គោលដៅគឺសេចក្តីស្រលាញ់ (វគ្គ២)

ដេរេក ព្រីនស៍
Last Updated: October 2026
Read Time: 8
សេចក្តីស្រឡាញ់របស់គ្រីស្ទបរិស័ទ គឺជាភស្តុតាងដ៏ច្បាស់បំផុតដែលបង្ហាញថា មនុស្សម្នាក់ជាសិស្សពិតរបស់ព្រះយេស៊ូវ និងបានកើតជាថ្មីហើយ។ ដោយផ្អែកលើបញ្ញត្តិរបស់ព្រះយេស៊ូវក្នុងគម្ពីរយ៉ូហាន ១៣ មេរៀននេះបង្ហាញថា សេចក្តីស្រឡាញ់ត្រូវតែជាគោលដៅនៃការបង្រៀនរបស់គ្រីស្ទបរិស័ទ ហើយសេចក្តីស្រឡាញ់នេះត្រូវហូរចេញពី ចិត្តបរិសុទ្ធ មនសិការល្អ និងសេចក្តីជំនឿដ៏ស្មោះត្រង់។
Transcript
នៅក្នុងយ៉ូហាន ១៣ ខ្ញុំគិតថា ព្រះយេស៊ូវមានបន្ទូលពាក់ព័ន្ធនឹងការបង្រៀនរបស់ព្រះអង្គអំពីអ្វីដែលបានកន្លងផុតទៅ គឺអំពីក្រឹត្យវិន័យរបស់លោកម៉ូសេ និងសញ្ញាចាស់។ នៅក្នុងយ៉ូហាន ១៣:៣៤-៣៥ ព្រះយេស៊ូវមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖
«ខ្ញុំឲ្យឱវាទមួយថ្មី គឺបញ្ញត្តិមួយថ្មី ដល់អ្នករាល់គ្នា...»។
លោកម៉ូសេបានប្រទានឲ្យពួកគេមានបញ្ញត្តិដប់ប្រការ បូកបន្ថែមនឹងបណ្ដុំក្រឹត្យវិន័យទាំងមូល។ សាសនាយូដាបច្ចុប្បន្នមាន ៦១៣ បញ្ញត្តិ ប្រសិនបើលោកអ្នកចង់ដឹង។ ព្រះយេស៊ូវមានបន្ទូលថា៖ «ខ្ញុំនឹងឲ្យបញ្ញត្តិតែមួយប៉ុណ្ណោះដល់អ្នករាល់គ្នា។ នោះគ្របដណ្ដប់គ្រប់ទាំងអស់។ ប្រសិនបើអ្នករាល់គ្នាបំពេញតាមបញ្ញត្តិនេះ នោះឈ្មោះថា អ្នករាល់គ្នាបានសម្រេចគ្រប់ទាំងអស់ដែលខ្ញុំប្រាប់ហើយ»។
«ខ្ញុំឲ្យឱវាទមួយថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ»។
តើបញ្ញត្តិនោះជាអ្វី? ត្រូវឲ្យស្រឡាញ់គ្នា ដូចជាព្រះយេស៊ូវបានស្រឡាញ់យើងដែរ។
ហើយព្រះអង្គមានបន្ទូលទៀតថា៖
«មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំដោយសារការនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។
ការមួយដែលខ្ញុំចូលចិត្តអំពីព្រឹត្តិការណ៍ផ្សាយដំណឹងល្អខ្នាតធំ គឺគេមាននិមិត្តមួយដ៏អស្ចារ្យសម្រាប់ការផ្សាយដំណឹងល្អ។ ខ្ញុំក៏មាននិមិត្តនោះដែរ។ ខ្ញុំបានផ្សាយដំណឹងល្អតាមវិធីជាច្រើន នៅកន្លែងជាច្រើន ដល់មនុស្សជាច្រើន។ ប៉ុន្តែខ្ញុំទទួលស្គាល់រឿងមួយ៖ គ្មានអ្នកផ្សាយដំណឹងល្អណាម្នាក់ ឬការផ្សាយដំណឹងល្អណាមួយដែលនឹងចូលទៅដល់មនុស្សជាតិទាំងមូលឡើយ។ មានតែការមួយប៉ុណ្ណោះដែលនឹងចូលទៅដល់មនុស្សជាតិទាំងមូល។
«មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំដោយសារការនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។
នោះហើយជាទីបន្ទាល់ដែលនឹងចូលទៅដល់ពិភពលោកទាំងមូល គឺជាសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបរិស័ទចំពោះគ្នាទៅវិញទៅមក។
ខ្ញុំចង់ងាកទៅមើលបទគម្ពីរមួយ ក្នុងចំណោមបទគម្ពីរដែលខ្ញុំពេញចិត្ត ហើយខ្ញុំមិនសូវបានដកស្រង់មកញឹកញាប់ទេ គឺនៅក្នុង ១ ធីម៉ូថេ ១:៥-៦។
«ឯគោលបំណងនៃបញ្ញត្តិ គឺឲ្យមានសេចក្តីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីមនសិការជ្រះថ្លា និងពីជំនឿដ៏ស្មោះត្រង់។ អ្នកខ្លះបានបែរចេញពីសេចក្តីនោះទៅហើយ ទាំងងាកទៅរកពាក្យសម្ដីឥតប្រយោជន៍...»។
ដូច្នេះ លោកប៉ុលថ្លែងថា បញ្ញត្តិនោះ មិនថាលោកអ្នកយល់ថាជាបញ្ញត្តិរបស់លោកម៉ូសេ ឬលោកអ្នកយល់ថាជាបញ្ញត្តិដែលព្រះយេស៊ូវបានប្រទានមកនោះទេ គោលបំណងរបស់បញ្ញត្តិនោះ សង្ខេបមកត្រឹមពាក្យមួយម៉ាត់ គឺសេចក្តីស្រឡាញ់។ មានលក្ខខណ្ឌបីនៅទីនេះ សម្រាប់ឲ្យមានសេចក្តីស្រឡាញ់បែបនោះគឺ៖ ចិត្តស្អាត មនសិការជ្រះថ្លា និងជំនឿដ៏ស្មោះត្រង់។
ខ្ញុំចូលចិត្តសំណៅបកប្រែ New American Standard Version ដែលបកប្រែខនោះថា៖
«គោលដៅនៃការបង្រៀនរបស់យើង គឺសេចក្តីស្រឡាញ់...»។
នៅពេលខ្ញុំអានខនោះលើកដំបូង ខ្ញុំបានឈប់ស្ងាត់គិត។ ខ្ញុំបានធ្វើជាគ្រូអធិប្បាយប្រហែល ៥០ ឆ្នាំហើយ ហើយខ្ញុំបានសួរខ្លួនឯងថា តើសេចក្តីបង្រៀនរបស់ខ្ញុំមានគោលដៅអ្វី? តើខ្ញុំចង់បង្កើតឲ្យមានអ្វីនៅក្នុងអ្នកដែលស្តាប់ខ្ញុំ? ខ្ញុំសូមនិយាយថា ប្រសិនបើជាសេចក្តីស្រឡាញ់ នោះខ្ញុំបានខកខានជាច្រើនដងណាស់។
សម្រាប់លោកអ្នកដែលជាគ្រូអធិប្បាយ គ្រូបង្រៀន អ្នកបង្រៀនថ្នាក់ថ្ងៃអាទិត្យ ឬលោកអ្នកមានព័ន្ធកិច្ចអ្វីក៏ដោយ ខ្ញុំចង់សួរលោកអ្នកនូវសំណួរនេះថា៖ «តើសេចក្តីបង្រៀនរបស់លោកអ្នកមានគោលដៅអ្វី?» តើលោកអ្នកចង់បង្កើតអ្វីនៅក្នុងអ្នកដែលស្តាប់លោកអ្នក? ប្រសិនបើលោកអ្នកជាគ្រូគង្វាល តើលោកអ្នកចង់បង្កើតអ្វីនៅក្នុងក្រុមជំនុំរបស់លោកអ្នក? ពីព្រោះ ប្រសិនបើលោកអ្នកមិនមានបំណងបង្កើតសេចក្តីស្រឡាញ់ទេ លោកប៉ុលមានប្រសាសន៍ថា អ្វីផ្សេងទៀតគ្រាន់តែជាការនិយាយ ឬការពិភាក្សាឥតប្រយោជន៍ប៉ុណ្ណោះ។ នោះជាគំនិតដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ខ្ញុំប្រាប់លោកអ្នកថា សកម្មភាពជាច្រើនរបស់ព្រះគ្រីស្ទបរិស័ទសព្វថ្ងៃទៅខុសទិសហើយ ពីព្រោះសកម្មភាពទាំងនោះមិនមានគោលដៅបង្កើតការមួយ ដែលត្រូវតែជាវត្ថុបំណងរបស់យើង។ ប្រសិនបើលោកអ្នកសួរអ្នកដែលមិនមែនជាព្រះគ្រីស្ទបរិស័ទក្នុងប្រទេសនេះថា៖ «តើអ្នកដែលហៅខ្លួនឯងថាជាព្រះគ្រីស្ទបរិស័ទ មានឥរិយាបថបែបណាចំពោះគ្នា?» មនុស្សតិចតួចណាស់នឹងឆ្លើយថា «សេចក្តីស្រឡាញ់»។ មែន មានតិចតួចណាស់។ អ្នកមិនជឿ គេសង្កេតមើលខ្លាំងជាងអ្នកជឿតាមវិធីជាច្រើន។ យើងស៊ាំទៅនឹងរបៀបសាសនា ធ្វើឲ្យយើងមិនយកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវចំពោះអ្វីដែលខ្ញុំហៅថា ជំនឿព្រះគ្រីស្ទបរិស័ទ។ គេដោះសារថា អ្វីៗគេធ្វើតែអញ្ចឹង មនុស្សគេប្រព្រឹត្តតែអញ្ចឹងទៅហើយ តើយើងប្រព្រឹត្តខុសពីគេម៉េចនឹងកើត? ខ្ញុំចង់និយាយសេចក្តីនេះទៅកាន់លោកអ្នក ហើយជាពិសេស ខ្ញុំនិយាយប្រាប់ខ្លួនឯងមុនគេថា ប្រសិនបើខ្ញុំមិនបង្កើតសេចក្តីស្រឡាញ់នៅក្នុងអ្នកដែលស្តាប់ខ្ញុំបង្រៀន អ្នកដែលស្តាប់មេរៀនរបស់ខ្ញុំ អ្នកដែលអានសៀវភៅរបស់ខ្ញុំ ឬជាអ្វីក៏ដោយ ទាំងអស់នោះជាសេចក្តីឥតប្រយោជន៍ ជាការពិភាក្សាឥតបានការ ជាពាក្យសម្ដីទទេ និងជាការខាតពេលវេលាតែប៉ុណ្ណោះ។ ខ្ញុំគិតថា នោះជាការពិចារណាមួយដ៏គួរឲ្យតក់ស្លុត។ តើយើងខ្ជះខ្ជាយពេលវេលាច្រើនប៉ុណ្ណានៅក្នុងក្រុមជំនុំ ប្រសិនបើយើងមិនបានបង្កើតការមួយដែលព្រះទ្រង់ទាមទារពីយើងទេនោះ? សេចក្តីសុចរិតដែលក្រឹត្យវិន័យតម្រូវ ត្រូវបានសង្ខេបមកត្រឹមពាក្យមួយម៉ាត់ គឺសេចក្តីស្រឡាញ់។
នៅក្នុង ១ ពេត្រុស ១ លោកពេត្រុសផ្ដល់ឲ្យយើងនូវភស្តុតាងចម្បងអំពីការកើតជាថ្មី។ លោកអ្នកជាច្រើនដែលចូលរួមស្តាប់ នឹងប្រកាសថាបានកើតជាថ្មី។ ខ្ញុំសូមសារភាពថា ខ្ញុំសឹងតែលែងចង់ឮពាក្យ «កើតជាថ្មី»។ ខ្ញុំមានសញ្ជាតិពីរ មួយអង់គ្លេស មួយទៀតអាមេរិក ហើយខ្ញុំក៏មានសញ្ជាតិទីបីដែរ គឺនៅឯស្ថានសួគ៌។ ប៉ុន្តែសាមសិបឆ្នាំដែលខ្ញុំរស់នៅមកនេះ ភាគច្រើននៅអាមេរិក មិនមែនរហូតទេ។ ខ្ញុំច្រើនតែឮគេប្រកាសថា អាមេរិកសព្វថ្ងៃនេះ មានព្រះគ្រីស្ទបរិស័ទកើតជាថ្មី ៤០ លាននាក់។ ការឆ្លើយតបរបស់ខ្ញុំគឺថា តើពួកគេនៅឯណា ហើយពួកគេកំពុងធ្វើអ្វី? ពីព្រោះប្រទេសនេះកំពុងធ្លាក់ចុះយ៉ាងគំហុក។ ខ្ញុំគិតថា ពាក្យ «កើតជាថ្មី» ក្លាយទៅជាពាក្យទូទៅ ដែលមនុស្សចង់ឲ្យគោរព យកមកប្រើ ប៉ុន្តែមិនផ្លាស់ប្ដូររបៀបរស់នៅរបស់ពួកគេទេ។ ពួកគេមិនចង់ផ្លាស់ប្ដូរទាំងស្រុងទេ ប៉ុន្តែចង់គិតថា ខ្លួនឯងជាមនុស្សល្អដែលនឹងបានទៅស្ថានសួគ៌។ ប៉ុន្តែសូមស្តាប់សេចក្តីដែលលោកពេត្រុសមានប្រសាសន៍អំពីការកើតជាថ្មី៖
«ដោយអ្នករាល់គ្នាបានជម្រះព្រលឹងឲ្យបានស្អាតបរិសុទ្ធដោយស្តាប់តាមសេចក្តីពិត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ជាបងប្អូន នោះចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្តចុះ។ ព្រះបានបង្កើតអ្នករាល់គ្នាជាថ្មី មិនមែនពីពូជដែលតែងតែពុករលួយនោះទេ គឺពីពូជដែលមិនចេះពុករលួយវិញ ជាព្រះបន្ទូលរបស់ព្រះដែលរស់នៅ ហើយស្ថិតស្ថេរ»។
តើភស្តុតាងជាពាក្យមួយម៉ាត់ដែលថា យើងបានកើតជាថ្មីជាអ្វី? សូមឆ្លើយ! សេចក្តីស្រឡាញ់។ ខ្ញុំស្តាប់លោកអ្នកមិនឮទេ។ សេចក្តីស្រឡាញ់។ សូមអរគុណ។ លោកពេត្រុសមានប្រសាសន៍ថា លោកអ្នកមិនអាចស្រឡាញ់តាមរបៀបដែលលោកអ្នកត្រូវស្រឡាញ់បានទេ ប្រសិនបើលោកអ្នកមិនបានកើតជាថ្មី។ ប៉ុន្តែក៏មិនទាន់គ្រប់គ្រាន់ទេ។ លោកមានប្រសាសន៍តទៅទៀតថា លោកអ្នកត្រូវជម្រះចិត្តលោកអ្នកឲ្យបានស្អាត រហូតដល់លោកអ្នកស្រឡាញ់គ្នាអស់ពីចិត្តដ៏បរិសុទ្ធ។ សេចក្តីស្រឡាញ់បែបនោះ ភ្ជាប់ផ្ទាល់ទៅនឹងការកើតជាថ្មី។ សេចក្តីបង្រៀនជាច្រើនអំពីការកើតជាថ្មីបានទៅខុសគោលដៅ និងបោកបញ្ឆោតមនុស្ស។ ខ្ញុំខ្លាចតែថា អ្នកដែលគិតថាខ្លួនបានទៅស្ថានសួគ៌ ត្រឡប់ជាខកចិត្តវិញទេ។ ពួកគេប្រើពាក្យ «កើតជាថ្មី» ទុកដូចជាលិខិតឆ្លងដែន។
