វិសេសណាស់ដែលបានជួបលោកអ្នកជាថ្មី ខណៈដែលយើងបន្តរុករកជាមួយគ្នានូវរតនៈសម្បត្តិនៃគោលសំខាន់របស់យើង គឺព្រះគុណ។

នៅក្នុងការចែកចាយទាំងពីររបស់ខ្ញុំលើកមុន ខ្ញុំបានចែកចាយជាមួយលោកអ្នកអំពីចំណុចពីរនៃគោលសំខាន់នេះ។ ទីមួយ របៀបទទួលយកព្រះគុណរបស់ព្រះ ជាអន្តរការណ៍ដំបូង។ ទីពីរ ការរៀនពឹងអាងលើព្រះគុណរបស់ព្រះ នៅក្នុងជីវិតរស់នៅរាល់ថ្ងៃ។ ខ្ញុំសូមជម្រាបថា ចំណុចទាំងពីរនេះ ត្រូវកើតឡើងតាមលំដាប់ បែបនោះឯង។ ទីមួយ យើងត្រូវទទួលយកព្រះគុណរបស់ព្រះ នៅក្នុងព្រះយេស៊ូវ ដោយអន្តរការណ៍ដ៏ជាក់លាក់មួយ គឺការកើតជាថ្មី។ ហើយក្រោយពីការនោះមក ក្នុងការរស់នៅរាល់ថ្ងៃ យើងត្រូវរៀនពឹងអាងលើព្រះគុណរបស់ព្រះ ជាប់ជានិច្ច។

បទគម្ពីរគន្លឹះខ្លះ ដែលយើងបានសិក្សារួចមកហើយ ដូចជាបទគម្ពីរខាងក្រោម ដូចជាយ៉ូហាន ១:១២-១៣៖

១២ ប៉ុន្តែ អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ ១៣ គឺ​ជា​កូន​ដែល​មិន​មែន​កើត​មក​ពី​ឈាម ឬ​តាម​ប្រាថ្នា​ខាង​រូប​សាច់ ឬ​តាម​ចំណង់​នៃ​មនុស្ស​ឡើយ គឺ​កើត​មក​អំពី​ព្រះ​វិញ។ (RKOV)

មើល៍ អន្តរការណ៍ដ៏សំខាន់ គឺជាការទទួលព្រះអង្គ គឺទទួលព្រះយេស៊ូវ មិនមែនជារឿងទៅព្រះវិហារ មិនមែនជាការសូត្រពាក្យអធិស្ឋាន មិនមែនជាការចូលរួមនៅក្នុងក្រុមជំនុំ មិនមែនជាការខំកែគំនិត ដែលយកមកជំនួសការទទួលព្រះយេស៊ូវនោះឡើយ។  នៅពេលយើងទទួលព្រះអង្គ នោះនឹងមានការកើតជាថ្មី ដែលមិនមែនជាការកើតខាងសាច់ឈាម តែជាការកើតខាងវិញ្ញាណ ជាប្រភេទនៃជីវិតថ្មីមួយ ដែលកើតនៅក្នុងយើង។

បន្តិចក្រោយមកទៀត នៅក្នុងគម្ពីរដំណឹងល្អយ៉ូហាន ជំពូក១ដដែល នៅក្នុងខ១៦ លោកយ៉ូហានចែងថាៈ

យើងរាល់គ្នាបានទទួលសេចក្ដីពោរពេញរបស់ព្រះអង្គ មកពីព្រះអង្គ ជាព្រះគុណថែមលើព្រះគុណ។

និយាយបានម្យ៉ាងទៀតថា នៅពេលណាយើងទទួលព្រះយេស៊ូវ នៅពេលនោះ គ្រប់ទាំងព្រះគុណនៅក្នុងព្រះយេស៊ូវ ជាព្រះគុណថែមលើព្រះគុណ អាចសម្ដែងចេញនៅក្នុងជីវិតរបស់យើង។ ព្រះគុណរបស់ព្រះយេស៊ូវ ចូលមកជំនួសភាពទន់ខ្សោយរបស់យើង។ សេចក្ដីក្លាហានរបស់ព្រះអង្គចូលមកជំនួសភាពអៀនខ្មាសរបស់យើង ភាពបរិសុទ្ធរបស់ព្រះអង្គ ចូលមកជំនួសសេចក្ដីស្រើបស្រាលរបស់យើង សេចក្ដីស្លូតរបស់ព្រះអង្គ ចូលមកជំនួសកំហឹងរបស់យើង ហើយមានច្រើនទៀត។ នោះជាព្រះគុណ ថែមលើព្រះគុណ។

