គោលបំណងចុងក្រោយរបស់ក្រឹត្យវិន័យ

ដេរេក ព្រីនស៍
Published: 1982
Last Updated: October 2026
Read Time: 9
ក្រឹត្យវិន័យរបស់ព្រះមិនដែលមានបំណងជំនួសសេចក្តីស្រឡាញ់ចំពោះព្រះ និងអ្នកជិតខាងឡើយ។ សារនៃមេរៀននេះបង្ហាញពីរបៀបដែលព្រះយេស៊ូវ និងពួកសាវកបានបញ្ជាក់ថា សេចក្តីស្រឡាញ់គឺជាគោលដៅចុងក្រោយនៃក្រឹត្យវិន័យ ហើយយើងអាចសម្រេចគោលដៅនេះបាន តាមរយៈការកើតជាថ្មី និងសេចក្តីជំនឿដ៏ស្មោះត្រង់។
Transcript
សូមលើកតម្កើងដល់ព្រះសម្រាប់ពេលវេលាដែលយើងបានជួបគ្នានៅថ្ងៃនេះ ដើម្បីចែកចាយជូនលោកអ្នកអំពីសេចក្ដីពិតដ៏មានតម្លៃ ចេញពីព្រះគម្ពីរ ដែលបានធ្វើឲ្យមានការខុសប្លែកគ្នារវាងជោគជ័យ និងបរាជ័យនៅក្នុងជីវិតរបស់ខ្ញុំ ហើយក៏អាចកើតឡើងដូចគ្នា នៅក្នុងជីវិតរបស់លោកអ្នក។
គោលសំខាន់ដែលយើងកំពុងសិក្សាជាមួយគ្នានៅសប្ដាហ៍នេះ គឺសេចក្ដីស្រឡាញ់របស់ព្រះ ជាគោលសំខាន់ដែលត្រូវនឹងរដូវកាលនេះ។ ប្រសិនបើលោកអ្នកទទួលយក ហើយអនុវត្តតាមសេចក្ដីពិតដែលខ្ញុំនឹងចែកចាយជូនលោកអ្នក សេចក្ដីពិតទាំងនេះនឹងជួយលោកអ្នកឲ្យអាចប្រឈមមុខក្នុងឆ្នាំថ្មី ដោយមានការធានាអះអាង និងការជឿជាក់កាន់ខ្លាំងជាងមុន ហើយជារៀងរហូត។
វគ្គមុន ខ្ញុំបានពន្យល់បង្ហាញអំពីរបៀបដែលយើងត្រូវការសេចក្ដីស្រឡាញ់របស់ព្រះ ដើម្បីបង្ហាញចេញសេចក្ដីស្រឡាញ់របស់យើង។ ខ្ញុំបានដកស្រង់ពាក្យដ៏សាមញ្ញរបស់សាវកយ៉ូហាន នៅក្នុង ១ យ៉ូហាន ៤:១៩ គឺ
« យើងស្រឡាញ់ព្រះអង្គ ពីព្រោះព្រះអង្គបានស្រឡាញ់យើងជាមុន»
ខ្ញុំបានចង្អុលបង្ហាញថា យើងមិនអាចមាន ឬបង្ហាញចេញនូវប្រភេទនៃសេចក្ដីស្រឡាញ់ដែលយើងកំពុងនិយាយនេះបានឡើយ ប្រសិនបើយើងមិនបានទទួលសេចក្ដីស្រឡាញ់នោះជាមុន។ យើងត្រូវមានសេចក្ដីស្រឡាញ់នោះជាមុន មុននឹងយើងបង្ហាញចេញសេចក្ដីស្រឡាញ់នោះ ទៅដល់អ្នកដទៃទៀត។ លោកយ៉ូហានបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងបទគម្ពីរនេះថា មានប្រភេទនៃសេចក្ដីស្រឡាញ់មួយ ដែលអាចមកតែពីព្រះប៉ុណ្ណោះ តាមរយៈការកើតជាថ្មី។ ដូចគ្នានេះដែរ លោកពេត្រុសថ្លែងថា «ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្ត ព្រោះអ្នករាល់គ្នាបានកើតជាថ្មីពីពូជដែលមិនចេះពុករលួយ គឺជាព្រះបន្ទូលរបស់ព្រះ»។ និយាយបានម្យ៉ាងទៀតថា មានតែការកើតជាថ្មីទេ ទើបធ្វើឲ្យយើងអាចបង្ហាញចេញសេចក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះនេះបាន។
