សេចក្តីស្រឡាញ់ «អាហ្គាប៉េ»

ដេរេក ព្រីនស៍
Published: 1982
Last Updated: September 2026
Read Time: 9
សូមស្វែងយល់ពីអត្ថន័យដ៏ជ្រាលជ្រៅនៃ «សេចក្ដីស្រឡាញ់បែបអាកាប៉េ» ក្នុងភាគទី ៥ នៃស៊េរី «សេចក្ដីស្រឡាញ់របស់ព្រះ» ដោយលោក ដេរិក ព្រីនស៍។ ស្វែងយល់ពីរបៀបដែលសេចក្ដីស្រឡាញ់ដ៏ទេវភាពនេះ ដែលមានប្រភពពីព្រះ ជាការលះបង់ ឥតលក្ខខណ្ឌ និងត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈព្រះយេស៊ូវ។ សូមឱ្យការបង្រៀននេះដឹកនាំអ្នកឱ្យទទួលយកសារនៃសេចក្ដីស្រឡាញ់ក្នុងដំណឹងល្អ ដូចដែលសាវកប៉ុលបានបង្ហាញក្នុងបទគម្ពីរ។
Transcript
សូមលើកតម្កើងដល់ព្រះសម្រាប់ពេលវេលារបស់យើងនៅថ្ងៃនេះ ហើយនៅថ្ងៃនេះ ខ្ញុំនឹងបន្តចែកចាយអំពីគោលសំខាន់របស់យើងសម្រាប់រដូវកាលណូអែល ជារដូវកាលខួបកំណើតរបស់ព្រះអម្ចាស់យេស៊ូវគ្រិស្ត គឺៈសេចក្តីស្រឡាញ់របស់ព្រះ។
វគ្គមុន ខ្ញុំបានពន្យល់អំពីប្រភេទនៃសេចក្តីស្រឡាញ់សំខាន់បួន ដែលមាននៅក្នុងភាសាក្រេក នៅក្នុងគ្រាព្រះគម្ពីរសញ្ញាថ្មី។ ពាក្យទាំងបួន ដែលខ្ញុំបានបង្ហាញគឺៈ 1. Eros; 2. Storge; 3. Philia; 4. Agape.ហើយខ្ញុំបាននិយាយអំពីពាក្យទីមួយ គឺ eros ពាក្យនោះន័យសំខាន់គឺសេចក្តីស្រឡាញ់ខាងផ្លូវភេទ។ ពាក្យទីពីរគឺ storge ដែលពាក្យនេះបានបកប្រែយ៉ាងល្អបំផុត នៅក្នុងគម្ពីរសំណៅ King James គឺសេចក្តីស្រឡាញ់ធម្មតារបស់មនុស្ស ជាចំណងនៃសេចក្ដីស្រឡាញ់ធម្មតា ដែលទ្រទ្រង់គ្រួសារមនុស្សជាតិឲ្យរស់នៅជាមួយគ្មា។ ពាក្យទីបីគឺ philia គឺជាសេចក្ដីស្រឡាញ់បែបមិត្តភាព។ ហើយពាក្យទីបួនគឺ agape ជាប្រភេទនៃសេចក្តីស្រឡាញ់ដែលខ្ញុំចង់ផ្តោតនៅក្នុងរាជសាររបស់ខ្ញុំថ្ងៃនេះ។ នេះជាសេចក្តីស្រឡាញ់មួយ ដែលក្នុងរបៀបខ្លះ ឬរបៀបផ្សេង ដែលជានិច្ចកាលមានដើមកំណើតមកពីព្រះ។
