វិសេស​ណាស់​ដែល​បាន​ជួប​លោក​អ្នក​ជា​ថ្មី ក្នុង​​កាល​​ដែល​ខ្ញុំ​បន្ត​ចែក​ចាយ​ជា​មួយ​លោកអ្នក​អំពី​គោល​សំខាន់​ដ៏​ពិ​សេស ​ដែល​បាន​សង្ខេប​នៅ​ក្នុង​ពាក្យ​​​ដ៏​អស្ចារ្យ​មួយ​ អំពី​​អត្ថ​ន័យ​ដែល​មិន​អាច​វាស់ស្ទង់​​បាន​ គឺ​ព្រះ​គុណ។

នៅក្នុងការចែកចាយរបស់ខ្ញុំវគ្គមុន ខ្ញុំបានចែកចាយជាមួយលោកអ្នកអំពីអន្តរការណ៍ដ៏អស្ចារ្យ ដែលបើកចំហជីវិតរបស់យើងទៅកាន់ភាពពោរពេញនៃព្រះគុណរបស់ព្រះ ជាអន្តរការណ៍នៃការទទួលព្រះគ្រិស្ត។ ខ្ញុំបានចង្អុលបង្ហាញថា តាមពិតមានចំណុចពីរ អំពីអន្តរការណ៍នេះ គឺ ទីមួយ អវិជ្ជមាន និងទីពីរ វិជ្ជមាន។ ចំណុចអវិជ្ជមាន ជាចំណុចមួយដែលតែងតែធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ ព្រោះចំណុចនេះ មានពាក្យត្រង់ៗពីរ គឺឈប់ធ្វើការ។ សម្រាប់អ្នកដែលមិនធ្វើការសោះ ជំនឿរបស់អ្នកនោះ ព្រះទ្រង់រាប់អ្នកនោះជាសុចរិត (កន្លែងនេះចង់និយាយថា ព្រះគុណរបស់ព្រះ មិនមែនរកបាន ដូចជារបស់ផ្សេងៗដែលខំរកនោះទេ)។ ដូច្នេះ ការទីមួយដែលលោកអ្នកត្រូវធ្វើ គឺឈប់ព្យាយាមស្វះស្វែងរកដើម្បីឲ្យបានព្រះគុណ ព្រោះព្រះមិនដែលប្រទានព្រះគុណដល់លោកអ្នក ដោយសំអាងលើការបែបនោះឡើយ។ ព្រោះ ការសំអាងបែបនោះ ជាមូលដ្ឋានមិនត្រឹមត្រូវ ហើយព្រះជាម្ចាស់ ទ្រង់ជាព្រះនៃសេចក្តីពិត។ កាលដែលលោកអ្នកខំប្រឹងរកឲ្យបានព្រះគុណ នោះមិនដែលបានឡើយ។ នោះហើយជាចំណុចអវិជ្ជមាន។

ចំណុចវិជ្ជមាន គឺការទទួលព្រះអង្គ គឺទទួលព្រះយេស៊ូវ។ លោកយ៉ូហានថ្លែងថា៖ “អស់អ្នកណាដែលទទួលព្រះអង្គ នោះព្រះអង្គបានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះ” ហើយបន្ទាប់មក បទគម្ពីរនោះចែងថា៖ “នៅក្នុងព្រះអង្គ មានព្រះគុណ និងសេចក្តីពិត ហើយយើងទាំងអស់គ្នាបានទទួលអំពីសេចក្តីពោរពេញរបស់ព្រះអង្គមក គឺជាព្រះគុណ ថែមលើព្រះគុណ”។ និយាយបានម្យ៉ាងទៀតថា នៅពេលយើងទទួលព្រះយេស៊ូវ​មកក្នុងជីវិតរបស់យើង ហើយចុះចូលចំពោះព្រះអង្គ នោះនៅក្នុងព្រះយេស៊ូវ មានព្រះគុណសម្រាប់ដោះស្រាយបញ្ហាគ្រប់ទាំងអស់។ ព្រះគុណនៃសេចក្តីក្លាហានរបស់ព្រះយេស៊ូវ ដោះស្រាយបញ្ហាអៀនខ្មាស។ ព្រះគុណនៃសេចក្តីសម្លូតរបស់ព្រះយេស៊ូវ ដោះស្រាយបញ្ហាកំហឹង។ ព្រះគុណនៃសេចក្តីបរិសុទ្ធរបស់ព្រះយេស៊ូវ ដោះស្រាយបញ្ហាស្រើបស្រាល។ និយាយបានម្យ៉ាងទៀតថា នៅកន្លែងណាដែលយើងមានបញ្ហា នោះសុទ្ធតែមានព្រះគុណរបស់យេស៊ូវ ដែលសម្ដែងចេញពីជីវិតរបស់យើង នៅពេលដែលយើងទទួលព្រះអង្គ ហើយចុះចូលចំពោះព្រះអង្គ។

