សូមថ្វាយព្រះពរដល់ព្រះសម្រាប់ពេលវេលាដែលយើងបានជួបគ្នាជាថ្មីនៅថ្ងៃនេះ ។ នៅថ្ងៃនេះ ខ្ញុំនឹង បន្ត ហើយបញ្ចប់គោលសំខាន់ដ៏ពិសេសរបស់យើង គឺព្រះគុណ ។

វគ្គមុន ខ្ញុំបានបង្ហាញជូនការស្ដែងចេញដ៏ល្អពីរ អំពីព្រះគុណរបស់ព្រះនៅក្នុងជីវិតរបស់យើង គឺការអរ ព្រះគុណ និងចិត្តសទ្ធា ។ ទាំងពីរនេះ គឺជាលទ្ធផលកើតចេញពីព្រះគុណរបស់ព្រះផ្ទាល់ ដែលធ្វើការនៅក្នុង ជីវិតរបស់យើង ។ ខ្ញុំបាននិយាយអំពីការអរព្រះគុណថា យើងមិនអាចស្ថិតនៅក្នុងព្រះគុណរបស់ព្រះ ហើយរស់ នៅដោយមិនចេះអរព្រះគុណបានឡើយ ។ ហើយចិត្តសទ្ធា ក៏កើតមានភ្លាមដែរ ដោយសារព្រះគុណរបស់ព្រះ ធ្វើការនៅក្នុងជីវិតរបស់យើង ។

ថ្ងៃនេះ ខ្ញុំនឹងសង្ខេបសេចក្តីបង្រៀនរបស់ខ្ញុំអំពីគោលសំខាន់នៃព្រះគុណនេះ ដោយឃ្លាមួយយ៉ាងសាមញ្ញ ហើយគ្រប់គ្នាអាចទទួលយកបាន គឺ ព្រះគុណរបស់ព្រះ ល្មមគ្រប់គ្រាន់ ។ ខ្ញុំចង់និយាយពាក្យនេះម្តងទៀត ព្រះគុណរបស់ព្រះ ល្មមគ្រប់គ្រាន់ ។

ខ្ញុំនឹងបង្ហាញសេចក្តីនេះតាមបទពិសោធន៍ និងទីបន្ទាល់របស់សាវកប៉ុល ។ លោកសរសេរអំពីការនេះចេញពីបទពិសោធន៍ផ្ទាល់ខ្លួន ។ ឆ្លងកាត់សម្ពាធ និងសេចក្តីត្រូវការដ៏ធំ លោកបានរកឃើញសេចក្តីពិតដ៏មានជ័យជម្នះថា ព្រះគុណរបស់ព្រះល្មមគ្រប់គ្រាន់ ។ យើងនឹងមើល ២ កូរិនថូស ១២:៧–១០ ។ លោកប៉ុលបាននិយាយអំពីការបើកសម្ដែងដ៏អស្ចារ្យដែលលោកទទួលពីព្រះ ។ ប៉ុន្តែ ដើម្បីកុំឲ្យលោកមានអំនួតដោយសារការបើកសម្ដែងទាំងនោះ ព្រះបានអនុញ្ញាតឲ្យអំណាចអាក្រក់មួយរំខានលោក ។ វាត្រូវបានហៅថា ទេវតារបស់អារក្សសាតាំង ដែលធ្វើទុក្ខលោកប៉ុល ។ ដូច្នេះ ក្នុងពេលតែមួយ លោកប៉ុលមានទាំងការបើកសម្ដែង និងទេវតារបស់អារក្សសាតាំងនៅក្នុងជីវិត ។ ឥឡូវនេះ សូមឲ្យលោកប៉ុលមានប្រសាសន៍ដោយខ្លួនឯង ។ ២ កូរិនថូស ១២:៧–១០៖

