សញ្ជឹងគិតក្នុងព្រះបន្ទូលរបស់ព្រះ

ដេរេក ព្រីនស៍
Last Updated: September 2026
Read Time: 9
នៅក្នុងមេរៀន «រំពឹងគិតលើព្រះបន្ទូលរបស់ព្រះ» ផ្នែកទី ៥ នៃស៊េរី «ប្រសិនបើអ្នកចង់បានអ្វីដែលល្អបំផុតពីព្រះ» លោក ឌីរិក ព្រីនស៍ បញ្ជាក់ពីសារៈសំខាន់នៃការជ្រមុជខ្លួនក្នុងព្រះគម្ពីរដើម្បីទទួលបានអ្វីដែលល្អបំផុតពីព្រះ។ លោកលើកយកការណែនាំរបស់ព្រះចំពោះយ៉ូស្វេ ដើម្បីបង្ហាញថាការរំពឹងគិតលើព្រះបន្ទូលនាំមកនូវភាពជោគជ័យ។ ចូរស្វែងយល់ពីរបៀបដែលការផ្ដោតលើសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវ អាចផ្លាស់ប្តូរជីវិត និងនាំអ្នកទៅកាន់មរតកដ៏ទេវភាព។
Transcript
រីករាយណាស់ដែលបានមកជួបជាមួយលោកអ្នកជាថ្មី ជាពេលដែលយើងហៀបនឹងបញ្ចប់មួយសប្ដាហ៍ទៀតហើយ។ គោលសំខាន់របស់យើងនៅសប្ដាហ៍នេះគឺ «ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ...»។
នៅក្នុងការចែកចាយមុនៗរបស់ខ្ញុំក្នុងសប្ដាហ៍នេះ ខ្ញុំបានជម្រាបជូនរបៀបខ្លះៗដែលស័ក្តិសមនឹងបញ្ចប់ប្រយោគនោះ គឺការខ្លះដែលលោកអ្នកត្រូវធ្វើ ដើម្បីរកបានការដ៏វិសេសបំផុតរបស់ព្រះសម្រាប់ជីវិតលោកអ្នក។
នៅក្នុងការចែកចាយពីរវគ្គចុងក្រោយរបស់ខ្ញុំ ខ្ញុំបានជម្រាបជូនរបៀបពីរដើម្បីបញ្ចប់ប្រយោគនោះ។ របៀបទីមួយគឺ៖ ...ចង់បានការដ៏វិសេសបំផុតរបស់ព្រះ។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចបញ្ជ្រាបពាក្យនេះឲ្យលោកអ្នកយល់បាន។ ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ លោកអ្នកត្រូវតែចង់បានការដ៏វិសេសបំផុតរបស់ព្រះ។ នោះហើយជាចំណុចចាប់ផ្ដើម ហើយកុំព្រមទទួលអ្វីដែលអន់ជាង។ ចូរយកការនោះជាការសម្រេចចិត្តចម្បងរបស់លោកអ្នកចុះ ហើយកុំព្រមទទួលអ្វីដែលអន់ជាងការដ៏វិសេសបំផុតរបស់ព្រះ រហូតមួយជីវិតរបស់លោកអ្នក។ បន្ទាប់មក របៀបទីពីរដែលខ្ញុំបានបង្ហាញជូនដើម្បីបញ្ចប់ប្រយោគនោះគឺ៖ ...ចូរផ្ដោតលើព្រះយេស៊ូ។ ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ ចូរផ្ដោតលើព្រះយេស៊ូ។ ចូរបន្តសម្លឹងមើលព្រះអម្ចាស់យេស៊ូគ្រីស្ទ។ សូមចាំថា ព្រះអង្គជាអ្នកចាប់ផ្ដើម និងជាអ្នកសម្រេចសេចក្តីជំនឿរបស់យើង។ ដំណឹងល្អទាំងមូលផ្ដោតលើព្រះអង្គ៖ ការសុគតរបស់ព្រះអង្គ ការបញ្ចុះទៅក្នុងផ្នូរ និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ នោះហើយជាហេតុការណ៍ពិតដែលមានសារៈសំខាន់ជាទីមួយ ហើយអ្វីៗផ្សេងទៀត ជារឿងបន្ទាប់។
