ជ័យជំនះលើអស់ទាំងខ្មាំងសត្រូវ

ដេរេក ព្រីនស៍
Published: 1983
Last Updated: November 2026
Read Time: 9
ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ មានន័យថា សេចក្តីស្លាប់គឺជាសត្រូវដែលត្រូវបានបង្ក្រាបហើយ ទោះបីជាការបំផ្លាញសេចក្តីស្លាប់ទាំងស្រុងនៅមិនទាន់បានមកដល់ក៏ដោយ។ និមិត្តហេតុនៅក្នុងគម្ពីរវិវរណៈ ដែលបង្ហាញអំពីព្រះយេស៊ូវដែលមានព្រះជន្មរស់ឡើងវិញ និងកាន់កូនសោនៃសេចក្តីស្លាប់ និងស្ថានឃុំព្រលឹងស្លាប់ បង្ហាញឱ្យយើងដឹងថា ហេតុអ្វីបានជាអ្នកជឿមិនចាំបាច់ភ័យខ្លាចចំពោះការបែកចេញពីព្រះឡើយ។
Transcript
វិសេសណាស់ដែលបានជួបជាមួយលោកអ្នកជាថ្មីនៅថ្ងៃនេះ ដើម្បីបន្តចែកចាយគោលសំខាន់ដ៏អស្ចារ្យ ប្រចាំសប្តាហ៍នេះ អំពី«ការរស់ឡើងវិញ»។
ប៉ុន្តែ ជាដំបូង សូមថ្លែងអំណរគុណដល់អស់លោកអ្នក ដែលបាន សរសេរមកខ្ញុំ។ នៅចុងមេរៀនរបស់យើងនៅថ្ងៃនេះ ខ្ញុំនឹងជម្រាបជូនអំពីអាសយដ្ឋាន ដើម្បីឲ្យលោកអ្នកអាច សរសេរផ្ញើមកយើងខ្ញុំ។ សូមកុំស្ទាក់ស្ទើរនឹងចែកចាយប្រាប់យើងខ្ញុំអំពីទីបន្ទាល់ សេចក្តីត្រូវការផ្ទាល់ខ្លួន បញ្ហា និងសំណូមពរអធិស្ឋានរបស់លោកអ្នក។ រាល់សំណេររបស់លោកអ្នក តែងលើកទឹកចិត្តដល់យើងខ្ញុំជាខ្លាំង ដោយដឹងថា កម្មវិធីនេះបានជាព្រះពរដល់លោកអ្នក។
ឥឡូវនេះ យើងវិលមកកាន់កាន់គោលសំខាន់របស់យើងអំពី «ការរស់ឡើងវិញ»។
ការចែកចាយរបស់ខ្ញុំនៅសប្តាហ៍នេះ ខ្ញុំកំពុងចែកចាយអំពីព្រះពរដែលមិនអាចវាស់ស្ទង់បាន ដែលមាន សម្រាប់យើង តាមរយៈការរស់ពីឡើងវិញរបស់ព្រះគ្រីស្ទ។ កាលពីដើមសប្ដាហ៍ ខ្ញុំបានពន្យល់ពីរបៀបដែល យើងត្រូវបានបង្កើតជាថ្មី ឬកើតជាថ្មី។ ហើយម្សិលមិញ ខ្ញុំបានពន្យល់ពីរបៀបដែលយើងអាចរួចផុតពីបន្ទុក ហើយត្រូវបានរាប់ជាសុចរិតទាំងស្រុង។
ថ្ងៃនេះ ខ្ញុំនឹងចែកចាយប្រាប់លោកអ្នកពីរបៀបដែលជ័យជំនះរបស់ព្រះគ្រិស្ត បញ្ជាក់អះអាងពីជ័យជំនះ របស់យើងលើអស់ទាំងខ្មាំងសត្រូវ ជាពិសេសមានជ័យជំនះលើសេចក្តីស្លាប់។ ខ្ញុំចង់រំលឹកលោកអ្នកថា សាសនាណាក៏ដោយ ដែលមិនមានចម្លើយដ៏ស្កប់ចិត្តសម្រាប់ពេលស្លាប់ទេ នោះមិនអាចឆ្លើយតបនឹងសេចក្តី ត្រូវការដ៏ជ្រៅរបស់មនុស្សបានឡើយ។ ខ្ញុំជឿថា ជំនឿគ្រិស្តបរិស័ទ គឺជាសាសនាតែមួយគត់ ដែលមានចម្លើយ នោះ។ ជំនឿគ្រិស្តបរិស័ទមានចម្លើយនោះ ដោយសារតែការរស់ឡើងវិញរបស់ព្រះគ្រិស្ត។
