ពិតជាវិសេសណាស់ដែលបានជួបលោកអ្នកជាថ្មីម្ដងទៀតនៅដើមសប្ដាហ៍ថ្មីនេះ ដើម្បីចែកចាយជូនលោកអ្នកអំពីគន្លឹះនាំទៅរកជីវិតជោគជ័យ ដែលព្រះបានដាក់នៅក្នុងដៃរបស់ខ្ញុំ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន និងការបម្រើព័ន្ធកិច្ចគ្រីស្ទបរិស័ទអស់រយៈពេលជាច្រើនឆ្នាំ។

គោលសំខាន់របស់ខ្ញុំនៅសប្ដាហ៍នេះ ទាក់ទងទៅនឹងព្រឹត្តិការណ៍មួយដ៏សំខាន់បំផុត ដែលបានកើតឡើងនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ព្រឹត្តិការណ៍នោះ ជាការចាប់ផ្ដើមទៅរកព្រឹត្តិការណ៍បន្ទាប់ ដែលជាព្រឹត្តិការណ៍កំពូល ព្រោះត្រូវតែកើតឡើងនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្ស។ ព្រឹត្តិការណ៍នោះ អាចសង្ខេបជាពាក្យមួយដ៏មានអំណាច ហើយប៉ះពាល់ចិត្តបំផុត គឺការរស់ឡើងវិញ។

ប៉ុន្តែ ជាបឋម ខ្ញុំសូមនិយាយអរគុណ ចំពោះអស់អ្នកដែលបានសរសេរមកយើងខ្ញុំ។ នៅចុងបញ្ចប់វគ្គរបស់យើងនៅថ្ងៃនេះ ខ្ញុំនឹងជម្រាបជូនពីអាសយដ្ឋានសំបុត្រ ដែលលោកអ្នកអាចសរសេរផ្ញើមកយើងខ្ញុំ។ ការសរសេររបស់លោកអ្នក មានន័យណាស់សម្រាប់យើងខ្ញុំ ព្រោះយើងខ្ញុំដឹងថា ព័ន្ធកិច្ចនេះ កំពុងតែបានជួយលោកអ្នក ហើយជាព្រះពរដល់លោកអ្នក។ ដូច្នេះ សូមរីករាយសរសេរមកកាន់យើងខ្ញុំ ទោះជាសំណេរផ្ទាល់ខ្លួន​របស់លោកអ្នក​ខ្លីក៏ដោយ។

ឥឡូវនេះ យើងត្រឡប់ចូលមកកាន់គោលសំខាន់របស់យើង គឺការរស់ឡើងវិញ។

ខ្ញុំត្រូវចាប់ផ្ដើមដោយបញ្ជាក់ជូនថា ដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទ មានហេតុការណ៍ប្រវត្តិសាស្រ្តដ៏សាមញ្ញបី។ មនុស្សជាច្រើន មិនសូវយល់អំពីដំណឹងល្អទេ ហើយមិនដឹងថាដំណឹងល្អនេះ មានន័យដូចម្ដេច។ គេបញ្ចូលដំណឹងល្អជាមួយនឹងអ្វីម្យ៉ាងដែលមានលក្ខណៈរំជួលចិត្ត ជាអ្វីម្យ៉ាងដែលជាគំនិតរបស់មនុស្សនិងការប្រកាសដំណឹងល្អដែលពេញនិយម ផ្ដោតទៅលើការរំជួលចិត្ត និងគំនិតរបស់មនុស្ស។ ប៉ុន្តែការធ្វើបែបនេះមិនត្រូវចំទេ។ ដំណឹងល្អ មិនមែនផ្តោតលើអ្វីមួយដែលមានលក្ខណៈរំជួលចិត្ត ឬគំនិតរបស់មនុស្សឡើយ គឺផ្តោតទៅលើកត្តាប្រវត្តិសាស្រ្តដ៏សំខាន់ និងសាមញ្ញ គឺជាព្រឹត្តិការណ៍ដែលបានកើតឡើងពិតប្រាកដនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ និងបានបញ្ជាក់ ដោយសាក្សីជាច្រើនដែលអាចទុកចិត្តបាន។

