ការរស់ឡើងវិញលើកទីមួយ

ដេរេក ព្រីនស៍
Published: 1983
Last Updated: October 2026
Read Time: 9
ការរស់ឡើងវិញរបស់ព្រះយេស៊ូវជាការធានាថា អស់អ្នកដែលជាកម្មសិទ្ធិរបស់ទ្រង់ ក៏នឹងត្រូវបានប្រោសឱ្យរស់ឡើងវិញពីសេចក្តីស្លាប់ដែរ។ ព្រះគម្ពីរបង្ហាញថា ព្រះគ្រីស្ទជាផលដំបូងនៃអ្នកដែលបានរស់ឡើងវិញ ហើយបន្ទាប់មក អ្នកជឿនឹងរស់ឡើងវិញនៅពេលទ្រង់យាងមក។ នៅពេលនោះ ពួកគេនឹងទទួលរូបកាយដ៏រុងរឿងដែលមានលក្ខណៈដូចជារូបកាយដ៏រុងរឿងរបស់ទ្រង់ ហើយនឹងគ្រប់គ្រងជាមួយទ្រង់។
Transcript
សូមលើកតម្កើងដល់ព្រះសម្រាប់ពេលវេលាដែលយើងបានជួបគ្នាជាថ្មី ដើម្បីបន្តគោលសំខាន់របស់យើង ដែលព្រះបានប្រទានមកយើង ជាព្រះពរដែលមិនអាចវាស់ស្ទង់បាន គឺគោលសំខាន់អំពី «ការរស់ឡើងវិញ»។
វគ្គមុន ខ្ញុំបានចែកចាយជាមួយលោកអ្នកអំពីព្រះពរដ៏អស្ចារ្យបី ដែលមានសម្រាប់យើង តាមរយៈការរស់ ឡើងវិញរបស់ព្រះគ្រិស្ត។ ទីមួយ យើងត្រូវបានបង្កើតជាថ្មី ឬកើតជាថ្មី។ យើងអាចកើតចូលមកក្នុងជីវិតមួយ ថ្មីទាំងស្រុង។ យើងអាចមានការចាប់ផ្តើមមួយថ្មីទាំងស្រុង តាមរយៈការរស់ឡើងវិញរបស់ព្រះយេស៊ូវ ចេញពី ពួកមនុស្សស្លាប់។
ទីពីរ យើងត្រូវបានរាប់ជាសុចរិត រួចចេញពីបន្ទុក បានសុចរិតយ៉ាងពេញលេញ ដោយសេចក្តីសុចរិត របស់ព្រះគ្រីស្ទ មិនមែនដោយសេចក្ដីសុចរិតរបស់យើងឡើយ។ ខ្ញុំបានពន្យល់នូវពាក្យ «បានរាប់ជាសុចរិត» តាមរបៀបនេះថាៈ ដែលនិយាយថាខ្ញុំត្រូវបានរាប់ជាសុចរិត មានន័យថា ខ្ញុំជាមនុស្សសុរិត ទុកដូចជាខ្ញុំ មិនដែលបានធ្វើប្រព្រឹត្តអំពើបាបសោះ។ ដោយសារសេចក្តីសុចរិតរបស់ព្រះគ្រីស្ទ ដែលបានប្រទានមកខ្ញុំ តាមរយៈជំនឿរបស់ខ្ញុំលើការសុគត និងការរស់ឡើងវិញរបស់ព្រះអង្គ គឺជាសេចក្តីសុចរិតដែលគ្មានបាប ជាម្នាក់ ដែលមិនដែលស្គាល់បាប មិនដែលមានស្នាមប្រឡាក់ដោយអំពើបាប។ នេះហើយជាសេចក្តីសុចរិតដែលព្រះ ទ្រង់ប្រទានមកយើង តាមរយៈការរស់ឡើងវិញរបស់ព្រះគ្រីស្ទ។
