វិសេសណាស់ដែលបានមកជួបលោកអ្នកជាថ្មី ដើម្បីចែកចាយអំពីគោលសំខាន់ដ៏ជំរុញទឹកចិត្តនៅក្នុងសប្ដាហ៍នេះ គឺ «ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ»។

នៅក្នុងការចែកចាយពីរ ដែលជាសេចក្តីផ្ដើមរបស់ខ្ញុំ ខ្ញុំបានចង្អុលបង្ហាញថា ពាក្យ «ប្រសិនបើ» នៅខាងដើមគោលសំខាន់របស់យើង ធ្វើឲ្យលោកអ្នកប្រឈមមុខនឹងការជ្រើសរើស។ តើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះឬទេ? នោះហើយជាការសម្រេចចិត្តដែលលោកអ្នកត្រូវធ្វើ។

ខ្ញុំក៏បានចង្អុលបង្ហាញថា ខាងព្រះ ព្រះអង្គចង់បានការដ៏វិសេសបំផុតសម្រាប់លោកអ្នក ហើយព្រះអង្គបានផ្គត់ផ្គង់យ៉ាងពេញលេញ ដើម្បីឲ្យលោកអ្នកបានការដ៏វិសេសនោះ។ ដូច្នេះ បំណងព្រះហឫទ័យរបស់ព្រះ និងការផ្គត់ផ្គង់របស់ព្រះ គឺជាការពីរដែលបានតាំងឲ្យជាប់នៅជាធរមាន។ ការនេះប្រាកដណាស់ គ្មានចម្ងល់អ្វីអំពីការពិតនេះឡើយ។ មានតែការមួយគត់ដែលនៅតែបន្តធ្វើការកំណត់ឲ្យច្បាស់ នោះគឺការឆ្លើយតបរបស់លោកអ្នក ចំពោះការផ្គត់ផ្គង់របស់ព្រះ។

នៅក្នុងការចែកចាយផ្សេងទៀតរបស់ខ្ញុំអំពីគោលសំខាន់នេះ ខ្ញុំនឹងចែកចាយជូនលោកអ្នកអំពីរបៀបដ៏ជាក់លាក់ខ្លះ ដែលលោកអ្នកត្រូវឆ្លើយតបទៅនឹងការជ្រើសរើសនេះ ដែលស្ថិតនៅចំពោះមុខលោកអ្នក។ ដំបូន្មានដែលខ្ញុំផ្ដល់ជូនលោកអ្នក ផ្អែកលើការបីនេះ គឺទីមួយ បទគម្ពីរ គឺជាព្រះបន្ទូលរបស់ព្រះ ទីពីរ បទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលមានរយៈពេលជាងសែសិបឆ្នាំ និងទីបី ការសង្កេតមើលរបស់ខ្ញុំចំពោះអ្នកដទៃទៀត។ ក្នុងរយៈពេលជាច្រើនឆ្នាំនេះ ខ្ញុំមានទំនាក់ទំនងជាមួយព្រះគ្រីស្ទបរិស័ទយ៉ាងច្រើន ហើយខ្ញុំបានសង្កេតឃើញមនុស្សមួយចំនួន ដែលហាក់បីដូចជាប្រភេទមនុស្សដែលខ្ញុំហៅថា «អ្នកបង្កើតផលមួយជាមួយរយ» អ្នកខ្លះមួយជាហុកសិប និងអ្នកខ្លះទៀតមួយជាសាមសិប។ ហើយខ្ញុំបានព្យាយាមរៀនចេញពីការសង្កេតមើលពួកគេ។ ខ្ញុំបានសង្កេតមើលជាពិសេសអ្នកដែលខ្ញុំចាត់ទុកថា ជាអ្នកដែលបង្កើតផលមួយជាមួយរយ ហើយខ្ញុំបានសួរខ្លួនឯងថា៖ «តើមានអ្វីនៅក្នុងជីវិតរបស់ពួកគេ នៅក្នុងចរិតលក្ខណៈរបស់ពួកគេ នៅក្នុងរបៀបទំនាក់ទំនងរបស់ពួកគេជាមួយព្រះ និងជាមួយមនុស្ស ដែលធ្វើឲ្យពួកគេក្លាយទៅជាអ្នកបង្កើតផលមួយជាមួយរយ?»។ ដូច្នេះ ខ្ញុំនឹងចែកចាយប្រាប់លោកអ្នកសម្រាប់ពេលវេលាដែលនៅសល់ក្នុងសប្ដាហ៍នេះ និងសប្ដាហ៍ក្រោយទៀត អំពីគោលការណ៍មួយចំនួនដែលព្រះបានបង្រៀនខ្ញុំ។

