វិសេសណាស់ដែលបានជួបលោកអ្នកជាថ្មីម្ដងទៀតនៅថ្ងៃនេះ។ ក្នុងការចែកចាយរបស់ខ្ញុំវគ្គមុន ខ្ញុំបានពន្យល់អំពីលក្ខខណ្ឌដ៏សំខាន់មួយ ដើម្បីឲ្យទទួលបានព្រះគុណរបស់ព្រះ។ លក្ខខណ្ឌនោះ គឺការបន្ទាបខ្លួនរបស់យើង។ លោកអ្នកនឹងចាំបានថា យើងបានអានបទគម្ពីរពីរជាមួយគ្នា ចេញពីគម្ពីរសញ្ញាថ្មី មួយចេញពីគម្ពីរយ៉ាកុប ហើយមួយទៀតចេញពីគម្ពីរ ១ពេត្រុស។ គម្ពីរសំបុត្រនីមួយៗ សុទ្ធតែបានដកស្រង់ខដដែល ចេញពីសញ្ញាចាស់ ពីកណ្ឌគម្ពីរសុភាសិត ដែលចែងថា ព្រះទ្រង់ទាស់ទទឹងនឹងមនុស្សអំណួត ប៉ុន្តែទ្រង់ប្រទានព្រះគុណដល់មនុស្សបន្ទាបខ្លួនវិញ។ បន្ទាប់មក កាតព្វកិច្ចដែលធ្លាក់មកលើយើង គឺការបន្ទាបខ្លួនរបស់យើង។ យើងមិនមានសិទ្ធិសុំឲ្យព្រះទ្រង់បន្ទាបយើងនោះទេ ដ្បិតព្រះទ្រង់មានបន្ទូលថា ចូរអ្នកបន្ទាបខ្លួនដោយខ្លួនឯង។ បទគម្ពីរនេះបានចែងថា នៅពេលដែលយើងបន្ទាបខ្លួនរបស់យើងភ្លាម នោះព្រះគុណរបស់ព្រះក៏មានដល់យើងដែរ។ ឧទាហរណ៍ដែលយើងបានមើលជាមួយគ្នា នៅចុងបញ្ចប់វគ្គមុន គឺជាពាក្យប្រៀបប្រដូចអំពីអ្នកខាងគណៈផារិស៊ី និងអ្នកទារពន្ធ។ អ្នកខាងគណៈផារិស៊ីគិតថា គាត់សុចរិតទាំងអស់ ការប្រព្រឹត្តិរបស់គាត់សុទ្ធតែល្អ គឺគាត់មិនបានឃើញថា គាត់ត្រូវការព្រះគុណរបស់ព្រះទេ។ ផ្ទុយទៅវិញ អ្នកទារពន្ធ មិនបានប្រកាសថាគាត់សុចរិតទេ គាត់អំពាវនាវសុំសេចក្ដីមេត្តាករុណា ហើយគាត់បានបើកចិត្តទទួលយកព្រះគុណរបស់ព្រះ។

ថ្ងៃនេះ ខ្ញុំនឹងចែកចាយប្រាប់លោកអ្នកអំពីអ្វីដែលកើតឡើងតាមក្រោយ បន្ទាប់ពីយើងបានបន្ទាបខ្លួនរបស់យើង នោះគឺជាអន្តរការណ៍ដែលបើកចំហជីវិតរបស់យើង ទៅរកភាពពេញលេញនៃព្រះគុណរបស់ព្រះ។ ការនេះមានសារៈសំខាន់បំផុតសម្រាប់មនុស្សគ្រប់គ្នា។ អន្តរការណ៍នេះ មានពីរចំណុច។ ទីមួយ អវិជ្ជមាន ទីពីរ វិជ្ជមាន។ ដំបូង យើងមើលទៅឯចំណុចអវិជ្ជមាន។ អវិជ្ជមានសង្ខេបមកជាពាក្យសាមញ្ញពីរ ដែលគួរឲ្យភ្ញាក់ផ្អើលមែនទែន។ តើអ្វីទៅជាការដំបូងដែលលោកអ្នកត្រូវធ្វើ ដើម្បីទទួលព្រះគុណរបស់ព្រះ? ចម្លើយគឺ ឈប់ធ្វើអ្វីទាំងអស់។ ឈប់ធ្វើការ ឈប់ព្យាយាមខំប្រឹងរក។ ដរាបណាលោកអ្នកព្យាយាមខំប្រឹងរកព្រះគុណរបស់ព្រះ នោះលោកអ្នកមិនអាចទទួលព្រះគុណបានឡើយ។ ព្រះជាម្ចាស់មិនអាចប្រទានព្រះគុណរបស់ព្រះអង្គដល់លោកអ្នក ដោយសំអាងលើការខំប្រឹងរបស់លោកអ្នកនោះឡើយ ព្រោះព្រះជាម្ចាស់ ទ្រង់ជាព្រះនៃសេចក្ដីពិតទាំងស្រុង ហើយនេះជាការសំអាងខុស។ លោកអ្នកមិនអាចខំប្រឹងរកព្រះគុណបាននោះឡើយ។ ដូច្នេះ ដរាបណាលោកអ្នកព្យាយាមខំប្រឹងរកព្រះគុណ នោះលោកអ្នកនឹងមិនអាចទទួលបានឡើយ ព្រោះបើព្រះទ្រង់ប្រទានព្រះគុណឲ្យលោកអ្នក ដោយសំអាងលើការដូច្នេះ នោះវាជាការសំអាងខុស ហើយលោកអ្នកក៏យល់អំពីខ្លួនឯងខុស ហើយក៏យល់ខុសអំពីព្រះ ព្រមទាំងយល់ខុសអំពីអ្វីៗដែលជាប់ទាក់ទងផងដែរ។ ដូច្នេះ លក្ខខណ្ឌដំបូង ហើយក៏ជាលក្ខខណ្ឌមួយដែលពិបាកបំផុតសម្រាប់អ្នកកាន់សាសនា គឺឈប់ធ្វើការ ឈប់ព្យាយាមខំប្រឹងរកព្រះគុណ។

