ការជំរុញចិត្តដ៏ខ្ពស់បំផុតរបស់ព្រះ

ដេរេក ព្រីនស៍
Published: 1982
Last Updated: October 2026
Read Time: 9
សេចក្តីស្រឡាញ់របស់ព្រះ គឺជាមូលហេតុដ៏សំខាន់បំផុតរបស់ព្រះអង្គ ដែលបានប្រទានមក មិនមែនដោយសារមនុស្សស័ក្តិសមនឹងទទួលទេ ប៉ុន្តែដោយសារព្រះអង្គស្រឡាញ់ពួកគេ។ ព្រះគម្ពីរបង្ហាញភាពផ្ទុយគ្នារវាងការជ្រើសរើសជនជាតិអ៊ីស្រាអែល និងភាពមានបាបរបស់មនុស្សលោក ជាមួយនឹងអំណោយទានដែលព្រះបានប្រទានព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះគម្ពីរអំពាវនាវឱ្យអ្នកជឿពឹងផ្អែកលើសេចក្តីស្រឡាញ់របស់ព្រះ ដែលមនុស្សមិនអាចរកបានដោយស្នាដៃ ឬសមត្ថភាពរបស់ខ្លួនឡើយ។
Transcript
សូមថ្វាយព្រះពរដល់ព្រះ សម្រាប់ពេលវេលាដែលបានជួបជាមួយលោកអ្នកបងប្អូនជាថ្មី ដើម្បីចែកចាយប្រាប់លោកអ្នកអំពីសេចក្តីពិតដ៏មានតម្លៃវិសេសចេញពីបទគម្ពីរ ជាសេចក្តីពិតដែលបានធ្វើឲ្យមានការខុសប្លែកគ្នារវាងជោគជ័យ និងបរាជ័យនៅក្នុងជីវិតរបស់ខ្ញុំ ហើយក៏អាចធ្វើដូចគ្នានៅក្នុងជីវិតរបស់លោកអ្នក។
គោលសំខាន់ដែលខ្ញុំបានជ្រើសរើសយកសម្រាប់រដូវកាលណូអែលនេះ គឺ៖ សេចក្តីស្រឡាញ់របស់ព្រះ។ ខ្ញុំជឿថា គ្មានសេចក្តីណាដែលបង្ហាញឲ្យឃើញពីចំណុចដ៏សំខាន់សម្រាប់រដូវកាលណូអែល ជាងពាក្យនេះឡើយ។ ខ្ញុំជឿថា ការចែកចាយរបស់ខ្ញុំអំពីគោលសំខាន់នេះ ប្រាកដជានឹងជួយឲ្យលោកអ្នកមានការយល់ដឹងថ្មី និងកាន់តែជ្រាលជ្រៅថែមទៀត អំពីព្រឹត្តិការណ៍ដែលយើងកំពុងអបអរនៅក្នុងរដូវកាលនេះ ហើយតាមរយៈការយល់ដឹងនេះ ជីវិតជាគ្រីស្ទបរិស័ទរបស់លោកអ្នក នឹងកាន់តែរឹងមាំ ហើយកាន់តែមានន័យជ្រាលជ្រៅ។
វគ្គមុន ខ្ញុំបាននិយាយអំពីការស្គាល់ និងការជឿចំពោះសេចក្តីស្រឡាញ់របស់ព្រះ ដែលហួសពីការស្គាល់ ទៅដល់ការជឿ ឬការពឹងអាងលើ។ ខ្ញុំបាននិយាយអំពីការមួយដែលនាំយើងទៅហួសពីពិភពនៃការយល់ដឹងដែលមានដែនកំណត់របស់យើង ហើយថា នៅពេលដែលយើងធ្វើដូច្នេះដោយជំនឿ យើងអាចយល់ពីទំហំដែលគំនិតបញ្ញាមនុស្សមិនអាចវាស់ស្ទង់បាន ហើយអាចជួយយើងឲ្យស្គាល់សេចក្តីស្រឡាញ់ដែលគំនិតរកគិតមិនយល់។ ខ្ញុំចង់សង្កត់ធ្ងន់លើឃ្លានេះម្ដងទៀត៖ ស្គាល់សេចក្តីស្រឡាញ់ដែលគំនិតរកគិតមិនយល់។ តើលោកអ្នកអាចស្គាល់អ្វីមួយដែលហួសពីការយល់ឃើញរបស់មនុស្សដូចម្ដេចបាន? ការស្គាល់នោះមិនមែនដោយសារចំណេះដឹងខាងគំនិតបញ្ញាទេ ប៉ុន្តែដោយសារជំនឿ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការប្រគល់ខ្លួន ការទុកដាក់ខ្លួនទៅក្នុងព្រះហស្តរបស់ព្រះ ដោយមិនកំណត់លក្ខខណ្ឌ គ្មានការលាក់លៀម។ នោះជាវិធីតែមួយគត់ ដើម្បីចូលទៅក្នុងបទពិសោធន៍នៃសេចក្តីស្រឡាញ់ដែលហួសពីការយល់ឃើញរបស់មនុស្ស។
ថ្ងៃនេះ ខ្ញុំនឹងនិយាយអំពីសេចក្តីស្រឡាញ់ ជាការជំរុញចិត្តដ៏ខ្ពស់បំផុតរបស់ព្រះ។ មូលហេតុដែលព្រះទ្រង់ធ្វើការ នោះគឺជាសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ព្រះគម្ពីរបញ្ជាក់យ៉ាងច្បាស់ជាច្រើនកន្លែង។ ទីមួយ ខ្ញុំចង់និយាយអំពីសេចក្តីស្រឡាញ់របស់ព្រះដល់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។ ជាដំបូង ខ្ញុំចង់មើលទៅគម្ពីរចោទិយកថា ជំពូក ៧ ខ ៦ ដល់ ខ ៨។ ពាក្យទាំងនេះជាសេចក្តីដែលលោកម៉ូសេថ្លែងទៅកាន់ពួកអ៊ីស្រាអែល មុនពេលដែលពួកគេចូលទៅក្នុងទឹកដីសន្យា ហើយលោកម៉ូសេប្រាប់ពួកគេថា ព្រះចង់ឲ្យពួកគេក្លាយទៅជាប្រជារាស្ត្របែបណារបស់ព្រះអង្គ។ លោកក៏ប្រាប់ពួកគេផងដែរពីមូលហេតុដែលព្រះចង់ឲ្យពួកគេក្លាយទៅជាប្រជារាស្ត្រមួយដ៏ពិសេស។ ចោទិយកថា ៧:៦-៨៖
«ដ្បិតអ្នកជាប្រជារាស្ត្របរិសុទ្ធដល់ព្រះយេហូវ៉ា ជាព្រះរបស់អ្នក ហើយព្រះយេហូវ៉ា ជាព្រះរបស់អ្នក បានជ្រើសរើសអ្នក ពីក្នុងចំណោមប្រជាជនទាំងអស់នៅលើផែនដី មកធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់»។ (NIV)
នោះជាប្រយោគមួយដ៏អស្ចារ្យ៖ «ព្រះយេហូវ៉ា ជាព្រះរបស់អ្នក បានជ្រើសរើសអ្នក ពីក្នុងចំណោមប្រជាជនទាំងអស់នៅលើផែនដី មកធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់»។ ប៉ុន្តែយើងដឹងតាមរយៈគម្ពីរសញ្ញាថ្មីថា សេចក្តីនោះបានត្រឡប់ជាការពិតសម្រាប់ព្រះគ្រីស្ទបរិស័ទរៀងៗខ្លួន។ ព្រះអម្ចាស់បានជ្រើសរើសលោកអ្នកពីក្នុងចំណោមមនុស្សទាំងអស់នៅលើផែនដី។