ទីបី តាមរយៈការរស់ឡើងវិញរបស់ព្រះយេស៊ូវ ព្រះទ្រង់ប្រទានឲ្យយើងមានជ័យជំនះលើអស់ទាំង ខ្មាំងសត្រូវរបស់យើង ហើយជាពិសេស សត្រូវចុងក្រោយ គឺសេចក្តីស្លាប់។ ខ្ញុំបានពន្យល់ពីរបៀបដែល សេចក្តីស្លាប់បានបរាជ័យរួចទៅហើយ ប៉ុន្តែមិនទាន់ត្រូវបានបំផ្លាញនៅឡើយ។ ហើយនៅចន្លោះពេលនោះ សេចក្តីស្លាប់បានត្រឹមតែបម្រើឲ្យគោលបំណងរបស់ព្រះ ដ៏មានគ្រប់ព្រះចេស្តា នៅក្នុងជីវិតរបស់យើងប៉ុណ្ណោះ។ នៅពេលដែលយើងចូលមកដល់ពេលមួយនៃសេចក្តីស្លាប់ យើងមិនធ្លាក់ចូលទៅក្នុងរាជ្យនៃសេចក្តីងងឹតឡើយ យើងមិនត្រូវប្រឈមមុខនឹងទេវតារបស់សាតាំង ជាទេវតានៃសេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់នោះទេ ប៉ុន្តែ ផ្លូវត្រូវបានបើកចំហឲ្យយើង ដូចដែលបានបើកចំហសម្រាប់លោកស្ទេផាន ចូលទៅក្នុងព្រះវត្តមានរបស់ ព្រះ ភ្លាមមួយរំពេចយ៉ាងនោះដែរ។
នៅថ្ងៃនេះ ខ្ញុំនឹងចែកចាយជាមួយលោកអ្នកពីព្រះពរមួយទៀត ដែលព្រះបានរៀបចំសម្រាប់យើង តាម រយៈការររស់ឡើងវិញរបស់ព្រះគ្រិស្ត។ ព្រះពរនោះគឺៈ ការរស់ពីឡើងវិញរបស់ព្រះគ្រីស្ទ គឺជាការធានាអំពីការ រស់ឡើងវិញរបស់យើង។
លោកប៉ូលបានគូសបង្ហាញយ៉ាងច្បាស់ពីការនេះ នៅក្នុងកូឡុស ១:១៨ ដែលលោកមានប្រសាសន៍អំពី ព្រះយេស៊ូវថាៈ
១៨ ទ្រង់ជាសិរសារបស់រូបកាយ គឺជាពួកជំនុំ ទ្រង់ជាដើម ក៏បានរស់ពីស្លាប់ឡើងវិញមុនគេបង្អស់ ដើម្បីឲ្យទ្រង់បានជាប្រធានក្នុងគ្រប់ទាំងអស់។
នៅពេលបទគម្ពីរចែងថា «ដើម្បីឲ្យព្រះ អង្គបានធ្វើជាប្រធានក្នុងគ្រប់ទាំងអស់» បទគម្ពីរនិយាយអំពី លំដាប់ទីមួយ ឬការបង្កើតដំបូង និងការបង្កើតថ្មី។ ក្នុងការបង្កើតទាំងពីរ មានលក្ខណៈពិសេសលើសជាងទាំង អស់ គឺមានកន្លែងទីមួយ។ ក្នុងការតភ្ជាប់នេះ លោកប៉ូលនិយាយការពីរ អំពីព្រះយេស៊ូវ។ ទីមួយគឺ ព្រះអង្គជា ព្រះសិរសារបស់រូបកាយ ដែលជាពួកជំនុំ។ ហើយទីពីរ ព្រះអង្គជាដើមដំបូង ដែលនោះគឺជាការចាប់ផ្តើមនៃ ការបង្កើតថ្មី តាមរយៈកូនច្បង ដែលបានរស់ពីស្លាប់ឡើងវិញ។ ដូច្នេះ នៅពេលលោកប៉ូលនិយាយអំពី ព្រះយេស៊ូវ ដែលជាកូនច្បង ដោយការជាប់ទាក់ទង នោះមានអ្នកដទៃទៀតកើតមកតាមក្រោយ។ ព្រះអង្គ ត្រូវតែមុនគេ ដើម្បីឲ្យមនុស្សដទៃទៀតមកតាមក្រោយ។