ដូច្នេះ នៅថ្ងៃនេះ ខ្ញុំនឹងផ្តោតអំពីប្រភេទនៃសេចក្តីស្រឡាញ់ទីបួននេះ ដែលជាសេចក្តីស្រឡាញ់អាកាបេ៉។ ហើយខ្ញុំនឹងជម្រាបជូនឲ្យកាន់តែពេញលេញថែមទៀត ជាមួយនឹងលក្ខណៈពិសេសដោយឡែកៗអំពីសេចក្ដីស្រឡាញ់ ដែលខ្ញុំទើបនឹងបានជម្រាបជូនដោយសង្ខេបនៅចុងបញ្ចប់ការចែកចាយរបស់ខ្ញុំវគ្គមុន។ ខ្ញុំសង្ឃឹមថា ការចែកចាយរបស់ខ្ញុំនៅវគ្គមុន នឹងបានជាសេចក្ដីផ្ដើម អំពីអ្វីដែលខ្ញុំចង់បង្ហាញឲ្យបានកាន់តែពេញលេញនៅថ្ងៃនេះ។
ខ្ញុំបានជម្រាបជូនថា មានលក្ខណៈពិសេសសំខាន់ៗចំនួនបួនអំពីសេចក្តីស្រឡាញ់អាកាបេ៉។ ទីមួយគឺសេចក្ដីស្រឡាញ់ដែលប្រគល់ខ្លួន។ ទីពីរ សេចក្ដីស្រឡាញ់ដែលទៅរហូតដល់ពីរយោជន៍។ ទីបីគឺសេចក្ដីស្រឡាញ់គ្មានលក្ខខណឌ គ្មានខ្សែចំណង។ ហើយទីបួនគឺសេចក្តីស្រឡាញ់ដែលបានសម្តែងឲ្យឃើញយ៉ាងគ្រប់លក្ខណ៍នៅក្នុងព្រះយេស៊ូ។
ឥឡូវនេះ សូមយើងមើលជាមួយគ្នាដោយសង្ខេបអំពីចំណុចទាំងបួននេះនៃសេចក្តីស្រឡាញ់អាកាបេ៉។ ទីមួយ គឺចរិតនៃសេចក្ដីស្រឡាញ់ដែលព្រមប្រគល់ខ្លួន។ សេចក្តីនេះត្រូវបានសបង្ហាញឲ្យឃើញយ៉ាងល្អ ដោយសាវកប៉ូល ក្នុងការដែលលោកបានសរសេរទៅកាន់គ្រិស្តបរិស័ទនៅក្រុងថែស្សាឡូនិច គឺនៅក្នុងគម្ពីរថែស្សាឡូនិចទី១ ជំពូក២ ខ៨។ លោកបានរំលឹកពួកគេពីដំណើរដែលលោកបាននៅជាមួយគេផ្ទាល់។ លោកបានថ្លែងដូច្នេះថាៈ
«ដោយសារយើងស្រឡាញ់អ្នករាល់គ្នាខ្លាំងយ៉ាងនេះ បានជាយើងមិនត្រឹមតែចែកចាយដំណឹងល្អពីព្រះដល់អ្នករាល់គ្នាប៉ុណ្ណោះទេ គឺថែមទាំងជីវិតរបស់យើងទៀតផង ព្រោះអ្នករាល់គ្នាជាទីស្រឡាញ់របស់យើងណាស់។» RKOV
ចំណុចដែលនិយាយថា «ជីវិត» ន័យត្រង់នៅភាសាក្រេកគឺ «ព្រលឹង»។ ដូច្នេះ នោះជាប្រភេទនៃសេចក្តីស្រឡាញ់ ដែលមិនត្រឹមតែជាការឲ្យរបស់ប៉ុណ្ណោះទេ ហើយក៏មិនមែនត្រឹមតែជាការឲ្យដំបូន្មាន ឬអធិប្បាយព្រះបន្ទូលប្រាប់នោះឡើយ។ ប៉ុន្តែវាលើសជាងការទាំងនោះទៅទៀត ពោលគឺឲ្យខ្លួន ប្រគល់ខ្លួនប្រគល់ជីវិត ដាក់ជីវិត។ សេចក្ដីស្រឡាញ់នេះមិនមែននិយាយថា «ខ្ញុំនឹងឲ្យការនេះទៅអ្នក ឬខ្ញុំនឹងឲ្យការនោះទៅអ្នកនោះឡើយ» តែថា «ខ្ញុំនៅទីនេះហើយ អ្នកអាចប្រើខ្ញុំបាន។ អ្វីដែលខ្ញុំអាចធ្វើសម្រាប់អ្នកបាន ចូរហៅខ្ញុំចុះ»។ នោះហើយសេចក្តីស្រឡាញ់អាកាបេ៉។ សេចក្ដីនេះ យើងទាំងអស់គ្នាធ្វើបានតែបន្ដិចបន្តួចប៉ុណ្ណោះហើយខ្ញុំជឿថាលោកអ្នកប្រាកដជាយល់ស្រប នៅក្នុងក្រុមជំនុំ និងនៅក្នុងព័ន្ធកិច្ចគ្រិស្តបរិស័ទ។ ក្នុងចំណោមពួកយើង ខ្លះពូកែខាងអធិប្បាយព្រះបន្ទូល ទូន្មាន និងឲ្យគំនិតយោបល់ ប៉ុន្តែដែលធ្វើជាគ្រិស្តបរិស័ទដ៏ពិត គឺលើសពីនោះទៅទៀត ហើយនោះគឺ សេចក្ដីស្រឡាញ់ដែលព្រមប្រគល់ខ្លួន។
បន្ទាប់មកទៀត សញ្ញាទីពីរនៃសេចក្ដីស្រឡាញ់អាកាបេ៉ គឺទៅរហូតដល់ពីរយោជន៍។ ហើយខ្ញុំយកឃ្លានេះ ចេញពីពាក្យខ្លះរបស់ព្រះយេស៊ូ នៅពេលព្រះអង្គបង្រៀននៅលើភ្នំ គឺនៅក្នុងម៉ាថាយ ៥:៤១:
«បើអ្នកណាបង្ខំឲ្យអ្នកធ្វើដំណើរមួយយោជន៍ ចូរទៅជាមួយគេពីរយោជន៍ចុះ។» RKOV
នៅក្នុងកាលៈទេសៈខ្លះ មនុស្សម្នាក់នៅក្នុងវប្បធម៌បែបនោះ អាចមានសិទ្ធបង្ខំឲ្យលោកអ្នកទៅមួយយោជន៍បាន។ អ្នកនោះអាចតម្រូវឲ្យលោកអ្នកធ្វើដូច្នោះបាន។ ប៉ុន្តែ អ្នកនោះមិនអាចតម្រូវឲ្យលោកអ្នកទៅលើសពីមួយយោជន៍បានឡើយ។ ដូច្នេះ ខ្ញុំហៅមួយយោជន៍ទីមួយថា «កាតព្វកិច្ច»។ ឯយោជន៍ទីពីរ គឺ«សេចក្តីស្រឡាញ់ ដែលជាសេចក្តីស្រឡាញ់អាកាបេ៉»។ សេចក្ដីស្រឡាញ់នេះ ហួសពីអ្វីដែលកាតព្វកិច្ចតម្រូវ។ ប៉ុន្តែ ខ្ញុំគិតថា នេះជារឿងសំខាន់ណាស់ដែលយើងទាំងអស់គ្នាឃើញ ទាំងនៅក្នុងពិភពរូបសាស្រ្ត ទាំងនៅក្នុងពិភពវិញ្ញាណ ដែលយើងមិនអាចទៅរហូតដល់យោជន៍ទីពីរបានឡើយ ដរាបណាយើងមិនបានឆ្លងផុតយោជន៍ទីមួយ។ ដូច្នេះអាកាបេ៉ មិនមែនជារឿងមនោសញ្ចេតនានោះឡើយ។ មិនត្រឹមតែជាពាក្យដែលនិយាយថា«ខ្ញុំស្រឡាញ់អ្នក ខ្ញុំចង់ជួយអ្នក ខ្ញុំនឹងអធិស្ឋានឲ្យអ្នក» នោះឡើយ។ ប៉ុន្តែ ជាការបំពេញកាតព្វកិច្ចរបស់ខ្លួនគឺធ្វើរាល់អ្វីៗដែលកាតព្វកិច្ចតម្រូវជាមុន ហើយបន្ទាប់មក ទៅហួសនោះទៅទៀត។ ខ្ញុំបានជួបមនុស្សជាច្រើនដែលនិយាយអំពីសេចក្តីស្រឡាញ់ តែមិនបានបំពេញកាតព្វកិច្ចរបស់ខ្លូនទេ។ នោះមិនមែនជាសេចក្តីស្រឡាញ់អាកាបេ៉ ទេ។ សេចក្តីស្រឡាញ់អាកាបេ៉ គឺបង់តម្លៃរបស់ខ្លួន ហើយបន្ទាប់មក បង់លើសពីតម្លៃនោះទៅទៀត។ សេចក្ដីស្រឡាញ់ អាកាបេ៉ មិនបោកប្រាស់ រួចហើយបានឲ្យនោះទេ។ សេចក្ដីស្រឡាញ់អាកាបេ៉ គឺស្មោះត្រង់នឹងការតូចៗ ហើយបន្ទាប់មក ទៅហួសនោះទៅទៀត។