ឥឡូវនេះ សូមមើលមូលហេតុដែលព្រះអម្ចាស់បានជ្រើសរើសអ៊ីស្រាអែល។ សេចក្តីនេះនឹងជួយយើងឲ្យយល់អ្វីមួយដ៏សំខាន់អំពីរបៀបដែលព្រះអម្ចាស់ជ្រើសរើសលោកអ្នក និងខ្ញុំ។ ដំបូង លោកម៉ូសេពន្យល់ពីមូលហេតុដែលព្រះអម្ចាស់មិនបានជ្រើសរើសអ៊ីស្រាអែល ខ ៧៖
«ព្រះយេហូវ៉ាស្រឡាញ់អ្នករាល់គ្នា ហើយជ្រើសរើសអ្នករាល់គ្នា មិនមែនដោយព្រោះអ្នករាល់គ្នាមានគ្នាច្រើនជាងសាសន៍ឯទៀតនោះឡើយ ដ្បិតអ្នករាល់គ្នាជាសាសន៍មានគ្នាតិចជាងសាសន៍ទាំងអស់»។ (NIV)
លោកម៉ូសេកំពុងព្រមានពួកគេថា៖ «មិនមែនដោយព្រោះអ្នករាល់គ្នាអស្ចារ្យ ឬខ្លាំងពូកែនោះទេ។ គឺមិនមែនមូលហេតុនោះទេ សូមកុំច្រឡំ។ កុំឲ្យចាប់ផ្ដើមគិតថា អ្នករាល់គ្នាមានអ្វីម្យ៉ាងពិសេស ដែលធ្វើឲ្យអ្នករាល់គ្នាខ្លាំងពូកែ ទើបព្រះអម្ចាស់ជ្រើសរើសអ្នករាល់គ្នានោះឡើយ។ មិនមែនដូច្នោះទេ ព្រះអម្ចាស់មិនបានស្រឡាញ់អ្នករាល់គ្នា ហើយជ្រើសរើសអ្នករាល់គ្នា ដោយព្រោះអ្នករាល់គ្នាមានគ្នាច្រើនជាងសាសន៍ឯទៀតនោះឡើយ ដ្បិតអ្នករាល់គ្នាជាសាសន៍មានគ្នាតិចជាងសាសន៍ទាំងអស់»។ សូមមើល ខ ៨៖
«តែដោយព្រោះព្រះយេហូវ៉ាស្រឡាញ់អ្នករាល់គ្នា ហើយដោយព្រោះព្រះអង្គគោរពតាមសេចក្តីសម្បថដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នករាល់គ្នា បានជាព្រះអង្គនាំអ្នករាល់គ្នាចេញមក ដោយព្រះហស្តដ៏ខ្លាំងពូកែ ហើយបានដោះអ្នករាល់គ្នាឲ្យរួចពីផ្ទះដែលអ្នកធ្វើទាសករ គឺពីកណ្ដាប់ដៃរបស់ផារ៉ោន ជាស្ដេចស្រុកអេស៊ីព្ទ»។ (NIV)
សូមកត់សម្គាល់ពាក្យនេះ មិនមែនដោយព្រោះ... តែដោយព្រោះ។ មិនមែនដោយព្រោះអ្នករាល់គ្នាអស្ចារ្យ ឬខ្លាំងពូកែនោះទេ តែដោយព្រោះអ្វី? គឺដោយព្រោះព្រះអម្ចាស់ស្រឡាញ់អ្នករាល់គ្នា។ ហេតុអ្វីបានជាព្រះអង្គស្រឡាញ់អ្នករាល់គ្នា? លោកម៉ូសេមិនទាំងបានព្យាយាមពន្យល់អំពីចំណុចនេះផង ហើយនោះជារឿងពិត មិនមែនត្រឹមតែអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះនៅក្នុងសញ្ញាចាស់ប៉ុណ្ណោះទេ តែក៏ពិតប្រាកដសម្រាប់យើងរាល់គ្នាផងដែរ។ មិនមែនដោយព្រោះយើងជាមនុស្សសម្បើមអស្ចារ្យ មិនមែនដោយព្រោះយើងឆ្លាត ឬមានទេពកោសល្យ ឬមានអំណោយទានពិសេសអ្វីនោះទេ ប៉ុន្តែដោយព្រោះព្រះអង្គបានស្រឡាញ់យើង។ នោះហើយជាសេចក្តីអាថ៌កំបាំង ជាអាថ៌កំបាំងដែលមិនអាចពន្យល់បាន។
