វិសេសណាស់សម្រាប់ពេលវេលាដែលយើងបានជួបគ្នាជាថ្មីនៅថ្ងៃនេះ ដើម្បីបន្តធ្វើឲ្យចិត្តរបស់យើងងាកចំព្រះពរនៃរដូវកាលខួបកំណើតព្រះយេស៊ូគ្រិស្ត ជាមួយនឹងគោលរឿងដ៏ពិសេសប្រចាំសប្តាហ៍របស់យើង គឺៈសេចក្តីស្រឡាញ់របស់ព្រះ។

វគ្គមុន ខ្ញុំបានចែកចាយអំពីគោលបំណងដ៏ខ្ពស់បំផុតនៃជីវិតអំពីការស្គាល់ព្រះ ហើយយើងបានមើលជាមួយគ្នាទៅកាន់ពាក្យដ៏សាមញ្ញពីរនៅក្នុងព្រះគម្ពីរ ប៉ុន្តែជាពាក្យដ៏ជ្រាលជ្រៅដែលបើកសម្តែងឲ្យឃើញពីចរិតដ៏សំខាន់របស់ព្រះ។ ពាក្យពីរឃ្លានោះគឺៈ ព្រះទ្រង់ជាសេចក្តីស្រឡាញ់ និង ព្រះទ្រង់ជាពន្លឺ។

យើងបានឃើញហើយថា ការនេះបង្កើតឲ្យមានសម្ពាធតានតឹងមួយ រវាងភាពបរិសុទ្ធរបស់ព្រះ ដោយព្រោះព្រះទ្រង់ជាពន្លឺ និងសេចក្តីស្រឡាញ់របស់ព្រះ។ ដ្បិតសេចក្តីស្រឡាញ់របស់ព្រះនាំយើង ហើយទាក់ទាញយើងឲ្យចង់ចូលទៅជិតព្រះ ប៉ុន្តែភាពបរិសុទ្ធរបស់ព្រះ មានព្រំខណឌកំណត់ដែលយើងមិនអាចនឹងឆ្លងកាត់បាន។ ដូច្នេះ យើងជួបលំបាកនឹងសម្ពាធនេះ ដែលខ្លួនយើងមិនមានអំណាចអ្វីនឹងដោះស្រាយសម្ពាធនេះបានឡើយ។ សម្ពាធតានតឹងនេះត្រូវបានបង្ហាញឲ្យឃើញពាសពេញនៅក្នុងព្រះគម្ពីរ ដោយសារការតម្រូវរបស់ព្រះ ទាមទារឲ្យមានយញ្ញបូជាមួយ គឺជីវិតមួយដែលត្រូវដាក់ចុះ ដោយទទួលស្គាល់ការពិតនៃអំពើបាប និងទោសនៃអំពើបាប។ ហើយបើគ្មានយញ្ញបូជាយ៉ាងនោះទេ គ្មាននរណាម្នាក់អាចចូលជិតព្រះបានឡើយ។ ដូច្នេះហើយបានជាអ្នកណាដែលបានចូលទៅជិតព្រះ ត្រូវតែចាប់ផ្តើមដោយការទទួលស្គាល់ការពិតនៃអំពើបាប និងទោសនៃអំពើបាប។ នេះហើយជាលក្ខខណឌតម្រូវនៃភាពបរិសុទ្ធរបស់ព្រះ។ ប៉ុន្តែ ផ្ទុយទៅវិញ សេចក្តីស្រឡាញ់របស់ព្រះនៅតែទាញយើងឲ្យចូលជិតព្រះអង្គ។

