អាពាហ៍ពិពាហ៍ ជាគំរូអំពីសេចក្ដីស្រឡាញ់របស់ព្រះ

ដេរេក ព្រីនស៍
Published: 1982
Last Updated: September 2026
Read Time: 9
ក្នុង «អាពាហ៍ពិពាហ៍៖ ជាគំរូនៃសេចក្ដីស្រឡាញ់របស់ព្រះ» ដែលជាភាគទី ៩ នៃស៊េរី «សេចក្ដីស្រឡាញ់របស់ព្រះ» លោក Derek Prince បកស្រាយពីអាពាហ៍ពិពាហ៍ជាការឆ្លុះបញ្ចាំងពីសេចក្ដីស្រឡាញ់របស់ព្រះ។ លោកបង្ហាញថា សេចក្ដីស្រឡាញ់រវាងប្ដីប្រពន្ធ គឺដូចជាសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទចំពោះក្រុមជំនុំ ដែលជាសេចក្ដីស្រឡាញ់ផ្ដល់ឱ្យដោយឥតគិតថ្លៃ។ ចូរស្វែងយល់ពីរបៀបដែលគំរូនេះ ផ្លាស់ប្ដូរការយល់ដឹងរបស់អ្នកអំពីសេចក្ដីស្រឡាញ់ និងទំនាក់ទំនងតាមរយៈដំណឹងល្អ។
Transcript
សូមលើកតម្កើងដល់ព្រះសម្រាប់ពេលវេលាដែលយើងបានជួបគ្នានៅថ្ងៃនេះ ដើម្បីបន្តគោលសំខាន់របស់យើង ដែលបង្ហាញពីវិញ្ញាណពិតរបស់ណូអែល គឺសេចក្តីស្រឡាញ់របស់ព្រះ។
វគ្គមុន ខ្ញុំបានពន្យល់ការដ៏សំខាន់បំផុតមួយអំពីសេចក្តីស្រឡាញ់របស់ព្រះ គឺសេចក្តីស្រឡាញ់របស់ព្រះមិនអាចរកបាន។ យើងបានមើលរឿងរបស់អ្នកផារិស៊ីដែលបានរៀបចំពិធីជប់លៀងថ្វាយព្រះយេស៊ូ ហើយនៅពេលដែលព្រះយេស៊ូគង់នៅទីនោះ កំពុងសោយអាហារជាមួយគាត់ ស្ត្រីមានបាបម្នាក់បានចូលមក ហើយស្រក់ទឹកភ្នែករបស់នាងលើព្រះបាទព្រះយេស៊ូវ រួចយកសក់របស់នាងជូត បន្ទាប់មក នាងយកប្រេងយ៉ាងមានតម្លៃបំផុត លាបលើព្រះបាទរបស់ព្រះអង្គ។ ឃើញដូច្នេះ អ្នកផារិស៊ីនោះទាស់ចិត្ត ហើយខឹងនឹងសកម្មភាពរបស់នាង ប៉ុន្តែព្រះយេស៊ូបានពន្យល់ថា ស្ត្រីនេះមិនមានអ្វីក្រៅតែពីនាងត្រូវការខ្ញុំនោះឡើយ ដូច្នេះ នាងបានទទួលហើយ។
ហើយខ្ញុំបានពន្យល់ថា នេះជាបញ្ហាដ៏ធំជាមួយមនុស្សជាច្រើន។ ពួកគេបានដកខ្លួនឯងចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដោយព្រោះពួកគេគិតថា ពួកគេត្រូវធ្វើអ្វីម្យ៉ាងដើម្បីទទួលបានសេចក្តីស្រឡាញ់នោះ ដូច្នេះហើយ ពួកគេមិនបានទទួលសេចក្តីស្រឡាញ់ដោយទទេ តាមរបៀបដែលគេគួរគប្បីទទួលឡើយ។
នៅថ្ងៃនេះ ខ្ញុំនឹងចែកចាយជូនលោកអ្នកនូវគំរូដ៏ល្អបំផុតមួយអំពីសេចក្តីស្រឡាញ់របស់ព្រះ ដែលយើងឃើញមាននៅក្នុងបទពិសោធន៍របស់មនុស្ស គឺទំនាក់ទំនងអាពាហ៍ពិពាហ៍។ តាមពិត ខ្ញុំបាននិយាយចំណុចនេះបន្តិចរួចមកហើយ នៅក្នុងការចែកចាយរបស់ខ្ញុំវគ្គមុន ជាពេលដែលខ្ញុំនិយាយអំពីកំណាព្យយ៉ាងល្អអំពីអាពាហ៍ពិពាហ៍ ឬកំណាព្យអំពីសេចក្តីស្រឡាញ់ គឺបទចម្រៀងសាឡូម៉ូន។ សេចក្តីស្រឡាញ់របស់មនុស្ស គឺជារបស់ដែលអស្ចារ្យបំផុត។ សេចក្តីស្រឡាញ់របស់ប្ដីចំពោះប្រពន្ធខ្លួន គឺជារបស់យ៉ាងល្អ។ ប៉ុន្តែ លើសពីនោះទៅទៀត នោះគឺជារូបភាពអំពីសេចក្តីស្រឡាញ់ដែលរឹតតែអស្ចារ្យ និងជ្រាលជ្រៅជាងនោះទៅទៀត គឺសេចក្តីស្រឡាញ់របស់ព្រះ សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។
លោកប៉ុលលើកឡើងចំណុចនេះ នៅក្នុងគម្ពីរអេភេសូរ ៥:២៥-៣២។ ចំពោះបុរសជាប្ដី លោកប៉ុលដាស់តឿនដល់ពួកគេអំពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការស្រឡាញ់ប្រពន្ធ ប៉ុន្តែលោកបន្តប្រើសេចក្តីស្រឡាញ់របស់ប្ដីចំពោះប្រពន្ធ ជារូបភាពអំពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ គឺក្រុមជំនុំ។ នេះជាសេចក្តីដែលលោកប៉ុលបានថ្លែងនៅក្នុងគម្ពីរអេភេសូរ ៥:២៥-៣២៖
«ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធខ្លួន ដូចជាព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់អង្គទ្រង់សម្រាប់ក្រុមជំនុំដែរ ដើម្បីញែកក្រុមជំនុំជាបរិសុទ្ធ ដោយបានលាងសម្អាតនឹងទឹក គឺដោយព្រះបន្ទូល ដើម្បីថ្វាយក្រុមជំនុំនោះដល់ព្រះអង្គ ទុកជាក្រុមជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីមួយដូចនោះឡើយ គឺឲ្យបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបានវិញ។ ដូច្នេះ ប្ដីត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាស្រឡាញ់ប្រពន្ធរបស់ខ្លួន អ្នកនោះស្រឡាញ់ខ្លួនឯងហើយ។ ដ្បិតមិនដែលមានអ្នកណាម្នាក់ស្អប់រូបសាច់ខ្លួនឯងឡើយ គឺគេតែងចិញ្ចឹម ហើយថ្នាក់ថ្នម ដូចជាព្រះគ្រីស្ទចិញ្ចឹម ហើយថ្នាក់ថ្នមដល់ក្រុមជំនុំ ព្រោះយើងជាអវយវៈនៃព្រះកាយរបស់រូបអង្គ។ “ដោយហេតុនោះបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅនៅជាប់ជាមួយប្រពន្ធរបស់ខ្លួន ហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ”។ សេចក្តីអាថ៌កំបាំងនេះជ្រៅណាស់ តែខ្ញុំនិយាយដូច្នោះ សំដៅលើព្រះគ្រីស្ទ និងក្រុមជំនុំវិញ»។ (NIV)
លោកអ្នកឃើញទេ អាពាហ៍ពិពាហ៍របស់មនុស្ស គឺជាសេចក្តីអាថ៌កំបាំងដ៏ជ្រាលជ្រៅ ប៉ុន្តែក៏ជារូបភាពអំពីសេចក្តីអាថ៌កំបាំងដែលរឹតតែជ្រាលជ្រៅ និងរឹតតែអស្ចារ្យទៅទៀត គឺសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ចំពោះក្រុមជំនុំរបស់ព្រះអង្គ។ ដូច្នេះ ក្នុងការនិយាយទៅកាន់ប្ដី ហើយដាស់តឿនពួកគេថា ពួកគេមានការទទួលខុសត្រូវមកពីព្រះ ឲ្យស្រឡាញ់ប្រពន្ធរបស់ខ្លួន លោកប៉ុលយកការទទួលខុសត្រូវនោះ ទុកជារូបភាពអំពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ចំពោះក្រុមជំនុំរបស់ព្រះអង្គ។
