វិសេសណាស់ដែលយើងបានជួបគ្នាជាថ្មីនៅថ្ងៃនេះ ខ្ញុំនឹងបន្តចែកចាយអំពីគោលសំខាន់ដ៏ពិសេសរបស់ យើង ដែលត្រូវបានសង្ខេបជាពាក្យមួយដ៏ល្អ មានអត្ថន័យមិនអាចវាស់ស្ទង់បាន គឺ ព្រះគុណ ។

វគ្គមុន ខ្ញុំបានពន្យល់ថា តួនាទីចម្បងមួយរបស់ព្រះគុណ គឺបង្ហាត់បង្រៀនយើង ។ នោះជាអ្វីម៉្យាងដែល គ្រិស្តបរិស័ទជាច្រើនយល់មិនបានត្រឹមត្រូវ ។ ក្រឹត្យវិន័យបង្រៀនយើងពីខាងក្រៅ ប៉ុន្តែព្រះគុណបង្រៀនយើង ចេញពីខាងក្នុង ។ ការបង្រៀនរបស់ក្រឹត្យវិន័យមិនជោគជ័យទេ មិនមែនដោយព្រោះក្រឹត្យវិន័យមានកំហុស ប៉ុន្តែ ដោយព្រោះមានអ្វីម្យ៉ាងនៅក្នុងយើង ដែលមិនអាចឆ្លើយតបនឹងក្រឹត្យវិន័យបាន ។ មានអ្នកបះបោរនៅ ក្នុងយើង ដែលមិនស្តាប់បង្គាប់តាមអ្វីដែលក្រឹត្យវិន័យបានចែង ។

ប៉ុន្តែ នៅពេលដែលព្រះគុណចូលមក ការដំបូងដែលព្រះគុណធ្វើការ គឺចាប់ផ្តើមធ្វើការនៅលើអ្នក បះបោរដែលនៅខាងក្នុង ហើយផ្លាស់ប្តូរនិស្ស័យរបស់អ្នកបះបោរនោះ ។ បន្ទាប់មក នៅពេលដែលអ្នកបះបោរ នោះត្រូវបានផ្លាស់ប្រែ ហើយបាត់ភាពបះបោររបស់ខ្លួន ព្រះគុណចាប់ផ្តើមបង្រៀនអ្នកបះបោរដែលបានប្រែចិត្ត នោះ អំពីរបៀបរស់នៅជាអ្នកជឿពិតប្រាកដ ។ ដូច្នេះ ព្រះគុណបង្រៀនយើងចេញពីខាងក្នុង ។ ហើយ ប្រាកដណាស់ ព្រះគុណបង្រៀនយើងពីការមួយ ដែលសង្ខេបសេចក្ដីទាំងមូលមក គឺព្រះគុណបង្រៀនអំពីការ គោរពប្រតិបត្តិដល់ព្រះ ។ ព្រះគុណតែងតែធ្វើឲ្យយើងកាន់តែគោរពកោតខ្លាចព្រះ ខ្លាំងឡើងៗ នៅពេលដែល ព្រះគុណធ្វើការនៅក្នុងយើង ។ រីឯអ្នកដែលរស់នៅបែបធ្យូររលុង ធ្វេសប្រហែស ហើយមិនកោតខ្លាចព្រះ អ្នក នោះមិនមែនរស់នៅក្នុងព្រះគុណរបស់ព្រះទេ ។

នៅថ្ងៃនេះ ខ្ញុំនឹងនិយាយអំពីផលផ្លែដ៏ធំធេង និងការបង្ហាញចេញច្បាស់បំផុតរបស់ព្រះគុណ ។ អ្វីដែលព្រះ គុណបង្កើតចេញនៅក្នុងជីវិតរបស់យើង នៅពេលព្រះគុណដំណើរការនៅក្នុងយើង ហើយពេលព្រះគុណ បង្រៀនយើង នោះនឹងមានលទ្ធផលដែលស្តែងចេញឲ្យឃើញយ៉ាងច្បាស់ ។ នៅថ្ងៃនេះ ខ្ញុំនឹងនិយាយអំពីការ មួយដំបូង គឺជាលទ្ធផលដ៏ជាក់លាក់ដំបូងរបស់ព្រះគុណ ។

