ពព្រះជាម្ចាស់បានផ្គត់ផ្គង់យ៉ាងពេញលេញ

ដេរេក ព្រីនស៍
Last Updated: September 2026
Read Time: 9
ក្នុង "ព្រះជាម្ចាស់បានរៀបចំការផ្គត់ផ្គង់យ៉ាងពេញលេញ" ដែលជាភាគទី២ នៃស៊េរី "ប្រសិនបើអ្នកចង់បានអ្វីដែលល្អបំផុតពីព្រះ" លោក ឌីរិក ព្រីនស៍ បង្ហាញពីជម្រើសក្នុងការស្វែងរកអ្វីដែលល្អបំផុតពីព្រះ។ លោកសង្កត់ធ្ងន់លើការឆ្លើយតបចំពោះការផ្គត់ផ្គង់របស់ទ្រង់ តាមរយៈឧបមាអំពីអ្នកសាបព្រោះ ដើម្បីបង្ហាញពីកម្រិតនៃផលផ្លែ។ ចូរស្វែងយល់ពីរបៀបដែលការស្តាប់ ការរក្សាទុក និងការតស៊ូក្នុងព្រះបន្ទូល នឹងនាំអ្នកទៅកាន់ជីវិតដ៏បរិបូរណ៍ក្នុងព្រះរាជ្យរបស់ព្រះ។
Transcript
រីករាយណាស់ដែលបានជួបជាមួយលោកអ្នកជាថ្មី ដើម្បីចែកចាយអំពីសេចក្តីពិតដ៏មានតម្លៃចេញពីព្រះគម្ពីរ ដែលបានធ្វើឲ្យមានការខុសប្លែកគ្នារវាងជោគជ័យ និងបរាជ័យនៅក្នុងជីវិតរបស់ខ្ញុំ ហើយក៏ប្រាកដជាអាចកើតឡើងដូចគ្នានៅក្នុងជីវិតរបស់លោកអ្នក។
ចំណងជើងនៃគោលសំខាន់របស់ខ្ញុំនៅសប្ដាហ៍នេះ ជាប្រយោគមួយដែលមិនពេញលេញ នោះគឺ «ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ...»។ ពាក្យចាប់ផ្ដើម «ប្រសិនបើ» ធ្វើឲ្យលោកអ្នកប្រឈមមុខនឹងការជ្រើសរើសមួយ។ តើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ ឬទេ? ផ្នែកទីពីរដែលមិនទាន់បានបញ្ចប់នៅក្នុងប្រយោគនេះ ផ្ដល់ឱកាសឲ្យខ្ញុំចែកចាយជាមួយលោកអ្នកពីការខ្លះដែលលោកអ្នកត្រូវធ្វើ ប្រសិនបើលោកអ្នកសម្រេចចិត្តថា លោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ។ នៅពេលខ្ញុំបញ្ចប់ការចែកចាយក្នុងភាគនេះ ខ្ញុំនឹងបានប្រាប់លោកអ្នកពីការប្រាំបីយ៉ាង ដែលលោកអ្នកត្រូវធ្វើ។
នៅក្នុងការចែកចាយជាសេចក្តីផ្ដើមរបស់ខ្ញុំកាលពីម្សិលមិញ ខ្ញុំបានបង្ហាញប្រាប់ថា ទំនាក់ទំនងរបស់យើងជាមួយព្រះ មានពីរខាង។ ម្ខាង ជាអ្វីដែលព្រះធ្វើសម្រាប់យើង និងម្ខាងទៀត ជារបៀបដែលយើងឆ្លើយតបចំពោះអ្វីដែលព្រះបានធ្វើសម្រាប់យើង។ ហើយគោលសំខាន់នៃការចែកចាយរបស់ខ្ញុំ គឺជារបៀបឆ្លើយតបដោយត្រឹមត្រូវចំពោះអ្វីដែលព្រះទ្រង់ធ្វើសម្រាប់យើង។
