របៀបដែលសេចក្ដីស្រឡាញ់ប្រព្រឹត្តចេញ

ដេរេក ព្រីនស៍
Published: 1982
Last Updated: September 2026
Read Time: 8
ក្នុងមេរៀន "របៀបដែលសេចក្ដីស្រឡាញ់ប្រព្រឹត្ត" ភាគទី ១៤ នៃស៊េរី "សេចក្ដីស្រឡាញ់របស់ព្រះ" លោក ដេរិក ព្រីនស៍ បកស្រាយយ៉ាងស៊ីជម្រៅអំពីសេចក្ដីស្រឡាញ់តាមព្រះគម្ពីរ។ លោកពន្យល់ថា សេចក្ដីស្រឡាញ់គឺជាតម្រូវការចម្បងរបស់ព្រះ ដែលលើសពីក្រឹត្យវិន័យ និងដំណឹងល្អ ហើយបង្ហាញពីរបៀបដែលវាស្ដែងចេញតាមរយៈសកម្មភាព។ ចូរស្វែងយល់ពីរបៀបដែលការរស់នៅតាមសេចក្ដីស្រឡាញ់អាចផ្លាស់ប្តូរជីវិតរបស់អ្នក និងធ្វើឱ្យអ្នកស្របតាមគោលបំណងដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់។
Transcript
រីករាយណាស់ដែលបានជួបលោកអ្នកនៅថ្ងៃនេះ ជាពេលដែលយើងស្វែងយល់អំពីភាពសម្បូរបែប នៃគោលសំខាន់របស់យើង គឺសេចក្ដីស្រឡាញ់របស់ព្រះ។
វគ្គមុន ខ្ញុំបានពន្យល់ការដ៏សំខាន់ពីរ។ ទីមួយ សេចក្ដីស្រឡាញ់ គឺជាគោលដៅចុងក្រោយរបស់ក្រឹត្យវិន័យ និងដំណឹងល្អ។ ពោលគឺ ជានិច្ចកាល ព្រះទ្រង់មានលក្ខខណ្ឌចុងក្រោយតែមួយប៉ុណ្ណោះសម្រាប់មនុស្ស។ នៅគ្រប់ដំណាក់កាលក្នុងទំនាក់ទំនងរបស់ព្រះអង្គជាមួយមនុស្ស មិនថានៅក្រោមសញ្ញាចាស់ ឬនៅក្រោមសញ្ញាថ្មីទេ លក្ខខណ្ឌចុងក្រោយរបស់ព្រះ សាមញ្ញ គឺសេចក្ដីស្រឡាញ់។ សេចក្ដីស្រឡាញ់ចំពោះព្រះ និងសេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាងរបស់យើង។ ការខុសប្លែកគ្នារវាងក្រឹត្យវិន័យ និងដំណឹងល្អ មិនមែនជាចុងបញ្ចប់ទេ ប៉ុន្តែជាមធ្យោបាយ ដើម្បីសម្រេចគោលដៅចុងបញ្ចប់។
ការទីពីរដែលខ្ញុំបានជម្រាបជូនម្សិលមុិញគឺ គ្មានអ្វីជំនួសឲ្យសេចក្ដីស្រឡាញ់បានឡើយ។ ហើយអ្វីៗទាំងអស់ដែលគ្មានសេចក្ដីស្រឡាញ់ នៅទីបញ្ចប់ គឺឥតប្រយោជន៍។ លោកប៉ុលបានថ្លែងអំពីសេចក្ដីនេះ នៅក្នុងក្នុង ១កូរិនថូស ជំពូក ១៣ ខខាងដើម។
នៅថ្ងៃនេះ យើងនឹងមើលបន្តិចទៀតនៅក្នុង ១កូរិនថូស ១៣ នៅ ខ៤-៧ ដែលលោកប៉ុលបង្ហាញរូបភាពមួយអំពីសេចក្ដីស្រឡាញ់ ដែលស្ដែងចេញជាសកម្មភាព។ នៅពេលដែលយើងមើលក្នុងខគម្ពីរនេះយើងឃើញរបៀបដែលសេចក្ដីស្រឡាញ់ប្រព្រឹត្តចេញ។ ដែលបង្ហាញចេញពីសេចក្ដីស្រឡាញ់របស់ព្រះ មានលក្ខណៈយ៉ាងណា ហើយមានលក្ខណៈយ៉ាងណា នៅពេលដែលយើងជួបសេចក្ដីស្រឡាញ់នោះ នៅក្នុងអ្នកដទៃ។ ខគម្ពីរនេះ បង្កើតបានជាឈុតមួយអំពីសេចក្ដីស្រឡាញ់ ដែលបង្ហាញចេញបន្តបន្ទាប់។
