អំណាចប្រោសឲ្យជានៃសេចក្ដីស្រឡាញ់របស់ព្រះ

ដេរេក ព្រីនស៍
Published: 1982
Last Updated: September 2026
Read Time: 9
ស្វែងយល់ពី «អំណាចនៃការព្យាបាលនៃសេចក្ដីស្រឡាញ់របស់ព្រះ» ក្នុងភាគទី ១០ នៃស៊េរី «សេចក្ដីស្រឡាញ់របស់ព្រះ» ជាមួយលោក ដេរិក ព្រីនស៍។ ស្វែងយល់ពីរបៀបដែលសេចក្ដីស្រឡាញ់ដ៏ទេវភាព ដូចដែលបានបង្ហាញតាមរយៈសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទចំពោះក្រុមជំនុំ ដែលផ្ដល់នូវការព្យាបាល ការលើកទឹកចិត្ត និងការរួបរួមគ្នាជាស្ថាពរ។ សូមឱ្យព្រះបន្ទូលដឹកនាំអ្នកឱ្យទទួលបទពិសោធន៍នៃការឱបក្រសោបដ៏មានឥទ្ធិពលនៃសេចក្ដីស្រឡាញ់របស់ព្រះនៅក្នុងជីវិតរបស់អ្នក។
Transcript
វិសេសណាស់ដែលបានជួបលោកអ្នកជាថ្មីនៅថ្ងៃនេះ ជាពេលដែលយើងចូលមកជិតចុងសប្ដាហ៍មួយទៀត។ ថ្ងៃនេះ ខ្ញុំនឹងបន្តគោលសំខាន់ដ៏ពិសេសរបស់យើងសម្រាប់រដូវកាលខួបកំណើតព្រះយេស៊ូគ្រីស្ទ គឺគោលសំខាន់អំពីសេចក្តីស្រឡាញ់របស់ព្រះ។
ក្នុងការចែកចាយរបស់ខ្ញុំវគ្គមុន ខ្ញុំបាននិយាយអំពីទំនាក់ទំនងអាពាហ៍ពិពាហ៍ ថាជាគំរូអំពីសេចក្តីស្រឡាញ់របស់ព្រះ។ ខ្ញុំបាននាំលោកអ្នកទៅមើលគម្ពីរអេភេសូរ ៥ ដែលលោកប៉ុលថ្លែងថា៖ «ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធខ្លួន ដូចជាព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំ»។ ខ្ញុំបានបង្ហាញលក្ខណៈពិសេសចំនួនប្រាំ អំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យនេះ ដែលនិយាយសំដៅទៅរកសេចក្តីស្រឡាញ់របស់ព្រះ។ ទីមួយ សេចក្តីស្រឡាញ់ ជាបំណងចិត្តដែលជំរុញឲ្យការទាំងអស់ដែលកើតឡើងជាបន្តបន្ទាប់។ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំ ហើយគ្រប់កិច្ចការទាំងអស់ដែលព្រះគ្រីស្ទបានធ្វើសម្រាប់ក្រុមជំនុំ សុទ្ធតែចេញមកពីសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះក្រុមជំនុំ។ ទីពីរ សេចក្តីស្រឡាញ់នេះ គឺជាសេចក្តីស្រឡាញ់ដែលប្រគល់ខ្លួនឲ្យ មិនមែនត្រឹមតែឲ្យរបស់នោះឡើយ។ ព្រះអង្គបានប្រគល់អង្គទ្រង់ឲ្យក្រុមជំនុំ។ ទីបី សេចក្តីស្រឡាញ់នេះ បង្កើតនិមិត្តមើលឃើញអ្វីដែលខ្លួនអាចធ្វើបាន នៅក្នុងអ្នកដែលខ្លួនស្រឡាញ់។ ព្រះគ្រីស្ទបានមើលឃើញកូនក្រមុំដែលឥតមានស្នាមប្រឡាក់ សូម្បីតែនៅពេលដែលព្រះអង្គទតមើលមកផែនដី