ជាដំបូង ខ្ញុំចង់បង្ហាញលោកអ្នកអំពីរូបភាពមួយរបស់ព្រះគ្រីស្ទ ក្នុងនាមជាអ្នកឈ្នះ ដែលបានរស់ពីស្លាប់ ឡើងវិញ។ មានរូបភាពដ៏រុងរឿងបំផុតមួយ នៅក្នុងវិវរណៈ ១: ១០ - ១៨។ នេះជាដំណើរដែលព្រះយេស៊ូវបាន លេចមកឲ្យសាវកយ៉ូហានបានឃើញ នៅឯកោះប៉ាត់ម៉ុស ក្រោយពីការរស់ឡើងវិញ និងការយាងឡើងទៅ ស្ថានសួគ៌។
10 ហើយនៅថ្ងៃនៃព្រះអម្ចាស់ ខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ នោះក៏ឮសំឡេងបន្លឺឡើង ដូចជាសូរត្រែ នៅខាងក្រោយខ្ញុំថា «8 ..អញជាអាលផា និងជាអូមេកា គឺជាដើម ហើយជាចុង 11 ការអ្វីដែលឯងឃើញ នោះចូរកត់ទុកក្នុងសៀវភៅចុះ រួចផ្ញើទៅពួកជំនុំទាំង៧ ដែលនៅស្រុកអាស៊ីផង គឺនៅក្រុងអេភេសូរ ក្រុងស្មឺន៉ា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា ហើយនៅក្រុងឡៅឌីសេដែរ។ 12 ខ្ញុំក៏បែរខ្លួនទៅមើលសំឡេង ដែលមានព្រះបន្ទូលមកខ្ញុំនោះ លុះបែរខ្លួនទៅហើយ នោះក៏ឃើញជើងចង្កៀងមាស៧ 13 នៅត្រង់កណ្តាលជើងចង្កៀងទាំង៧នោះ ឃើញមាន១អង្គ ដូចជាកូនមនុស្ស ទ្រង់ព្រះពស្ត្រវែងដល់ព្រះបាទ ហើយមានខ្សែមាសរឹតត្រង់ព្រះឧរា 14 ព្រះសិរសា និងព្រះកេសាទ្រង់ស ដូចជារោមចៀមដែលស គឺដូចហិមៈ ព្រះនេត្រទ្រង់ ដូចជាអណ្តាតភ្លើង 15 ព្រះបាទទ្រង់ដូចជាលង្ហិនរលីង ដែលភ្លឺផ្លេកៗ ដូចជាដុតក្នុងគុកភ្លើង ព្រះសូរសៀងទ្រង់ដូចជាសូរនៃទឹកច្រើន 16 នៅព្រះហស្តស្តាំទ្រង់កាន់ផ្កាយ៧ ក៏មានដាវមុខ២ដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក ហើយព្រះភ័ក្ត្រទ្រង់ ដូចជាថ្ងៃភ្លឺពេញអំណាច17 កាលខ្ញុំឃើញទ្រង់ នោះខ្ញុំដួលនៅទៀបព្រះបាទទ្រង់ដូចជាស្លាប់ តែទ្រង់ដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយព្រះបន្ទូលថា កុំខ្លាចអ្វីឡើយ អញជាដើម ហើយជាចុង18 ជាព្រះដ៏រស់នៅ អញបានស្លាប់ តែមើល អញរស់នៅអស់កល្បជានិច្ចរៀងរាបតទៅវិញ អញក៏មានកូនសោនៃសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ
តើនេះមិនមែនជារូបភាពដែលពេញដោយសិរីរុងរឿងទេឬ? នោះហើយព្រះដែលជាតំណាងរបស់យើង ហើយជាសិរសារបស់ក្រុមជំនុំ ជាព្រះដែលបានសុគតជំនួសយើង ជាព្រះដែលបង់ថ្លៃជំនួសឲ្យទោសនៃ អំពើបាបរបស់យើង។ សូមអរគុណដល់ព្រះអង្គ ដែលព្រះអង្គមិនបានសុគតរហូតឡើយ។ ព្រះអង្គមិនបាន គង់នៅក្នុងផ្នូររហូតនោះទេ។ ព្រះអង្គបានរស់ពីសុគត ហើយបានយាងឡើងទៅគង់នៅខាងស្ដាំបល្ល័ង្គនៃ ព្រះវរបិតា។ ព្រះអង្គបានទទួលសិរីរុងរឿង ក្នុងនាមជាព្រះរាជបុត្រាតែមួយរបស់ព្រះ ជាសិរីល្អក្នុងនាមជាអ្នក មានជ័យជំនះ ជាសិរីល្អក្នុងនាមជាអ្នកគ្រប់គ្រងលើទាំងអស់។ សេចក្ដីពណ៌នាទាំងនេះ គឺបង្ហាញពីភាពរុងរឿង ដ៏អស្ចារ្យអំពីព្រះគ្រិស្ត ដែលមានព្រះជន្មរស់ឡើងវិញ ហើយបានទទួលសិរីរុងរឿង។ សូមពិនិត្យមើលៈ «ព្រះសិរសា និងព្រះនកសាព្រះអង្គស ដូចនរាមនចៀមដែលស គឺសដូចហិមៈ... ព្រះននព្តព្រះអង្គដូចអណ្តាត្រនភ្លើង ….ព្រះបាទព្រះអង្គរលើបដូចលងហិន ដែលបនាសុទ្ធក្នុងគុកនភ្លើង ...ព្រះស៊ូរសៀងព្រះអង្គឮសន្ធឹកដូចមហស្គរ។ ព្រះអង្គ កាន់ផ្កាយប្រាំពីរននៅព្រះហស្តស្ត្រាំ ហើយមានដាវមុខពីរដ៏មុត នចញពីព្រះឱស្ឋរបស់ព្រះអង្គ ឯព្រះភក្រ្តព្រះអង្គដូចជាថ្ងៃភ្លឺ ពេញកនម្ដេ។»
ព្រឹត្តិការណ៍នេះសំខាន់ណាស់ ខ្ញុំគិតថា មុនពេលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ សាវកយ៉ូហានបាន ផ្ដេកក្បាលរបស់គាត់ទៅលើព្រះឱរាព្រះយេស៊ូវ។ គាត់អាចចូលទៅជិតព្រះអង្គយ៉ាងកៀកកិត។ ប៉ុន្តែ នៅពេល ព្រះចេស្តារបស់ព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ យាងមកសណ្ឋិតលើព្រះអង្គ នោះព្រះគ្រីស្ទដែលបានទទួលសិរីរុងរឿង ពិតជាបានមានអំណាចគួរស្ញែង មកលើគាត់ទាំងស្រុង។ គាត់បានត្រឡប់ដូចជាមនុស្សស្លាប់ ដែលនេះជាការបង្ហាញលោកអ្នកអំពីទំហំនៃព្រះចេស្តា និងសិរីល្អ ដែលមានក្នុងព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ។
ដោយឡែក ខ្ញុំចង់សង្កត់ធ្ងន់អំពីពាក្យដែលព្រះយេស៊ូវមានព្រះបន្ទូលនៅចំណុចនោះ នៅក្នុងវិវរណៈ ១:១៨ ដែលព្រះអង្គមានព្រះបន្ទូលថាៈ