ភស្តុតាងដែលបង្ហាញថាយើងស្គាល់ព្រះ គឺយើងបង្ហាញចេញនូវប្រភេទនៃសេចក្ដីស្រឡាញ់នេះឯង។ លោកយ៉ូហានថ្លែងថា «ឯអស់អ្នកណាដែលមានសេចក្ដីស្រឡាញ់ អ្នកនោះមកពីព្រះ ហើយក៏ស្គាល់ព្រះដែរ។ អ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ អ្នកនោះមិនស្គាល់ព្រះទេ ព្រោះព្រះទ្រង់ជាសេចក្ដីស្រឡាញ់»។ នោះហើយជាការញែកចេញដ៏សាមញ្ញមួយ រវាងមនុស្សពីរប្រភេទ។
វគ្គមុន ខ្ញុំបានពន្យល់ថា អ្នកខ្លះបានសង្រ្គោះដោយសារមនុស្សចម្លែក ដែលទុកដូចជាគេកំពុងលង់ទឹកហើយមានម្នាក់បានលោតចូលទៅ ទាញគេចេញពីទឹក ហើយសង្រ្គោះជីវិតរបស់គេ។ ប៉ុន្តែ គេមិនបានស្គាល់ ឬមិនមានទំនាក់ទំនងតទៅទៀត ជាមួយអ្នកដែលបានសង្រ្គោះគេនោះ។ មានមនុស្សខ្លះដែលពិតជាបាន «សង្រ្គោះ បានប្រែចិត្ត បានបែរចេញពីអំពើបាប បានចាប់ផ្ដើមរស់នៅបែបសមរម្យ និងសុចរិត» តែគេមិនស្គាល់ព្រះអម្ចាស់ដែលបានសង្រ្គោះគេ។ ភស្តុតាងដែលបង្ហាញថា គេមិនស្គាល់ព្រះអម្ចាស់ គឺគេមិនបានបង្ហាញចេញនូវប្រភេទនៃសេចក្ដីស្រឡាញ់នេះ ទៅដល់អ្នកដទៃទៀត ព្រោះអស់អ្នកដែលស្គាល់ព្រះ គេក៏មានសេចក្ដីស្រឡាញ់យ៉ាងនោះដែរ។
ថ្ងៃនេះ ខ្ញុំនឹងផ្ដោតទៅលើទំនាក់ទំនងរវាងសេចក្ដីស្រឡាញ់ និងក្រឹត្យវិន័យ ជាគោលសំខាន់ដែលមាននិយាយច្រើននៅក្នុងព្រះគម្ពីរ។ មនុស្សជាច្រើនស្មុគស្មាញ ឬភ័យខ្លាច ដោយសារគំនិតអំពីក្រឹត្យវិន័យ។ ប៉ុន្តែគោលបំណងដ៏សំខាន់របស់ក្រឹត្យវិន័យ គឺសាមញ្ញបំផុត ដ្បិតសេចក្ដីស្រឡាញ់ គឺជាគោលបំណងចុងក្រោយរបស់ក្រឹត្យវិន័យ។
សូមមើលអ្វីដែលព្រះយេស៊ូវមានបន្ទូលអំពីការនេះ នៅក្នុងគម្ពីរម៉ាថាយ ជំពូក ២២ ខ ៣៥-៤០។ យើងនឹងអានត្រង់កន្លែងដែលអ្នកប្រាជ្ញច្បាប់ម្នាក់ (មានន័យថា អ្នកប្រាជ្ញខាងក្រឹត្យវិន័យរបស់លោកម៉ូសេ)ដែលគាត់បានចោទសួរព្រះយេស៊ូវ និងរបៀបដែលព្រះយេស៊ូវបានឆ្លើយតប។ ម៉ាថាយ ជំពូក ២២ ខ ៣៥-៤០:
៣៥ ហើយពួកគេម្នាក់ ដែលជាអ្នកប្រាជ្ញខាងច្បាប់ក៏ល្បងសួរទ្រង់ថា ៣៦ លោកគ្រូ ក្នុងបណ្តាក្រឹត្យវិន័យ តើបញ្ញត្តណាដែលយ៉ាងសំខាន់បំផុត ៣៧ នោះព្រះយេស៊ូវឆ្លើយថា «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង» ៣៨ នេះជាបញ្ញត្តយ៉ាងសំខាន់ទីមួយ ៣៩ ហើយបញ្ញត្តទី២ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» ៤០ បណ្តាក្រឹត្យវិន័យ និងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សម្រេចនៅបទបញ្ញត្តទាំង២ប្រការនេះឯង។
បញ្ញត្តិ ឬបទបញ្ជាទាំងពីរគឺ «ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក» និង «ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង»។ ព្រះយេស៊ូវមានព្រះបន្ទូលថា «គ្រប់ទាំងគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរា (នេះគឺគម្ពីរសញ្ញាចាស់) មានឫសគល់ចេញពីបទបញ្ជាទាំងពីរនេះឯង»។
ខ្ញុំជាមនុស្សគិតបែបសាមញ្ញ ហើយខ្ញុំពន្យល់អ្វីៗឲ្យសាមញ្ញ។ ឧបមាថា ខ្ញុំចង់ព្យួរអាវធំរបស់ខ្ញុំនៅលើប្រដាប់ព្យួរ។ ប្រសិនបើខ្ញុំចង់ព្យួរអាវធំរបស់ខ្ញុំនៅលើប្រដាប់ព្យួរ នោះត្រូវតែមានប្រដាប់ព្យួរនៅទីនោះ មុនពេលដែលខ្ញុំយកអាវធំរបស់ខ្ញុំទៅព្យួរ។ ដូច្នេះ ប្រសិនបើគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរា ព្យួរនៅលើបញ្ញត្តិទាំងពីរនេះ នោះបញ្ញត្តិទាំងពីរនេះ សំខាន់លេខ១ ហើយក្រឹត្យវិន័យ និងគម្ពីរពួកហោរា ជាទីពីរ។ និយាយបានម្យ៉ាងទៀតថា រឿងសំខានន់នៅក្នុងក្រឹត្យវិន័យ គឺសេចក្ដីស្រឡាញ់ចំពោះព្រះ និងសេចក្ដីស្រឡាញ់ ចំពោះអ្នកជិតខាងរបស់យើង។
ជាញឹកញាប់ មនុស្សគិតថា មានការផ្លាស់ប្ដូរយ៉ាងខ្លាំងក្នុងអ្វីដែលព្រះទ្រង់ចង់បាន រវាងសញ្ញាចាស់និងសញ្ញាថ្មី។ នៅក្នុងសញ្ញាថ្មី ព្រះចង់បានសេចក្ដីស្រឡាញ់ ប៉ុន្តែនៅក្នុងសញ្ញាចាស់ គឺជាអ្វីមួយផ្សេង។ នេះពិតជាជាការយល់ខុសទាំងស្រុង។ ព្រះទ្រង់ចង់បានសេចក្ដីស្រឡាញ់ជានិច្ច។ ព្រះអង្គចង់បានសេចក្ដីស្រឡាញ់គឺចំពោះព្រះ និងចំពោះអ្នកជិតខាងដែលស្ថិតនៅក្រោមក្រឹត្យវិន័យ។ ម្ដងទៀតហើយ នៅក្រោមសញ្ញាថ្មី លក្ខខណ្ឌចម្បង គឺសេចក្ដីស្រឡាញ់។ អ្វីដែលផ្លាស់ប្ដូររវាងសញ្ញាចាស់ និងសញ្ញាថ្មី មិនមែនជាគោលដៅរបស់ព្រះទេ ប៉ុន្តែជាមធ្យោបាយដើម្បីសម្រេចបានគោលដៅនោះវិញ។ ក្រឹត្យវិន័យមិនបានសម្រេចគោលដៅនោះទេមិនមែនដោយព្រោះក្រឹត្យវិន័យមានអ្វីខុសទេ ដូចដែលលោកប៉ុលបញ្ជាក់យ៉ាងប្រុងប្រយ័ត្ន ប៉ុន្តែដោយព្រោះនិស្ស័យរបស់មនុស្ស មានអ្វីមួយខុស។ លោកប៉ុលបានប្រាប់ការនេះ នៅក្នុងគម្ពីររ៉ូម ៨ ខ ៣:
«ពីព្រោះ ឯការដែលក្រឹត្យវិន័យធ្វើមិនកើតដោយមានសេចក្ដីកំសោយព្រោះសាច់ឈាម (របស់មនុស្ស) នោះព្រះទ្រង់បានធ្វើវិញ ដោយចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក មានរូបអង្គបែបដូចជាសាច់ឈាម ដែលតែងតែមានបាប ហើយដោយព្រោះអំពើបាប ក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាម»។
ដូច្នេះ ក្រឹត្យវិន័យមិនអាចសម្រេចកិច្ចការនោះបាន ដោយព្រោះភាពទន់ខ្សោយរបស់មនុស្សដែលមានបាប ហើយព្រះជាម្ចាស់ត្រូវប្រទានឲ្យមានយញ្ញបូជាមួយ ដើម្បីដោះស្រាយអំពើបាបរបស់មនុស្ស ដែលសារភាពទន់ខ្សោយរបស់គេ គឺដកចេញឧបសគ្គនេះចេញ ហើយអនុញ្ញាតឲ្យសេចក្ដីស្រឡាញ់របស់ព្រះ ដែលបានកើតឡើងតាមរយៈការកើតជាថ្មី ហូរចេញមកតាមរយៈមនុស្សដែលបានកើតជាថ្មី។
ប៉ុន្តែ គោលបំណងចុងក្រោយរបស់សញ្ញាថ្មី ដូចគ្នាសុទ្ធសាធនឹងគោលបំណងចុងក្រោយរបស់សញ្ញាចាស់។ ខ្ញុំគិតថា ទាំងនៅក្រោមសញ្ញាចាស់ ទាំងនៅក្រោមសញ្ញាថ្មី ប្រជារាស្រ្តយ៉ាងច្រើនរបស់ព្រះ មិនបានមើលឃើញគោលដៅពិតប្រាកដទេ ហើយត្រឡប់ជាវង្វេងវង្វាន់ មិនប្រាកដប្រជា។ នៅក្នុង ១ ធីម៉ូថេ ១ ខ ៥-៧ លោកប៉ុលបញ្ជាក់ប្រាប់អំពីគោលដៅនៃព្រះរាជសារដំណឹងល្អ និងការបម្រើដំណឹងល្អយ៉ាងច្បាស់តាមដែលលោកអាចធ្វើបាន។ ១ ធីម៉ូថេ ១ ខ ៥-៧:
«ហេតុដែលហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យមានសេចក្ដីស្រឡាញ់ (សូមកត់សម្គាល់ឃ្លានេះ!ហេតុដែលហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យមានសេចក្ដីស្រឡាញ់។ បន្ទាប់មក លោកប៉ូលដាក់ចេញជាលក្ខខណ្ឌគ្រឹះខ្លះ សម្រាប់ឲ្យមានសេចក្ដីស្រឡាញ់) គឺសេចក្ដីស្រឡាញ់ដែលកើតពីចិត្តស្អាត ពីមនសិការជ្រះថ្លា និងពីជំនឿដ៏ស្មោះត្រង់ (នេះជារឿងចាំបាច់ដែលត្រូវមានការទាំងបីនេះ ប្រសិនបើយើងត្រូវតែមានប្រភេទសេចក្ដីស្រឡាញ់នេះ ដែលព្រះចង់បាននៅក្នុងជីវិតរបស់យើង គឺចិត្តស្អាត មនសិការជ្រះថ្លា និងជំនឿដ៏ស្មោះត្រង់។ សេចក្ដីទាំងនេះកើតចេញពីដំណឹងល្អ តែចុងបញ្ចប់ គឺសេចក្ដីស្រឡាញ់ ហើយបន្ទាប់មក លោកប៉ូលបន្តថាៈ) អ្នកខ្លះបានបែរចេញពីសេចក្ដីនេះទៅហើយ (គឺជាសេចក្ដីស្រឡាញ់ដែលចេញពីចិត្តស្អាត ពីមនសិការជ្រះថ្លា និងពីជំនឿដ៏ស្មោះត្រង់។ សូមបន្ត) អ្នកខ្លះបានបែរចេញពីសេចក្ដីនេះទៅហើយ ទាំងងាកទៅរកពាក្យសម្ដីឥតប្រយោជន៍ គេចង់ធ្វើជាគ្រូខាងក្រឹត្យវិន័យ តែគេមិនទាំងយល់សេចក្ដីដែលគេនិយាយ ឬសេចក្ដីដែលគេប្រកាន់យកនេះផង»។ (RKOV)
ដូច្នេះ នៅក្នុងការបង្រៀន ឬនៅក្នុងព័ន្ធកិច្ចរបស់យើង ប្រសិនបើយើងបែរចេញពីគោលដៅចុងក្រោយ គឺការបង្កើតឲ្យមានសេចក្ដីស្រឡាញ់របស់ព្រះ នៅក្នុងជីវិតរបស់មនុស្សដែលយើងបម្រើទេ នោះចុងបញ្ចប់នឹងឥតបានផលអ្វីហើយ។ ការបកប្រែរបស់សំណៅ King James ប្រើឃ្លាមួយយ៉ាងល្អថា «សំឡេងខ្ទរដែលឥតបានការ»។ ការអធិប្បាយរបស់យើង ព័ន្ធកិច្ចបម្រើរបស់យើង សកម្មភាពរបស់យើង ត្រឡប់ទៅជាសំឡេងខ្ទរខ្ទារដែលឥតបានការ។ កិច្ចការទាំងនោះ មិនសម្រេចបានអ្វីដែលមានតម្លៃនៅជាប់គង់វង្សឡើយ។
ខ្ញុំជឿថា ក្នុងនាមជាគ្រីស្ទបរិស័ទ យើងទាំងអស់គ្នាត្រូវតែប្រឈមនឹងបញ្ហានេះឯង។ ខ្ញុំពិតជាបានជួបផ្ទាល់នៅក្នុងជីវិតរបស់ខ្ញុំ។ ពីមួយពេលទៅមួយពេល ខ្ញុំតោងសួរខ្លួនឯងថា «តើព័ន្ធកិច្ចរបស់ខ្ញុំកំពុងបង្កើតចេញឲ្យមានអ្វី?» ដំបូងបង្អស់ គឺនៅក្នុងខ្ញុំ ហើយបន្ទាប់មក នៅក្នុងអស់អ្នកដែលខ្ញុំបម្រើ។ ប្រសិនបើចុងបំផុត ព័ន្ធកិច្ចនោះមិនបង្កើតចេញឲ្យមានសេចក្ដីស្រឡាញ់ទេ នោះអ្វីៗដែលខ្ញុំកំពុងធ្វើ គឺជាការប្រឹងប្រែងឥតប្រយោជន៍។
