ព្រះគុណគឺជាព្រះវត្តមាន

ដេរេក ព្រីនស៍
Published: 1981
Last Updated: September 2026
Read Time: 9
ព្រះគុណរបស់ព្រះជាម្ចាស់គឺលើសពីការផ្តល់ឱ្យដោយមិនផ្អែកលើគុណសម្បត្តិ។ ព្រះគុណនាំមកនូវវត្តមាន សេចក្តីសុខសាន្ត និងការការពាររបស់ទ្រង់ដល់អស់អ្នកដែលទទួលយក។ ផតឃែស្ថនេះបង្ហាញពីរបៀបដែលព្រះគម្ពីររៀបរាប់ថា ព្រះគុណគឺជាការពេញចិត្តរបស់ព្រះដែលហ៊ុំព័ទ្ធមនុស្សសុចរិតដូចជាខែល និងផ្តល់ឱ្យយើងនូវជ័យជំនះលើសេចក្តីអាក្រក់។
Transcript
វាពិតជារីករាយណាស់ដែលបានវិលមកជួបលោកអ្នកម្តងទៀតនៅដើមសប្តាហ៍ថ្មីនេះ ដើម្បីចែកចាយជូនលោកអ្នកនូវគន្លឹះសំខាន់ដើម្បីរស់នៅមានជោគជ័យ ជាអ្វីដែលព្រះបានដាក់នៅក្នុងដៃរបស់ខ្ញុំ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន និងការបម្រើព័ន្ធកិច្ចអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។
នៅក្នុងរដូវកាលខួបកំណើតរបស់ព្រះយេស៊ូវនេះ ខ្ញុំបានចែកចាយអំពីគោលសំខាន់អំពីព្រះគុណ ហើយ ឥឡូវនេះ ដែលយើងហៀបនឹងចូលទៅក្នុងឆ្នាំថ្មី ខ្ញុំជឿថា នេះជាពេលដ៏សមរម្យមួយ ដែលខ្ញុំអាចបន្តចែកចាយ អំពីគោលសំខាន់ដដែលនេះ ។ ប្រសិនបើលោកអ្នកអាចយល់បានអំពីសេចក្តីពិត ដែលខ្ញុំនឹងចែកចាយជូនលោកអ្នកនៅសប្តាហ៍នេះ គឺសេចក្តីពិតអំពីព្រះគុណ សេចក្តីពិតទាំងនោះនឹងជួយលោកអ្នកឲ្យអាចប្រឈមមុខនៅក្នុង ឆ្នាំថ្មី ទាំងមានសេចក្ដីអះអាង និងទំនុកចិត្តកាន់តែខ្លាំង ជាងពេលមុនៗ ។
ប៉ុន្តែ ជាដំបូង ខ្ញុំសូមអរគុណដល់លោកអ្នកដែលបានសរសេរផ្ញើមកខ្ញុំ ។ មុនពេលដែលខ្ញុំបញ្ចប់វគ្គរបស់ យើងនៅថ្ងៃនេះ ខ្ញុំនឹងជម្រាបជូនលោកអ្នកអំពីអសយដ្ឋាន ដើម្បីឲ្យលោកអ្នកអាចសរសេរផ្ញើមកយើងខ្ញុំ ។ ការដែលបានឮអំពីរបៀបដែលព័ន្ធកិច្ចវិទ្យុរបស់យើងនេះ បានជាជំនួយ និងបានជាព្រះពរដល់លោកអ្នក នោះ ពិតជាមានន័យធំធេងណាស់សម្រាប់ខ្ញុំ ។ ដូច្នេះ សូមកុំខាននឹងសរសេរមកយើងខ្ញុំ ទោះបីជាសំណេររបស់លោកអ្នក ខ្លីៗ ហើយជារឿងផ្ទាល់ខ្លួនក៏ដោយ ។
