សេចក្ដីស្រឡាញ់បង្កើតឲ្យមានសេចក្ដីស្រឡាញ់

ដេរេក ព្រីនស៍
Published: 1982
Last Updated: September 2026
Read Time: 9
ក្នុងមេរៀន «សេចក្ដីស្រឡាញ់ជំរុញឱ្យមានសេចក្ដីស្រឡាញ់» ភាគទី ១១ នៃស៊េរី «សេចក្ដីស្រឡាញ់របស់ព្រះ» លោក Derek Prince បង្ហាញពីអំណាចនៃការផ្លាស់ប្តូរតាមរយៈការទទួលយកសេចក្ដីស្រឡាញ់របស់ព្រះ។ លោកសង្កត់ធ្ងន់ថា ការយល់ដឹងពិតគឺលើសពីចំណេះដឹងផ្នែកបញ្ញា ដោយជំរុញឱ្យយើងទុកចិត្ត និងចុះចូលចំពោះទ្រង់ដោយជំនឿ។ ដំណើរវិញ្ញាណនេះនាំឱ្យយើងស្គាល់សេចក្ដីស្រឡាញ់ដែល «ហួសពីការយល់ដឹង» និងបំពាក់បំប៉នយើងឱ្យប្រឈមមុខនឹងឆ្នាំថ្មីដោយទំនុកចិត្ត។
Transcript
សូមលើកតម្កើងដល់ព្រះ សម្រាប់ពេលវេលាដែលខ្ញុំបានជួបលោកអ្នកជាថ្មី នៅដើមសប្ដាហ៍នេះ ដើម្បីចែកចាយជូនលោកអ្នកអំពីគន្លឹះសំខាន់ដើម្បីរស់នៅមានជោគជ័យ ជាអ្វីដែលព្រះបានដាក់នៅក្នុងដៃរបស់ខ្ញុំតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន និងការបម្រើព័ន្ធកិច្ចអស់រយៈពេលជាច្រើនឆ្នាំ។
ក្នុងរដូវកាលខួបកំណើតព្រះយេស៊ូវនេះ ខ្ញុំបានចែកចាយប្រាប់លោកអ្នកនូវគោលសំខាន់ អំពីសេចក្ដីស្រឡាញ់របស់ព្រះ ហើយឥឡូវនេះ ដោយយើងស្ថិតនៅដើមឆ្នាំថ្មី ខ្ញុំជឿថា នេះជាពេលដ៏ស័ក្ដិសមសម្រាប់ឲ្យខ្ញុំបន្តនូវគោលសំខាន់ដដែលនេះ។ ប្រសិនបើលោកអ្នកអាចយល់បានអំពីសេចក្ដីពិត ដែលខ្ញុំនឹងចែកចាយជូនលោកអ្នកនៅសប្ដាហ៍នេះ សេចក្ដីពិតទាំងនោះ នឹងជួយលោកអ្នកឲ្យអាចប្រឈមមុខនឹងឆ្នាំថ្មី ដោយមានការធានាអះអាង និងការជឿជាក់កាន់តែមុតមាំជាងមុន។
ប៉ុន្តែ ដំបូងនេះ ខ្ញុំសូមអរគុណលោកអ្នកដែលបានសរសេរផ្ញើមកខ្ញុំ។ មុនពេលដែលខ្ញុំបញ្ចប់ការចែកចាយនៅថ្ងៃនេះ យើងនឹងជម្រាបជូនលោកអ្នកអំពីអាសយដ្ឋាន ដើម្បីឲ្យលោកអ្នកអាចសរសេរផ្ញើមកយើងខ្ញុំ។ ការដែលបានឮអំពីរបៀបដែលព័ន្ធកិច្ចវិទ្យុនេះបានជួយ និងបានជាព្រះពរដល់លោកអ្នក នោះមានន័យធំធេងណាស់សម្រាប់យើងខ្ញុំ។ ដូច្នេះ សូមចំណាយពេលសរសេរមកបីខាន ទោះជាសំណេររបស់លោកអ្នក ជាសេចក្ដីសង្ខេប ហើយផ្ទាល់ខ្លួនក៏ដោយ។