ខ្ញុំសូមអានខគម្ពីរនេះ។ ១កូរិនថូស ជំពូក១៣ ខ៤ ដល់ ខ៧ ។
«សេចក្ដីស្រឡាញ់តែងអត់ធ្មត់ ហើយក៏សប្បុរស សេចក្ដីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន មិនវាយឫកខ្ពស់ ក៏មិនប្រព្រឹត្តបែបមិនគួរសម។ សេចក្ដីស្រឡាញ់មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹងមិនប្រកាន់ទោស។ សេចក្ដីស្រឡាញ់មិនអរសប្បាយនឹងអំពើទុច្ចរិត គឺអរសប្បាយតែនឹងសេចក្ដីពិតវិញសេចក្ដីស្រឡាញ់គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។»។
នៅពេលដែលខ្ញុំចំណាយពេលវិភាគខគម្ពីរនេះ ខ្ញុំបានរកឃើញលក្ខណៈពិសេសម្យ៉ាងដែលគួរឲ្យរំភើបចិត្ត។ សេចក្ដីនេះ មិនមែនជាសំណេរខាងទេវសាស្រ្ត តែជាសំបុត្រទៅកាន់មនុស្សដែលលោកប៉ុលស្រឡាញ់ និងជាមនុស្សដែលលោកយកចិត្តទុកដាក់ដល់ពួកគេយ៉ាងជ្រាលជ្រៅ ហើយមានគំរូមួយយ៉ាងអស្ចារ្យនៅក្នុងពាក្យទាំងនេះ។ ប្រសិនបើលោកអ្នកវិភាគខគម្ពីរនេះ គឺ១កូរិនថូស ១៣ ខ៤ ដល់ខ៧ លោកអ្នកនឹងឃើញថាខគម្ពីរទាំងនេះ មានដប់បួនឃ្លា ដែលប្រាប់ពីចរិតលក្ខណៈដប់បួនអំពីសេចក្ដីស្រឡាញ់។ ប្រសិនបើលោកអ្នកវិភាគខគម្ពីរនេះថែមទៀត លោកអ្នកនឹងឃើញថាគួរចាប់អារម្មណ៍ ព្រោះមានចំណុចប្រាំពីរ អវិជ្ជមាន និងប្រាំពីរទៀតវិជ្ជមាន។ មានចំណុចប្រាំពីរដែលលោកប៉ុលថ្លែងថា សេចក្ដីស្រឡាញ់មិនធ្វើ និងមានចំណុចប្រាំពីរទៀត ដែលលោកប៉ូលថ្លែងថា សេចក្ដីស្រឡាញ់ធ្វើ។ ដូច្នេះ លោកអ្នកមានទាំងចរិតវិជ្ជមាន និងចរិតអវិជ្ជមាន
ជាដំបូង យើងនឹងមើលទៅចរិតអវិជ្ជមានទាំងប្រាំពីររបស់សេចក្ដីស្រឡាញ់។ ខ្ញុំនឹងមើលទៅចរិតនីមួយៗ តាមជម្រើសបកប្រែពីរផ្សេងគ្នា ដើម្បីបង្ហាញឲ្យច្បាស់ តាមដែលអាចធ្វើបាន។ ដូច្នេះ នេះចរិតអវិជ្ជមានទាំងប្រាំពីររបស់សេចក្ដីស្រឡាញ់។
ទីមួយ សេចក្ដីស្រឡាញ់មិនចេះឈ្នានីស។ សេចក្ដីស្រឡាញ់មិនចេះច្រណែន។ នេះគឺ សេចក្ដីស្រឡាញ់មិនមែនឃើញអ្វីដែលអ្នកដទៃមាន រួចហើយនៅមិនស្ងៀម ក៏ប្រើវិធីមិនត្រឹមត្រូវ ឬបំណងចិត្តមិនត្រឹមត្រូវដើម្បីយកឲ្យបាននោះឡើយ។