ឥឡូវនេះ ត្រឡប់មកប្រធានបទរបស់យើងវិញ គឺអំពី ព្រះគុណ។ ដើម្បីចាប់ផ្តើម ខ្ញុំចង់បកក្រោយ បន្តិច ទៅមើលបទគម្ពីរដែលខ្ញុំបានជម្រាបជូនពីលើកមុន អំពីប្រធានបទនេះ ។ នោះជាសេចក្តីដែលព្រះទ្រង់ បង្គាប់ឲ្យពួកលេវី ដែលជាពួកសង្ឃ ប្រកាសឲ្យពរដល់ប្រជារាស្ត្រព្រះអង្គ គឺនៅគម្ពីរជនគណនា ៦ ខ ២៥ និង ខ ២៦ ។ សេចក្តីនេះ មិនមែនជាព្រះពរទាំងមូលទេ គឺគ្រាន់តែជាផ្នែកចុងក្រោយនៃព្រះពរប៉ុណ្ណោះ ។ ការ ប្រកាសព្រះពរនេះចែងដូច្នេះថា៖
សូមព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើអ្នក និងផ្តល់ព្រះគុណដល់អ្នក សូមព្រះយេហូវ៉ាងើបព្រះនេត្រ មកលើអ្នក ហើយប្រទានឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត។
នៅកណ្តាលអត្ថបទគម្ពីរនេះ យើងមានឃ្លា «សូមព្រះយេហូវ៉ាផ្តល់ព្រះគុណដល់អ្នក» មានន័យថា «សូមព្រះយេហូវ៉ាលាតសន្ធឹង ឬហុចព្រះគុណព្រះអង្គមកឲ្យលោកអ្នក គឺការសន្តោសរបស់ព្រះអង្គ ដោយទទេ មិនមែនដោយការខំប្រឹង» ។ យើងបានកត់សម្គាល់សេចក្តីនេះរួចមកហើយ ប៉ុន្តែ ជារឿងសំខាន់ណាស់ដែលត្រូវ ចងចាំថា ការនេះជាប់ទាក់ទងផ្ទាល់នឹងព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ។ សូមឲ្យព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រព្រះអង្គ ភ្លឺមកលើអ្នក ព្រមទាំងផ្តល់ព្រះគុណដល់អ្នក សូមឲ្យព្រះយេហូវ៉ាងើបព្រះនេត្រមកលើអ្នក ។ និយាយបានម្យ៉ាង ទៀតថា ការប្រកបដោយព្រះគុណរបស់ព្រះយេហូវ៉ា គឺជារបៀបមួយ ដែលព្រះអង្គមើលមកលើយើង។ ក្នុង ភាពជាអម្ចាស់លើទាំងអស់ ព្រះអង្គទតមើលមកយើង ដោយព្រះហ្ឫទ័យប្រណីសន្តោស។ នៅពេលដែល ព្រះអង្គចាប់ផ្តើមមើលមកលើយើង ដោយព្រះហ្ឫទ័យប្រណីសន្តោស នោះឈ្មោះថា យើងជាមនុស្សដ៏ពិសេស ហើយ ។ ជោគវាសនារបស់យើងបានដូរ ។ យើងត្រឡប់ជាខុសប្លែកពីមនុស្សដែលនៅជុំវិញយើង ។
ឧទាហរណ៍ដ៏ល្អមួយ ដែលខ្ញុំបាននិយាយរួចមកហើយ គឺឧទាហរណ៍អំពីលោកណូអេ ។ ព្រះគម្ពីរប្រាប់ថា «ណូអេបានប្រកបដោយព្រះគុណ ឬប្រកបដោយគុណនៅព្រះនេត្រព្រះយេហូវ៉ា» ហើយជាលទ្ធផលដែលព្រះ អម្ចាស់ទតមកកាន់លោកណូអេតាមរបៀបនោះ ជោគវាសនាទាំងមូលរបស់លោកណូអេបានផ្លាស់ប្តូរ គឺខុសប្លែក ពីមនុស្សដទៃទៀតទាំងអស់នៅជំនាន់របស់លោក ។ ដោយព្រោះព្រះអម្ចាស់បានទតមើលលោក ព្រះអម្ចាស់ បានប្រោសប្រទានការសន្តោសប្រណីរបស់ព្រះអង្គ គឺព្រះគុណរបស់ព្រះអង្គដល់លោក ។