ដែលពោរពេញទៅដោយមនុស្សមានបាប ដែលព្រះអង្គបានប្រគល់ព្រះអង្គទ្រង់ជំនួស។ ទីបួន សេចក្តីស្រឡាញ់ផ្គត់ផ្គង់យ៉ាងពេញលេញសម្រាប់សេចក្តីត្រូវការទាំងអស់របស់អ្នកដែលខ្លួនស្រឡាញ់។ ព្រះគ្រីស្ទផ្គត់ផ្គង់ទាំងអស់ដល់កូនក្រមុំរបស់ព្រះអង្គ ដូចជាមនុស្សផ្គត់ផ្គង់ទាំងអស់ដល់រូបកាយរបស់ខ្លួន ឬដល់ប្រពន្ធរបស់ខ្លួន។ ទីប្រាំ គោលបំណងចុងក្រោយសម្រាប់សេចក្តីស្រឡាញ់នេះ គឺរួមមកតែមួយ។ នៅចំណុចនោះ លោកប៉ុលដកស្រង់ពាក្យចេញពីលោកុប្បត្តិ ជំពូក ២៖ «ដោយហេតុនោះបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅនៅជាប់ជាមួយប្រពន្ធរបស់ខ្លួន ហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ»។ អ្នកទាំងពីរត្រឡប់ជាសាច់តែមួយ។ នោះហើយជាគោលបំណងចុងក្រោយនៃសេចក្តីស្រឡាញ់របស់ព្រះ គឺការរួមគ្នាមកតែមួយជាមួយអ្នកដែលព្រះអង្គស្រឡាញ់។
នៅថ្ងៃនេះ ខ្ញុំនឹងចែកចាយអំពីអំណាចប្រោសឲ្យជានៃសេចក្តីស្រឡាញ់របស់ព្រះ ហើយខ្ញុំសូមអធិស្ឋានសូមឲ្យពេលដែលខ្ញុំចែកចាយនេះ មានអំណាចប្រោសឲ្យជារបស់ព្រះនៅក្នុងគ្រប់ពាក្យ និងនៅក្នុងព្រះរាជសារ ដែលខ្ញុំនឹងនាំមកជូនលោកអ្នកនៅពេលនេះ។
វគ្គមុន នៅក្នុងចំណោមសេចក្តីដទៃទៀតចេញពីគម្ពីរហូសេ ជំពូក ២ ខ្ញុំបានបង្ហាញប្រាប់លោកអ្នកនូវរូបភាពមួយ អំពីរបៀបដែលព្រះទ្រង់ប្រលោមយើងដោយសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ព្រះអង្គលួងលោមយើង។ ព្រះអង្គនាំយើងចូលទៅក្នុងជ្រលងភ្នំអាកោរ គឺស្ថានភាពទុក្ខលំបាក ប៉ុន្តែនៅពេលដែលយើងស្ថិតនៅកណ្ដាលបញ្ហា ព្រះអង្គបើកទ្វារនៃសេចក្តីសង្ឃឹម បើកសម្ដែងឲ្យឃើញអង្គទ្រង់ នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ ដើម្បីនាំឲ្យមានការរួមគ្នាមកតែមួយអស់កល្បជានិច្ចជាមួយអ្នកដែលព្រះអង្គស្រឡាញ់។
ថ្ងៃនេះ ខ្ញុំនឹងដកស្រង់បទគម្ពីរមួយផ្សេងទៀតចេញពីគម្ពីរហូសេដដែល ដើម្បីបង្ហាញប្រាប់លោកអ្នកពីអំណាចប្រោសឲ្យជានៃសេចក្តីស្រឡាញ់របស់ព្រះ។ នេះជាខគម្ពីរដ៏ល្អមួយនៅក្នុងជំពូកចុងក្រោយរបស់គម្ពីរហូសេ គឺហូសេ ១៤:៤ ដែលព្រះទ្រង់មានបន្ទូលអំពីការធ្លាក់ចុះ និងការមិនស្មោះត្រង់របស់អ៊ីស្រាអែល ប៉ុន្តែនៅទីបំផុត ព្រះអង្គប្រកាសថា ព្រះអង្គនឹងប្រោសពួកគេឲ្យជា។ នេះជាអ្វីដែលព្រះអង្គមានបន្ទូលនៅក្នុងហូសេ ១៤:៤៖