បន្ទាប់មក ទាក់ទងនឹងការរៀនពឹងអាងលើព្រះគុណរបស់ព្រះ នៅក្នុងការរស់នៅរាល់ថ្ងៃ ដែលខ្ញុំបានដកស្រង់ភីលីព ៤:១៣ ដែលលោកប៉ុលថ្លែងថាៈ

ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទចម្រើនកម្លាំងដល់ខ្ញុំ។

គន្លឹះសំខាន់ គឺជាពឹងអាងលើកម្លាំងរបស់ព្រះយេស៊ូ ចូលមកជំនួសភាពទន់ខ្សោយរបស់យើង។ លោកប៉ុលក៏បានថ្លែងនៅកន្លែងមួយផ្សេងទៀតផងដែរថាៈ «ពេលដែលខ្ញុំខ្សោយ នោះខ្ញុំរឹងមាំ»។ និយាយបានម្យ៉ាងទៀតថា នៅពេលដែលខ្ញុំមើលឃើញភាពទន់ខ្សោយរបស់ខ្ញុំ នោះងាយឲ្យខ្ញុំរៀបបន្ទប់ទទួលព្រះគុណរបស់ព្រះ។ ប៉ុន្តែ នៅពេលដែលខ្ញុំគិតថា ខ្ញុំអាចដោះស្រាយស្ថានភាពនោះដោយខ្លួនឯងបាន នោះខ្ញុំងាយនឹងធ្លាក់ចូលទៅក្នុងបញ្ហាណាស់។

ថ្ងៃនេះ ខ្ញុំនឹងចូលមួយជំហានថែមទៀត ទៅក្នុងគោលសំខាន់នេះ គឺខ្ញុំនឹងនិយាយអំពីការរៀបចំបន្ទប់សម្រាប់ព្រះគុណរបស់ព្រះ។ ជំហាននេះ ទាមទារឲ្យយើងជម្នះឧបសគ្គមួយដ៏ធំដែលរាំងរាយើង គឺជីវិតអាត្មានិយមរបស់យើង។ ដរាបណាយើងនៅតែខំរក្សាទុកជីវិតចាស់របស់យើង នោះពិតជាគ្មានបន្ទប់សម្រាប់ព្រះគុណរបស់ព្រះ ដែលនឹងសម្ដែងឲ្យឃើញនៅក្នុងយើងឡើយ។

ក្នុងន័យនេះ ជីវិតរបស់មនុស្ស ហាក់បីដូចជាឈុតមួយនៃភាពយន្តនៅក្នុងរោងភាពយន្ត។ ឈុតនេះ បានរៀបចំឡើងសម្រាប់ការដាក់បញ្ចាំងតែឈុតនោះប៉ុណ្ណោះ។ ដូច្នេះ នៅក្នុងផ្នែកអវិជ្ជមានផ្ទាល់របស់ឈុតនោះ ពិតជាគ្មានផលផ្លែក្នុងការព្យាយាមបង្ហាញឲ្យឃើញរូបអង្គព្រះយេស៊ូឡើយ។ តែកិច្ចការដែលនាំឲ្យមានការកើតជាថ្មី គឺផ្ដល់ឲ្យយើងនូវឈុតមួយថ្មីស្អាត សម្អាតផ្នែកអវិជ្ជមាន ដើម្បីឲ្យផ្នែកនោះមានបន្ទប់សម្រាប់ការបង្ហាញពិតប្រាកដ និងត្រឹមត្រូវអំពីព្រះយេស៊ូ។ ប៉ុន្តែ សូមកុំព្យាយាមយកព្រះយេស៊ូវទៅដាក់លើភាពអវិជ្ជមាន ដែលនៅតែមានភាពអាត្មានិយមចាស់ពីមុននោះឡើយ ព្រោះលោកអ្នកនឹងធ្វើឲ្យរូបអង្គនោះទៅជាព្រាលៗ មើលមិនច្បាស់។

