មានមនុស្សជាច្រើនដែលខ្ញុំស្គាល់ ហើយខ្ញុំមានទំនាក់ទំនងជាមួយមនុស្សជាច្រើនដែលមានជីវប្រវត្តិ និកាយ និងសញ្ជាតិផ្សេងៗគ្នា។ ខ្ញុំបាននិយាយថា ប្រសិនបើពួកគេបានសង្គ្រោះ គឺបានទទួលការសង្គ្រោះតាមរយៈមនុស្សដែលគេមិនស្គាល់។ ខ្ញុំសូមលើកឧទាហរណ៍តូចមួយប្រាប់លោកអ្នក។ ឧបមាថា លោកអ្នកលង់ទឹកជាលើកទីបី មានម្នាក់លោតពីលើច្រាំងចូលទៅក្នុងទឹក ជួយសង្គ្រោះលោកអ្នក ស្រង់លោកអ្នកចេញពីទឹក ដាក់លោកអ្នកទាំងស្រក់ទឹកកក្លាក់លើពូកឡានរបស់គាត់ បើកឡាននាំយកលោកអ្នកទៅផ្ទះគាត់ ដោះខោអាវលោកអ្នកដែលទទឹកជោកនោះចេញ ប្ដូរខោអាវថ្មីឲ្យលោកអ្នក មើលថែសេចក្តីត្រូវការរបស់លោកអ្នក រួចនិយាយថា៖ «ចាប់ពីពេលនេះទៅ យើងធ្វើជាមិត្តនឹងគ្នា។ អ្នកស្គាល់កន្លែងខ្ញុំនៅហើយ នេះលេខទូរសព្ទខ្ញុំ អ្នកអាចទូរសព្ទមកខ្ញុំបានគ្រប់ពេលទាំងអស់។ សូមមកលេងខ្ញុំផង»។ ប៉ុន្តែអ្នកលង់ទឹកនោះមិនដែលត្រឡប់ទៅជួបអ្នកដែលបានជួយសង្គ្រោះគាត់ទេ។ ខ្ញុំបាននិយាយថា លោកអ្នកត្រូវបានជួយសង្គ្រោះដោយអ្នកដែលមិនស្គាល់ គឺលោកអ្នកបានរួចជីវិតហើយ ប៉ុន្តែលោកអ្នកមិនដែលស្គាល់អ្នកដែលជួយសង្គ្រោះនោះសោះ។

អ្នកណាដែលគ្មានសេចក្តីស្រឡាញ់ អ្នកនោះមិនស្គាល់ព្រះទេ។ លោកអ្នកប្រហែលជាចេះបទគម្ពីរច្រើន លោកអ្នកប្រហែលជាមានទ្រឹស្ដីខាងសាសនាច្រើន លោកអ្នកប្រហែលជាសមាជិករបស់ក្រុមជំនុំមួយ ប៉ុន្តែប្រសិនបើលោកអ្នកគ្មានសេចក្តីស្រឡាញ់ទេ លោកអ្នកមិនស្គាល់ព្រះទេ ហើយលោកអ្នកនឹងកាន់តែក្រខាងឯសេចក្តីស្រឡាញ់។ ប្រសិនបើមានមនុស្សម្នាក់ដែលពិតជាស័ក្តិសមនឹងស្គាល់ អ្នកដែលស័ក្តិសមនឹងស្គាល់នោះ គឺជាព្រះ។

ឥឡូវនេះ សូមងាកបន្តិចទៅរកការផ្សាភ្ជាប់ជំនឿ និងការប្រព្រឹត្ត។ យើងនឹងមើលទៅគម្ពីរសំបុត្រលោកយ៉ាកុប។ អ្នកខ្លះគិតថា មានការប្រឆាំងគ្នារវាងលោកយ៉ាកុប និងលោកប៉ុល។ ខ្ញុំគិតថា ពួកគាត់មិនប្រឆាំងគ្នាទេ ពួកគាត់គ្រាន់តែបញ្ជាក់ម្នាក់មួយខាង ចេញពីសេចក្តីពិតតែមួយ។