នេះជាអ្វីដែលលោកប៉ូលនិយាយពេញមួយជំពូក នៅក្នុងកូរិនថូសទី១ ដែលជាគោលសំខាន់អំពីការរស់ឡើងវិញ។ នោះហើយជាសេចក្ដីដែលចែងនៅក្នុង ១កូរិនថូស ១៥ ហើយខ្ញុំនឹងអានប្រាំបីខដំបូងនៅក្នុងជំពូកនេះ ដែលនឹងផ្ដល់ជាគ្រឹះដ៏សំខាន់សម្រាប់មេរៀនរបស់ខ្ញុំនៅសប្ដាហ៍នេះ និងនៅសប្ដាហ៍បន្ទាប់ផងដែរ។ ដូច្នេះ នេះជាអ្វីដែលលោកប៉ូលមានប្រសាសន៍នៅពេលនេះ អំពីដំណឹងល្អដែលទាក់ទងទៅនឹងប្រវត្តិសាស្រ្ត៖

ឥឡូវនេះ បងប្អូនអើយ ខ្ញុំសូមរំឭកអ្នករាល់គ្នាអំពីដំណឹងល្អ ដែលខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នា ជា ដំណឹងល្អដែលអ្នករាល់គ្នាបានទទួល ក៏ឈរមាំក្នុងដំណឹងល្អនេះដែរ។ អ្នករាល់គ្នាកំពុងតែបាន សង្រ្គោះដោយសារដំណឹងល្អនេះ ប្រសិនបើអ្នករាល់គ្នាកាន់ខ្ជាប់តាមព្រះបន្ទូល ដែលខ្ញុំបានប្រកាសប្រាប់ ពុំនេះទេ អ្វីដែលអ្នករាល់គ្នាបានជឿមុខជាឥតប្រយោជន៍។ ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលមក គឺថា ព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើង ស្របតាមបទគម្ពីរ ហើយថា ព្រះអង្គត្រូវគេបញ្ចុះក្នុងផ្នូរ រួចព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមបទគម្ពីរ ហើយថា ព្រះអង្គបានលេចឲ្យលោកកេផាសឃើញ រួចឲ្យសាវកទាំងដប់ពីរឃើញដែរ។ បន្ទាប់មក ព្រះអង្គបានលេចឲ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលតែមួយ ក្នុងចំណោមបងប្អូនអ្នកទាំងនេះ ភាគច្រើននៅរស់នៅឡើយ តែមានខ្លះបានស្លាប់ផុតទៅហើយ។ បន្ទាប់មកទៀត ព្រះអង្គបានលេចឲ្យលោកយ៉ាកុបឃើញ រួចឲ្យពួកសាវកទាំងអស់គ្នាឃើញ។ ចុងក្រោយបង្អស់ ព្រះអង្គក៏លេចឲ្យខ្ញុំឃើញ សូម្បីតែខ្ញុំនេះដូចជាកូនដែលកើតមិនគ្រប់ខែ។ (RKHV)

លោកអ្នកនឹងឃើញនៅក្នុងបទគម្ពីរនោះថា លោកប៉ូលបញ្ជាក់អំពីដំណឹងល្អដែលលោកបានប្រកាសថាជាដំណឹងល្អដែលមានសារសំខាន់ ក្នុងការជឿលើការរស់ឡើងវិញ ហើយដំណឹងល្អនោះ ផ្ដោតទៅលើតួអង្គព្រះគ្រីស្ទជាទីមួយ ហើយទីពីរ ផ្ដោតទៅលើហេតុការណ៍ប្រវត្តិសាស្រ្តធំៗបី ដែលទាក់ទងទៅនឹងព្រះយេស៊ូវគីរិស្ទ។ គ្មានព្រះយេស៊ូវ គ្មានដំណឹងល្អ។ ដំណឹងល្អ មិនមែនជាការរៀបចំតាមជម្រើសរបស់មនុស្សទេហើយក៏មិនមែនជាប្រព័ន្ធទេវសាស្រ្ត ឬទស្សនៈវិទ្យានោះដែរ ដ្បិតដំណឹងល្អជាបណ្ដុំមួយនៃហេតុការណ៍ប្រវត្តិសាស្រ្ត។ ដូច្នេះ ជាការសំខាន់ណាស់ ដែលយើងត្រូវច្បាមយល់ឲ្យបាន គឺថា ដំណឹងល្អនេះបានចាក់ឫសចូលនៅក្នុងប្រវត្តិសាស្រ្ត។