ហើយបន្តមកទៀត នៅក្នុងសញ្ញាចាស់ នៅក្នុងគម្ពីរអេសាយ លោកអេសាយក៏លើកឡើងពីគោលសំខាន់នេះផងដែរ ឬថា ព្រះអម្ចាស់បញ្ជាក់ពីគោលសំខាន់នេះ តាមរយៈគម្ពីរហោរា។ អេសាយ ៤៣:១-៤៖
«ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមកហើយ ឱពួកអ៊ីស្រាអែលអើយ ព្រះដែលជប់សូនអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា កុំឲ្យខ្លាចឡើយ ដ្បិតយើងបានដោះអ្នកហើយ យើងបានហៅចំឈ្មោះអ្នក អ្នកជារបស់យើង។ កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយអ្នក កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកដើរកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាកឡើយ អណ្ដាតភ្លើងក៏មិនឆាបឆេះអ្នកដែរ ដ្បិតយើងនេះ គឺយេហូវ៉ា ជាព្រះនៃអ្នក យើងជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គឺជាព្រះសង្គ្រោះរបស់អ្នក យើងបានឲ្យស្រុកអេស៊ីព្ទទុកជាថ្លៃដោះអ្នក ព្រមទាំងស្រុកអេធីយ៉ូពី និងស្រុកសេបាជំនួសអ្នកផង។ យើងនឹងឲ្យមនុស្សដទៃជំនួសអ្នក ហើយប្រជាជាតិផ្សេងៗសងនឹងជីវិតអ្នក ដោយសារអ្នកមានតម្លៃវិសេសនៅភ្នែកយើង ក៏គួរលើកតម្កើង ហើយជាទីស្រឡាញ់ដល់យើងផង»។ (NIV)
ម្ដងទៀតហើយ យើងមានសេចក្តីអាថ៌កំបាំងដដែលនេះដែលមិនអាចពន្យល់បាន គឺ «ដោយព្រោះយើងស្រឡាញ់អ្នក»។ ព្រះទ្រង់មិនដែលពន្យល់ពីហេតុដែលព្រះអង្គស្រឡាញ់នោះឡើយ។ ប៉ុន្តែព្រះអង្គមានបន្ទូលថា ដោយព្រោះយើងស្រឡាញ់អ្នក យើងនឹងធ្វើគ្រប់បែបយ៉ាងទាំងអស់ ដូចដែលយើងបានប្ដូរផ្ដាច់ថានឹងធ្វើ។ យើងនឹងរៀបចំប្រវត្តិសាស្ត្រទាំងអស់ដើម្បីសម្រេចគោលបំណងរបស់យើង និងសេចក្តីសន្យារបស់យើងចំពោះអ្នក។ ព្រះអង្គមិនបានមានព្រះបន្ទូលថា យើងនឹងការពារអ្នកមិនឲ្យអ្នកជួបទុក្ខវេទនា