ហើយបន្ទាប់មក បន្តជាមួយនឹងព្រះពរដែលពួកលេវីប្រកាស គឺបន្ទាប់ពីពាក្យ «សូមព្រះយេហូវ៉ាធ្វើឲ្យ ព្រះភក្ត្រព្រះអង្គភ្លឺមកលើអ្នក និងផ្តល់ព្រះគុណដល់អ្នក សូមព្រះយេហូវ៉ាងើបព្រះនេត្រមកលើអ្នក» រួចមក យើងចូលមកដល់ចំណុចកំពូល នោះគឺ «ហើយប្រទានឲ្យអ្នកបានសុខសាន្ត (សាឡម)» ។ ដូច្នេះ យើងយល់ ហើយថា សេចក្តីសុខសាន្ត ជានិច្ចកាលជាលទ្ធផលដែលកើតចេញពីព្រះគុណ ។ ប្រាកដហើយ បើគ្មានព្រះគុណ របស់ព្រះទេ យើងមិនអាចស្គាល់សេចក្តីសុខពិតប្រាកដបានឡើយ ។
ប៉ុន្តែ ឥឡូវនេះ ខ្ញុំចង់ឲ្យលោកអ្នកមើលឃើញថា ព្រះគុណលើសពីឥរិយាបថធម្មតារបស់ព្រះទៅទៀត ។ នៅពេលដែលព្រះទ្រង់ទតមើលលើយើង ដោយព្រះហឫទ័យប្រណីសន្តោស នោះព្រះអង្គបម្លងអ្វីមួយមកឲ្យ យើង ។ យើងត្រូវបានហ៊ុមព័ទ្ធជុំវិញដោយបរិយាកាសមួយដ៏ពិសេស ។ យើងត្រូវបានការពារ ដែលមិនត្រឹមតែជា អន្តរការណ៍ខាងផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាការប្រោសប្រទានមួយយ៉ាងពិតប្រាកដ ។ ព្រះនេត្ររបស់ព្រះទត មកលើយើង និងបម្លងសេចក្តីស្រឡាញ់របស់ព្រះអង្គ ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ជាមួយនឹងព្រះវត្ត មានព្រះអង្គ គ្រប់ស្ថានភាពទាំងអស់ ។ ព្រះគុណរបស់ព្រះ នាំព្រះវត្តមានរបស់ព្រះ មកក្នុងជីវិតរបស់យើង តាមរបៀបយ៉ាងពិតប្រាកដ ។ មានអ្វីម្យ៉ាងដែលខុសប្លែក នៅក្នុងបរិយាកាសជុំវិញយើង ។
ខ្ញុំធ្លាប់បាននិយាយថា នោះប្រៀបបីដូចជានៅថ្ងៃដែលក្ដៅខ្លាំង ហើយមនុស្សគ្រប់គ្នាកំពុងបើកឡាន ដែលគ្មានម៉ាស៊ីនត្រជាក់ ។ រីឯយើងវិញ យើងមានឡានដែលមានម៉ាស៊ីនត្រជាក់ ។ ដូច្នេះ នៅពេលដែលអ្នក ផ្សេងទៀតកំពុងតែក្ដៅ បែកញើសសស្រាក់ តែឯយើងវិញត្រជាក់ ហើយស្រួលខ្លួន ពីព្រោះយើងមាន បរិយាកាសមួយដែលប្លែកពីគេ ។ ព្រះគុណរបស់ព្រះ គឺបែបយ៉ាងនោះឯង គឺដែលហ៊ុមព័ទ្ធជុំវិញយើង ដោយ បរិយាកាសមួយដែលប្លែកពីគេ ។
