច្នេះ បន្ទាប់ពីការចេះទប់ចិត្ត ឥឡូវនេះ យើងមកដល់គុណធម៌ដ៏ល្អប្រសើរបំផុតហើយ។

បន្ថែមការ​គោរពប្រ​តិបត្តដល់ព្រះ ទៅលើសេចក្តីខ្ជាប់ខ្ជួន។

ខ្ញុំឲ្យនិយមន័យអំពីការគោរពប្រតិបត្តិដល់ព្រះថា ជាចិត្តគំនិតដែលគ្រប់គ្រងដោយព្រះវិញ្ញាណបរិសុទ្ធ។ ប្រតិកម្ម និងការឆ្លើយតបទាំងប៉ុន្មានរបស់លោកអ្នក ត្រូវបានគ្រប់គ្រងដោយព្រះវិញ្ញាណបរិសុទ្ធ។ ទីសម្គាល់អំពីអ្នកដែលគោរពប្រតិបត្តិដល់ព្រះ គឺថា ពេលដែលគេចូលទៅក្នុងបន្ទប់ ព្រះទ្រង់ចូលទៅជាមួយគេ។ គេនាំយកព្រះវត្តមានរបស់ព្រះទៅជាមួយគេ។ នោះហើយជាការគោរពប្រតិបត្តិដល់ព្រះ។

នៅមានពីរដំណាក់កាលទៀត ព្រោះយើងទើបតែមកដល់ដំណាក់ទីប្រាំប៉ុណ្ណោះ។

ទីប្រាំមួយ គឺការរាប់អានជាបងប្អូន។ នោះមានន័យថា ស្រឡាញ់អ្នកជឿដូចគ្នា។ ពួកយើងមួយចំនួនមិនទាន់មកដល់ដំណាក់កាលទីប្រាំមួយនៅឡើយទេ ហើយខ្ញុំសូមសារភាពថា ព្រះគ្រីស្ទបរិស័ទទាំងអស់ មិនមែនសុទ្ធតែងាយស្រួលនឹងស្រឡាញ់ទេ។ ខ្ញុំគិតថា ខ្ញុំប្រហែលជាម្នាក់ក្នុងចំណោមពួកគេផងដែរ។ ប៉ុន្មានឆ្នាំក្រោយមក មានគេមកជួបខ្ញុំប្រាប់ថា៖ «បងប្រុសព្រីនស៍ ខ្ញុំត្រូវអត់ទោសឲ្យលោក»។ មនុស្សផ្សេងទៀតនិយាយថា៖ «លោកផ្លាស់ប្ដូរច្រើនណាស់!» ខ្ញុំយល់អ្វីដែលពួកគេចង់និយាយ ហើយខ្ញុំសូមទទួលស្គាល់ថា នោះជាការពិត។

ប៉ុន្តែ ការរាប់អានជាបងប្អូន មិនមែនជាចុងបញ្ចប់ទេ។ នៅមានមួយទៀត ជាពាក្យតែមួយម៉ាត់ប៉ុណ្ណោះ គឺសេចក្តីស្រឡាញ់។ នៅក្នុងភាសាក្រិក ពាក្យនោះគឺ agape។ ពាក្យនោះមានន័យថា សេចក្តីស្រឡាញ់ដែលស្រឡាញ់ខ្មាំងសត្រូវលោកអ្នក ស្រឡាញ់អ្នកដែលបៀតបៀនលោកអ្នក ស្រឡាញ់អ្នកដែលមិនយល់ពីលោកអ្នក ស្រឡាញ់អ្នកដែលខុសប្លែកពីលោកអ្នក។ នោះហើយជាចំណុចកំពូលនៃជីវិតព្រះគ្រីស្ទបរិស័ទ។ ប៉ុន្តែមានដំណើរការ ហើយមានភ្នាក់ងារពីរដែលព្រះទ្រង់ប្រើ គឺព្រះវិញ្ញាណបរិសុទ្ធ និងព្រះបន្ទូល។ លោកអ្នកអាចមានបទពិសោធន៍ខាងវិញ្ញាណដ៏អស្ចារ្យជាច្រើន។ ខ្ញុំបានអានអំពីជីវិតបេសកជន និងអ្នកដទៃទៀតដែលមានបទពិសោធន៍យ៉ាងអស្ចារ្យខាងវិញ្ញាណ។ ខ្ញុំកំពុងគិតពីលោក Hudson Taylor ដែលខ្ញុំបានអានអំពីជីវិតរបស់លោកនៅពេលថ្មីៗនេះ។ សូម្បីតែក្រោយពេលដែលលោកមានបទពិសោធន៍អស្ចារ្យ គឺបានពេញដោយសេចក្តីស្រឡាញ់របស់ព្រះក៏ដោយ ក៏លោកនៅមានបញ្ហាផ្ទាល់ខ្លួនច្រើន ហើយលោកមិនស្រួលនឹងរស់នៅជាមួយប៉ុន្មានទេ។ លោកជាមនុស្សដ៏អស្ចារ្យរបស់ព្រះ។ ប៉ុន្តែយើងត្រូវឆ្លងកាត់ដំណាក់កាល។ គ្មាននរណាម្នាក់ត្រូវបានលើកលែងទេ។ លោកអ្នកមិនអាចទៅដល់ទីនោះតាមផ្លូវណាផ្សេង ក្រៅពីផ្លូវដែលព្រះបានកំណត់ទុកឡើយ។