មិនឲ្យជួបការលំបាក ឬគ្រោះថ្នាក់នោះឡើយ។ ព្រះអង្គមិនបានមានព្រះបន្ទូលថា អ្នកនឹងមិនដែលដើរកាត់ទឹកធំ អ្នកនឹងមិនដែលដើរកាត់ភ្លើងនោះទេ ប៉ុន្តែព្រះអង្គមានព្រះបន្ទូលថា នៅពេលដែលអ្នកដើរកាត់ទឹកធំ យើងនឹងនៅជាមួយអ្នក។ នៅពេលដែលអ្នកដើរកាត់ភ្លើង យើងនឹងនៅជាមួយអ្នក ហើយអ្នកនឹងមិនរលាកឡើយ។ អ្នកដែលដឹង សូម្បីតែបន្តិចបន្តួច អំពីប្រវត្តិសាស្ត្ររបស់ប្រជាជនយូដា គេប្រាកដជាអាចនិយាយបានថា រឿងនោះពិតមែន។ ដោយហេតុនេះហើយបានជានៅតែមានប្រជាជនយូដាសព្វថ្ងៃនេះ។ គ្មានប្រជាជនណាដែលធ្លាប់បានដើរកាត់ទឹកធំ ឬដើរកាត់ភ្លើងដូចជាប្រជាជនយូដាឡើយ គឺប្រជាជនអ៊ីស្រាអែល ដែលជាប្រជារាស្ត្ររបស់ព្រះ។ ព្រះទ្រង់មិនបានរារាំងពួកគេមិនឲ្យជួបការបែបនោះឡើយ ប៉ុន្តែព្រះអង្គមានព្រះបន្ទូលថា យើងនឹងនៅជាមួយអ្នក ហើយយើងនឹងចាត់ចែងប្រវត្តិសាស្ត្រ យើងនឹងឲ្យមនុស្សដទៃ និងសាសន៍ដទៃសងជំនួសអ្នក ដើម្បីសម្រេចសេចក្តីសន្យារបស់យើងចំពោះអ្នក ដោយព្រោះយើងស្រឡាញ់អ្នក។ ប៉ុន្តែហេតុអ្វីបានជាព្រះអង្គស្រឡាញ់ ព្រះអង្គមិនដែលបានពន្យល់ទេ។
សេចក្តីបន្ទាប់មកទៀត នៅក្នុងអេសាយ ៤៣:៥ ជាខបន្ទាប់គឺ «កុំឲ្យខ្លាចឡើយ…»។ ខ្ញុំបានចង្អុលបង្ហាញនៅក្នុងវគ្គមុនហើយថា មានសេចក្តីស្រឡាញ់មួយដែលបណ្ដេញសេចក្តីភ័យខ្លាច។ ហើយនោះជាវិធីតែមួយគត់ដែលយើងអាចចូលទៅក្នុងទំនាក់ទំនងនេះជាមួយព្រះបាន គឺតាមរយៈសេចក្តីស្រឡាញ់ដែលបណ្ដេញសេចក្តីភ័យខ្លាច ដែលរារាំងយើងមិនឲ្យចុះចូលពេញលេញចំពោះទ្រង់។
ឥឡូវនេះ ខ្ញុំចង់នាំលោកអ្នកឲ្យទៅហួសសេចក្តីស្រឡាញ់របស់ព្រះសម្រាប់ពួកអ៊ីស្រាអែល។ ខ្ញុំចង់និយាយអំពីការមួយដែលកាន់តែអស្ចារ្យជាងទៅទៀត គឺសេចក្តីស្រឡាញ់របស់ព្រះដល់ពិភពលោកទាំងមូល។
ជាដំបូង ខ្ញុំចង់ចង្អុលបង្ហាញលោកអ្នកដោយសង្ខេបអំពីស្ថានភាពរបស់ពិភពលោក ចេញពីបទគម្ពីរ គឺស្ថានភាពរបស់មនុស្សជាតិ ដែលមិនមានសេចក្តីស្រឡាញ់ និងព្រះគុណរបស់ព្រះ។ ស្ថានភាពនេះបានបញ្ជាក់ប្រាប់យ៉ាងច្បាស់នៅក្នុងគម្ពីរទំនុកតម្កើង ១៤:១-៣៖