ឥឡូវនេះ សូមយើងត្រឡប់មករកគោលសំខាន់របស់យើងវិញ គឺសេចក្ដីស្រឡាញ់របស់ព្រះ។
ក្នុងការចែកចាយរបស់ខ្ញុំវគ្គមុន ខ្ញុំបានផ្ដោតទៅលើ ការស្គាល់ និងការជឿចំពោះសេចក្ដីស្រឡាញ់របស់ព្រះ។ ខ្ញុំបានពន្យល់ថា ដែលស្គាល់អំពីសេចក្ដីស្រឡាញ់របស់ព្រះ ដោយគំនិតបញ្ញា នោះមិនគ្រប់គ្រាន់ទេ តែយើងត្រូវហួសពីនេះដោយជំនឿ ហើយជឿចំពោះសេចក្ដីស្រឡាញ់របស់ព្រះ ទុកចិត្តចំពោះសេចក្ដីស្រឡាញ់របស់ព្រះ ប្រគល់ខ្លួនចំពោះសេចក្ដីស្រឡាញ់របស់ព្រះ។ មានប្រភេទមួយនៃការកាត់ចិត្តខ្លួនឯង ហើយប្រគល់ដោយជំនឿចំពោះសេចក្ដីស្រឡាញ់របស់ព្រះ ដែលជារឿងសំខាន់ ប្រសិនបើយើងចង់មានបទពិសោធ ដូចដែលលោកយ៉ូហានបានថ្លែង នៅពេលដែលលោកបានសរសេរប្រាប់យើងថាៈ «យើងបានស្គាល់ ហើយក៏ជឿចំពោះសេចក្ដីស្រឡាញ់របស់ព្រះ»។
ដំណាក់កាលនៃជំនឿនេះ ជួយយើងឲ្យអាចស្គាល់សេចក្ដីស្រឡាញ់ ដែលបទគម្ពីរចែងថា «...ហួសពីការយល់ដឹងរបស់មនុស្ស»។ តើយើងយើងអាចស្គាល់អ្វីមួយ ដែលហួសពីការយល់ដឹងរបស់មនុស្ស បានយ៉ាងដូចម្ដេច? ចម្លើយគឺ លោកអ្នកមិនអាចស្គាល់សេចក្ដីនោះដោយគំនិតបញ្ញា តែលោកអ្នកអាចស្គាល់បានដោយបទពិសោធន៍ គឺនៅក្នុងវិញ្ញាណរបស់លោអ្នក។ ហើយការស្គាល់ដោយបទពិសោធន៍នេះ ចូលមកតែតាមរយៈការចុះចូលដោយជំនឿ គឺប្រគល់ខ្លួនចំពោះសេចក្ដីស្រឡាញ់របស់ព្រះ។
នៅថ្ងៃនេះ ខ្ញុំនឹងចែកចាយអំពីគោលសំខាន់នេះ ឲ្យកាន់តែពេញលេញថែមទៀត។ ចំណងជើងមេរៀនរបស់ខ្ញុំនៅថ្ងៃនេះ គឺសេចក្ដីស្រឡាញ់ញុាំងឲ្យមានសេចក្ដីស្រឡាញ់។ ជាដំបូង ខ្ញុំចង់នាំលោកអ្នកមើលទៅសំបុត្រទីមួយរបស់លោកយ៉ូហាន ជំពូក ៤ ខ១៩ ដែលលោកសរសេរពាក្យមួយយ៉ាងសាមញ្ញ ប៉ុន្តែមានន័យជ្រាលជ្រៅ។ មិនខុសពីសេចក្ដីជាច្រើននៅក្នុងសំបុត្រទី១របស់លោកយ៉ូហាននេះទេ គឺលោកប្រើពាក្យសាមញ្ញៗប៉ុន្តែ មានន័យជ្រាលជ្រៅ។ តាមពិត សេចក្ដីពិតនៅក្នុងពាក្យទាំងនោះ មិនអាចវាស់ស្ទង់បានឡើយ។ យើងមិនអាចចូលទៅដល់ទីជម្រៅ នៃសេចក្ដីពិតនោះបានឡើយ។ សូមមើលជាមួយគ្នានៅក្នុង ១យ៉ូហាន ៤:១៩។
«យើងស្រឡាញ់ព្រះអង្គ ពីព្រោះព្រះអង្គបានស្រឡាញ់យើងជាមុន»