សេចក្ដីពិតនេះបានបញ្ជាក់រួចហើយនៅក្នុងបទគម្ពីរមួយ ដែលខ្ញុំបានដកស្រង់ជូនលោកអ្នកនៅវគ្គមុន ចេញពីសំបុត្ររបស់លោកប៉ុល ត្រង់កន្លែងដែលលោកថ្លែងថា៖ «ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ហើយមិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ»។ ខ្ញុំត្រូវតែទទួលយកការស្លាប់របស់ខ្ញុំ ដើម្បីឲ្យជីវិតរបស់ព្រះយេស៊ូវមានប្រសិទ្ធភាព ហើយមានអំណាចនៅក្នុងខ្ញុំ។

ថ្ងៃនេះ ខ្ញុំចង់ពន្យល់បង្ហាញពីគោលការណ៍ដូចគ្នា ចេញពីបទគម្ពីរមួយផ្សេងទៀត នៅក្នុងសំបុត្ររបស់លោកប៉ុល គឺ ២កូរិនថូស ៤:៥-៦។ លោកប៉ុលមានប្រសាសន៍ពីសេចក្ដីនេះដូច្នេះថាៈ

៥ យើង​ខ្ញុំ​មិន​ប្រកាស​ប្រាប់​ពី​ខ្លួន​យើង​ខ្ញុំ​ទេ គឺ​ពី​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​វិញ ហើយ​ក៏​រាប់​ខ្លួន​យើង​ខ្ញុំ ថា​ជា​បាវ​បម្រើ​របស់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​ដែរ ៦ ដ្បិត​គឺ​ជា​ព្រះ ដែល​មាន​ព្រះ‌បន្ទូល​បង្គាប់ ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្ដី​ងងឹត ទ្រង់​បាន​បំភ្លឺ​មក​ក្នុង​ចិត្ត​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​មាន​រស្មី​ពន្លឺ​នៃ​ដំណើរ​ស្គាល់​សិរី‌ល្អ​របស់​ព្រះ ដែល​នៅ​ព្រះ‌‌ភ័ក្ត្រ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ។ (RKOV)

នេះពិតជាពាក្យមួយដែលគួរឲ្យកត់សម្គាល់ខ្លាំងណាស់ នៅពេលលោកអ្នកពិចារណាអំពីអ្នកដែលបានថ្លែងសេចក្ដីនេះ ហើយកំពុងស្ថិតនៅក្នុងស្ថានភាពបែបណា។ លោកប៉ុល ជាអតីតៈនៃពួកផារិស៊ីដ៏មានអំណួត ជាសាសន៍យូដាដែលគិតថាខ្លួនសុចរិត ឥឡូវនេះ លោកបានសរសេរសំបុត្រផ្ញើទៅគ្រិស្តបរិស័ទនៅក្រុងកូរិនថូស ហើយលោកថ្លែងថា៖ «យើងខ្ញុំជាបាវបម្រើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវ»។ លោកអ្នកត្រូវគិតមើលអំពីគ្រីស្ទបរិស័ទនៅក្រុងកូរិនថូស ជាមនុស្សប្រភេទណា មុនពេលដែលលោកប៉ុល ឲ្យតម្លៃពេញលេញ ពីអ្វីដែលជាប់ទាក់ទងនៅក្នុងសេចក្ដីនេះ។ លោកប៉ុលរំឭកពួកគេ នៅក្នុង ១កូរិនថូស ៦:៩-១១ ដែលនេះជាសេចក្ដីដែលលោកថ្លែងទៅកាន់មនុស្សដដែលថាៈ

៩ តើ​មិន​ដឹង​ថា ពួក​មនុស្ស​ទុច្ចរិត​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ទេ​ឬ​អី កុំ​ឲ្យ​ច្រឡំ​ឡើយ ដ្បិត​ពួក​មនុស្ស​កំផិត ពួក​ថ្វាយ‌បង្គំ​រូប​ព្រះ ពួក​សហាយ‌ស្មន់ ពួក​អ្នក​សម្រេច​កិច្ច​ដោយ​ខ្លួន​ឯង ពួក​លេង​កូន​ជឹង ១០ ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​ប្រមឹក ពួក​ត្មះ‌ដៀល និង​ពួក​ប្លន់​កំហែង នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ ១១ ឯ​ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ តែ​បាន​លាង​ស្អាត​ហើយ ក៏​បាន​ញែក​ជា​បរិសុទ្ធ ហើយ​រាប់​ជា​សុចរិត​ផង ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ និង​ព្រះ‌វិញ្ញាណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។