ថ្ងៃនេះ ខ្ញុំចង់ចាប់ផ្ដើមជាមួយអ្វីដែលខ្ញុំចាត់ទុកថា ជាគោលការណ៍គ្រឹះ និងជាទីមួយ ហើយនៅពេលដែលខ្ញុំប្រាប់លោកអ្នកថា គោលការណ៍នោះជាអ្វី ខ្ញុំគិតថា លោកអ្នកប្រាកដជាភ្ញាក់ផ្អើល។ លោកអ្នកប្រហែលជាមិនយល់គោលការណ៍នោះភ្លាមៗទេ។ សូមចាំថា គោលសំខាន់របស់យើងគឺ «ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ»។ ដូច្នេះ នេះជាកិច្ចការដែលលោកអ្នកត្រូវធ្វើ។ លក្ខខណ្ឌទីមួយគឺ៖ ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ ចូរចង់បានការដ៏វិសេសរបស់ព្រះទៅ។ តើលោកអ្នកស្តាប់ទាន់ឬទេ? ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ ការដំបូងដែលលោកអ្នកត្រូវធ្វើ គឺលោកអ្នកត្រូវតាំងចិត្តថា លោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ។ នេះជាការសម្រេចចិត្តដ៏សំខាន់ និងជាមូលដ្ឋាន ហើយថា លោកអ្នកនឹងមិនទទួលអ្វីដែលអន់ជាងទេ។ ខ្ញុំសូមនិយាយឡើងវិញម្ដងទៀត។ លោកអ្នកត្រូវតែចង់បានការដ៏វិសេសបំផុតរបស់ព្រះ ហើយលោកអ្នកត្រូវតែតាំងចិត្តថា លោកអ្នកនឹងមិនទទួលអ្វីដែលអន់ជាង។ ព្រះទ្រង់នឹងមិនបង្ខំយើងឲ្យជ្រើសរើសបែបនេះទេ គឺយើងជាអ្នកដែលត្រូវធ្វើការសម្រេចចិត្តបែបនេះ។

ឥឡូវនេះ ខ្ញុំចង់ពន្យល់គោលការណ៍នេះ ចេញពីរឿងបងប្អូនភ្លោះពីរនាក់៖ យ៉ាកុប និងអេសាវ។ ចេញពីរឿងរបស់អ្នកទាំងពីរ ដែលរៀបរាប់ជូនដោយសង្ខេប ជាអ្វីដែលខ្ញុំចាត់ទុកថា នេះជាគោលការណ៍គន្លឹះដ៏សំខាន់។ មានសេចក្តីដែលគួរឲ្យកត់សម្គាល់មួយចំនួន ដែលព្រះបានមានព្រះបន្ទូលនៅក្នុងបទគម្ពីរអំពីយ៉ាកុប និងអេសាវ ជាសេចក្តីដែលគួរឲ្យភ្ញាក់ផ្អើល។ ឧទាហរណ៍ នៅក្នុងម៉ាឡាគី ជំពូក ១:២-៣ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់អ៊ីស្រាអែល ដែលជាពូជពង្សរបស់លោកយ៉ាកុប។ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖

«តើអេសាវមិនមែនជាបងរបស់យ៉ាកុបទេឬ? ប៉ុន្តែព្រះអម្ចាស់មានព្រះបន្ទូលថា៖ តែយើងស្រឡាញ់យ៉ាកុប ហើយយើងស្អប់អេសាវ...»។ (RKOV)

សូមកត់សម្គាល់ អ្នកទាំងពីរជាបងប្អូនភ្លោះ ប៉ុន្តែព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងស្រឡាញ់យ៉ាកុប ហើយយើងស្អប់អេសាវ»។ ឥរិយាបថរបស់ព្រះចំពោះបងប្អូនទាំងពីរ ផ្ទុយស្រឡះពីគ្នា។ ព្រះអង្គស្រឡាញ់ម្នាក់ ហើយស្អប់ម្នាក់។ សាវកប៉ុលបានបកស្រាយសេចក្តីនេះបន្ថែម នៅក្នុងរ៉ូម ជំពូក ៩:១០-១៣ ដែលលោកមានប្រសាសន៍អំពីបងប្អូនភ្លោះទាំងពីរនាក់នេះថា៖