តើអ្វីទៅជាហេតុការណ៍ដ៏សំខាន់ៗបីអំពីព្រះយេស៊ូវគ្រីស្ទ ដែលហៅថាដំណឹងល្អ? ហេតុការណ៍ទាំងបីនោះគឺ ទីមួយ ព្រះអង្គបានសុគត។ ទីពីរ ព្រះអង្គត្រូវបានគេបញ្ចុះក្នុងផ្នូរ។ ទីបី ព្រះអង្គបានរស់ឡើងវិញនៅថ្ងៃទីបី។ ខ្ញុំសូមបញ្ជាក់ហេតុការណ៍ទាំងបីនេះម្ដងទៀត។ ខ្ញុំចង់ដាំហេតុការណ៍ទាំងបីនេះ ឲ្យនៅជាប់ ក្នុងគំនិត និងក្នុងចិត្តរបស់លោកអ្នក តាមរបៀបមួយដែលលោកអ្នកមិនអាចភ្លេច ឬបែរចេញពីសេចក្តីទាំងបីនេះបានឡើយ ព្រោះសាវកប៉ូលមានប្រសាសន៍តាមរយៈសំបុត្រ ដែលផ្ញើទៅគ្រីស្ទបរិស័ទនៅក្រុងកូរិនថូស គឺ៖ «នេះជាដំណឹងល្អ ដែលអ្នករាល់គ្នាបានសង្រ្គោះ ពុំនោះទេ អ្វីដែលអ្នករាល់គ្នាបានជឿមុខជាឥតប្រយោជន៍»។ ខ្ញុំគិតថា ការបញ្ជាក់ប្រាប់នៅទីនេះ គឺថា ប្រសិនបើពួកអ្នកជឿបែរចេញពីដំណឹងល្អគ្រឹះនេះ ងាកទៅរកប្រភេទនៃទ្រិស្តីខាងសាសនាដែលមានលក្ខណៈពិរោះត្រចៀក ឬជាបទពិសោធន៍ចេញពីគំនិតរបស់មនុស្ស នោះជំនឿរបស់គេនឹងទៅជាឥតប្រយោជន៍។ ដូច្នេះ ខ្ញុំយកឱកាសនេះ ដាំសេចក្តីទាំងបីនេះ ឲ្យនៅជាប់ក្នុងលោកអ្នកដើម្បីកុំឲ្យរលុប ដោយព្រះចេស្ដារបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយហេតុការណ៍ដ៏សំខាន់ទាំងបី ដែលបង្កើតបានជាដំណឹងល្អគឺ៖ ទីមួយ ព្រះគ្រីស្ទបានសុគត។ ទីពីរ ព្រះអង្គត្រូវបានគេបញ្ចុះទៅក្នុងផ្នូរ។ ទីបី ព្រះអង្គបានរស់ឡើងវិញ នៅថ្ងៃទីបី។

