ការអួតតែពីព្រះគុណ

ដេរេក ព្រីនស៍
Published: 1981
Last Updated: October 2026
Read Time: 10
ការខិតខំរបស់មនុស្សមិនទុកកន្លែងសម្រាប់អួតខ្លួននៅចំពោះព្រះឡើយ។សារជាសម្លេងនេះបង្ហាញថា សេចក្តីសុចរិតកើតចេញពីជំនឿលើព្រះគុណរបស់ព្រះ មិនមែនតាមរយៈការប្រព្រឹត្តឡើយ ដោយផ្អែកលើការបង្រៀនរបស់លោកអប្រាហាំ និងលោកប៉ុលអំពីឈើឆ្កាង។ សិរីល្អទាំងអស់ជារបស់ព្រះ ដែលព្រះគុណរបស់ទ្រង់នាំមកនូវសេចក្តីសង្គ្រោះតាមរយៈព្រះយេស៊ូវគ្រីស្ទ។
Transcript
វិសេសណាស់ដែលបានជួបលោកអ្នកជាថ្មីនៅថ្ងៃនេះ ដើម្បីបន្តគោលសំខាន់របស់យើងអំពីព្រះគុណ។
ក្នុងការចែកចាយរបស់ខ្ញុំនៅវគ្គមុន ខ្ញុំបានជម្រាបជូនអំពីការរៀបចំបន្ទប់សម្រាប់ព្រះគុណរបស់ព្រះ និងអំពីរបៀបដែលការនេះតម្រូវឲ្យយកឈ្នះលើឧបសគ្គដ៏ធំនៃជីវិតបែបអាត្មា។ ខ្ញុំបានឆ្លុះបញ្ចាំងការនេះ ចេញពីប្រសាសន៍របស់លោកប៉ុល នៅក្នុង ២កូរិនថូស ៤:៥-៦៖
៥ យើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់វិញ ហើយក៏រាប់ខ្លួនយើងខ្ញុំ ថាជាបាវបម្រើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវដែរ ៦ ដ្បិតគឺជាព្រះ ដែលមានព្រះបន្ទូលបង្គាប់ «ឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត» ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភ័ក្ត្រនៃព្រះយេស៊ូវគ្រីស្ទ។។ (RKOV)
ពាក្យចុងក្រោយ «មានពន្លឺភ្លឺចេញពីសេចក្ដីងងឹត» លោកប៉ុលបានដកស្រង់ចេញពីលោកុប្បត្តិជំពូក១ ដែលជាការសង្ខេបដ៏ល្អអំពីព្រះគុណ។ មានសេចក្ដីងងឹតនៅក្នុងជីវិតជាមនុស្ស ពីអំពើបាបរបស់យើង ភាពឥតទីពឹងរបស់យើង ភាពអស់សង្ឃឹមរបស់យើង។ គ្មានអ្វីជួយសង្គ្រោះយើង គ្មានអ្វីដែលយើងអាចធ្វើបានដើម្បីជួយខ្លួនយើងឡើយ ហើយនៅក្នុងសេចក្ដីងងឹតនោះ ព្រះទ្រង់បង្គាប់ឲ្យពន្លឺនៃព្រះគុណរបស់ព្រះអង្គ ភ្លឺចេញពីព្រះភក្ត្រដ៏ល្អរបស់ព្រះយេស៊ូវ។ ខ្ញុំបានអានបទគម្ពីរនោះខាងដើមរួចហើយថា សម្រាប់អស់អ្នកដែលអង្គុយនៅក្នុងស្រុក និងម្លប់នៃសេចក្ដីស្លាប់ ពន្លឺបានភ្លឺឡើងនៅកណ្ដាលពួកគេ។ សម្រាប់ខ្ញុំ នោះហើយជាខ្លឹមសារដ៏សំខាន់អំពីណូអែល។ ខ្ញុំមិនគិតជាចម្បងអំពីទារកតូច ដែលនៅក្នុងស្នូកសត្វនោះទេ ប៉ុន្តែខ្ញុំគិតអំពីពន្លឺរបស់ព្រះ ដែលនៅក្នុងព្រះយេស៊ូគ្រីស្ទ កំពុងភ្លឺនៅក្នុងទីជម្រៅនៃសេចក្ដីងងឹតរបស់មនុស្សជាតិ ដើម្បីកម្ចាត់សេចក្ដីងងឹត ហើយនាំយកពន្លឺ ជីវិត សេចក្ដីសង្ឃឹម និងសេចក្ដីសុខសាន្តចូលមក។ លោកអ្នកនៅចាំទេ យើងបាននិយាយនៅខាងដើមហើយថា បើគ្មានព្រះគុណទេ នោះគ្មានសេចក្ដីសុខសាន្តឡើយ។ ជានិច្ចកាល ព្រះគុណជាមុន បន្ទាប់មក សេចក្ដីសុខសាន្ត។
ឥឡូវនេះ យើងត្រឡប់មកកាន់ពាក្យរបស់លោកប៉ុល។ យើងបានឃើញគន្លឹះសំខាន់ដែលនាំទៅរកការផ្លាស់ប្រែដ៏អស្ចារ្យនេះ តាមរយៈផារិស៊ីម្នាក់នេះដែលធ្លាប់តែមានអំណួត គិតថាខ្លួនឯងសុចរិត តែឥឡូវនេះ ព្រមធ្វើជាបាវបម្រើរបស់មនុស្សដែលលោកមិនគួរនឹងនិយាយរកផង មុនពេលដែលលោកបានជួបព្រះយេស៊ូវ។ សេចក្ដីនេះបានសង្ខេបជាដំណាក់កាលបី។ ទីមួយ មិនមែនខ្លួនយើង។ ទីពីរ ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់។ បន្ទាប់មក ខ្លួនយើងជាបាវបម្រើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវ។
ថ្ងៃនេះ ខ្ញុំនឹងបង្ហាញលោកអ្នក អំពីរបៀបដែលព្រះគុណរបស់ព្រះ មិនទុកឲ្យមានបន្ទប់សម្រាប់អំណួតអ្វី ក្រៅតែការអួតអំពីព្រះគុណរបស់ព្រះប៉ុណ្ណោះ។ ការអួតអំពីព្រះគុណ ជាគោលសំខាន់តែមួយគត់ដែលយើងអាចអួតបាន ប្រសិនបើយើងកំពុងរស់នៅក្នុងព្រះគុណរបស់ព្រះ។ យើងគ្មានអ្វីសេសសល់នឹងអួតអំពីសេចក្ដីល្អរបស់យើង សេចក្ដីសុចរិតរបស់យើង ឬប្រាជ្ញារបស់យើងឡើយ។ លោកប៉ុលថ្លែងអំពីសេចក្ដីនេះយ៉ាងប្រយ័ត្នបំផុតនៅក្នុងបទគម្ពីរដោយឡែកៗក្នុងសញ្ញាថ្មី។ នៅក្នុងគម្ពីររ៉ូម ៣:២៧-២៨ លោកថ្លែងថា៖
តើយើងមានអ្វីនឹងអួតខ្លួនបាន? គ្មានទាល់តែសោះ។
និយាយម្យ៉ាងទៀតថា គ្មានកន្លែងនឹងអួត។
តើពឹងលើគោលការណ៍អ្វី? [ហេតុអ្វីគ្មានកន្លែងអួត?] ចុះរឿងកាន់តាមក្រឹត្យវិន័យនោះ? ទេ...
ប្រសិនបើយើងកាន់តាមក្រឹត្យវិន័យបានយ៉ាងគ្រប់លក្ខណ៍ នោះយើងមានអ្វីមួយនឹងអួតបាន ប៉ុន្តែ តើសំអាងលើគោលការណ៍អ្វី?