ថ្ងៃនេះ ខ្ញុំនឹងពន្យល់អំពីអ្វីដែលចូលមកតាមក្រោយ បន្ទាប់ពីអន្តរការណ៍ដែលបានចាប់ផ្ដើមនេះ គឺរបៀបដែលយើងត្រូវរៀនពឹងអាងលើព្រះគុណរបស់ព្រះ នៅក្នុងជិវិតរស់នៅរបស់យើងរាល់ថ្ងៃ។ ខ្ញុំគិតថា សម្រាប់យើងភាគច្រើន ការរៀនពឹងអាងលើព្រះគុណរបស់ព្រះ នោះមិនមែនជាមេរៀនមួយដែលងាយស្រួសទេ។ សេចក្តីល្បួងដែលយើងតែងតែជួបប្រទះ ជានិច្ចកាលតែងចាប់ផ្ដើមនៅក្នុងព្រះគុណរបស់ព្រះ គឺយើងពេញចិត្តនឹងខ្លួនយើងម្ដងបន្តិចៗ ហើយយើងគិតថា យើងសុខសប្បាយ ហើយអាចដោះស្រាយបញ្ហាននេះដោយខ្លួនឯងបាន ឥឡូវនេះ ខ្ញុំពិតជាមានភាពចាស់ទុំហើយ។ បន្ទាប់មកទៀត ដោយមិនដឹងខ្លួន យើងក៏ឈប់ពឹងអាងលើព្រះគុណរបស់ព្រះ ហើយពេលនោះ តើមានអ្វីកើតឡើង? យើងជួបបញ្ហា ព្រោះយើងបានត្រឡប់ទៅរកនិស្ស័យសាច់ឈាមរបស់យើង ដែលមិនមានសមត្ថភាពគ្រប់គ្រាន់ ហើយបរាជ័យ។ ដូច្នេះ ខ្ញុំចង់ណែនាំលោកអ្នកអំពីជំហានជាបន្តបន្ទាប់ ដ៏សាមញ្ញបី ដែលជួយយើងឲ្យនៅតែពឹងអាងលើព្រះគុណរបស់ព្រះ ជាប់ជានិច្ច។

 ជំហាន​ទី​មួយ​ សូម​ប្រកាស​ថា ​​ព្រះ​គ្រីស្ទ​រស់​នៅ​​​​ក្នុង​លោក​អ្នក​។​ មាន​គំរូ​ដ៏​ល្អ​មួយ​អំពី​ការ​នេះ នៅ​ក្នុង​ពាក្យ​របស់​លោក​ប៉ូល ​​ក្នុងគម្ពីរ​​កាឡាទី​ ២:២០

ខ្ញុំបានជាប់ឆ្កាងជាមួយព្រះ‌គ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះ‌គ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះ‌រាជ‌បុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះ‌អង្គទ្រង់សម្រាប់ខ្ញុំ។