បន្ទាប់មក លោកប៉ូលផ្ដល់ជូនការអះអាងពីរប្រភេទអំពីហេតុការណ៍ប្រវត្តិសាស្រ្តនេះ។ ទីមួយ ហេតុការណ៍នោះ ត្រូវបានបញ្ជាក់ដោយបទគម្ពីរទំនាយនៅក្នុងសញ្ញាចាស់ ហើយទីពីរ ហេតុការណ៍នោះត្រូវបានបញ្ជាក់ដោយទីបន្ទាល់របស់សាក្សីជាច្រើនដែលអាចទុកចិត្តបាន។ ជាការសំខាន់ណាស់ ដែលលោកអ្នកត្រូវយល់ថា ការអះអាងទីមួយ មិនមែនជាទីបន្ទាល់របស់មនុស្សដែលជាសាក្សីទេ ទោះបីជាទីបន្ទាល់ចេញពីសាក្សីមានសារសំខាន់ខ្លាំងក៏ដោយ។ ប៉ុន្តែ ការអះអាងដំបូង គឺជាបទគម្ពីរទំនាយនៅក្នុងសញ្ញាចាស់ព្រោះសញ្ញាថ្មីទាំងមូល មានហេតុការណ៍នេះជាបន្តបន្ទាប់ ដើម្បីឲ្យសម្រេចគ្រប់ទាំងបទគម្ពីរទំនាយនៅក្នុងសញ្ញាចាស់ ហើយគ្មានបទគម្ពីរទំនាយណាមួយ ដែលមិនបានសម្រេចនោះឡើយ។ ព្រះយេស៊ូវ មានបន្ទូលអំពីការសម្រេចតាមបទគម្ពីរទំនាយ សាវករបស់ព្រះអង្គ និយាយអំពីការសម្រេចបទគម្ពីរទំនាយ ហើយលោកអ្នកនឹងឃើញថា នៅពាសពេញក្នុងសញ្ញាថ្មី ទាំងនៅក្នុងជីវិតរបស់ព្រះយេស៊ូវផ្ទាល់ និងសកម្មភាពក្រោយៗរបស់សាវកព្រះអង្គ ព្រមទាំងសកម្មភាពរបស់ក្រុមជំនុំដើមដំបូង ម្ដងហើយម្ដងទៀត ហើយមានឃ្លាប្រើស្ទួនៗ មិនចេះដាច់ ដែលឃ្លានោះគឺ «ដើម្បីឲ្យសេចក្ដីនោះបានសម្រេច» តាមដែលពួកហោរាបានថ្លែងទុកមក។ ដូច្នេះ ការអះអាងទីមួយអំពីសេចក្តីពិតនៃការរស់ឡើងវិញ គឺថា ហេតុការណ៍ទាំងបីនេះ មានថ្លែងទុកជាសេចក្ដីទំនាយយ៉ាងច្បាស់នៅក្នុងគម្ពីរសញ្ញាចាស់ ហើយនៅក្នុងសញ្ញាថ្មី យើងមិនមែនជួបប្រទះអ្វីមួយដែលថ្មី គ្មានសេចក្ដីចែងទុកជាមុន ឬមិនបានព្យាករណ៍ទុកជាមុននោះទេ ដ្បិតសម្រាប់អស់អ្នកដែលបានស្គាល់គម្ពីរនៅក្នុងសញ្ញាចាស់ គឺ ការរស់ឡើងវិញរបស់ព្រះគ្រីស្ទ ត្រឹមត្រូវស្របទៅតាមគម្ពីររបស់ពួកហោរាទាំងអស់។ ការរស់ឡើងវិញរបស់ព្រះអង្គ ត្រូវបានថ្លែងទុកនៅក្នុងសញ្ញាចាស់ ហើយព្រះយេស៊ូវផ្ទាល់ ក៏បានប្រាប់ឲ្យដឹងមុនយ៉ាងច្បាស់ប្រាកដ អំពីការរស់ឡើងវិញរបស់ព្រះអង្គ មុននឹងហេតុការណ៍នោះកើតឡើង ព្រោះព្រះអង្គបានស្គាល់ច្បាស់អំពីបទគម្ពីររបស់ពួកហោរា នៅក្នុងសញ្ញាចាស់។

បន្ទាប់មកទៀត ប្រភពទីពីរនៃការអះអាង គឺជាទីបន្ទាល់របស់សាក្សីជាច្រើន ដែលអាចទុកចិត្តបាន។ ដូច្នេះ យើងមានហេតុការណ៍បី គឺព្រះគ្រីស្ទបានសុគត។ ព្រះអង្គត្រូវបានគេបញ្ចុះក្នុងផ្នូរ។ ព្រះអង្គបានរស់ឡើងវិញ នៅថ្ងៃទីបី។ ប្រភពនៃការអះអាងមានពីរ ទីមួយ បទគម្ពីរទំនាយនៅក្នុងសញ្ញាចាស់ និងទីពីរ សាក្សីជាច្រើន ដែលអាចទុកចិត្តបាន។