...គឺពឹងលើច្បាប់ខាងជំនឿ។ ដ្បិតយើងយល់ថា មនុស្សបានរាប់ជាសុចរិត ដោយសារជំនឿ មិនមែនដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ។
ប្រសិនបើយើងបានរាប់ជាសុចរិតដោយសារជំនឿ មិនមែនដោយសារការកាន់តាមក្រឹត្យវិន័យ នោះយើងគ្មានអ្វីនឹងអួតទេ។ ដោយច្បាប់ខាងជំនឿ ឬគោលការណ៍ខាងជំនឿ នោះគ្មានអ្វីនឹងអំណួតទេ។
បន្ទាប់មក នៅជំពូកបន្ទាប់ ក្នុងគម្ពីររ៉ូម គឺរ៉ូមជំពូក៤ លោកប៉ុលបន្តបង្ហាញសេចក្ដីនេះយ៉ាងច្បាស់ ទាក់ទងនឹងលោកអ័ប្រាហាំ។ ការនេះសំខាន់ណាស់សម្រាប់លោកប៉ុល ដែលលោកអាចបញ្ជាក់បានថា នេះជាគោលការណ៍ដែលលោកអ័ប្រាហាំបានទទួលជាមួយព្រះ ព្រោះលោកអ័ប្រាហាំជាបុព្វបុរសរបស់ជាតិសាសន៍អ៊ីស្រាអែលទាំងមូល ហើយបទពិសោធន៍របស់លោក គឺជាគន្លឹះសំខាន់មួយ ដែលគេអាចយល់បានពីបទពិសោធន៍របស់ពួកគេផ្ទាល់។ ដូច្នេះ លោកប៉ុលបានចង្អុលបង្ហាញយ៉ាងប្រុងប្រយ័ត្នថា លោកអ័ប្រាហាំ គ្មានអ្វីនឹងអួតខ្លួនបានឡើយ។ លោកក៏ដែរ បានរាប់ជាសុចរិតដោយសារជំនឿ មិនមែនដោយសារការប្រព្រឹត្តិទេ។ នេះជាអ្វីដែលលោកប៉ុលមានប្រសាសន៍ រ៉ូម ៤:១-៣៖
ដូច្នេះ តើយើងត្រូវនិយាយដូចម្ដេចអំពីលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើងខាងសាច់ឈាម? តើលោកបានអ្វីខ្លះ? ដ្បិតបើលោកអ័ប្រាហាំបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្តិ នោះលោកមានហេតុនឹងអួតអាងបាន តែមិនមែនចំពោះព្រះទេ។ តើគម្ពីរចែងដូចម្ដេច? គម្ពីរចែងថា «លោកអ័ប្រាហាំបានជឿព្រះ ហើយជំនឿនោះបានរាប់ជាសុចរិតដល់លោក»។ (RKOV)
ដូច្នេះ ដូចជាយើងរាល់គ្នាទៀតដែរ តាមពិត លោកអ័ប្រាហាំជាឪពុកខាងវិញ្ញាណរបស់យើង។ លោកអ័ប្រាហាំបានទទួលសេចក្ដីសុចរិតពីព្រះ មិនមែនដោយសារពឹងលើការកាន់តាមក្រឹត្យវិន័យ ឬអំពើល្អរបស់លោកនោះទេ គឺដោយព្រោះតែលោកបានជឿលើព្រះគុណរបស់ព្រះប៉ុណ្ណោះ។ ដោយសំអាងលើជំនឿរបស់លោក ព្រះទ្រង់រាប់លោកជាសុចរិត។ លោកបានទទួល Credit Card គឺកាតឥណទានដ៏វិសេសវិសាលបំផុត ដូចខ្ញុំបានជម្រាបជូនកាលពីវគ្គមុន។ នៅពេលយើងប្រព្រឹត្តមិនត្រឹមត្រូវទៅតាមអ្វីដែលយើងគួរធ្វើ នោះជំនឿរបស់យើង នៅតែធ្វើឲ្យយើងបានសុចរិត។ យើងមិនអាចចាយសាច់ប្រាក់ ដែលជាអំពើល្អបានទេ ប៉ុន្តែយើងអាចប្រើកាតឥណទាន នៃសេចក្ដីសុចរិតបាន។
លោកប៉ុលរំឭកក្រុមជំនុំនៅក្រុងកូរិនថូស ពីមុនពួកគេធ្លាប់ជាមនុស្សបែបណា ហើយបន្ទាប់មក ចង្អុលបង្ហាញអំពីមេរៀនដដែលនេះថា គ្មានអ្វីដែលត្រូវអួតខ្លួនបានឡើយ។ ១កូរិនថូស ១:២៦-៣១ ចែងថា៖
បងប្អូនអើយ សូមពិចារណាមើលចុះ ក្នុងចំណោមអ្នករាល់គ្នាដែលព្រះបានត្រាស់ហៅ មិនសូវមានអ្នកប្រាជ្ញច្រើនខាងសាច់ឈាម មិនសូវមានអ្នកមានអំណាចច្រើន និងអ្នកមានត្រកូលខ្ពស់ច្រើនទេ។
មានការសំខាន់បីដែលធ្វើឲ្យមនុស្សទុកចិត្តលើខ្លួនឯង។ ប្រាជ្ញា ឬចំណេះដឹង ឥទ្ធិពលនៅក្នុងសង្គម និងអ្នកដែលកើតនៅក្នុងត្រកូលខ្ពស់។ លោកប៉ុលរំឭកអ្នកជឿនៅក្រុងកូរិនថូសថា ភាគច្រើននៅក្នុងចំណោមពួកគេ មិនអាចអួតអំពីការណាមួយក្នុងចំណោមការទាំងបីនេះឡើយ ប៉ុន្តែលោកបន្តទៀតថា៖
ផ្ទុយទៅវិញ ព្រះបានជ្រើសរើសអ្វីដែលល្ងីល្ងើក្នុងលោកនេះ ដើម្បីធ្វើឲ្យអ្នកប្រាជ្ញមានសេចក្ដីខ្មាស។ ព្រះបានជ្រើសរើសអ្វីដែលខ្សោយក្នុងលោកនេះ ដើម្បីធ្វើឲ្យពួកខ្លាំងពូកែមានសេចក្ដីខ្មាស។ ព្រះបានជ្រើសរើសអ្វីដែលទាបថោក និងអ្វីដែលគេមើលងាយនៅលោកីយ៍នេះ អ្វីៗដែលគ្មាន ដើម្បីធ្វើឲ្យអ្វីៗដែលមានទៅជាអសារឥតការ។ (RKOV)
នេះជាកំណត់ត្រាដ៏អស្ចារ្យ អំពីមនុស្សដែលព្រះបានជ្រើសរើស។ ព្រះអង្គបានរើសអ្វីដែលល្ងង់ល្ងើ អ្វីដែលទន់ខ្សោយ អ្វីដែលទាបថោក អ្វីដែលគេមើលងាយ និងអ្វីៗដែលគ្មាន ដើម្បីលើកចោលអ្វីៗដែលមាន ទៅជាអសារឥតការ។ លោកប៉ុលបង្ហាញហេតុផលថា៖
ដើម្បីកុំឲ្យមនុស្សណាអួតខ្លួននៅចំពោះព្រះបានឡើយ។ ព្រះអង្គជាប្រភពនៃជីវិតរបស់យើង ក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានត្រឡប់ជាប្រាជ្ញាមកពីព្រះ ជាសេចក្ដីសុចរិត សេចក្ដីបរិសុទ្ធ និងសេចក្ដីប្រោសលោះដល់យើង។
លោកប៉ុលថ្លែងថា យើងគ្មានអ្វីនឹងអួតអំពីខ្លួនយើងឡើយ។ នេះមិនមែនជាសេចក្ដីសុចរិតរបស់យើង មិនមែនជាសេចក្ដីបរិសុទ្ធរបស់យើង។ វាមិនមែនជាសេចក្ដីប្រោសលោះរបស់យើង។ ព្រះយេស៊ូវគ្រីស្ទបានធ្វើឲ្យយើងទទួលបានសេចក្ដីទាំងអស់នេះ។ នេះជាព្រះគុណរបស់ព្រះអង្គនៅក្នុងយើង ដែលបង្កើតចេញជាសេចក្ដីទាំងនេះ។