«យើងស្រឡាញ់ព្រះអង្គ ពីព្រោះព្រះអង្គ បានស្រឡាញ់យើងជាមុន» នោះមានន័យដោយបទពិសោធន៍ថា យើងត្រូវការសេចក្ដីស្រឡាញ់របស់ព្រះ ដើម្បីបញ្ចេញសេចក្ដីស្រឡាញ់របស់យើង។ ប្រសិនបើយើងមិនមានបទពិសោធន៍ជាមួយនឹងសេចក្ដីស្រឡាញ់របស់ព្រះទេ យើងមិនអាចបញ្ចេញសេចក្ដីស្រឡាញ់បែបនោះ នៅក្នុងជីវិតរបស់យើងបានឡើយ។ ខ្ញុំជឿថា សេចក្ដីនេះត្រូវបានបញ្ជាក់ថាពិតត្រង់មែន នៅក្នុងការធ្វើតេស្ដខាងចិត្តវិទ្យា និងការសិក្សាខាងសង្គមវិទ្យា។ កូនក្មេង ពិតជាមិនអាចបញ្ចេញសេចក្ដីស្រឡាញ់បានទេទាល់តែក្មេងនោះបានទទួលសេចក្ដីស្រឡាញ់ជាមុន។ គោលបំណងរបស់ព្រះ នៅក្នុងច្បាប់របស់ព្រះ និងនៅក្នុងសណ្ដាប់ធ្នាប់សង្គម គឺថា គ្រប់ទាំងក្មេងដែលកើតមកក្នុងពិភពលោក នឹងទទួលសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅ ចេញពីឪពុកម្ដាយរបស់ពួកគេ ហើយតាមរយៈសេចក្ដីស្រឡាញ់របស់ឪពុកម្ដាយនោះ ក្មេងចាប់ផ្ដើមអាចបង្ហាញចេញសេចក្ដីស្រឡាញ់តបទៅវិញ។ គួរឲ្យសោកស្ដាយ មានឪពុកម្ដាយច្រើនណាស់នៅក្នុងពិភពលោកសព្វថ្ងៃ ដែលមិនស្រឡាញ់កូនរបស់ខ្លួន ឬថា មិនចេះបង្ហាញសេចក្ដីស្រឡាញ់។ លទ្ធផលគឺថា ពួកគេជាច្រើនទាំងនោះ ធំឡើងមិនអាចបង្ហាញចេញ ឬបញ្ចេញសេចក្ដីស្រឡាញ់បានឡើយ ព្រោះពួកគេមិនដែលទទួលបានសេចក្ដីស្រឡាញ់។
នេះជាការពិតនៅក្នុងសណ្ដាប់ធ្នាប់ខាងសាច់ឈាម នៅក្នុងគ្រួសារ នៅក្នុងទំនាក់ទំនងរវាងឪពុកម្ដាយនិងកូន។ ប៉ុន្តែ ការនេះដូចគ្នា ហើយក៏កាន់តែពិតទៅទៀត នៅក្នុងទំនាក់ទំនងរវាងព្រះ និងអ្នកជឿ។ ប្រសិនបើយើងមិនមានបទពិសោធន៍ជាមួយនឹងសេចក្ដីស្រឡាញ់របស់ព្រះចំពោះយើងទេ យើងមិនអាចស្រឡាញ់អ្នកដទៃទៀតបានឡើយ។ យើងស្រឡាញ់ ពីព្រោះព្រះអង្គស្រឡាញ់យើងជាមុន។ លោកអ្នកឃើញហើយ នៅក្នុងសំបុត្រទី១របស់លោកយ៉ូហាន ជំពូក៤ លោកយ៉ូហានថ្លែងអំពីប្រភេទនៃសេចក្ដីស្រឡាញ់មួយ ដែលមកអំពីព្រះតែមួយប៉ុណ្ណោះ។ នៅខាងដើមការចែកចាយរបស់ខ្ញុំ ខ្ញុំបានពន្យល់ថា ពាក្យពិសេសនៅក្នុងសញ្ញាថ្មីសម្រាប់សេចក្ដីស្រឡាញ់បែបនោះ គឺ អាកាបេ៉ សេចក្ដីស្រឡាញ់អាកាបេ៉ ។ នៅក្នុង ១ យ៉ូហាន ៤ ខ ៧ និង ៨លោកយ៉ូហានពន្យល់អំពីសេចក្ដីស្រឡាញ់នេះ។ លោកថ្លែងថាៈ
«ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ (សូមកត់សម្គាល់ក្នុងករណីណាក៏ដោយ នេះជាការសម្រេចចិត្ត យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក...» លោកយ៉ូហានកំពុងនិយាយអំពីការសម្រេចចិត្ត។ នេះមិនមែនជារឿងអារម្មណ៍ទេ តែជារឿងសម្រេចចិត្ត)...យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ (សេចក្ដីស្រឡាញ់មកពីព្រះ ប៉ុន្តែយើងជាអ្នកសម្រេចចិត្តដើម្បីបញ្ចេញសេចក្ដីស្រឡាញ់នោះ) ឯអស់អ្នកណាដែលមានសេចក្ដីស្រឡាញ់ អ្នកនោះមកពីព្រះ ហើយក៏ស្គាល់ព្រះដែរ។ អ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ អ្នកនោះមិនស្គាល់ព្រះទេ ព្រោះព្រះទ្រង់ជាសេចក្ដីស្រឡាញ់»។
សូមកត់សម្គាល់ពាក្យនេះ «...អស់អ្នកណាដែលមានសេចក្ដីស្រឡាញ់ (គឺប្រភេទនៃសេចក្ដីស្រឡាញ់អាកាបេ៉) អ្នកនោះមកពីព្រះ ហើយក៏ស្គាល់ព្រះដែរ» តើយើងអាចប្រាកដអំពីការនោះដូចម្ដេចបាន? ព្រោះគ្មានប្រភពណាផ្សេងទៀតសម្រាប់សេចក្ដីស្រឡាញ់អាកាបេ៉នេះឡើយ។ អស់អ្នកដែលបង្ហាញចេញសេចក្ដីស្រឡាញ់នោះ សុទ្ធតែមានបទពិសោធន៍ជាមួយសេចក្ដីស្រឡាញ់នោះរួចហើយ។ «យើងស្រឡាញ់ព្រះអង្គពីព្រោះព្រះអង្គបានស្រឡាញ់យើងជាមុន»។
បន្ទាប់មក លោកយ៉ូហាននិយាយអំពីផ្នែកអវិជ្ជមាននៃសេចក្ដីពិតនេះ «អ្នកណាដែលគ្មានសេចក្ដីស្រឡាញ់បែបនោះ អ្នកនោះមិនស្គាល់ព្រះទេ ព្រោះព្រះទ្រង់ជាសេចក្ដីស្រឡាញ់»។ ដូចដែលលោកយ៉ូហានបានថ្លែងប្រាប់ហើយ សេចក្ដីស្រឡាញ់បែបនេះ អាចមកពីព្រះតែមួយប៉ុណ្ណោះ ហើយសេចក្ដីស្រឡាញ់នេះ ចូលមកតាមរយៈការកើតជាថ្មី។ ដូចគ្នានេះដែរ សាវកពេត្រុសក៏ថ្លែងអំពីការនេះ នៅក្នុងសំបុត្រទី១របស់លោកនៅជំពូក ១ ខ ២២ និង ២៣។ ១ពេត្រុស ១:២២-២៣