មុនពេលដែលខ្ញុំបានសង្គ្រោះ ខ្ញុំជាទស្សនវិទូខាងតក្កវិជ្ជា គឺជាវិជ្ជាត្រិះរិះពិចារណារកហេតុផល។ ខ្ញុំចង់ធ្វើទីបន្ទាល់ពីខ្លួនខ្ញុំបន្តិច។ សៀវភៅដែលមានលក្ខណៈតក្កវិជ្ជាបំផុតដែលខ្ញុំបានអាន គឺជាព្រះគម្ពីរ។ កណ្ឌគម្ពីរដែលមានលក្ខណៈតក្កវិជ្ជាបំផុត គឺជាសំបុត្រផ្ញើទៅកាន់អ្នកក្រុងរ៉ូម។ ភាពតក្កវិជ្ជារបស់កណ្ឌគម្ពីរទាំងពីរល្អឥតខ្ចោះ។ គ្មានការប្រឆាំងគ្នាទេ។ កណ្ឌគម្ពីរទាំងពីរ សុទ្ធតែត្រឹមត្រូវ។

សូមមើល យ៉ាកុប ២:២៦៖

«ដ្បិតដូចជារូបកាយដែលគ្មានវិញ្ញាណ ជារូបកាយដែលស្លាប់យ៉ាងណា នោះជំនឿដែលគ្មានការប្រព្រឹត្ត ក៏ស្លាប់យ៉ាងនោះដែរ»។

អ្វីដែលលោកយ៉ាកុបកំពុងមានប្រសាសន៍នៅទីនេះ គឺថា លោកអ្នកអាចនិយាយបានថា លោកអ្នកមានជំនឿ ប៉ុន្តែបើជំនឿនោះមិនបានបង្ហាញចេញជាសកម្មភាពទេ នោះជាជំនឿដែលស្លាប់។ លោកអ្នកអាចនិយាយទៅមនុស្សថា៖ «សូមអញ្ជើញទៅឲ្យបានសុខសាន្ត សូមឲ្យបានកក់ក្ដៅ ហើយឲ្យបានឆ្អែតចុះ!» ប៉ុន្តែប្រសិនបើលោកអ្នកមិនថ្វាយ និងមិនឲ្យអ្វីដែលពួកគេត្រូវការ នោះគ្រាន់តែជាសម្ដីឥតបានការប៉ុណ្ណោះ។ អ្វីដែលលោកយ៉ាកុបកំពុងមានប្រសាសន៍ គឺថា គ្រាន់តែប្រកាសថាជឿ នោះមិនគ្រប់គ្រាន់ទេ។ លោកមិនបាននិយាយថា ជំនឿបែបនោះខុសទេ លោកថា ជំនឿបែបនោះមិនគ្រប់គ្រាន់។ ជំនឿត្រូវតែបណ្ដាលដោយកិច្ចការដែលលោកអ្នកធ្វើ ជាអ្វីដែលព្រះគម្ពីរហៅថា ការប្រព្រឹត្ត។

តើជំនឿសម្ដែងចេញជាការប្រព្រឹត្តយ៉ាងដូចម្ដេច? តើរបៀបដែលព្រះគម្ពីរបង្ហាញជំនឿរបស់យើងជាការប្រព្រឹត្តយ៉ាងដូចម្ដេច? មានបទគម្ពីរមួយ សូមមើលទៅកាឡាទី ៥:៦ ជាសំបុត្រមួយដែលខ្ញុំចូលចិត្ត។ ខ្ញុំសូមនិយាយយ៉ាងនេះថា ប្រសិនបើលោកអ្នកមិនដែលបានភ្ញាក់ផ្អើលនឹងអ្វីដែលលោកអ្នកបានអាននៅក្នុងព្រះគម្ពីរ នោះទុកដូចជាលោកអ្នកមិនដែលបានអានព្រះគម្ពីរ ពីព្រោះព្រះគម្ពីរជាសៀវភៅដ៏គួរឲ្យភ្ញាក់ផ្អើល។ ព្រះគម្ពីរជាការភ្ញាក់ផ្អើលខ្លាំងចំពោះអ្នកដែលកាន់សាសនា។ ខ្ញុំគិតថា គឺលោក ម៉ាក ធ្វេន ហើយដែលបាននិយាយថា៖ «បទគម្ពីរដែលខ្ញុំមិនយល់ មិនធ្វើឲ្យខ្ញុំអំពល់ទេ ប៉ុន្តែបទគម្ពីរដែលខ្ញុំយល់វិញទេតើ ដែលធ្វើឲ្យខ្ញុំអំពល់»។ ឥឡូវនេះ សូមមើលកាឡាទី ៥:៦៖

