តម្រូវការយញ្ញបូជា

ដេរេក ព្រីនស៍
Published: 1982
Last Updated: November 2026
Read Time: 8
ការផ្គត់ផ្គង់របស់ព្រះសម្រាប់ដោះស្រាយបញ្ហាអំពើបាប បានធ្វើឱ្យមនុស្សអាចចូលទៅជិតទ្រង់បាន។ លោក ដេរេក ព្រីនស៍ បង្ហាញថា ព្រះយេស៊ូវគឺជាកូនចៀមដ៏បរិសុទ្ធឥតមានបាប និងជាសង្ឃដែលបានថ្វាយអង្គទ្រង់ផ្ទាល់ជាយញ្ញបូជា។ ការនេះបានបំពេញនូវអ្វីដែលយញ្ញបូជាសត្វនៅក្នុងសម័យបុរាណគ្រាន់តែជានិមិត្តរូបបង្ហាញទុកជាមុនប៉ុណ្ណោះ។
Transcript
សូមលើកតម្កើងព្រះជាម្ចាស់សម្រាប់ពេលវេលាដែលយើងបានជួបគ្នានៅថ្ងៃនេះ ហើយខ្ញុំនឹងបន្តចែកចាយជាមួយលោកអ្នកអំពីគោលសំខាន់ដ៏ពិសេសសម្រាប់រដូវកាលណូអែល ដែលសង្ខេបមកជាឃ្លាដ៏ល្អមួយ ហើយមានអត្ថន័យដែលមិនអាចវាស់ស្ទង់បាន នោះគឺៈ សេចក្តីស្រឡាញ់របស់ព្រះ។
វគ្គមុន ខ្ញុំបានផ្តោតទៅលើពាក្យដ៏សាមញ្ញពីរ មានអត្ថន័យជ្រាលជ្រៅ ដែលបង្កប់ដោយសារៈសំខាន់នៃការបើកសម្តែងរបស់ព្រះ នៅក្នុងព្រះគម្ពីរ។ ខ្ញុំបានចង្អុលបង្ហាញថា ឃ្លានីមួយៗផ្គុំឡើងដោយពាក្យបីព្យាង។ ទីមួយ យើងរកឃើញនៅក្នុងសំបុត្រទី១របស់យ៉ូហាន ជំពូក៤ ខ៨ គឺៈ «ព្រះ ទ្រង់ជា សេចក្តីស្រឡាញ់»។ ទីពីរ រកឃើញនៅក្នុងសំបុត្រទី១របស់យ៉ូហាន ជំពូក១ ខ៥ គឺ «ព្រះ ទ្រង់ជា ពន្លឺ»។ នេះជាសេចក្តីសង្ខេបដ៏អស្ចារ្យពីរ អំពីចរិតរបស់ព្រះ គឺ ព្រះទ្រង់ជាសេចក្តីស្រឡាញ់ និងព្រះទ្រង់ជាពន្លឺ។
ខ្ញុំបានពន្យល់ថា ឃ្លាទាំងពីរនេះ សឲ្យឃើញពីសម្ពាធតានតឹងមួយ រវាងសេចក្តីស្រឡាញ់ និងពន្លឺ។ ដ្បិតសេចក្តីស្រឡាញ់ទាញនាំយើងឲ្យចូលជិត សេចក្ដីស្រឡាញ់ជាអ្វីដែលយើងប្រាថ្នាចង់បានជាខ្លាំង។ ប៉ុន្តែពន្លឺវិញ ធ្វើឲ្យយើងខ្លាចមិនហ៊ានចូលជិត។ ពន្លឺធ្វើឲ្យយើងចូលជិតមិនបាន។ លោកប៉ូលថ្លែងថា «ព្រះទ្រង់គង់នៅក្នុងពន្លឺ ជាពន្លឺដែលមិនអាចចូលទៅជិតបាន»។