រូបភាពនេះ ពន្យល់ឃ្លាជាច្រើនដែលបានប្រើនៅក្នុងសញ្ញាថ្មី ជាឃ្លាដែលយើងមិនអាចយល់ពេញលេញ បានឡើយ ប្រសិនបើយើងមិនយល់អំពីរូបភាពនេះ ។ ឧទាហរណ៍ ខ្ញុំបាននិយាយរួចហើយថា ព្រះគុណ និង សេចក្តីសុខសាន្ត គឺជាពាក្យជម្រាបសួរជាទូទៅ ដែលចាប់ផ្តើមនៅក្នុងគម្ពីរសំបុត្ររបស់ពួកសាវក ក្នុងសញ្ញាថ្មី ។ ខ្ញុំសូមលើកឧទាហរណ៍ខ្លះជូនលោកអ្នកអំពីការជម្រាបសួរនេះ ។ រ៉ូម ១ ខ ៧ ពាក្យចាប់ផ្តើមគឺ:
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តមកពីព្រះ ជាព្រះវរបិតារបស់យើង និងពី ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
មានអ្វីម៉្យាងចូលមកឯយើង ។ ការនោះចេញមកពីព្រះ ដ៏ជាព្រះវរបិតា មកឯយើង តាមរយៈព្រះ យេស៊ូវគ្រិស្ត ជាព្រះរាជបុត្រា ។ នោះគឺជាការប្រណីសន្តោសរបស់ព្រះអង្គ ហើយក៏នាំសេចក្តីសុខសាន្តរបស់ ព្រះអង្គ ភាពពេញលេញរបស់ព្រះអង្គ ភាពគ្រប់លក្ខណ៍របស់ព្រះអង្គ និងភាពគ្រប់គ្រាន់ទាំងអស់ របស់ ព្រះអង្គមកឯយើង ។
នៅខាងចុងគម្ពីររ៉ូម គឺ រ៉ូម ១៦ ខ ២០ លោកប៉ុលដាក់ការពីរបញ្ចូលគ្នា ដែលមានសារៈសំខាន់យ៉ាង ខ្លាំង ។ លោកបានថ្លែងសេចក្តីនេះ ដែលជាពាក្យដ៏ក្លាហានចេញពីជំនឿថា:
ព្រះនៃសេចក្តីសុខសាន្តនឹងកម្ទេចអារក្សសាតាំង នៅក្រោមជើងអ្នករាល់គ្នាក្នុងពេលឆាប់ៗនេះ។ សូមឲ្យអ្នក បានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
និយាយបានម្យ៉ាងទៀតថា អ្វីដែលនឹងធ្វើឲ្យពួកគេឈ្នះលើអារក្សសាតាំងបាន គឺជាព្រះគុណរបស់ព្រះ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ព្រះវត្តមានរបស់ព្រះអង្គដែលនៅជាមួយពួកគេ ។ ហើយខ្ញុំចង់ឲ្យ លោកអ្នកគិតបែបដូច្នេះ សម្រាប់ឆ្នាំថ្មី ។ ប្រសិនបើព្រះគុណរបស់ព្រះ នៅជាមួយលោកអ្នក នោះលោកអ្នកក៏ នឹងមានជ័យជម្នះលើអារក្សសាតាំង និងលើអំណាចនៃសេចក្តីអាក្រក់ផងដែរ ។
នៅក្នុងសំបុត្រមួយផ្សេងទៀត គឺសំបុត្រទីពីររបស់លោកប៉ុល ទៅកាន់លោកធីម៉ូថេ មានសេចក្ដីផ្ដើម និងសេចក្តីបញ្ចប់ស្រដៀងគ្នា ។ គឺនៅ ២ ធីម៉ូថេ ១ ខ ២:
មកដល់ធីម៉ូថេ ជាកូនស្ងួនភ្ងា សូមឲ្យអ្នកបានប្រកបដោយព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខ សាន្ត ពីព្រះជាព្រះវរបិតា ហើយពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង។
សូមកត់សម្គាល់ នៅចំណុចនេះ លោកប៉ុលបន្ថែមព្រះពរមួយទៀត មិនមែនត្រឹមតែព្រះគុណ នឹងសេចក្ដី សុខសាន្តប៉ុណ្ណោះទេ តែគឺព្រះគុណ សេចក្តីមេត្តាករុណា និងសេចក្តីសុខសាន្ត ។ ប៉ុន្តែ យើងមើលឃើញម្តងទៀត ថា ព្រះគុណតែងនាំមុខគេជានិច្ច ។ ព្រះពរដទៃទៀត កើតចេញពីព្រះគុណ ។ ហើយបន្ទាប់មក នៅចុងសំបុត្រ នោះ គឺ ២ធីម៉ូថេ ៤ ខ ២២ លោកប៉ុលបញ្ចប់ដោយពាក្យដូច្នេះថា:
សូមព្រះអម្ចាស់យេស៊ូវគ្រីស្ទគង់ជាមួយវិញ្ញាណរបស់អ្នក។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។
នេះហាក់បីជួបជាថា ព្រះវត្តមានរបស់ព្រះអម្ចាស់ គឺជាព្រះគុណរបស់ព្រះអង្គដែលនៅជាមួយយើង ។ ហើយលោកប៉ុលថ្លែងអំពីព្រះគុណ ទុកដូចជាអ្វីម៉្យាងដែលពិតជាដើរអមជាមួយយើងយ៉ាងពិតប្រាកដ ។ ព្រះ គុណនៅជាមួយយើង ។ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ» ។ ម្តងទៀត នៅក្នុងទីបន្ទាល់របស់ លោកប៉ុល ដែលលោកចែកចាយនៅក្នុង ១ កូរិនប៉ុស ១៥ ខ ១០ អំពីការនឿយហត់របស់លោក ដែលលោក ធ្វើថ្វាយព្រះអម្ចាស់ ។
ប៉ុន្តែ ដែលខ្ញុំជាយ៉ាងណាសព្វថ្ងៃនេះ គឺដោយសារព្រះគុណរបស់ព្រះ ហើយព្រះគុណរបស់ព្រះអង្គចំពោះខ្ញុំ មិនមែនឥតប្រយោជន៍ឡើយ។ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការលើសជាងអ្នកទាំងនោះទៅទៀត ប៉ុន្តែ មិនមែនខ្ញុំ ទេ គឺព្រះគុណរបស់ព្រះ ដែលស្ថិតនៅជាមួយ ខ្ញុំវិញ។ (RKOV)
នេះគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ដែលពាក្យ «ព្រះគុណ» លេចឡើងបីដង នៅក្នុងខគម្ពីរនេះ «ដែលខ្ញុំ បានជាយ៉ាងណា គឺដោយព្រះគុណរបស់ព្រះ... ព្រះគុណរបស់ព្រះអង្គចំពោះខ្ញុំ មិនមែនឥតប្រយោជន៍ឡើយ» បន្ទាប់មកទៀត «ខ្ញុំបានខំធ្វើការលើសជាងអ្នកទាំងនោះទៅទៀត» បន្ទាប់មក លោកបញ្ជាក់ថា «...