ម្សិលមិញ ខ្ញុំបានពន្យល់ប្រាប់ពីគោលការណ៍នេះ ចេញពីរឿងប្រៀបធៀបអំពីអ្នកព្រោះពូជ។ នៅក្នុងករណីនីមួយៗ គ្រាប់ពូជគឺតែមួយ។ និយាយបានម្យ៉ាងទៀតថា គ្មានការខុសប្លែកគ្នានៅក្នុងគ្រាប់ពូជទេ។ ការខុសប្លែកតែមួយគត់ គឺប្រភេទដីដែលគ្រាប់ពូជនោះបានធ្លាក់ទៅលើ។ មានដីបួនប្រភេទ គឺដីតាមផ្លូវ ដីដែលមានថ្ម ដីដែលមានបន្លា និងទីបួន គឺដីល្អ។ ឥឡូវនេះ យើងកំពុងតែផ្ដោតទៅលើដីល្អ។ ប៉ុន្តែខ្ញុំបានបង្ហាញប្រាប់ថា សូម្បីតែនៅក្នុងដីល្អក៏មានការបង្កើតផលបីកម្រិតដែរ គឺមួយជាមួយរយ មួយជាហុកសិប និងមួយជាសាមសិប។ នៅក្នុងរឿងប្រៀបធៀបរបស់ព្រះអង្គនៅក្នុងលូកា ៨:១៥ ព្រះយេស៊ូបានបង្ហាញថា ដើម្បីបង្កើតផលពេញលេញ យើងត្រូវការការឆ្លើយតបបីយ៉ាង៖ ទីមួយ ឮព្រះបន្ទូល ទីពីរ រក្សាទុក និងទីបី អត់ធ្មត់ក្នុងការដែលបានប្រទានមកឲ្យលោកអ្នកធ្វើ។
នៅថ្ងៃនេះ ខ្ញុំនឹងចែកចាយការពិតដ៏សំខាន់ពីរនៅក្នុងបទគម្ពីរ ពាក់ព័ន្ធនឹងការបង្កើតផល ហើយខ្ញុំជឿថា ប្រសិនបើលោកអ្នកអាចស្តាប់យល់ការពិតទាំងពីរនេះ ការពិតទាំងពីរនឹងបង្កើតនៅក្នុងលោកអ្នកឲ្យមានជំនឿដែលលោកអ្នកត្រូវការ ដើម្បីបង្កើតផលពេញលេញ។ ការពិតទីមួយគឺយ៉ាងនេះ៖ ព្រះចង់ឲ្យយើងទាំងអស់គ្នាបង្កើតផល។ នេះជាសេចក្តីដែលបានកំណត់ទុកនៅក្នុងព្រះហឫទ័យរបស់ព្រះ ហើយនឹងមិនផ្លាស់ប្ដូរឡើយ។ សេចក្តីនេះពិតប្រាកដ ចាប់តាំងពីព្រះបង្កើតមនុស្សមកម្ល៉េះ ហើយត្រូវបានប្រាប់នៅក្នុងកណ្ឌទីមួយនៃព្រះគម្ពីរ នៅក្នុងជំពូក ១ នៃគម្ពីរលោកុប្បត្តិ ១:២៧-២៨។ យើងមានកំណត់ត្រាអំពីការដែលព្រះទ្រង់បង្កើតមនុស្ស និងគោលបំណងដែលព្រះអង្គបានបង្កើតមនុស្សមក។ ខ្ញុំចង់អានខគម្ពីរទាំងពីរនេះជូនលោកអ្នក៖
«ព្រះបានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំរូបអង្គទ្រង់នោះឯង ព្រះអង្គបានបង្កើតគេជាប្រុសជាស្រី។ ព្រះបានប្រទានពរគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតទាំងឡាយដែលកម្រើកទៅលើផែនដីផង»។ (RKOV)