«ជាព្រះដ៏រស់នៅ អញបានស្លាប់ តែមើល អញរស់នៅអស់កល្បជានិច្ចរៀងរាបតទៅវិញ អញក៏មានកូនសោនៃសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ» (RKOV)
យើងត្រូវស្វែងយល់បន្តិចអំពីស្ថានឃុំព្រលឹងមនុស្សស្លាប់ និងសេចក្តីស្លាប់។ មានមនុស្សច្រើនណាស់មិន យល់ពីការនេះទេ។ ជាដំបូង ខ្ញុំចង់ប្រាប់លោកអ្នកថា សេចក្តីស្លាប់ គឺមិនត្រឹមតែជាការស្លាប់ខាងរូបកាយ ប៉ុណ្ណោះទេ។ ការនេះមិនមែនត្រឹមតែជាការដែលជីវិតដាច់ចេញពីរូបកាយប៉ុណ្ណោះទេ។ ប៉ុន្តែ ទាំងសេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ គឺជាទេវតារបស់អារក្ស ជាតំណាងរបស់សាតាំង ដែលគ្រប់គ្រងលើរាជ្យនៃ សេចក្តីងងឹត។ រូបភាពនេះបានបង្ហាញយ៉ាងច្បាស់នៅក្នុងវិវរណៈ ៦:៨ ជាផ្នែកបញ្ជាក់បន្ថែមការបើកសម្តែង ដែលបានប្រទានដល់លោកយ៉ូហាន នៅកោះប៉ាត់ម៉ុស។ លោកយ៉ូហានថ្លែងពីការនេះថាៈ
ខ្ញុំក៏ក្រឡេកមើលទៅឃើញសេះ១សម្បុរស្លាំង ឯអ្នកដែលជិះមានឈ្មោះថា «សេចក្ដីស្លាប់» ហើយស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏តាមអ្នកនោះទៅ [សូមកត់សម្គាល់ថា សេចក្តីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងពីរនេះ ជាតួបុគ្គល] គេឲ្យទាំង២នោះមានអំណាចលើផែនដី១ភាគក្នុង៤ ដើម្បីនឹងសម្លាប់ដោយដាវ អំណត់អត់ និងសេចក្ដីវេទនា ហើយដោយសត្វព្រៃ នៅផែនដីផង។
លោកអ្នកឃើញថា ទាំងសេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ គឹជាទេវតារបស់សាតាំង តំណាងឲ្យ សាតាំង ជាអ្នកគ្រប់គ្រងរាជ្យនៃសេចក្តីងងឹតរបស់វា។ សេចក្តីស្លាប់វាទាមទារយករូបកាយរបស់មនុស្ស ស្ថានឃុំព្រលឹងមនុស្សស្លាប់វាទាមទារយកព្រលឹងរបស់មនុស្ស។ ប៉ុន្តែ ព្រះយេស៊ូវបានយាងចូលមកក្នុង អាណាចក្ររបស់វា គឺរវាងសេចក្តីស្លាប់ និងការរស់ឡើងវិញ។ ព្រះអង្គបានដកយកសិទ្ធិអំណាចរបស់ពួកវា ហើយព្រះអង្គបានយកកូនសោរចេញពីពួកវា។ នៅពេលព្រះអង្គលេចមកឯលោកយ៉ូហាន ព្រះអង្គមានបន្ទូលថា «យើងមានកូនសោរនៃសេចក្តីស្លាប់ ហើយក៏មានកូនសោស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ»។ តើនេះមិនមែនជា សេចក្ដីពិត ហើយសំខាន់សម្រាប់យើងគ្រប់គ្នាទេឬ ដែលដឹងថា ព្រះយេស៊ូវទ្រង់កាន់កូនសោរនៃស្ថានទាំងនោះ!
