ករាយណាស់ដែលបានជួបលោកអ្នកជាថ្មីនៅថ្ងៃនេះ ដើម្បីចែកចាយជូនលោកអ្នកអំពីគោលសំខាន់ដ៏ពិសេសសម្រាប់រដូវកាលខួបកំណើតរបស់ព្រះអម្ចាស់យេស៊ូនៃយើង ដែលសង្ខេបជាឃ្លាមួយយ៉ាងល្អមានអត្ថន័យដែលមិនអាចវាស់ស្ទង់បាន គឺសេចក្តីស្រឡាញ់របស់ព្រះ។

វគ្គមុន ខ្ញុំបាននិយាយអំពីសេចក្តីស្រឡាញ់ថា ជាការជំរុញចិត្តដ៏ខ្ពស់បំផុតរបស់ព្រះ ជាហេតុដែលព្រះទ្រង់ធ្វើអ្វីដែលព្រះអង្គធ្វើសម្រាប់យើង ជាប្រជារាស្ត្ររបស់ព្រះអង្គ ទោះជារួមក្តី ជាបុគ្គលម្នាក់ៗក្តី។ មូលហេតុខ្ពស់បំផុតសម្រាប់អ្វីដែលព្រះទ្រង់ធ្វើ គឺសេចក្តីស្រឡាញ់។ ខ្ញុំបានដកស្រង់បទគម្ពីរមួយនៅក្នុងចោទិយកថា ជំពូក ៧ ដែលលោកម៉ូសេបានថ្លែងទៅកាន់ពួកអ៊ីស្រាអែលថា៖ «អ្នករាល់គ្នាជាប្រជារាស្ត្រមួយដ៏ពិសេស ជាសាសន៍ដ៏បរិសុទ្ធ» រួចលោកបានថ្លែងថា៖ «ព្រះទ្រង់មិនបានជ្រើសរើសអ្នករាល់គ្នា ដោយព្រោះអ្នករាល់គ្នាមានគ្នាច្រើន ឬខ្លាំងពូកែទេ ប៉ុន្តែដោយព្រោះព្រះទ្រង់ស្រឡាញ់អ្នករាល់គ្នា»។ លោកម៉ូសេមិនបានពន្យល់អំពីមូលហេតុដែលព្រះអម្ចាស់ស្រឡាញ់ពួកគេទេ ហើយព្រះគម្ពីរក៏មិនផ្ដល់ការពន្យល់ណាមួយប្រាប់យើងអំពីហេតុដែលព្រះទ្រង់ស្រឡាញ់យើងនោះដែរ។

ព្រះទ្រង់ជាសេចក្តីស្រឡាញ់។ ព្រះហឫទ័យស្រឡាញ់ជាចរិតរបស់ព្រះអង្គ។ ដូចដែលខ្ញុំបាននិយាយនៅក្នុងវគ្គមួយកាលពីសប្ដាហ៍មុនថា សេចក្តីស្រឡាញ់របស់ព្រះអង្គគឺមានភាពអធិបតេយ្យ អស្ចារ្យ ហើយឥតគិតថ្លៃ។ សេចក្តីស្រឡាញ់ ជាបំណងចិត្តដ៏ខ្ពស់បំផុតសម្រាប់គ្រប់ទាំងកិច្ចការដែលព្រះអង្គធ្វើ។ យើងពិតជាមិនអាចយល់ព្រះគម្ពីរ យើងមិនអាចយល់ប្រវត្តិសាស្ត្រ យើងមិនអាចយល់បទពិសោធន៍ផ្ទាល់ខ្លួនរបស់យើងបានឡើយ ដរាបទាល់តែយើងយល់ព្រមចូលដោយជំនឿ ទៅក្នុងការបើកសម្ដែងនេះថា ការជំរុញចិត្តដ៏ខ្ពស់បំផុតរបស់ព្រះ គឺសេចក្តីស្រឡាញ់របស់ព្រះអង្គ ព្រោះព្រះអង្គស្រឡាញ់យើង។