ឥឡូវនេះ ខ្ញុំចង់ចង្អុលបង្ហាញប្រាប់លោកអ្នក ទាក់ទងនឹងអ្វីដែលលោកប៉ូលមានប្រសាសន៍អំពីហេតុការណ៍ទាំងបីនៃដំណឹងល្អ។ ផ្អែកលើហេតុការណ៍ទាំងបីនេះ មានរបៀបបី ដែលធ្វើឲ្យជំនឿគ្រីស្ទបរិស័ទមានភាពខុសប្លែកពីជំនឿផ្សេងៗដទៃទៀតទាំងអស់។ របៀបទីមួយគឺថា គ្រីស្ទបរិស័ទផ្តោតទាំងស្រុងទៅលើតួអង្គម្នាក់។ តួអង្គម្នាក់នោះ គឺព្រះយេស៊ូវ អ្នកស្រុកណាសារ៉ែត។ ព្រះអង្គមិនត្រឹមតែប្រទានសេចក្តីពិតនៃដំណឹងល្អប៉ុណ្ណោះទេ តែព្រះអង្គថែមទាំងប្រទានជីវិត ការសុគត និងការរស់ឡើងវិញរបស់ព្រះអង្គ ដែលនោះហើយជាចំណុចស្នូលនៃដំណឹងល្អទាំងមូល។ លោកអ្នកមិនអាចមានដំណឹងល្អ ដោយដកយកព្រះយេស៊ូវចេញបានឡើយ។ លោកអ្នកមិនអាចមានសញ្ញាថ្មី ដោយដកព្រះយេស៊ូវចេញបានទេ។ ទោះជាមានតួអង្គដែលមានលក្ខណៈប្រវត្តិសាសន៍ក៏ដោយ តែបើក្រៅពីព្រះយេស៊ូវ នោះមិនមែនជាសេចក្ដីពិតនៃដំណឹងល្អឡើយ។ ដំណឹងល្អ មិនមែនសំអាងលើហេតុការណ៍ប្រវត្តិសាសស្រ្តនោះឡើយ។ មានហេតុការណ៍ប្រវត្តិសាស្រ្ត ដែលទាក់ទងនឹងសាសនា ប៉ុន្តែហេតុកាណ៍ទាំងនោះមិនមែនជាសេចក្ដីពិតរបស់ដំណឹងល្អឡើយ។ ក្នុងករណីជំនឿគ្រីស្ទបរិស័ទ ហេតុការណ៍ប្រវត្តិសាស្រ្តទាំងនេះអំពីព្រះយេស៊ូវ គឺជាគោលអំពីសេចក្តីពិត។ ប្រសិនបើហេតុការណ៍ទាំងនោះមិនបានកើតឡើងទេ នោះមិនអាចមានដំណឹងល្អដែលនាំទៅប្រាប់មនុស្សជាតិបានឡើយ។

ទីពីរ ហេតុការណ៍ពិសេសមួយទៀតអំពីជំនឿគ្រីស្ទបរិស័ទ គឺដូចដែលខ្ញុំបានលើកឡើងរួចមកហើយនៅក្នុងអ្វីដែលខ្ញុំបាននិយាយ គឺថា ហេតុការណ៍នោះ បានចាក់ឫសនៅក្នុងប្រវត្តិសាស្រ្ត។ នេះមិនមែនជាអ្វីមួយដែលមានលក្ខណៈតាមគំនិតរបស់មនុស្ស មានលក្ខណៈទេវសាស្រ្ត មានលក្ខណៈអណ្ដែតអណ្ដូងចុះឡើងនៅក្នុងពិភពមិនច្បាស់លាស់ នៃសេចក្តីពិតតាមគំនិតរបស់មនុស្ស ឬទ្រឹស្តី ឬទេវសាស្រ្ត ឬទស្សនៈវិទ្យានោះទេ ដ្បិតហេតុការណ៍នោះ ផ្ដោតចំៗនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្ស។ ប្រសិនបើហេតុការណ៍ដែលផ្អែកលើប្រវត្តិសាស្រ្តនោះ ជាការពិត នោះជំនឿគ្រីស្ទបរិស័ទជាការពិត។ ប្រសិនបើព្រឹត្តិការណ៍ទាំងនោះមិន ពិត នោះជំនឿគ្រីស្ទបរិស័ទក៏មិនពិតដែរ។ ជំនឿគ្រីស្ទបរិស័ទ មិនចាក់ខ្សែទេ តែជាការប្ដូរផ្ដាច់ពេញទីចំពោះបណ្ដុំមួយនៃហេតុការណ៍ប្រវត្តិសាស្រ្ត។