«ព្រោះនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការកាត់ស្បែក ឬមិនកាត់ស្បែក នោះមិនសំខាន់អ្វីទេ គឺមានតែជំនឿដែលប្រព្រឹត្តដោយសេចក្តីស្រឡាញ់ប៉ុណ្ណោះ ទើបសំខាន់»។

តើជំនឿប្រព្រឹត្តដូចម្ដេច? គឺប្រព្រឹត្តដោយសេចក្តីស្រឡាញ់។ សូមប្រកាសឲ្យឮឡើង។ គឺប្រព្រឹត្តដោយសេចក្តីស្រឡាញ់។ សូមអរគុណ។

ដូច្នេះ នៅពេលលោកអ្នកមានជំនឿ ប៉ុន្តែជំនឿនោះមិនប្រព្រឹត្តដោយសេចក្តីស្រឡាញ់ តើយើងមានជំនឿបែបណា? គឺជាជំនឿដែលស្លាប់។ ជំនឿដែលគ្មានការប្រព្រឹត្ត គឺស្លាប់។ ជំនឿគឺប្រព្រឹត្តដោយសេចក្តីស្រឡាញ់។ ដូច្នេះហើយ ជំនឿដែលគ្មានសេចក្តីស្រឡាញ់ គឺស្លាប់។ តើលោកអ្នកហ៊ានថាតាមខ្ញុំឬទេ?

«ជំនឿដែលគ្មានសេចក្តីស្រឡាញ់ គឺស្លាប់»។

ឥឡូវនេះ សូមបែរទៅអ្នកជិតខាងដែលនៅខាងឆ្វេង ឬខាងស្ដាំលោកអ្នក ហើយនិយាយថា៖

«ជំនឿដែលគ្មានសេចក្តីស្រឡាញ់ គឺស្លាប់»។

លោកអ្នកបាននិយាយពាក្យដែលមានសារៈសំខាន់ និងមានឥទ្ធិពលយ៉ាងខ្លាំង។ លោកអ្នកមិនដឹងថា លោកអ្នកបានដាក់ជើងជាន់លើអ្វីទេ ពីព្រោះពាក្យនោះមានន័យថា លោកអ្នកប្រហែលជាមានជំនឿដែលត្រឹមត្រូវបំផុត ស្របតាមគោលលទ្ធិ គឺគ្រប់ចំណុចទាំងអស់ ប៉ុន្តែជំនឿរបស់លោកអ្នកអាចទាំងជាស្លាប់ ប្រសិនបើជំនឿនោះមិនបង្ហាញចេញជាសេចក្តីស្រឡាញ់។

តាមការសង្កេតមើលរបស់ខ្ញុំផ្ទាល់ បញ្ហានោះគឺថា សកម្មភាពភាគច្រើនរបស់ក្រុមជំនុំនៅក្នុងប្រទេសនេះសព្វថ្ងៃ គឺមិនមានបំណងបង្កើតសេចក្តីស្រឡាញ់ទេ។ សកម្មភាពទាំងនោះមានបំណងបង្កើតសេចក្តីពិតខ្លះតាមគោលលទ្ធិ ឬអត្ថាធិប្បាយអំពីស្ថានភាពខាងនយោបាយ ឬស្ថានភាពដែលទាក់ទងនឹងមជ្ឈឹមបូព៌ា ប៉ុន្តែគ្មានអ្វីប្រាកដទេ...