យើងត្រូវការដឹងថា សេចក្តីស្លាប់បានបរាជ័យរួចហើយ ប៉ុន្តែមិនទាន់បានបំផ្លាញនៅឡើយទេ។ នៅក្នុង ១កូរិនថូស ១៥:២៥-២៦ លោកប៉ូលថ្លែងអំពីព្រះយេស៊ូវថាៈ
«25 ដ្បិតគួរឲ្យទ្រង់បានសោយរាជ្យ ទាស់តែដាក់អស់ទាំងខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់ 26 ឯខ្មាំងសត្រូវក្រោយបង្អស់ ដែលត្រូវបំផ្លាញ គឺជាសេចក្ដីស្លាប់»។ (RKOV)
ដូច្នេះ សេចក្តីស្លាប់បានបរាជ័យហើយ ប៉ុន្តែមិនទាន់បានបំផ្លាញនៅឡើយ។ តែទោះជាយ៉ាងនោះក៏ដោយ នៅចន្លោះពេលនេះ ព្រះយេស៊ូបានដកយកទ្រនិចនៃសេចក្តីស្លាប់ចេញរួចហើយ។ បន្ដិចក្រោយមក លោកប៉ូលបានបន្តនៅក្នុងជំពូកដដែលនោះ ដោយនិយាយអំពីការរស់ឡើងវិញនៅខ ៥៣-៥៧ថាៈ
53 ដ្បិតត្រូវតែរូបកាយដ៏ពុករលួយនេះ បានប្រដាប់ដោយសេចក្ដីមិនពុករលួយវិញ ហើយរូបកាយដែលរមែងស្លាប់នេះ ត្រូវតែបានប្រដាប់ដោយសេចក្ដីមិនចេះស្លាប់វិញដែរ 54 កាលណារូបកាយពុករលួយនេះ បានប្រដាប់ដោយសេចក្ដីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្ដីមិនចេះស្លាប់វិញ នោះទើបនឹងបានសម្រេចតាមពាក្យ ដែលចែងទុកមកថា «សេចក្ដីជ័យជម្នះបានលេបសេចក្ដីស្លាប់បាត់ហើយ» 55 «ឱសេចក្ដីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្ដីស្លាប់អើយ ជ័យជម្នះរបស់ឯងនៅឯណា» 56 រីឯទ្រនិចនៃសេចក្ដីស្លាប់ គឺជាអំពើបាប ហើយអំណាចរបស់បាប គឺជាក្រឹត្យវិន័យ 57 តែអរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជម្នះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
ព្រះយេស៊ូវបានយកជ័យជំនះចេញពីសេចក្តីស្លាប់រួចហើយ។ ព្រះអង្គបានយកទ្រនិចនៃសេចក្តីស្លាប់ចេញ ហើយ។ សេចក្តីស្លាប់ ឥឡូវនេះជាអ្នកបម្រើឲ្យគោលបំណងរបស់ព្រះ។ សត្រូវដែលបានបរាជ័យរួចហើយ កំពុងរង់ចាំការបំផ្លាញ។ ក្នុងរ៉ូម ជំពូក៨ លោកប៉ូលងាកទៅរកគោលសំខាន់នេះ ដោយការពណ៌នាយ៉ាងល្អ នៅក្នុងខ ៣៥-៣៩:
35 តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន តើសេចក្ដីទុក្ខលំបាក ឬសេចក្ដីវេទនា សេចក្ដីបៀតបៀន សេចក្ដីអត់ឃ្លាន សេចក្ដីអាក្រាត សេចក្ដីអន្តរាយ ឬដាវឬអី 36 ដូចមានសេចក្ដីចែងទុកមកថា «យើងខ្ញុំត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច ដោយយល់ដល់ទ្រង់» គេរាប់យើងទុកដូចជាចៀមដែលសម្រាប់សម្លាប់ 37 ទេ គឺក្នុងសេចក្ដីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង 38 ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី 39 ទីមានកំពស់ ទីជម្រៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅ បានឡើយ។
អ្វីៗទាំងអស់ដែលសម្រេចបានសម្រាប់យើង គឺតាមរយៈការរស់ឡើងវិញ។ តើលោកអ្នកនៅចាំពីអ្វីដែល ខ្ញុំបាននិយាយនៅដើមសប្តាហ៍នេះឬទេ? ព្រះគ្រីស្ទជាជីវិតរបស់យើង គឺព្រះគ្រីស្ទដែលបានរស់ឡើងវិញ ព្រះ គ្រីស្ទដ៏មានសិរីល្អ ទ្រង់ជាជីវិតរបស់យើង។ គ្មានអ្វីអាចប៉ះពាល់ជីវិតនេះបានឡើយ។ គ្មានអ្វីអាចបំផ្លាញជីវិត នេះបានឡើយ។ ជីវិតនេះមិនអាចបំផ្លាញបាន ហើយមានជ័យជំនះទាំងស្រុង។
នៅក្នុងពន្លឺនៃជ័យជំនះរបស់ព្រះគ្រីស្ទលើសេចក្តីស្លាប់ ខ្ញុំចង់ចង្អុលបង្ហាញលោកអ្នកនៅពេលនេះ ទៅកាន់ សេចក្តីសន្យាខ្លះ ដែលព្រះយេស៊ូវបានប្រទាន ជាការប្រាប់ឲ្យដឹងមុនពីជ័យជំនះរបស់ព្រះអង្គ។ នៅក្នុងយ៉ូហាន ៥:២៤ ព្រះអង្គមានព្រះបន្ទូលដូច្នេះថាៈ
«ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមក អ្នកនោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយមិនដែលត្រូវជំនុំជម្រះឡើយ គឺបានកន្លងហួសពីសេចក្ដីស្លាប់ ទៅដល់ជីវិតវិញ។ » (RKOV)
សូមសម្គាល់ពាក្យជាទម្រង់អតីតកាល។ នេះមិនមែនជាអ្វីដែលនឹងកើតឡើងនោះទេ។ នៅពេលយើង ជឿលើការសុគត និងការរស់ឡើងវិញរបស់ព្រះយេស៊ូវគីរិស្ទ ដោយជំនឿរបស់យើង នោះយើងបានឆ្លងផុតពី សេចក្តីស្លាប់ ទៅដល់ជីវិតហើយ។ សេចក្តីស្លាប់លែងមានអំណាចលើយើងទៀតហើយ។ សេចក្តីស្លាប់លែងមាន អំណាចទាមទារលើយើងទៀតហើយ។ ការស្លាប់ គឺគ្រាន់តែជាច្រកផ្លូវចូលទៅកាន់ជីវិតថ្មីប៉ុណ្ណោះ។ ហើយជា ថ្មីម្តងទៀត នៅក្នុងយ៉ូហាន ៨:៥១-៥២ ព្រះយេស៊ូវមានព្រះបន្ទូលម្តងទៀតថាៈ
«ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណាកាន់តាមពាក្យខ្ញុំ អ្នកនេះនឹងមិនស្លាប់ឡើយ។» [ហើយនៅខបន្ទាប់] «បើអ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនេះមិនដែលភ្លក់សេចក្តីស្លាប់ឡើយ។» (RKOV)