បន្ទាប់មក លោកប៉ុលបានសង្ខេបសេចក្ដីនេះថា៖
ដើម្បីឲ្យត្រូវដូចសេចក្ដីដែលចែងទុកមកថា៖ «អ្នកណាដែលអួត ត្រូវអួតពីព្រះអម្ចាស់» [នេះជាសេចក្ដីដែលលោកប៉ុលបានដកស្រង់ពីសញ្ញាចាស់]។
យើងគ្មានអ្វីដែលត្រូវអួតឡើយ ទោះជានៅពេលនេះ ឬអស់កល្បទៅមុខក្តី។
បន្ទាប់មក នៅក្នុងកាឡាទី ៦:១៤ មានប្រយោគមួយដ៏អស្ចារ្យគឺ៖
ឯខ្ញុំវិញ សូមកុំឲ្យខ្ញុំអួតខ្លួនពីអ្វី ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងឡើយ ដែលដោយសារឈើឆ្កាងនោះ លោកីយ៍បានជាប់ឆ្កាងខាងឯខ្ញុំ ហើយខ្ញុំក៏ជាប់ឆ្កាងខាងឯលោកីយ៍ដែរ។ (RKOV)
ប្រសិនបើលោកអ្នកបានដឹងអំពីសម័យបុរាណ នៅគ្រារបស់លោកប៉ុល ហើយប្រសិនបើលោកអ្នកបានដឹងអំពីឈើឆ្កាងជាតំណាងអ្វី នោះលោកអ្នកនឹងយល់យ៉ាងច្បាស់ គឺឈើឆ្កាងជាសញ្ញានៃសេចក្ដីអាម៉ាស់បំផុត និងជាសញ្ញាដែលថោកទាបបំផុត។ សម្រាប់ជនជាតិរ៉ូម គេមិនអាចឆ្កាងបានទេ គឺអ្នកទោសនឹងត្រូវប្រហារជីវិតតាមវិធីផ្សេង ព្រោះការឆ្កាងជាសេចក្ដីអាម៉ាស់បំផុត ហើយចក្រភពរ៉ូមមិនចង់ឲ្យជាតិសាសន៍រ៉ូមរបស់ខ្លួនអាប់ឱនទេ។ ដូច្នេះ មានច្បាប់ចែងថា ជនជាតិរ៉ូមមិនអាចឆ្កាងបានឡើយ។ ហេតុនេះហើយជាលោកប៉ុលមិនត្រូវបានគេប្រហារជីវិតដោយការឆ្កាង ព្រោះលោកជាជនជាតិរ៉ូម។ ការឆ្កាង គឺជាសេចក្ដីអាម៉ាស់ធំបំផុត។ លោកប៉ុលថ្លែងថា សេចក្ដីអាម៉ាស់ធំបំផុតនៅក្នុងវប្បធម៌របស់យើងទាំងមូល ជាសេចក្ដីតែមួយគត់ដែលខ្ញុំចង់អួត។ នោះគឺជាការសុគតរបស់ព្រះអម្ចាស់យេស៊ូគ្រីស្ទនៅលើឈើឆ្កាង ព្រោះនោះហើយជារបៀបដែលព្រះគុណរបស់ព្រះ បានកើតឡើងចំពោះខ្ញុំ។ គឺគ្មានផ្លូវណាទៀតសោះ ក្រៅពីតាមរយៈឈើឆ្កាងឡើយ។
ស្របជាមួយនឹងគោលសំខាន់នៃសិរីល្អ និងការអួតនេះ គ្រប់ទាំងសិរីរុងរឿងដ៏នៅអស់កល្បជានិច្ច សុទ្ធតែចង្អុលទៅរកព្រះគុណរបស់ព្រះ។ តើនោះមិនមែនជាគោលគំនិតដ៏ល្អទេឬ? ខ្ញុំសូមដកស្រង់ប្រសាសន៍ដ៏ល្អៗខ្លះ ចេញពីគម្ពីរសំបុត្ររបស់សាវកប៉ុល ផ្ញើទៅក្រុមជំនុំនៅអេភេសូរ គឺអេភេសូរ ១:៥-៦៖