ហើយក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសម្ដែងដ៏អស្ចារ្យលើសលប់នោះ បានជាមានបន្លាមួយបានដាក់មកក្នុងសាច់ឈាមរបស់ខ្ញុំ (នោះហើយទេវតារបស់អារក្សសាតាំង) ដែលមកធ្វើទុក្ខខ្ញុំ ដើម្បីកុំឲ្យខ្ញុំមានចិត្តធំឡើយ ខ្ញុំ បានសូមអង្វរដល់ព្រះអម្ចាស់៣ដង ឲ្យសេចក្តីនោះចាកចេញពីខ្ញុំទៅ (ឥឡូវនេះ លោកអ្នកអាចនឹងគិតថា ព្រះអម្ចាស់នឹងឆ្លើយតបការអធិស្ឋានរបស់មនុស្សដ៏អស្ចារ្យ ដូចជាសាវកប៉ុលមិនខាន។ មែន ព្រះអង្គពិត ជាបានឆ្លើយតប ប៉ុន្តែព្រះអង្គឆ្លើយតប ដូចជាព្រះអង្គឆ្លើយតបចំពោះការអធិស្ឋានរបស់យើងដែរ ដែល ពេលខ្លះ ព្រះអង្គឆ្លើយ “ទេ”។ សូមចាំថា សូម្បីតែពាក្យ “ទេ” ក៏ជាចម្លើយរបស់ព្រះអង្គ ដូចជា (បាទ) នោះដែរ។ នៅពេលដែលចម្លើយថា “ទេ” លោកប៉ុលបន្ត) តែទ្រង់មានបន្ទូលមកខ្ញុំថា គុណរបស់អញ ល្មមដល់ឯងហើយ ដ្បិតកម្លាំងអញបានពេញខ្នាត ដោយសេចក្ដីកម្សោយ (នោះហើយនេះជាអ្វីដែល ព្រះមានបន្ទូល គឺ គុណរបស់យើងល្មមដល់អ្នកហើយ គឺឬទ្ធានុភាពរបស់យើង ដែលចេញពីគុណរបស់យើង ធ្វើឲ្យបានគ្រប់លក្ខណ៍នៅក្នុងភាពទន់ខ្សោយ ហើយនេះជាសេចក្តីបញ្ចប់របស់លោកប៉ុល) ដូច្នេះ ខ្ញុំនឹងស៊ូ អួតពីសេចក្តីកម្សោយរបស់ខ្ញុំដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ ហេតុនោះបានជាខ្ញុំអរសប្បាយក្នុងកាលដែលមានសេចក្តីកម្សោយ ក្នុងកាលដែលគេតិះដៀល ក្នុង សេចក្តីលំបាក កាលគេធ្វើទុក្ខបៀតបៀន ហើយក្នុងសេចក្តីដែលខ្ញុំត្រូវចង្អៀតចង្អល់ ដោយយល់ដល់ព្រះ គ្រីស្ទ ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកម្លាំងយ៉ាងចំណានវិញ ។

លោកអ្នកឃើញមេរៀននេះហើយ ។ នៅពេលព្រះគុណរបស់ព្រះកំពុងធ្វើការនៅក្នុងជីវិតរបស់យើង យើងមិនត្រូវបានកំណត់ដោយធនធានផ្ទាល់ខ្លួនឡើយ ។ តាមពិត ព្រះគុណរបស់ព្រះចាប់ផ្តើមត្រង់កន្លែងដែលធនធានរបស់យើងចប់ ។ ដរាបណាយើងអាចដោះស្រាយស្ថានភាពដោយសមត្ថភាព កម្លាំង និងប្រាជ្ញារបស់ខ្លួន យើងមិនត្រូវការព្រះគុណរបស់ព្រះទេ ។ ប៉ុន្តែនៅពេលយើងឈានដល់ទីបញ្ចប់នៃកម្លាំង សមត្ថភាព និងប្រាជ្ញារបស់ខ្លួន ខណៈដែលនៅមានកិច្ចការជាច្រើនទៀត ត្រង់នោះហើយដែលព្រះគុណរបស់ព្រះចាប់ផ្តើមធ្វើការ ។ លោកប៉ុលមានន័យថា «ប្រសិនបើអ្នកចង់បានព្រះគុណរបស់ព្រះយ៉ាងបរិបូរ ចូរចូលទៅក្នុងកន្លែងដ៏លំបាកមួយដែលស្ថិតក្នុងព្រះហឫទ័យរបស់ព្រះ» ។ កន្លែងកាន់តែពិបាក និងស្ថានភាពកាន់តែមិនអាចទៅរួច ព្រះគុណរបស់ព្រះដែលមានសម្រាប់លោកអ្នកក៏កាន់តែច្រើនដែរ ។

