របៀបដែលសេចក្តីទំនាយក្នុងសញ្ញាចាស់ធ្វើការ

ដេរេក ព្រីនស៍
Published: 1983
Last Updated: September 2026
Read Time: 9
ក្នុងមេរៀន "របៀបដែលទំនាយក្នុងសញ្ញាចាស់ដំណើរការ" ដែលជាភាគទី ២ នៃស៊េរី "ការរស់ឡើងវិញ" លោក ដេរិក ព្រីនស៍ បង្ហាញពីសារៈសំខាន់បំផុតនៃព្រឹត្តិការណ៍រស់ឡើងវិញក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ លោកសង្កត់ធ្ងន់ថា ដំណឹងល្អផ្អែកលើការពិតនៃការសុគត ការបញ្ចុះ និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ សូមស្វែងយល់ពីរបៀបដែលគ្រីស្ទសាសនាផ្ដោតសំខាន់លើព្រះយេស៊ូវគ្រីស្ទ និងការពិតជាប្រវត្តិសាស្ត្រទាំងនេះ ដែលធ្វើឱ្យជំនឿនេះមានលក្ខណៈពិសេសខុសប្លែកពីសាសនាដទៃទៀតទាំងអស់។
Transcript
វិសេសណាស់ដែលបានជួបលោកអ្នកម្ដងទៀត ក្នុងការចែកចាយប្រាប់លោកអ្នកអំពីសេចក្តីពិតដ៏មានតម្លៃដកស្រង់ចេញពីបទគម្ពីរ។
ប្រធានបទរបស់ខ្ញុំនៅសប្ដាហ៍នេះទាក់ទងទៅនឹងព្រឹត្តិការណ៍ដ៏សំខាន់បំផុតតែមួយគត់ ដែលធ្លាប់បានកើតឡើងនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្ស។ ព្រឹត្តិការណ៍នោះនាំសង្ឃឹមខ្ពស់បំផុតដល់មនុស្សភាគច្រើននៅក្នុងប្រវត្តិសាស្រ្ត។ ព្រឹត្តិការណ៍នោះអាចសង្ខេបជាពាក្យមួយដ៏មានអំណាច និងប៉ះពាល់ចិត្ត គឺការរស់ឡើងវិញ។
នៅក្នុងការចែកចាយសេចក្តីផ្ដើមរបស់ខ្ញុំកាលពីម្សិលមុិញ ខ្ញុំបានពន្យល់ថា ដំណឹងល្អមានកត្តាប្រវត្តិសាស្រ្តបីសំខាន់ៗ ហើយខ្ញុំថ្លែងដូច្នេះដោយសំអាងលើពាក្យរបស់លោកប៉ូលនៅក្នុងកូរិនថូស ទី១ ជំពូក១៥ខ១ដល់ខ៤។ ខ្ញុំនឹងអានខទាំងនោះម្ដងទៀតៈ
ឥឡូវនេះ បងប្អូនអើយ ខ្ញុំសូមរំឭកអ្នករាល់គ្នាអំពីដំណឹងល្អ ដែលខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នា ជាដំណឹងល្អដែលអ្នករាល់គ្នាបានទទួល ក៏ឈរមាំក្នុងដំណឹងល្អនេះដែរ អ្នករាល់គ្នាកំពុងតែបានសង្រ្គោះដោយសារដំណឹងល្អនេះ ប្រសិនបើអ្នករាល់គ្នាកាន់ខ្ជាប់តាមព្រះបន្ទូល ដែលខ្ញុំបានប្រកាសប្រាប់ ពុំនេះទេ អ្វីដែលអ្នករាល់គ្នាបានជឿមុខជាឥតប្រយោជន៍។ ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នាតាមសេចក្តីដែលខ្ញុំបានទទួលមក គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើង ស្របតាមបទគម្ពីរ ហើយថា ព្រះអង្គត្រូវគេបញ្ចុះក្នុងផ្នូរ រួចព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមបទគម្ពីរ។ (RKHV)
លោកអ្នកនឹងឃើញថាការពិតបី គឺព្រះគ្រិស្តបានសុគត ព្រះគ្រិស្តបានបញ្ចុះ និងព្រះគ្រិស្តបានរស់ឡើងវិញ។ ខ្ញុំបានចង្អុលបង្ហាញអំពីមូលដ្ឋាននេះថា ជំនឿគ្រិស្តបរិស័ទខុសប្លែកពីសាសនាធំៗផ្សេងទៀតជាច្រើន នៅត្រង់ចំណុចដ៏សំខាន់ទាំងបីនេះ។ ទីមួយ ជំនឿគ្រិស្តបរិស័ទផ្ដោតលើអង្គព្រះយេស៊ូគ្រិស្ត។ គ្មានព្រះយេស៊ូ មិនអាចមានជំនឿគ្រិស្តបរិស័ទទេ។ មិនមែនតែព្រះអង្គទេ ដែលបង្កើតសេចក្តីពិតដោយពឹងផ្អែកលើហេតុការណ៍ដែលបានកើតឡើងនៅក្នុងជីវិតរបស់ព្រះអង្គ សូម្បីតែដំណឹងល្អទាំងមូលក៏ពឹងផ្អែកលើហេតុការណ៍នោះដែរ។ ជំនឿនេះពិតជាមិនមែនជាសាសនានៅក្នុងចំណោមសាសនាធំៗជាច្រើនផ្សេងទៀត នោះទេ។ មនុស្សផ្សេងមានឈ្មោះផ្សេងទៀតអាចបង្កើតសាសនាបាន ហើយសាសនាមិនផ្លាស់ប្ដូរខ្លឹមសារទេប៉ុន្តែដំណឹងល្អផ្តោតលើព្រះយេស៊ូតែមួយអង្គប៉ុណ្ណោះ។ ទីពីរ ដំណឹងល្អបានចាក់ឫសនៅក្នុងប្រវត្តិសាស្រ្ត។ ដំណឹងល្អពឹងផ្អែកលើសេចក្តីពិត ឬសេចក្តីភូតភរនៅក្នុងកំណត់ត្រាប្រវត្តិសាស្រ្តពិតប្រាកដ។ ប្រសិនបើកំណត់ត្រាទាំងនោះពិត នោះដំណឹងល្អក៏ពិតដែរ។ ផ្ទុយទៅវិញ ប្រសិនបើកំណត់ត្រាទាំងនោះមិនពិតនោះដំណឹងល្អក៏មិនពិតដែរ។ ទីបី ដំណឹងល្អបានបញ្ជាក់ដោយបទពិសោធន៍របស់មនុស្សម្នាក់ៗ។ ដំណឹងល្អអះអាងថា សម្រាប់អស់អ្នកដែលជឿលើការពិតទាំងបីនេះ ហើយស្ដាប់បង្គាប់តាមសេចក្តីបង្រៀនដែលទាក់ទងនឹងការពិតទាំងនេះ នោះនឹងកើតមានការផ្លាស់ប្រែដ៏មានព្រះចេស្ដាយ៉ាងអស្ចារ្យពិតប្រាកដនៅក្នុងអ្នកទាំងអស់នោះ ដែលគ្មានអ្វីមួយផ្សេងទៀតអាចបង្កើតបានឡើយ។ ដូច្នេះ ដំណឹងល្អសំអាងលើបទពិសោធន៍របស់មនុស្ស។
