សេចក្ដីស្រឡាញ់ហ៊ានប្តូរជីវិត

ដេរេក ព្រីនស៍
Published: 1982
Last Updated: September 2026
Read Time: 9
ក្នុងមេរៀន «សេចក្ដីស្រឡាញ់លះបង់ជីវិត» ដែលជាភាគទី ១៥ នៃស៊េរី «សេចក្ដីស្រឡាញ់របស់ព្រះ» លោក ដេរិក ព្រីនស៍ ពិនិត្យមើលអំពីធម្មជាតិដ៏ជ្រាលជ្រៅនៃសេចក្ដីស្រឡាញ់ដែលបង្ហាញដោយព្រះយេស៊ូវ។ ចូរស្វែងយល់អំពីចរិតលក្ខណៈនៃសេចក្ដីស្រឡាញ់ ទាំងអ្វីដែលវាចៀសវាង និងអ្វីដែលវាខិតខំធ្វើ។ ចូរស្វែងយល់ថា តើសេចក្ដីស្រឡាញ់ពិតតាមរយៈបទគម្ពីរ មានភាពរឹងមាំ និងមានសុវត្ថិភាពកម្រិតណា ដែលស្តែងចេញតាមរយៈការលះបង់ដ៏ខ្ពង់ខ្ពស់បំផុត គឺការលះបង់ជីវិតខ្លួនឯង។
Transcript
រីករាយណាស់ដែលបានជួបលោកអ្នកជាថ្មីនៅថ្ងៃនេះ ជាពេលដែលយើងហៀបនឹងបញ្ចប់មួយសប្ដាហ៍ទៀតហើយ។ ការចែកចាយរបស់ខ្ញុំនៅថ្ងៃនេះ ខ្ញុំនឹងបន្ត ហើយបញ្ចប់គោលសំខាន់ដ៏ពិសេសរបស់យើងសម្រាប់រដូវកាលនេះ គឺសេចក្ដីស្រឡាញ់របស់ព្រះ។
ម្សិលមុិញ ខ្ញុំបាននិយាយអំពីរបៀបដែលសេចក្ដីស្រឡាញ់ប្រព្រឹត្ត ចេញពី ១កូរិនថូស ១៣ ខ ៤-៧។ នៅចំណុចនោះ យើងបានមើលពីចំណុចដប់បួន នៃចរិតរបស់សេចក្ដីស្រឡាញ់ ដែលមានប្រាំពីរអវិជ្ជមាន គឺជាការប្រាំពីរ ដែលសេចក្ដីស្រឡាញ់មិនប្រព្រឹត្ត ហើយប្រាំពីរទៀតវិជ្ជមាន ជាការប្រាំពីរ ដែលសេចក្ដីស្រឡាញ់ប្រព្រឹត្ត។ ខ្ញុំនឹងរៀបរាប់សង្ខេបឡើងវិញ ដោយមិនបរិយាយ។ ដំបូង ចរិតអវិជ្ជមានទាំងប្រាំពីររបស់សេចក្ដីស្រឡាញ់ មានៈ
១. សេចក្ដីស្រឡាញ់ មិនចេះឈ្នានីស ឬមិនច្រណែន។
២. សេចក្ដីស្រឡាញ់ មិនចេះអួតខ្លួន ឬមិនអំនួត។
៣. សេចក្ដីស្រឡាញ់ មិនវាយឫកខ្ពស់ ឬមិនមានចិត្តធំ។
៤. សេចក្ដីស្រឡាញ់ មិនឈ្លើយ ឬមិនដែលប្រព្រឹត្តបែបមិនគួរសម។
៥. សេចក្ដីស្រឡាញ់ មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន ឬមិនស្វែងរកសម្រាប់ខ្លួនឯង។
៦. សេចក្ដីស្រឡាញ់ មិនរហ័សខឹង ឬមិនច្រឡោត។
៧. សេចក្ដីស្រឡាញ់ មិនប្រកាន់ទោស ឬមិននឹកចាំពីកំហុស។