ថ្ងៃនេះ ខ្ញុំនឹងពន្យល់ពីការដ៏សំខាន់បំផុតមួយអំពីសេចក្តីស្រឡាញ់របស់ព្រះ ជាការមួយដែលខ្ញុំបាននិយាយដោយប្រយោលនៅក្នុងវគ្គមុន។ ថ្ងៃនេះ ខ្ញុំនឹងចំណាយពេលនិយាយអំពីគោលសំខាន់នេះ គឺ សេចក្តីស្រឡាញ់របស់ព្រះមិនអាចរកបាន។

ខ្ញុំចង់ពន្យល់បង្ហាញចំណុចនេះចេញពីរឿងមួយនៅក្នុងព័ន្ធកិច្ចរបស់ព្រះយេស៊ូ ដែលចែងនៅក្នុងគម្ពីរលូកា ៧ ហើយខ្ញុំនឹងអានពីខ ៣៦ ដល់ ខ ៥០។ អត្ថបទគម្ពីរនេះវែងបន្តិច ប៉ុន្តែសូមស្តាប់ដោយយកចិត្តទុកដាក់។ នេះជារឿងមួយដ៏ល្អ ហើយប៉ះពាល់ចិត្តបំផុត។

«មានម្នាក់ក្នុងពួកផារិស៊ីបានយាងព្រះអង្គទៅសោយអាហារជាមួយគាត់ ព្រះអង្គក៏យាងចូលទៅក្នុងផ្ទះរបស់ផារិស៊ីនោះ ហើយគង់រួមតុជាមួយគាត់។ មើល៍! នៅក្រុងនោះ មានស្ត្រីម្នាក់ជាមនុស្សបាប។ ពេលនាងដឹងថា ទ្រង់គង់នៅតុក្នុងផ្ទះរបស់អ្នកផារិស៊ីនោះ នាងក៏យកដបថ្មកែវដាក់ប្រេងក្រអូបចូលមក រួចឈរពីខាងក្រោយ ទៀបព្រះបាទព្រះអង្គទាំងយំ ហើយចាប់ផ្ដើមស្រក់ទឹកភ្នែកជោកព្រះបាទព្រះអង្គ រួចយកសក់ក្បាលនាងជូត ក៏ថើបព្រះបាទព្រះអង្គ ហើយចាក់ប្រេងក្រអូបលើទៀតផង។ កាលផារិស៊ីដែលបានអញ្ជើញព្រះអង្គនោះ ឃើញដូច្នោះ គាត់គិតក្នុងចិត្តថា៖ “បើលោកនេះជាហោរាមែន លោកមុខជាដឹងថា ស្ត្រីដែលពាល់លោកជាអ្នកណា ហើយជាមនុស្សប្រភេទណាមិនខាន ដ្បិតនាងជាមនុស្សមានបាប”។ ព្រះយេស៊ូវក៏មានព្រះបន្ទូលទៅគាត់ថា៖ “ស៊ីម៉ូន ខ្ញុំចង់និយាយរឿងមួយប្រាប់លោក”។ គាត់ឆ្លើយថា៖ “សូមលោកគ្រូមានប្រសាសន៍មកចុះ”។ ព្រះអង្គមានព្រះបន្ទូលថា៖ “មានកូនបំណុលពីរនាក់ជំពាក់អ្នកចងការប្រាក់ម្នាក់ ម្នាក់ជំពាក់ប្រាំរយដេណារី ម្នាក់ទៀតហាសិបដេណារី។ កាលគេគ្មានអ្វីនឹងសង គាត់ក៏លុបបំណុលអ្នកទាំងពីរនោះទៅ។ ឥឡូវនេះ ក្នុងចំណោមអ្នកទាំងពីរ តើអ្នកណាស្រឡាញ់គាត់ជាង?” ស៊ីម៉ូនទូលឆ្លើយថា៖ “ខ្ញុំគិតថា គឺអ្នកដែលជំពាក់ច្រើនជាង”។ ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ “លោកពិចារណាបានត្រឹមត្រូវមែន”។ បន្ទាប់មក ព្រះអង្គបែរទៅរកស្ត្រីនោះ តែមានព្រះបន្ទូលទៅស៊ីម៉ូនថា៖ “លោកឃើញស្ត្រីនេះឬទេ? ខ្ញុំបានចូលមកក្នុងផ្ទះលោក តែលោកមិនបានឲ្យទឹកខ្ញុំលាងជើងទេ តែនាងបានស្រក់ទឹកភ្នែកជោកជើងខ្ញុំ ហើយយកសក់នាងជូតជើងខ្ញុំទៀតផង។ លោកមិនបានថើបខ្ញុំទេ តែតាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំរហូត មិនឈប់សោះ។ លោកមិនបានយកប្រេងមកលាបក្បាលខ្ញុំទេ តែនាងចាក់ប្រេងក្រអូបលាបជើងខ្ញុំ។ ហេតុនេះហើយ ខ្ញុំសូមជម្រាបលោកថា នាងបានទទួលការអត់ទោសឲ្យរួចពីបាបជាច្រើន ដ្បិតនាងមានសេចក្តីស្រឡាញ់ជាច្រើន។ ប៉ុន្តែអ្នកណាដែលទទួលការអត់ទោសឲ្យតិច នោះក៏ស្រឡាញ់តិចដែរ”។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ “នាងបានទទួលការអត់ទោសឲ្យរួចពីបាបហើយ”។ ពេលនោះ អស់អ្នកដែលអង្គុយរួមតុជាមួយព្រះអង្គចាប់ផ្ដើមគិតក្នុងចិត្តថា៖ “តើលោកនេះជានរណា ដែលសូម្បីតែបាប ក៏អត់ទោសឲ្យបានដូច្នេះ?” ព្រះអង្គមានព្រះបន្ទូលទៅស្ត្រីនោះថា៖ “ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅដោយសុខសាន្តចុះ”»។ (NIV)