«ដោយអ្នករាល់គ្នាបានជម្រះព្រលឹងឲ្យបានស្អាតបរិសុទ្ធ ដោយស្ដាប់តាមសេចក្ដីពិត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ជាបងប្អូន នោះចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្តចុះ។ (សូមកត់សម្គាល់ពីលទ្ធផលនៃការស្ដាប់បង្គាប់តាមសេចក្ដីពិត មិនមែនគ្រាន់តែឮប៉ុណ្ណោះទេ តែការស្ដាប់បង្គាប់តាមសេចក្ដីពិត នៃព្រះបន្ទូលរបស់ព្រះ នោះទើបជាសេចក្ដីស្រឡាញ់ឥតពុតមាយា។ លោកពេត្រុសថ្លែងទៀតថា «មិនត្រឹមតែស្រឡាញ់គ្នាទៅវិញទៅមកប៉ុណ្ណោះទេ តែស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្ត។ ម្ដងទៀតហើយ អ្វីដែលជាប់ទាក់ទិននោះគឺ ការនោះពឹងអាងមួយចំណែកលើការសម្រេចចិត្តរបស់យើង។ ហើយបន្ទាប់មកលោកពន្យល់ពីហេតុដែលយើងអាចធ្វើការនេះបាន...) ដ្បិតព្រះបានបង្កើតអ្នករាល់គ្នាជាថ្មី មិនមែនពីពូជដែលតែងតែពុករលួយនោះទេ គឺពីពូជដែលមិនចេះពុករលួយវិញ គឺជាព្រះបន្ទូលរបស់ព្រះដែលរស់នៅហើយស្ថិតស្ថេរ»។
ដូច្នេះ នៅពេលដែលគ្រាប់ពូជរបស់ព្រះចាក់ឫសនៅក្នុងចិត្តរបស់យើង ហើយនាំឲ្យមានការកើតជាថ្មីចេញពីគ្រាប់ពូជនោះ ហើយនៅក្នុងការការកើតជាថ្មីនោះ មានសេចក្ដីស្រឡាញ់របស់ព្រះ។ ពីព្រោះគ្រាប់ពូជដែលជាព្រះបន្ទូលរបស់ព្រះ មាននិស្ស័យជាព្រះ ហើយនិស្ស័យរបស់ព្រះ គឺសេចក្ដីស្រឡាញ់។ ដូច្នេះ ចេញពីការកើតជាថ្មី នោះមានប្រភេទនៃសេចក្ដីស្រឡាញ់ដ៏អស្ចារ្យនេះចេញមក គឺសេចក្ដីស្រឡាញ់អាកាបេ៉ ដែលអាចមកតែពីព្រះមួយប៉ុណ្ណោះ ប៉ុន្តែសេចក្ដីស្រឡាញ់នេះមកពីព្រះ ចូលមកក្នុងចិត្តរបស់យើង ហើយរស់នៅតាមរយៈការកើតជាថ្មី ពីពូជដែលមិនចេះពុករលួយ គឺជាព្រះបន្ទូលរបស់ព្រះ។
ប្រភេទនៃសេចក្ដីស្រឡាញ់ដ៏អស្ចារ្យនេះ សេចក្ដីស្រឡាញ់អាកាបេ៉នេះ ដែលចេញមកពីពូជនៃព្រះបន្ទូលរបស់ព្រះ តាមរយៈការកើតជាថ្មី ត្រូវតែថែបំប៉ន និងជំរុញដោយព្រះវិញ្ញាណរបស់ព្រះ។ ដូចជាអ្វីៗទាំងអស់នៅក្នុងការប្រោសលោះរបស់ព្រះដូច្នោះដែរ ព្រះវិញ្ញាណ និងព្រះបន្ទូលរបស់ព្រះ ធ្វើការរួមជាមួយគ្នា។ឧទាហរណ៍ នៅក្នុងកូឡូស ជំពូក ១ ខ៧ និង ខ៨ លោកប៉ុលថ្លែងអំពីការនេះ គឺលោកមានប្រសាសន៍ទៅគ្រិស្តបរិស័ទនៅក្រុងកូឡូសថាៈ