ខ្ញុំសូមនិយាយការនេះម្ដងទៀត។ បន្ថែមកិរិយាល្អពីលើជំនឿរបស់អ្នករាល់គ្នា ហើយបន្ថែមការស្គាល់ព្រះពីលើកិរិយាល្អ បន្ថែមការគ្រប់គ្រងចិត្តពីលើការស្គាល់ព្រះ បន្ថែមសេចក្តីខ្ជាប់ខ្ជួនពីលើការគ្រប់គ្រងចិត្ត បន្ថែមការគោរពប្រតិបត្តិដល់ព្រះពីលើសេចក្តីខ្ជាប់ខ្ជួន បន្ថែមការរាប់អានជាបងប្អូន គឺការស្រឡាញ់អ្នកជឿដូចគ្នា ពីលើការគោរពប្រតិបត្តិដល់ព្រះ និងបន្ថែមសេចក្តីស្រឡាញ់ពីលើការរាប់អានជាបងប្អូន។ តាមដែលខ្ញុំដឹង នោះជាចំណុចកំពូល។ នោះហើយជាគោលដៅ។ នោះហើយជាទិសដៅសម្រាប់អ្នកជឿទាំងអស់ដែលពេញដោយព្រះវិញ្ញាណ។

ខ្ញុំមានបំណងប្រាថ្នាមួយសម្រាប់យើងទាំងអស់គ្នា ហើយខ្ញុំអាចនិយាយនៅពេលនេះបានថា ខ្ញុំស្រឡាញ់លោកអ្នកទាំងអស់គ្នា។ ខ្ញុំមិនស្គាល់លោកអ្នកទេ ប៉ុន្តែខ្ញុំមានសេចក្តីស្រឡាញ់របស់ព្រះនៅក្នុងចិត្តខ្ញុំចំពោះលោកអ្នកនៅពេលនេះ។ ការអធិស្ឋានរបស់ខ្ញុំ ហើយខ្ញុំសូមជូនការអធិស្ឋាននេះដល់ Don Double និងក្រុមការងារ គឺសូមឲ្យសេចក្តីស្រឡាញ់របស់ព្រះ បង្ហូរមកលើយើងនៅសប្ដាហ៍នេះ ដើម្បីកុំឲ្យយើងណាម្នាក់ចាកចេញទៅវិញជាមនុស្សដដែលទៀតឡើយ។ ខ្ញុំអធិស្ឋានសូមឲ្យប្រភពទឹកនៃសេចក្តីស្រឡាញ់បានបើកហូរចេញមកនៅក្នុងជំរំនេះ ហើយនៅពេលចុងសប្ដាហ៍នេះ ក៏នៅតែហូរទៅដល់គ្រប់ផ្នែកទាំងអស់នៅក្នុងប្រទេសអង់គ្លេស តាមរយៈជីវិតរបស់លោកអ្នក។ តើលោកអ្នកទទួលយកដោយរីករាយ អាម៉ែន បានទេ?