តើរឿងនោះចង់អប់រំអំពីអ្វី? ខ្ញុំគិតថា រឿងនេះគេអាចពន្យល់បានតាមរបៀបផ្សេងៗជាច្រើន។ ខ្ញុំមិនជឿថា ការអប់រំគឺទាល់តែលោកអ្នកត្រូវមានបាបធ្ងន់ធ្ងរ ដើម្បីឲ្យមានសេចក្តីស្រឡាញ់ដល់ព្រះនោះទេ។ ខ្ញុំជឿក្នុងន័យមួយថា របៀបដែលយើងឆ្លើយតបចំពោះព្រះ គឺអាស្រ័យលើការវាយតម្លៃរបស់យើងអំពីខ្លួនឯង និងសេចក្តីត្រូវការរបស់យើង។

ខ្ញុំចង់ពន្យល់ប្រាប់លោកអ្នកអំពីរបៀបពីរ ដែលស្ត្រីនេះខុសពីអ្នកផារិស៊ីនោះ។ ប្រាកដណាស់ អ្នកផារិស៊ីជាអ្នកកាន់សាសនា។ គាត់ជាមនុស្សម្នាក់ដែលមើលមិនឃើញខ្លួនឯងថា មានបាបទេ។ ខ្ញុំអាចនិយាយបានថា គាត់មិនមានអារម្មណ៍ថា ខ្លួនត្រូវការសេចក្តីស្រឡាញ់របស់ព្រះ ឬការអត់ទោសអ្វីពីព្រះផង។ រីឯស្ត្រីនេះវិញ មានហេតុការណ៍ពីរអំពីនាង។ ទីមួយ នាងដឹងថា នាងត្រូវការសេចក្តីស្រឡាញ់របស់ព្រះ។ នាងដឹងថា ប្រសិនបើនាងសំអាងលើសេចក្តីសុចរិត ឬការប្រព្រឹត្តល្អ ឬការប្រតិបត្តិសាសនារបស់នាង នាងមិនសក្តិសមនឹងអំពាវនាវរកព្រះទេ។ នាងដឹងថា នាងមិនអាចចូលជិតព្រះ និងចូលជិតព្រះយេស៊ូ ដោយសំអាងលើហេតុផលនោះបានឡើយ។ ប៉ុន្តែនាងដឹងថា នាងត្រូវការសេចក្តីស្រឡាញ់។ ហើយខ្ញុំគិតថា មនុស្សដែលត្រូវការសេចក្តីស្រឡាញ់ មានអារម្មណ៍ដឹង នៅពេលដែលមានសេចក្តីស្រឡាញ់។ នោះប្រៀបបីដូចជាមានអ្វីម្យ៉ាងនៅក្នុងព្រលឹងបែបនោះ ដែលសង្កេតស្គាល់នៅក្នុងវត្តមានរបស់ព្រះយេស៊ូ និងនៅក្នុងព្រះ នូវអ្វីដែលមានតែការនោះប៉ុណ្ណោះ អាចធ្វើឲ្យគេស្កប់ចិត្តបាន។