«មិនតែប៉ុណ្ណោះទេ នាងរេបិកាក៏មានផ្ទៃពោះនឹងបុរសតែមួយដូច្នោះដែរ គឺលោកអ៊ីសាកជាបុព្វបុរសរបស់យើង។ អ្នកទាំងពីរមិនត្រឹមតែកើតពីម្ដាយតែមួយប៉ុណ្ណោះទេ តែពួកគេកើតពីឪពុកតែមួយទៀតផង។ ពួកគេជាកូនភ្លោះយ៉ាងពិតប្រាកដ។ ទោះជាកូនទាំងពីរមិនទាន់កើត ហើយមិនទាន់បានធ្វើអ្វីល្អ ឬអាក្រក់ទៅឡើយក៏ដោយ ដើម្បីឲ្យគម្រោងការជ្រើសរើសរបស់ព្រះបានជាប់នៅ មិនមែនដោយការប្រព្រឹត្ត គឺដោយសារការត្រាស់ហៅរបស់ព្រះអង្គ ដ្បិតព្រះទ្រង់មានព្រះបន្ទូលប្រាប់នាងថា៖ កូនច្បងនឹងត្រូវបម្រើកូនប្អូន។ ដូចមានសេចក្តីចែងទុកមកថា៖ យើងបានស្រឡាញ់យ៉ាកុប តែស្អប់អេសាវ»។ (RKOV)

ឥឡូវនេះ បទគម្ពីរនោះ កើតចេញជាសំណួរដ៏សំខាន់ពីរ។ សំណួរទីមួយសួរថា៖ តើព្រះបានមើលឃើញអ្វីនៅក្នុងយ៉ាកុប ដែលធ្វើឲ្យព្រះអង្គសព្វព្រះហឫទ័យ? ហើយសំណួរទីពីរសួរថា៖ តើព្រះបានមើលឃើញអ្វីនៅក្នុងអេសាវ ដែលធ្វើឲ្យព្រះអង្គមិនសព្វព្រះហឫទ័យ? ពីព្រោះព្រះអង្គបានស្រឡាញ់យ៉ាកុប តែស្អប់អេសាវ។

ខ្ញុំសូមសង្ខេបពីចរិតរបស់អ្នកទាំងពីរជូនលោកអ្នក ដូចដែលបានលាតត្រដាងនៅក្នុងបទគម្ពីរ ដោយចាប់ផ្ដើមជាមួយនឹងអេសាវ។ អេសាវ ជាមនុស្សល្អ ជាអ្នកប្រមាញ់ដែលរឹងមាំ រហ័សរហួន និងមានភាពប្រុស។ គាត់មិនបានធ្វើអ្វីអាក្រក់ទេ។ គាត់ជាកូនសំណព្វរបស់ឪពុក ប៉ុន្តែគាត់មិនស៊ីសង្វាក់គ្នាជាមួយប្អូនប្រុសរបស់គាត់ទេ គឺយ៉ាកុប ដែលឈ្លាសវៃ និងបានយកឈ្នះគាត់គ្រប់ស្ថានភាពដែលពួកគេប្រឈមមុខដាក់គ្នា។

ចុះចំណែកយ៉ាកុបវិញ? យ៉ាកុបឈ្លាសវៃ មានការតាំងចិត្ត ហើយមិនហ្មត់ចត់។ គាត់មិនដែលប្រកែកចាញ់គេឡើយ ដែលបែបនោះគ្មាននរណាចូលចិត្តទេ។ គាត់បានទទួលសិទ្ធិកូនច្បងពីអេសាវ ដោយព្រោះសម្លមួយចាន។ នៅពេលដែលបងរបស់គាត់ឃ្លាន គាត់បានបញ្ចុះបញ្ចូលបងគាត់ឲ្យលក់សិទ្ធិកូនច្បងដ៏កាត់ថ្លៃមិនបាននោះ ដោយអស់សម្លមួយចាន។ ប្រសិនបើមានការតថ្លៃណាជោគជ័យ នេះហើយ! គាត់បានបញ្ឆោតឪពុករបស់គាត់ដើម្បីឲ្យបានព្រះពរ ហើយគាត់បានទ្រព្យសម្បត្តិដែលឡាបាន់ខាតបង់ ដែលឡាបាន់ជាឪពុកមា និងក៏ជាឪពុកក្មេករបស់គាត់ផង។ ដូច្នេះ គ្មាននរណាម្នាក់នៅក្នុងចំណោមយើង ចាត់ទុកយ៉ាកុបជាមនុស្សល្អទេ។ តាមសីលធម៌របស់មនុស្សបច្ចុប្បន្ន ឬតាមស្តង់ដាររបស់ពិភពលោកសព្វថ្ងៃ គឺគេចូលចិត្តអេសាវជាងហើយ ប៉ុន្តែព្រះទ្រង់មិនចូលចិត្តដូច្នោះទេ។