ជាច្រើនដង ខ្ញុំនិយាយពាក្យនេះទៅកាន់មនុស្សថា ប្រសិនបើអ្នកមិនមានគោលដៅទេ អ្នកអាចប្រាកដបានថា អ្នកនឹងទល់ជញ្ជាំង។ ខ្ញុំមិនចង់រិះគន់ទេ ប៉ុន្តែខ្ញុំជាជនជាតិអង់គ្លេស ខ្ញុំបានធំឡើងនៅក្នុងប្រទេសនេះ ខ្ញុំមានឈ្មោះតាមសាសនាគ្រីស្ទ។ លោកអ្នកប្រហែលជាភ្ញាក់ផ្អើលពេលដឹងថា រូថ ប្រពន្ធខ្ញុំ និងខ្ញុំ ទៅព្រះវិហារអង់គ្លីកង់រាល់សប្ដាហ៍នៅក្រុងយេរូសាឡិម ហើយយើងចូលចិត្តព្រះវិហារនេះ។ ខ្ញុំធ្លាប់ជាអ្នកប្រឆាំងក្រុមជំនុំអង់គ្លីកង់អស់រយៈពេលជាច្រើនឆ្នាំ។ ខ្ញុំបាននិយាយអាក្រក់ជាច្រើនអំពីពួកគេ ចេញពីបទពិសោធន៍។ នោះមិនមែនជារឿងមិនពិតទេ ប៉ុន្តែជាការដែលមិនគប្បី។ ខ្ញុំគិតថា ព្រះទ្រង់មិនព្រមឲ្យខ្ញុំស្លាប់ទេ ដរាបដល់ខ្ញុំមានឥរិយាបថត្រឹមត្រូវជាមួយនឹងអង់គ្លីកង់។ សព្វថ្ងៃនេះ ខ្ញុំលែងរអ៊ូរទាំ ខ្ញុំលែងរិះគន់ទាំងអស់។ ខ្ញុំលែងខ្វល់នឹងរឿងទាំងអស់នោះទៀតហើយ។ វាជាការងាយណាស់ក្នុងការរិះគន់ក្រុមជំនុំ មិនបាច់ត្រូវការភាពឆ្លៀវឆ្លាតអ្វីទេ។ ប៉ុន្តែដែលផ្លាស់ប្រែក្រុមជំនុំ នោះជាកាតព្វកិច្ចមួយ។

ដូច្នេះ ជំនឿដែលគ្មានសេចក្តីស្រឡាញ់ គឺស្លាប់។

ខ្ញុំសូមជម្រាបលោកអ្នកបន្តិច សម្រាប់បងប្អូនក្រុមជំនុំខាងប៉ង់តាកូស គឺបងប្អូនខាងខារីស្មាទិក ដូចជាខ្ញុំ ដែលនិយាយភាសាដទៃ និងជឿលើអំណោយទានខាងវិញ្ញាណ។ ខ្ញុំមិនដែលដឹងថា មានព្រះគ្រីស្ទបរិស័ទដែលមិននិយាយភាសាដទៃនោះទេ ពីព្រោះនៅពេលដែលខ្ញុំបានសង្គ្រោះ ខ្ញុំនិយាយភាសាដទៃ។ សម្រាប់ខ្ញុំ ខ្ញុំត្រូវចំណាយពេលយូរបន្តិច ទើបដឹងថា មានប្រភេទព្រះគ្រីស្ទបរិស័ទផ្សេងៗគ្នា។ ដូច្នេះ សូមជឿខ្ញុំចុះ បើមានអ្នកដែលជឿលើការនិយាយភាសាដទៃ និងអំណោយទានខាងវិញ្ញាណ ខ្ញុំជាម្នាក់ក្នុងចំណោមអ្នកទាំងនោះ។

ប៉ុន្តែសូមស្តាប់អ្វីដែលលោកប៉ុលមានប្រសាសន៍នៅក្នុង ១ កូរិនថូស ១៣:១-៣៖

«ទោះបើខ្ញុំចេះនិយាយភាសារបស់មនុស្សលោក និងភាសារបស់ទេវតាក៏ដោយ...»។

សេចក្តីនេះគួរឲ្យភ្ញាក់ផ្អើលណាស់។ តើការបែបនេះធ្លាប់កើតឡើងចំពោះលោកអ្នកឬទេថា លោកអ្នកអាចមិនមែននិយាយភាសារបស់មនុស្សលោក តែជាភាសារបស់ទេវតា? ពេលខ្ញុំស្ថិតនៅវាលខ្សាច់អាហ្វ្រិកខាងជើង ក្រោយពីខ្ញុំបានជួបព្រះអម្ចាស់ ខ្ញុំមិនមានការប្រកបគ្នាជាមួយនឹងគ្រីស្ទបរិស័ដទៃទទេ ខ្ញុំត្រូវប្រកបតែជាមួយនឹងព្រះអម្ចាស់ ហើយខ្ញុំធ្លាប់អធិស្ឋានច្រើនដងជាភាសាដទៃ។ ខ្ញុំបានសង្កេតឃើញថា ខ្ញុំបានប្រើភាសាមួយដែលមានសំឡេង «ស» ហើយខ្ញុំតែងតែឆ្ងល់ថា តើនោះជាភាសារបស់ទេវតាឬ។ ខ្ញុំមិនដឹងទេ ប៉ុន្តែយ៉ាងហោចណាស់ក៏ស្របតាមបទគម្ពីរដែរ ក្នុងការដែលមិនត្រឹមតែនិយាយភាសារបស់មនុស្សលោកប៉ុណ្ណោះទេ ថែមទាំងភាសារបស់ទេវតាទៀតផង។