ទីពីរ នាងដឹងថា នាងមិនអាចរកបានសេចក្តីស្រឡាញ់របស់ព្រះឡើយ។ ប្រសិនបើសេចក្តីស្រឡាញ់នោះកើតមានដល់នាង សេចក្តីស្រឡាញ់នោះត្រូវតែចូលមកឯនាងដោយទទេ។ គ្មានអ្វីដែលនាងអាចធ្វើសោះឡើយ ដើម្បីឲ្យនាងសក្តិសមនឹងទទួល។ ម្យ៉ាងវិញទៀត សម្រាប់ខ្ញុំ នោះហាក់បីដូចជាថា បញ្ហារបស់អ្នកផារិស៊ី និងជាបញ្ហារបស់មនុស្សជាច្រើនសព្វថ្ងៃ ដែលជាអ្នកប្រតិបត្តិសាសនា ជាអ្នកប្រព្រឹត្តអំពើល្អ ជាអ្នកមានសីលធម៌ គឺពឹងផ្អែកលើសេចក្តីសុចរិតដែលខ្លួនប្រព្រឹត្ត។ គេគិតថា គេអាចមានលក្ខណៈសម្បត្តិល្អ សមនឹងទទួលបានសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈការធ្វើជាមនុស្សល្អ ប្រព្រឹត្តល្អ ឬកាន់តាមក្រឹត្យវិន័យ។ ប្រាកដហើយ យើងសុទ្ធតែចង់បានជីវិតល្អ តែមិនមែនដោយការខំប្រឹងធ្វើល្អ ទើបទទួលបានសេចក្តីស្រឡាញ់របស់ព្រះនោះទេ។ ខ្ញុំគិតថា សេចក្តីទាំងនោះគួរឲ្យកោតសរសើរ ខ្ញុំគោរពរាប់អានអ្នកដែលខំប្រឹងឲ្យបានបែបនោះ ប៉ុន្តែពិតជាមានការមួយដ៏សំខាន់ ដែលមនុស្សបែបនោះត្រូវដឹង ដែលយើងគ្រប់គ្នាត្រូវដឹង គឺថា សេចក្តីស្រឡាញ់របស់ព្រះ មិនអាចរកបានឡើយ។ មិនថាយើងជាមនុស្សល្អប៉ុណ្ណានោះទេ យើងមិនស័ក្តិសមនឹងសេចក្តីស្រឡាញ់របស់ព្រះឡើយ។ ប្រសិនបើយើងគិតថា យើងអាចស័ក្តិសមនឹងសេចក្តីស្រឡាញ់របស់ព្រះ នោះប្រហែលជាយើងមិនបានទទួលសេចក្តីស្រឡាញ់នេះទេ ព្រោះសេចក្តីស្រឡាញ់នេះ ទទួលបានដោយជំនឿប៉ុណ្ណោះ មិនមែនដោយសក្តិសម មិនមែនដោយបុណ្យកុសល មិនមែនដោយការខំប្រឹងឲ្យស័ក្តិសមនឹងបានសេចក្តីស្រឡាញ់នោះឡើយ។

ដូច្នេះ ស្ត្រីមានបាបនេះបានចូលទៅក្នុង ប៉ុន្តែបុរសដែលរស់នៅយ៉ាងល្អ ហើយសុចរិតម្នាក់នេះ ត្រូវបានផាត់ចេញវិញ។ តើអ្វីដែលបានផាត់គាត់ចេញ? មិនមែនព្រះទេ គឺសេចក្តីសុចរិតរបស់គាត់ផ្ទាល់ ដែលគាត់ពឹងផ្អែកនោះវិញទេតើ។