ទីបី ជំនឿគ្រីស្ទបរិស័ទអះអាងថា ជាជំនឿមួយដែលបានទទួលការបញ្ជាក់ពីអស់អ្នកដែលជួបបទពិសោធន៍ផ្ទាល់នៅក្នុងការជឿលើការពិតដ៏សំខាន់ទាំងបី គឺការសុគតរបស់ព្រះយេស៊ូវ ការបញ្ចុះរបស់ព្រះយេស៊ូវ និងការរស់ឡើងវិញរបស់ព្រះយេស៊ូវ ហើយការជឿលើព្រះយេស៊ូវ និងការជឿលើការពិតទាំងបីអំពីព្រះយេស៊ូវ នឹងបង្កើតឲ្យមានការផ្លាស់ប្រែទាំងស្រុងដ៏អស្ចារ្យបំផុតនៅក្នុងជីវិតមនុស្សគ្រប់គ្នាដែលជឿព្រះយេស៊ូវ។ ដូច្នេះ ជាថ្មីម្ដងទៀត ជំនឿគ្រីស្ទបរិស័ទបានចាក់ឫសទៅក្នុងបទពិសោធន៍មនុស្ស។ ជំនឿគ្រីស្ទបរិស័ទបានចាក់ឫសទៅក្នុងប្រវត្តិសាស្រ្តផ្ទាល់ខ្លួនរបស់មនុស្សគ្រប់គ្នាដែលជឿលើព្រះយេស៊ូវ ហើយទទួលយកព្រះយេស៊ូវ។ ជំនឿគ្រីស្ទបរិស័ទញែកដាច់ចេញពីពិភពទ្រឹស្តី។ ខ្ញុំនិយាយសេចក្តីនេះដោយសង្កត់ធ្ងន់ ព្រោះសព្វថ្ងៃនេះ មនុស្សជាច្រើនមើលមកជំនឿគ្រីស្ទបរិស័ទថា ជាសាសនាមួយនៅក្នុងចំណោមសាសនាជាច្រើន គឺជាផ្នែកមួយនៃទ្រឹស្តី ជាផ្នែកមួយនៃការអប់រំសីលធម៌ ជាអាទិ។ ការមើលឃើញបែបនេះមិនត្រឹមត្រូវទេ។ ជំនឿគ្រីស្ទបរិស័ទខុសប្លែកពីសាសនាដែលជាទ្រឹស្តី ឬជាការអប់រំសីលធម៌ ឬជាអ្វីមួយដែលលោកអ្នកចូលចិត្តដាក់ឈ្មោះឲ្យនោះ ព្រោះជំនឿគ្រីស្ទ​បរិស័ទមានមូលដ្ឋានផ្ទាល់នៅក្នុងប្រវត្តិសាស្រ្ត និងនៅក្នុងបទពិសោធន៍មនុស្ស។ ជំនឿគ្រីស្ទបរិស័ទឈរបាន ឬដួលចុះដោយសារតែសេចក្តីពិតនៅក្នុងប្រវត្តិសាស្រ្ត និងបទពិសោធន៍របស់មនុស្ស។

ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះដល់ទីបញ្ចប់ហើយ។ ខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីនៅថ្ងៃស្អែកតាមម៉ោងពេលដដែល។ នៅក្នុងការចែកចាយរបស់ខ្ញុំនៅថ្ងៃនេះ យើងបានឃើញថា បទគម្ពីរទំនាយនៅក្នុងសញ្ញាចាស់បានផ្ដល់នូវការបញ្ជាក់ដ៏សំខាន់អំពីការរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ នៅថ្ងៃស្អែក ខ្ញុំនឹងចែកចាយជាមួយលោកអ្នកអំពីសេចក្តីទំនាយនៅក្នុងសញ្ញាចាស់ធ្វើការយ៉ាងដូចម្ដេច និងមានសារសំខាន់យ៉ាងណា។