ដូច្នេះ ខ្ញុំបានជាប់ឆ្កាងជាមួយព្រះព្រះគ្រីស្ទហើយ។ ខ្ញុំរស់នៅមិនមែនជាខ្ញុំទៀតទេ។ ឥឡូវនេះ ព្រះគ្រីស្ទទ្រង់រស់នៅក្នុងខ្ញុំ។ ខ្ញុំមិនមែនជួបបញ្ហាជីវិត ក្នុងនាមជាមនុស្សចាស់របស់ខ្ញុំដូចមុនទេ តែខ្ញុំជួបបញ្ហាជីវិត ក្នុងនាមជាមនុស្សដែលមានព្រះគ្រិស្តរស់នៅក្នុងខ្ញុំ។ ព្រះអង្គបានត្រឡប់ជាជីវិតរបស់ខ្ញុំ។ លោកអ្នកត្រូវតែប្រកាសបែបនោះ គឺលោកអ្នកត្រូវតែប្រកាសសេចក្តីនោះជាប់ជានិច្ច។ រាល់ពេលដែលលោកអ្នករងសម្ពាធ ហើយលោកអ្នកគិតថា លោកអ្នកមិនអាចដោះស្រាយបាន លោកអ្នកត្រូវតែប្រកាសថា «មិនមែនជាខ្ញុំទេដែលរស់នៅ តែព្រះគ្រីស្ទវិញទេតើដែលទ្រង់រស់នៅក្នុងខ្ញុំ»។ ការដែលយើងប្រកាសសេចក្តីនេះដោយបបូរមាត់របស់យើង មានសារសំខាន់ណាស់ ដ្បិតយើងប្រកាសអំពីជំនឿពិតប្រាកដរបស់យើង តាមរយៈពាក្យសម្ដី។ នៅក្នុងព្រះគម្ពីរ ការធ្វើបែបនេះហៅថាការប្រកាសប្រាប់ គឺជាការថ្លែងប្រាប់ពីសេចក្តីដដែល ដោយមាត់របស់យើង ជាសេចក្ដីដែលព្រះគម្ពីរបានចែង និងជាសេចក្ដីដែលយើងជឿនៅក្នុងចិត្ត។ សូមកុំគ្រាន់តែជឿនៅក្នុងចិត្តនោះឡើយ តែសូមប្រកាសជំនឿនោះ ចេញពីមាត់របស់លោកអ្នកផង។

បន្ទាប់មក ជំហានទីពីរ ជាជំហានមួយដែលអវិជ្ជមាន។ កុំទុកចិត្តនឹងសាច់ឈាម។ ជាថ្មីម្ដងទៀត ខ្ញុំនឹងដកស្រង់ប្រសាសន៍របស់លោកប៉ូល នៅក្នុងគម្ពីរភីលីព ៣:៣ ថាៈ

ដ្បិតយើងជាពួកកាត់ស្បែកពិតប្រាកដ [ហើយខ្ញុំគិតថា យើងអាចនិយាយដូច្នេះវិញថា យើងជាប្រជារាស្ត្ររបស់ព្រះ] ដែលថ្វាយបង្គំព្រះដោយវិញ្ញាណ ហើយអួតពីព្រះគ្រីស្ទយេស៊ូវ ឥតទុកចិត្តនឹងសាច់ឈាមឡើយ។ (RKOV)

នៅសម័យលោកប៉ូល ការកាត់ស្បែក ឬការមិនកាត់ស្បែក ជាបញ្ហាមួយធំបំផុត។ ខ្ញុំគិតថា សម្រាប់យើង មិនទាក់ទងអ្វីនឹងរឿងកាត់ស្បែក ឬមិនកាត់ស្បែកនោះឡើយ ប៉ុន្តែមនុស្សដែលហៅខ្លួនគេថាជាពួកកាត់ស្បែក មានន័យថា ពួកគេចាត់ទុកថាខ្លួនគេជាប្រជារាស្ត្ររបស់ព្រះ ជាប្រជារាស្ត្រដែលមានអ្វីៗទាំងអស់។ លោកប៉ូលថ្លែងថា នេះមិនមែនសំខាន់លើការកាត់ស្បែកនោះទេ។ លោកមានប្រសាសន៍ថា នេះជាការដៅសម្គាល់អំពីប្រជារាស្ត្ររបស់ព្រះដែលបានកាត់ស្បែកពិតប្រាកដ។ លោកប្រាប់ពីការដៅសម្គាល់បី គឺ យើងថ្វាយបង្គំព្រះដោយវិញ្ញាណរបស់ព្រះ មិនមែនជាប់ចំណងនៅក្នុងអាគារថ្វាយបង្គំខាងផែនដីនោះឡើយ ព្រោះការថ្វាយបង្គំរបស់យើង គឺយើងថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត ដូចដែលព្រះយេស៊ូមានព្រះបន្ទូល។ ទីពីរ យើងថ្វាយសិរីល្អ យើងលើកតម្កើង ឬយើងអួតតែពីព្រះគ្រិស្តយេស៊ូ។ យើងមិនអួតពីសេចក្តីសុចរិតរបស់យើង យើងមិនអួតពីពូជអំបូររបស់យើង និកាយរបស់យើង អំពើល្អរបស់យើង ប័ណ្ណជ្រមុជទឹករបស់យើង និងពាក្យប្រកាសជំនឿរបស់យើងនោះទេ គឺយើងអួតតែពីព្រះគ្រិស្តយេស៊ូវិញ។ ហើយទីបី យើងមិនទុកចិត្តនឹងសាច់ឈាមឡើយ។ យើងប្រកាសដោយក្លាហានថា យើងមិនពឹងលើសមត្ថភាពរបស់យើង កម្លាំងរបស់យើង ឬសេចក្តីសុចរិតរបស់យើងឡើយ។