«យើងនឹងប្រោសចិត្តដែលផិតក្បត់របស់គេឲ្យជា យើងនឹងស្រឡាញ់គេដោយស្ម័គ្រពីចិត្ត ដ្បិតកំហឹងរបស់យើងបានបែរចេញពីគេហើយ»។ (NIV)
សូមកត់សម្គាល់ ដូចខ្ញុំបាននិយាយជាច្រើនដងរួចមកហើយ ហើយខ្ញុំប្រហែលជានឹងនិយាយម្ដងទៀតនៅក្នុងការចែកចាយតទៅមុខទៀតរបស់ខ្ញុំអំពីសេចក្តីស្រឡាញ់របស់ព្រះ នេះជាសេចក្តីស្រឡាញ់ដែលស្ម័គ្រពីចិត្ត។ «យើងនឹងស្រឡាញ់គេដោយស្ម័គ្រពីចិត្ត»។ ព្រះទ្រង់មានបន្ទូលថា សេចក្តីស្រឡាញ់នោះមិនអាចរកបាន។ គ្មានវិធីណាដែលយើងសក្តិសមនឹងទទួលបានសេចក្តីស្រឡាញ់នោះទេ។ យើងទទួលបានសេចក្តីស្រឡាញ់នោះដោយទទេ ឬមិនទទួលបានសោះតែម្ដង។ ព្រះទ្រង់មានបន្ទូលថា ចេញពីសេចក្តីស្រឡាញ់ដែលប្រទានឲ្យដោយទទេ សេចក្តីស្រឡាញ់ដែលមិនសមទទួលបាននោះ នឹងមានការប្រោសឲ្យជាសម្រាប់ចិត្តដែលផិតក្បត់របស់អ៊ីស្រាអែលទាំងអស់ សម្រាប់ការធ្លាក់ចុះទាំងអស់របស់ពួកគេ និងសម្រាប់បញ្ហាទាំងអស់ ដែលការធ្លាក់ចុះនោះបាននាំមកឲ្យពួកគេ។ ខ្ញុំចង់ឲ្យលោកអ្នកមើលឃើញថា សេចក្តីស្រឡាញ់របស់ព្រះ គឺជាដំណោះស្រាយចុងក្រោយសម្រាប់បញ្ហារបស់យើង ទាំងខាងសាច់ឈាម ខាងស្មារតី ខាងអារម្មណ៍ ខាងវិញ្ញាណ ខាងថវិកា ទាំងកម្រិតផ្ទាល់ខ្លួន និងកម្រិតជាតិ។ មានដំណោះស្រាយចុងក្រោយតែមួយគត់ នោះគឺសេចក្តីស្រឡាញ់របស់ព្រះ។ សេចក្តីស្រឡាញ់របស់ព្រះ និងអំណាចប្រោសឲ្យជារបស់ព្រះអង្គ គ្របដណ្ដប់គ្រប់ផ្នែកទាំងអស់នៃបុគ្គលិកលក្ខណៈរបស់យើង។ គ្មានផ្នែកណាមួយនៅក្នុងបុគ្គលិកលក្ខណៈរបស់មនុស្ស ដែលសេចក្តីស្រឡាញ់របស់ព្រះមិនអាចប៉ះពាល់បាន និងមិនអាចផ្លាស់ប្ដូរបាននោះទេ។ ប៉ុន្តែ ខ្ញុំចង់និយាយជាពិសេសអំពីអំណាចប្រោសឲ្យជានៃសេចក្តីស្រឡាញ់របស់ព្រះ សម្រាប់របួសដ៏ជ្រាលជ្រៅបំផុតមួយរបស់មនុស្ស គឺរបួសដោយសារការបោះបង់ ដោយសារអារម្មណ៍ថា គ្មានអ្នកណាត្រូវការខ្លួន គ្មានអ្នកណាស្រឡាញ់ខ្លួន គ្មានអ្នកណាយកចិត្តទុកដាក់នឹងខ្លួន គ្មានអ្នកណាម្នាក់ឲ្យតម្លៃខ្លួន។ ខ្ញុំចង់នាំលោកអ្នកមើលទៅបទគម្ពីរពីរ ដែលសុទ្ធតែចេញពីសញ្ញាចាស់ ដើម្បីនិយាយអំពីអំណាចប្រោសឲ្យជានៃសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងផ្នែកចម្បងពីរ ដែលយើងជួបប្រទះការបោះបង់។ ទីមួយ ការបោះបង់ដែលប្រពន្ធទទួលរងពីប្ដីរបស់ខ្លួន។ ទីពីរ ការបោះបង់ដែលកូនទទួលរងពីឪពុកម្ដាយរបស់ខ្លួន។ ដំបូង សូមមើលនៅក្នុងអេសាយ ៥៤:៤-៨ ជារូបភាពអំពីប្រពន្ធដែលត្រូវបានបោះបង់ចោល និងសេចក្តីសន្យារបស់ព្រះចំពោះនាង។