ព្រះអង្គ [គឺព្រះជាម្ចាស់] បានតម្រូវយើងទុកជាមុន សម្រាប់ឲ្យទ្រង់បានទទួលយើងជាកូន តាមរយៈព្រះយេស៊ូវគ្រីស្ទ ស្របតាមបំណងដែលព្រះអង្គសព្វព្រះហឫទ័យ ដើម្បីសរសើរដល់សិរីរុងរឿងនៃព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកយើងដោយឥតគិតថ្លៃ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ។ (RKOV)
ដើម្បីឲ្យអ្វីៗដែលព្រះកំពុងធ្វើចំពោះយើង នៅទីបំផុត បានតម្រូវទុកដើម្បីនាំការសរសើរដល់សិរីល្អនៃព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកដោយឥតគិតថ្លៃ។ និយាយបានម្យ៉ាងទៀតថា លោកប៉ុលរំឭកយើងថា ព្រះគុណ គឺប្រទានមកដោយទទេ ឥតគិតថ្លៃ តែមិនមែនដូចជារបស់ដែលអាចរកបាន ក៏មិនអាចបានមកដោយការប្រព្រឹត្តិនោះដែរ។
ខ្ញុំសូមអានបទគម្ពីរមួយទៀតចេញពីជំពូក១ដដែល នៅក្នុងគម្ពីរអេភេសូរ។ ឆ្លងទៅមុខបន្តិចទៀត ជាការសង្កត់ធ្ងន់ម្ដងទៀត អំពីព្រះគុណ និងសិរីល្អរបស់ព្រះ។ ខ១១-១២ ថា៖
ក្នុងព្រះគ្រីស្ទយើងក៏បានមរតកដែរ ដោយព្រះអង្គបានតម្រូវយើងទុកជាមុន ស្របតាមគោលបំណងរបស់ព្រះអង្គ ដែលធ្វើឲ្យគ្រប់ការទាំងអស់បានសម្រេច ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ ដើម្បីឲ្យយើងខ្ញុំ ដែលបានសង្ឃឹមដល់ព្រះគ្រីស្ទមុនគេ បានសរសើរដល់សិរីល្អរបស់ព្រះអង្គ។ (RKOV)
និយាយបានម្យ៉ាងទៀតថា ទាំងអស់ត្រូវបានកំណត់ទុកជាមុន សម្រាប់ជាការសរសើរ និងថ្វាយសិរីល្អដល់ព្រះ។
បន្ទាប់មក ជំពូក២ នៅក្នុងអេភេសូរ លោកប៉ុលបន្តអំពីគោលសំខាន់ដដែលនេះម្ដងទៀត។ អេភេសូរ ២:៤-៧៖
ប៉ុន្តែ ព្រះដែលមានសេចក្ដីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្ដីស្រឡាញ់ជាខ្លាំងដែលព្រះអង្គបានស្រឡាញ់យើង ទោះជាពេលដែលយើងបានស្លាប់ដោយសារអំពើរំលងរបស់យើងហើយក៏ដោយ ក៏ព្រះអង្គបានប្រោសឲ្យយើងបានរស់ រួមជាមួយព្រះគ្រីស្ទ (អ្នករាល់គ្នាបានសង្គ្រោះដោយសារព្រះគុណ) ហើយនៅក្នុងព្រះគ្រីស្ទយេស៊ូវ ព្រះបានប្រោសឲ្យយើងរស់ឡើងវិញរួមជាមួយព្រះអង្គ ហើយឲ្យយើងអង្គុយរួមជាមួយព្រះអង្គនៅស្ថានសួគ៌ដែរ ដើម្បីឲ្យព្រះអង្គបានសម្ដែង ឲ្យមនុស្សជំនាន់ខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលុបរបស់ព្រះអង្គ ដោយសេចក្ដីសប្បុរសចំពោះយើង ក្នុងព្រះគ្រីស្ទយេស៊ូវ។