ទីពីរ សេចក្ដីស្រឡាញ់មិនចេះអួតខ្លួន ឬមិនអំនួត។ សេចក្ដីស្រឡាញ់ មិនអួតអាងអំពីខ្លួនឯង ឬអំពីអ្វីមួយឡើយ។
ទីបី សេចក្ដីស្រឡាញ់មិនវាយឫកខ្ពស់ ឬអួតក្អេងក្អាង។ សេចក្ដីស្រឡាញ់មិនមើលងាយមនុស្ស។ សេចក្ដីស្រឡាញ់រាប់មនុស្សគ្រប់គ្នាដោយចាត់ទុកថាមានតម្លៃ។ មនុស្សមួយចំនួនល្អតែចំពោះអ្នកដែលពួកគេគោរព ឬអ្នកធំដែលមានអំណាចលើគេ ប៉ុន្តែមានចិត្តធំ និងឆ្មើងឆ្មៃចំពោះអ្នកដែលតូចទាបជាងខ្លួន។ ខ្ញុំបានរកឃើញថា នៅក្នុងកងទ័ពអង់គ្លេស នាយទោ ឬគេមានទម្លាប់ហៅថា កាប៉ូរ៉ាល់ គឺជាឋានៈដែលទាបជាងគេ។ សាច់ញាតិទាំងអស់របស់ខ្ញុំ សុទ្ធតែជានាយទាហាននៅក្នុងកងទ័ពអង់គ្លេស ខ្លះជាវរសនីយ៍ឯក ជាមេកងពលតូច ជាឧត្តមសេនីយ៍ ប៉ុន្តែ នៅក្នុងសង្រ្គាមលោកលើកទី២នោះ ខ្ញុំមានឋានៈត្រឹមតែជាកាប៉ូរ៉ាល់បុណ្ណោះ។ ខ្ញុំរកឃើញថា មនុស្សទាំងនោះ ដែលជាសាច់ញាតិ ជាមិត្តភក្តិរបស់ខ្ញុំ គឺខុសប្លែកខ្លាំងណាស់ នៅពេលដែលថ្នាក់ក្រោមមើលទៅពួកគេ។ ពួកគេមិនមែនជាមនុស្សដដែល ដូចដែលខ្ញុំធ្លាប់តែនិយាយស្មើៗនោះទេ។ ប៉ុន្តែសេចក្ដីស្រឡាញ់ពិត គឺនៅដដែល ទោះជាអ្នកណា ហើយមើលពីជ្រុងណាក៏ដោយ។
ទីបួន សេចក្ដីស្រឡាញ់មិនឈ្លើយ ឬមិនដែលប្រព្រឹត្តបែបមិនគួរសម។ ប្រសិនបើលោកអ្នកចង់មានអាកប្បកិរិយាល្អ នោះចូរបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់។ អាកប្បកិរិយាល្អ គឺជាការស្ដែងចេញរបស់សេចក្ដីស្រឡាញ់។
ទីប្រាំ សេចក្ដីស្រឡាញ់មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន។ សេចក្ដីស្រឡាញ់មិនស្វែងរកសម្រាប់ខ្លួនឯង។ សេចក្ដីស្រឡាញ់មិននិយាយថា «នេះជារបស់ខ្ញុំ។ ខ្ញុំមានសិទ្ធិនឹងយករបស់នេះ។ ខ្ញុំនឹងយកឲ្យបាន មិនថាមានអ្វីកើតឡើងឡើយ។ អ្នកឯងមិនអាចយកបានទេ»។
ទីប្រាំមួយ សេចក្ដីស្រឡាញ់មិនរហ័សខឹង ឬច្រឡោត។ ខណៈពេលដែលយើងដឹងថា កំហឹងដោលឡើងនៅក្នុងខ្លួន យើងក៏ចាប់ផ្ដើមបាត់បង់ការគ្រប់គ្រងពាក្យសម្ដីដែលនិយាយនឹងមនុស្ស និងរបៀបទំនាក់ទំនងចំពោះមនុស្ស នោះយើងត្រូវឈប់សិន ហើយរំឭកខ្លួនឯងថា នេះមិនមែនជាសកម្មភាពរបស់សេចក្ដីស្រឡាញ់ទេ គឺមិនមែនសេចក្ដីស្រឡាញ់កំពុងធ្វើការទេ។ មានប្រភេទនៃកំហឹងមួយដែលរាប់ជាត្រូវ ប៉ុន្តែវាជាកំហឹងទាស់នឹងអំពើទុច្ចរិត មិនមែនជាកំហឹងទាស់នឹងមនុស្សឡើយ។