ថ្ងៃនេះ ខ្ញុំនឹងចែកចាយជាមួយលោកអ្នកនូវកិច្ចការទីបីដ៏សំខាន់បំផុត សម្រាប់ឲ្យលោកអ្នកធ្វើ ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ ហើយកិច្ចការនេះគឺ៖ ...សញ្ជឹងគិតក្នុងព្រះបន្ទូលរបស់ព្រះ។ ដូច្នេះ ខ្ញុំសូមបញ្ចប់ប្រយោគនេះគឺ ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ ចូរសញ្ជឹងគិតក្នុងព្រះបន្ទូលរបស់ព្រះ ចូរបំពេញគំនិតរបស់លោកអ្នកឲ្យពេញដោយព្រះបន្ទូលរបស់ព្រះ។ ខ្ញុំចង់ចាប់ផ្ដើមដោយមើលឧទាហរណ៍អំពីលោកយ៉ូស្វេ និងសេចក្តីណែនាំដែលព្រះអម្ចាស់បានប្រទានដល់លោកយ៉ូស្វេ នៅពេលដែលលោកបម្រុងនឹងដឹកនាំអ៊ីស្រាអែលចូលទៅក្នុងទឹកដីដែលព្រះបានសន្យាថានឹងប្រទានទុកជាមរតករបស់ពួកគេ។ សូមមើលជាមួយខ្ញុំនៅក្នុងយ៉ូស្វេ ជំពូក ១ ខ ៨។ ព្រះអម្ចាស់មានបន្ទូលទៅលោកយ៉ូស្វេថា៖
«មិនត្រូវឲ្យគម្ពីរវិន័យនេះភ្លេចបាត់ពីមាត់អ្នកឡើយ ត្រូវសញ្ជឹងគិតទាំងថ្ងៃទាំងយប់ ដើម្បីឲ្យអ្នកបានប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងសេចក្តីដែលបានចែងទុកក្នុងគម្ពីរនេះ។ ដ្បិតយ៉ាងនោះ អ្នកនឹងធ្វើឲ្យផ្លូវរបស់អ្នកចម្រុងចម្រើន ហើយអ្នកនឹងមានជោគជ័យ»។ (RKOV)
ខ្ញុំជឿថា ឃ្លាចុងក្រោយ «...អ្នកនឹងធ្វើឲ្យផ្លូវរបស់អ្នកចម្រុងចម្រើន ...អ្នកនឹងមានជោគជ័យ» ស្មើនឹងពាក្យដែលនិយាយថា៖ «...អ្នកនឹងរកបានការដ៏វិសេសបំផុតរបស់ព្រះ»។ តើមានលក្ខខណ្ឌអ្វីខ្លះ? មានលក្ខខណ្ឌបី ហើយសុទ្ធតែពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះ៖ ទីមួយ ព្រះបន្ទូល «មិនត្រូវភ្លេចបាត់ពីមាត់អ្នកឡើយ»។ ទីពីរ «ត្រូវសញ្ជឹងគិតព្រះបន្ទូលទាំងថ្ងៃទាំងយប់» ដែលមានន័យថា រហូត ហើយទីបី លោកអ្នកត្រូវ «ប្រព្រឹត្តតាមអស់ទាំងសេចក្តីដែលបានចែងទុកក្នុងព្រះបន្ទូល»។ ពេលខ្លះ ខ្ញុំបានសង្ខេបជាឃ្លាដ៏សាមញ្ញបី។ ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ ប្រសិនបើលោកអ្នកចង់ធ្វើឲ្យផ្លូវរបស់អ្នកចម្រុងចម្រើន និងមានជោគជ័យ នេះជាកិច្ចការបីដែលលោកអ្នកត្រូវធ្វើ គឺ៖ គិតអំពីព្រះបន្ទូលរបស់ព្រះ និយាយព្រះបន្ទូលរបស់ព្រះ និងធ្វើតាមព្រះបន្ទូលរបស់ព្រះ។ ខ្ញុំសូមនិយាយម្ដងទៀត៖ គិតព្រះបន្ទូលរបស់ព្រះ និយាយព្រះបន្ទូលរបស់ព្រះ និងធ្វើតាមព្រះបន្ទូលរបស់ព្រះ។ ខ្ញុំដាក់ការគិតមុនគេ ពីព្រោះប្រសិនបើលោកអ្នកមិនគិត លោកអ្នកមិននិយាយបានពេញលេញទេ។ ប្រសិនបើលោកអ្នកមិនគិត និងមិននិយាយ លោកអ្នកនឹងមិនធ្វើតាមបានពេញលេញទេ។ លទ្ធផលសរុប គឺជោគជ័យ ឬការដ៏វិសេសបំផុតរបស់ព្រះ។