ហើយបន្ទាប់មក យើងឃើញដំណើរដែលព្រះតែមួយអង្គឯងប៉ុណ្ណោះ ដែលបានដោះស្រាយសម្ពាធតានតឹងនេះ ដោយប្រទានអង្គទ្រង់ផ្ទាល់ជាយញ្ញបូជា។ ភាពបរិសុទ្ធតម្រូវឲ្យមានយញ្ញបូជា ឯសេចក្តីស្រឡាញ់ផ្គាត់ផ្គង់ឲ្យមានយញ្ញបូជានៅក្នុងអង្គព្រះយេស៊ូ។ ខ្ញុំបានចង្អុលបង្ហាញនៅក្នុងវគ្គមុនថា យញ្ញបូជាមួយតម្រូវឲ្យមានការពីរៈ គឺអ្នករងគ្រោះមួយ និងសង្ឃមួយដើម្បីថ្វាយ ហើយនៅក្នុងព្រះយេស៊ូវ គឺទាំងអស់ល្មមគ្រប់គ្រាន់ គឺព្រះអង្គបានផ្គាត់ផ្គង់ឲ្យមានការទាំងពីរ។ ព្រះអង្គជាអ្នករងគ្រោះ ជាចៀមនៃព្រះ ដែលដកបាបមនុស្សលោកប៉ុន្តែព្រះអង្គក៏ជាសង្ឃទៀតផង។ ព្រះអង្គថ្វាយអង្គទ្រង់ផ្ទាល់ ជាកូនចៀមនៃព្រះ ដែលឥតស្លាកស្នាមតាមរយៈព្រះវិញ្ញាណដ៏អស់កល្បជានិច្ច ដល់ព្រះវរបិតា។ ដូច្នេះ យើងឃើញនៅក្នុងព្រះយេស៊ូ នូវភាពពេញលេញនៃការផ្គាត់ផ្គង់របស់ព្រះ និងដំណោះស្រាយរបស់ព្រះ អំពីសម្ពាធតានតឹង រវាងសេចក្តីស្រឡាញ់របស់ព្រះ និងភាពបរិសុទ្ធរបស់ព្រះ។

ការចែកចាយរបស់ខ្ញុំនៅថ្ងៃនេះ ខ្ញុំនឹងបន្តចូលទៅរកគោលសំខាន់ដដែលនេះ ចេញពីជ្រុងមួយផ្សេងទៀត។ ខ្ញុំនឹងផ្តោតទៅលើចរិតដ៏សំខាន់នៃសេចក្ដីស្រឡាញ់របស់ព្រះ ហើយជាពិសេស របៀបដែលសេចក្ដីស្រឡាញ់នេះ ខុសពីប្រភេទនៃសេចក្តីស្រឡាញ់ដទៃផ្សេងទៀត។ នៅថ្ងៃនេះ ជាពិសេសនៅក្នុងពិភពលោកតាមដែលយើងដឹង មានការខុសៗគ្នាជាច្រើន តាមពេលវេលាខុសគ្នាដែលបានផ្តុំគ្នាឡើងក្រោមចំណងជើងមួយគឺសេចក្តីស្រឡាញ់។ ហើយនេះជារឿងសំខាន់ដែលយើងរៀនបែងចែកឲ្យស្គាល់ រវាងប្រភេទនៃការផ្សេងៗដែលរាល់ពេលវេលាទាំងអស់ ត្រូវបានគេហៅថា សេចក្តីស្រឡាញ់។

ក្នុងគម្ពីរសញ្ញាថ្មីជាភាសាក្រេក ជាភាសាដែលត្រូវបានរក្សាទុកនៅក្នុងសញ្ញាថ្មី ហើយក៏បានបន្តមកដល់យើង គឺមានគោលគំនិតសំខាន់បួននៅក្នុងភាសាក្រិក ដែលទាំងបួននោះត្រូវបានបកប្រែចេញមកថា សេចក្តីស្រឡាញ់ ឬជាពាក្យតំណាងឲ្យសេចក្ដីស្រឡាញ់។ ខ្ញុំនឹងជម្រាបជូនលោកអ្នកនូវពាក្យក្រេកទាំងបួននោះហើយបន្ទាប់មក ខ្ញុំនឹងព្យាយាមឲ្យនិយមន័យដោយសង្ខេបជូនលោកអ្នក អំពីចរិតជាក់លាក់នៃពាក្យនីមួយៗហើយចាំថា គោលដៅដែលខ្ញុំចង់បង្ហាញគឺពាក្យទីបួន ជាពាក្យដែលប្រើសម្រាប់សេចក្តីស្រឡាញ់របស់ព្រះ។ ពាក្យទាំងបួននោះគឺ ទីមួយ eros, ទីពីរ storge, ទីបី philia និងទីបួន agape។