លោកប៉ូលបន្តនៅក្នុងអត្ថបទគម្ពីរនោះថា៖ “បើមានអ្នកណាទៀតស្មានថា ខ្លួនទុកចិត្តខាងសាច់ឈាមបាននោះ ខ្ញុំលើសជាងអ្នកនោះទៅទៀត” លោកថ្លែងទៀតថា៖ ”ខ្ញុំជាសាសន៍អ៊ីស្រាអែល ជាកូនចៅរបស់លោកអ័ប្រាហាំ ក្នុងពូជអំបូរបេនយ៉ាមីន បានទទួលកាត់ស្បែកនៅថ្ងៃទីប្រាំបី ទៅតាមក្រឹត្យវិន័យយ៉ាងត្រឹមត្រូវ” ប៉ុន្តែលោកក៏បានថ្លែងផងដែរថា៖ “ខ្ញុំមិនបានទុកចិត្តលើសេចក្តីអស់ទាំងនេះឡើយ ព្រោះការទាំងនោះ មិនអាចជួយអ្វីដល់ខ្ញុំបាន ដូចដែលព្រះគុណរបស់ព្រះ បានផ្ដល់មកខ្ញុំនៅក្នុងព្រះគ្រីស្ទនោះឡើយ”។

លោកអ្នកឃើញទេ ក្នុងន័យម៉្យាង ព្រះទ្រង់ប្រចណ្ឌនឹងព្រះគុណរបស់ព្រះអង្គ។ ប្រសិនបើលោកអ្នកចង់បានព្រះគុណរបស់ព្រះអង្គ លោកអ្នកត្រូវតែពឹងអាងលើព្រះគុណរបស់ព្រះអង្គទាំងស្រុង។ លោកអ្នកមិនអាចយកព្រះគុណ និងការប្រព្រឹត្តិ មកលាយចូលគ្នាបានឡើយ។ នេះជាគោលការណ៍ដែលមានពេសពេញនៅក្នុងសញ្ញាថ្មី។ ដូច្នេះ សំខាន់ណាស់ ដែលលោកអ្នកប្រកាសថា ខ្ញុំមិនពឹងអាងលើអំពើល្អរបស់ខ្ញុំ ខ្ញុំមិនពឹងអាងលើសមត្ថភាពរបស់ខ្ញុំ ខ្ញុំមិនពឹងអាងលើនិកាយរបស់ខ្ញុំ ក្រុមជំនុំរបស់ខ្ញុំ ឬអ្វីក៏ដោយ តែខ្ញុំពឹងអាងលើព្រះគុណរបស់ព្រះ ដែលនៅក្នុងខ្ញុំវិញ។