លោកអ្នកប្រហែលជានិយាយថា៖ «នោះសម្រាប់តែលោកយ៉ូស្វេទេតើលោកគ្រូ។ ធ្វើដូចម្ដេចឲ្យខ្ញុំដឹងថា គោលការណ៍ទាំងនោះ នាំឲ្យខ្ញុំជោគជ័យនោះ?»។ ខ្ញុំចង់បើកទៅទំនុកតម្កើងទីមួយ ហើយខ្ញុំចង់ឲ្យលោកអ្នកមើលសេចក្តីសន្យាស្រដៀងគ្នាមួយ ដែលមានការណែនាំស្រដៀងគ្នា គឺសម្រាប់អស់អ្នកដែលបំពេញតាមលក្ខខណ្ឌនេះ។ សេចក្តីសន្យានោះ សម្រាប់មនុស្សទាំងអស់។ មិនថាជានរណាទេ ឲ្យតែអ្នកនោះបំពេញតាមលក្ខខណ្ឌ។ នេះជាអ្វីដែលស្ដេចដាវីឌថ្លែងនៅក្នុងទំនុកតម្កើង ១:១-៣៖
«មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយអ្នកមើលងាយ គឺអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គ ទាំងយប់ទាំងថ្ងៃ។ អ្នកនោះប្រៀបបីដូចជាដើមឈើដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកមិនចេះស្រពោន ហើយកិច្ចការអ្វីដែលអ្នកនោះធ្វើ សុទ្ធតែចម្រុងចម្រើនទាំងអស់»។ (RKOV)
សូមកត់សម្គាល់ប្រយោគបញ្ចប់៖ «កិច្ចការអ្វីដែលអ្នកនោះធ្វើ សុទ្ធតែចម្រុងចម្រើនទាំងអស់» មានន័យថា រកបានការដ៏វិសេសបំផុតរបស់ព្រះ។ នោះហើយជាជោគជ័យពិតប្រាកដ ហើយសេចក្តីនេះពិតសម្រាប់អស់អ្នកណាដែលបំពេញតាមលក្ខខណ្ឌ។ លក្ខខណ្ឌមានប្រាំយ៉ាង៖ បីដំបូងអវិជ្ជមាន គឺជាកិច្ចការបីដែលលោកអ្នកមិនត្រូវធ្វើ។
១. លោកអ្នកមិនត្រូវដើរតាមដំបូន្មានរបស់មនុស្សអាក្រក់។
២. លោកអ្នកមិនត្រូវឈរនៅក្នុងផ្លូវរបស់មនុស្សបាប។
៣. លោកអ្នកមិនត្រូវអង្គុយជាមួយអ្នកមើលងាយ។
ខ្ញុំគិតថា រឿងសំខាន់នៅចំណុចនេះគឺថា តើលោកអ្នកទទួលយកដំបូន្មានពីកន្លែងណា? ប្រសិនបើលោកអ្នកទទួលបានដំបូន្មានពីប្រភពដែលខុស នោះជីវិតទាំងមូលរបស់លោកអ្នកនឹងខុស។ បន្ទាប់មកទៀត មានលក្ខខណ្ឌវិជ្ជមានពីរ៖
៤. គេត្រេកអរតែនឹងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា។
៥. គេសញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
សូមកត់សម្គាល់ថា លក្ខខណ្ឌវិជ្ជមានទាំងពីរ ផ្ដោតនៅជុំវិញក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ឬព្រះបន្ទូលរបស់ព្រះ។ ទីមួយគឺ៖ លោកអ្នកត្រូវត្រេកអរតែនឹងក្រឹត្យវិន័យរបស់ព្រះអង្គ ទីពីរ លោកអ្នកត្រូវសញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