ការទីបីអំពីសេចក្តីស្រឡាញ់អាកាបេ៉ គឺគ្មានលក្ខខណឌ។ សេចក្ដីស្រឡាញ់ អាកាបេ៉ គ្មានខ្សែចំណងហើយដែលកាន់តែងាយយល់គឺ មិនមែនស្រឡាញ់តាមបែបហុតទឹកសម្លឹងកាក។ សេចក្តីស្រឡាញ់អាកាបេ៉ មិនតម្រូវឲ្យធ្វើអ្វីមុនសិននោះឡើយ។ សេចក្តីស្រឡាញ់នេះដាក់ចុះដោយគ្មានលក្ខខណឌ។ សេចក្តីស្រឡាញ់នេះមិននិយាយថា «ដើម្បីឲ្យខ្ញុំស្រឡាញ់អ្នក អ្នកត្រូវបំពេញលក្ខខណឌទាំងនេះសិន» នោះឡើយ។ សេចក្តីស្រឡាញ់នេះមិនអាចរកបានឡើយ។ បែបនោះគឺជារឿងមួយដែលពិបាកបំផុតសម្រាប់គំនិតបែបសាសនា ក្នុងការស្វែងយល់អំពីសេចក្តីស្រឡាញ់របស់ព្រះដែលមិនអាចរកបាននេះ។ យើងឲ្យទៅមនុស្សត្រឹមតែសេចក្តីស្រឡាញ់ ដែលគេរកបាន តែយើងមិនឲ្យសេចក្តីស្រឡាញ់របស់ព្រះទៅគេទេ គឺយើងមិនឲ្យសេចក្តីស្រឡាញ់អាកាបេ៉ ទៅគេ។
មានឃ្លាខ្លីមួយចេញពីទំនុកបរិសុទ្ធមួយ ជាពាក្យដែលតែងតែធ្វើឲ្យដក់ជាប់នៅក្នុងអារម្មណ៍របស់ខ្ញុំយ៉ាងជ្រាលជ្រៅ។ ទំនុកនេះ ចែងដូច្នេះថា៖
«សេចក្ដីស្រឡាញ់របស់ព្រះសម្រាប់មនុស្សមានបាបដូចខ្ញុំ មានអំណាចខ្ពស់បណ្ដាច់ អស្ចារ្យក្រៃលែងហើយឥតបង់ថ្លៃ»
មានពាក្យបីនៅទីនេះដែលនិយាយអំពីសេចក្ដីស្រឡាញ់របស់ព្រះ គឺ«មានអំណាចខ្ពស់បណ្ដាច់ អស្ចារ្យហើយឥតបង់ថ្លៃ»។ សេចក្ដីស្រឡាញ់របស់ព្រះ មានអំណាចខ្ពស់បណ្ដាច់ គ្មាននរណាប្រាប់ឲ្យព្រះទ្រង់ធ្វើអ្វីជាមួយនឹងសេចក្ដីស្រឡាញ់របស់ព្រះអង្គនោះឡើយ ព្រះអង្គមិនមានកាតព្វកិច្ចដែលត្រូវតែធ្វើ ឲ្យសក្ដិសមនឹងសេចក្តីស្រឡាញ់របស់ព្រះអង្គនោះទេ។ តាមពិត ខ្ញុំនឹងចង្អុលបង្ហាញនៅពេលក្រោយ នៅក្នុងឈុតមេរៀនរបស់យើងនេះ គឺសេចក្តីស្រឡាញ់របស់ព្រះអង្គមិនជំពាក់អ្វីដល់អ្នកណាឡើយ។ សេចក្ដីស្រឡាញ់នេះមិនអាចទាមទាររកនេយ្យភាពបានឡើយ។ ហើយបន្ទាប់មក សេចក្ដីស្រឡាញ់នេះ អស្ចារ្យ គួរឲ្យស្ញប់ស្ញែង។ ប្រសិនបើយើងធ្វើតែអ្វីដែលសមហេតុផល ហើយតាមទំនង នោះយើងមិនអាចជឿលើសេចក្តីស្រឡាញ់របស់ព្រះបានឡើយព្រោះជាសេចក្តីស្រឡាញ់ដែលហួសលើសពីភាពសមហេតុផល ហើយលើសពីភាពសមទំនង។ ហើយបន្ទាប់មកសេចក្ដីស្រឡាញ់នោះឥតបង់ថ្លៃ គឺទ្រង់ប្រទានមកដោយទទេ។ នោះជាពាក្យមួយដ៏ល្អបំផុត។ សេចក្តីស្រឡាញ់នេះមិនបាច់នឹងខំប្រឹងរកឲ្យបាននោះទេ តែគឺគ្រាន់តែទទួលយកប៉ុណ្ណោះ។ ខ្ញុំសូមទុកឃ្លាទំនុកដ៏ខ្លីនេះឲ្យលោកអ្នកៈ
«សេចក្ដីស្រឡាញ់របស់ព្រះសម្រាប់មនុស្សមានបាបដូចខ្ញុំ មានអំណាចខ្ពស់បណ្ដាច់ អស្ចារ្យក្រៃលែងហើយឥតបង់ថ្លៃ»
ខ្ញុំជឿថា លោកអ្នកនឹងដាក់ពាក្យនេះនៅក្នុងចិត្ត ហើយប្រាប់ខ្លួនឯងថា «សេចក្ដីស្រឡាញ់របស់ព្រះសម្រាប់មនុស្សមានបាបដូចខ្ញុំនេះ មានអំណាចខ្ពស់បណ្ដាច់ អស្ចារ្យក្រៃលែង ឥតបង់ថ្លៃទេ»។
ចំណុចទីបួនដែលខ្ញុំបង្ហាញអំពីសេចក្តីស្រឡាញ់អាកាបេ៉ គឺថា សេចក្តីស្រឡាញ់នេះត្រូវបានសម្តែងចេញឲ្យឃើញយ៉ាងគ្រប់លក្ខណ៍នៅក្នុងអង្គព្រះយេស៊ូ។ ហើយខ្ញុំពិតជាឃើញសេចក្ដីនេះថាជាការដ៏សំខាន់បំផុត អំពីរាជសារដ៏ពិតអំពីណូអែល គឺសេចក្តីស្រឡាញ់អាកាបេ៉ របស់ព្រះ បានសម្តែងចេញឲ្យឃើញនៅក្នុងអង្គព្រះយេស៊ូ។ ហើយខ្ញុំនឹងអានម្តងទៀតអំពីសេចក្ដីដែលលោកប៉ូលបានថ្លែងនៅក្នុងគម្ពីររ៉ូម ជំពូក៥ ខ៦-៨:
«កាលយើងនៅខ្សោយនៅឡើយ លុះដល់កំណត់ហើយ ព្រះគ្រីស្ទបានសុគតជំនួសមនុស្សទមិឡល្មើស។ 7 កម្រនឹងមានអ្នកណាព្រមស្លាប់ជំនួសមនុស្សសុចរិតណាស់ ប៉ុន្តែ ប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ជំនួសមនុស្សល្អដែរទេដឹង! 8 រីឯព្រះវិញ ទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ព្រះអង្គដល់យើង [នេះហើយជាសេចក្តីស្រឡាញ់អាកាបេ៉] ដោយព្រះគ្រីស្ទបានសុគតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សមានបាបនៅឡើយ។» RKOV