ឥឡូវនេះ ការចែកចាយរបស់ខ្ញុំនៅថ្ងៃនេះនឹងពឹងផ្អែកលើល្បះមួយដកស្រង់ចេញពី ១កូរិនថូស ១៥ដែលជាល្បះមួយសំខាន់បំផុត។ ល្បះនោះនៅក្នុងខ៤នៃជំពូកនេះ ត្រង់កន្លែងដែលលោកប៉ូលនិយាយអំពីព្រះយេស៊ូថា ព្រះអង្គត្រូវបានគេបញ្ចុះ ហើយបន្ទាប់មក ព្រះអង្គបានរស់ឡើងវិញនៅថ្ងៃទីបីស្របតាមបទគម្ពីរ។ នោះជាល្បះដែលខ្ញុំចង់ចែកចាយនៅថ្ងៃនេះ គឺស្របតាមបទគម្ពីរ ហើយយើងត្រូវចាំថា នៅពេលនោះលោកប៉ូសសរសេរពាក្យទាំងនេះនៅក្នុងសញ្ញាថ្មី យោងទៅតាមបទគម្ពីរពេញលេញ ដែលទាន់មាននៅឡើយ។ ដូច្នេះហើយ នៅពេលដែលលោកប៉ូលនិយាយថា ស្របតាមបទគម្ពីរ គឺគាត់សំដៅលើបទគម្ពីរនៅក្នុងសញ្ញាចាស់ មិនមែនបទគម្ពីរនៅក្នុងសញ្ញាថ្មីទេ។ ដូច្នេះ ការអះអាងអំពីការរស់ឡើងវិញរបស់ព្រះគ្រិស្តមាននៅក្នុងបទគម្ពីរទំនាយនៅក្នុងសញ្ញាចាស់។ ដើម្បីវាយតម្លៃការនេះ យើងត្រូវយល់អំពីរបៀបដែលសេចក្តីទំនាយនៅក្នុងសញ្ញាចាស់ធ្វើការ។ អ្វីដែលជាគោលការណ៍បង្កើតសេចក្តីពិតនៅក្នុងសេចក្តីទំនាយសញ្ញាចាស់។ លោកពេត្រុសបានពន្យល់ប្រាប់យើងអំពីការនេះនៅក្នុងសំបុត្រទីមួយរបស់លោក ដោយពាក្យមួយចំនួនដែលមានសារសំខាន់បំផុតសម្រាប់ប្រធានបទរបស់យើង។ ពេត្រុសទី១ ជំពូក១ ខ១០ដល់ខ១២ នេះជាអ្វីដែលលោកពេត្រុសនិយាយៈ
ពួកហោរាដែលបានទាយពីព្រះគុណ ដែលផ្តល់មកអ្នករាល់គ្នា បានស្រាវជ្រាវយ៉ាងប្រុងប្រយ័ត្ន ហើយខុំរកឲ្យដឹងពីការសង្រ្គោះនេះ ទាំងស្វែងរកឲ្យដឹងពីអ្នកណា ឬពេលវេលាណា ដោយព្រះវិញ្ញាណរបស់ព្រះគ្រីស្ទសណ្ឋិតក្នុងគេ ទ្រង់ធ្វើបន្ទាល់ជាមុន អំពីព្រះគ្រីស្ទត្រូវរងទុក្ខលំបាក និងពីសិរីល្អដែលត្រូវមកតាមក្រោយ។ ព្រះបានសម្តែងឲ្យគេដឹងថា ការទាំងនេះមិនមែនសម្រាប់គេទេ គឺសម្រាប់អ្នករាល់គ្នា ជាអ្វីដែលឥឡូវនេះ អស់អ្នកផ្សាយដំណឹងល្អបានប្រាប់មកអ្នករាល់គ្នា តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែល ព្រះអង្គបានចាត់ពីស្ថានសួគ៌មក ហើយពួកទេវតាក៏ចូលចិត្តចង់ពិនិត្យមើលការទាំងនេះដែរ។ (RKHV)
ដូច្នេះ យើងនឹងឃើញថា ការពិតដ៏សំខាន់អំពីសេចក្តីទំនាយនៅក្នុងសញ្ញាចាស់ គឺព្រះវិញ្ញាណរបស់ព្រះគ្រិស្តបានសណ្ឋិតនៅក្នុងពួកហោរានៅក្នុងសញ្ញាចាស់ ហើយព្រះអង្គបានធ្វើបន្ទាល់តាមរយៈពួកគេពីហេតុការណ៍ពីរទាក់ទងនឹងព្រះគ្រិស្តដ៏ជាព្រះមេស្ស៊ីនេះ។ ទីមួយ អំពីការរងទុក្ខលំបាករបស់ព្រះអង្គ និងសិរីរុងរឿងដែលត្រូវមកតាមក្រោយបន្ទាប់ពីការរងទុក្ខលំបាករបស់ព្រះអង្គ។