ទីប្រាំពីរ សេចក្ដីស្រឡាញ់មិនប្រកាន់ទោស ឬមិននឹកចាំពីកំហុស។ ការនឹកចាំរឿងទាំងអស់ដែលមនុស្សបានធ្វើទាស់នឹងយើង គឺជារឿងគ្រោះថ្នាក់ ព្រោះជាអ្វីដែលយើងគិតថា គេជំពាក់យើង។ ញឹកញាប់ណាស់នៅក្នុងអាពាហ៍ពិពាហ៍ គឺប្ដី ឬប្រពន្ធ ឬទាំងពីរនាក់ សុទ្ធតែចាំទុក ដែលហាក់ដូចជាមានកូនបញ្ជីតូចមួយ កត់ទុកគ្រប់ផ្នែកទាំងអស់ ដែលភាគីម្ខាងទៀតមិនបានប្រព្រឹត្តគប្បីចំពោះខ្លួន។ ទំនាក់ទំនងរបស់ពួកគេ ត្រូវបានបំពុល ដោយព្រោះពួកគេមិនមើលឃើញគ្នាទៅវិញទៅមក ក្នុងភាពជាមនុស្ស ប៉ុន្តែពួកគេតែងតែមើលឃើញតែពីកំហុសដែលគេចាំទុកនោះ។ «មើល៍ នៅថ្ងៃខួបអាពាហ៍ពិពាហ៍ គាត់មិនបានយកផ្កាមកឲ្យខ្ញុំទេ។ គាត់ទៅក្រៅបាត់ ហើយមិនត្រឡប់មកបាយផ្ទះ ក៏មិនបានប្រាប់ឲ្យខ្ញុំដឹង!»។ រឿងទាំងអស់នេះហើយ ទោះបីតូចតាចក៏ដោយ រឿងនេះបានបំផ្លាញទំនាក់ទំនងដែលគួរតែជាទំនាក់ទំនងប្រកបដោយសេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្តនិងភាពសុខដុមរមនា។ ដូច្នេះ ប្រសិនបើលោកអ្នកមានបញ្ជីបែបនោះមែន ឬក៏ចេះតែចាំទុកក្នុងចិត្តពីកំហុសរបស់គេមែន សូមហែកបញ្ជីនោះចោលឥឡូវនេះទៅ ហើយស្ដារទំនាក់ទំនងនោះឡើងវិញ កុំអែរអង់ឡើយ។
ប្រសិនបើខ្ញុំត្រូវសង្ខេបលក្ខណៈអវិជ្ជមានទាំងប្រាំពីររបស់សេចក្ដីស្រឡាញ់ ដែលខ្ញុំទើបនឹងបានរៀបរាប់នេះ ជាពាក្យមួយប្រយោគ នោះគឺ៖ សេចក្ដីស្រឡាញ់ជាចិត្តដែលមានសុវត្ថិភាព។ អ្នកណាដែលប្រព្រឹត្តផ្ទុយនឹងគោលការណ៍ដែលលោកប៉ុលរៀបរាប់នេះ អ្នកនោះជាមនុស្សដែលចិត្តឥតសុវត្ថិភាពហើយ។ ប៉ុន្តែសេចក្ដីស្រឡាញ់ ជាចិត្តដែលមានសុវត្ថិភាពទាំងស្រុង។
ឥឡូវនេះ យើងនឹងបន្តមើលទៅចំណុចវិជ្ជមានរបស់សេចក្ដីស្រឡាញ់វិញម្ដង គឺចរិតវិជ្ជមានទាំងប្រាំពីររបស់សេចក្ដីស្រឡាញ់។
ទីមួយ សេចក្ដីស្រឡាញ់តែងអត់ធ្មត់ ហើយនោះមិនមានពាក្យអ្វីប្លែកពីនេះទេ។ គ្រប់ការបកប្រែទាំងអស់ សុទ្ធតែដូចគ្នា។ ការមិនចេះអត់ធ្មត់ គឺជាការបង្ហាញពីការខ្វះសេចក្ដីស្រឡាញ់។
ទីពីរ សេចក្ដីស្រឡាញ់ គឺសប្បុរស។ សេចក្ដីស្រឡាញ់មិនចិត្តអាក្រក់។ សេចក្ដីស្រឡាញ់ មិនដែលប្រព្រឹត្តបែបអវិជ្ជមាន តែងតែធ្វើល្អជានិច្ច សេចក្ដីស្រឡាញ់ មិនធ្វើទុក្ខទោសដល់អ្នកណាទេ។