លោកប៉ុលមានប្រសាសន៍ថា ទោះបើខ្ញុំចេះនិយាយបែបនោះក៏ដោយ៖

«...តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំប្រៀបដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈឹងដែលឮទ្រហឹងប៉ុណ្ណោះ»។

បើគ្មានសេចក្តីស្រឡាញ់ ខ្ញុំគ្រាន់តែជាសំឡេងដែលឥតបានការ។ មានម្នាក់សួរថា តើគេអាចប្រើអំណោយទានរបស់ព្រះវិញ្ញាណខុសឬ? ចម្លើយគឺប្រាកដជាមាន។ ការប្រើដោយគ្មានសេចក្តីស្រឡាញ់ គឺជាការប្រើខុស។

លោកមានប្រសាសន៍ទៀតថា៖

«បើខ្ញុំមានអំណោយទានថ្លែងទំនាយ ហើយស្គាល់អស់ទាំងអាថ៌កំបាំង និងចំណេះគ្រប់យ៉ាង ហើយបើខ្ញុំមានគ្រប់ទាំងជំនឿ ល្មមនឹងរើភ្នំចេញបាន តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំគ្មានប្រយោជន៍សោះ»។

យើងងាយនឹងគិតថា បទគម្ពីរនេះសំដៅទៅលើអ្នកដទៃ ប៉ុន្តែហេតុអ្វីបានជាយើងមើលមិនឃើញ ប្រសិនបើបទគម្ពីរនេះសំដៅមកយើង។

លោកមានប្រសាសន៍តទៅទៀតថា៖

«បើខ្ញុំចែកអស់ទាំងទ្រព្យសម្បត្តិរបស់ខ្ញុំ ហើយបើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្តីស្រឡាញ់ នោះក៏គ្មានប្រយោជន៍អ្វីដល់ខ្ញុំដែរ»។

ខ្ញុំគិតអំពីការនោះ។ មានព័ន្ធការីខ្លះដែលមានប្រយោជន៍ដល់អ្នកដទៃ ប៉ុន្តែមិនមានប្រយោជន៍ដល់ខ្លួនឯងទេ។ លោកអ្នកអាចជួយអ្នកដទៃបាន ប៉ុន្តែមិនបានជួយខ្លួនឯងទេ បើគ្មានសេចក្តីស្រឡាញ់។

បន្ទាប់មក នៅក្នុងជំពូកបន្ទាប់ គឺជំពូក ១៤ លោកប៉ុលមានប្រសាសន៍ថា៖

«ចូរដេញតាមសេចក្តីស្រឡាញ់ ហើយសង្វាតឲ្យបានអំណោយទានខាងវិញ្ញាណចុះ...»។

លោកប៉ុលមិនប្រឆាំងអំណោយទានខាងវិញ្ញាណទេ ប៉ុន្តែលោកមានប្រសាសន៍ថា ត្រូវដាក់អាទិភាពលោកអ្នកឲ្យបានត្រឹមត្រូវ។ អាទិភាពទីមួយ មិនមែនជាអំណោយទានខាងវិញ្ញាណទេ គឺសេចក្តីស្រឡាញ់។ លោក ជេ ប៊ី ភីលីប បានបកប្រែសញ្ញាថ្មីនៅពេលថ្មីៗនេះថា «ចូរយកសេចក្តីស្រឡាញ់ជាគោលដៅរបស់អ្នក»។ ខ្ញុំគិតថា នោះជាការបកប្រែល្អ។ ចូរយកសេចក្តីស្រឡាញ់ជាគោលដៅរបស់អ្នក។ តើលោកអ្នកព្រមធ្វើដូច្នេះទេ? តើលោកអ្នកព្រមយកសេចក្តីស្រឡាញ់ជាគោលដៅរបស់លោកអ្នកឬទេ? ប្រសិនបើលោកអ្នកព្រម លោកអ្នកនឹងចេញទៅវិញ ខុសប្លែកពីពេលដែលលោកអ្នកចូលមក។ ខ្ញុំចង់យកសេចក្តីស្រឡាញ់ជាគោលដៅរបស់ខ្ញុំ។