ខ្ញុំបានចង្អុលបង្ហាញរួចហើយថា នៅពេលដែលយើងទទួលព្រះគ្រិស្ត នៅក្នុងព្រះអង្គ យើងទទួលបាន ព្រះគុណរបស់ព្រះ ហើយថា នៅក្នុងព្រះអង្គ យើងទទួលបានព្រះគុណថែមលើព្រះគុណ។ និយាយបានម្យ៉ាង ទៀតថា គ្រប់ទាំងព្រះគុណដែលនៅក្នុងព្រះយេស៊ូ ចាប់ផ្តើមស្តែងចេញនៅក្នុងយើង។ សម្រាប់គ្រប់ទាំងព្រះ គុណនៅក្នុងព្រះយេស៊ូវ មានព្រះគុណក្នុងការនិយាយស្ដីមួយដែលចាប់ផ្ដើមធ្វើការនៅក្នុងជីវិតរបស់យើង ។ ផ្នែកដ៏សំខាន់មួយ ផ្នែកចម្បងមួយ ដែលទទួលឥទ្ធិពល នៅពេលដែលព្រះគុណចាប់ផ្តើមធ្វើការនៅក្នុងយើង គឺ ជាផ្នែកនៃបបូរមាត់របស់យើង ពោលគឺ ពាក្យសម្តីរបស់យើងបានផ្លាស់ប្រែ ។

ខ្ញុំចង់មើលទៅសញ្ញាចាស់ គឺទំនុកតម្កើង ជំពូក ៤៥:២ អំពីរូបភាពមួយជាលក្ខណៈទំនាយអំពីព្រះ គ្រិស្ត ។ នេះគឺជាសេចក្តីដែលអ្នកសរសេរទំនុកតម្កើងបានថ្លែង ។ ដោយការដឹកនាំនៃព្រះវិញ្ញាណរបស់ព្រះ លោកសម្លឹង ទៅមុខ ទៅឯការយាងមករបស់ព្រះមែស្ស៊ី ហើយនិងសណ្ឋានរបស់ព្រះអង្គជាយ៉ាងណា បន្ទាប់មក លោកច្រៀង ចេញជាទំនុកសរសើរដល់ព្រះអង្គ ។ នេះជាសេចក្តីដែលលោកបានថ្លែង:

ព្រះករុណាមានរូបសម្បត្តិល្អ លើសជាងបុរសទាំងអស់ បបូរមាត់ព្រះករុណាមានពេញដោយព្រះគុណ ហេតុនេះហើយបានជាព្រះប្រទានពរព្រះអង្គជានិច្ច។ (RKOV)

សូមកត់សម្គាល់ ចំណុចល្អបំផុតទីមួយរបស់ព្រះមែស្ស៊ី ដែលអ្នកសរសេរទំនុកតម្កើងមើលឃើញនៅក្នុង ការបើកសំដែង គឺគាត់មើលឃើញព្រះគុណរបស់ព្រះ ស្ថិតនៅលើអង្គបុគ្គលដ៏ល្អនេះ ។ ហើយផ្នែកដំបូងដែល ធ្វើឲ្យលោកភ្ញាក់ផ្អើល គឺបបូរមាត់របស់ព្រះយេស៊ូវ ។ «បបូរមាត់ព្រះករុណាមានពេញដោយព្រះគុណ...» ។ តើលោកអ្នកនៅចាំឬទេ នៅពេលមួយ ពួកមេដឹកនាំសាសនាបានចាត់បុរសម្នាក់ឲ្យមកចាប់ព្រះយេស៊ូវ? គេ បានត្រឡប់ទៅវិញទាំងដៃទទេ ហើយពួកមេដឹកនាំសាសនាបានសួរថា «ហេតុអ្វីបានជាមិននាំអ្នកនោះមកឲ្យ យើង?» ។ គេបានឆ្លើយថា «មិនដែលមានអ្នកណានិយាយដូចអ្នកនោះឡើយ» ។ នោះហើយជាព្រះគុណដែល មាននៅលើបបូរមាត់របស់ព្រះអង្គ ។

