មានរបៀបសំខាន់ពីរដែលព្រះទ្រង់ដាក់សេចក្តីស្រឡាញ់របស់ព្រះអង្គក្នុងយើង។ ខ្ញុំចង់ជម្រាបជូនពីរបៀបទាំងពីរនោះដោយសង្ខេប។ របៀបទីមួយ គឺដោយព្រះវិញ្ញាណបរិសុទ្ធ។ រ៉ូម ៥:៥ ចែងថា៖

«សេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើង»។

ដូច្នេះ ព្រះវិញ្ញាណបរិសុទ្ធបង្ហូរសេចក្តីស្រឡាញ់របស់ព្រះមកក្នុងចិត្តយើង។ ខ្ញុំគិតថា ចំណែកខាងព្រះទ្រង់គ្មានដែនកំណត់ទេចំពោះសេចក្តីស្រឡាញ់។ ព្រះអង្គនៅតែបង្ហូរសេចក្តីស្រឡាញ់របស់ព្រះអង្គជានិច្ច តែយើងទេដែលជាអ្នកមានដែនកំណត់។ តើយើងទទួលបានប៉ុន្មាន? ខ្ញុំរីករាយនឹងបទពិសោធន៍នេះណាស់ គឺសេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តខ្ញុំ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។

ខ្ញុំនឹងជម្រាបជូនលោកអ្នកនូវឧទាហរណ៍ខ្លីមួយ។ ក្រោយពីស្គាល់ព្រះអម្ចាស់រួចហើយ ខ្ញុំបានចូលបម្រើក្នុងជួរកងទ័ព គឺជាទាហាននៅអាហ្វ្រិកខាងជើង។ ខ្ញុំចូលទៅដល់កន្លែងមួយដាច់ស្រយាល ហួតហែង ពិបាករស់នៅជាខ្លាំង គឺនៅផ្នែកឦសានប្រទេសស៊ូដង់សព្វថ្ងៃនេះ។ មុនពេលខ្ញុំទៅដល់គោលដៅពិតប្រាកដ ដែលជាមន្ទីរពេទ្យទាហានតូចមួយនៅតំបន់ភ្នំសមុទ្រក្រហម ខ្ញុំបានស្នាក់នៅពីរបីសប្ដាហ៍នៅកន្លែងមួយដែលកងទ័ពអង់គ្លេសហៅថា ផ្ទះទទួលភ្ញៀវ។ នេះជាលើកទីមួយក្នុងរយៈពេលធ្វើទាហានបីឆ្នាំ ដែលខ្ញុំមិនចាំបាច់ដេកដោយស្លៀកខោទ្រនាប់ទេ ពីព្រោះផ្ទះទទួលភ្ញៀវមានគ្រែ មានសម្លៀកបំពាក់ដេកយប់ និងមានអ្វីៗគ្រប់យ៉ាងដែលធ្វើឲ្យមានអារម្មណ៍ស្រួលខ្លួន។ ដោយព្រោះខ្ញុំអត់មានអ្នកជំងឺដែលត្រូវថែ ខ្ញុំគិតថា ហេតុអ្វីក៏មិនដេកលើគ្រែដែលខ្ញុំមិនធ្លាប់បានដេក ហើយស្លៀកសម្លៀកបំពាក់ដេកយប់ ជំនួសការដេកទាំងស្លៀកខោទ្រនាប់ដូចដែលខ្ញុំធ្លាប់ធ្វើ។ យប់មួយ ខ្ញុំបានអធិស្ឋានឲ្យប្រជាជនស៊ូដង់ និងកុលសម្ព័ន្ធមួយដែលនៅក្នុងគំនិតខ្ញុំ គឺកុលសម្ព័ន្ធ ហ៊ូដុងដូវ៉ា។ ពួកគេជាមនុស្សមិនសូវរាក់ទាក់ទេ ពួកគេចូលចិត្តសង្គ្រាម កោងកាច ហើយពួកគេមិនស្គាល់សាសនាណាទេ ក្រៅពីសាសនាអ៊ីស្លាមពេញមួយជីវិត។ ពួកបុរសមានទម្លាប់យកខ្លាញ់ចៀមមកលាបសក់ឲ្យរឹង ឈរឡើងលើក្បាល។ ទាក់ទងនឹងភាពទាក់ទាញខាងក្រៅ លោកអ្នកគ្មានអ្វីនិយាយទេ។ ប៉ុន្តែនៅយប់នោះ ពេលខ្ញុំចាប់ផ្ដើមអធិស្ឋាន ព្រះបានចាក់បង្ហូរសេចក្តីស្រឡាញ់របស់ព្រះអង្គមកក្នុងចិត្តខ្ញុំ ចំពោះប្រជាជនទាំងនោះ។ ខ្ញុំដេកនៅលើគ្រែមិនបាន ខ្ញុំក៏ដើរចុះដើរឡើងនៅក្នុងបន្ទប់ បង្ហាញអារម្មណ៍ខ្ញុំចំពោះប្រជាជនទាំងនោះចេញមក ហើយខ្ញុំមិនដែលស្គាល់ ឬមានហេតុផលអ្វីនឹងស្រឡាញ់ពួកគេទេ។ ប្រសិនបើខ្ញុំអាចនិយាយរឿងនេះ ហើយខ្ញុំសង្ឃឹមថា នឹងគ្មានអ្នកយល់ច្រឡំចំពោះខ្ញុំទៅចុះ គឺនៅពេលដែលខ្ញុំកំពុងដើរចុះឡើងនោះ ខ្ញុំបានឃើញថា សម្លៀកបំពាក់ដេកយប់ពណ៌សរបស់ខ្ញុំ មានពន្លឺយ៉ាងភ្លឺ គឺភ្លឺអស្ចារ្យណាស់។ ខ្ញុំបានយល់ថា ខ្ញុំបានដូចជាព្រះយេស៊ូវ ជាគំរូអ្នកទូលអង្វរ ក្នុងរយៈពេលមួយស្របក់។ ក្រោយមក ខ្ញុំមានឯកសិទ្ធិនឹងនាំសមាជិកទីមួយមកពីកុលសម្ព័ន្ធនោះ ថ្វាយព្រះអម្ចាស់ ហើយគាត់បានប្រកាសថា ព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះរបស់គាត់។

ខ្ញុំនិយាយថា ខ្ញុំយល់បានបន្តិចបន្តួចប៉ុណ្ណោះ ពេលដែលបទគម្ពីរប្រាប់ថា៖ «សេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ»។ ប៉ុន្តែខ្ញុំចង់ប្រាប់លោកអ្នកថា នៅចុងបញ្ចប់នៃបទពិសោធន៍នោះ ខ្ញុំនៅតែជាព្រះគ្រីស្ទបរិស័ទដែលមិនគ្រប់លក្ខណ៍ មិនពេញវ័យដដែល។ លោកអ្នកប្រហែលជាមិនជឿទេ គឺខ្ញុំធ្លាប់ជាមនុស្សឆេវឆាវ អាត្មានិយម គិតតែពីខ្លួនឯង ប្រងើយកន្តើយ ហើយងាយនឹងខឹង គឺទាំងអស់ហ្នឹងឯង។

ខ្ញុំមិនមែនមើលស្រាលបទពិសោធន៍នេះទេ ប៉ុន្តែខ្ញុំចង់ប្រាប់លោកអ្នកថា ដើម្បីផ្លាស់ប្ដូរអត្តចរិតលោកអ្នក គឺទាមទារលើសពីនោះទៅទៀត។ ព្រះទ្រង់មានវិធីផ្សេងទៀតដើម្បីធ្វើការនោះ។ ឧបករណ៍មួយទៀតរបស់ព្រះអង្គ គឺព្រះបន្ទូលរបស់ព្រះអង្គ។ ការនេះមិនសម្រេចដោយសារតែព្រះវិញ្ញាណមួយទេ ក៏មិនមែនដោយសារតែព្រះបន្ទូលមួយដែរ គឺព្រះបន្ទូល និងព្រះវិញ្ញាណធ្វើការរួមគ្នា ដែលជារបៀបរបស់ព្រះតាំងពីកំណើតពិភពលោកមកម្ល៉េះ។ ពីព្រោះ ប្រសិនបើលោកអ្នកអានកំណត់ត្រាអំពីការបង្កើតលោកនៅក្នុងលោកុប្បត្តិ ១:២ «ព្រះវិញ្ញាណរបស់ព្រះរេរាពីលើផ្ទៃទឹក» លោកុប្បត្តិ ១:៣ «ព្រះមានព្រះបន្ទូល...»។ ហើយនៅពេលព្រះវិញ្ញាណ និងព្រះបន្ទូលរួមចូលគ្នា ការបង្កើតលោកបានកើតឡើង។ នោះក៏ជារបៀបដែលព្រះទ្រង់ធ្វើការនៅក្នុងជីវិតយើងដែរ គឺដោយសារព្រះបន្ទូល និងព្រះវិញ្ញាណធ្វើការរួមគ្នា។

សូមមើលអ្វីដែលព្រះទ្រង់មានព្រះបន្ទូលអំពីព្រះបន្ទូល។ ១ យ៉ូហាន ២:៥៖

«តែអ្នកណាដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ នោះប្រាកដជាសេចក្តីស្រឡាញ់របស់ព្រះបានពេញខ្នាតនៅក្នុងអ្នកនោះ។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងព្រះអង្គដោយសារសេចក្តីនេះ»។

តើសេចក្តីស្រឡាញ់របស់ព្រះ បានពេញខ្នាតនៅក្នុងយើងដោយរបៀបណា? ដោយសារអ្វី? គឺដោយសារកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។ មិនមែនតែព្រះវិញ្ញាណមួយទេ ក៏មិនមែនតែព្រះបន្ទូលមួយដែរ ប៉ុន្តែព្រះវិញ្ញាណធ្វើការរួមគ្នាជាមួយព្រះបន្ទូល។

ខ្ញុំចង់ជូនបទគម្ពីរមួយទៀតដែលខ្ញុំចូលចិត្ត មុនពេលយើងចូលដល់ចុងបញ្ចប់។ ខ្ញុំជឿថា មានការរីកចម្រើនឡើងនៅក្នុងជីវិតព្រះគ្រីស្ទបរិស័ទ គឺការសាងចរិតលក្ខណៈ។ ចំណុចកំពូល គឺសេចក្តីស្រឡាញ់ ប៉ុន្តែមានប្រាំមួយជំហានដើម្បីទៅដល់ទីនោះ។ សេចក្តីស្រឡាញ់ គឺជាជំហានទីប្រាំពីរ។ ប្រសិនបើលោកអ្នកមានព្រះគម្ពីរ សូមបើកទៅ ២ ពេត្រុស ១:៥៖

«ហេតុនេះ ត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីបន្ថែមកិរិយាល្អពីលើជំនឿរបស់អ្នករាល់គ្នា...»។

មូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់ក្នុងជីវិតព្រះគ្រីស្ទបរិស័ទ គឺជំនឿ ប៉ុន្តែយើងត្រូវបន្ថែមប្រាំពីរដំណាក់កាលបន្តបន្ទាប់គ្នានៅក្នុងការអភិវឌ្ឍន៍ចរិតលក្ខណៈទៅលើជំនឿនោះ។ ដំណាក់កាលទីមួយ គឺជាកិរិយាល្អ។ ខ្ញុំចូលចិត្តបកប្រែពាក្យនោះថា ឧត្តមភាព ជាជាង ពីព្រោះពាក្យនោះទូលំទូលាយ ហើយមានអត្ថន័យច្រើន។ ឧទាហរណ៍ កិរិយាល្អរបស់សត្វសេះ គឺរត់លឿន។ ខ្ញុំចូលចិត្តសង្កត់ធ្ងន់ជានិច្ចថា ភស្តុតាងទីមួយដែលបង្ហាញថា លោកអ្នកបានសង្គ្រោះ គឺលោកអ្នកគួរតែត្រឡប់ជាមនុស្សដែលប្រសើរឧត្តម។ ប្រសិនបើលោកអ្នកជាគ្រូបង្រៀន មុនពេលដែលលោកអ្នកបានសង្គ្រោះ លោកអ្នកគួរតែត្រឡប់ជាគ្រូបង្រៀនដែលប្រសើរឧត្តម។ ប្រសិនបើលោកអ្នកជាអ្នកបើករថយន្តក្រុង លោកអ្នកគួរតែត្រឡប់ជាអ្នកបើករថយន្តក្រុងដែលប្រសើរឧត្តម។ ប្រសិនបើលោកអ្នកជាវេជ្ជបណ្ឌិត ឬជាទន្តពេទ្យ លោកអ្នកគួរតែត្រឡប់ជាអ្នកបំពេញវិជ្ជាជីវៈដ៏ប្រសើរឧត្តម។ ឧត្តមភាព គួរតែជាទីសម្គាល់អំពីព្រះគ្រីស្ទបរិស័ទ។ ការទីមួយដែលយើងបន្ថែម គឺជាឧត្តមភាព។

«...ហើយបន្ថែមការស្គាល់ព្រះពីលើកិរិយាល្អ...»។

ខ្ញុំជឿថា នោះមិនមែនមានន័យថា ជាចំណេះដឹងខាងវិទ្យាសាស្ត្រ ឬខាងបញ្ញាទេ ប៉ុន្តែមានន័យថា ជាការស្គាល់អំពីបំណងព្រះហឫទ័យរបស់ព្រះ ដែលបានបើកសម្ដែងឲ្យឃើញតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។ យើងត្រូវការស្គាល់ព្រះហឫទ័យរបស់ព្រះ ដើម្បីរីកចម្រើន។

«...បន្ថែមការគ្រប់គ្រងចិត្តពីលើការស្គាល់ព្រះ...»។

នេះជាកិរិយាល្អដែលមាននិយាយតិចតួចបំផុតនៅក្នុងជំនឿគ្រីស្ទបរិស័ទបច្ចុប្បន្ន។ ប៉ុន្តែ ប្រសិនបើលោកអ្នកមិនបន្ថែមការគ្រប់គ្រងចិត្តទេ លោកអ្នកនឹងមិនរីកចម្រើនទៀតឡើយ ពីព្រោះរាល់ពេលដែលលោកអ្នកហៀបនឹងរីកចម្រើនឡើង លោកអ្នកបាត់ការគ្រប់គ្រងចិត្ត លោកអ្នកលែងទប់អារម្មណ៍ លោកអ្នកចុះចាញ់នឹងសេចក្តីប៉ងប្រាថ្នា លោកអ្នកចុះចាញ់នឹងការចង់បានហួសហេតុ លោកអ្នកចុះចាញ់នឹងអារម្មណ៍ដែលមិនកោតខ្លាចព្រះ លោកអ្នកចុះចាញ់នឹងការផ្សេងៗ ដូចជាការបាក់ទឹកចិត្ត ការមិនជឿ ហើយការនោះឯងបញ្ឈប់ការរីកចម្រើនរបស់លោកអ្នក។ ការគ្រប់គ្រងចិត្តគឺជាជំហានដ៏សំខាន់មួយអំពីដំណើរការរីកចម្រើនទាំងមូល។