នោះមិនមែនគ្រាន់តែជាការចំណាយពេលដប់នាទីក្នុងមួយថ្ងៃអានព្រះគម្ពីរប៉ុណ្ណោះទេ ប៉ុន្តែជាការបំពេញគំនិតរបស់លោកអ្នកឲ្យពេញដោយព្រះគម្ពីរ ដែលធ្វើឲ្យលោកអ្នកគិតពេញក្នុងមួយថ្ងៃ។ លោកអ្នកទទួលយកសេចក្តីដែលវិជ្ជមាន ព្រះបន្ទូលដែលស្អាងជំនឿ ដែលលើកទឹកចិត្ត។ លោកអ្នកឃើញទេ អ្វីដែលលោកអ្នកគិត នឹងកំណត់ដំណើរដែលលោកអ្នករស់នៅ។ ពេលខ្លះ ខ្ញុំបាននិយាយថា បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រៀបបីដូចជាផ្ទាំងទឹកកកដែលអណ្ដែត ហើយខ្ញុំតែងតែភ្លេចទំហំដែលនៅពីក្រោមផ្ទៃទឹក មិនដឹងថា ប្រាំពីរភាគប្រាំបី ឬប្រាំបីភាគប្រាំបួនទេ។ បុគ្គលិកលក្ខណៈរបស់មនុស្ស គឺយ៉ាងដូច្នោះឯង គឺប្រៀបបីដូចជាផ្ទាំងទឹកកករសាត់ដែលអណ្ដែត គឺផ្ទាំងទឹកកកភាគច្រើននៅពីក្រោមផ្ទៃទឹក។ អ្វីដែលមនុស្សគិត នឹងកំណត់ដំណើរជីវិតរបស់គេ។ ប្រសិនបើលោកអ្នកសញ្ជឹងគិតអំពីសេចក្តីដែលត្រឹមត្រូវ លោកអ្នករស់នៅបែបត្រឹមត្រូវ ហើយលោកអ្នកនឹងទទួលបានលទ្ធផលដែលព្រះបានសន្យា គឺភាពចម្រុងចម្រើន និងភាពជោគជ័យ នោះហើយជាការដ៏វិសេសបំផុតរបស់ព្រះ។
ឥឡូវនេះ ខ្ញុំចង់មើលបទគម្ពីរចេញពីគម្ពីរហោរាអេសាយ ដែលបង្ហាញប្រាប់គោលការណ៍ដដែលថា របៀបដែលយើងគិត នឹងសម្រេចបទពិសោធន៍របស់យើង។ បទគម្ពីរនេះនៅក្នុងអេសាយ ៥៥:៨-១៣។ ព្រះកំពុងមានព្រះបន្ទូលថា៖
«ពីព្រោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គំនិតយើងមិនមែនដូចជាគំនិតរបស់អ្នករាល់គ្នាទេ ឯផ្លូវរបស់អ្នករាល់គ្នាក៏មិនមែនជាផ្លូវរបស់យើងដែរ។ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់យើង ខ្ពស់ជាងផ្លូវរបស់អ្នក ហើយគំនិតរបស់យើងក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។ ពីព្រោះដែលភ្លៀង និងហិមៈធ្លាក់ចុះមកពីលើមេឃ ឥតវិលត្រឡប់ទៅលើវិញ គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង ហើយឲ្យពូជពង្រោះដល់អ្នកដែលព្រោះ និងអាហារដល់អ្នកដែលបរិភោគ ជាយ៉ាងណា នោះពាក្យរបស់យើងដែលចេញពីមាត់របស់យើងទៅ ក៏មិនដែលវិលមកឯយើងវិញដោយឥតកើតផលយ៉ាងដូច្នោះដែរ»។ (RKOV)
ឥឡូវនេះ សូមលោកអ្នកកត់សម្គាល់ ផ្លូវរបស់ព្រះ និងគំនិតរបស់ព្រះ គឺស្ថិតនៅលើស្ថានសួគ៌ រីឯផ្លូវរបស់យើង និងគំនិតរបស់យើង ស្ថិតនៅលើផែនដី ដូច្នេះនៅទាប ឆ្ងាយពីគំនិត និងផ្លូវរបស់ព្រះខ្លាំងណាស់។ ដូច្នេះ តើយើងអាចចូលទៅក្នុងផ្លូវ និងគំនិតរបស់ព្រះដូចម្ដេចបាន? ចម្លើយគឺថា៖ ព្រះបន្ទូលរបស់ព្រះ នាំយកផ្លូវរបស់ព្រះអង្គ និងគំនិតរបស់ព្រះអង្គ ចុះពីស្ថានសួគ៌ ចូលមកក្នុងជីវិតរបស់យើង និងចូលមកក្នុងចិត្តរបស់យើង ហើយបង្កើតលទ្ធផលដែលយើងត្រូវការ។ ដូច្នេះ ព្រះមានបន្ទូលតទៅទៀត នៅក្នុងអេសាយ ៥៥:១១ អំពីព្រះបន្ទូលរបស់ព្រះអង្គថា៖