ទីបី សេចក្ដីស្រឡាញ់ ត្រេកអរនឹងសេចក្ដីពិត។ សេចក្ដីស្រឡាញ់ តែងអរសប្បាយ នៅពេលដែលមនុស្សនៅក្នុងក្រុមជំនុំមួយផ្សេងទៀត បានទទួលព្រះពរ។ សេចក្ដីស្រឡាញ់ តែងអរសប្បាយ នៅពេលដែលគ្រូអធិប្បាយម្នាក់ទៀត មានជោគជ័យ។ នៅពេលណាមានសេចក្ដីពិតមានជ័យជម្នះ សេចក្ដីស្រឡាញ់ក៏អរសប្បាយជាមួយនឹងគេ មិនថាអ្នកណាទទួលបានកិត្តិយសនោះឡើយ។
ទីបួន សេចក្ដីស្រឡាញ់គ្របបាំងទាំងអស់ ឬទ្រាំទ្រគ្រប់ការទាំងអស់។ ខ្ញុំចូលចិត្តការបកប្រែទីពីរជាងគឺទ្រាំទ្រគ្រប់ការទាំងអស់។ គ្មានអ្វីធ្ងន់ពេកសម្រាប់សេចក្ដីស្រឡាញ់ឡើយ។ ការបកប្រែមួយផ្សេងទៀតគឺ«សេចក្ដីស្រឡាញ់មិនបែកធ្លាយ»។ ទោះជាមានសំពាធយ៉ាងណាក៏ដោយ សេចក្ដីស្រឡាញ់អាចទ្រាំទ្របានទាំងអស់។ ខ្ញុំចាំថា មានពេលមួយ នៅក្នុងព្រះវិហារ បុរសម្នាក់កំពុងអធិស្ឋានឲ្យយុវជនម្នាក់ ដែលបានចេញមកខាងមុខអាសនា ហើយគាត់និយាយថា៖ «ព្រះអម្ចាស់ សូមចាក់បំពេញគាត់ឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ»។ ហើយគ្រូគង្វាលក្រុមជំនុំនោះ ក៏លើកដៃឡើង ហើយអធិស្ឋានថាៈ «ព្រះអម្ចាស់អើយសូមកុំឲ្យគាត់ធ្លុះធ្លាយ»។ តើមានន័យយ៉ាងមេ៉ច? នេះមានន័យថា មានមនុស្សច្រើនណាស់ ដែលបានពេញហើយ ប៉ុន្តែពួកគេធ្លាយអស់ទៅវិញ។ របៀបមួយដើម្បីធ្វើឲ្យប្រាកដថាលោកអ្នកមិនធ្លាយ គឺសេចក្ដីស្រឡាញ់។ សេចក្ដីស្រឡាញ់មិនធ្លុះធ្លាយទេ មិនថាមានសំពាធយ៉ាងណាទេ សេចក្ដីស្រឡាញ់ ទប់បានទាំងអស់។
ទីប្រាំ សេចក្ដីស្រឡាញ់ទុកចិត្តជានិច្ច ឬជឿគ្រប់ការទាំងអស់។ ខ្ញុំចូលចិត្តការបកប្រែទីពីរជាង ដោយព្រោះខ្ញុំគិតថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងសេចក្ដីស្រឡាញ់ និងជំនឿ។ សេចក្ដីស្រឡាញ់ ជាផលកើតចេញពីជំនឿ ហើយសេចក្ដីស្រឡាញ់អាចជឿបានជានិច្ច នូវអ្វីដែលព្រះទ្រង់មានបន្ទូល។ សេចក្ដីស្រឡាញ់ គឺទទួលយក។
ទីប្រាំមួយ សេចក្ដីស្រឡាញ់សង្ឃឹមជានិច្ច ឬសង្ឃឹមគ្រប់ការទាំងអស់។ សេចក្ដីស្រឡាញ់ គឺសុទិដ្ឋិនិយម។ ការដែលជួបជាមួយមនុស្សសុទិដ្ឋិនិយម តើមិនមែនជារឿងរីករាយរីករាយទេឬ? ប៉ុន្តែ តើវាជាបន្ទុកធ្ងន់យ៉ាងណាទៅវិញ កាលបើយើងនៅជាមួយមនុស្សដែលចេះតែមានគំនិតទុទិដ្ឋិនិយម? ប្រសិនបើលោកអ្នកចង់ឲ្យគេចូលចិត្ត