ដូច្នេះ តើយើងអាចដោះស្រាយសម្ពាធតានតឹងនេះដូចម្ដេចបាន រវាងបំណងប្រាថ្នាចង់បានសេចក្តីស្រឡាញ់របស់ព្រះ និងការភ័យខ្លាចមិនហ៊ានចូលមកក្នុងពន្លឺ ដោយព្រោះតែអំពើបាបរបស់យើង? នៅថ្ងៃនេះខ្ញុំនឹងពន្យល់អំពីលទ្ធផលដ៏សំខាន់ជាក់ស្ដែងមួយ ដែលកើតចេញពីសម្ពាធដ៏តានតឹងនេះ រវាងសេចក្តីស្រឡាញ់និងពន្លឺ។ លទ្ធផលនេះ អាចសង្ខេបមកជាឃ្លាមួយគឺ ដើម្បីចូលទៅជិតព្រះបាន គឺតម្រូវឲ្យមានយញ្ញបូជា ។ នេះជាការបើកសម្ដែងមួយដ៏អស្ចារ្យ ហើយក្នុងន័យម្យ៉ាង នេះជាការបើកសម្តែងនៅក្នុងព្រះគម្ពីរដែលបង្ហាញថាដើម្បីឲ្យមនុស្សទាំងអស់ អាចចូលទៅជិតព្រះបាន គឺត្រូវតែមានយញ្ញបូជា។ គ្មាននរណាម្នាក់អាចចូលទៅជិតព្រះបាន ដោយគ្មានយញ្ញបូជាឡើយ ហើយថា យញ្ញបូជានោះគឺជីវិត គឺត្រូវតែមានជីវិតមួយដាក់ចុះ សម្រាប់ជាតង្វាយឲ្យធួននឹងអំពើបាបរបស់មនុស្ស។ ដូច្នេះ មនុស្សគ្មានផ្លូវណាអាចចូលទៅឯព្រះ ដោយគ្មានយញ្ញបូជាបានឡើយ ដែលយញ្ញបូជានោះ ជាដំបូងប្រកាសទទួលស្គាល់ថាខ្លួនមានបាប ហើយទីពីរសបង្ហាញថា តម្លៃនោះត្រូវតែបង់ គឺជីវិតមួយត្រូវបានដាក់ចុះ ពោលគឺត្រូវតែមានជីវិតមួយស្លាប់ជំនួស។
តម្រូវការយញ្ញបូជា ដើម្បីចូលទៅជិតព្រះ គឺត្រូវបានបញ្ជាក់ជាប់ជានិច្ចពាសពេញនៅក្នុងព្រះគម្ពីរ។ តាមពិត សេចក្តីនេះចាប់ផ្តើមតាំងតែពីដំបូងនៅក្នុងកំណត់ត្រាប្រវត្តិសាស្រ្តរបស់មនុស្ស។ នៅក្នុងគម្ពីរលោកុប្បត្តិ ជំពូក៤ ខ៣-ខ៥ យើងអានឃើញពីដំណើរដែលកូនរបស់អ័ដាមទាំងពីរ គឺកាអុីន និងអេបិល បានស្វែងរកវិធីចូលទៅជិតព្រះ។ ព្រះទ្រង់ទទួលតង្វាយរបស់អេបិល តែព្រះទ្រង់មិនទទួលតង្វាយរបស់កាអុីនទេ។ អ្នកទាំងពីរ ទោះជាណាមួយដែលព្រះទ្រង់ទទួលក៏ដោយ គឺមិនមែនសម្អាងលើអ្វីដែលជាបុគ្គលខ្លួនអ្នកនោះទេ។ ប៉ុន្តែ ម្នាក់ៗ ព្រះទ្រង់ទទួល ឬមិនទទួល គឺសម្អាងទៅលើតង្វាយដែលគេថ្វាយដល់ព្រះ។ នេះជាកំណត់ត្រានៅក្នុងព្រះគម្ពីរ អំពីកាអុីន និងអេបិល។
លុះដល់រដូវប្រមូលផល កាអ៊ីនបានយកភោគផលដែលកើតពីដី មកថ្វាយជាតង្វាយដល់ព្រះយេហូវ៉ា។ 4 ហើយអេបិលក៏យកកូនដំបូងមួយពីហ្វូងសត្វមកថ្វាយ ព្រមទាំងខ្លាញ់របស់វាដែរ។ ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងអេបិល ព្រមទាំងតង្វាយរបស់គាត់ 5 តែមិនសព្វព្រះហឫទ័យនឹងកាអ៊ីន ព្រមទាំងតង្វាយរបស់គាត់ទេ...» (RKOV)