លោកអ្នកឃើញទេ តើអ្នកនោះជាមនុស្សបែបណា? សូមយើងពិនិត្យមើលកំណត់ត្រានេះបន្តិច ហើយមើលថា តើលោកប៉ុលសរសេរសំបុត្រនេះ ផ្ញើទៅមនុស្សប្រភេទណា។ ពួកគេជាមនុស្សហាយសេន៍ ពួកថ្វាយបង្គំរូបព្រះ ពួកផិតក្បត់ ពួកប្រុសពេស្យា ពួករួមសង្វាសនឹងភេទដូចគ្នា ពួកចោរ ពួកលោភលន់ ពួកប្រមឹក ពួកជេរប្រមាថ ពួកបោកប្រាស់។ លោកអ្នកឃើញទេ ចំពោះមនុស្សបែបនោះ អ្នកផារិស៊ីដ៏មានអំណួត និងជាអ្នកបានគិតថាខ្លួនសុចរិតម្នាក់នេះ បានសរសេរសំបុត្រផ្ញើទៅប្រាប់ថា៖ «យើងខ្ញុំជាបាវបម្រើរបស់អ្នករាល់គ្នា ជាទាសកររបស់អ្នករាល់គ្នា ដោយព្រោះព្រះគ្រីស្ទ»។ បើគ្មានព្រះគុណរបស់ព្រះទេ ខ្ញុំជឿថា គ្មានផ្លូវដែលមនុស្សដូចជាលោកប៉ុលនេះ អាចនិយាយពាក្យបែបនេះបានទេ។ ហើយសូមលោកអ្នកគិតមើលបន្តិច តើអ្វីដែលបានបំផ្លាស់បំប្រែគាត់? ប្រសិនបើគ្មានព្រះគុណរបស់ព្រះទេ ខ្ញុំគិតថា គ្មានផ្លូវណា ដែលធ្វើឲ្យមនុស្សម្នាក់ ដូចជាប៉ុលនេះ អាចផ្លាស់ប្រែដល់កម្រិតនេះបានឡើយ។ ការប្រព្រឹត្តិក្នុងសាសនារបស់លោក មិនអាចសម្រេចចេញជាលទ្ធផលបែបនេះបានឡើយ។ ការបែបនេះ គឺត្រូវការព្រះគុណដ៏អស្ចារ្យរបស់ព្រះ ដើម្បីឲ្យការផ្លាស់ប្រែបែបនោះ កើតឡើងនៅក្នុងមនុស្ស ដូចជាលោកប៉ុលនេះ។ លោកធ្លាប់តែជាមនុស្សម្នាក់ ដែលគិតថាខ្លួនឯងសុចរិត តែបែរជាមកដល់ចំណុចមួយ លោកបន្ទាបខ្លួនធ្វើជាបាវបម្រើរបស់មនុស្ស ដែលពីមុន គឺមុនពេលដែលព្រះគ្រីស្ទបានរើសលោក មុនពេលលោកជួបព្រះយេស៊ូវ លោកមិនទាំងចង់ដើរជាមួយមនុស្សបែបនេះផង។ លោកបានដោះសេចក្ដីអំណួតរបស់លោកចេញ ហើយមិនត្រឹមតែប៉ុណ្ណោះ លោកនិយាយទៅកាន់មនុស្សដដែលនោះថា៖ «យើងខ្ញុំជាបាវបម្រើរបស់អ្នករាល់គ្នា យើងខ្ញុំនៅទីនេះត្រូវបម្រើអ្នករាល់គ្នា យើងចង់ធ្វើគ្រប់បែបយ៉ាង ដើម្បីជាសេចក្ដីល្អដល់អ្នករាល់គ្នា»។