ការដែលបានសង្គ្រោះ លើសជាងការផ្លាស់ប្ដូរស្លាកសញ្ញា។ លោកអ្នកធ្លាប់អង្គុយនៅក្នុងក្រុមជំនុំ ហើយនៅលើកៅអីដែលលោកអ្នកអង្គុយ មានស្លាកដែលសរសេរថា «មនុស្សមានបាប»។ ឥឡូវនេះ លោកអ្នកអង្គុយនៅទីនោះ ប៉ុន្តែស្លាកនៅលើកៅអីអង្គុយរបស់លោកអ្នក សរសេរថា «បានសង្គ្រោះ» ឬ «បានកើតជាថ្មី»។ សេចក្តីសង្គ្រោះ មិនមែនគ្រាន់តែជាការដើរមកខាងមុខ ចាប់ដៃស្វាគមន៍គ្រូគង្វាល ឬដើរចេញមកខាងមុខ នៅក្នុងព្រឹត្តិការណ៍ផ្សាយដំណឹងល្អខ្នាតធំ ការចុះហត្ថលេខាលើប័ណ្ណសម្រេចចិត្ត ឬឆ្លងកាត់ពិធីផ្សេងៗខាងសាសនានោះឡើយ។ ការដែលបានសង្គ្រោះ គឺជាការផ្លាស់ប្ដូរជីវិតទាំងស្រុង ដែលនាំលោកអ្នកចេញពីភាពងងឹត មកឯពន្លឺ ធ្វើឲ្យលោកអ្នកលែងជាបាវបម្រើរបស់អារក្សសាតាំងទៀត តែក្លាយទៅជាអ្នកបម្រើរបស់ព្រះវិញ។ ប្រសិនបើមានសេចក្តីពិតមួយដែលត្រូវសង្កត់ធ្ងន់នៅប្រទេសអង់គ្លេស នៅប្រទេសអាមេរិក និងនៅប្រទេសដទៃទៀតដែលមានមរតកព្រះគ្រីស្ទបរិស័ទយូរមកហើយ សេចក្តីពិតនោះគឺថា សេចក្តីសង្គ្រោះ មិនដូចជាអ្វីដែលមនុស្សជាច្រើនហៅនោះទេ។ លោកអ្នកប្រសើរបន្តិចជាងអ្នកជិតខាងខ្លះមែន ប៉ុន្តែទំនាក់ទំនងរបស់លោកអ្នកជាមួយព្រះ គ្មានសុវត្ថិភាព និងរង្គោះរង្គើខ្លាំងណាស់។
នៅក្នុង ១ យ៉ូហាន ៤ ជាបទគម្ពីរមួយដែលរូថ និងខ្ញុំបានដកស្រង់ យើងមានភស្តុតាងដែលបង្ហាញថា មនុស្សស្គាល់ព្រះ។ សូមយើងអានពីរខ គឺខ ៧ និង ៨៖
«ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្តីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្តីស្រឡាញ់ អ្នកនោះមកពីព្រះ ហើយក៏ស្គាល់ព្រះដែរ»។
ប្រសិនបើលោកអ្នកគិតឲ្យជ្រៅអំពីប្រយោគនេះ នេះជាប្រយោគដែលគួរឲ្យតក់សម្គាល់ ព្រោះប្រយោគនេះមានន័យថា មានសេចក្តីស្រឡាញ់មួយបែបដែលមនុស្សមិនអាចមាន លើកលែងតែគេបានកើតជាថ្មី។ មានតែអ្នកដែលបានកើតជាថ្មីប៉ុណ្ណោះ ទើបអាចមានសេចក្តីស្រឡាញ់បែបនោះបាន។ ប្រសិនបើអ្វីៗទាំងអស់ដែលលោកអ្នក ឬខ្ញុំមាន គ្រាន់តែជាសេចក្តីស្រឡាញ់បែបដែលគេស្គាល់ជុំវិញពិភពលោក នោះគ្មានភស្តុតាងបង្ហាញថា យើងបានកើតជាថ្មីនោះទេ។
លោកយ៉ូហានបន្តមានប្រសាសន៍ថា៖
«អ្នកណាដែលគ្មានសេចក្តីស្រឡាញ់ អ្នកនោះមិនស្គាល់ព្រះទេ ព្រោះព្រះទ្រង់ជាសេចក្តីស្រឡាញ់»។
តើភស្តុតាងជាពាក្យមួយម៉ាត់ដែលបង្ហាញថា លោកអ្នកស្គាល់ព្រះ គឺជាអ្វី? សេចក្តីស្រឡាញ់។ សូមប្រកាសឲ្យឮជាមួយខ្ញុំ។ សេចក្តីស្រឡាញ់! សូមអរគុណ។
កូដ: RP-R160-102-KHM