ឥឡូវនេះ យើងចូលមកដល់សំណួរដ៏សំខាន់នេះហើយ៖ «ហេតុអ្វីបានជាព្រះចូលចិត្តយ៉ាកុបជាង?» ហើយខ្ញុំនឹងប្រាប់លោកអ្នកពីហេតុដ៏សំខាន់គ្រឹះមួយ ដែលខ្ញុំជឿថា នេះជាកូនសោសម្រាប់គ្រប់ទាំងអស់។ ហេតុផលគឺដូច្នេះ៖ យ៉ាកុបចូលចិត្តនូវអ្វីដែលព្រះត្រូវប្រទានឲ្យ ចំណែកអេសាវ គាត់ព្រងើយកន្តើយ។ ខ្ញុំសូមនិយាយម្ដងទៀត យ៉ាកុបពេញចិត្តនូវអ្វីដែលព្រះត្រូវឲ្យ ចំណែកអេសាវ គាត់ព្រងើយកន្តើយ។

នៅក្នុងហេព្រើរ ជំពូក ១២ យើងមានការវាយតម្លៃក្នុងព្រះគម្ពីរ អំពីការគិតរបស់ព្រះចំពោះភាពព្រងើយកន្តើយ និងទស្សនៈរបស់ព្រះអង្គចំពោះភាពព្រងើយកន្តើយ ដែលមានការខុសប្លែកគ្នាយ៉ាងខ្លាំងជាងទស្សនៈរបស់ព្រះគ្រីស្ទបរិស័ទភាគច្រើន។ ហេព្រើរ ១២:១៥-១៧ និយាយអំពីឥរិយាបថរបស់អេសាវ ព្រះគម្ពីរចែងថា៖

«ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាប្រព្រឹត្តសហាយស្មន់ ឬមិនគោរពដូចអេសាវ ដែលលក់សិទ្ធិកូនច្បងរបស់ខ្លួនសម្រាប់តែអាហារមួយពេលប៉ុណ្ណោះនោះឡើយ។ ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក កាលគាត់ប្រាថ្នាចង់ទទួលពរ តែមិនបានទេ ទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏គាត់រកឱកាសប្រែចិត្តមិនឃើញដែរ»។ (RKOV)

សូមកត់សម្គាល់អំពីរបៀបដែលព្រះគម្ពីរពណ៌នាអំពីអេសាវ។ ព្រះគម្ពីរពណ៌នាអំពីអេសាវថាជាមនុស្សមិនគោរពដល់ព្រះ ហើយចាត់ទុកគាត់ចូលទៅក្នុងកម្រិតតែមួយជាមួយនឹងមនុស្សសហាយស្មន់។ គាត់ត្រូវបានពណ៌នាថាជាមនុស្សមិនគោរពប្រតិបត្តិដល់ព្រះ ដោយព្រោះតែអាហារមួយពេល សម្លមួយចាន គាត់បានលក់សិទ្ធិមរតករបស់គាត់ ហើយបទគម្ពីរប្រាប់ថា អេសាវបានមើលងាយសិទ្ធិជាកូនច្បង។ ខ្ញុំចង់បង្ហាញប្រាប់លោកអ្នកថា តាមខ្នាតរបស់ព្រះ ការដែលព្រងើយកន្តើយចំពោះអ្វីដែលព្រះអង្គត្រូវប្រទានឲ្យ គឺជាការមិនគោរពប្រតិបត្តិដល់ព្រះ ហើយព្រះទ្រង់ស្អប់ឥរិយាបថបែបនោះ។