«កុំឲ្យខ្លាចឡើយ ដ្បិតអ្នកនឹងមិនដែលត្រូវអាម៉ាស់ឡើយ ក៏កុំឲ្យរសង្កៀសចិត្តដែរ ព្រោះអ្នកនឹងមិនដែលត្រូវមានសេចក្តីខ្មាសឡើយ។ អ្នកនឹងភ្លេចសេចក្តីខ្មាសដែលអ្នកមានពីកាលនៅវ័យក្មេង ហើយអ្នកនឹងមិននឹកចាំពីសេចក្តីដែលគេត្មះតិះដៀល ពីកាលនៅមេម៉ាយតទៅទៀតដែរ ដ្បិតព្រះដែលបង្កើតអ្នកមក ព្រះអង្គជាប្ដីរបស់អ្នកហើយ ព្រះនាមព្រះអង្គ គឺយេហូវ៉ានៃពួកពលបរិវារ ហើយព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេនឹងហៅព្រះអង្គថា ជាព្រះនៃលោកិយទាំងមូល។ ដ្បិតព្រះទ្រង់មានព្រះបន្ទូលថា ព្រះយេហូវ៉ាបានហៅអ្នកទុកដូចជាស្ត្រីដែលប្ដីបោះបង់ចោល ដែលមានចិត្តស្នេហ៍កញ្ជ្រោល គឺជាប្រពន្ធក្រមុំកំលោះ ដែលត្រូវបង់ចោលហើយ។ ដ្បិតយើងបានបោះបង់ចោលអ្នកតែមួយភ្លែតទេ តែយើងនឹងទទួលអ្នកមកវិញ ដោយសេចក្តីមេត្តាជាខ្លាំង។ ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នក ព្រះអង្គមានព្រះបន្ទូលថា យើងបានគេចមុខចេញពីអ្នកទៅតែមួយភ្លែតនោះ ដោយមានសេចក្តីក្រោធដ៏ហូរហៀរ តែយើងនឹងអាណិតអាសូរដល់អ្នក ដោយសេចក្តីសប្បុរសដ៏នៅអស់កល្បជានិច្ចវិញ»។ (NIV)
មានការអនុវត្តជាច្រើនសម្រាប់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។ បទគម្ពីរនេះក៏អនុវត្តសម្រាប់ក្រុមជំនុំរបស់ព្រះយេស៊ូគ្រីស្ទផងដែរ ហើយបទគម្ពីរនេះក៏អនុវត្តផ្ទាល់ខ្លួននៅក្នុងជីវិតរបស់យើងម្នាក់ៗ ដែលបានមកដល់កន្លែងដែលយើងមានអារម្មណ៍ថា ត្រូវគេស្អប់ខ្ពើម ត្រូវគេបោះបង់។ យើងមានសេចក្តីអាម៉ាស់ មានគេបានធ្វើឲ្យយើងអស់សង្ឃឹម អាចជាប្ដី ឬអាចជាប្រពន្ធ។ ទំនាក់ទំនងផ្ទាល់ខ្លួនខ្លះដែលយើងបានសង់ជាច្រើននៅលើនោះ ត្រូវបានបំផ្លាញ បានធ្វើឲ្យយើងបាក់ទឹកចិត្ត ហើយយើងនៅម្នាក់ឯងនៅក្នុងគំនរបាក់បែក អង្គុយនៅក្នុងធូលីដី ដោយសេចក្តីអាម៉ាស់ និងភាពអាប់ឱន។ ព្រះទ្រង់មានបន្ទូលថា យើងនឹងប្រោសស្ថានភាពនោះឲ្យជា។ យើងនឹងចូលមកក្នុងស្ថានភាពនោះ ហើយយើងនឹងស្ដារអ្វីៗដែលមនុស្សបានធ្វើមកលើអ្នក។ ប្រសិនបើជាស្ត្រី យើងនឹងធ្វើជាប្ដីដល់នាង ប្រសិនបើជាបុរស យើងនឹងធ្វើជាកម្លាំងដល់អ្នក។ យើងនឹងលើកទឹកចិត្តអ្នក។ យើងនឹងបំពេញអ្នក។ នោះហើយជាអំណាចនៃសេចក្តីស្រឡាញ់របស់ព្រះ ប៉ុន្តែសេចក្តីស្រឡាញ់នោះ គឺប្រទានដោយទទេ។ សូមចាំថា សេចក្តីស្រឡាញ់នោះ គឺដោយទទេ។ លោកអ្នកមិនអាចរកបានសេចក្តីស្រឡាញ់នោះទេ។ ដោយព្រោះជ្រលងភ្នំអាកោរ ដ៏ជាបញ្ហានោះ ព្រះទ្រង់នឹងបើកទ្វារនៃសេចក្តីសង្ឃឹមឲ្យលោកអ្នក។ កុំអស់សង្ឃឹម កុំចុះចាញ់។ សូមចាំថា នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះ មានដំណោះស្រាយ និងមានការប្រោសឲ្យជាសម្រាប់លោកអ្នក គឺសម្រាប់យើងម្នាក់ៗ។
ខ្ញុំបាននិយាយអំពីអំណាចប្រោសឲ្យជានៃសេចក្តីស្រឡាញ់របស់ព្រះ សម្រាប់អ្នកដែលបានជួបប្រទះការបោះបង់ នៅក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ដែលបានបាក់បែក។ ខ្ញុំក៏ចង់និយាយដោយសង្ខេបអំពីអំណាចប្រោសឲ្យជានៃសេចក្តីស្រឡាញ់របស់ព្រះ សម្រាប់អ្នកដែលបានជួបប្រទះការបដិសេធពីឪពុកម្ដាយរបស់ខ្លួន ប្រហែលពីឪពុកម្ដាយទាំងពីរ ឬតែពីឪពុក ឬតែពីម្ដាយ។ ខ្ញុំខ្លួនឯងជឿថា នេះជាបញ្ហា ឬជាការឈឺចាប់ទូទៅបំផុតនៅក្នុងសម័យបច្ចុប្បន្នរបស់យើង គឺកូនមិនដែលបានស្គាល់សេចក្តីស្រឡាញ់ពិតប្រាកដពីឪពុកម្ដាយរបស់ខ្លួន ជាពិសេស ពីឪពុក។ ពីព្រោះ ខ្ញុំជឿថា ព្រះទ្រង់បានបង្កើតកូនមក ឲ្យមានអារម្មណ៍ត្រូវការសេចក្តីស្រឡាញ់របស់ឪពុក ហើយតាមរយៈអារម្មណ៍នោះ ពួកគេអាចទៅហួសពីឪពុកខាងសាច់ឈាម ហើយរកឃើញព្រះវរបិតាដែលគង់នៅស្ថានសួគ៌។ ប៉ុន្តែ ទោះជាយើងមើលតាមវិធីណាក៏ដោយ វាច្បាស់ណាស់ថា ការឈឺចាប់ដ៏ជ្រាលជ្រៅបំផុតមួយដែលមនុស្សជាច្រើនជួបប្រទះសព្វថ្ងៃ គឺការឈឺចាប់កើតចេញពីអារម្មណ៍ថា គ្មានគេចង់បានខ្លួន គ្មានគេស្រឡាញ់ គ្មានគេឲ្យតម្លៃ ជាពិសេសពីមនុស្សដែលជាអ្នកទីមួយ និងជាមនុស្សដំបូងគេ ដែលគួរតែស្រឡាញ់ គឺឪពុកម្ដាយ។ នៅក្នុងទំនុកតម្កើង ២៧:៩-១០ ព្រះបាទដាវីឌ ជាអ្នកសរសេរទំនុកតម្កើងនេះ ប្រឈមមុខជាមួយបញ្ហានេះ និងបង្ហាញប្រាប់យើងពីដំណោះស្រាយ។ ទំនុកតម្កើង ២៧:៩-១០៖
«សូមកុំលាក់ព្រះភក្ដ្រនឹងទូលបង្គំឡើយ កុំផាត់អ្នកបម្រើព្រះអង្គចេញដោយខ្ញាល់ឡើយ ព្រះអង្គហើយដែលជួយទូលបង្គំ។ ឱព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំអើយ សូមកុំផាត់ទូលបង្គំចេញ សូមកុំបោះបង់ចោលទូលបង្គំឡើយ! ប្រសិនបើឪពុកម្ដាយបានបោះបង់ចោលទូលបង្គំ ព្រះយេហូវ៉ានឹងទទួលទូលបង្គំទុក»។ (NIV)