ខ្ញុំសូមសង្ខេបសេចក្តីនេះជាពីរចំណុចសំខាន់ៗ។ ទីមួយ គឺព្រះវិញ្ញាណរបស់ព្រះគ្រិស្តដ៏ជាព្រះមេស្ស៊ី គឺព្រះអង្គនេះហើយដែលមានបន្ទូលតាមរយៈពួកហោរានៅក្នុងសញ្ញាចាស់។ ទីពីរ ព្រះវិញ្ញាណរបស់ព្រះគ្រិស្តដែលនៅក្នុងពួកគេបានថ្លែងទំនាយសំខាន់ៗពីរចំណុចទាក់ទងនឹងព្រះគ្រិស្ត គឺទីមួយអំពីការរងទុក្ខលំបាករបស់ព្រះអង្គ និងទីពីរអំពីសិរីរុងរឿងរបស់ព្រះអង្គ។
ពេលនេះ យើងនឹងពិនិត្យមើលគំរូជាក់លាក់ពីរអំពីការនេះ តាមរយៈសេចក្តីទំនាយរបស់ព្រះបាទដាវីឌនៅក្នុងកណ្ឌទំនុកតម្កើង ហើយយើងត្រូវចាំថា សញ្ញាថ្មីហៅព្រះបាទដាវីឌថាហោរាម្នាក់។ អ្វីៗដែលបានកត់ត្រានៅក្នុងទំនុកតម្កើង ភាគច្រើនជាសេចក្តីទំនាយ។ បទគម្ពីរដំបូងដែលដកស្រង់ចេញពីកំណត់ត្រារបស់ព្រះបាទដាវីឌ គឺនៅក្នុងទំនុកតម្កើង ២២:១៦-១៨ ត្រង់កន្លែងដែលព្រះបាទដាវីឌមានបន្ទូលថា៖
ដ្បិតមានពួកឆ្កែមោ ព័ទ្ធទូលបង្គុំជុំវិញ មនុស្សអាក្រក់មួយហ្វូងដើរក្រវែលជុំ វិញទូលបង្គុំ គេបានចាក់ទម្លុះដៃជើងទូលបង្គុំ ទូលបង្គុំអាចរាប់ឆ្អឹងជំនីរបស់ទូលបង្គុំបានទាំងអស់ គេសម្លក់សម្លឹងមកទូលបង្គុំ គេយកសម្លៀកបំពាក់ទូលបង្គុំចែកគ្នា ហើយគេនាំគ្នាចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គុំ។ (RKHV)
ពេលនេះ ខ្ញុំចង់ឲ្យលោកអ្នកសម្គាល់ថា ព្រះបាទដាវីឌកំពុងមានបន្ទូលដូចជាខ្លួនឯង ដោយពោលពីហេតុការណ៍ជាច្រើនដែលបានកើតឡើង ទោះបីជាហេតុការណ៍ទាំងនោះមិនបានកើតឡើងចំពោះព្រះបាទដាវីឌក៏ដោយ។ ទោះបីជាព្រះបាទដាវីឌមានបន្ទូលដូចជាខ្លួនឯងថា៖ «គេបានចាក់ទម្លុះដៃជើងទូលបង្គំ» ការនោះមិនបានកើតឡើងចំពោះព្រះបាទដាវីឌទេ។ «គេយកសម្លៀកបំពាក់ទូលបង្គំចែកគ្នា» ការនោះមិនបានកើតឡើងចំពោះព្រះបាទដាវីឌទេ។ «គេនាំគ្នាចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គំ» ការនោះមិនបានកើតឡើងចំពោះព្រះបាទដាវីឌទេ ទោះបីព្រះបាទដាវីឌមានបន្ទូលដូចជាខ្លួនឯងក៏ដោយ។ តើអ្វីទៅជា សេចក្តីពន្យល់? សាវកពេត្រុសបានឲ្យសេចក្តីពន្យល់នេះ។ ហេតុការណ៍នោះជាព្រះវិញ្ញាណរបស់ព្រះគ្រិស្តដ៏ជាព្រះមេស្ស៊ី កំពុងមានបន្ទូលទៅកាន់ពួកហោរាឲ្យនិយាយសេចក្តីដែលមិនមែនជារឿងរ៉ាវពិតប្រាកដអំពីពួកគេ ប៉ុន្តែជាការរៀបរាប់ដ៏ស្មោះត្រង់នៅក្នុងការជួបស្គាល់ព្រះយេស៊ូ។
បន្ទាប់មក យើងពិនិត្យមើលបទគម្ពីរមួយទៀតនៅក្នុងកំណត់ត្រារបស់ព្រះបាទដាវីឌ គឺនៅក្នុងទំនុកតម្កើង ៦៩:២០-២១:
ពាក្យដុំណៀលបានញុំ ញីចិត្តទូលបង្គុំដល់ម្លេ៉ះ បានជាទូលបង្គុំអស់សង្ឃឹម ទូលបង្គុំសង្ឃឹមថានឹងមានគេអាណិត តែគ្មានសោះ ក៏ស្វែងរកអ្នកកម្សាន្តចិត្ត តែរកមិនបានឡើយ។ គេឲ្យថ្នាំពុលមកទូលបង្គុំជាអាហារ ហើយកាលទូលបង្គុំស្រេក គេយកទឹកខ្មេះឲ្យទូលបង្គុំផឹក។ (RKHV)
លោកអ្នកឃើញម្ដងទៀតហើយ ព្រះបាទដាវីឌមានបន្ទូលដូចជាខ្លួនឯង ដោយពោលអំពីសេចក្តីដែលមិនបានកើតឡើងនៅក្នុងបទពិសោធន៍របស់ព្រះអង្គទាល់តែសោះ។ «កាលទូលបង្គំស្រេក គេយកទឹកខ្មេះឲ្យទូលបង្គំផឹក» គឺគ្មានកំណត់ត្រាទាល់តែសោះ ដែលថាការនោះបានកើតឡើងចំពោះព្រះបាទដាវីឌផ្ទុយទៅវិញ ព្រះបាទដាវីឌពណ៌នាអំពីបទពិសោធន៍ដែលបានកើតឡើងចំពោះព្រះយេស៊ូ ហើយបទពិសោធន៍នោះត្រូវបានកត់ត្រាដោយយកចិត្តទុកដាក់នៅក្នុងសញ្ញាថ្មី។ ហេតុការណ៍ទាំងអស់ដែលយើងបានអាននៅទីនេះ ដកស្រង់ចេញពីកំណត់ត្រារបស់ព្រះបាទដាវីឌនៅក្នុងទំនុកតម្កើង មិនមែនជាបទពិសោធន៍ដែលព្រះបាទដាវីឌជួបប្រទះទេ ប៉ុន្តែជាបទពិសោធន៍ដែលព្រះយេស៊ូជួបប្រទះនៅក្នុងសញ្ញាថ្មី។ សូមស្ដាប់ខទាំងពីរនេះចេញពីដំណឹងល្អរបស់លោកម៉ាថាយ ២៧:៣៤-៣៥:
គេយកស្រទុំពាំងបាយជូរលាយជាមួយទឹកប្រមាត់ មកថ្វាយព្រះអង្គសេយ តែពេលព្រះអង្គភ្លក់មើលព្រះអង្គមិនព្រមសេយទេ។ ក្រោយពីឆ្កាងព្រះអង្គហើយ គេយកព្រះពស្រ្តព្រះអង្គទេចាប់ឆ្នោតចែកគ្នាដើម្បីឲ្យបានសម្រេចសេចក្ដីដែលបានថ្លែងទុកមក តាមរយៈហោរាថា៖ «គេយកសម្លៀកបំពាក់ខ្ញុំចែកគ្នា ហើយគេចាប់ឆ្នោតយកសម្លៀកបំពាក់ខ្ញុំ» (RKHV)