យើងកត់សម្គាល់ឃើញថា មានការប្រាំដែលព្រះចង់ឲ្យមនុស្សធ្វើ៖ ទីមួយ បង្កើតកូន ទីពីរ ចម្រើនជាច្រើនឡើង ទីបី មានពាសពេញលើផែនដី ទីបួន បង្ក្រាបផែនដី និងទីប្រាំ មានអំណាចគ្រប់គ្រងលើផែនដី។ ខ្ញុំសូមនិយាយពាក្យគន្លឹះទាំងប្រាំនោះឡើងវិញ ដែលបង្ហាញពីបំណងព្រះហឫទ័យរបស់ព្រះ។
១. បង្កើតកូន
២. ចម្រើនជាច្រើនឡើង
៣. មានពាសពេញលើផែនដី
៤. បង្ក្រាបផែនដី
៥. មានអំណាចគ្រប់គ្រង
ដូច្នេះ នេះហើយជាគោលបំណងដែលព្រះទ្រង់បង្កើតមនុស្សមក គឺឲ្យបង្កើតកូន ឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដី ឲ្យមានអំណាចគ្រប់គ្រងស្ថានភាពនៅជុំវិញ និងស្ថានភាពរបស់ខ្លួន ព្រមទាំងធ្វើជាអ្នកគ្រប់គ្រង។ គោលបំណងរបស់ព្រះ មិនដែលផ្លាស់ប្ដូរទេ។ ការសម្រេចកិច្ចការទាំងនោះប្រហែលជាត្រូវបានពន្យារពេលដោយសារតែការបរាជ័យរបស់មនុស្ស ប៉ុន្តែនៅទីបំផុត ព្រះទ្រង់នឹងសម្រេចគោលបំណងរបស់ព្រះអង្គ។ ដូច្នេះ នៅក្នុងការបង្កើតថ្មីនៅក្នុងព្រះយេស៊ូគ្រីស្ទ គោលបំណងដដែលរបស់ព្រះត្រូវបានស្ដារឡើងវិញជាថ្មី។ សេចក្តីនេះត្រូវបានបញ្ជាក់ប្រាប់យ៉ាងច្បាស់នៅកន្លែងជាច្រើនក្នុងសញ្ញាថ្មី។ ជាពិសេស ខ្ញុំចង់អានសេចក្តីអធិស្ឋានមួយរបស់សាវកប៉ុលសម្រាប់ព្រះគ្រីស្ទបរិស័ទដែលលោកកំពុងដោះស្រាយ។ សេចក្តីអធិស្ឋានដ៏ល្អនេះ ត្រូវបានកត់ត្រានៅក្នុងកូល៉ុស ១:៩-១២ ហើយពេលដែលខ្ញុំអាន ខ្ញុំចង់ឲ្យលោកអ្នកឃើញការផ្ដោតទាំងស្រុងទៅលើភាពវិជ្ជមាន។ គ្រប់ពាក្យនៅក្នុងសេចក្តីអធិស្ឋាននេះសុទ្ធតែវិជ្ជមានទាំងអស់ គ្មានពាក្យអវិជ្ជមានណាមួយឡើយនៅក្នុងសេចក្តីអធិស្ឋានទាំងមូលនោះ។ សូមស្តាប់សេចក្តីអធិស្ឋាននេះ។
«ហេតុនោះ ចាប់តាំងពីថ្ងៃដែលយើងឮដំណឹងនោះ យើងក៏អធិស្ឋានឥតឈប់ឈរ ទាំងទូលសូមឲ្យអ្នករាល់គ្នាបានស្គាល់ព្រះហឫទ័យរបស់ព្រះ ដោយគ្រប់ទាំងប្រាជ្ញា និងការយល់ដឹងខាងវិញ្ញាណ ដើម្បីឲ្យអ្នករាល់គ្នារស់នៅស័ក្តិសមនឹងព្រះអម្ចាស់ ទាំងគាប់ព្រះហឫទ័យព្រះអង្គគ្រប់ជំពូក ដោយអ្នករាល់គ្នាបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យអ្នករាល់គ្នាស្គាល់ព្រះកាន់តែច្បាស់ឡើង។ សូមឲ្យអ្នករាល់គ្នាមានកម្លាំង ប្រកបដោយព្រះចេស្ដាគ្រប់ជំពូក ដោយឫទ្ធិបារមីដ៏រុងរឿងរបស់ព្រះអង្គ ហើយឲ្យអ្នករាល់គ្នាចេះទ្រាំទ្រ និងអត់ធ្មត់គ្រប់យ៉ាងដោយអំណរ ទាំងអរព្រះគុណដល់ព្រះវរបិតា ដែលព្រះអង្គបានប្រោសប្រទានឲ្យអ្នករាល់គ្នាមានចំណែកទទួលមរតកក្នុងពួកបរិសុទ្ធនៅក្នុងពន្លឺ»។ (RKOV)