ចំណុចនេះជារូបភាពមួយយ៉ាងល្អ។ លោកប៉ូលនិយាយអំពីការរស់ឡើងវិញ ថាជាការកើតចេញពីពួក មនុស្សស្លាប់។ លោកប៉ុលថ្លែងថា ព្រះយេស៊ូវ គឺជាមនុស្សដំបូងដែលជួបពិសោធនូវការកើតនេះ គឺជាការ ងើបឡើងចេញពីសេចក្ដីស្លាប់ ហើយលោកក៏ថ្លែងផងដែរថា ព្រះអង្គជាសិរិសារបស់ព្រះកាយ ដែលជា ពួកជំនុំ។ ឥឡូវនេះ ចូរដឹងថា ការកើតខាងរូបសាច់បែបធម្មជាតិ អវយវៈដំបូងដែលកើតចេញ គឺក្បាល។ ហើយពេលដែលក្បាលកើតចេញមក នោះជាភស្តុតាងប្រាកដហើយថា ខ្លួនប្រាណក៏នឹងកើតចេញមកតាម ក្រោយដែរ។ ដូច្នេះ នៅពេលព្រះយេស៊ូវ ដែលជាព្រះសិរសារបស់ព្រះកាយ បានលេចចេញមក ដោយការរស់ ពីស្លាប់ឡើងវិញ នោះគឺប្រាកដច្បាស់ហើយ ហើយក៏ជាភស្តុតាងចុងក្រោយដែលបញ្ជាក់ថា រូបកាយ ដែលជា ពួកជំនុំ នឹងលេចមកតាមក្រោយព្រះអង្គ ក្នុងការរស់ពីស្លាប់ឡើងវិញនោះដែរ។
ខ្ញុំចង់ចែកចាយជូនលោកអ្នកផងដែរ អំពីពាក្យរបស់លោកយ៉ូហាននៅក្នុងវិវរណៈ ១:៤-៥ ដែលលោក ថ្លែងថាៈ
៤ សំបុត្រយ៉ូហានខ្ញុំ ផ្ញើមកពួកជំនុំទាំង៧ នៅស្រុកអាស៊ី សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត អំពីព្រះដ៏គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត និងអំពីព្រះវិញ្ញាណទាំង៧ ដែលនៅចំពោះបល្ល័ង្កទ្រង់ ៥ ហើយអំពីព្រះយេស៊ូវគ្រីស្ទជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី រីឯព្រះអង្គដែលទ្រង់ស្រឡាញ់យើងរាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់ ឲ្យបានរួចពីបាប។
មានពាក្យបី ដែលនិយាយអំពីព្រះយេស៊ូវ។ សេចក្តីពណ៌នាបីបន្តបន្ទាប់គ្នាតាមលំដាប់ ប្រកបដោយហេតុ ផល។ ទីមួយ ព្រះអង្គជាស្មរបន្ទាល់ស្មោះត្រង់។ ព្រះអង្គជាម្នាក់ដែលស្មោះត្រង់ ហើយជាតំណាងឲ្យព្រះវរ បិតាយ៉ាងពេញលេញ ទៅកាន់មនុស្សនៅក្នុងពេលវេលារបស់ព្រះអង្គ។ ព្រះអង្គមិនដែលបង្ខូចអង្គទ្រង់ ព្រះអង្គ មិនដែលមានបន្ទូលជាពាក្យភូតភរ ព្រះអង្គមិនមានបន្ទូលខុសពីព្រះសោះឡើយ។ ទោះជាទ្រង់ត្រូវបង់ព្រះជន្ម របស់ទ្រង់ក៏ដោយ ព្រះអង្គនៅតែជាស្មរបន្ទាល់ដ៏ស្មោះត្រង់។ ដោយព្រោះព្រះអង្គទ្រង់ជាស្មរបន្ទាល់ដ៏ស្មោះ ត្រង់ ដូច្នេះហើយបានជាព្រះអង្គ បានត្រឡប់ជាកូនច្បងដែលកើតចេញពីពួកស្លាប់ ជាអ្នកដំបូងដែលរស់ពីស្លាប់ ឡើងវិញ។ ក្នុងនាមជាកូនច្បងដែលកើតចេញពីពួកស្លាប់មុនគេ នោះព្រះអង្គត្រឡប់ជាអធិបតិលើអស់ទាំង ស្តេចនៅផែនដី។ លោកអ្នកឃើញហើយថា ការរស់ឡើងវិញ នាំឲ្យមានការគ្រប់គ្រង។ ហើយជាថ្មីម្តងទៀត ការប្រើប្រាស់ពាក្យ «កូនច្បង» គឺចង្អុលបង្ហាញថា មានកូនដទៃៗទៀតកើតមកតាមក្រោយ។ ព្រះគ្រិស្តបាន រស់ឡើងវិញដើម្បីគ្រប់គ្រង ឯយើងក៏នឹងបានដូច្នោះដែរ។
លោកអ្នកនៅចាំឬទេ យើងបានដកស្រង់ជាច្រើនដងមកហើយ ចេញពីអេភេសូរ ជំពូក២ អំពីពាក្យ «រួមជាមួយគ្នា» ចំនួនបី ដែលជាប្រសាសន៍របស់លោកប៉ូល នោះគឺ ព្រះ អង្គបានប្រោសឲ្យយើងបានរស់ «រួមជា មួយព្រះ គ្រីស្ទ» ព្រះបានប្រោសឲ្យយើងរស់ឡើងវិញ«រួមជាមួយព្រះគ្រិស្ត» ហើយឲ្យយើងអង្គុយ«រួមជាមួយ ព្រះ អង្គ»នៅស្ថានសួគ៌ដែរ។ នេះមានន័យត្រង់ថា អង្គុយលើបល្ល័ង្ក «រួមជាមួយព្រះយេស៊ូវ»។ ការរស់ឡើង វិញ នាំឲ្យមានបល្ល័ង្ករាជ្យ! លោកប៉ូលនាំសេចក្តីពិតដូចគ្នានេះម្តងទៀតនៅក្នុង ២ធីម៉ូថេ ២:១១-១២ ជា សេចក្ដីដែលលោកដកស្រង់ នូវអ្វីដែលគេមើលឃើញថាជាអ្វីដែលកំពុងកើតឡើង នៅក្នុងក្រុមជំនុំដំបូង។ លោកមានប្រសាសន៍ថាៈ
១១ «ពាក្យនេះគួរជឿពិត ដ្បិតបើយើងបានស្លាប់ជាមួយនឹងទ្រង់ (នោះគឺ ព្រះយេស៊ូវ) នោះយើងនឹងរស់នៅជាមួយនឹងទ្រង់ដែរ» (RKOV)
ដូច្នេះ ប្រសិនបើយើងបានរួមជាមួយព្រះអង្គនៅក្នុងការសុគត នោះយើងក៏នឹងបានរួមជាមួយព្រះអង្គនៅ ក្នុងការរស់ឡើងវិញដែរ។ ប្រសិនជាយើងប្រកាន់ខ្ជាប់ក្នុងការធ្វើជាបន្ទាល់ដ៏ស្មោះត្រង់ ដូចព្រះអង្គដែលជា ស្មរបន្ទាល់ដ៏ស្មោះត្រង់ នោះយើងក៏នឹងបានដូចព្រះអង្គ ដែលបានរស់ឡើងវិញ ដើម្បីសោយរាជ្យរួមជាមួយ ព្រះអង្គដែរ។
ហើយបន្ទាប់មក នៅក្នុងវិវរណៈ ៣:២១ ព្រះយេស៊ូវទ្រង់សន្យាសេចក្ដីនេះថាៈ
«ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយនឹងអញ ដូចជាអញបានឈ្នះ ហើយបានអង្គុយជាមួយនឹងព្រះវរបិតាលើបល្ល័ង្កទ្រង់ដែរ»។ (RKOV)