សូមកត់សម្គាល់ជំហានទាំងបីដែលបាននាំលោកប៉ុលចូលមកដល់កន្លែងនៃព្រះគុណនេះ។ ជំហានទាំងបីនេះមាននៅក្នុងសេចក្ដីដែលខ្ញុំបានអាន។ ជំហានទីមួយ លះកាត់ភាពអាត្មា «យើងមិនមែនប្រកាសពីខ្លួនឯង» មិនមែនអំពីខ្លួនយើង។ ជំហានទីពីរ ទទួលស្គាល់ភាពជាព្រះអម្ចាស់ គឺព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់។ ហើយបន្ទាប់មក «ខ្លួនយើងខ្ញុំជាបាវបម្រើរបស់អ្នករាល់គ្នា»។ ឃើញទេ នេះហើយជាគន្លឹះសំខាន់។ សូមយើងពិនិត្យមើលសេចក្ដីនេះម្ដងទៀត។ មិនមែនខ្លួនយើងទេ នេះជាលះកាត់ភាពអាត្មា។ ទីពីរ ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ជាការទទួលស្គាល់ព្រះយេស៊ូ ជាព្រះអម្ចាស់ គឺជាម្ចាស់ទាំងស្រុងនៅក្នុងជីវិតរបស់យើង គ្រប់ផ្នែកទាំងអស់។ ទីបី ការនេះធ្វើឲ្យយើងខ្ញុំក្លាយជាបាវបម្រើរបស់អ្នករាល់គ្នា។ ព្រះគុណរបស់ព្រះ បានផ្លាស់ប្រែយើងទាំងស្រុង ដើម្បីឲ្យយើងធ្វើអ្វីៗបានដោយសប្បាយរីករាយ តាមដែលយើងអាចជួយបាន ប្រយោជន៍ឲ្យមនុស្សបានស្គាល់ព្រះគុណដែលយើងបានទទួលនេះដែរ។

លោកប៉ុលបន្តសង្កត់ធ្ងន់ថា ព្រះគុណរបស់ព្រះដ៏អស្ចារ្យនេះ ជានិច្ចកាលបានស្ថិតនៅក្នុងភាជនៈដី ដើម្បីឲ្យយើងនៅតែពឹងអាងលើព្រះគុណជាប់ជានិច្ច។ លោកប៉ុលបន្តនៅក្នុង ២កូរិនថូស ៤:៧-១២ ដូចនេះថាៈ

៧ យើង​មាន​ទ្រព្យ‌សម្បត្តិ​នេះ នៅ​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​ឥទ្ធិ‌ឫទ្ធិ​លើស​លប់​បាន​មក​ពី​ព្រះ មិន​មែន​ពី​យើង​ខ្ញុំ​ទេ ៨ ដែល​យើង​ខ្ញុំ​ត្រូវ​គេ​សង្កត់‌សង្កិន​គ្រប់​ជំពូក តែ​មិន​ទ័ល​ផ្លូវ​ឡើយ មាន​សេចក្ដី​វិល‌វល់ តែ​មិន​ទ័ល​គំនិត​ទេ ៩ មាន​គេ​ធ្វើ​ទុក្ខ តែ​មិន​មែន​ត្រូវ​ចោល​នៅ​ម្នាក់​ឯង​ទេ ត្រូវ​គេ​វាយ​ដួល​ស្តូក តែ​មិន​ស្លាប់​ទេ ១០ យើង​ខ្ញុំ​ផ្ទុក​សេចក្ដី​សុគត​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ នៅ​ក្នុង​រូប‌កាយ​យើង​ខ្ញុំ​ជានិច្ច ដើម្បី​ឲ្យ​ព្រះ‌ជន្ម​នៃ​ទ្រង់​បាន​សម្ដែង​មក ក្នុង​រូប‌កាយ​យើង​ខ្ញុំ​ដែរ ១១ ដ្បិត​យើង​រាល់​គ្នា​ដែល​រស់​នៅ នោះ​យើង​ត្រូវ​ប្រគល់​ដល់​សេចក្ដី​ស្លាប់​ជា​ដរាប ដោយ​ព្រោះ​ព្រះ‌យេស៊ូវ ដើម្បី​ឲ្យ​ព្រះ‌ជន្ម​នៃ​ទ្រង់​បាន​សម្ដែង​មក ក្នុង​រូប​សាច់​យើង ដែល​តែង​តែ​ស្លាប់​នេះ ១២ ហេតុ​នោះ​បាន​ជា​សេចក្ដី​ស្លាប់​កំពុង​តែ​ចម្រើន​ឡើង​ក្នុង​យើង​ខ្ញុំ តែ​ជីវិត​ចម្រើន​ក្នុង​អ្នក​រាល់​គ្នា​វិញ