ប៉ុន្តែ មិន មែនខ្ញុំទេ គឺព្រះគុណរបស់ព្រះ ដែលស្ថិតនៅជាមួយខ្ញុំទេតើ» ។ ដូច្នេះ នៅពេលដែលលោកប៉ុលពន្យល់អំពី ជោគជ័យរបស់លោក នៅក្នុងព័ន្ធកិច្ចបម្រើព្រះគ្រិស្ត លោកមិនបានប្រកាសយកសេចក្តីនោះសម្រាប់ខ្លួនលោក ទេ ប៉ុន្តែលោកប្រកាសសេចក្តីនោះ សម្រាប់ព្រះគុណរបស់ព្រះវិញ ។ លោកថ្លែងថា៖ «ព្រះគុណរបស់ព្រះ ស្ថិត នៅជាមួយខ្ញុំ ប្រៀបបាននឹងព្រះវត្តមានរបស់ព្រះ ជាអ្វីម៉្យាងដែលដើរជាមួយខ្ញុំ ដែលគ្របដណ្តប់លើខ្ញុំ ដូចជា ម្លប់ ទៅអមជាមួយខ្ញុំ នៅកន្លែងណាដែលខ្ញុំទៅធ្វើការថ្វាយព្រះអម្ចាស់» ។
ឥឡូវនេះ ខ្ញុំចង់បង្ហាញលោកអ្នកនូវរូបភាពដ៏ល្អពីរ អំពីព្រះគុណ ចេញពីសញ្ញាចាស់ ។ រូបភាពទីមួយ ចេញពីគម្ពីរទំនុកតម្កើង ហើយរូបភាពទីពីរ ចេញពីគម្ពីរសុភាសិត ។ រូបភាពទីមួយ នៅក្នុងទំនុកតម្កើង ជំពូក ៥ ខ ១២ ។
ដ្បិត ឱ្យព្រះយេហូវ៉ាអើយ ព្រះអង្គប្រទានពរមនុស្សសុចរិត ព្រះអង្គគ្របបាំងអ្នកទាំងនោះជុំវិញ ដោយព្រះ គុណ ទុកដូចជាខែល។
លោកអ្នកឃើញទេ ខគម្ពីរនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ព្រះគុណរបស់ព្រះ មិនមែនត្រឹមតែជា គោលគំនិតខាងទេវសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែ ជាអ្វីម៉្យាងពិតប្រាកដដែលនៅជាមួយយើង ។ ព្រះគុណការពារ យើង ។ ព្រះគុណហ៊ុមព័ទ្ធជុំវិញយើង ។ ព្រះគុណគ្របបាំងយើងពីគ្រប់ទាំងសេចក្តីអាក្រក់ ។ ព្រះគុណរុញប្រាន វិញ្ញាណអាក្រក់ដែលប្រឆាំងទាស់នឹងយើង ។ ព្រះជាម្ចាស់ហ៊ុមព័ទ្ធជុំវិញមនុស្សសុចរិត ដោយព្រះគុណរបស់ ព្រះអង្គ ទុកដូចជាខែល។ ដូច្នេះ នៅពេលដែលលោកអ្នកចូលទៅក្នុងឆ្នាំថ្មី ខ្ញុំចង់ឲ្យលោកអ្នកចាំជាប់ក្នុងចិត្តថា លោកអ្នកកំពុងប្រឈមមុខ ដោយមានខែលហ៊ុមព័ទ្ធជុំវិញលោកអ្នកទាំងអស់ ដែលការពារលោកអ្នកឲ្យរួចផុតពីសេចក្តីអាក្រក់ ពីគ្រោះថ្នាក់ ទាំងខាងវិញ្ញាណ ទាំងខាងអារម្មណ៍ ទាំងខាងសាច់ឈាម រហូតដល់ផ្នែក ហិរញ្ញវត្ថុ ទៀតផង ។ តើលោកអ្នកត្រូវបានការពារដោយសារអ្វី ? គឺព្រះគុណ គឺការប្រណីសន្តោសរបស់ព្រះ ដែលព័ទ្ធជុំវិញលោកអ្នក ប្រៀបបីដូចជាខែល ដែលមិនអាចមើលឃើញនឹងភ្នែក ដែលការពារមេរោគមិនឲ្យ ចូលមកជិត ការពារជំងឺមិនឲ្យចូលមកជិត ។ គ្មានវិញ្ញាណអាក្រក់ណាមួយអាចឆ្លងកាត់ខែលនៃព្រះគុណរបស់ ព្រះបានឡើយ ប្រសិនបើលោកអ្នកទទួលយកខែលនោះដោយជំនឿ ពឹងអាងលើខែលនោះ ហើយជឿថា ខែល នោះនៅជាមួយលោកអ្នកជានិច្ច ។