នេះជាចំណុចអវិជ្ជមានទាំងប្រាំពីររបស់សេចក្ដីស្រឡាញ់។ ឥឡូវនេះ ខ្ញុំនឹងរំលឹកជូនអំពីចរិតវិជ្ជមានទាំងប្រាំពីរ របស់សេចក្ដីស្រឡាញ់វិញម្ដង។
១. សេចក្ដីស្រឡាញ់ តែងអត់ធ្មត់។
២. សេចក្ដីស្រឡាញ់ សប្បុរស។
៣. សេចក្ដីស្រឡាញ់ អរសប្បាយតែនឹងសេចក្ដីពិត។
៤. សេចក្ដីស្រឡាញ់តែងតែការពារ ឬទ្រាំទ្រគ្រប់ការទាំងអស់។
៥. សេចក្ដីស្រឡាញ់ តែងតែទុកចិត្ត ឬជឿគ្រប់ការទាំងអស់ ។
៦. សេចក្ដីស្រឡាញ់ តែងតែសង្ឃឹមគ្រប់ការទាំងអស់។
៧. តែងតែខ្ជាប់ខ្ជួនជានិច្ច ទ្រាំទ្រគ្រប់ការទាំងអស់។
ខ្ញុំបានសង្ខេបចរិតអវិជ្ជមានទាំងប្រាំពីរ មកជាឃ្លាមួយថា សេចក្ដីស្រឡាញ់ជាចិត្តដែលមានសុវត្ថិភាពហើយខ្ញុំក៏បានសង្ខេបចរិតវិជ្ជមាន មកជាឃ្លាមួយថា សេចក្ដីស្រឡាញ់ខ្លាំងគ្មានទីបំផុត។
នៅថ្ងៃនេះ ខ្ញុំនឹងចែកចាយជូនលោកអ្នក អំពីចំណុចពិសេសមួយទៀតនៃការប្រព្រឹត្តរបស់សេចក្ដីស្រឡាញ់ ហើយចំណុចពិសេសនេះ ព្រះយេស៊ូផ្ទាល់ជាអ្នកមានបន្ទូលប្រាប់យើងមុនគេបង្អស់ នៅក្នុងសញ្ញាថ្មី។ លក្ខណៈពិសេសនៃការប្រព្រឹត្តរបស់សេចក្ដីស្រឡាញ់ ដែលខ្ញុំនឹងជម្រាបជូននេះ សង្ខេបមកជាឃ្លានេះថា៖សេចក្ដីស្រឡាញ់ហ៊ានជីវិតរបស់ខ្លួន។ ព្រះយេស៊ូ អង្គទ្រង់ផ្ទាល់ បានធ្វើជាគំរូ ហើយព្រះអង្គបានប្រទានការនោះជាបទបញ្ជាដល់សិស្សរបស់ព្រះអង្គ។ លក្ខណៈពិសេសនេះ បញ្ជាក់ជូននៅក្នុងយ៉ូហាន ១៥ ខ១២ និងខ១៣ ត្រង់កន្លែងដែលព្រះយស៊ូមានបន្ទូលទៅកាន់សិស្សដូច្នេះថាៈ
នេះជាបទបញ្ជារបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះឡើយ គឺអ្នកដែលហ៊ានប្ដូរជីវិត ជំនួសពួកសម្លាញ់របស់ខ្លួននេះទេ។ (RKOV)
ជាដំបូង យើងត្រូវយល់ថា សម្រាប់ខ្លួនយើងជាគ្រិស្តបរិស័ទ សេចក្ដីស្រឡាញ់មិនមែនជាជម្រើសទេ។ សេចក្ដីស្រឡាញ់ មិនមែនជាអ្វីមួយដែលយើងអាចសម្រេចចិត្ត ថាតើយើងចង់ធ្វើ ឬមិនចង់ធ្វើនោះទេ។ មានការជាច្រើននៅក្នុងជីវិតគ្រិស្តបរិស័ទ ដែលគេចាត់ទុកថាជាជម្រើស។ ប៉ុន្តែ សេចក្ដីស្រឡាញ់មិនមែនជាជម្រើសទេ។ សម្រាប់អ្នកដែលទទួលព្រះយេស៊ូ ជាព្រះអម្ចាស់ និងជាព្រះសង្រ្គោះ សេចក្ដីស្រឡាញ់ គឺជាបញ្ជា។ ព្រះយេស៊ូមានព្រះបន្ទូលថា «នេះជាបទបញ្ជារបស់ខ្ញុំ គឺត្រូវឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក»។