ដូច្នេះ ខ្ញុំចង់យកពេលបន្តិច ដើម្បីពន្យល់ចំណុចខ្លះអំពីប្រភេទនៃសេចក្តីស្រឡាញ់ ដែលលោកប៉ុលកំពុងនិយាយនៅចំណុចនេះ ដែលបានបង្ហាញឲ្យឃើញនៅក្នុងសេចក្តីស្រឡាញ់របស់ប្ដីចំពោះប្រពន្ធ ប៉ុន្តែតំណាងឲ្យសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទចំពោះក្រុមជំនុំរបស់ព្រះអង្គ។ ខ្ញុំសូមបង្ហាញប្រាប់លោកអ្នកពីការប្រាំ ដែលបទគម្ពីរនេះបង្ហាញប្រាប់យើងអំពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។
ទីមួយ សេចក្តីស្រឡាញ់បង្ហាញឲ្យឃើញពីបំណងចិត្តរបស់ព្រះគ្រីស្ទ។ ពាក្យដំបូងគឺ «ចូរស្រឡាញ់ប្រពន្ធខ្លួន ដូចជាព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់អង្គទ្រង់សម្រាប់ក្រុមជំនុំដែរ»។ តើអ្វីទៅដែលជាបំណងចិត្តដ៏សំខាន់? គឺសេចក្តីស្រឡាញ់។ ខ្ញុំបានពន្យល់រួចហើយថា សេចក្តីស្រឡាញ់មិនអាចពន្យល់បាន។ លោកអ្នកមិនអាចទៅហួសសេចក្តីស្រឡាញ់ ហើយរកឃើញមូលហេតុសម្រាប់សេចក្តីស្រឡាញ់បានឡើយ។ សេចក្តីស្រឡាញ់ គឺជាចុងបញ្ចប់។ សេចក្តីស្រឡាញ់ ជាចរិតផ្ទាល់របស់ព្រះ។ ព្រះទ្រង់ជាសេចក្តីស្រឡាញ់។ ដូច្នេះ ព្រះគ្រីស្ទបានស្រឡាញ់ ហើយដោយសារសេចក្តីស្រឡាញ់របស់ព្រះអង្គ ព្រះអង្គបានធ្វើកិច្ចការដែលព្រះអង្គបានធ្វើ។ ដូច្នេះ ការទីមួយគឺថា បំណងចិត្តសម្រាប់កិច្ចការដែលព្រះអង្គធ្វើ គឺសេចក្តីស្រឡាញ់។ ទីពីរ សេចក្តីស្រឡាញ់ គឺប្រគល់ខ្លួន។ នេះជាអ្វីដែលខ្ញុំបាននិយាយនៅវគ្គមុនអំពីសេចក្តីស្រឡាញ់ AGAPE គឺសេចក្តីស្រឡាញ់ដែលប្រគល់ខ្លួន។ សេចក្តីស្រឡាញ់នេះ មិនមែនឲ្យអំណោយជារបស់ទេ គឺឲ្យខ្លួនឯងផ្ទាល់។ ព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំ និងបានឲ្យព្រះអង្គទ្រង់ ប្រគល់ព្រះអង្គទ្រង់ដល់ក្រុមជំនុំ។
ទីបី សេចក្តីស្រឡាញ់មាននិមិត្តចំពោះអ្វីដែលខ្លួនអាចធ្វើបានសម្រាប់មនុស្សដែលខ្លួនស្រឡាញ់។ ខ្ញុំគិតថា រូបភាពនេះល្អណាស់។ ព្រះយេស៊ូបានទតមកកាន់ពិភពលោកនៃមនុស្សមានបាប ហើយដោយជំនឿ ព្រះអង្គបានឃើញកូនក្រមុំដ៏ស្អាតសម្រាប់ព្រះអង្គ។ ព្រះអង្គបានប្រគល់ព្រះអង្គទ្រង់ ព្រោះតែសេចក្តីស្រឡាញ់ ព្រះអង្គអាចមើលឃើញសណ្ឋានដែលព្រះអង្គអាចនឹងបំផ្លាស់បំប្រែ ឲ្យទៅជាសណ្ឋានដែលព្រះអង្គចង់បាន។ ព្រះអង្គបានប្រគល់ព្រះអង្គទ្រង់ ដើម្បីធ្វើឲ្យក្រុមជំនុំរបស់ព្រះអង្គបានបរិសុទ្ធ ប្រយោជន៍នឹងថ្វាយក្រុមជំនុំនេះដល់ព្រះអង្គ ទុកជាក្រុមជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីមួយដូចនោះឡើយ គឺឲ្យបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបានវិញ។ លោកអ្នកឃើញទេ សេចក្តីស្រឡាញ់តែងតែមាននិមិត្តដែលមើលឃើញ។ សេចក្តីស្រឡាញ់មើលឃើញរបស់ដែលខ្លួនស្រឡាញ់ ហើយមើលឃើញសក្ដានុពលទៀតផង។ សេចក្តីស្រឡាញ់មើលឃើញហួសពីកម្រិតធម្មតា។ សេចក្តីស្រឡាញ់មើលឃើញអ្វីដែលវិញ្ញាណរបស់មនុស្សមិនអាចមើលឃើញ ឬហេតុផលមិនអាចមើលឃើញ។ ហើយដោយសំអាងលើនិមិត្តដែលចេញពីជំនឿ ដោយសារសេចក្តីស្រឡាញ់ សេចក្តីស្រឡាញ់ប្រព្រឹត្តតាមរបៀបមួយដែលហាក់បីដូចជាគួរឲ្យអស់សំណើច នៅចំពោះគំនិតខាងសាច់ឈាម ឬមនុស្សដែលពឹងផ្អែកលើហេតុផល។ តើព្រះទ្រង់អាចមើលមកពិភពលោកដែលពោរពេញដោយមនុស្សមានបាប ហើយឃើញកូនក្រមុំដ៏ស្រស់ស្អាតសម្រាប់ព្រះអង្គបានយ៉ាងដូចម្ដេច? មានតែសេចក្តីស្រឡាញ់មួយប៉ុណ្ណោះ ដែលអាចយល់ការនោះបាន។
បន្ទាប់មក ចំណុចទីបួនអំពីសេចក្តីស្រឡាញ់បែបនេះ គឺសេចក្តីស្រឡាញ់ផ្គត់ផ្គង់ពេញលេញសម្រាប់គ្រប់សេចក្តីត្រូវការទាំងអស់។ ប្រសិនបើលោកអ្នកបានសិក្សាបទគម្ពីរដែលខ្ញុំបានអាននៅក្នុងគម្ពីរអេភេសូរ ៥ ព្រះយេស៊ូផ្គត់ផ្គង់យ៉ាងពេញលេញសម្រាប់សេចក្តីត្រូវការទាំងអស់របស់ក្រុមជំនុំ ទាំងខាងសាច់ឈាម ទាំងខាងព្រលឹងវិញ្ញាណ។ ព្រះអង្គយកព្រះហឫទ័យទុកដាក់ចំពោះក្រុមជំនុំ ដូចជាមនុស្សយកចិត្តទុកដាក់ចំពោះរាងកាយរបស់ខ្លួនដែរ គឺផ្គត់ផ្គង់អាហារដល់រូបកាយ និងមើលថែទាំរូបកាយ។ ព្រះអង្គក៏ផ្គត់ផ្គង់ខាងវិញ្ញាណពេញលេញផងដែរ សម្រាប់ការលាងសម្អាតក្រុមជំនុំ ដោយលាងនឹងទឹក តាមរយៈព្រះបន្ទូល។ ដូច្នេះ សេចក្តីស្រឡាញ់បែបនេះ ផ្គត់ផ្គង់ទាំងស្រុងដល់អ្នកដែលខ្លួនស្រឡាញ់។
ហើយចុងបញ្ចប់ ហើយប្រហែលជាសំខាន់ជាងគេបំផុត ក្នុងន័យថា គោលបំណងចុងក្រោយរបស់សេចក្តីស្រឡាញ់នេះ គឺការរួមគ្នាមកតែមួយ។ លោកប៉ុលបានពន្យល់រូបភាពនេះ តាមរយៈសេចក្តីដែលបានចែងនៅក្នុងគម្ពីរលោកុប្បត្តិ ជំពូក ២ អំពីអាពាហ៍ពិពាហ៍ដំបូង៖ «ដោយហេតុនោះបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅនៅជាប់ជាមួយប្រពន្ធរបស់ខ្លួន ហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ»។ នេះជាសេចក្តីអាថ៌កំបាំងដ៏ជ្រាលជ្រៅ ហើយជឿខ្ញុំចុះ នេះជាសេចក្តីអាថ៌កំបាំងនៅក្នុងសាច់ឈាម ប៉ុន្តែជាសេចក្តីអាថ៌កំបាំងដែលរឹតតែអស្ចារ្យទៅទៀត ដែលសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ មាននិមិត្តមើលឃើញការរួមគ្នាមកជាតែមួយ ជាមួយអ្នកដែលព្រះអង្គស្រឡាញ់។ នោះហើយជាគោលបំណងចុងក្រោយនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដែលបានប្រគល់ព្រះអង្គទ្រង់។ នោះហើយជាមូលហេតុដែលព្រះអង្គផ្គត់ផ្គង់ទាំងអស់ ដោយព្រោះព្រះអង្គនឹងរួមមកតែមួយ ជាមួយអ្នកដែលព្រះអង្គស្រឡាញ់ជារៀងរហូត។
ខ្ញុំចង់នាំលោកអ្នកមើលទៅសញ្ញាចាស់បន្តិច មើលទៅបទគម្ពីរមួយទៀតដែលនិយាយអំពីទំនាក់ទំនងអាពាហ៍ពិពាហ៍ និងប្រើហេតុការណ៍នោះជារូបភាពមួយអំពីសេចក្តីស្រឡាញ់របស់ព្រះ។ បទគម្ពីរនេះ ចេញមកពីគម្ពីរហោរាហូសេ ហើយនិយាយអំពីគោលបំណងចុងក្រោយរបស់ព្រះ នៅក្នុងទំនាក់ទំនងរបស់ព្រះអង្គជាមួយអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។ មុនដំបូង បទគម្ពីរនេះពណ៌នាអំពីការធ្លាក់ចុះ និងការមិនស្មោះត្រង់របស់អ៊ីស្រាអែល បន្ទាប់មក ព្រះទ្រង់ប្រកាសរបៀបដែលព្រះអង្គនឹងយកអ៊ីស្រាអែលមកវិញ ដោយសារសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ខ្ញុំនឹងអានខគម្ពីរខ្លះ ចេញពីគម្ពីរហូសេ ជំពូក ២ ដំបូង ពីខ ១៤ ដល់ ខ ១៦ បន្ទាប់មក ខ ១៩ ដល់ ខ ២០។ ព្រះទ្រង់មានព្រះបន្ទូលអំពីអ៊ីស្រាអែលថា៖
«ដោយហេតុនោះ មើល៍ យើងនឹងប្រលោមនាង នាំនាងទៅឯទីរហោស្ថាន ហើយនិយាយលួងលោមចិត្តនាង។ នៅទីនោះ យើងនឹងប្រគល់ចម្ការទំពាំងបាយជូររបស់នាងឲ្យនាងវិញ ហើយធ្វើឲ្យជ្រលងភ្នំអាកោរ ក្លាយជាទ្វារនៃសេចក្តីសង្ឃឹម។ នៅទីនោះ នាងនឹងឆ្លើយតបមកយើង ដូចរស់នៅពីក្មេង គឺដូចរស់ដែលនាងបានចេញពីស្រុកអេស៊ីព្ទ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា នៅថ្ងៃនោះ នាងនឹងហៅយើងថា “លោកប្ដី” គឺនាងនឹងលែងហៅយើងថា “លោកម្ចាស់” ទៀតហើយ។ ...យើងនឹងដណ្ដឹងនាងទុកសម្រាប់យើងជាដរាបតទៅ គឺយើងនឹងដណ្ដឹងនាងសម្រាប់យើង ដោយសេចក្តីសុចរិត និងសេចក្តីយុត្តិធម៌ ដោយសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណា។ យើងនឹងដណ្ដឹងនាងទុកសម្រាប់យើង ដោយសេចក្តីស្មោះត្រង់ ហើយនាងនឹងស្គាល់ព្រះយេហូវ៉ា»។ (NIV)
មុននេះបន្តិច ព្រះអម្ចាស់មានព្រះបន្ទូលថា «យើងនឹងនិយាយលួងលោមចិត្តនាង»។ ពាក្យត្រង់គឺ «យើងនឹងនិយាយទៅកាន់ចិត្តរបស់នាង»។ ខ្ញុំចង់ទាញយកគោលការណ៍ខ្លះចេញពីចំណុចនេះ ដែលបង្ហាញអំពីសេចក្តីស្រឡាញ់របស់ព្រះ និងរបៀបដែលព្រះអង្គមានទំនាក់ទំនង។