នេះជាការបង្ហាញឲ្យឃើញដ៏អស្ចារ្យអំពីសេចក្តីស្រឡាញ់អាកាបេ៉ ដែលជាការសម្តែងចេញឲ្យឃើញយ៉ាងគ្រប់លក្ខណ៍។ សូមមើលទៅការបីអំពីយើង នៅពេលដែលព្រះទ្រង់បង្ហាញសេចក្ដីនេះឲ្យឃើញ។ ដំបូងចែងថា យើងនៅខ្សោយ គឺយើងមិនអាចធ្វើអ្វីដើម្បីជួយខ្លួនឯងបានទេ។ ទីពីរ យើងជាមនុស្សទមិឡល្មើស។ យើងមានភាពផ្ទុយស្រឡះទៅនឹងអ្វីដែលស្របតាមចរិតរបស់ព្រះ។ ក្នុងន័យម្យ៉ាង យើងជាមនុស្សដែលមិនគួរឲ្យព្រះសុគតជំនួសសោះ គ្មានអ្វីនៅក្នុងយើង ដើម្បីអួតពីយើងចំពោះព្រះឡើយ។ ទីបីគឺ យើងជាមនុស្សមានបាបគឺបះបោរ យើងជាខ្មាំងសត្រូវចំពោះព្រះ យើងប្រឆាំងទាស់នឹងព្រះ យើងមិនបានចុះចូលនឹងច្បាប់របស់ព្រះ។ យើងមិនបានធ្វើអ្វីៗដែលព្រះទ្រង់ទាមទារពីយើងឡើយ។ នោះហើយជាចំណុចបីរបស់មនុស្ស ដែលព្រះទ្រង់ប្រទានព្រះយេស៊ូមកសុគតជំនួស យើងជាមនុស្សខ្សោយ ទមិឡល្មើស ហើយមានបាប។
មានការមួយកាន់តែសំខាន់ ដែលយើងត្រូវឃើញ អំពីការសម្តែងចេញនៃសេចក្តីស្រឡាញ់របស់ព្រះនេះនៅក្នុងព្រះគ្រិស្ត។ មានអ្វីម្យ៉ាងដែលសំខាន់មែនទែន ព្រោះធ្វើឲ្យយើងបារម្ភ។ ហើយប្រសិនបើយើងមិនយល់ពីការនេះទេ នោះយើងពិតជាមិនអាចចូលទៅក្នុងសេចក្តីស្រឡាញ់របស់ព្រះបានឡើយ។ សេចក្តីស្រឡាញ់អាកាបេ៉ ដំណើរការចេញពីជំនឿ។ ក្នុងករណីនេះ សេចក្ដីស្រឡាញ់នេះដំណើរការចេញពីជំនឿរបស់ព្រះ និងចេញពីជំនឿរបស់ព្រះគ្រិស្ត។ ព្រះជាម្ចាស់ និងព្រះគ្រិស្ត មានជំនឿថា ការសុគតរបស់ព្រះគ្រិស្តនឹងសម្រេចនូវគោលបំណងរបស់ព្រះ។ នេះមានសារៈសំខាន់ខ្លាំងណាស់ដែលឃើញថា សេចក្ដីស្រឡាញ់អាកាបេ៉ ដំណើរការចេញពីសេចក្តីជំនឿ។ ប្រសិនបើព្រះទ្រង់បានរង់ចាំមើលលទ្ធផល នោះនឹងមិនចាំបាច់មានយញ្ញបូជាអ្វីទេ។ ប៉ុន្តែ ព្រះទ្រង់ជឿថា អំណោយរបស់ព្រះអង្គនេះ គឺអំណោយនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គក្នុងឱកាសណូអែលនេះ នឹងមានលទ្ធផល។ ដូច្នេះ ដោយមិនបាច់រង់ចាំមើលលទ្ធផល ព្រះទ្រង់ប្រទានឲ្យមានយញ្ញបូជា។