បន្ទាប់មក រូបភាពទីពីរ គឺនៅក្នុង សុភាសិត ១៦ ខ ១៥ ។
កាលណាស្ដេចមានព្រះភក្ត្ររីករាយ នោះឯងបានជីវិតគង់នៅហើយ ឯព្រះគុណព្រះអង្គក៏ដូចជាពពកនៅចុងរដូវភ្លៀង ។
ឥឡូវនេះ យើងកំពុងនិយាយអំពីស្ដេច ។ ហើយសូមចងចាំថា ព្រះយេស៊ូវមិនត្រឹមតែជាស្ដេចប៉ុណ្ណោះទេ គឺព្រះអង្គជាស្ដេចលើអស់ទាំងស្ដេច ។ «កាលណាស្ដេចមានព្រះភក្ត្ររីករាយ នោះឯងបានជីវិតគង់នៅហើយ...» ពោលគឺ ព្រះភក្ត្ររីករាយរបស់ស្តេច ដែលមើលមកលោកអ្នក នោះជាជីវិតដល់លោកអ្នកហើយ ។
នៅពេលដែលព្រះភក្ត្ររបស់ស្តេចទតមកលើយើង ទតមកចំយើង នោះជាជីវិតដល់យើងហើយ ។
បន្ទាប់មក ខគម្ពីរនោះបន្តទៀតថា «...ឯព្រះគុណទ្រង់ គឺព្រះហឫទ័យប្រណីសន្តោសរបស់ស្តេច ប្រៀបដូចជាពពកនៅចុងរដូវភ្លៀង» ។ យើងត្រូវយល់ថា នៅក្នុងទឹកដីអ៊ីស្រាអែល ភ្លៀង គឺជាព្រះពរដ៏អស្ចារ្យ បំផុត ។ ភ្លៀងមិនមែនជាអ្វីដែលយើងមិនចង់បាននោះឡើយ ប៉ុន្តែជាអ្វីដែលយើងស្រែករក ។ ភ្លៀងដែលជា ព្រះពរដ៏អស្ចារ្យបំផុត ភ្លៀងដែលនាំមកនូវផលផ្លែយ៉ាងអស្ចារ្យបំផុត ជាសញ្ញាយ៉ាងពិតប្រាកដបំផុត អំពី ផលផ្លែល្អ គឺភ្លៀងចុងរដូវ ។ ដូច្នេះ ពពកដែលនាំមកនូវភ្លៀងចុងរដូវ គឺជាអ្វីម៉្យាងដែលមនុស្សចង់បាន ។ ពពកនោះ គឺជាការបញ្ជាក់ប្រាប់អំពីព្រះពរ អំពីផលផ្លែ ដែលជាការផ្គត់ផ្គង់ដ៏បរិបូររបស់ព្រះ សម្រាប់ ប្រជារាស្ត្ររបស់ព្រះអង្គ ។ ហើយការប្រណីសន្តោសរបស់ព្រះ ប្រៀបបាននឹងពពកនោះឯង ។
ដូច្នេះ នៅពេលដែលលោកអ្នកចូលដល់ឆ្នាំថ្មី សូមចាំនៅក្នុងគំនិតថា ខ្លួនលោកអ្នកហ៊ុមព័ទ្ធជុំវិញដោយ ពពក ដែលប្រៀបបានពពកភ្លៀងចុងរដូវ គឺពពកនៃព្រះហ្ឫទ័យប្រណីសន្តោសរបស់ព្រះ ដែលគ្របដណ្តប់ លើលោកអ្នក និងការពារលោកអ្នក ។
យើងអស់ពេលហើយសម្រាប់ថ្ងៃនេះ ។ ខ្ញុំនឹងត្រឡប់មកជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមពេល វេលាកំណត់របស់យើង ដើម្បីចែកចាយចំណុចមួយទៀតអំពីព្រះគុណដ៏អស្ចារ្យរបស់ព្រះ ។ សូមព្រះជាម្ចាស់ ប្រទានពរ ។
កូដ: RP-R077-101-KHM