នៅពេលដែលខ្ញុំបន្តនិយាយប្រាប់លោកអ្នកអំពីសេចក្តីស្រឡាញ់របស់ព្រះ ដែលមិនអាចពន្យល់បាន និងមិនអាចរកបាននេះ ខ្ញុំចង់នាំលោកអ្នកមើលទៅសញ្ញាចាស់ម្ដងទៀត។ ខ្ញុំចង់មើលទៅអ្វីដែលខ្ញុំហៅថា កំណាព្យអំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យនៅក្នុងព្រះគម្ពីរ។ ខ្ញុំមិនដឹងថា លោកអ្នកប៉ុន្មាននាក់ដឹងថា មានកំណាព្យសេចក្តីស្រឡាញ់នៅក្នុងព្រះគម្ពីរនោះទេ។ ខ្ញុំបានអានអក្សរសាស្ត្រភាសាផ្សេងៗ និងវប្បធម៌ផ្សេងៗ ប៉ុន្តែខ្ញុំជឿថា នេះជាកំណាព្យសេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុត លើសអស់ទាំងសំណេរ។ កំណាព្យនោះឈ្មោះថា «បទចម្រៀងសាឡូម៉ូន»។ ហើយនេះជាកំណាព្យអំពីសេចក្តីស្រឡាញ់រវាងបុរស និងស្ត្រី ប៉ុន្តែវេញត្របាញ់ចូលនៅក្នុងកំណាព្យនេះ និងនៅពីក្រោយកំណាព្យនេះ គឺជារូបភាពអំពីសេចក្តីស្រឡាញ់ដែលរឹតតែអស្ចារ្យជាងនេះទៅទៀត គឺសេចក្តីស្រឡាញ់របស់ព្រះ។ នៅក្នុងកំណាព្យយ៉ាងល្អនេះ នៅក្នុងជំពូកចុងក្រោយ គឺជំពូក ៨ និងខ ៧។ នេះជាអ្វីដែលកំណាព្យនេះសារសព្ទអំពីសេចក្តីស្រឡាញ់៖

«ទឹកច្រើនយ៉ាងណា ក៏មិនអាចនឹងពន្លត់សេចក្តីស្រឡាញ់បានឡើយ ទឹកជំនន់នឹងពន្លិច ក៏មិនបានដែរ ទោះបីអ្នកណានឹងចំណាយទ្រព្យសម្បត្តិនៅផ្ទះខ្លួនអស់រលីង ដើម្បីឲ្យបានសេចក្តីស្រឡាញ់ គង់តែអ្នកនោះនឹងបានសេចក្តីមើលងាយវិញ»។ (NIV)

នេះជារូបភាពយ៉ាងល្អអំពីសេចក្តីស្រឡាញ់ «ទឹកច្រើនយ៉ាងណា ក៏មិនអាចនឹងពន្លត់សេចក្តីស្រឡាញ់បានឡើយ ទឹកជំនន់នឹងពន្លិច ក៏មិនបានដែរ»។ នេះជាបទពិសោធន៍ដែលអ៊ីស្រាអែលបានឆ្លងកាត់។ ព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «នៅពេលដែលអ្នកដើរកាត់ទឹក ទឹកនឹងមិនពន្លិចអ្នកទេ ពីព្រោះយើងនឹងគង់នៅជាមួយអ្នក សេចក្តីស្រឡាញ់របស់យើងនឹងទ្រអ្នក»។ បន្ទាប់មក នៅក្នុងខគម្ពីរនេះ ចេញពីកំណាព្យអំពីសេចក្តីស្រឡាញ់ អ្នកនិពន្ធសារសព្ទបែបនេះថា «ទោះបីអ្នកណានឹងចំណាយទ្រព្យសម្បត្តិនៅផ្ទះខ្លួនអស់រលីង ដើម្បីឲ្យបានសេចក្តីស្រឡាញ់ គង់តែអ្នកនោះនឹងបានសេចក្តីមើលងាយវិញ»។ មើល នេះជាសារដ៏អស្ចារ្យ។ សេចក្តីស្រឡាញ់មិនអាចទិញបានឡើយ។ គ្មានវិធីណាដែលលោកអ្នកអាចរកបានសេចក្តីស្រឡាញ់របស់ព្រះទេ។ ទោះបីជាលោកអ្នកឲ្យអ្វីៗទាំងអស់ដែលលោកអ្នកមាន គង់តែមិនសមនឹងតម្លៃសម្រាប់សេចក្តីស្រឡាញ់របស់ព្រះសោះឡើយ។ ទោះជាលោកអ្នកប្រព្រឹត្តល្អពេញមួយជីវិតរបស់លោកអ្នកក៏ដោយ នោះគ្មានចំណុចណាអាចនឹងចាប់ផ្ដើមធ្វើឲ្យលោកអ្នកស័ក្តិសមនឹងទទួលបានសេចក្តីស្រឡាញ់របស់ព្រះផង។ សេចក្តីស្រឡាញ់របស់ព្រះ មិនអាចរកបាន ឬទិញបានឡើយ។ សេចក្តីស្រឡាញ់របស់ព្រះ គ្មានផ្លាកកំណត់តម្លៃទេ ពោលគឺ សេចក្តីស្រឡាញ់របស់ព្រះ មានតម្លៃកាត់ថ្លៃមិនបាន។