ខ្ញុំសូមចង្អុលបង្ហាញពាក្យវិជ្ជមាននៅទីនេះ។ ទីមួយ លោកប៉ុលនិយាយអំពីយើង «ដែលបានស្គាល់ព្រះហឫទ័យរបស់ព្រះ» ដែលនេះ មិនមែនត្រឹមតែមានការស្គាល់ព្រះហឫទ័យរបស់ព្រះនៅកន្លែងណាមួយនៅក្នុងយើងទេ ប៉ុន្តែដោយការស្គាល់ព្រះហឫទ័យរបស់ព្រះគ្រប់ជំពូក។ ការនេះកើតឡើង «តាមរយៈគ្រប់ទាំងប្រាជ្ញា និងការយល់ដឹងខាងវិញ្ញាណ» មិនមែនគ្រាន់តែខ្លះៗទេ ប៉ុន្តែគ្រប់ទាំងប្រាជ្ញាខាងវិញ្ញាណ។ បន្ទាប់មក លោកអធិស្ឋានសូមឲ្យយើងរស់នៅគាប់ព្រះហឫទ័យព្រះអង្គគ្រប់ជំពូក មិនមែនគាប់ព្រះហឫទ័យព្រះអង្គតែរបៀបខ្លះប៉ុណ្ណោះទេ ប៉ុន្តែគាប់ព្រះហឫទ័យព្រះអង្គគ្រប់ជំពូក។ ហើយឲ្យយើងបង្កើតផល «ក្នុងគ្រប់ទាំងការល្អ» គឺឲ្យបានមួយជាមួយរយ «បង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយស្គាល់ព្រះកាន់តែច្បាស់ឡើង»។ សូមឲ្យមានកម្លាំង ប្រកបដោយព្រះចេស្ដាគ្រប់ជំពូក ដោយឫទ្ធិបារមីដ៏រុងរឿងរបស់ព្រះអង្គ មិនមែនព្រះចេស្ដាខ្លះៗទេ ប៉ុន្តែព្រះចេស្ដាគ្រប់ជំពូក ដោយមានលទ្ធផលធ្វើឲ្យយើងចេះ «ទ្រាំទ្រ»។ លោកអ្នកចាំទេ ការអត់ធ្មត់ ឬការទ្រាំទ្រ គឺជាពាក្យមួយដ៏សំខាន់។ ព្រះអង្គចង់ឲ្យយើងមាន «ការទ្រាំទ្រ» អត់ធ្មត់ និងអំណរ។ បន្ទាប់មក ប្រយោគចុងក្រោយ គឺព្រះវរបិតាបានប្រោសប្រទានឲ្យយើងមានចំណែកទទួលមរតកក្នុងពួកបរិសុទ្ធនៅក្នុងពន្លឺ។
ដូច្នេះ ព្រះហឫទ័យរបស់ព្រះ ស្ថិតនៅជារៀងរហូតនៅក្នុងព្រះបន្ទូលរបស់ព្រះ។ ព្រះអង្គចង់ឲ្យយើងបង្កើតផល ហើយមានជោគជ័យនៅក្នុងគ្រប់ទាំងការល្អ និងគាប់ព្រះហឫទ័យព្រះអង្គគ្រប់ជំពូក ព្រមទាំងប្រោសប្រទានឲ្យយើងមានលក្ខណៈសម្បត្តិនឹងធ្វើកិច្ចការនេះ។
យើងបានឃើញរួចហើយថា ព្រះចង់ឲ្យយើងបង្កើតផលក្នុងគ្រប់ទាំងការល្អ។ នេះហើយជាព្រះហឫទ័យរបស់ព្រះ។ នេះគ្មានចម្ងល់អ្វីអំពីព្រះហឫទ័យរបស់ព្រះឡើយ តែដែលត្រូវចោទសួរ នោះគឺការឆ្លើយតបរបស់យើងចំពោះព្រះហឫទ័យរបស់ព្រះអង្គ។