សូមសម្គាល់ថា ហេតុការណ៍ដែលព្រះបាទដាវីឌបានមានបន្ទូលអំពីខ្លួនឯង ដែលមិនបានកើតឡើងចំពោះព្រះអង្គសោះនោះ បានសម្រេចតាមរយៈការជាប់ឆ្កាងរបស់ព្រះគ្រិស្ត ហើយអ្នកសរសេរសញ្ញាថ្មីនិយាយថា ហេតុការណ៍ទាំងនោះបានកើតឡើង ដើម្បីឲ្យបានសម្រេចសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរា។ និយាយម្យ៉ាងទៀតថា ហេតុការណ៍នេះកើតចេញពីសេចក្តីទំនាយនៅក្នុងសញ្ញាចាស់។
ពេលនេះ ខ្ញុំចង់បើកទៅកណ្ឌហោរាអេសាយ ហើយខ្ញុំចង់ឲ្យគំរូមួយដល់លោកអ្នកអំពីគោលការណ៍ដូចគ្នានេះនៅក្នុងសេចក្តីទំនាយរបស់លោកអេសាយ។ និយាយម្យ៉ាងទៀតថា ព្រះវិញ្ញាណរបស់ព្រះគ្រិស្តដ៏ជាព្រះមេស្ស៊ី កំពុងមានបន្ទូលក្នុងនាមខ្លួនឯងតាមរយៈលោកអេសាយ អំពីអ្វីដែលមិនបានកើតឡើងចំពោះលោកអេសាយសោះ ប៉ុន្តែបានសម្រេចនៅក្នុងព្រះគ្រិស្ត។ បទគម្ពីរនេះគឺ អេសាយ ៥០:៥-៦:
ព្រះអម្ចាស់ យេ ហូ វ៉ាទ្រង់បានបើកត្រចៀកខ្ញុំហើយ ខ្ញុំមិនបានរឹងចចេស ឬបែរក្រោយឡើយ ខ្ញុំបានប្រគល់ខ្នងទេឲ្យពួកអ្នកដែលវយ ហើយថាពាល់ខ្ញុំទេឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្ដីអាមា៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ។ (RKHV)
ពេលនេះ គ្មានកំណត់ត្រា គ្មានការណែនាំ ដែលថាហេតុការណ៍ទាំងនោះបានកើតឡើងនៅក្នុងបទពិសោធន៍របស់លោកអេសាយទេ ប៉ុន្តែលោកពោលពីសេចក្តីទាំងនោះដូចជាខ្លួនឯង។ តើអ្វីទៅជាសេចក្តីពន្យល់? យើងបានឃើញសេចក្តីពន្យល់នោះរួចហើយ។ ការនិយាយនោះ គឺជាព្រះវិញ្ញាណរបស់ព្រះគ្រិស្តដ៏ជាព្រះមេស្ស៊ី ដែលនៅក្នុងលោកអេសាយកំពុងនិយាយអំពីហេតុការណ៍ ដែលត្រូវកើតឡើងនៅក្នុងបទពិសោធន៍របស់ព្រះគ្រិស្ត។ ជាថ្មីម្ដងទៀត សញ្ញាថ្មីកត់ត្រាយ៉ាងប្រុប្រយ័តអំពីការសម្រេចនូវសេចក្តីទាំងនេះ។
មុនដំបូង នៅក្នុងម៉ាថាយ ២៦:៦៧ និយាយអំពីព្រះយេស៊ូ ក្រោយពេលដែលគេចាប់ព្រះអង្គ ដោយនិយាយថា៖ «ពេលនោះ គេស្តោះទឹកមាត់ដាក់ព្រះ ភក្រ្តព្រះអង្គ វាយតប់ព្រះអង្គ ហើយអ្នកខ្លះទះកំផ្លៀងព្រះអង្គ»។ យើងបានអានអេសាយ ៥០:៦ «ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្ដីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ» ដែលបានសម្រេចយ៉ាងពិតប្រាកដនៅក្នុងបទពិសោធន៍របស់ព្រះយេស៊ូ មិនមែនលោកអេសាយទេ។ បន្ទាប់មកទៀតនៅក្នុងម៉ាថាយ ២៧:២៦ ដែលយើងបានអានម្ដងរួចមកហើយអំពីព្រះយេស៊ូ «ពេលនោះ លោកក៏ដោះលែងបារ៉ាបាសឲ្យដល់គេ ហើយបញ្ជាឲ្យគេវាយព្រះ យេស៊ូវនឹងរំពាត់ រួចប្រគល់ព្រះអង្គទៅឲ្យគេឆ្កាង»។ សូមសម្គាល់ថា ព្រះយេស៊ូត្រូវគេវាយនឹងរំពាត់ មុនគេឆ្កាងព្រះអង្គ។ ហេតុការណ៍នេះត្រូវតែកើតឡើងដូច្នេះ ព្រោះលោកអេសាយបានថ្លែងនៅក្នុងជំពូក ៥០:៦ ថា៖ «ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ» ដូច្នេះ ការវាយព្រះយេស៊ូនឹងរំពាត់ បានសម្រេចបាក្យទាំងនោះ។ «ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ» មិនបានសម្រេចនៅក្នុងលោកអេសាយទេ។ សេចក្តីទាំងនោះបានសម្រេចនៅក្នុងព្រះយេស៊ូ។
ដូច្នេះ លោកអ្នកឃើញគោលការណ៍នេះម្ដងទៀត ហើយការយល់ពីគោលការណ៍ពិតជាសំខាន់ខ្លាំងណាស់។ ពួកហោរាបានថ្លែងនៅសម័យកាលមួយ ដូចជាថ្លែងអំពីខ្លួនឯង ប៉ុន្តែសេចក្តីនោះមិនបានកើតឡើងចំពោះពួកគេទេ ផ្ទុយទៅវិញ សេចក្តីទាំងនោះបានកើតឡើងចំពោះព្រះយេស៊ូ។ លោកពេត្រុសបានផ្ដល់សេចក្តីពន្យល់ថា គឺព្រះវិញ្ញាណរបស់ព្រះគ្រិស្តដ៏ជាព្រះមេស្ស៊ី ដែលគង់នៅក្នុងពួកហោរាទាំងនោះ កំពុងមានបន្ទូលដូចជាខ្លួនឯង ដើម្បីប្រាប់ពីសេចក្តីដែលត្រូវកើតឡើងនៅក្នុងបទពិសោធន៍របស់ព្រះយេស៊ូ ជាពិសេសអំពីចំណុចសំខាន់ៗពីរ។ ទីមួយ ការរងទុក្ខលំបាករបស់ព្រះអង្គ និងបន្ទាប់មក សិរីរុងរឿងដែលត្រូវមកតាមក្រោយ។
ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះដល់ទីបញ្ចប់ហើយ។ ខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីនៅថ្ងៃស្អែកតាមម៉ោងពេលដដែល។ នៅក្នុងការចែកចាយរបស់ខ្ញុំនៅថ្ងៃស្អែក ខ្ញុំនឹងបន្តប្រធានបទនេះបន្ថែមទៀតអំពីសេចក្តីទំនាយនៅក្នុងសញ្ញាចាស់។ ខ្ញុំនឹងចែកចាយជាមួយលោកអ្នកអំពីសេចក្តីទំនាយជាក់លាក់មួយចំនួននៅក្នុងសញ្ញាចាស់ អំពីការរស់ឡើងវិញរបស់ព្រះគ្រិស្ត។
កូដ: RP-R108-102-KHM