ក្រោយនោះមក អ្នកសរសេរទំនុកតម្កើងនេះបានរៀបរាប់បន្តថា «ព្រះបានប្រទានពរព្រះអង្គជារៀង រហូតតទៅ» ។ ជាការសំខាន់ណាស់ដែលត្រូវកត់សម្គាល់ពាក្យ «ហេតុនេះហើយបានជា» ។ ព្រះយេស៊ូវមិន មែនប្រកបដោយព្រះពរ ដោយព្រោះព្រះអង្គជាព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះនោះទេ ។ ព្រះយេស៊ូវប្រកប ដោយព្រះពរ ដោយព្រោះព្រះអង្គបានបំពេញលក្ខខណ្ឌដែលត្រូវបានព្រះពរ ។ លក្ខខណ្ឌទីមួយគឺ «ភាពល្អដែល ចេញពីបបូរមាត់របស់ព្រះអង្គ» គឺព្រះគុណចេញពីពាក្យសម្តីរបស់ព្រះអង្គ ។ ហើយដោយព្រោះតែព្រះគុណ ដែលនៅលើបបូរមាត់របស់ព្រះអង្គ ព្រះបានប្រទានពរព្រះអង្គជារៀងរហូត ។ លោកអ្នកឃើញទេ ជាមួយនឹង ព្រះគុណក្នុងការនិយាយស្តីដែលស្ថិតនៅលើបបូរមាត់របស់យើង យើងមានលក្ខណៈសម្បត្តិនឹងទទួលបានព្រះពរ ដូចគ្នា ព្រោះព្រះយេស៊ូវមិនមែនប្រកបដោយព្រះពរ ដោយព្រោះតែព្រះទ្រង់លំអៀងនោះទេ ។ ព្រះអង្គបាន ប្រកបដោយព្រះពរ ដោយព្រោះមានលក្ខណៈសម្បត្តិសក្តិសមនឹងទទួលបានព្រះពរ ។ ហើយនៅពេលដែលយើង មានលក្ខណៈសម្បត្តិនោះ យើងទទួលបានព្រះពរដូចគ្នា ។

ចំណុចនេះ បង្ហាញឲ្យឃើញពីចំណុចតភ្ជាប់មួយ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ រវាងឃ្លាពីរ ដើម្បីមាន ព្រះគុណ និងអរព្រះគុណ ។ ខ្ញុំចង់បង្ហាញចំណុចនេះ ដោយដកស្រង់ខគម្ពីរមួយ នៅក្នុងហេព្រើរ ជំពូក ១២ ខ ២៨ ។ ខ្ញុំនឹងដកស្រង់ខគម្ពីរនេះ ចេញពីការបកប្រែពីរផ្សេងគ្នា ។ ការបកប្រែទីមួយគឺសំណៅ King James ហើយការបកប្រែទីពីរ គឺ New American Standard ហើយខ្ញុំចង់ឲ្យលោកអ្នកកត់សម្គាល់ ពីការខុសប្លែកគ្នា មួយដ៏សំខាន់ ។ ជាដំបូង នៅក្នុងសំណៅ King James ចែងថា៖

ដូច្នេះ ដែលយើងទទួលនគរមួយដ៏កក្រើកពុំបាន នោះត្រូវឲ្យយើងមានព្រះគុណ ដែលដោយសារសេចក្ដីនោះ យើងនឹងបម្រើព្រះបែបឲ្យទ្រង់សព្វព្រះហឫទ័យ ទាំងមានចិត្តគោរពប្រតិបត្តិ ហើយកោតខ្លាចដល់ទ្រង់។