រីឯកម្រិត និងប្រភេទនៃសេចក្ដីស្រឡាញ់ដែលតម្រូវឲ្យយើងមាន ក៏មិនបានទុកឲ្យយើងជាអ្នកសម្រេចដែរ។ ព្រះយេស៊ូបានធ្វើជាគំរូ ហើយព្រះអង្គមិនបានប្រគល់សិទ្ធិឲ្យយើងផ្លាស់ប្ដូរនោះដែរ។ ចូរស្រឡាញ់គ្នាទៅវិញទៅមក តើដោយរបៀបណា ឬច្រើនប៉ុណ្ណា? ព្រះយេស៊ូមានព្រះបន្ទូលថា «គឺដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នា»។ នោះហើយជាបទបញ្ជា ចូរស្រឡាញ់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នា។ ហើយបន្ទាប់មក ព្រះអង្គបន្តសេចក្ដីនោះនៅក្នុងខបន្ទាប់ ដើម្បីពន្យល់អំពីរបៀបដែលសេចក្ដីស្រឡាញ់ត្រូវប្រព្រឹត្ត «គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះឡើយ គឺអ្នកដែលហ៊ានប្ដូរជីវិត ជំនួសពួកសម្លាញ់របស់ខ្លួន»។ ដូច្នេះ ចំណុចសំខាន់អំពីប្រភេទនៃសេចក្ដីស្រឡាញ់នេះ គឺដាក់ជីវិតរបស់ខ្លួន ឬហ៊ានប្ដូរជីវិត។ ពាក្យ«ជីវិត» នៅក្នុងភាសាក្រិក ន័យត្រង់គឺ «ព្រលឹង»។ សេចក្ដីស្រឡាញ់ ដាក់ព្រលឹងរបស់ខ្លួនចុះ គឺជីវិតដែលមានព្រលឹង។
ខ្ញុំជឿថា ព្រលឹងចែកចេញជាបីផ្នែក ដូចដែលបានពណ៌នានៅក្នុងបទគម្ពីរ គឺៈ ឆន្ទៈ អារម្មណ៍ និងបញ្ញា។ ខ្ញុំគិតថា ផ្នែកទាំងបីនេះ ត្រូវបានសង្ខេបមកជាកិរិយាសព្ទបី ដែលសាមញ្ញ ហើយកិរិយាសព្ទនីមួយៗយើងអាចដាក់ពាក្យ «ខ្ញុំ» នៅខាងមុខ។ សម្រាប់ឆន្ទៈ គឺខ្ញុំចង់។ អារម្មណ៍ គឺខ្ញុំមានអារម្មណ៍។ ឯបញ្ញា គឺតាមដែលខ្ញុំគិត។ ដូច្នេះ នោះពិតជាប្រភេទដ៏សំខាន់នៃជីវិតដែលមានព្រលឹង។ គឺជាអ្វីដែលខ្ញុំចង់បាន ជាអ្វីដែលខ្ញុំមានអារម្មណ៍ ជាអ្វីដែលខ្ញុំគិត។ ដូច្នេះ សេចក្ដីស្រឡាញ់ គឺដាក់ទាំងអស់នោះចុះ។ និយាយបានម្យ៉ាងទៀតថា សេចក្ដីស្រឡាញ់ មិនទទួលការបង្គាប់បញ្ជា ដោយសារអ្វីដែលលោកអ្នកចង់បាន ដោយសារអ្វីដែលលោកអ្នកមានអារម្មណ៍ ដោយសារអ្វីដែលលោកអ្នកគិត នោះឡើយ។ សេចក្ដីស្រឡាញ់ជាខ្នាតមួយ ឬជាស្ដង់ដាមួយដែលខ្ពស់ជាង។ ការជំរុញរបស់សេចក្ដីស្រឡាញ់ គឺជាអ្វីដែលល្អសម្រាប់អ្នកដទៃ។ ហើយនៅកន្លែងដែលមានជម្លោះ រវាងអ្វីដែលល្អសម្រាប់អ្នកដទៃ និងអ្វីដែលលោកអ្នកចង់បាន មានអារម្មណ៍ ឬគិត នោះសេចក្ដីស្រឡាញ់ ចុងក្រោយគឺព្រមដាក់ចុះ។
សេចក្ដីស្រឡាញ់ មិនមែនជំរុញចិត្តដោយសារអ្វីដែលលោកអ្នកមានអារម្មណ៍នោះទេ។ លោកអ្នកប្រហែលជាមានអារម្មណ៍ចង់សម្រាក ប៉ុន្តែមនុស្សដែលលោកអ្នកស្រឡាញ់ ត្រូវការជំនួយ។ ឬថា លោកអ្នកប្រហែលជាគិតថា ស្ថានភាពមួយនេះ គឺរបៀបនេះ ប៉ុន្តែការគិតបែបនោះ វាអាចរាំងលោកអ្នកមិនឲ្យជួយអ្នកដែលត្រូវការជំនួយនោះ។ ដូច្នេះ លោកអ្នកមិនត្រូវទទួលការបង្គាប់បញ្ជា ដោយសារអ្វីដែលលោកអ្នកគិតនោះទេ។ ឬថា លោកអ្នកប្រហែលជាចង់បានអ្វីមួយ ប៉ុន្តែម្នាក់ទៀតត្រូវការអ្វីមួយ ដែលលោកអ្នកចង់បាននោះដែរ។ ដូច្នេះ ក្នុងគ្រប់ករណីទាំងអស់ នៅកន្លែងដែលមានជម្លោះ រវាងផលប្រយោជន៍របស់អ្នកដទៃ ជាមួយនឹងអ្វីដែលលោកអ្នកចង់បាន អ្វីដែលលោកអ្នកមានអារម្មណ៍ អ្វីដែលលោកអ្នកគិត នោះចុងបំផុត លោកអ្នកព្រមដាក់ចុះ។ លោកអ្នកមិនត្រូវបានបណ្ដាលចិត្ត ដោយសារអ្វីដែលលោកអ្នកចង់បាន អារម្មណ៍ដែលលោកអ្នកមានឬអ្វីដែលលោកអ្នកគិតនោះទេ នៅកន្លែងណាដែលពាក់ព័ន្ធនឹងផលប្រយោជន៍របស់អ្នកដទៃ។ ផលប្រយោជន៍របស់អ្នកដទៃតែងតែនៅមុខជីវិតដែលមានព្រលឹងរបស់លោកអ្នក។ ដូច្នេះ សេចក្ដីស្រឡាញ់ហ៊ានប្ដូរជីវិតរបស់ខ្លួន គឺជីវិតដែលមានព្រលឹង។ សេចក្ដីស្រឡាញ់ មិនស្ថិតនៅក្រោមការបង្គាប់បញ្ជា ចំពោះស្ថានភាពបែបនោះដោយសារការទាំងនោះឡើយ។ នៅក្នុងសំបុត្រទីមួយរបស់លោកយ៉ូហាន ជំពូក៣ សាវកយ៉ូហាន ដាក់ចេញជាលក្ខខណ្ឌសម្រាប់សេចក្ដីស្រឡាញ់ គឺសេចក្ដីស្រឡាញ់ ហ៊ានប្ដូរជីវិត។ នៅក្នុង ១យ៉ូហាន ជំពូក ៣ ខ១៦-២០ លោកយ៉ូហានថ្លែងដូច្នេះថា៖