ដំបូង ព្រះអង្គប្រលោមយើងតាមរយៈសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ព្រះអង្គទាញនាំយើង។ ព្រះអង្គមានផែនការ ប៉ុន្តែ ជានិច្ចកាលព្រះអង្គមិនប្រាប់យើងមុនអំពីផែនការរបស់ព្រះអង្គទេ។ ព្រះអង្គប្រហែលជាអនុញ្ញាតឲ្យយើងជួបកាលៈទេសៈដែលហាក់បីដូចជាលំបាកយ៉ាងខ្លាំង ប៉ុន្តែនោះជាផ្នែកមួយនៅក្នុងផែនការរបស់ព្រះ។ ព្រះអង្គធ្វើឲ្យជ្រលងភ្នំអាកោរ ដែលជាបញ្ហា ក្លាយទៅជាទ្វារនៃសេចក្តីសង្ឃឹម។ ដូច្នេះ ព្រះអង្គប្រលោម ព្រះអង្គលួងលោមឲ្យចូលទៅក្នុងស្ថានភាពមួយ ដែលយើងត្រូវតែបែររកព្រះអង្គ ដោយព្រោះអ្វីៗផ្សេងទៀតហាក់ដូចជាអស់ផ្លូវ។ ហើយនៅពេលដែលយើងអស់សង្ឃឹម ព្រះទ្រង់បើកទ្វារនៃសេចក្តីសង្ឃឹមនោះ ហើយបង្ហាញឲ្យឃើញអង្គទ្រង់។
បន្ទាប់មក ព្រះអង្គចង់បានសម្ព័ន្ធភាពផ្ទាល់។ ព្រះអង្គចង់មានបន្ទូលមកកាន់ចិត្តរបស់យើង មិនមែនត្រឹមតែគំនិតយល់ដឹងរបស់យើងទេ។ ព្រះអង្គមិនចង់បានត្រឹមតែជាការពិចារណារកហេតុផលជាមួយយើងឡើយ គឺព្រះអង្គចង់មានសម្ព័ន្ធភាពជាមួយយើង។
បន្ទាប់មកទៀត ដូចខ្ញុំបាននិយាយនៅក្នុងបទគម្ពីរអេភេសូរ ៥ រួចមកហើយថា គោលបំណងចុងក្រោយរបស់ព្រះ គឺសម្ព័ន្ធភាពអាពាហ៍ពិពាហ៍។ ព្រះអង្គមានបន្ទូលថា «នាងនឹងហៅយើងថា “លោកប្ដី” នឹងលែងហៅថា “លោកម្ចាស់” ទៀតហើយ»។ នោះជាពាក្យនៅក្នុងសញ្ញាចាស់សម្រាប់ប្ដីតាមផ្លូវច្បាប់ ប៉ុន្តែព្រះអម្ចាស់មានបន្ទូលថា ព្រះអង្គចង់នាំលោកអ្នកឲ្យស្គាល់ពាក្យថ្មី។ ខ្ញុំពិបាកពន្យល់ឲ្យបានលម្អិតអំពីសារៈសំខាន់ពិតប្រាកដរបស់ពាក្យហេព្រើរ ដែលបានប្រើ ប៉ុន្តែព្រះអម្ចាស់មានបន្ទូលថា យើងចង់បានទំនាក់ទំនងអាពាហ៍ពិពាហ៍នេះជាមួយអ្នក យើងចង់ធ្វើជាប្ដីរបស់អ្នក យើងចង់បានអ្នកធ្វើជាប្រពន្ធរបស់យើង។ ដូច្នេះ រូបភាពទំនាយដ៏ល្អដដែលនេះ ដែលមាននៅក្នុងគម្ពីរហូសេ ត្រូវបានលាតត្រដាងបង្ហាញនៅក្នុងសញ្ញាថ្មី តាមរយៈសេចក្តីបង្រៀនរបស់សាវកប៉ុល។ អាពាហ៍ពិពាហ៍នៅក្នុងអត្ថន័យដ៏ជ្រាលជ្រៅរបស់វា គឺជារូបភាពអំពីសេចក្តីស្រឡាញ់ដែលព្រះទ្រង់មានចំពោះប្រជារាស្ត្ររបស់ព្រះអង្គ។
ពេលវេលារបស់យើងចូលដល់ទីបញ្ចប់ហើយសម្រាប់ថ្ងៃនេះ។ ខ្ញុំនឹងត្រឡប់មកជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមពេលវេលាកំណត់។ វគ្គក្រោយ ខ្ញុំនឹងចែកចាយអំពីអំណាចប្រោសឲ្យជានៃសេចក្តីស្រឡាញ់របស់ព្រះ។
កូដ: RP-R104-104-KHM