សូមកត់សម្គាល់ ម្តងទៀតហើយ ព្រះគុណបង្កើតចេញជាការគោរពប្រតិបត្តិដល់ព្រះ ។ យើងមិនអាច មើលឃើញតាមវិធីណាផ្សេង ក្រៅពីនេះឡើយ។ ប៉ុន្តែ សូមកត់សម្គាល់ឃ្លា «នោះត្រូវឲ្យយើងមានព្រះគុណ ដែលដោយសារសេចក្តីនោះ យើងនឹងបម្រើព្រះ» ។ ឥឡូវនេះ ខ្ញុំនឹងអានជូនលោកអ្នកនូវខគម្ពីរដដែលនេះ នៅ ក្នុងសំណៅ New American Standard វិញម្ដង ។

ហេតុនេះ ដោយយើងទទួលបាននគរមួយដែលមិនចេះរង្គើរ នោះត្រូវឲ្យយើងដឹងគុណ ហើយគោរពបម្រើ ព្រះ តាមរបៀបដែលព្រះអង្គសព្វព្រះហឫទ័យ ទាំងមានចិត្តគោរពប្រតិបត្តិ ហើយកោតខ្លាចព្រះអង្គទៅ

តើលោកអ្នកមើលឃើញភាពខុសគ្នាទេ? សំណៅ King James ចែងថា «ចូរឲ្យយើងមានព្រះគុណ» ចំណែកសំណៅ New American Standard ចែងថា «ចូរឲ្យយើងបង្ហាញការដឹងគុណ» ។ លោកអ្នកអាចសួរថា «តើអ្នកបកប្រែមានបញ្ហាអ្វី? ហេតុអ្វីបានជាពួកគេមិនអាចយល់ស្របគ្នា?» តាមពិត ពួកគេយល់ស្របគ្នា ។ ពួកគេគ្រាន់តែយកទិដ្ឋភាពផ្សេងគ្នានៃពាក្យតែមួយប៉ុណ្ណោះ ។ នៅក្នុងភាសាក្រិកសម័យលោកប៉ុល ការមានព្រះគុណ មានន័យថា ការនិយាយអរគុណ ។ វាជាឃ្លាធម្មតាសម្រាប់បង្ហាញការដឹងគុណ ។ ដូច្នេះ អ្វីដែលខ្ញុំចង់បញ្ជាក់គឺ លោកអ្នកមិនអាចមានព្រះគុណដោយគ្មានការដឹងគុណបានទេ ។ មនុស្សដែលមិនដឹងគុណ គឺនៅក្រៅព្រះគុណរបស់ព្រះ ។

ខ្ញុំបានសិក្សាភាសាមួយចំនួនផងដែរ ។ ខ្ញុំបានចាប់ផ្តើមដោយភាសាឡាតាំង បន្ទាប់មកភាសាក្រិក ហើយខ្ញុំក៏បានរៀនភាសាសម័យបច្ចុប្បន្នមួយចំនួនផងដែរ ។ មានក្រុមភាសាមួយដែលហៅថា «ភាសារ៉ូម៉ង់» ដែលមានប្រភពមកពីភាសាឡាតាំង ។ ប្រសិនបើលោកអ្នកចេះភាសាណាមួយក្នុងចំណោមភាសាទាំងនោះ លោកអ្នកនឹងឃើញថា ពាក្យសម្រាប់ «អរគុណ» មានទំនាក់ទំនងដោយផ្ទាល់ជាមួយពាក្យសម្រាប់ «ព្រះគុណ» ។ ឧទាហរណ៍ នៅក្នុងភាសាបារាំង «អរព្រះគុណដល់ព្រះ» គឺ grace à Dieu ។ «ព្រះគុណ» មានន័យថា អរគុណ ។ នៅក្នុងភាសាអ៊ីតាលី ប្រសិនបើលោកអ្នកចង់និយាយ «អរគុណ» លោកអ្នកនិយាយថា grazie ។ នៅក្នុងភាសាអេស្ប៉ាញ ដែលខ្ញុំមិនអាចបញ្ចេញសំឡេងបានត្រឹមត្រូវ លោកអ្នកនិយាយថា gracias ។ ខ្ញុំមិនអាចនិយាយពាក្យនោះបានទេ ប៉ុន្តែលោកអ្នកដឹងថា ខ្ញុំចង់និយាយអ្វី ។