ខ្ញុំសូមវិភាគជូនដោយសង្ខេបអំពីពាក្យនីមួយៗ។ ទីមួយ eros ដែលជាឫសគល់របស់ពាក្យអង់គ្លេសថា«erotic» ដែលប្រែថា ដែលស្រើបស្រាល ជាពាក្យដែលខ្ញុំគិតថា ពាក្យនេះចង្អុលបង្ហាញយ៉ាងគ្រប់គ្រាន់អំពីចរិតគោលរបស់ពាក្យ eros។ មានកន្លែងមួយនៅក្រុងឡុង ប្រទេសអង់គ្លេស មានរូបសំណាកដ៏ល្បីល្យាញមួយអំពី Eros នៅចំកណ្តាល។ គេធ្វើរូបព្រះជាក្មេងកំលោះមួយ មានស្លាប មានព្រួញ និងធ្នូ។ ហើយគំនិតនោះគឺថា ក្មេងកំលោះនោះតម្រង់ព្រួញ ហើយយិតធ្នូបញ្ចេញស្នេហ៍ពីមនុស្សម្នាក់ បាញ់សំដៅទៅមនុស្សម្នាក់ទៀត។ ប៉ុន្តែ ពាក្យនេះតំណាងឲ្យការទាក់ទាញជាសំខាន់ខាងរូបសាច់។ ពាក្យនេះប្រើលើសេចក្ដីស្រើបស្រាល និងខាងផ្លូវភេទ ហើយពាក្យនេះមិនមែនជាគោលសម្រាប់ទំនាក់ទំនងមួយដែលនៅជាប់ជាអចិន្រ្តៃយ៍ឡើយ។ អាពាហ៍ពិពាហ៍ច្រើនឥតគណនាត្រូវខូចបង់ ព្រោះគេបានយក eros ដែលជាសេចក្ដីស្នេហាបែបស្រើបស្រាលជាគោលដែលបែបនេះមិនមែនគោលសំខាន់នោះឡើយ។ នេះមិនមែនជាគោលសម្រាប់ទំនាក់ទំនងមួយដែលនៅជាប់ជាអចិន្រ្តៃយ៍ំ រវាងមនុស្សពីរនាក់នោះឡើយ។ សេចក្ដីស្រឡាញ់នេះ នៅជាប់គង់វង្សបានតែដរាបណារូបសម្ផស្សនៅមានការទាក់ទាញប៉ុណ្ណោះ។

ហើយបន្ទាប់មក ពាក្យទីពីរគឺ ពាក្យ storge ។ ពាក្យ Storge នេះ អាចប្រើបានល្អបំផុត ថាជា «សេចក្តីស្រឡាញ់ធម្មតា» ហើយពាក្យនេះ នៅក្នុងព្រះគម្ពីរ យើងរកឃើញតែនៅក្នុងន័យអវិជ្ជមានប៉ុណ្ណោះ។ នៅក្នុងសំណៅគម្ពីរបកប្រែឆ្នាំ ១៩៥៤ មានពាក្យពីរដែលបានបកប្រែនៅក្នុងឃ្លាថា «មិនចេះស្រឡាញ់តាមធម្មតា»។ នៅក្នុងគម្ពីរ រ៉ូម ១:៣១ និយាយអំពីលទ្ធផលនៃអំពើបាបរបស់មនុស្សលោក ដែលពណ៌នាអំពីមនុស្សថា៖

«ឥតយោបល់ មានចិត្តមិនទៀង មិនចេះស្រឡាញ់តាមធម្មតា ក៏ឥតមានសេចក្ដីមេត្តាករុណាសេះ»

ប្រហែលជាជម្រើសបកប្រែមួយផ្សេងទៀតអាចថា «ដែលប្រព្រឹត្តខុសទំនង»។ ហើយបន្ទាប់មក នៅក្នុងគម្ពីរ ២ធីម៉ូថេ ជំពូក៣ ខ១-៣ លោកប៉ូលរៀបរាប់អំពីឱនភាពនៃចរិតរបស់មនុស្សសម័យនេះ ហើយលោកបានប្រើពាក្យដដែលនេះម្តងទៀតថា៖

«1 ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់។ 2 ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាង ឆ្មើងឆ្មៃ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមិលគុណ មានចិត្តមិនបរិសុទ្ធ 3 មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្ដីអធ្យាស្រ័យ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ» KHOV