ក្នុងការបញ្ចប់រាជសារថ្ងៃនេះ សូមឲ្យខ្ញុំរំលឹកលោកអ្នកពីអ្វីដែលខ្ញុំបាននិយាយកន្លងមកនៅក្នុងវគ្គសិក្សារបស់យើង ហើយខ្ញុំចង់និយាយសេចក្ដីនេះម្តងទៀត នៅក្នុងរដូវកាលណូអែលននេះ។ សូមចាំថា ព្រះយេស៊ូ គឺជាអំណោយរបស់ព្រះ។ ហើយក្នុងព្រះអង្គ យើងមានអ្វីៗគ្រប់ទាំងអស់ដែលយើងត្រូវការជាកញ្ចប់ ទាំងសម្រាប់គ្រាឥឡូវនេះ និងរហូតអស់កល្បជានិច្ចតទៅ។ ព្រះជាម្ចាស់មិនបានប្រទានអំណោយជាច្រើនមកយើងនោះទេ ព្រះអង្គប្រទានមកយើងនូវអំណោយមួយ ដែលក្នុងនោះមានគ្រប់ទាំងអស់។ អ្វីៗទាំងអស់គឺមាននៅក្នុងព្រះយេស៊ូ។ ហើយបន្ទាប់មក សូមចាំថា ព្រះបានព្យួរអំណោយណូអែលរបស់ព្រះអង្គនៅលើឈើ ហើយឈើនោះ គឺឈើឆ្កាង។ ហើយយ៉ាងនោះ សម្តែងចេញឲ្យឃើញនូវការដែលមិនអាចសម្តែងចេញឲ្យឃើញបាន។ យ៉ាងនោះ នាំមកឲ្យយើងនូវការដែលមិនអាចស្វែងយល់បាន ការដែលមិនអាចវាស់ស្ទង់ឲ្យពេញលេញបាន នោះគឺ សេចក្តីស្រឡាញ់របស់ព្រះនៅក្នុងព្រះគ្រិស្ត។ ខ្ញុំសូមដកស្រង់ពាក្យដ៏ខ្លីនោះជូនលោកអ្នកម្តងទៀត ព្រោះខ្ញុំចង់ឲ្យលោកអ្នកដាក់សេចក្តីនេះជាប់នៅក្នុងគំនិត។
«សេចក្ដីស្រឡាញ់របស់ព្រះសម្រាប់មនុស្សមានបាបដូចខ្ញុំ មានអំណាចខ្ពស់បណ្ដាច់ អស្ចារ្យក្រៃលែងហើយឥតបង់ថ្លៃ»
ពេលវេលារបស់យើងចូលមកចុងបញ្ចប់ហើយសម្រាប់ថ្ងៃនេះ។ ខ្ញុំនឹងត្រឡប់មកជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមពេលវេលាកំណត់។ វគ្គក្រោយ ខ្ញុំនឹងបន្តជាមួយនឹងគោលសំខាន់របស់យើងទៀត អំពីណូអែលគឺៈ សេចក្តីស្រឡាញ់របស់ព្រះ។
ពេលដែលយើងខិតចូលកាន់តែជិតចុងបញ្ចប់នៃឆ្នាំនេះ ខ្ញុំសូមថ្លែងអំណរគុណជាពិសេសចំពោះអស់លោកអ្នកដែលបានចូលជាមួយខ្ញុំក្នុងសម្រាលបន្ទុកខាងថវិកាសម្រាប់ព័ន្ធកិច្ចវិទ្យុនេះ។ ហើយជាថ្មីម្ដងទៀត ខ្ញុំសូមឲ្យលោកអ្នកនៅតែនឹកចាំអំពីព័ន្ធកិច្ចនេះ តាមរយៈជំនួយសប្បុរសរបស់លោកអ្ន មុននឹងឈានចូលឆ្នាំថ្មី។ ជំនួយដ៏សប្បុរសរបស់លោកអ្នក នឹងបានជាប្រភពដ៏អស្ចារ្យក្នុងការលើកទឹកចិត្តដល់យើងខ្ញុំដោយផ្ទាល់ ហើយនឹងជួយយើងខ្ញុំឲ្យបន្ត និងពង្រីកព័ន្ធកិច្ចនៅក្នុងឆ្នាំថ្មី ដែលនៅចំពោះមុខ។ សូមព្រះជាម្ចាស់ប្រទានពរ។
កូដ: RP-R103-105-KHM