តើលោកអ្នកជឿសេចក្ដីនោះឬទេ? នេះជាសេចក្តីសន្យាមួយ ចេញពីព្រះឱសរបស់ព្រះយេស៊ូវ។ នេះមិន មែននិយាយថា យើងនឹងមិនស្លាប់ខាងរូបកាយនេះនោះទេ។ ប៉ុន្តែ សេចក្តីនេះចែងថា ទេវតាអាក្រក់ គឺសេចក្តី ស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ដែលដើរតាមសាតាំង លែងមានអំណាចលើយើងទៀតហើយ។ ទេវតាអាក្រក់ទាំងនោះត្រូវបានដកចេញ ដោយព្រះនាមព្រះយេស៊ូវ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ ដូច្នេះ នៅពេលការស្លាប់ចូលមកដល់ យើងនឹងមិនធ្លាក់ចុះទៅក្នុងពិភពផ្សេងឡើយ។ យើងនឹងមិនធ្លាក់ចុះទៅក្នុងរាជ្យ នៃសេចក្តីងងឹតឡើយ ប៉ុន្តែយើងនឹងឡើងចូលទៅក្នុងព្រះវត្តមានរបស់ព្រះ ដោយសារតែការសុគត និងការរស់ ពីឡើងវិញរបស់ព្រះយេស៊ូវ ជំនួសយើង។
នោះជាអ្វីដែលកើតឡើងចំពោះលោកស្ទេផាន នៅពេលដែលលោក ប្រឈមនឹងការបៀតបៀន ដោយព្រោះជំនឿ ហើយលោកបានពោលឡើងនៅក្នុងកិច្ចការ ៧:៥៦ ថាៈ
«លោកមានប្រសាសន៍ថា៖ មើលហ្ន៎! ខ្ញុំឃើញមេឃបើកចាំហ ហើយកូនមនុស្សឈរនៅខាងស្តាំព្រះហស្ត របស់ព្រះ។» [ហើយបន្តិចក្រោយមក ពេលដែលលោកត្រូវបានគេចចោលនឹងថ្ម លោកពោលឡើងថាៈ] «ឱ ព្រះអម្ចាស់យេស៊ូវអើយ សូមទទួលវិញ្ញាណទូលបង្គំផង!» បន្ទាប់មកលោកលុតជង្គង់ចុះ ហើយស្រែកដោយ សំឡេងយ៉ាងខ្លាំងថា៖ រួចស្រែកឡើងជាសំឡេងខ្លាំងថា ឱព្រះអម្ចាស់អើយ សូមកុំរាប់បាបនេះដល់គេឡើយ។ កាលគាត់បានពោលដូច្នោះហើយ នោះក៏ដេកលក់ទៅ។» (RKOV)
យើងត្រូវចងចាំក្នុងគំនិតថា បទគម្ពីរគឺមានភាពប្រុងប្រយ័ត្នណាស់អំពីពាក្យដែលព្រះគម្ពីរប្រើ ហើយ គម្ពីរមិនមែននិយាយអំពីការស្លាប់របស់គ្រីស្ទបរិស័ទ ថាជាការស្លាប់នោះទេ។ ព្រះគម្ពីរនិយាយអំពីការស្លាប់ខាងរូប កាយរបស់របស់គ្រីស្ទបរិស័ទថា ជាការដេកលក់។ ព្រោះការស្លាប់របស់គ្រីស្ទបរិស័ទ គឺជាការដេកបណ្តោះ អាសន្ន ដែលពួកគេនឹងត្រូវបានភ្ញាក់ឡើងវិញ នៅព្រឹកនៃគ្រារស់ឡើងវិញ។
យើងអស់ពេលហើយសម្រាប់ថ្ងៃនេះ តែខ្ញុំនឹងវិលត្រឡប់មកជួបជាមួយលោកអ្នកសាជាថ្មីនៅវគ្គក្រោយ តាមពេល និងម៉ោងដដែល។ វគ្គក្រោយ ខ្ញុំនឹងបន្តចែកចាយគោលសំខាន់អំពី «ការរស់ឡើងវិញ»ជាបន្ត គឺអំពី របៀបដែលការរស់ឡើងវិញរបស់ព្រះគ្រីស្ទ បញ្ជាក់អះអាងអំពីការរស់ឡើងវិញរបស់យើង។ សូមកុំខាននឹង តាមដានសិក្សាជាមួយខ្ញុំនៅវគ្គក្រោយ។ សូមព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលបានព្រះជន្មរស់ឡើងវិញ ទ្រង់ ប្រទានពរ។

ទាញយកអត្ថបទ
អត្ថបទនេះអាចទាញយក, បោះពុម្ព និងចែករំលែកដោយឥតគិតថ្លៃសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬក្នុងព្រះវិហារ។
ទាញយក PDFកូដ: RP-R109-103-KHM