សេចក្ដីនេះសឲ្យឃើញថា ព្រះជាម្ចាស់បានទទួលអេបិល ដោយសំអាងលើតង្វាយរបស់គាត់ ប៉ុន្តែព្រះអង្គមិនសព្វព្រះហឫទ័យនឹងកាអុីន ដោយព្រោះតង្វាយរបស់គាត់មិនបានបំពេញតាមលក្ខខណ្ឌរបស់ព្រះអង្គ។ ភាពខុសគ្នានោះគឺថា តង្វាយរបស់អេបិល សឲ្យឃើញពីការទទួលស្គាល់អំពើបាប ទោសនៃអំពើបាប តម្រូវការយញ្ញបូជា គឺយញ្ញបូជានៃជីវិតមួយចេញពីហ្វូងសត្វរបស់គាត់ ជាជីវិតមួយដែលដាក់ចុះជំនួសគាត់។ ហើយដោយសំអាងលើការទទួលស្គាល់ ដែលបង្ហាញនៅក្នុងយញ្ញបូជា និងឈាមដែលត្រូវបានខ្ចាយនេះ ព្រះទ្រង់ក៏ទទួលអេបិល ប៉ុន្តែកាអុីនវិញ ដែលគ្មានយញ្ញបូជាបែបនោះ ព្រះទ្រង់បដិសេធ។
ឥឡូវនេះ គោលការណ៍នេះបន្តពាសពេញនៅក្នុងសញ្ញាចាស់ទាំងមូល។ កន្លែងណាដែលលោកអ្នកឃើញមនុស្សចូលទៅជិតព្រះ នៅចំណុចមួយ លោកអ្នកនឹងរកឃើញថាមានបញ្ជាក់ពីសេចក្ដីនេះយ៉ាងច្បាស់ គឺតម្រូវឲ្យមានយញ្ញបូជា គឺជីវិតមួយដែលត្រូវដាក់ចុះ ជាការទទួលស្គាល់អំពើបាបរបស់មនុស្ស និងទោសនៃអំពើបាប។ នេះជារឿងគួរឲ្យចាប់អារម្មណ៍ ការយល់ដឹងអំពីតម្រូវការយញ្ញបូជា មិនមែនតែនៅក្នុងសញ្ញាចាស់ប៉ុណ្ណោះទេ តែការនេះនៅតែមាននៅក្នុងផ្នែកខ្លះនៃពិភពលោក ហើយជួនកាលត្រូវបានគេបង្វែរតាមបែបផ្សេងក្នុងចំណោមប្រជាជនជាច្រើនដែលគេហៅថា មនុស្សដើម ពួកអ្នកស្រុកតពីបុរាណមក។
កាលពីខ្ញុំនៅអាហ្រ្វីកខាងកើត ខ្ញុំបានជួបប្រទះភស្តុតាងបែបនោះជាច្រើនអំពីរឿងនេះ នៅក្នុងមនសិការរបស់មនុស្ស ដែលតាមរបៀបម្យ៉ាង គេត្រូវថ្វាយយញ្ញបូជាមួយដើម្បីឲ្យបានចូលទៅជិតព្រះ។ ហើយក្នុងចំណោមកុលសម្ព័ន្ធជនជាតិអាហ្រ្វិកខ្លះ មានសត្វជាច្រើនដែលគេបានថ្វាយជាយញ្ញបូជាដល់ព្រះ គឹពួកគេទាំងអស់គ្នា ហើយខ្ញុំជឿថា ព្រឹត្តិការណ៍នេះ គឺជាការបើកសម្ដែង ចេញពីរឿងរបស់កាអុីន និងអេបិល។ ប៉ុន្តែគោលការណ៍សំខាន់ គឺនៅក្នុងព្រះគម្ពីរ មានពាសពេញនៅក្នុងព្រះគម្ពីរ ដោយព្រោះតែភាពបរិសុទ្ធរបស់ព្រះដោយព្រោះតែពន្លឺដ៏ចែងចាំង មិនដែលស្រអាប់នោះឯង។ យើងមិនអាចចូលទៅឯព្រះទាំងជាប់មានបាប ទាំងជាប់មានទោសកំហុស ដោយគ្មានយញ្ញបូជាបានឡើយ។
តែទោះយ៉ាងណាក៏ដោយ នៅក្នុងសញ្ញាថ្មីបានបង្ហាញយ៉ាងច្បាស់ អំពីអ្វីដែលពិតជាបានកើតឡើងរួចហើយកាលពីក្នុងសញ្ញាចាស់ ដែលគ្មានសត្វយញ្ញបូជាណាអាចប្រោសលោះអំពើបាបរបស់មនុស្សបានឡើយ។ សេចក្តីនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងគម្ពីរហេព្រើរ ជំពូក១០ ខ៣ និងខ៤។ បទគម្ពីរនេះនិយាយអំពីសត្វដែលគេបានថ្វាយជាយញ្ញបូជា នៅក្នុងសញ្ញាចាស់។ សូមយើងមើលជាមួយគ្នា, ហេព្រើរ ជំពូក១០ ខ៣និងខ៤៖
«ផ្ទុយទៅវិញ យញ្ញបូជាទាំងនោះរំឭកពួកគេឲ្យនឹកឃើញពីអំពើបាបជារៀងរាល់ឆ្នាំ។ ដ្បិតឈាមគោឈ្មោល និងពពែឈ្មោល ពុំអាចដកបាបបានឡើយ។» RKOV
ដូច្នេះ យញ្ញបូជាទាំងនោះ ពិតជាមិនអាចដោះស្រាយបញ្ហានៃអំពើបាបបានឡើយ។ សត្វទាំងនោះគ្រាន់តែជាការបន្តរំលឹកឲ្យមនុស្សដឹងខ្លួនពីអំពើបាប ហើយក៏ជាការសង្ឃឹមរង់ចាំនូវការប្រោសប្រទានចុងក្រោយរបស់ព្រះ គឺយញ្ញបូជាតែមួយគាត់ដែលល្មមគ្រប់គ្រាន់ ហើយថ្វាយម្ដងជាស្រេច។ ប៉ុន្តែ ការនោះមិនអាចសម្រេចទៅបាន ដោយសារឈាមឈ្មោលគោ ឬឈាមពពែនោះឡើយ។ មានតែជាម្ចាស់ អង្គទ្រង់ផ្ទាល់ប៉ុណ្ណោះដែលអាចប្រទានយញ្ញបូជា ម្ដងជាសម្រេចនេះបាន។
ព្រះគម្ពីរបន្តបើកសម្តែងនៅក្នុងបរិបទនេះថា យញ្ញបូជាមួយ តម្រូវឲ្យមានការពីរ គឺ៖ អ្នករងគ្រោះមួយ និងសង្ឃមួយ។ អ្នករងគ្រោះ គឺអ្នកដែលត្រូវបានគេយកទៅថ្វាយជាយញ្ញបូជា។ សង្ឃ គឺជាម្នាក់ ដែលថ្វាយយញ្ញបូជា។ ហើយព្រះគម្ពីរបានដាក់ចេញលក្ខខណ្ឌខ្លះសម្រាប់អស់អ្នកដែលបំពេញមុខងារជាសង្ឃ ហើយថ្វាយយញ្ញបូជា។ ប៉ុន្តែ ក្នុងការផ្តត់ផ្គង់ចុងក្រោយ ព្រះជាម្ចាស់ អង្គទ្រង់ផ្ទាល់ ទ្រង់បានផ្គត់ផ្គង់ឲ្យមានទាំងពីរគឺទាំងអ្នករងគ្រោះ ទាំងសង្ឃ ហើយព្រះអង្គបានប្រទានការទាំងពីរ នៅក្នុងអង្គបុគ្គលតែមួយ គឺនៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទ។ ព្រះយេស៊ូវគ្រីស្ទ គឺជាអ្នករងគ្រោះ ជាអង្គដែលត្រូវបានថ្វាយជាយញ្ញបូជា ហើយព្រះអង្គក៏ជាសង្ឃ ដែលថ្វាយយញ្ញបូជាដែរ។ ដំបូងសូមយើងមើលទៅអ្វីដែលគម្ពីរសញ្ញាថ្មីបាននិយាយអំពីព្រះយេស៊ូវក្នុងនាមជាអ្នករងគ្រោះ។ នៅក្នុងគម្ពីរយ៉ូហាន ជំពូក១ ខ២៩ និយាយអំពីព័ន្ធកិច្ចរបស់លោកយ៉ូហានបាទីស្ទៈ
«លុះស្អែកឡើង លោកយ៉ូហានឃើញព្រះយេស៊ូវកំពុងយាងមករកលោក ហើយពោលថា៖ នុ៎ះន៎ កូនចៀមរបស់ព្រះដែលដោះបាបមនុស្សលោក!» RKOV
នេះជាការបង្ហាញឲ្យឃើញដែលស្របតាមទំនាយ គឺដោយការបើកសម្តែងរបស់ព្រះវិញ្ញាណបរិសុទ្ធលោកយ៉ូហានបាទីស្ទបានឃើញព្រះយេស៊ូវ ជាអង្គមួយ ដែលនឹងក្លាយជាយញ្ញបូជាដ៏ពិត ចុងក្រោយ សព្វគ្រប់ទាំងអស់ ដែលមានតែជីវិតរបស់ព្រះអង្គ និងព្រះលោហិតរបស់ព្រះអង្គប៉ុណ្ណោះ ដែលអាចរំដោះអំពើបាបរបស់មនុស្សលោកបាន គឺលោកយ៉ូហានប្រកាសពីការបើកសម្តែងជាលក្ខណៈទំនាយ ក្នុងពេលដែលលោកបានឃើញព្រះយេស៊ូវយាងសំដៅមកឯលោក លោកពោលឡើងថា «នុះន៎ កូនចៀមរបស់ព្រះដែលដោះបាបមនុស្សលោក!»។ អំពើបាបរបស់ពិភពលោកទាំងមូល ត្រូវបានគ្របដណ្តប់ដោយញ្ញបូជាតែមួយនោះឯង។ ព្រះយេស៊ូវមិនត្រឹមតែជាអ្នករងគ្រោះប៉ុណ្ណោះទេ តែព្រះអង្គក៏ជាសង្ឃទៀតផង។ ការដែលយល់ពីសេចក្ដីនេះ វាជារឿងសំខាន់បំផុត ហើយសេចក្តីនេះត្រូវបានលើកបញ្ជាក់នៅកន្លែងមួយ នៅក្នុងគម្ពីរហេព្រើរ ៩:១៤ ថា៖
«នោះចំណង់ព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលព្រះអង្គបានថ្វាយអង្គទ្រង់ដោយឥតសៅហ្មងដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នឹងសម្អាតមនសិការរបស់យើងឲ្យបានបរិសុទ្ធពីកិច្ចការដែលស្លាប់ ដើម្បីគោរពបម្រើព្រះដ៏មានព្រះជន្មរស់ ជាជាងអម្បាលម៉ានទៅទៀត។» RKOV
លោកអ្នកឃើញទេ ព្រះគ្រីស្ទបានប្រទានអង្គទ្រង់ផ្ទាល់។ ពាក្យដែលបានបកប្រែថា «ថ្វាយ» ជាពាក្យមួយសម្រាប់ «ការថ្វាយរបស់ពួកសង្ឃ»។ ព្រះគ្រីស្ទមិនត្រឹមតែជាអ្នករងគ្រោះប៉ុណ្ណោះ តែព្រះអង្គក៏ជាសង្ឃផងដែរ។ ព្រះអង្គជាការផ្គត់ផ្គង់ដ៏ពោពេញរបស់ព្រះ ដើម្បីដោះស្រាយបញ្ហាអំពើបាប ដោះស្រាយជាមួយនឹងសេចក្តីដែលមនុស្សមិនអាចចូលទៅជិតព្រះ ក្នុងភាពបរិសុទ្ធរបស់ព្រះអង្គ។