ឥឡូវនេះ ខ្ញុំចង់នាំលោកអ្នកទៅមើលឃ្លាយ៉ាងល្អពីរ ដែលលោកយ៉ាកុបប្រើនៅក្នុងសំបុត្ររបស់លោកអំពីសេចក្ដីស្រឡាញ់ ព្រោះខ្ញុំជឿថា ឃ្លាទាំងពីរនេះផ្ដល់ឲ្យយើងនូវការយល់ដឹងយ៉ាងអស្ចារ្យអំពីអត្ថន័យនៃសេចក្ដីស្រឡាញ់ និងកិច្ចការដែលសេចក្ដីស្រឡាញ់ធ្វើ។ ឃ្លាទីមួយ គឺនៅក្នុងគម្ពីរយ៉ាកុប ជំពូក ១ ខ ២៥ដែលលោកយ៉ាកុបមានប្រសាសន៍យ៉ាងនេះថាៈ
«រីឯអ្នកដែលពិនិត្យមើលក្នុងក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រឹត្យវិន័យខាងឯសេរីភាព ហើយជាប់ចិត្ត ឥតមានភ្លេចនឹងសេចក្ដីដែលស្ដាប់ គឺប្រព្រឹត្តតាម អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងកិច្ចការដែលខ្លួនធ្វើជាមិនខាន»។
ក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ដែលផ្ដល់នូវសេរីភាព។ លោកអ្នកប្រហែលជាឆ្ងល់ថាតើក្រឹត្យវិន័យនោះជាអ្វីប៉ុន្តែប្រសិនបើលោកអ្នកមើលទៅមុខបន្តិចទៀត លោកយ៉ាកុបបញ្ជាក់យ៉ាងច្បាស់។ នៅក្នុងសំបុត្រដដែលរបស់លោកយ៉ាកុប ជំពូក ២ ខ ៨ លោកយ៉ាកុបថ្លែងដូច្នេះថាៈ
បើអ្នករាល់គ្នាកាន់តាមក្រឹត្យវិន័យដ៏ប្រសើរ ដូចមានបទគម្ពីរថា «ចូរឲ្យឯងស្រឡាញ់អ្នកជិតខាង ដូចជាខ្លួនឯង» នោះឈ្មោះថាប្រព្រឹត្តល្អហើយ។
ឃ្លាដែលលោកយ៉ាកុបប្រើគឺ «ក្រឹត្យវិន័យដ៏ប្រសើរ (the royal or kingly law)» ហើយលោកបញ្ជាក់ក្រឹត្យវិន័យនោះថា «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចខ្លួនឯង»។ សេចក្ដីស្រឡាញ់ គឺជាក្រឹត្យវិន័យ ជាច្បាប់របស់ព្រះរាជ្យ។ សេចក្ដីស្រឡាញ់ គឺជាក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ ដែលផ្ដល់នូវសេរីភាព។ សូមមើលដោយសង្ខេប នូវឃ្លាទាំងបីដែលលោកយ៉ាកុបបានប្រើ។ លោកហៅសេចក្ដីស្រឡាញ់ថាជា «ក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍»។ និយាយបានម្យ៉ាងទៀតថា សេចក្ដីស្រឡាញ់ រាប់បញ្ចូលអ្វីៗទាំងអស់។ សេចក្ដីស្រឡាញ់មិនលុបចោលអ្វីមួយឡើយ។ ប្រសិនបើលោកអ្នកកាន់តាមក្រឹត្យវិន័យនោះ ក្រឹត្យវិន័យនោះនឹងសម្រេចគ្រប់ផ្នែក និងគ្រប់លក្ខខណ្ឌរបស់ព្រះ។ ទីពីរ នោះជាក្រឹត្យវិន័យដែលផ្ដល់នូវសេរីភាព។ លោកអ្នកឃើញទេ ប្រសិនបើលោកអ្នកបានទទួលការបណ្ដាលចិត្តដោយសេចក្ដីស្រឡាញ់ឥតពុតមាយា នោះជានិច្ចកាលលោកអ្នកអាចធ្វើបាននូវអ្វីដែលលោកអ្នកចង់ធ្វើ។ លោកប៉ុលថ្លែងថាៈ «គ្មានក្រឹត្យវិន័យណាទាស់នឹងផលផ្លែយ៉ាងនោះទេ (គឺផលផ្លែនៃសេចក្ដីស្រឡាញ់)»។ លោកអ្នកមិនត្រូវបង្ខាំងដោយក្រឹត្យវិន័យណាមួយឡើយព្រោះសេចក្ដីស្រឡាញ់តែងតែធ្វើកិច្ចការដែលត្រឹមត្រូវ។ បន្ទាប់មក លោកហៅសេចក្ដីស្រឡាញ់ថាជា «ក្រឹត្យវិន័យរបស់ព្រះរាជ្យ»។ នោះគឺជាក្រឹត្យវិន័យរបស់ស្ដេច។ នៅពេលដែលលោកអ្នកដើរនៅក្នុងក្រឹត្យវិន័យ នៃសេចក្ដីស្រឡាញ់របស់ព្រះ ចំពោះព្រះ និងចំពោះអ្នកជិតខាង នោះលោកអ្នកកំពុងរស់នៅដូចស្ដេច។ ក្នុងន័យម្យ៉ាង លោកអ្នកឃើញថា ស្ដេចនៅពីលើច្បាប់។ ស្ដេចស្ថិតនៅពីលើច្បាប់ដទៃទៀត ដ្បិតទ្រង់ជាស្ដេច។ នោះហើយជារូបភាពអំពីស្ដេច។ ប្រាកដហើយ នៅក្នុងសង្គមប្រជាធិបតេយ្យបច្ចុប្បន្ននេះ យើងច្បាស់ជាពិបាកទទួលយកគំនិតនោះបន្តិចហើយ។ ប៉ុន្តែ នៅពេលដែលលោកយ៉ាកុបប្រើឃ្លា «ក្រឹត្យវិន័យរបស់ព្រះរាជ្យ» លោកចង់មានន័យថា លោកអ្នកមិនចាំបាច់ខ្វល់អំពីច្បាប់ដទៃទៀតទេ ពីព្រោះដរាបណាលោកអ្នកប្រតិបត្តិតាមច្បាប់នេះ ច្បាប់នេះនឹងរ៉ាប់រងច្បាប់ដទៃទៀតទាំងអស់។
ដូច្នេះ នៅថ្ងៃនេះ នៅពេលយើងបញ្ចប់មេរៀនរបស់យើងនេះ សូមគិតអំពីរឿងនេះ គឺឃ្លាដ៏ល្អទាំងបីអំពីសេចក្ដីស្រឡាញ់។ សេចក្ដីស្រឡាញ់ គឺជាក្រឹត្យវិន័យដែលគ្រប់លក្ខណ៍។ សេចក្ដីស្រឡាញ់ គឺជាក្រឹត្យវិន័យដែលផ្ដល់នូវសេរីភាព។ សេចក្ដីស្រឡាញ់ គឺជាក្រឹត្យវិន័យរបស់ព្រះរាជ្យ។ លោកអ្នកមិនត្រូវរស់នៅដូចជាទាសករទៀតទេ។ ដ្បិតនៅពេលដែលលោកអ្នករស់នៅតាមច្បាប់នៃសេចក្ដីស្រឡាញ់ នោះលោកអ្នករស់នៅដូចជាស្ដេចហើយ។ លោកអ្នកត្រូវបានរំដោះឲ្យមានសេរីភាព ហើយអ្វីៗផ្សេងទៀតទាំងអស់ដែលព្រះតម្រូវ គឺមាននៅក្នុងក្រឹត្យវិន័យមួយនោះហើយ។
ពេលវេលារបស់យើងចូលដល់ទីបញ្ចប់ហើយសម្រាប់ថ្ងៃនេះ។ ខ្ញុំនឹងវិលមកជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមពេលវេលាកំណត់។ វគ្គក្រោយ ខ្ញុំនឹងបន្តគោលសំខាន់ អំពី «សេចក្ដីស្រឡាញ់របស់ព្រះ» ជាបន្ត។ សូមកុំខាននឹងតាមដានសិក្សាជាមួយគ្នា។ សូមព្រះអម្ចាស់យេស៊ូវទ្រង់ប្រទានពរ។
កូដ: RP-R105-102-KHM