ឥឡូវនេះ សូមមើលម្ខាងទៀត។ សូមមើលឥរិយាបថរបស់យ៉ាកុប ចំពោះអ្វីដែលព្រះត្រូវប្រទានឲ្យ ហើយលោកអ្នកត្រូវតាមដានរឿងនេះឲ្យចប់។ ខ្ញុំនឹងលើកយកព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅពេលដែលគាត់ធ្វើដំណើរត្រឡប់ទៅស្រុករបស់គាត់វិញ ហើយគាត់បានជួបមនុស្សម្នាក់នៅពេលយប់ អ្នកនោះជាទេវតារបស់ព្រះ ឬជាអ្នកនាំសារមកពីព្រះ និងរបៀបដែលគាត់បានបោកចំបាប់ជាមួយបុរសនោះពេញមួយយប់។ ខ្ញុំសូមនិយាយថា នេះជាចរិតពិតរបស់យ៉ាកុប គឺគាត់គឺជាអ្នកបោកចំបាប់។ កំណត់ត្រានេះចែងនៅក្នុងលោកុប្បត្តិ ៣២:២៤-២៨៖

«លោកយ៉ាកុបនៅតែម្នាក់ឯង ហើយមានបុរសម្នាក់មកបោកចំបាប់ជាមួយលោករហូតដល់ភ្លឺ។ កាលបុរសនោះឃើញថា ពុំបានឈ្នះលោកទេ នោះក៏វាយលោកត្រង់សន្លាក់ត្រគាក ហើយសន្លាក់ត្រគាករបស់លោកយ៉ាកុបក៏ថ្លោះទៅពេលបោកចំបាប់គ្នានោះ។ បុរសនោះពោលថា៖ «ចូរលែងខ្ញុំទៅ ដ្បិតភ្លឺហើយ»។ ប៉ុន្តែលោកយ៉ាកុបតបថា៖ «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែលោកឲ្យពរខ្ញុំសិន»។ បុរសនោះសួរលោកថា៖ «អ្នកឈ្មោះអ្វី?» លោកឆ្លើយថា៖ «ខ្ញុំឈ្មោះយ៉ាកុប»។ រួចបុរសនោះពោលថា៖ «ឈ្មោះរបស់អ្នកមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែលវិញ ដ្បិតអ្នកបានតយុទ្ធជាមួយព្រះ និងមនុស្ស ហើយក៏បានឈ្នះផង»។ (RKOV)

អត្ថន័យរបស់អ៊ីស្រាអែល ដូចមានបកស្រាយនៅទីនេះគឺ «តយុទ្ធជាមួយព្រះ»។ នេះហើយជាធាតុពិតរបស់យ៉ាកុប! យ៉ាកុបជាអ្នកតយុទ្ធ។ គាត់ជាអ្នកបោកចំបាប់។ ប៉ុន្តែ គាត់មានគោលការណ៍សំខាន់មួយ គាត់ចង់បានការដ៏វិសេសបំផុតរបស់ព្រះ។ គាត់បាននិយាយទៅទេវតានោះថា៖ «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែលោកឲ្យពរខ្ញុំសិន»។ ខ្ញុំជឿថា នោះហើយជាកូនសោសំខាន់ ដែលនាំឲ្យយ៉ាកុបបានប្រកបដោយគុណមកពីព្រះ។ ព្រះមិនបានរាប់គុណវិបត្តិនៅក្នុងចរិតលក្ខណៈរបស់យ៉ាកុបថាជារឿងត្រឹមត្រូវនោះទេ ព្រះអង្គមិនទទួល មិនធ្វើដូច្នោះទេ។ ប៉ុន្តែ ដោយព្រោះយ៉ាកុបមិនព្រមទទួលអ្វីដែលអន់ជាងការដ៏វិសេសបំផុតរបស់ព្រះ ព្រះទ្រង់ក៏អាចកែច្នៃគាត់បន្តិចម្ដងៗ រហូតដល់ព្រះអង្គបានធ្វើឲ្យគាត់ក្លាយទៅជាមនុស្សដែលព្រះអង្គចង់បាន តែព្រះអង្គត្រូវមានចំណុចចាប់ផ្ដើមនោះសិន គឺដែលយ៉ាកុបមិនព្រមទទួលអ្វីដែលអន់ជាងការដ៏វិសេសបំផុតរបស់ព្រះ។

ក្នុងការបញ្ចប់ការចែកចាយនៅថ្ងៃនេះ ខ្ញុំចង់សួរលោកអ្នកថា៖ តើលោកអ្នកព្រមធ្វើការសម្រេចចិត្តដូចគ្នានោះឬទេ? ខ្ញុំនឹងមិនព្រមទទួលអ្វីដែលអន់ជាងការដ៏វិសេសបំផុតរបស់ព្រះឡើយ។