ខ្ញុំនឹងអានពាក្យទាំងនោះម្តងទៀត ពីព្រោះយើងត្រូវដាំសេចក្តីទាំងនោះនៅក្នុងចិត្ត «...ខ្ញុំអរសប្បាយ ក្នុងកាលដែលមានសេចក្តីកម្សោយ ក្នុងកាលដែលគេតិះដៀល ក្នុងសេចក្តីទុក្ខលំបាក កាលគេធ្វើទុក្ខបៀតបៀន ហើយក្នុងសេចក្តីដែលខ្ញុំត្រូវចង្អៀតចង្អល់» ។ តើយើងស្តាប់ពីលោកមិនច្រឡំទេឬ លោកប៉ុល? ដ្បិត លោកមានប្រសាសន៍ថា លោកអរសប្បាយនៅក្នុងការទាំងអស់នេះ តើមែនឬ? ស្ដាប់ទៅដូចមិនសមទេ ។ តើ លោកអាចអរសប្បាយនៅក្នុងស្ថានភាពបែបនោះដូចម្ដេចកើត? លោកប៉ុលឆ្លើយថា «ខ្ញុំរៀនបានមេរៀនមួយ ។ ស្ថានភាពទាំងនោះធ្វើឲ្យខ្ញុំខ្សោយ ស្ថានភាពទាំងនោះធ្វើឲ្យខ្ញុំអស់សមត្ថភាព ប៉ុន្តែនៅពេលដែលខ្ញុំខ្សោយ នោះខ្ញុំមានកម្លាំងវិញ» ។

លោកអ្នកឃើញហើយ ព្រះគុណរបស់ព្រះមិនប្រជ្រៀតចូលមកប្រជែងកម្លាំងរបស់យើងទេ ។ ដរាប ណាយើងខ្លាំង នោះកម្លាំងខ្លាំងរបស់យើងទុកឲ្យព្រះគុណរបស់ព្រះនៅស្ងៀម ។ ប៉ុន្តែ នៅពេលដែលយើង ខ្សោយ ហើយនៅស្ងៀមនៅក្នុងព្រះហឫទ័យរបស់ព្រះ ព្រោះយើងប្រឹងអស់ពីសមត្ថភាពហើយ នោះជាកន្លែង ដែលព្រះគុណរបស់ព្រះហូរចូលមក ។ សេចក្តីត្រូវការកាន់តែធំ រង្វាល់នៃព្រះគុណរបស់ព្រះក៏កាន់តែធំដែរ ។

ខ្ញុំចង់បង្ហាញចំណុចនេះតាមរយៈឧទាហរណ៍តូចមួយពីព័ន្ធកិច្ចរបស់ព្រះយេស៊ូវ ដែលបានធ្វើឲ្យខ្ញុំចាប់អារម្មណ៍ជាច្រើនដង ។ មានពីរលើកដែលព្រះយេស៊ូវបានប្រទានអាហារដល់ហ្វូងមនុស្សយ៉ាងអស្ចារ្យ ។ លើកទីមួយ ព្រះអង្គបានបំប៉នមនុស្សប្រុសប្រាំពាន់នាក់ ដោយនំប៉័ងប្រាំដុំ និងត្រីពីរ ហើយគេប្រមូលចំណិតដែលនៅសល់បានដប់ពីរកន្ត្រក បន្ទាប់ពីគ្រប់គ្នាបរិភោគឆ្អែត ។ លើកទីពីរ ព្រះអង្គបានបំប៉នមនុស្សប្រុសបួនពាន់នាក់ ដោយនំប៉័ងប្រាំពីរដុំ និងត្រីខ្លះ ហើយគេប្រមូលបានប្រាំពីរកន្ត្រក ។ កន្ត្រកលើកទីពីរនោះថែមទាំងតូចជាងលើកទីមួយផង ។ សូមកត់សម្គាល់ថា បញ្ហាប្រឈមលើកទីពីរតូចជាង៖ មនុស្សតិចជាង ធនធានច្រើនជាង ប៉ុន្តែអាហារដែលនៅសល់ក៏តិចជាង ។ ចំណែកលើកទីមួយ ស្ថានភាពកាន់តែមិនអាចទៅរួច៖ មនុស្សច្រើនជាង ធនធានតិចជាង គឺនំប៉័ងប្រាំដុំ និងត្រីពីរ ប៉ុន្តែគេប្រមូលបានដប់ពីរកន្ត្រកធំៗ ។ លោកអ្នកឃើញចំណុចនេះហើយ៖ ស្ថានភាពកាន់តែមិនអាចទៅរួច ព្រះគុណរបស់ព្រះកាន់តែច្រើន ។