តើនេះមិនមែនជាសេចក្តីសន្យាដ៏អស្ចារ្យទេឬ? ព្រះយេស៊ូវបានឈ្នះ ព្រះវរបិតាបានលើកឲ្យទ្រង់គង់លើ បល្ល័ង្គរួមជាមួយព្រះអង្គ គឺគង់លើបល្ល័ង្គដើម្បីគ្រប់គ្រងរាជ្យ។ ព្រះយេស៊ូមានបន្ទូលថា «តាមរយៈការស្លាប់ និងការរស់ឡើងវិញរបស់ខ្ញុំ នោះអ្នកអាចឈ្នះបាន។ ហើយបើអ្នកបានឈ្នះ យើងនឹងធ្វើសម្រាប់អ្នក ដូចអ្វីដែល ព្រះវរបិតាខ្ញុំធ្វើសម្រាប់ខ្ញុំដែរ។ ខ្ញុំនឹងលើកអ្នកឡើង ហើយខ្ញុំនឹងឲ្យអ្នកអង្គុយរួមជាមួយខ្ញុំ នៅលើបល្ល័ង្ករបស់ខ្ញុំ ដើម្បីសោយរាជ្យ»។
បន្ទាប់មក នៅក្នុង ១កូរិនថូស ១៥:២២-២៤ លោកប៉ូលបានគូសបញ្ជាក់ពីការរស់ឡើងវិញ ហើយលោក បង្ហាញយើងឲ្យឃើញឃ្លាបី តាមលំដាប់ជាបន្តបន្ទាប់។
២២ ព្រោះ ដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ ២៣ តែគ្រប់គ្នាតាមលំដាប់រៀងខ្លួន គឺព្រះគ្រីស្ទជាផលដំបូង រួចពួកអ្នកដែលជារបស់ផងព្រះគ្រីស្ទ ក្នុងកាលដែលទ្រង់យាងមក ២៤ គ្រានោះបានដល់ចុងបំផុតហើយ ជាវេលាដែលទ្រង់នឹងប្រគល់នគរ ដល់ព្រះដ៏ជាព្រះវរបិតាទៅវិញ ក្រោយដែលទ្រង់បានទម្លាក់អស់ទាំងរាជ្យ និងអំណាច ហើយនិងឥទ្ធិឫទ្ធិទាំងប៉ុន្មានចេញ
ឥឡូវនេះ យើងឃើញពីលំដាប់នៃការរស់ឡើងវិញ។ ព្រះគ្រីស្ទ គឺជាផលដំបូង ដែលបានកើតឡើងរួច ហើយ។ ឃ្លាបន្ទាប់គឺ «អស់អ្នកដែលជារបស់ព្រះគ្រីស្ទនឹងរស់ឡើងវិញ នៅពេលព្រះអង្គយាងមក»។ កន្លែង នេះបទគម្ពីរហៅថា «ការរស់ឡើងវិញលើកទីមួយ»។ បទគម្ពីរចែងថា «មានពរហើយ បរិសុទ្ធហើយ អស់អ្នក ដែលមានចំណែកក្នុងការរស់ឡើងវិញលើកទីមួយនេះ» ហើយនៅចុងបញ្ចប់ គឺការរស់ឡើងវិញចុងក្រោយនៃ មនុស្សស្លាប់ទាំងអស់ មានរៀបរាប់នៅចុងជំពូក២០ នៃគម្ពីរវិវរណៈ។
នៅពេលយើងគិតអំពីគោលសំខាន់អំពីការរស់ឡើងវិញនេះ ជាធម្មតាយើងតែងតែសួរខ្លួនឯងថា «តើការ រស់ឡើងវិញនេះមានលក្ខណៈបែបណា»? តាមពិត សំណួរនេះពិតជាមាននៅក្នុងសញ្ញាថ្មី ហើយក៏មានចម្លើយ ច្រើនកន្លែងផងដែរ។ ខ្ញុំចង់លើកយកចម្លើយសង្ខេបនៅក្នុងសញ្ញាថ្មី តែពីរប៉ុណ្ណោះ ដែលឆ្លើយតបនឹងសំណួរ តើការរស់ឡើងវិញមានលក្ខណៈបែបណា? តើយើងនឹងបានជាយ៉ាងណា នៅពេលយើងចូលទៅក្នុងគ្រាពេញ លេញនៃការរស់ឡើងវិញ? ចម្លើយទីមួយ គឺនៅក្នុងសំបុត្រទីមួយរបស់យ៉ូហាន ៣:២
«ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងរាល់គ្នាជាកូនព្រះហើយ តែដែលយើងរាល់គ្នានឹងបានទៅជាយ៉ាងណាទៀត នោះមិនទាន់សម្ដែងមកនៅឡើយ ប៉ុន្តែ យើងដឹងថា កាលណាទ្រង់លេចមក នោះយើងនឹងបានដូចជាទ្រង់ ដ្បិតដែលទ្រង់យ៉ាងណា នោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង » (RKOV)
ដូច្នេះ យើងជាកូនរបស់ព្រះហើយ ដោយសារជីវិតខាងក្នុងដែលយើងមាន គឺព្រះគ្រីស្ទនៅក្នុងយើង ជាសេចក្ដីសង្ឃឹមនៃសិរីល្អ។ ប៉ុន្តែ ការនោះមិនទាន់សម្ដែងមកពេញលេញ តាមបែបមនុស្សខាងក្រៅរបស់យើង នៅឡើយទេ។ ការនោះនឹងកើតឡើងតែនៅពេលព្រះយេស៊ូយាងមក ហើយបង្ហាញឲ្យឃើញនៅក្នុងសិរីល្អរបស់ ព្រះអង្គតែប៉ុណ្ណោះ ពេលនោះយើងនឹងបានដូចព្រះអង្គ។ យើងនឹងទទួលរូបកាយមួយ ដូចជារូបកាយព្រះអង្គ ហើយយើងនឹងបានដូចព្រះអង្គ ព្រោះព្រះអង្គជាយ៉ាងណា យើងនឹងឃើញព្រះអង្គតាមបែបយ៉ាងនោះ។ នឹង មានការបើកសម្តែងមួយអំពីព្រះគ្រិស្តដែលបានរស់ឡើងវិញ ទាំងមានសិរីរុងរឿង ឲ្យពួកអ្នកជឿដែលកំពុងរង់ ចាំព្រះអង្គបានឃើញ ដែលនឹងត្រូវបានបំផ្លាស់បំប្រែដោយព្រះចេស្តានៃការរស់ឡើងវិញ។ ព្រះចេស្ដានោះនឹង បំផ្លាស់បំប្រែរូបកាយដែលតែងតែស្លាប់ ទៅជារូបកាយដែលមិនចេះស្លាប់ ពីរូបកាយដែលខ្សោយ ទៅជា រូបកាយដែលរឹងមាំ។ ពីរូបកាយថោកទាប ទៅជារូបកាយដែលមានសិរីល្អ។ ពីរូបកាយដែលពុករលួយ ទៅជារូបកាយដែលមិនពុករលួយ។ ហើយជាថ្មីម្តងទៀត នៅក្នុងភីលីព ៣:២០-២១ លោកប៉ូលងាកទៅកាន់ គោលសំខាន់អំពីការរស់ឡើងវិញនេះ នឹងមានលក្ខណៈបែបណា នៅក្នុងបទពិសោធន៍របស់យើង។ លោកបាន ថ្លែងដូច្នេះថាៈ
២០ ឯយើងរាល់គ្នា យើងជាសាសន៍ស្ថានសួគ៌វិញ ក៏នៅចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះឯង [ព្រះយេស៊ូវ កត់សម្គាល់ ពាក្យនេះគឺសម្រាប់តែអស់អ្នកដែលកំពុងទន្ទឹងរង់ចាំការយាងមកវិញ របស់ព្រះអម្ចាស់ព្រះយេស៊ូវប៉ុណ្ណោះ។ ហើយបទគម្ពីរនិយាយអំពីព្រះអង្គ] ២១ ដែលទ្រង់នឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឲ្យត្រឡប់ដូចជារូបឧត្តមរបស់ទ្រង់ តាមដែលព្រះចេស្តាទ្រង់ពូកែនឹងបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នៅក្រោមអំណាចទ្រង់ផង។