«តាមដែលអ្នករាល់គ្នាបានរៀន (គឺរៀនអំពីសេចក្ដីស្រឡាញ់របស់ព្រះ) ពីអេប៉ាប្រាស ជាអ្នកបម្រើស្ងួនភ្ងាជាមួយយើង។ គាត់ជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះគ្រីស្ទ សម្រាប់អ្នករាល់គ្នា ហើយគាត់បានប្រាប់ឲ្យយើងដឹងអំពីសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ដោយព្រះវិញ្ញាណ»។
ដូច្នេះ សេចក្ដីស្រឡាញ់ដែលគ្រិស្តបរិស័ទនៅក្រុងកូឡូសទាំងនេះបានចាប់ផ្ដើមបង្ហាញចេញ គឺដោយព្រោះតែបានឮ ហើយបានទទួលព្រះបន្ទូលរបស់ព្រះ គឺជាសេចក្ដីស្រឡាញ់ ដោយព្រះវិញ្ញាណ។ ព្រះបន្ទូល និងព្រះវិញ្ញាណ ដែលធ្វើការរួមគ្នានៅក្នុងពួកគេ បានបង្កើតចេញជាសេចក្ដីស្រឡាញ់ដ៏អស្ចារ្យនេះឯង។
នៅក្នុងគម្ពីរ៉ូម ៥:៥ លោកប៉ុលប្រើភាសាដែលកាន់តែធ្ងន់ គឺនៅក្នុងរ៉ូម ៥:៥ លោកប៉ុលថ្លែងថាៈ
«សេចក្ដីសង្ឃឹមក៏មិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះសេចក្ដីស្រឡាញ់របស់ព្រះ បានបង្ហូរមកក្នុងចិត្តយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើង» (RKOV)
ដំបូង គឺគ្រាប់ពូជនៃព្រះបន្ទូល ដែលព្រះវិញ្ញាណទ្រង់ថែបំប៉ន នោះនាំឲ្យមានការកើតជាថ្មី។ បន្ទាប់មក ដោយសារការកើតជាថ្មីនេះ ព្រះទ្រង់បង្ហូរចេញសេចក្ដីស្រឡាញ់របស់ព្រះអង្គ ចូលមកក្នុងចិត្តរបស់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ សូមកត់សម្គាល់ នេះមិនមែនជាប្រភេទនៃសេចក្ដីស្រឡាញ់ណាផ្សេងនោះទេ តែជាសេចក្ដីស្រឡាញ់របស់ព្រះ ហើយសេចក្ដីស្រឡាញ់នោះបានបង្ហូរមក។ និយាយបានម្យ៉ាងទៀតថា គ្មានព្រំខណឌ គ្មានការបង្ខាំង។ ដរាបណាយើងព្រមចុះចូល នោះយើងអាចមានសេចក្ដីស្រឡាញ់នោះ គឺព្រះទ្រង់បង្ហូរសេចក្ដីស្រឡាញ់របស់ព្រះអង្គ ទាំងមានសេចក្ដីពោរពេញ នៅក្នុងចិត្តរបស់យើង ដោយសារព្រះវិញ្ញាណបរិសុទ្ធ។
នៅពេលដែលខ្ញុំសញ្ជឹងគិតអំពីសារៈសំខាន់ដ៏អស្ចារ្យ នៃការស្ដែងចេញនូវសេចក្ដីស្រឡាញ់របស់ព្រះដោយព្រោះយើងស្គាល់ព្រះ ដោយឆ្លើយតបចំពោះសេចក្ដីស្រឡាញ់របស់ព្រះ ដោយសេចក្ដីស្រឡាញ់របស់យើងនោះមានឃ្លាមួយបានផុសមកក្នុងគំនិតខ្ញុំ ហើយខ្ញុំចង់ចែកចាយប្រាប់លោកអ្នក នៅពេលដែលខ្ញុំបញ្ចប់។ អ្នកខ្លះបានសង្រ្គោះដោយសារមនុស្សចម្លែក។ ពួកគេបានសង្រ្គោះ ពួកគេបានប្រែចិត្តជឿ ពួកគេបានបែរចេញពីអំពើបាប ប៉ុន្តែពួកគេមិនបានស្គាល់ព្រះអង្គដែលបានសង្រ្គោះពួកគេ។