ដូច្នេះ កុំជាប់គាំងនៅក្នុងស្ថានភាព ឬឥរិយាបថណាមួយដែលលោកអ្នកនិយាយថា «ស្ថានភាពនេះពិបាក ខ្លាំងណាស់ ធ្វើអ្វីពុំកើតទេ» នោះឡើយ ត្រូវបណ្ដុះឥរិយាបថដូចលោកប៉ុល គឺ «សូមសរសើរដល់ព្រះដោយ ព្រោះស្ថានភាពដែលធ្វើអ្វីពុំកើត ។ ខ្ញុំអរសប្បាយ ដ្បិតស្ថានភាពបែបនេះ ធ្វើឲ្យខ្ញុំពិតជាត្រូវការព្រះគុណរបស់ ព្រះស្តែងចេញនៅក្នុងស្ថានភាពនេះ» ។ យើងត្រូវយល់ការនេះឲ្យបាន ហើយចាំជាប់នៅក្នុងចិត្តថា ព្រះគុណ របស់ព្រះ លើកយើងឡើងឲ្យហួសពីសមត្ថភាពខាងសាច់ឈាមធម្មតារបស់យើង ។

មានពាក្យមួយទៀតនៅក្នុងសញ្ញាថ្មី ដែលយើងនឹងមើលជាមួយគ្នាដោយសង្ខេប គឺនៅក្នុង ១ពេត្រុស ៤:១០ ។ លោកពេត្រុសសរសេរផ្ញើទៅគ្រិស្តបរិស័ទនៅគ្រប់ទិសទីថា៖

«ម្នាក់ៗត្រូវប្រើអំណោយទានពិសេសដែលខ្លួនបានទទួល [ពាក្យក្រិកគឺ charisma ដែលចេញដោយផ្ទាល់ពីពាក្យសម្រាប់ព្រះគុណ គឺ charis ។ ក្នុងន័យនេះ charisma គឺព្រះគុណរបស់ព្រះដែលត្រូវបានបង្ហាញជាក់លាក់ក្នុងទម្រង់ណាមួយ ។ ដូច្នេះ ម្នាក់ៗមានការស្តែងចេញពិសេសនៃព្រះគុណរបស់ព្រះ ។ បន្ទាប់មក លោកពេត្រុសមានប្រសាសន៍ថា] ចូរប្រើអំណោយទាននោះដើម្បីបម្រើគ្នាទៅវិញទៅមក ក្នុងនាមជាអ្នកមើលខុសត្រូវដ៏ល្អនៃព្រះគុណរបស់ព្រះដែលមានច្រើនបែប» ។ (NASB)

និយាយបានម្យ៉ាងទៀតថា ព្រះគុណរបស់ព្រះចូលមកក្នុងជីវិតរបស់យើង ហើយព្រះគុណស្តែងចេញជា ផ្នែកៗ តាមរយៈអំណោយទានដែលព្រះប្រទានមកយើង ឲ្យយើងមានសមត្ថភាពពិសេស ហើយនៅពេលដែល យើងប្រើសមត្ថភាពទាំងនេះ យើងកំពុងតែបំពេញមុខងារជាអ្នកមើលខុសត្រូវ អំពីព្រះគុណរបស់ព្រះដែលបែក ចេញជាច្រើនផ្លូវ ។ ពាក្យ «ជាច្រើនផ្លូវ» ជាពាក្យមួយដ៏ល្អដែលមានន័យថា «ជាច្រើនផ្នែក»។ ចំណុច ផ្សេងៗគ្នានៃព្រះគុណរបស់ព្រះ គ្មានដែនកំណត់ឡើយ ។ ចំណុចណាដែលព្រះគុណរបស់ព្រះកំពុងធ្វើការនៅក្នុង យើង យើងបម្រើតាមព្រះគុណនោះ ដល់អ្នកដទៃទៀត ។