សរុបមក អ្វីដែលខ្ញុំចង់បញ្ជាក់គឺ ពាក្យសម្រាប់ «អរគុណ» គឺជាពាក្យសម្រាប់ «ព្រះគុណ» ។ ដូច្នេះ ត្រឡប់ទៅហេព្រើរ ១២:២៨ វិញ សំណៅ King James បកប្រែតាមន័យត្រង់ថា «ចូរឲ្យយើងមានព្រះគុណ» ។ សំណៅ New American Standard និងសំណៅសម័យថ្មីភាគច្រើនចែងថា «ចូរឲ្យយើងបង្ហាញការដឹងគុណ» ។ ប៉ុន្តែចំណុចដ៏សំខាន់បំផុតគឺ លោកអ្នកមិនអាចមានព្រះគុណដោយគ្មានការដឹងគុណបានទេ ។ ពាក្យទាំងពីរនេះចងភ្ជាប់គ្នា ។

ដូច្នេះ ការស្តែងចេញដំបូងរបស់ព្រះគុណ គឺការដឹងគុណ ។ នៅពេលដែលយើងលែងមានការដឹងគុណពិតប្រាកដ នោះយើងស្ថិតនៅក្រៅព្រះគុណហើយ ។

ខ្ញុំចង់បន្តបន្តិចទៀតជាមួយគោលសំខាន់អំពីរបៀបដែលព្រះគុណរបស់ព្រះ មានឥទ្ធិពលមកលើពាក្យ សម្តីរបស់យើង ។ ខ្ញុំចង់អាននៅក្នុងគម្ពីរកូឡុស ជំពូក ៣ ខ ១៥ និង ១៦ ។

15 ចូរឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់គ្នា មកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសាន្តនោះឯង ហើយចូរអរព្រះគុណផង (សូមកត់សម្គាល់ ចូរដឹង គុណៈ គឺជាពាក្យបញ្ជា ។ ខបន្ទាប់ចែងថា) ។ 16 ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឌិតនៅក្នុងអ្នករាល់គ្នា ជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅ ក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។ (RKOV)

ម្តងទៀត សំណៅ King James បកប្រែថា «...ច្រៀងដោយព្រះគុណនៅក្នុងចិត្ត» ។ គឺជាពាក្យដដែល ។ តើសេចក្ដីពិតដ៏អស្ចារ្យអ្វីដែលត្រូវបានបង្ហាញនៅទីនេះ! ប្រសិនបើលោកអ្នកស្ថិតនៅក្នុងព្រះគុណរបស់ព្រះ លោកអ្នកនឹងដឹងគុណ ។ ការដឹងគុណគឺជាលទ្ធផលចាំបាច់នៃព្រះគុណរបស់ព្រះ ។ វាមិនអាចទៅជាយ៉ាងផ្សេងបានទេ ។

ខ្ញុំបានបញ្ជាក់នៅវគ្គមុនថា ព្រះគុណរបស់ព្រះបង្ហាត់បង្រៀនយើង ។ ថ្ងៃនេះ លោកប៉ុលឈានទៅមុខមួយជំហានទៀត ដោយបញ្ជាក់ថា នៅពេលដែលយើងស្ថិតនៅក្នុងព្រះគុណរបស់ព្រះ យើងអាចបង្រៀនអ្នកដទៃបាន ។ ដូច្នេះ លោកថ្លែងថា «ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នាជាបរិបូរ ។ ចូរបង្រៀន និងទូន្មានគ្នាទៅវិញទៅមកដោយប្រាជ្ញាគ្រប់យ៉ាង ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណ ទាំងអរព្រះគុណដល់ព្រះនៅក្នុងចិត្ត» ។ មនុស្សដែលស្ថិតនៅក្នុងព្រះគុណរបស់ព្រះ នឹងដឹងគុណ ពេញដោយការសរសើរតម្កើង ចង់ច្រៀង និងបញ្ចេញតាមមាត់នូវអ្វីដែលមាននៅក្នុងចិត្ត ។ អ្នកនោះក៏នឹងមានអ្វីមួយចែករំលែកដល់អ្នករួមជំនឿ ហើយអាចបង្រៀន និងទូន្មានពួកគេ ចេញពីព្រះគុណរបស់ព្រះដែលកំពុងធ្វើការនៅក្នុងចិត្ត និងស្តែងចេញជាចម្បងតាមរយៈការដឹងគុណ ។