បន្ទាប់មក ជំហានទីបី ដែលកៀកកិតបំផុតនឹងសេចក្តីនេះដែរ គឺពឹងអាងលើភាពសព្វគ្រប់ទាំងអស់របស់ព្រះគ្រិស្ត។ ជាថ្មីម្ដងទៀត ខ្ញុំនឹងដកស្រង់ប្រសាសន៍របស់លោកប៉ូលបន្ថែមទៀត នៅក្នុងគម្ពីរភីលីព។ ភីលីព ៤:១៣ ចែងថាៈ

 ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បា​ន​ ដោយ​សារ​ព្រះ​គ្រីស្ទ​ចម្រើន​កម្លាំង​ដល់​ខ្ញុំ។​

“ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន” តើនោះជាពាក្យគឃ្លើន ជាពាក្យអំនួតឬ? ទេ ព្រោះពាក្យបន្ទាប់មកទៀត គឺៈ “ដោយសារព្រះគ្រីស្ទ ដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ”។ លោកប៉ូលបានប្រកាសរួចហើយថា មិនមែនជាខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើ ដែលទ្រង់រស់នៅក្នុងខ្ញុំ។ ហើយឥឡូវនេះ លោកថ្លែងថា ដែលមានព្រះគ្រីស្ទរស់នៅក្នុងខ្ញុំ នោះខ្ញុំអាចប្រឈមុខបានគ្រប់ស្ថានភាព គ្រប់បញ្ហាទាំងអស់បាន។ ប្រាកដហើយ នោះគឺនៅក្នុងបំណងព្រះហឫទ័យរបស់ព្រះ។ ព្រះដាក់ខ្ញុំនៅកន្លែងណា ខ្ញុំអាចដោះស្រាយស្ថានភាពនោះបាន ព្រោះព្រះគ្រិស្តដែលនៅក្នុងខ្ញុំ ព្រះអង្គចម្រើនកម្លាំងដល់ខ្ញុំ ហើយខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន។

ខ្ញុំសូមទូន្មានលោកអ្នកថា សូមកុំនៅតែបន្ត្តនិយាយពីការបរាជ័យ និងពីរឿងអសមត្ថភាពរបស់ខ្លួនទៀតនោះឡើយ ព្រោះលោកអ្នកបានប្រកាសលះចោលការទាំងនោះអស់ហើយទេតើ។ លោកអ្នកមិនពឹងអាងលើការខាងសាច់ឈាមនោះទៀតទេ ដូច្នេះ សូមកុំនៅតែរំខានអំពីរឿងទាំងនោះទៀតឡើយ។ លោកអ្នកត្រូវនិយាយតែអ្វីដែលវិជ្ជមានទៅ។ ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលនៅក្នុងខ្ញុំ ទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ។

ខ្ញុំសូមសង្ខេបជូនលោកអ្នកអំពីជំហានទាំងបីនោះម្ដងទៀត។ ទីមួយ ប្រកាសបញ្ជាក់ថាព្រះគ្រីស្ទរស់នៅក្នុងខ្ញុំ។ ទីពីរ កុំទុកចិត្តនឹងសាច់ឈាម និងអ្វីៗដែលជានិស្ស័យកំណើតរបស់លោកអ្នក។ ទីបី ពឹងអាងលើភាពសព្វគ្រប់ទាំងអស់របស់ព្រះគ្រីស្ទ។ សូមបន្តផ្តោតទៅលើភាពវិជ្ជមាន បន្តផ្ដោតទៅលើព្រះយេស៊ូវ។ សូមកុំបកក្រោយ កុំបកទៅរកភាពបរាជ័យរបស់លោកអ្នកទៀតឡើយ ព្រោះ ពេលលោកអ្នកនិយាយអំពីការបរាជ័យរបស់ខ្លួន នោះវាពិតជាបង្ហាញថា លោកអ្នកកំពុងស្ថិតនៅក្នុងជីវិតចាស់ វិលទៅរកខ្នាតមួយ ដែលលោកអ្នកទុកចិត្តពីសមត្ថភាពរបស់ខ្លួន។ ដូច្នេះ សូមប្រកាសលះចោលសេចក្តីទាំងនោះទៅ។