ខ្ញុំសូមជូននិយមន័យមួយតូច ជានិយមន័យដ៏ល្អសម្រាប់ពាក្យព្រះគុណ ។ ព្រះគុណនៅក្នុងភាសាអង់គ្លេស គឺ GRACE ហើយពាក្យនេះផ្សំឡើងពីពាក្យ «G(God's របស់ព្រះ), R (Riches សម្បត្តិមហាសាល), A (At នៅឯ/ដោយព្រោះ), C (Christ’s របស់ព្រះគ្រិស្ត) E (Expense ចំណាយ/ដោយព្រោះ)» ហើយផ្គុំមកគឺ God's Riches At Christ's Expense ។ ហើយចេញមកជាភាសាខ្មែរយើងគឺ សម្បត្តិមហាសាល របស់ព្រះ ដោយព្រោះការលះបង់របស់ព្រះគ្រិស្ត ។ ខ្ញុំចង់ឲ្យលោកអ្នកចងចាំពីពាក្យនេះ ។ ព្រះគុណគឺសម្បត្តិ មហាសាលរបស់ព្រះ ព្រះទ្រង់មិនក្រទេ ព្រះអង្គមិនដែលភ័យនឹងក្ស័យធនទេ ។ ព្រះអង្គមិនចេះអស់ព្រះគុណទេ ។ ព្រះអង្គគឺជាប្រភពមិនចេះរីងស្ងួត ។

ក្នុងការបញ្ចប់ឈុតចែកចាយអំពីព្រះគុណរបស់ព្រះនេះ ខ្ញុំចង់បញ្ជាក់សារជាថ្មីឡើងវិញ និងជាចុង ក្រោយ អំពីការដែលព្រះគុណរបស់ព្រះ ជាសម្បត្តិមហាសាល ។ ខ្ញុំចង់ដកស្រង់បទគម្ពីរពីរ ចេញពីគម្ពីរ អេភេសូរនៅក្នុងបរិបទនេះ ។ បទគម្ពីរទីមួយ អេភេសូរ ១:៧ ។

នៅក្នុងព្រះអង្គ (គឺនៅក្នុងព្រះគ្រិស្ត) យើងមានការប្រោសលោះ តាមរយៈព្រះលោហិតរបស់ព្រះអង្គ គឺការ អត់ទោសពីអំពើរំលង ស្របតាមព្រះគុណដ៏ធ្ងន់ក្រៃលែងរបស់ព្រះអង្គ (RKOV)

សូមកត់សម្គាល់ពាក្យ «ព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់ ដែលនេះមានន័យថាព្រះគុណជាសម្បត្តិមហា សាល» ។ បន្ទាប់មក នៅក្នុងគម្ពីរអេភេសូរ ២:៧ ជាជំពូកបន្ទាប់ លោកប៉ុលងាកទៅរកគោលសំខាន់នេះ ប៉ុន្តែ លោកបន្ថែមពាក្យមួយទៀត គឺពាក្យ មិនអាចប្រៀបផ្ទឹមបាន ។ នៅក្នុងសំណៅ NIV លោកមានប្រសាសន៍ ថា៖

ដើម្បីឲ្យព្រះអង្គបានសម្ដែងឲ្យមនុស្សជំនាន់ខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលុបរបស់ព្រះអង្គ ដែលមិនអាចប្រៀបផ្ទឹមបាន ដោយសេចក្តីសប្បុរសចំពោះយើង ក្នុងព្រះគ្រីស្ទយេស៊ូវ។