ឥឡូវនេះ ខ្ញុំចង់ធ្វើការសារភាព ពីព្រោះខ្ញុំបានរៀនដោយបទពិសោធន៍ថា អំពើបាបដែលមិនបានសារភាព គឺជាឧបសគ្គរារាំងព្រះពររបស់ព្រះ។ មានឧបសគ្គដទៃទៀត ប៉ុន្តែនេះជាឧបសគ្គទីមួយដែលធ្ងន់ធ្ងរបំផុត និងទូទៅបំផុត។ ព្រះគ្រីស្ទបរិស័ទជាច្រើនមិនបានយល់ពីការនេះទេ នៅពេលព្រះទ្រង់មានព្រះបន្ទូលថា៖ «ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់»។ មានពាក្យ «ប្រសិនបើ»។ លោកអ្នកប្រហែលជាអានព្រះគម្ពីរបកប្រែផ្សេងពីខ្ញុំ ប៉ុន្តែខ្ញុំរកមិនឃើញថា ព្រះតាំងព្រះទ័យនឹងអត់ទោសឲ្យអំពើបាបដែលមិនបានលន់តួនោះឡើយ។ ដូច្នេះ ប្រសិនបើយើងចង់ឲ្យអំពើបាបរបស់យើងបានទទួលការអត់ទោស តើយើងត្រូវធ្វើអ្វី? គឺលន់តួ។ តើលោកអ្នកប្រាកដហើយឬនៅ? តើលោកអ្នកព្រមទេ? វាអាចឈឺចាប់មែន វាអាចឲ្យលោកអ្នកប្រើពេលកន្លះសប្ដាហ៍ដើម្បីឆ្លងកាត់ការនោះ។

សូមស្តាប់ កុំចាប់ផ្ដើមវិភាគអំពីខ្លួនលោកអ្នក កុំកកាយរកនៅក្នុងខ្លួនលោកអ្នក ពីព្រោះលោកអ្នកកាន់តែកកាយ លោកអ្នកកាន់តែមានអារម្មណ៍មិនល្អ។ សូមបើកឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការនោះវិញ។ ព្រះយេស៊ូមានបន្ទូលនៅក្នុងគម្ពីរដំណឹងល្អមួយថា៖ «ប៉ុន្តែ បើខ្ញុំដេញអារក្សដោយសារព្រះវិញ្ញាណរបស់ព្រះ» ហើយនៅក្នុងគម្ពីរដំណឹងល្អមួយទៀត ព្រះអង្គមានបន្ទូលថា៖ «ប៉ុន្តែ បើខ្ញុំដេញអារក្សដោយសារម្រាមព្រះហស្តរបស់ព្រះ»។ ដូច្នេះ តើម្រាមព្រះហស្តរបស់ព្រះជាអ្វី? គឺព្រះវិញ្ញាណបរិសុទ្ធ។ សូមឲ្យព្រះជាម្ចាស់ដាក់ម្រាមព្រះហស្តរបស់ព្រះអង្គលើគ្រប់ផ្នែកទាំងអស់ក្នុងជីវិតលោកអ្នក ដែលលោកអ្នកត្រូវលន់តួ។

ខ្ញុំចង់ប្រាប់លោកអ្នកថា ក្រោយពីអធិប្បាយរាជសារនេះហើយ ខ្ញុំត្រូវលន់តួច្រើនណាស់ថា ខ្ញុំមិនបានស្រឡាញ់តាមដែលខ្ញុំគួរតែស្រឡាញ់ទេ។ ជាច្រើនដង ខ្ញុំចូលចិត្តរិះគន់ សុចរិតនឹងខ្លួនឯង ចូលចិត្តវិនិច្ឆ័យគេ អាត្មានិយម ហើយមិនខ្វល់ពីអ្នកដទៃ។ ពេលខ្ញុំគិតដល់ក្មេងៗដែលខ្ញុំបានជួយចិញ្ចឹម គឺប្រពន្ធខ្ញុំ និងខ្ញុំ ទទួលខុសត្រូវចិញ្ចឹមក្មេងដប់ពីរនាក់។ ខ្ញុំគិតថា រឿងដែលខ្ញុំសោកស្ដាយបំផុត គឺភាពមិនរវាសរវៃ។ ខ្ញុំជាកូនតែម្នាក់គត់ក្នុងគ្រួសារ ខ្ញុំគ្មានបងប្អូនទេ។ ខ្ញុំធំឡើងតែម្នាក់ឯង។ ខ្ញុំរៀនរស់នៅធ្វើតាមចិត្តខ្លួនឯង។ ខ្ញុំបានប្រើពេលច្រើនឆ្នាំណាស់ ទម្រាំនឹងមកដល់ចំណុចដែលខ្ញុំដឹង ពេលដែលអ្នកផ្សេងមានអារម្មណ៍មិនល្អ។ ខ្ញុំក៏បានរៀនមេរៀននេះផងដែរថា នៅពេលមនុស្សមកសួរសំណួរទេវសាស្ត្រដល់ខ្ញុំ ជាធម្មតា ពួកគេមិនចង់បានចម្លើយទេវសាស្ត្រទេ ពួកគេចង់បានសេចក្តីស្រឡាញ់ ពួកគេចង់បានជំនួយ ពួកគេចង់បានការកម្សាន្តចិត្ត។ ទេវសាស្ត្រពិតជារបៀបដែលនិយាយថា៖ «ជួយខ្ញុំផង ខ្ញុំត្រូវការសេចក្តីស្រឡាញ់»។