ការពិតទីពីរដែលខ្ញុំចង់សង្កត់ធ្ងន់នៅក្នុងការចែកចាយរបស់ខ្ញុំនៅថ្ងៃនេះ គឺថា ព្រះបានផ្គត់ផ្គង់យ៉ាងពេញលេញសម្រាប់កិច្ចការនេះ។ យើងបានឃើញរួចហើយនៅក្នុងបទគម្ពីរដែលទើបតែនឹងបានដកស្រង់អម្បាញ់មិញថា ព្រះទ្រង់បានប្រោសប្រទានឲ្យយើងមានលក្ខណៈសម្បត្តិ ដើម្បីទទួលយកចំណែករបស់យើងនៅក្នុងមរតករបស់ពួកបរិសុទ្ធនៅក្នុងពន្លឺ។ សេចក្តីពិតនេះបង្ហាញចេញតាមរបៀបជាច្រើននៅក្នុងសញ្ញាថ្មី។ នេះជាពាក្យដ៏មានអំណាច ដែលព្រះបានផ្គត់ផ្គង់យ៉ាងពេញលេញសម្រាប់កិច្ចការនេះ។ សេចក្តីនេះរកឃើញនៅក្នុង ២ពេត្រុស ជំពូក ១ ខ ៣ និង ៤៖
«ព្រះចេស្ដារបស់ព្រះអង្គ បានប្រទានឲ្យយើងមានអ្វីៗទាំងអស់ដែលយើងត្រូវការខាងឯជីវិត និងការគោរពប្រតិបត្តិដល់ព្រះ តាមរយៈការស្គាល់ព្រះអង្គដែលបានត្រាស់ហៅយើងដោយសារសិរីល្អ និងសេចក្តីល្អរបស់ព្រះអង្គ។ ដោយសារសេចក្តីទាំងនោះ ព្រះអង្គបានប្រទានសេចក្តីសន្យាដ៏វិសេស និងធំបំផុតដល់យើង ដើម្បីឲ្យអ្នករាល់គ្នាមានចំណែកជានិស្ស័យនៃព្រះ ដោយសារសេចក្តីនោះឯង ទាំងបានរួចផុតពីសេចក្តីពុករលួយដែលនៅក្នុងលោកិយនោះ ដោយសារសេចក្តីប៉ងប្រាថ្នា»។ (RKOV)
សូមកត់សម្គាល់ឃ្លាខាងដើម «ព្រះចេស្ដារបស់ព្រះ» គឺគ្រប់អំណាចព្រះចេស្ដាទាំងស្រុងរបស់ព្រះអង្គ ព្រះចេស្ដាដែលគ្មានដែនកំណត់របស់ព្រះអង្គ «...បានប្រទានឲ្យយើងមានអ្វីៗទាំងអស់ដែលយើងត្រូវការ»។ ខ្ញុំសូមសង្កត់ធ្ងន់ថា «បានប្រទានឲ្យយើងមានអ្វីៗទាំងអស់ដែលយើងត្រូវការខាងឯជីវិត និងការគោរពប្រតិបត្តិដល់ព្រះ»។ ហើយសេចក្តីនេះត្រូវបានប្រទានមក តាមវិធីពីរដែលប្រទាក់គ្នា។ ទីមួយ គឺ «...តាមរយៈការស្គាល់ព្រះអង្គដែលបានត្រាស់ហៅយើង» គឺតាមរយៈការស្គាល់ព្រះយេស៊ូគ្រីស្ទ។ នៅក្នុងខបន្ទាប់ ប្រាប់ទៀតថា៖ «...