ចូរមានគំនិតសុទិដ្ឋិនិយមទៅ។ ខ្ញុំអាចប្រាប់លោកអ្នកជាប្រាកដថា មនុស្សដែលមានគំនិតសុទិដ្ឋិនិយម ជាទូទៅ គឺជាមនុស្សដែលមានគេចូលចិត្តបំផុត។ ទីប្រាំពីរ សេចក្ដីស្រឡាញ់តែងតែខ្ជាប់ខ្ជួនជានិច្ច។ សេចក្ដីស្រឡាញ់ស៊ូទ្រាំទ្រគ្រប់ការទាំងអស់។ សេចក្ដីស្រឡាញ់ មិនបោះបង់។
ជាការសង្ខេបចំណុចវិជ្ជមានទាំងប្រាំពីររបស់សេចក្ដីស្រឡាញ់ ខ្ញុំអាចប្រាប់បានថា «សេចក្ដីស្រឡាញ់ខ្លាំងគ្មានទីបំផុត។ សេចក្ដីស្រឡាញ់អាចទ្រាំទ្រគ្រប់សំពាធទាំងអស់ អាចប្រឈមមុខគ្រប់ស្ថានភាពទាំងអស់អាចជម្នះគ្រប់ឧបសគ្គទាំងអស់។ សេចក្ដីស្រឡាញ់ មិនដែលបោះបង់ឡើយ»។
សូមមើលទៅ ពីរខ នៅក្នុងបទចម្រៀងសាឡូម៉ូន ដែលខ្ញុំបានដកស្រង់ពីខាងដើម នៅក្នុងឈុតមេរៀនរបស់យើងនេះ។ បទឬចម្រៀងសាឡូម៉ូន ជំពូក ៨ ខ ៦ និង ខ៧:
...សេចក្ដីស្រឡាញ់មានកម្លាំង ដូចជាសេចក្ដីស្លាប់ (នេះជាពាក្យមួយខ្លាំង ព្រោះគ្មានអ្នកណាអាចទប់ទល់នឹងសេចក្ដីស្លាប់បានឡើយ ហើយខនេះប្រាប់ថា សេចក្ដីស្រឡាញ់មានកម្លាំង ដូចជាសេចក្ដីស្លាប់)។ គ្មានអ្នកណាអាចទប់ទល់នឹងសេចក្ដីស្រឡាញ់បានឡើយ។ ហើយបទចម្រៀងសាឡូម៉ូននេះចែងទៀតថា......ទឹកច្រើនយ៉ាងណា ក៏មិនអាចនឹងពន្លត់សេចក្ដីស្រឡាញ់បានឡើយ...។
ទោះជាមានអ្វីកើតឡើងក៏ដោយ សេចក្ដីស្រឡាញ់នៅជាប់ជានិច្ច គ្មានអ្វីអាចយកឈ្នះ ឬទប់ទល់ជាមួយសេចក្ដីស្រឡាញ់បានឡើយ។ ជាការពិត ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូបានទៅមុខមួយជំហានទៀត។ ការនោះមិនត្រឹមតែបង្ហាញថា សេចក្ដីស្រឡាញ់ខ្លាំងដូចជាសេចក្ដីស្លាប់ប៉ុណ្ណោះទេ តែថែមទាំងបង្ហាញថា សេចក្ដីស្រឡាញ់ ខ្លាំងជាងសេចក្ដីស្លាប់ទៀតផង។ នៅពេលដែលសេចក្ដីស្រឡាញ់និងសេចក្ដីស្លាប់បានជួបគ្នា សេចក្ដីស្រឡាញ់បានឈ្នះ។
ពេលវេលារបស់យើងចូលដល់ទីបញ្ចប់ហើយសម្រាប់ថ្ងៃនេះ។ ខ្ញុំនឹងវិលត្រឡប់មកជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមពេលវេលាកំណត់ ហើយខ្ញុំនឹងបន្តគោលសំខាន់ អំពី «សេចក្ដីស្រឡាញ់របស់ព្រះ» នេះវគ្គក្រោយ។ សូមកុំខាននឹងបន្តដំណើរនេះជាមួយគ្នា នៅវគ្គក្រោយ។ សូមព្រះអម្ចាស់យេស៊ូវ ទ្រង់ប្រទានពរ។
កូដ: RP-R105-104-KHM