ខ្ញុំចង់បញ្ចប់ការចែកចាយរបស់ខ្ញុំនៅថ្ងៃនេះ ដោយចែកចាយប្រាប់លោកអ្នកខ្លីៗ អំពីវិធីការពារពីរយ៉ាង ដើម្បីកុំឲ្យបាក់ទឹកចិត្ត។ អាវុធដ៏ខ្លាំងបំផុតមួយរបស់អារក្ស ដែលវាប្រើដើម្បីប្រឆាំងនឹងយើង គឺការបាក់ទឹកចិត្ត។ នៅពេលដែលយើងបាក់ទឹកចិត្ត នោះវាអាចធ្វើអ្វីៗស្ទើរតែសព្វបែបយ៉ាងទាំងអស់ តាមដែលវាចង់បានពីយើង។ ដូច្នេះហើយ ប្រសិនបើលោកអ្នកបាក់ទឹកចិត្តនៅពេលណាមួយ ឬជួបការល្បួងឲ្យបាក់ទឹកចិត្ត ខ្ញុំសូមជូនពាក្យលើកទឹកចិត្តពីរនេះ ដល់លោកអ្នក។

ទីមួយ ពេលណាយើងខ្សោយ នោះយើងរឹងមាំ។ ខ្ញុំសូមអានពាក្យរបស់លោកប៉ូល នៅក្នុង ២កូរិនថូស ១២:៩-១០

តែព្រះ‌អង្គមានព្រះបន្ទូលមកខ្ញុំ [នេះគឺលោកប៉ូល] ថា៖ «គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានពេញខ្នាត នៅក្នុងភាពទន់ខ្សោយ»។ ដូច្នេះ [លោកប៉ូលបន្ដថា] ខ្ញុំនឹងអួតពីភាពទន់ខ្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះ‌ចេស្តារបស់ព្រះ‌គ្រីស្ទបានសណ្ឋិតក្នុងខ្ញុំ។ 10 ហេតុនេះបានជាខ្ញុំអរសប្បាយក្នុងពេលទន់ខ្សោយ ក្នុងពេលគេត្មះ‌តិះ‌ដៀល ក្នុងពេលជួបលំបាក ក្នុងពេលគេបៀតបៀន ហើយក្នុងពេលមានទុក្ខព្រួយ ដោយព្រោះព្រះ‌គ្រីស្ទ ដ្បិតពេលណាខ្ញុំខ្សោយ នោះខ្ញុំរឹងមាំវិញ។ (RKOV)

ដូច្នេះ ពេលណាលោកអ្នកដឹងថាខ្លួនខ្សោយ នោះកុំបាក់ទឹកចិត្ត។ ក្នុងន័យម៉្យាង ការដែលដឹងថាខ្លួនឯងខ្សោយ នោះវាជាការល្អ។ ហេតុអ្វី? ព្រោះនៅពេលដែលលោកអ្នកដឹងថាលោកអ្នកខ្សោយ នោះលោកអ្នកនឹងពឹងអាងលើព្រះគុណរបស់ព្រះ។

តាមពិតទៅ ព្រះគុណរបស់ព្រះ ងាយកើតមាននៅក្នុងជីវិតរបស់យើង នៅត្រង់ចំណុចទាំងអស់នោះណាស់ គឺត្រង់ចំណុចដែលយើងមើលឃើញថាយើងខ្សោយ ជាជាងត្រង់ចំណុចដែលយើងគិតថា យើងអាចដោះស្រាយស្ថានភាពនោះបានដោយខ្លួនឯង។ ដូច្នេះ ពិតជាមានពេលដែលយើងដឹងថាយើងខ្សោយ យើងអសមត្ថភាព ប៉ុន្តែកុំព្រួយ ហើយកុំបោះបង់ឡើយ ត្រូវពឹងអាងលើព្រះគុណរបស់ព្រះ ឲ្យបានកាន់តែច្រើនសម្រាប់គ្រប់ការទាំងអស់ ព្រោះព្រះគុណរបស់ព្រះ ប្រទានដល់អ្នកទន់ខ្សោយ។ ដូចដែលលោកប៉ូលមានប្រសាសន៍ថា៖ “មែនហើយ ខ្ញុំខ្សោយពិតមែន ប៉ុន្តែនៅពេលដែលខ្ញុំខ្សោយ នោះខ្ញុំរឹងមាំវិញ”។