«នោះពាក្យរបស់យើងដែលចេញពីមាត់របស់យើងទៅ ក៏មិនដែលវិលមកឯយើងវិញដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសម្រេចតាមសេចក្តីប៉ងប្រាថ្នានៅក្នុងចិត្តយើង ហើយនឹងចម្រើនកើតឡើងក្នុងការអ្វីដែលយើងចាត់ទៅធ្វើនោះ។ ដ្បិតអ្នករាល់គ្នានឹងចេញទៅដោយអំណរ ហើយគេនាំអ្នកចេញទៅដោយសុខសាន្ត ឯអស់ទាំងភ្នំធំ និងភ្នំតូចទាំងប៉ុន្មាន នឹងផ្ទុះចេញជាចម្រៀងនៅមុខអ្នក ហើយគ្រប់ទាំងដើមឈើនៅព្រៃនឹងទះដៃ។ នឹងមានដើមកកោះដុះឡើង ជំនួសគុម្ពបន្លា ហើយដើមយីថោនឹងដុះឡើង ជំនួសអញ្ចាញ»។ (RKOV)
លោកអ្នកឃើញទេ នោះហើយជាលទ្ធផលដែលព្រះបន្ទូលរបស់ព្រះចុះពីស្ថានសួគ៌ ចូលមកក្នុងចិត្តរបស់យើង បំពេញនៅក្នុងគំនិតរបស់យើង ហើយជំនួសផ្លូវ និងគំនិតរបស់យើង ដោយផ្លូវរបស់ព្រះ និងគំនិតរបស់ព្រះ។ ដូច្នេះ លោកអ្នកមើលឃើញថា កូនសោ គឺព្រះបន្ទូលរបស់ព្រះនាំយកផ្លូវ និងគំនិតរបស់ព្រះអង្គចុះមកក្នុងចិត្ត និងជីវិតរបស់យើង ហើយនៅពេលដែលគំនិតរបស់យើងបានពេញដោយព្រះបន្ទូលរបស់ព្រះ យើងចាប់ផ្ដើមគិតតាមគំនិតរបស់ព្រះ។ របៀបគិតរបស់យើងទាំងមូលបានផ្លាស់ប្ដូរទាំងស្រុង។ ហើយលទ្ធផលត្រូវបានប្រាប់នៅចំណុចនោះ ដោយប្រើភាសាយ៉ាងល្អ គឺ៖ សុខសាន្ត លោកអ្នកនឹងចេញទៅដោយសុខសាន្ត។ អំណរ លោកអ្នកនឹងចេញទៅដោយអំណរ។ សរសើរតម្កើង សូម្បីតែអ្វីៗនៅក្នុងធម្មជាតិនឹងសរសើរតម្កើង គ្រប់ទាំងដើមឈើនៅព្រៃនឹងទះដៃ។ បន្ទាប់មក ផលផ្លែ នឹងមានដើមកកោះដុះឡើង ជំនួសគុម្ពបន្លា ហើយដើមយីថោនឹងដុះឡើង ជំនួសអញ្ចាញ។ ដើមឈើល្អជំនួសដើមឈើមិនល្អ។ នោះហើយជាអ្វីដែលកើតឡើងនៅក្នុងជីវិតរបស់យើង នៅពេលដែលព្រះបន្ទូលរបស់ព្រះចូលមក ហើយយើងទទួលយកព្រះបន្ទូល ក៏ចាប់ផ្ដើមសញ្ជឹងគិតអំពីព្រះបន្ទូល។ ផ្លូវរបស់យើង និងគំនិតរបស់យើងប្រៀបបីដូចជាបន្លា និងអញ្ចាញ ដែលមិនបង្កើតផល និងមិនមានប្រយោជន៍ទេ។ ប៉ុន្តែនៅពេលដែលគំនិត និងផ្លូវរបស់យើងត្រូវបានជំនួសដោយព្រះបន្ទូលរបស់ព្រះ នោះយើងនឹងបង្កើតដើមកកោះ និងដើមយីថោ ជំនួសបន្លា និងអញ្ចាញ។
ដូច្នេះ នៅចុងបញ្ចប់នេះ ខ្ញុំចង់ប្រាប់លោកអ្នកអំពីរបៀបដែលលោកអ្នកគួរតែមើលឃើញសេចក្តីនេះ៖ លោកអ្នកគួរតែមើលឃើញថា ការយកផ្លូវរបស់ព្រះ និងគំនិតរបស់ព្រះមកជំនួសផ្លូវ និងគំនិតរបស់លោកអ្នក គឺជាគន្លឹះដ៏សំខាន់ឆ្ពោះទៅរកជោគជ័យ។ លោកអ្នកគួរតែបណ្ដុះទម្លាប់សញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះ ទាំងយប់ទាំងថ្ងៃ។
កូដ: RP-R110-105-KHM