តាមរយៈសេចក្តីសន្យាដ៏វិសេស និងធំបំផុតរបស់ព្រះអង្គ»។ ដូច្នេះ ការផ្គត់ផ្គង់កើតមាន តាមរយៈការស្គាល់ព្រះយេស៊ូគ្រីស្ទ និងតាមរយៈការទទួលយកសេចក្តីសន្យានៅក្នុងព្រះបន្ទូលរបស់ព្រះ។ មានឃ្លាមួយដែលខ្ញុំប្រើក្នុងការតភ្ជាប់នេះ ជាឃ្លាដែលខ្ញុំគិតថា ខ្ញុំមិនអាចនិយាយញឹកញាប់ពេកទេ។ លោកអ្នកខ្លះប្រហែលជាបានឮខ្ញុំនិយាយឃ្លានោះពីមុន។ ការផ្គត់ផ្គង់មាននៅក្នុងសេចក្តីសន្យា។ នៅក្នុងសេចក្តីសន្យានៃព្រះបន្ទូលរបស់ព្រះ មានការផ្គត់ផ្គង់គ្រប់យ៉ាងដែលយើងត្រូវការ។ លោកអ្នកប្រហែលជាសួរថា៖ «ប្រសិនបើព្រះបានផ្គត់ផ្គង់យ៉ាងពេញលេញដល់យើង តើការផ្គត់ផ្គង់នោះនៅឯណា?»។ ចម្លើយគឺថា៖ ការផ្គត់ផ្គង់ទាំងអស់នោះ មាននៅក្នុងព្រះបន្ទូលសន្យា។ នៅពេលលោកអ្នកទទួលយកសេចក្តីសន្យាទាំងនោះ នោះលោកអ្នករកឃើញការផ្គត់ផ្គង់នោះហើយ។
បន្ទាប់មក មានលទ្ធផលយ៉ាងអស្ចារ្យពីរ កើតចេញពីការទទួលយកសេចក្តីសន្យា។ លទ្ធផលទីមួយ គឺយើងមានចំណែកនៅក្នុងនិស្ស័យរបស់ព្រះ។ និស្ស័យរបស់ព្រះចូលមកក្នុងយើង ហើយយើងចាប់ផ្ដើមមានចំណែកនៅក្នុងនិស្ស័យព្រះរបស់ព្រះអង្គ។ ទីពីរ គឺជាលទ្ធផលដ៏សមហេតុផល នោះគឺយើងរួចផុតពីសេចក្តីពុករលួយដែលនៅក្នុងលោកិយនេះ ដោយសារសេចក្តីប៉ងប្រាថ្នាដ៏អាក្រក់។ តើលោកអ្នកមានអារម្មណ៍ដូចម្ដេចចំពោះការនោះ? លទ្ធភាពនៃការមានចំណែកនៅក្នុងនិស្ស័យរបស់ព្រះ និងការរួចផុតពីសេចក្តីពុករលួយដែលនៅក្នុងលោកិយនេះ ដោយសារសេចក្តីប៉ងប្រាថ្នាដ៏អាក្រក់។ តើការនោះមិនធ្វើឲ្យលោកអ្នកពិចារណាទេឬ? ព្រះទ្រង់បានផ្គត់ផ្គង់យ៉ាងពេញលេញ។ ព្រះអង្គបានប្រទានលទ្ធភាពសម្រាប់លោកអ្នក និងខ្ញុំ ដើម្បីធ្វើការនោះបាន។ អ្វីៗដែលយើងត្រូវការ ព្រះបានប្រទានមកយើងរួចហើយ។
ដូច្នេះ ចំណែកខាងលោកអ្នកគឺ ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសរបស់ព្រះ ឯចំណែកខាងព្រះវិញ ព្រះអង្គចង់បានការដ៏វិសេសបំផុតនោះសម្រាប់លោកអ្នក ហើយក៏បានផ្គត់ផ្គង់យ៉ាងពេញលេញសម្រាប់លោកអ្នករួចហើយ។ ដូច្នេះ ការសម្រេចចិត្តដ៏សំខាន់គឺថា៖ តើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះឬទេ? នោះជាការមួយដែលព្រះនឹងមិនធ្វើជំនួសលោកអ្នកទេ។ ព្រះអង្គនឹងមិនធ្វើការសម្រេចចិត្តជំនួសលោកអ្នកទេ។ លោកអ្នកត្រូវធ្វើការសម្រេចចិត្តសម្រាប់ខ្លួនឯង។ តើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះឬទេ?
កូដ: RP-R110-102-KHM