«មនុស្សល្ងង់ខ្លៅគិតក្នុងចិត្តថា “គ្មានព្រះទេ” គេជាមនុស្សខូចអាក្រក់ គេប្រព្រឹត្តអំពើដែលគួរខ្ពើម ឥតមានអ្នកណាម្នាក់ដែលប្រព្រឹត្តល្អសោះ។ ព្រះយេហូវ៉ាបានទតមើលពីស្ថានសួគ៌ មកលើពួកកូនមនុស្ស រកមើល ក្រែងមានអ្នកណាដែលមានគំនិតឈ្លាសវៃ ហើយស្វែងរកព្រះ។ គ្រប់គ្នាបានវង្វេងចេញ ហើយគេត្រឡប់ជាស្មោកគ្រោកទាំងអស់ គ្មានអ្នកណាម្នាក់ដែលប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង»។ (NIV)
នេះហើយមនុស្សជាតិ នៅចំពោះព្រះនេត្ររបស់ព្រះ នៅពេលដែលដាច់ចេញពីព្រះគុណ ពីសេចក្តីមេត្តាករុណា និងពីសេចក្តីស្រឡាញ់របស់ព្រះ។ យើងមិនដែលចេះស្វែងរកព្រះទេ។ យើងបានបែរចេញពីព្រះអង្គ។ យើងមិនខ្វល់អំពីព្រះអង្គ។ យើងមិនខ្វល់ថា ព្រះអង្គជាសេចក្តីត្រូវការរបស់យើងទេ។ យើងបានបែរខ្នងដាក់ព្រះអង្គ។ «ព្រះយេហូវ៉ាបានទតមើលពីស្ថានសួគ៌ មកលើពួកកូនមនុស្ស រកមើល ក្រែងមានអ្នកណាដែលមានគំនិតឈ្លាសវៃ ហើយស្វែងរកព្រះ» ចម្លើយគឺ «គ្រប់គ្នាបានវង្វេងចេញ ហើយគេត្រឡប់ជាស្មោកគ្រោកទាំងអស់ គ្មានអ្នកណាម្នាក់ដែលប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង»។
បន្ទាប់មក យើងឆ្លងចេញពីស្ថានភាពដ៏អាក្រក់នេះ ចូលមកកាន់សេចក្តីអាថ៌កំបាំងដែលមិនអាចពន្យល់បាន អំពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងខគម្ពីរមួយដែលមនុស្សជាច្រើនស្គាល់ គឺយ៉ូហាន ៣:១៦៖
«ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ (NASB)
សូមចាំថា តើពិភពលោកនេះមានលក្ខណៈបែបណា ទើបបានជាព្រះទ្រង់ប្រទានព្រះរាជបុត្ររបស់ព្រះអង្គមកសង្គ្រោះគេ? ប្រាកដហើយ ជាពិភពលោកមួយដែលបានបែរខុសទិសដៅ ជាពិភពលោកមួយដែលខូចសណ្ឋានដើម ជាពិភពលោកមួយដែលស្អុយរលួយហើយ ជាពិភពលោកមួយដែល ដោយសារនិស្ស័យកំណើតរបស់គេ គ្មាននរណាម្នាក់ប្រព្រឹត្តល្អសោះ ជាពិភពលោកមួយដែលគ្មាននរណាម្នាក់បានស្វែងរកព្រះសោះ។ ដូច្នេះ គ្រប់ទាំងការជំរុញចិត្តល្អៗ គ្រប់ទាំងការឆ្លើយតបល្អៗរបស់មនុស្ស គឺសុទ្ធតែជាការជំរុញដោយសេចក្តីស្រឡាញ់ និងព្រះគុណរបស់ព្រះតែប៉ុណ្ណោះ។ សម្រាប់ពិភពលោកមួយបែបនេះ ព្រះទ្រង់បានប្រទានព្រះរាជបុត្ររបស់ព្រះអង្គតែមួយ គឺព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រនោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ច។ នេះហើយជាអាថ៌កំបាំងនៅពីក្រោយប្រវត្តិសាស្ត្ររបស់មនុស្ស។ នេះហើយជាអាថ៌កំបាំងនៅពីក្រោយបទពិសោធន៍របស់យើងគ្រប់រូប។
ខ្ញុំសូមជូនយោបល់លោកអ្នកនៅថ្ងៃនេះថា លោកអ្នកមិនគួរព្យាយាមខំប្រឹងរកសេចក្តីស្រឡាញ់របស់ព្រះឡើយ។ ខ្ញុំនឹងនិយាយអំពីចំណុចនេះថែមទៀតនៅពេលក្រោយ។ សូមកុំស្វែងយល់ថា ហេតុអ្វីបានជាព្រះទ្រង់បានស្រឡាញ់លោកអ្នកនោះឡើយ។ សូមកុំស្វែងរកមូលហេតុនៅក្នុងលោកអ្នក ថាហេតុអ្វីបានជាព្រះស្រឡាញ់លោកអ្នក ព្រោះបើយ៉ាងនោះ លោកអ្នកនឹងបាក់ទឹកចិត្តមិនខាន។ លោកអ្នកកាន់តែរកមើល លោកអ្នកនឹងរកឃើញកាន់តែតិច។ សូមគ្រាន់តែព្រមស្គាល់ ហើយព្រមជឿប៉ុណ្ណោះចុះ។ ចូរពឹងអាងលើសេចក្តីស្រឡាញ់ដែលព្រះមានសម្រាប់លោកអ្នក។ ខ្ញុំបានរកឃើញសេចក្តីស្រឡាញ់របស់ព្រះ តាមបទពិសោធន៍ផ្ទាល់ខ្លួនជាងសែសិបឆ្នាំមុន ប៉ុន្តែខ្ញុំមិនបានឃើញឲ្យពេញលេញពិតប្រាកដទេ ព្រោះខ្ញុំតែងតែស្វែងរកមូលហេតុនៅក្នុងខ្ញុំ ពីហេតុដែលធ្វើឲ្យព្រះទ្រង់ស្រឡាញ់ខ្ញុំ ឬពីរបៀបដែលខ្ញុំអាចរកបានសេចក្តីស្រឡាញ់របស់ព្រះអង្គ។ បន្ទាប់មក នៅថ្ងៃមួយ ខ្ញុំសន្និដ្ឋានបានដូច្នេះថា ខ្ញុំមិនអាចខំឲ្យបានសេចក្តីស្រឡាញ់របស់ព្រះឡើយ ខ្ញុំមិនសក្តិសមនឹងសេចក្តីស្រឡាញ់របស់ព្រះ គ្មានហេតុដែលសមនឹងសេចក្តីស្រឡាញ់របស់ព្រះទេ គឺខ្ញុំគ្រាន់តែព្រមជឿចំពោះសេចក្តីស្រឡាញ់របស់ព្រះប៉ុណ្ណោះ។
ពេលវេលារបស់យើងចូលដល់ទីបញ្ចប់ហើយនៅថ្ងៃនេះ។ ខ្ញុំនឹងត្រឡប់មកជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមពេលវេលាកំណត់របស់យើង។ វគ្គក្រោយ ខ្ញុំនឹងពន្យល់ការដ៏សំខាន់បំផុតមួយអំពីសេចក្តីស្រឡាញ់របស់ព្រះ ជាការមួយដែលខ្ញុំបានជម្រាបរួចហើយនៅថ្ងៃនេះ គឺសេចក្តីស្រឡាញ់ដែលមិនអាចរកបាន។
កូដ: RP-R104-102-KHM