យើងស្គាល់សេចក្ដីស្រឡាញ់ដោយសារសេចក្ដីនេះ គឺព្រះអង្គបានស៊ូប្ដូរព្រះជន្មរបស់ព្រះអង្គសម្រាប់យើង(ប្រសិនបើព្រះយេស៊ូមិនបានយាងមក ហើយធ្វើជាគំរូទេ នេះយើងមិនដឹងថា សេចក្ដីស្រឡាញ់បែបនេះមានន័យដូចម្ដេចទេ។ ប៉ុន្តែ យើងដឹង ព្រោះព្រះយេស៊ូបានយាងមក ប្រទានគំរូដល់យើង ហើយប្រទាន បទបញ្ជានេះដល់យើងផងដែរ) ដោយយើងស្គាល់សេចក្ដីស្រឡាញ់ដោយសារសេចក្ដីនេះ គឺព្រះអង្គបានស៊ូប្ដូរព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ដូច្នេះ យើងក៏ត្រូវប្ដូរជីវិតរបស់យើងសម្រាប់បងប្អូនដែរ។
ដោយការយល់ដឹងអំពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលបានបង្ហាញឲ្យឃើញនៅក្នុងព្រះយេស៊ូ ឥឡូវនេះចូលដល់កាតព្វកិច្ចដែលត្រូវបំពេញ។ ប្រសិនបើយើងទទួលសេចក្ដីស្រឡាញ់របស់ព្រះ នោះយើងមានកាតព្វកិច្ចដើម្បីបញ្ចេញសេចក្ដីស្រឡាញ់នោះ ដល់អ្នកដទៃ។ លោកយ៉ូហានថ្លែងថា ព្រះគ្រិស្តបានស៊ូប្ដូរព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ដូច្នេះ យើងក៏គួរប្ដូរជីវិតរបស់យើងសម្រាប់បងប្អូនរបស់យើងដែរ។ ការនេះស្របនឹងសេចក្ដីដែលព្រះយេស៊ូមានព្រះបន្ទូលថា «គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះឡើយ គឺអ្នកដែលហ៊ានប្ដូរជីវិត ជំនួសពួកសម្លាញ់របស់ខ្លួន»។ ប៉ុន្តែ នៅក្នុងជំពូកបី ក្នុងសំបុត្រទីមួយរបស់លោកយ៉ូហាន លោកបន្តផ្ដល់ជាការអនុវត្តន៍ដ៏ជាក់ស្ដែងមួយ ហើយជួនកាល ខ្ញុំបារម្ភក្រែងយើងស្កប់ស្កល់តែនឹងគំនិតសើរៗ ហើយយើងមិនព្រមឈានទៅអនុវត្តនូវអ្វីដែលសញ្ញាថ្មីបង្រៀន។ ក្រោយពីយើងប្ដូរជីវិតរបស់យើងជំនួសពួកបងប្អូន នៅខបន្ទាប់ លោកយ៉ូហានថ្លែងថាៈ
ប្រសិនបើអ្នកណាមានសម្បត្តិរបស់លោកីយ៍ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតអាសូរសោះ ធ្វើដូចម្ដេចឲ្យសេចក្ដីស្រឡាញ់របស់ព្រះស្ថិតនៅក្នុងអ្នកនោះបាន។