នេះជារបៀបរបស់លោកប៉ុល ។ លោកកាន់តែនិយាយអំពីព្រះ លោកកាន់តែរំភើបអំពីសេចក្ដីនោះ ហើយនិមិត្តរបស់លោកក៏កាន់តែធំ ។ ដូច្នេះ លើកទីមួយ លោកនិយាយអំពីព្រះគុណរបស់ព្រះអង្គ គឺលោកគ្រាន់ តែនិយាយថា «ព្រះគុណដ៏ធ្ងន់ក្រៃលែងរបស់ព្រះអង្គ» ប៉ុណ្ណោះ ប៉ុន្តែ នៅពេលដែលលោកមកដល់ជំពូកពីរ ដោយឃើញពីភាពអស្ចារ្យនៅក្នុងគោលសំខាន់នេះ ធ្វើឲ្យលោកមិនអាចនិយាយត្រឹមតែពាក្យ «ព្រះគុណដ៏ធ្ងន់ ក្រៃលែងរបស់ព្រះអង្គ» ប៉ុណ្ណោះទេ ប៉ុន្តែលើកនេះលោកពោលថា «ព្រះគុណដ៏ធ្ងន់លើសលុបរបស់ព្រះអង្គ ដែលមិនអាចប្រៀបផ្ទឹមបាន» ។ នៅលើផែនដីនេះ គ្មានអ្វីអាចប្រៀបធៀបនឹងព្រះគុណដ៏ច្រើនលើសលុបរបស់ ព្រះបានឡើយ ។ យើងអាចគិតឃើញអ្នកមានជាងគេបង្អស់ យើងអាចគិតឃើញអ្នកសប្បុរសជាងគេបង្អស់ យើងអាចគិតឃើញធនាគារដែលធំជាងគេបង្អស់ ប៉ុន្តែគ្មានណាមួយអាចប្រៀបធៀបនឹងព្រះគុណដ៏ច្រើនលើស លុបរបស់ព្រះបានឡើយ ។

នេះមានន័យដូច្នេះ ហើយនេះជាការអនុវត្តន៍ជាក់ស្តែង ។ យើងទាញយកព្រះគុណរបស់ព្រះកាន់តែ ច្រើន នោះនៅសល់កាន់តែច្រើន មិនមែននៅកាន់តែតិចនោះទេ ។

ខ្ញុំសូមជូនពាក្យចុងក្រោយនេះដល់លោកអ្នកសម្រាប់ឆ្នាំថ្មី ជាពាក្យដែលខ្ញុំបានឮម្ដងរួចមកហើយ ហើយពាក្យនោះនៅជាប់ជាមួយខ្ញុំជានិច្ច ។ «បំណងព្រះហ្ឫទ័យរបស់ព្រះ នឹងមិនដែលដាក់លោកអ្នកនៅ កន្លែងណា ដែលព្រះគុណរបស់ព្រះមិនអាចរក្សាលោកអ្នកបាននោះឡើយ» ។ ដូច្នេះ ប្រសិនបើលោកអ្នកស្ថិត នៅក្នុងបំណងព្រះហ្ឫទ័យរបស់ព្រះ ទោះបីជាស្ថានភាពនោះបម្លែក និងពិបាកក៏ដោយ ប្រសិនបើលោកអ្នកអស់ ធនធាន អស់បទពិសោធន៍ ហើយមិនដឹងថាបែរទៅណា ឬធ្វើអ្វី សូមចាំពាក្យនេះ ដែលខ្ញុំទុកឲ្យលោកអ្នកគឺ «បំណងព្រះហឫទ័យរបស់ព្រះ នឹងមិនដែលដាក់លោកអ្នកនៅកន្លែងណា ដែលព្រះគុណរបស់ព្រះមិនអាចរក្សា លោកអ្នកបាននោះឡើយ» ។

ពេលវេលារបស់យើងចូលមកដល់ទីបញ្ចប់ហើយសម្រាប់ថ្ងៃនេះ ។ ខ្ញុំសូមបញ្ចប់ ដោយប្រើពាក្យនៅក្នុង បទគម្ពីរ ថា «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តមកពីព្រះ» ។ នេះជាពាក្យជូនពរឆ្នាំថ្មីរបស់ខ្ញុំសម្រាប់លោកអ្នកទាំងអស់គ្នា ។ ខ្ញុំនឹងត្រឡប់មកជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមពេល វេលាកំណត់ ។