តើនេះមិនមែនជាសេចក្ដីដ៏អស្ចារ្យទេឬ? ព្រះអង្គយកមនុស្សទាបថោកបំផុត តម្លៃអន់បំផុត និងទន់ខ្សោយបំផុត។ ព្រះអង្គប្រទានព្រះគុណរបស់ព្រះអង្គមកលើពួកគេ ព្រះអង្គបំផ្លាស់បំប្រែពួកគេ ព្រះអង្គលើកពួកគេឡើងជាមួយព្រះគ្រីស្ទ ហើយព្រះអង្គបានឲ្យពួកគេអង្គុយរួមជាមួយព្រះគ្រីស្ទ។ គោលបំណងចុងក្រោយរបស់ព្រះអង្គគឺថា រហូតដល់អស់កល្បជានិច្ច ព្រះអង្គនឹងសម្ដែងព្រះគុណដ៏លើសលុបរបស់ព្រះអង្គដល់យើង ដោយសេចក្ដីសប្បុរសរបស់ព្រះអង្គ។ នោះហើយជាគោលសំខាន់នៃភាពអស់កល្ប។ គឺកំពុងបោះជំហានទៅមុខ ទៅតាមខ្នាតនៃព្រះគុណរបស់ព្រះ។ ព្រះទទួលយកអ្នកទាបថោកបំផុត ដើម្បីលើកគេឡើងឲ្យខ្ពស់បំផុត។ ប៉ុន្តែ ដោយមានគោលបំណងជានិច្ចថា គ្រប់អស់ទាំងសិរីល្អនោះ គឺត្រូវតែចង្អុលទៅរកព្រះគុណរបស់ព្រះអង្គ មិនមែនខ្លួនយើងទេ។ ដូច្នេះ សូមយើងចាំថា ព្រះគុណរបស់ព្រះ គឺជានិច្ចកាលសម្រាប់សិរីល្អរបស់ព្រះ។
ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះចូលមកដល់ចុងបញ្ចប់ហើយ។ ខ្ញុំសូមបញ្ចប់ដោយប្រើពាក្យដែលពួកសាវកតែងតែបញ្ចប់សំបុត្ររបស់លោកថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះអម្ចាស់យេស៊ូវ»។ នេះជាពាក្យជូនពររបស់ខ្ញុំ សម្រាប់លោកអ្នកទាំងអស់គ្នាក្នុងរដូវកាលនេះ។
ខ្ញុំនឹងវិលមកជួបលោកអ្នកជាថ្មីនៅសប្ដាហ៍ក្រោយ តាមពេលវេលា និងម៉ោងដដែល ហើយវគ្គក្រោយ ខ្ញុំនឹងបន្តគោលសំខាន់អំពីព្រះគុណនេះទៀត។ ខ្ញុំនឹងពន្យល់អំពីលទ្ធផលជាក់ស្ដែងនៃព្រះគុណរបស់ព្រះ នៅក្នុងជីវិតរបស់យើង។
ក្នុងពេលដែលយើងខិតជិតដល់ចុងបញ្ចប់នៃឆ្នាំនេះ ខ្ញុំចង់ថ្លែងអំណរគុណជាពិសេសដល់លោកអ្នកទាំងអស់គ្នាដែលបានរួមចំណែកសម្រាលបន្ទុកខាងថវិកាជាមួយខ្ញុំ នៅក្នុងព័ន្ធកិច្ចវិទ្យុនេះ។ ខ្ញុំក៏សុំលោកអ្នកដោយស្មោះត្រង់ថា សូមលោកអ្នកនឹកចាំពីព័ន្ធកិច្ចនេះ តាមរយៈអំណោយដ៏សប្បុរសរបស់លោកអ្នក មុនពេលចប់ឆ្នាំនេះ។ អំណោយដ៏សប្បុរសរបស់លោកអ្នក នឹងក្លាយជាប្រភពដ៏ធំក្នុងការលើកទឹកចិត្តសម្រាប់ខ្ញុំផ្ទាល់ ហើយជួយខ្ញុំឲ្យបន្ត និងពង្រីកព័ន្ធកិច្ចនេះ នៅឆ្នាំថ្មីដែលនឹងចូលមកដល់នៅពេលខាងមុខនេះ។ សូមព្រះជាម្ចាស់ប្រទានពរ។
កូដ: RP-R076-105-KHM