និយាយបានម្យ៉ាងទៀតថា គ្រាន់តែមានអារម្មណ៍ស្រឡាញ់ ស្រឡាញ់តែតាមពាក្យសម្ដី មិនគ្រប់គ្រាន់ទេតែមានរបៀបប្រព្រឹត្តជាក់ស្ដែង ដែលយើងត្រូវបញ្ចេញសេចក្ដីស្រឡាញ់។ ហើយជាពិសេស លោកយ៉ូហានថ្លែងថា «ប្រសិនបើអ្នកណាម្នាក់ ក្នុងចំណោមបងប្អូនរួមជំនឿរបស់យើង ខ្វះខាតអ្វីមួយ ហើយយើងមានគ្រប់គ្រាន់ នោះយើងអាចនឹងជួយផ្គត់ផ្គង់ដល់អ្នកដែលត្រូវការនោះ។ ប្រសិនបើយើងមិនជួយផ្គត់ផ្គង់ដល់ការខ្វះខាតរបស់បងប្អូនយើងទេ យើងមិនអាចប្រកាសថា យើងមានសេចក្ដីស្រឡាញ់របស់ព្រះនៅក្នុងយើងបានឡើយ»។ នោះហើយជាខ្នាតដែលយើងម្នាក់ៗត្រូវអនុវត្តចំពោះខ្លួនយើង។ បន្ទាប់មក លោកយ៉ូហានបន្តអំពាវនាវថា មិនត្រូវឲ្យយើងធ្វើជាមនុស្សមានពុតឡើយ ហើយខ្ញុំគិតថា នេះជាការដ៏សំខាន់ ក្នុងនាមជាគ្រិស្តបរិស័ទដែលយើងត្រូវយកចិត្តទុកដាក់ចំពោះការនេះ។
ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ ដោយពាក្យសម្ដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ។
និយាយបែបម្យ៉ាងទៀតថា ដែលគ្រាន់តែនិយាយអំពីសេចក្ដីស្រឡាញ់ មិនគ្រប់គ្រាន់ទេ ដែលប្រើតែសម្ដីបែបសាសនា មិនគ្រប់គ្រាន់ទេ។ ដែលនិយាយថា «សូមព្រះប្រទានប្រទានពរ» មិនគ្រប់គ្រាន់ទេ គឺយើងត្រូវជួយគេ ដោយសេចក្ដីស្រឡាញ់ជាសកម្មភាពជាក់ស្ដែងវិញ។
យើងនឹងដឹងដោយសារសេចក្ដីនេះឯងថា យើងកើតមកពីសេចក្ដីពិត ហើយធ្វើឲ្យយើងមានទំនុកចិត្តនៅចំពោះព្រះអង្គ ដ្បិតពេលណាចិត្តរបស់យើងដាក់ទោសយើង នេះព្រះធំជាងចិត្តយើងទៅទៀត ហើយទ្រង់ជ្រាបគ្រប់ទាំងអស់។
ម្ដងទៀតហើយ លោកអ្នកឃើញសុវត្ថិភាពអំពីសេចក្ដីស្រឡាញ់ពិតប្រាកដហើយ។ ចិត្តរបស់យើងមិនថ្កោលទោសយើងទេ នៅពេលដែលយើងបង្ហាញចេញសេចក្ដីស្រឡាញ់ពិត។ យើងមានចិត្តសម្រាកនៅក្នុងព្រះវត្តមានរបស់ព្រះ។ ការសម្រាកនេះ កើតឡើងតែតាមរយៈសេចក្ដីស្រឡាញ់ដែលបញ្ចេញសកម្មប៉ុណ្ណោះ។
ពេលវេលារបស់យើងចូលដល់ទីបញ្ចប់ហើយសម្រាប់ថ្ងៃនេះ។ យើងនឹងជួបគ្នាជាថ្មីនៅសប្ដាហ៍ក្រោយតាមពេលវេលាកំណត់។ សប្ដាហ៍ក្រោយ ខ្ញុំនឹងចែកចាយជូនលោកអ្នកអំពីគោលសំខាន់ដ៏អស្ចារ្យ និងគួរឲ្យរំភើបចិត្តមួយទៀត ចេញពីព្រះបន្ទូលរបស់ព្រះ។ សូមកុំខាននឹងជួបគ្នានៅសប្ដាហ៍ក្រោយ សូមព្រះអម្ចាស់យេស៊ូវទ្រង់ប្រទានពរ។
Empty
កូដ: RP-R105-105-KHM