នៅទីនេះ យើងឃើញដំណោះស្រាយរបស់ព្រះអំពីសម្ពាធ រវាងសេចក្តីស្រឡាញ់ និងពន្លឺ រវាងភាពបរិសុទ្ធរបស់ព្រះ និងសេចក្តីស្រឡាញ់របស់ព្រះ។ សេចក្តីស្រឡាញ់របស់ព្រះទាញនាំយើងឲ្យចូលជិតព្រះប៉ុន្តែភាពបរិសុទ្ធរបស់ព្រះ បានដាក់ព្រំខណ្ឌដែលយើងមិនអាចឆ្លងកាត់បាន រហូតទាល់តែយើងមានការមួយដែលតម្រូវ គឺយញ្ញបូជា។ ប៉ុន្តែ សេចចក្តីស្រឡាញ់របស់ព្រះ ក្នុងន័យម្យ៉ាង ឈោងចេញមកក្រៅ ហួសពីភាពបរិសុទ្ធរបស់ព្រះ ហើយនៅក្នុងអង្គព្រះយេស៊ូវ ព្រះបានផ្ដល់ឲ្យ ទាំងអ្នករងគ្រោះ ទាំងសង្ឃ។ តើការនេះសំខាន់យ៉ាងណាទៅ ដែលយើងឃើញពីភាពពេញលេញ សព្វគ្រប់ គ្រប់គ្រាន់នៅក្នុងព្រះយេស៊ូវគ្រីស្ទ។ ព្រះអង្គជាកូនចៀមដែលដកបាបមនុស្សលោក ហើយព្រះអង្គក៏ជាសង្ឃតែមួយអង្គឯងគត់ ដែលមានសិទ្ធិអំណាច ថ្វាយអង្គទ្រង់ផ្ទាល់ ក្នុងភាពជាកូនចៀម ដែលគ្មានស្លាកស្មាម គ្មានជ្រីវជ្រួញ គ្មានអំពើបាប ដល់ព្រះជាម្ចាស់ តាមរយៈព្រះវិញ្ញាណដ៏អស់កល្បជានិច្ច។ ហើយតាមរយៈព្រះវិញ្ញាណដ៏អស់កល្បជានិច្ចនោះ ព្រះអង្គទទួលយកអំពើបាបរបស់មនុស្សទាំងអស់ គ្រប់វ័យ ពីអតីតកាល បច្ចុប្បន្ន និងអនាគត មកដាក់លើអង្គទ្រង់។ តង្វាយតែមួយគត់ដែលបានប្រទានមកសម្រាប់រំដោះបាបរបស់មនុស្សទាំងអស់ ម្ដងជាសម្រេច ដែលព្រះបានប្រទានមក ដោយព្រោះសេចក្តីស្រឡាញ់របស់ព្រះអង្គ គឺដើម្បីបំពេញលក្ខខណ្ឌនៃភាពបរិសុទ្ធរបស់ព្រះ។
យើងចូលដល់ចុងបញ្ចប់ហើយសម្រាប់ថ្ងៃនេះ។ ខ្ញុំនឹងវិលមកជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមពេលវេលាកំណត់របស់យើង។ ហើយវគ្គក្រោយ ខ្ញុំនឹងចែកចាយអំពីប្រភេទនៃសេចក្តីស្រឡាញ់។

ទាញយកអត្ថបទ
អត្ថបទនេះអាចទាញយក, បោះពុម្ព និងចែករំលែកដោយឥតគិតថ្លៃសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬក្នុងព្រះវិហារ។
ទាញយក PDFកូដ: RP-R103-103-KHM