ព្រះគម្ពីរបន្តទៀតថា៖

«...បន្ថែមសេចក្តីខ្ជាប់ខ្ជួន ឬការទ្រាំទ្រ ពីលើការគ្រប់គ្រងចិត្ត...»។

ម្ដងទៀតហើយ ជំហាននេះមានសារៈសំខាន់ណាស់ ពីព្រោះនៅក្នុងដំណើរការពេញវ័យឡើង លោកអ្នកនឹងជួបប្រទះការល្បង ការសាកល្បង និងឧបសគ្គ។ ប្រសិនបើលោកអ្នកមិនមានការទ្រាំទ្រទេ លោកអ្នកនឹងចុះចាញ់។ ហើយនៅពេលដែលលោកអ្នកចុះចាញ់ ការរីកចម្រើនឡើងរបស់លោកអ្នកក៏ឈប់ដែរ។

មានបទគម្ពីរមួយនៅក្នុងយ៉ាកុប ដែលប្រពន្ធខ្ញុំ និងខ្ញុំតែងប្រកាស។ ខ្ញុំអត់សូត្រខនោះនៅពេលនេះទេ ខ្ញុំក៏មិនសុំឲ្យគាត់សូត្រដែរ។ ប៉ុន្តែខគម្ពីរនោះ បានធ្វើឲ្យប្រពន្ធខ្ញុំដឹងជាក់នៅពេលមួយ ពីព្រោះគាត់កំពុងឆ្លងកាត់ការលំបាកយ៉ាងខ្លាំង ទាក់ទងនឹងសុខភាពរបស់គាត់។ រាល់ពេលដែលមានអ្វីមួយប្រសើរជាងមុន ក៏មានអ្វីមួយផ្សេងទៀតអាក្រក់ជាងមុនដែរ។ បន្ទាប់មក គាត់បានអាននៅក្នុងយ៉ាកុប ១ ថា៖

«កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាអំណរសព្វគ្រប់វិញ...»។

ព្រះវិញ្ញាណបរិសុទ្ធបានធ្វើឲ្យគាត់ដឹងជាក់ថា៖ «អ្នកកំពុងតែធ្វើបាប។ អ្នកកំពុងមិនស្តាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះ។ អ្នកមិនរាប់ការទាំងនោះជាអំណរសព្វគ្រប់ទេ»។

ខនោះចែងបន្តទៀតថា៖

«កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលជំនឿរបស់អ្នករាល់គ្នា នោះនាំឲ្យមានចិត្តអំណត់។ ចូរទុកឲ្យចិត្តអំណត់នោះបានធ្វើការសម្រេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាត ឥតខ្វះអ្វីឡើយ»។

តើលោកអ្នកចង់បានគ្រប់លក្ខណ៍ ហើយពេញខ្នាត ឥតខ្វះអ្វីឡើយដែរឬទេ? ដូច្នេះ លោកអ្នកត្រូវបណ្ដុះការទ្រាំទ្រ ដ្បិតគ្មានវិធីណាផ្សេងទេ។ បើមិនដូច្នោះទេ រាល់ពេលដែលព្រះទ្រង់ដាក់លោកអ្នកទៅក្នុងដំណើរការដែលរៀបចំឡើង ដើម្បីឲ្យលោកអ្នកបានគ្រប់លក្ខណ៍ និងពេញខ្នាត នោះលោកអ្នកនឹងចុះចាញ់ ហើយការរីកចម្រើនឡើងរបស់លោកអ្នក ក៏ឈប់ដែរ។

ការទាំងពីរនេះ គឺការគ្រប់គ្រងចិត្ត និងការទ្រាំទ្រ ជាអ្វីដែលខ្ញុំហៅថា «ច្រកចង្អៀត»។ ប្រសិនបើលោកអ្នកមិនអាចចេញរួចទេ លោកអ្នកមិនអាចរីកចម្រើនឡើងទៀតឡើយ។