ឃ្លាខ្លីចុងក្រោយ មានសារៈសំខាន់ខ្លាំងណាស់៖ «សេចក្ដីស្លាប់កំពុងធ្វើការនៅក្នុងយើង តែជីវិតកំពុងធ្វើការក្នុងអ្នករាល់គ្នាវិញ»។ យើងមិនអាចក្លាយជាអ្នកដែលហូរនាំជីវិត និងព្រះគុណរបស់ព្រះគ្រីស្ទបានទេ ដរាបទាល់តែសេចក្ដីស្លាប់បានធ្វើការនៅក្នុងយើង ដរាបទាល់តែយើងលះកាត់ចិត្តខ្លួនឯង ដរាបទាល់តែយើងបានឃើញអាត្មាចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដរាបទាល់តែយើងអាចនិយាយបានដូចលោកប៉ុលថា៖ «ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ។ ខ្ញុំបានមកដល់ចុងបញ្ចប់នៃជីវិតរបស់ខ្ញុំ។ ខ្ញុំបានរួមចំណែកនៅក្នុងការសុគតដ៏អាម៉ាស់ជាមួយព្រះយេស៊ូវនៅលើឈើឆ្កាងហើយ។ ឥឡូវនេះ មិនមែនខ្ញុំទៀតទេ ដែលរស់នៅ»។ កាលបើយើងចូលមកដល់ចុងបញ្ចប់នៃភាពខ្លួនឯង ភាពគ្រប់គ្រាន់ខ្លួនឯងដែលត្រូវការអ្វីទាំងអស់ ការដែលគិតថាខ្លួនឯងសុចរិត ពឹងអាងលើតែកម្លាំងរបស់ខ្លួន គឺអាត្មាចាស់ទាំងអស់នេះស្លាប់ហើយ ទើបជីវិតរបស់ព្រះហូរតាមរយៈយើងទៅកាន់អ្នកដទៃបាន។ ពេលនោះ យើងត្រឡប់ជាអ្នកដែលហូរនាំជីវិត និងព្រះគុណដ៏អស្ចារ្យរបស់ព្រះ។

តាមរយៈបទពិសោធន៍ផ្ទាល់របស់ខ្ញុំនៅក្នុងព័ន្ធកិច្ចជាច្រើន ហើយអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ខ្ញុំបានដឹងថា ជាទូទៅ លទ្ធផលដ៏ជោគជ័យបំផុត នៅក្នុងព័ន្ធកិច្ចរបស់ខ្ញុំបានកើតឡើង គឺនៅពេលដែលខ្ញុំជួបការលំបាកបំផុត នៅពេលដែលខ្ញុំកំពុងរងសម្ពាធបំផុត។ ព្រោះ ជានិច្ចកាល តាមរយៈការស្លាប់ខាងឯខ្លួនឯង នោះទើបជីវិតរបស់ព្រះយេស៊ូវអាចសម្ដែងចេញមក។ ដូច្នេះ នៅពេលដែលលោកអ្នកឆ្លងកាត់ថ្ងៃទាំងឡាយដែលយើងកំពុងតែរស់នៅនេះ ចូរចាំជានិច្ចថា លោកអ្នកគ្រាន់តែជាភាជនៈដីប៉ុណ្ណោះ។ សូមកុំកើតទុក្ខដោយសារមានសម្ពាធជាច្រើន ដោយសារបញ្ហា ដោយសារសេចក្ដីល្បួងល្បងឡើយ។ ការទាំងអស់នោះវាត្រូវតែមក។ ប៉ុន្តែ ការទាំងអស់នោះ គ្រាន់តែជាវិធីមួយដែលរំឭកយើងថា មិនមែនយើងទេ ដែលមានជីវិតរស់ គឺព្រះគ្រីស្ទវិញទេតើ ដែលរស់នៅក្នុងលោកអ្នក។ លោកអ្នកមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដីមួយនេះ។ ភាជនៈដីគឺខ្លួនលោកអ្នក ភាជនៈដីនេះទន់ខ្សោយ ប៉ុន្តែត្រូវចាំថា កម្លាំងរបស់ព្រះបានគ្រប់លក្ខណ៍ បានពេញខ្នាត នៅក្នុងភាពទន់ខ្សោយរបស់យើង។ ទាំងអស់នេះបានរៀបចំឡើង ដើម្បីឲ្យយើងនៅតែពឹងអាងលើព្រះគុណរបស់ព្រះ កាន់តែខ្លាំងឡើងៗ។

ខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមពេលវេលា និងម៉ោងដដែល។ វគ្គក្រោយ គោលសំខាន់របស់ខ្ញុំ ខ្ញុំនឹងជម្រាបជូនអំពីការអួតតែពីព្រះគុណប៉ុណ្ណោះ។ សូមព្រះជាម្ចាស់ប្រទានពរ។