ខ្ញុំនឹកចាំពីមិត្តភក្ដិខ្ញុំម្នាក់ កាលពីច្រើនឆ្នាំមុន ពេលដែលខ្ញុំនៅជាសិស្សនៅឡើយ។ គាត់ត្រូវបានអញ្ជើញទៅផ្ទះអ្នកមានម្នាក់ ហើយដោយអចេតនា គាត់បានធ្វើឲ្យធ្លាក់ថូពីលើតុ ហើយបែកខ្ចាយនៅលើដី។ គាត់បានចាប់ផ្ដើមនិយាយទាំងរអិបរអុបថា៖ «ខ្ញុំសុំទោស ថូនេះថ្លៃណាស់មែនទេ?» ម្ចាស់ផ្ទះបានឆ្លើយថា៖ «កាត់ថ្លៃមិនបានទេ»។ គាត់បានធ្វើឲ្យបែករបស់ ដែលមិនអាចយកអ្វីមកជំនួសវិញបាន។ នោះប្រៀបដូចជាសេចក្តីស្រឡាញ់របស់ព្រះដែរ។ សេចក្តីស្រឡាញ់របស់ព្រះ មិនត្រឹមតែមិនកំណត់តម្លៃប៉ុណ្ណោះទេ តែគឺមានតម្លៃថ្លៃ រហូតដល់កាត់ថ្លៃមិនបាន។ សេចក្តីស្រឡាញ់របស់ព្រះ មិនអាចយកអ្វីមកជំនួសបានឡើយ។ លោកអ្នកមិនអាចទិញសេចក្តីស្រឡាញ់របស់ព្រះបានឡើយ។ មានវិធីតែមួយគត់ ដើម្បីទទួលបានសេចក្តីស្រឡាញ់នោះ ជាវិធីដែលលោកប៉ុលបានថ្លែង គឺតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ហើយដោយសារជំនឿ។ ដើម្បីទទួលបានសេចក្តីស្រឡាញ់របស់ព្រះ លោកគ្រាន់តែបើកចំហចិត្ត ហើយទទួលយកអ្វីដែលលោកអ្នកមិនអាចទិញបាន ឬបង់ថ្លៃឲ្យបាន ដោយជំនឿតែប៉ុណ្ណោះ។

ពេលវេលារបស់យើងចូលដល់ទីបញ្ចប់ហើយនៅថ្ងៃនេះ។ ខ្ញុំនឹងត្រឡប់មកជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមពេលវេលា និងម៉ោងកំណត់។ វគ្គក្រោយ ខ្ញុំនឹងចែកចាយប្រាប់លោកអ្នកអំពីរបៀបដែលអាពាហ៍ពិពាហ៍ជាគំរូអំពីសេចក្តីស្រឡាញ់របស់ព្រះ។