ខ្ញុំសូមយករូបភាពតូចមួយអំពីមនុស្សម្នាក់លង់ទឹក។ មានអ្នកចម្លែកម្នាក់ដើរមក លោតចូលទៅក្នុងទឹក ហើយទាញគាត់ចេញមក រួចនិយាយថា «អ្នករួចខ្លួនហើយ នៅឲ្យស្ងួតខ្លួនសិនចុះ អ្នកមានសុវត្ថិភាពហើយ»។ បន្ទាប់មក អ្នកនោះដើរចេញទៅបាត់។ អ្នកនោះបានសង្រ្គោះ ប៉ុន្តែគាត់មិនស្គាល់អ្នកដែលបានជួយសង្រ្គោះគាត់ទេ។ ខ្ញុំគិតថា គ្រិស្តបរិស័ទជាច្រើន គឺបែបដូចគ្នានេះឯង។ ព្រះយេស៊ូបានទាញពួកគេចេញពីទន្លេនៃអំពើបាប និងសេចក្ដីហិនវិនាស ប៉ុន្តែពួកគេមិនស្គាល់ព្រះអង្គ។ តើអ្វីដែលធ្វើឲ្យយើងនិយាយថា ពួកគេមិនស្គាល់ព្រះអង្គ? ចម្លើយគឺ ពួកគេមិនស្រឡាញ់។ អស់អ្នកដែលស្គាល់ព្រះ គេស្រឡាញ់ព្រះ ប៉ុន្តែលោកអ្នកឃើញហើយ ខ្ញុំគិតថា មានគ្រិស្តបរិស័ទជាច្រើន ជាក្រុមជំនុំដំណឹងល្អ និងក្រុមជំនុំដទៃផ្សេងៗ បានសង្រ្គោះជាពិត ប៉ុន្តែបានសង្រ្គោះដោយមនុស្សចម្លែក។ គឺអ្នកសង្រ្គោះនោះ ជាជនចម្លែកសម្រាប់គេ។
ដូច្នេះ ខ្ញុំចង់ប្រាប់លោកអ្នកថា សូមកុំធ្វើឲ្យព្រះនៅតែជាជនចម្លែកនោះឡើយ ប្រសិនបើព្រះអង្គបានសង្រ្គោះលោកអ្នក។ ចូរស្គាល់ព្រះអង្គ តើអ្វីទៅជាភស្តុតាងបញ្ជាក់ពីការស្គាល់ព្រះអង្គ? គឺលោកអ្នកនឹងបង្កើតចេញសេចក្ដីស្រឡាញ់របស់ព្រះអង្គ នៅក្នុងជីវិតរបស់លោកអ្នក ព្រោះអស់អ្នកដែលស្គាល់ព្រះ នោះមានសេចក្ដីស្រឡាញ់ ប៉ុន្តែអ្នកដែលមិនមានសេចក្ដីស្រឡាញ់ នោះមិនស្គាល់ព្រះទេ។
ពេលវេលារបស់យើងដល់ទីបញ្ចប់ហើយសម្រាប់ថ្ងៃនេះ។ ខ្ញុំនឹងត្រឡប់មកជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមពេលវេលា និងម៉ោងកំណត់ ហើយខ្ញុំនឹងបន្តគោលសំខាន់នេះនៅថ្ងៃស្អែក គឺ «សេចក្ដីស្រឡាញ់របស់ព្រះ» ។ សូមកុំខាននឹងតាមដានសិក្សាជាមួយគ្នានៅវគ្គក្រោយ។ សូមព្រះជាម្ចាស់ប្រទានពរ។
កូដ: RP-R105-101-KHM