លោកប៉ូលនិយាយអំពីរូបកាយទាបថោករបស់យើង ប៉ុន្តែភាសាក្រិចនិយាយថា «រូបកាយនៃភាពអាម៉ាស់ របស់យើង…» រូបកាយរបស់យើង គឺជារូបកាយមួយនៃភាពអាម៉ាស់ ដោយព្រោះតែអំពើបាបរបស់យើង។ យើងរស់នៅក្នុងរូបកាយមួយដែលបន្តរំលឹកយើងពីភាពទន់ខ្សោយរបស់យើង ភាពមានកម្រិតរបស់យើង ជាអ្វី ដែលមិនមែនជារបៀបដែលព្រះទ្រង់គ្រោងទុកមកនោះឡើយ។ ហើយដោយព្រោះតែភាពអាម៉ាស់ យើងក៏ ចេះតែនឹកចាំពីអំពើបាបរបស់យើង។ ប៉ុន្តែ អរគុណដល់ព្រះ ដែលមានសេចក្តីសន្យានេះថា ប្រសិនបើយើង ទន្ទឹងរង់ចាំព្រះយេស៊ូវគ្រីស្ទ នៅពេលព្រះអង្គលេចមក ហើយនៅពេលយើងឃើញព្រះអង្គ នោះយើងនឹងត្រូវបាន បំផ្លាស់បំប្រែឲ្យដូចជារូបកាយដ៏រុងរឿងរបស់ព្រះអង្គ។ យើងនឹងមានសិរីរុងរឿងរបស់ព្រះអង្គ សូម្បីតែក្នុង រូបកាយខាងសាច់ឈាមរបស់យើង។ សូមស្តាប់សេចក្ដីដែលលោកប៉ូលបានថ្លែង «…ដោយសារព្រះ ចេស្តារបស់ ព្រះ អង្គ ដែលបង្រ្កាបគ្រប់ទាំងអស់ឲ្យនៅក្រោមអំណាចរបស់ព្រះ អង្គ។»
លោកអ្នកជឿសេចក្តីនេះឬទេ? តើលោកអ្នកជឿថា ព្រះយេស៊ូវអាចបង្រ្កាបគ្រប់ទាំងអស់ ឲ្យនៅក្រោម អំណាចរបស់ព្រះអង្គឬទេ? ទោះជារូបកាយទន់ខ្សោយ ពុករលួយ ងាយនឹងប្រេះស្រាំរបស់យើង នោះក៏នឹងត្រូវបាន បង្រ្កាប ហើយបំផ្លាស់បំប្រែឲ្យត្រឡប់ដូចជារូបកាយដ៏រុងរឿងរបស់ព្រះអង្គដែរ។
ពេលវេលារបស់យើងចូលមកចុងបញ្ចប់ហើយសម្រាប់ថ្ងៃនេះ។ ខ្ញុំនឹងត្រឡប់មកជួបជាមួយលោកអ្នក ជាថ្មីម្តងទៀតនៅថ្ងៃស្អែក តាមពេលវេលា និងម៉ោងដដែល។ ថ្ងៃស្អែក ខ្ញុំនឹងបន្ត ហើយបញ្ចប់គោលសំខាន់អំពី «ការរស់ឡើងវិញ»នេះ។ ខ្ញុំនឹងចែកចាយជូនលោកអ្នកអំពីការធ្វើជាស្មរបន្ទាល់អំពីការរស់ឡើងវិញរបស់ ព្រះគ្រិស្ត ដល់មនុស្សជំនាន់យើង។ សូមព្រះអម្ចាស់យេស៊ូវ ទ្រង់ប្រទានពរ។
កូដ: RP-R109-104-KHM