ឥឡូវនេះ យើងបានចាំជាប់នៅក្នុងគំនិតហើយថា ពាក្យអវិជ្ជមាននោះគឺ មិនចេះស្រឡាញ់តាមធម្មតាមនុស្ស។ ដូច្នេះ ប្រើមកន័យវិជ្ជមានវិញគឺ «សេចក្តីស្រឡាញ់ធម្មតារបស់មនុស្ស»។ នេះជាពាក្យដែលពណ៌នាអំពីចំណង ឬសម្ព័ន្ធភាពធម្មតាដែលទ្រទប់សង្គមមនុស្សឲ្យរស់នៅជាមួយគ្នា ហើយប្រាកដណាស់ ជាចម្បងគឺនៅក្នុងគ្រួសារ។ សេចក្តីស្រឡាញ់តាមធម្មតាមនុស្ស ឬសេចក្តីស្រឡាញ់របស់ឪពុកម្តាយចំពោះកូន សេចក្ដីស្រឡាញ់របស់កូនចំពោះឪពុកម្តាយ សេចក្ដីស្រឡាញ់របស់បងប្អូនចំពោះគ្នាទៅវិញទៅមក។ ហើយទីណាដែលសេចក្តីស្រឡាញ់នេះបាក់បែក ឬលែងមាន នោះយើងចាត់ទុកការនេះថាជារឿងដែលខុសពីធម្មតា។ នៅពេលឪពុកម្តាយមិនស្រឡាញ់កូនរបស់ខ្លួន យើងចាត់ទុកថា នោះជាស្ថានភាពដែលខុសពីធម្មតា។ នៅពេលដែលបងប្អូនប្រុសស្រីមិនស្រឡាញ់គ្នាទៅវិញទៅមក យើងឃើញថាជារឿងខុសពីធម្មតា។ ដូច្នេះ ខ្ញុំពិតជាជឿថាការបកប្រែដ៏ល្អបំផុតសម្រាប់ពាក្យទីពីរ ដែលជាពាក្យ storge គឺ «សេចក្តីស្រឡាញ់ធម្មតារបស់មនុស្ស» ជាចំណងនៃទំនាក់ទំនង ដែលជាធម្មតាទ្រទប់គ្រួសាររបស់មនុស្សឲ្យរស់នៅជាមួយគ្នា។

ពាក្យទីបីគឺ philia។ អត្ថន័យចម្បងរបស់ពាក្យនោះគឺ «មិត្តភាព»។ ប៉ុន្តែ ជាអកុសល មិត្តភាពគឺជាពាក្យដែលមិនត្រូវបានគេឲ្យតម្លៃខ្ពស់នៅក្នុងភាសាសម័យទំនើប។ តាមពិត នេះជាពាក្យដ៏មានតម្លៃវិសេសហើយគួរឲ្យគោរព។ ការដែលធ្វើជាមិត្តសម្លាញ់គឺមានន័យ។ នៅក្នុងព្រះគម្ពីរ លោកអ័ប្រាហាំត្រូវបានហៅជា«មិត្តសម្លាញ់របស់ព្រះ» ហើយនោះ ជាងារមួយដែលមានកិត្តិយសយ៉ាងខ្ពង់ខ្ពស់។ មានខគម្ពីរមួយនៅក្នុងសុភាសិត ជំពូក១៨ ខ២៤ ចែងដូច្នេះថាៈ

អ្នកណាដែលមានមិត្តភក្តិច្រើន អាចនាំឲ្យខ្លួនវិនាស ប៉ុន្តែមានមិត្តសម្លាញ់ម្យ៉ាង ដែលនៅជាប់ជាងបងប្អូនទៅទៀត។ (RKOV)

មានលក្ខណៈពិសេសមួយនៅទីនេះ រវាងគូកន ជាមនុស្សដែលគ្រាន់តែដើរជាប់ជាមួយគ្នារយៈ និងមិត្តសម្លាញ់ ជាអ្នកដែលពិតជានៅជាប់ជាមួយអ្នក ជាពិសេសក្នុងពេលដែលមានសេចក្ដីត្រូវការ។

ដូច្នេះ ពាក្យទាំងបីដំបូង គឺ Eros ជាសេចក្តីស្រឡាញ់ខាងផ្លូវភេទ, Storge ជាសេចក្តីស្រឡាញ់តាមធម្មតារបស់មនុស្ស, Philia ជាសេចក្ដីស្រឡាញ់មិត្តភាព។

ឥឡូវនេះ យើងចូលមកដល់ពាក្យទីបួនអំពីសេចក្តីស្រឡាញ់ ជាពាក្យមួយដែលពិតជាសំខាន់ គឺ agapeឥឡូវនេះ ពាក្យ agape នៅក្នុងព្រះគម្ពីរ ជាធម្មតាបង្ហាញពី «សេចក្តីស្រឡាញ់ដែលចេញមកពីព្រះផ្ទាល់»។ ក៏ប៉ុន្ដែ ពាក្យនេះក៏អាចបង្ហាញពីសេចក្តីស្រឡាញ់នៅក្នុងមនុស្សផងដែរ នោះគឺ (ខ្ញុំអាចនិយាយថា) ដំណែលនៃលក្ខណៈដូចដើមរបស់ព្រះនៅក្នុងមនុស្ស ពេលព្រះអង្គបានបង្កើតគេមក។ ប៉ុន្តែ មកដល់ចំណុចមួយ ក៏មានប្រភេទនៃទំនាក់ទំនងជាមួយព្រះជាប់ជានិច្ចក្នុងការប្រើពាក្យagape នេះ។ ហើយក្នុងការប្រើប្រាស់ដ៏សំខាន់របស់ពាក្យនេះ មានសញ្ញាសម្គាល់ខ្លះ ដែលខ្ញុំចង់រៀបរាប់ដោយសង្ខេបជូនលោកអ្នក។ មានសញ្ញាសម្គាល់អំពីសេចក្តីស្រឡាញ់ agape។