លោកអ្នកឃើញទេ ទោះបីជាឪពុកម្ដាយមិនបានប្រព្រឹត្តចំពោះយើង តាមដែលយើងរំពឹងទុកក៏ដោយ ទោះបីជាពួកគាត់បោះបង់ចោលយើងក៏ដោយ ហើយខ្ញុំធ្លាប់បានដោះស្រាយជាមួយមនុស្សជាច្រើនដែលកាលពីពួកគេនៅក្មេង ត្រូវបានឪពុកម្ដាយបោះបង់ចោល ក៏ប៉ុន្តែ យើងអាចងាកមករកព្រះអម្ចាស់ ហើយទូលថា៖ «ព្រះអម្ចាស់អើយ សូមកុំបដិសេធទូលបង្គំឡើយ សូមកុំប្រព្រឹត្តចំពោះទូលបង្គំ ដូចជាឪពុកម្ដាយរបស់ទូលបង្គំបានប្រព្រឹត្តចំពោះទូលបង្គំឡើយ។ ព្រះអង្គអាចធ្វើជាឪពុកម្ដាយដល់ទូលបង្គំបាន ដូចដែលព្រះអង្គបានធ្វើជាប្ដីដល់ស្ត្រីដែលត្រូវបានប្ដីបោះបង់ចោលផងទៅ»។ ដូច្នេះ ការនេះមាននៅក្នុងសេចក្តីស្រឡាញ់របស់ព្រះ ដែលទទេ មិនអាចរកបាន តែអាចកើតឡើងនៅពេលឆ្លងកាត់ជ្រលងភ្នំអាកោរ គឺនៅពេលជួបស្ថានភាពទុក្ខលំបាក នោះព្រះអង្គបើកទ្វារនៃសេចក្តីសង្ឃឹម ដើម្បីឲ្យយើងអាចរកឃើញការប្រោសឲ្យជាសម្រាប់គ្រប់របួសទាំងអស់ ជាពិសេសរបួសដោយសារការបោះបង់។
ប្រសិនបើលោកអ្នកកំពុងជួបបញ្ហាបែបនេះ អាចនៅថ្ងៃនេះ លោកអ្នកគិតថា៖ «ខ្ញុំពិតជាកំពុងស្ថិតនៅជ្រលងភ្នំអាកោរមែន»។ នោះសូមបែរមករកព្រះអម្ចាស់ ហើយអនុញ្ញាតឲ្យព្រះអង្គបើកទ្វារនៃសេចក្តីសង្ឃឹម ហើយបង្ហាញប្រាប់សេចក្តីស្រឡាញ់នោះ ជាសេចក្តីស្រឡាញ់ដែលអាចប្រោសព្យាបាលរបួសដ៏ជ្រៅបំផុតរបស់លោកអ្នកបាន។
ពេលវេលារបស់យើងដល់ទីបញ្ចប់ហើយសម្រាប់ថ្ងៃនេះ។ ខ្ញុំនឹងត្រឡប់មកជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមពេលវេលាកំណត់របស់យើង។ វគ្គក្រោយ ខ្ញុំនឹងបន្តគោលសំខាន់ដ៏មិនចេះរីងស្ងួតនេះ គឺសេចក្តីស្រឡាញ់របស់ព្រះ។
ពេលដែលយើងខិតចូលកាន់តែជិតចុងបញ្ចប់នៃឆ្នាំនេះ ខ្ញុំសូមថ្លែងអំណរគុណជាពិសេសចំពោះអស់លោកអ្នកដែលបានចូលជាមួយខ្ញុំក្នុងសម្រាលបន្ទុកខាងថវិកាសម្រាប់ព័ន្ធកិច្ចវិទ្យុនេះ។ ហើយជាថ្មីម្ដងទៀត ខ្ញុំសូមឲ្យលោកអ្នកនៅតែនឹកចាំអំពីព័ន្ធកិច្ចនេះ តាមរយៈជំនួយសប្បុរសរបស់លោកអ្នក មុននឹងឈានចូលឆ្នាំថ្មី។ ជំនួយដ៏សប្បុរសរបស់លោកអ្នក នឹងបានជាប្រភពដ៏អស្ចារ្យក្នុងការលើកទឹកចិត្តដល់យើងខ្ញុំដោយផ្ទាល់ ហើយនឹងជួយយើងខ្ញុំឲ្យបន្ត និងពង្រីកព័ន្ធកិច្ចនៅក្នុងឆ្នាំថ្មីដែលនៅចំពោះមុខ។
កូដ: RP-R104-105-KHM