បន្ទាប់មក សូមមើលសេចក្តីមួយទៀតអំពីព្រះគុណដែលលោកប៉ុលថ្លែងនៅក្នុងគម្ពីរកូឡុស ។ លោកប៉ុលប្រៀបធៀបព្រះគុណនៅក្នុងពាក្យសម្តីរបស់យើងទៅនឹងអំបិលនៅក្នុងអាហារ ។ កូឡុស ៤:៦៖

6 ចូរឲ្យពាក្យសម្តីរបស់អ្នករាល់គ្នាបានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងថា អ្នក រាល់គ្នាគួរឆ្លើយដល់មនុស្សគ្រប់គ្នាយ៉ាងណា។ (RKOV)

តើអំបិលមានតួនាទីអ្វី នៅពេលយើងបន្ថែមវាទៅក្នុងអាហារ? គឺធ្វើឲ្យអាហារមានរសជាតិ ធ្វើឲ្យវាគួរឲ្យចង់ញ៉ាំ និងបញ្ចេញរសជាតិផ្សេងៗក្នុងអាហារនោះ ដែលយើងចង់ភ្លក់ឲ្យបានពេញលេញ ។ ព្រះគុណក៏មានតួនាទីដូចគ្នាចំពោះពាក្យសម្តីរបស់យើង ។ វាប្រៀបដូចជាអំបិលដែលរោយលើបបូរមាត់របស់យើង ។ វាបញ្ចេញរសជាតិ និងភាពទាក់ទាញ ហើយធ្វើឲ្យពាក្យរបស់យើងគួរឲ្យចង់ស្តាប់ ។ វាបង្កើតចំណង់ក្នុងអ្នកដែលបានឮ ហើយពួកគេចង់ស្តាប់បន្ថែមទៀត ។

ដូច្នេះ នៅពេលដែលលោកអ្នកឈានចូលឆ្នាំថ្មីនេះ ខ្ញុំសូមផ្តល់ដំបូន្មានមួយ៖ ចូរអនុវត្តការដឹងគុណ ។ ចូរឲ្យព្រះគុណរបស់ព្រះត្រូវបានចាក់មកលើបបូរមាត់របស់លោកអ្នក ។ កុំរអ៊ូរទាំ ។ កុំត្អូញត្អែរ ។ កុំសង្កត់ធ្ងន់តែលើចំណុចអវិជ្ជមានជានិច្ច ។ កុំរិះគន់ និងកុំជាមនុស្សដែលមិនដឹងគុណ ។ ចូរឲ្យព្រះគុណរបស់ព្រះធ្វើឲ្យលោកអ្នកដឹងគុណ បំពេញបបូរមាត់របស់លោកអ្នកដោយការសរសើរតម្កើង និងជួយឲ្យលោកអ្នកអាចទូន្មាន និងបង្រៀនបងប្អូនរួមជំនឿ ។

ពេលវេលារបស់យើងចូលដល់ទីបញ្ចប់ហើយសម្រាប់ថ្ងៃនេះ ។ ខ្ញុំនឹងត្រឡប់មកជួបលោកអ្នកជាថ្មីនៅ វគ្គក្រោយ ដើម្បីចែកចាយបន្ត អំពីចំណុចមួយទៀតអំពីព្រះគុណដ៏អស្ចារ្យរបស់ព្រះ ។