ទីពីរ ប្រសិនបើលោកអ្នកបរាជ័យ សូមកុំបាក់ទឹកចិត្ត ព្រោះជំនឿរបស់លោកអ្នក នៅតែបានរាប់ជាសេចក្តីសុចរិតដល់លោកអ្នកដដែល មិនថានៅពេលដែលលោកអ្នកបរាជ័យនោះឡើយ។ សូមយើងវិលមើលទៅរ៉ូម ៤:៥ ជាមួយគ្នា៖

ចំពោះអ្នកដែលមិនធ្វើការ តែជឿដល់ព្រះ ដែលរាប់មនុស្សទមិឡល្មើសជាសុចរិត នោះព្រះ‌អង្គរាប់អ្នកនោះជាសុចរិត ដោយសារជំនឿរបស់គេ។ (RKOV)

ទោះជាពេលដែលលោកអ្នកធ្វើអ្វីមិនបានត្រឹមត្រូវក៏ដោយ ប្រសិនបើលោកអ្នកមិនបោះបង់ការជឿ និងការទុកចិត្តព្រះ នោះព្រះនៅតែរាប់លោកអ្នកជាសុចរិតដដែល ដោយសារជំនឿរបស់លោកអ្នក។ សេចក្តីសុចរិតនោះ គឺជាការប្រោសប្រទាន មិនមែនជាអ្វីដែលលោកអ្នកមានដោយខ្លួនឯងនោះទេ តែជារឿងដែលព្រះទ្រង់ប្រទានឲ្យ។

 ខ្ញុំ​សូម​យក​រឿង​ប្រៀ​ប​ប្រដូច​តូច​មួយ​ ចេញ​ពី​វប្បធម៌​សម័យ​នេះ​។​ សព្វ​ថ្ងៃ​នេះ ​យើង​ទិញ​របស់​របរ​ជា​ច្រើន​ ​ដោយ​ប្រើ​កាត​ឥណទាន​ (ក្រេឌីតខាដ) មាន​ន័យ​ថា ប័ណ្ណ​​ដែល​អាច​ទិញ​ទំនិញ​បាន​ដោយ​គ្មាន​លុយ​​។​ យើង​គ្មាន​លុយ​ទេ​ ប៉ុន្តែ ​យើង​ហុច​​កាត​ឥណទាន​នោះ​ទៅ​​គេ​​។​ មើល៍ ព្រះ​ទ្រង់​បាន​ធ្វើ​​​កាត​ឥណទាន​របស់​ព្រះ​អង្គ ឲ្យ​​លោក​អ្នកប្រើ ​តាម​រយៈ​ជំនឿ​របស់​លោក​អ្នក​។​ ដូច្នេះ​ នៅ​ពេល​​​លោក​អ្នក​មិន​អាច​ប្រឈម​មុខ​នឹង​ស្ថាន​ភាព​បាន​ ហើយ​បរាជ័យ​ នោះគ្រាន់​តែ​យក​កាត​ឥណទាន​ចេញ​មក​ រួច​ប្រាប់​ទៅ​អារក្ស​ ឬ​អ្នក​ណា​ក៏​ដោយ​ ដោយ​ពាក្យ​នេះ​ថា៖​ “ជំនឿ​របស់​ខ្ញុំ នៅ​តែ​​ធ្វើ​ឲ្យ​ខ្ញុំ​បាន​​សុចរិតដដែល​។​ ព្រះ​ទ្រង់​ទទួល​ទទួល​ខុស​ត្រូវ​គ្រប់​រឿង​ទាំង​អស់​ជួស​​ខ្ញុំ​​ ទោះ​បីខ្ញុំ​ ជួប​ស្ថាន​ភាព​បែប​​​ណា​ក៏​ដោយ”។​

ខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីម្ដងទៀត នៅថ្ងៃវគ្គក្រោយ តាមវេលា និងម៉ោងដដែល។ វគ្គក្រោយ ខ្ញុំនឹងនិយាយអំពីការរៀបចំបន្ទប់ សម្រាប់ព្រះគុណរបស់ព្រះ។