ខ្ញុំចង់លន់តួការនោះនៅចំពោះលោកអ្នកទាំងអស់គ្នា ពីព្រោះខ្ញុំចង់សុំឲ្យព្រះទ្រង់អត់ទោសខ្ញុំ។ ប្រសិនបើខ្ញុំមិនលន់តួទេ ខ្ញុំដឹងថា ព្រះអង្គនឹងមិនអត់ទោសឲ្យខ្ញុំទេ។ ប្រសិនបើខ្ញុំលន់តួ ខ្ញុំជឿថា ព្រះអង្គនឹងអត់ទោសឲ្យ។

ឥឡូវនេះ ខ្ញុំចង់សួរលោកអ្នកថា លោកអ្នកមានអារម្មណ៍ថាវាសមរម្យទេឬ នៅយប់នេះ ប្រសិនបើយើងដែលមិនបានស្រឡាញ់តាមដែលយើងគួរគប្បី នឹងក្រោកឈរឡើង លន់តួការនោះផ្ទាល់ខ្លួននៅចំពោះព្រះ ហើយសុំការអត់ទោសពីព្រះអង្គ។ បន្ទាប់មក ចូរសុំឲ្យព្រះអង្គចាក់បង្ហូរសេចក្តីស្រឡាញ់របស់ព្រះអង្គមកលើយើងក្នុងកម្រិតថ្មីមួយ។ ខ្ញុំមិនមែនសុំឲ្យលោកអ្នកប្រាប់អ្នកផ្សេងទេ គឺប្រាប់តែព្រះប៉ុណ្ណោះ ប៉ុន្តែប្រសិនបើលោកអ្នកនិយាយនៅយប់នេះថា៖ «ព្រះជាម្ចាស់អើយ ពេលទូលបង្គំប្រៀបធៀបសេចក្តីស្រឡាញ់របស់ទូលបង្គំ ជាមួយនឹងសេចក្តីស្រឡាញ់របស់ព្រះអង្គ និងជាមួយសេចក្តីស្រឡាញ់របស់ក្រុមជំនុំដើម ទូលបង្គំគ្រាន់តែជាភាជនៈដែលទទេប៉ុណ្ណោះ»។

ឥឡូវនេះ ខ្ញុំនឹងអធិស្ឋានសិន ហើយលោកអ្នកនិយាយថា អាម៉ែន បន្ទាប់មក ចាប់ផ្ដើមអធិស្ឋានដោយខ្លួនឯងចុះ។