ទីមួយ គឺការឲ្យខ្លួន។ គឺប្រគល់ខ្លួន មិនមែនប្រគល់វត្ថុ។ ទីពីរ គឺទៅពីរយោជន៍។ លោកអ្នកនៅចាំឬទេ ព្រះយេស៊ូមានព្រះបន្ទូលថា «បើអ្នកណាឲ្យអ្នកធ្វើដំណើរមួយយោជន៍ ចូរទៅជាមួយគេពីរយោជន៍ចុះ។»។ យោជន៍ទីមួយ គឺកាតព្វកិច្ច។ យោជន៍ទីពីរ គឺសេចក្តីស្រឡាញ់ apape។ ទីបីគឺ គ្មានខ្សែចំណងពោលគ៉ឺ គ្មានលក្ខខណឌ។ សេចក្ដីស្រឡាញ់នេះមិនដែលពោលថា «បើអ្នកធ្វើដូច្នេះ នោះខ្ញុំនឹងស្រឡាញ់អ្នក» ពោលគឺ គ្មានលក្ខខណឌ គ្មានខ្សែចំណង។ ហើយទីបួន ត្រូវបានសម្តែងចេញឲ្យឃើញយ៉ាងគ្រប់លក្ខណ៍នៅក្នុងអង្គព្រះយេស៊ូ។ ហើយខ្ញុំសូមជូនឧទាហរណ៍មួយ ដោយខ្ញុំអាននៅក្នុងគម្ពីររ៉ូម ជំពូក៥ ខ៦-៨:

កាលយើងនៅខ្សោយនៅឡើយ លុះដល់កំណត់ហើយ ព្រះគ្រីស្ទបានសុគតជំនួសមនុស្សទមិឡល្មើស។ 7 កម្រនឹងមានអ្នកណាព្រមស្លាប់ជំនួសមនុស្សសុចរិតណាស់ ប៉ុន្តែ ប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ជំនួសមនុស្សល្អដែរទេដឹង! 8 រីឯព្រះវិញ ទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយព្រះគ្រីស្ទបានសុគតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សមានបាបនៅឡើយ។ (RKOV)

ការសង្កត់ធ្ងន់នៅទីនេះ គឺនៅលើពាក្យ «សេចក្តីស្រឡាញ់របស់ព្រះអង្គ»។ នោះហើយជាសេចក្តីស្រឡាញ់ agape ជាសេចក្តីស្រឡាញ់របស់ព្រះ ហើយសេចក្ដីស្រឡាញ់នេះត្រូវបានស្ដែងឲ្យឃើញនៅក្នុងការមួយនេះ គឺព្រះគ្រិស្តបានសុគតជំនួសយើង។ ក្នុងកាលដែលយើងឥតទីពឹង ក្នុងកាលដែលយើងជាមនុស្សទមិឡល្មើស ក្នុងកាលដែលយើងជាមនុស្សមានបាប នៅពេលដែលយើងគ្មានទីអាង នៅពេលដែលយើងគ្មានអំណាចអ្វីឲ្យសក្តិសមនឹងទទួលសេចក្ដីល្អ នោះព្រះទ្រង់បានសម្តែងឲ្យឃើញ ទ្រង់លេចចេញមកឲ្យពិភពលោកទាំងមូលបានឃើញ ពីចរិតនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ តាមរយៈការសុគតរបស់ព្រះយេស៊ូគ្រិស្តជំនួសយើងរាល់គ្នា។

នៅវគ្គក្រោយ ខ្ញុំនឹងចែកចាយជាពិសេសអំពីសេចក្ដីស្រឡាញ់ «agape»។ ខ្ញុំនឹងជម្រាបជូនឲ្យបានកាន់តែពេញលេញអំពីចំណុចដ៏សំខាន់ បន្តពីសេចក្ដីដែលខ្ញុំបានជម្រាបជូននៅថ្ងៃនេះ។

យើងអស់ពេលហើយសម្រាប់ថ្ងៃនេះ ហើយខ្ញុំនឹងវិលមកជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមពេលវេលាកំណត់។ វគ្គក្រោយ ដូចខ្ញុំបានជម្រាបជូនហើយ ខ្ញុំនឹងចែកចាយអំពីចរិតនៃសេចក្តីស្រឡាញ់agape។