«ព្រះអម្ចាស់អើយ យើងខ្ញុំចង់លន់តួនៅចំពោះព្រះអង្គនៅយប់នេះថា ក្នុងនាមជាអ្នកជឿរបស់ព្រះអង្គ យើងខ្ញុំបានធ្វើឲ្យព្រះអង្គខកព្រះហឫទ័យ។ យើងខ្ញុំមិនបានតំណាងឲ្យព្រះអង្គត្រឹមត្រូវទេ។ យើងខ្ញុំបានធ្វើឲ្យលោកិយគិតខុសចំពោះអត្តសញ្ញាណរបស់យើងខ្ញុំ។ យើងខ្ញុំមិនបានធ្វើឲ្យពួកគេដឹងថា យើងខ្ញុំជាសិស្សរបស់ព្រះអង្គ ដោយសារការដែលយើងខ្ញុំស្រឡាញ់គ្នាទៅវិញទៅមកឡើយ។ ជាច្រើនដង យើងខ្ញុំគិតថាខ្លួនឯងសុចរិត ចូលចិត្តរិះគន់ ចូលចិត្តថ្កោលទោស និងអាត្មានិយម។ ព្រះអម្ចាស់អើយ យើងខ្ញុំបានបរាជ័យតាមរបៀបផ្សេងទៀតជាច្រើន ប៉ុន្តែនៅយប់នេះ ព្រះអង្គបានមានព្រះបន្ទូលមកកាន់ចិត្តយើងខ្ញុំ ហើយយើងខ្ញុំចង់ទទួលស្គាល់នៅចំពោះព្រះអង្គថា យើងខ្ញុំបានបរាជ័យមែន ព្រះអម្ចាស់អើយ។ យើងខ្ញុំបានធ្វើបាប។ យើងខ្ញុំបានរំលងបញ្ញត្តិទីមួយដែលសំខាន់ជាងគេបំផុត គឺឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់យើង ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិត។ យើងខ្ញុំបានរំលងបញ្ញត្តិទីពីរផងដែរ ពីព្រោះយើងខ្ញុំមិនបានស្រឡាញ់អ្នកជិតខាង ដូចខ្លួនឯងទេ។ អ្វីដែលយើងខ្ញុំអាចធ្វើបាននៅយប់នេះ គឺទូលថា យើងខ្ញុំសុំទោស សូមអត់ទោសឲ្យយើងខ្ញុំផង។ សូមអត់ទោសឲ្យយើងខ្ញុំផង។ សូមអត់ទោសឲ្យយើងខ្ញុំផង។ សូមផ្លាស់ប្ដូរចិត្តគំនិតយើងខ្ញុំ។ សូមចាត់ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ មកធ្វើកិច្ចការដែលមានតែព្រះអង្គប៉ុណ្ណោះអាចធ្វើបាន នៅក្នុងយើងខ្ញុំ និងសម្រាប់យើងខ្ញុំ»។

នោះហើយជាការអធិស្ឋានរបស់លោកអ្នក។ ប្រសិនបើលោកអ្នកទទួលស្គាល់ការបែបនោះ សូមប្រកាសថា អាម៉ែន។ អាម៉ែន។

«ឥឡូវនេះ ព្រះអម្ចាស់អើយ ដោយព្រោះការអត់ទោសរបស់ព្រះអង្គ និងដោយយើងខ្ញុំបន្ទាបខ្លួននៅចំពោះព្រះអង្គ ទូលបង្គំអធិស្ឋានសុំឲ្យព្រះអង្គចាក់បង្ហូរសេចក្តីស្រឡាញ់របស់ព្រះអង្គមកលើជំរំនេះនៅសប្ដាហ៍នេះ ក្នុងកម្រិតថ្មីមួយ ក្នុងរង្វាស់ថ្មីមួយ ដើម្បីឲ្យព្រះអង្គបើកប្រភពទឹកនៃសេចក្តីស្រឡាញ់នៅកណ្ដាលយើងខ្ញុំ ដើម្បីឲ្យហូរចូលទៅក្នុងជីវិតរបស់អ្នកដែលនៅទីនេះ និងទៅដល់គ្រប់ជ្រុងទាំងអស់នៅក្នុងប្រទេសអង់គ្លេស ដែលមានមនុស្សកំពុងតែរង់ចាំសេចក្តីស្រឡាញ់។ ព្រះអម្ចាស់អើយ ពួកគេមិនមែនរង់ចាំទទួលសាសនាទេ ពួកគេកំពុងរង់ចាំទទួលសេចក្តីស្រឡាញ់។ ព្រះអង្គបានជ្រើសរើសយើងខ្ញុំឲ្យធ្វើជាភាជនៈ ហើយជាប្រឡាយហូររបស់ព្រះអង្គ។ នៅយប់នេះ ព្រះអម្ចាស់អើយ សូមចាប់ផ្ដើមនៅកន្លែងដែលយើងខ្ញុំនៅនេះ សូមចាប់ផ្ដើមជាមួយយើងខ្ញុំ ហើយធ្វើអ្វីដែលត្រូវធ្វើ ដើម្បីផ្លាស់ប្ដូរយើងខ្ញុំ។ យើងខ្ញុំអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូ។ អាម៉ែន!»