លោកប៉ុលបានបញ្ជាក់សេចក្ដីនេះយ៉ាងច្បាស់ នៅក្នុងគម្ពីររ៉ូម ៤:៤-៥៖

ចំពោះអ្នកដែលធ្វើការ ប្រាក់ឈ្នួលមិនរាប់ជាអំណោយទេ គឺជាប្រាក់ដែលខ្លួនត្រូវបាន។ ចំពោះអ្នកដែលមិនធ្វើការ តែជឿដល់ព្រះ ដែលរាប់មនុស្សទមិឡល្មើសជាសុចរិត នោះព្រះអង្គរាប់អ្នកនោះជាសុចរិត ដោយសារជំនឿរបស់គេ។

ពាក្យ «ចំពោះអ្នកដែលមិនធ្វើការ» គឺជាពាក្យសំខាន់ខ្លាំងណាស់។ ការដំបូងដែលលោកអ្នកត្រូវធ្វើ គឺឈប់ធ្វើការ ព្រោះនេះជារឿងព្រះគុណ។ បន្ទាប់មក លោកអ្នកគ្រាន់តែទុកចិត្តព្រះ ដែលទ្រង់រាប់មនុស្សទមិឡល្មើសជាសុចរិត។ ហើយប្រាកដណាស់ នោះជាការបន្ទាបខ្លួនបំផុត ព្រោះមានន័យថា លោកអ្នកបានដាក់ខ្លួននៅក្នុងប្រភេទនៃអស់អ្នក ដែលត្រូវការឲ្យបានរាប់ជាសុចរិត ព្រោះលោកអ្នកដឹងថាខ្លួនឯងថាជាមនុស្សទមិឡល្មើស នៅចំពោះព្រះ។ ហើយប្រាកដណាស់ សម្រាប់អ្នកដែលកាន់សាសនា គេពិបាកនឹងឃើញតាមរបៀបនេះណាស់។

ប៉ុន្តែ ចំពោះអ្នកដែលទុកចិត្តព្រះ ដែលទ្រង់រាប់មនុស្សអាក្រក់ ឬមនុស្សទមិឡល្មើសជាសុចរិតវិញ ព្រះបានរាប់គេជាសុចរិត ដោយសារជំនឿរបស់គេ។ ចាប់ពីពេលនោះ លោកអ្នកត្រូវរស់នៅដោយជឿទុកចិត្ត ហើយមិនមែនរស់នៅអាងអំពើដែលខ្លួនខំប្រព្រឹត្តនោះឡើយ។ លោកអ្នកត្រូវរស់នៅដោយជឿទុកចិត្តដល់ព្រះ។ នោះហើយជាព្រះគុណរបស់ព្រះ។ ជំនឿរបស់លោកអ្នក ធ្វើឲ្យព្រះរាប់លោកអ្នកជាសុចរិត។ លោកអ្នកមិនមែនប្រាថ្នាចង់បានសេចក្ដីសុចរិត ដោយព្រោះតែអ្វីដែលលោកអ្នកបានធ្វើនោះទេ ប៉ុន្តែដោយព្រោះតែលោកអ្នកជឿដល់ព្រះ ដែលទ្រង់រាប់មនុស្សទុច្ចរិត ជាសុចរិតនោះវិញ។

នោះហើយជាចំណុចអវិជ្ជមាន។ ឥឡូវនេះ យើងបែរទៅមើលភាពវិជ្ជមានវិញម្ដង។ កាលបើលោកអ្នកឈប់ធ្វើការ នោះតើលោកអ្នកត្រូវធ្វើអ្វីទៅវិញ? ចម្លើយសាមញ្ញបំផុត គឺលោកអ្នកត្រូវទទួលព្រះយេស៊ូ លោកអ្នកត្រូវប្រគល់ខ្លួនដល់ព្រះយេស៊ូ ដោយឥតលាក់លៀម។ លោកអ្នកនៅចាំបទគម្ពីរដែលយើងបានមើលច្រើនដងជាមួយគ្នារួចមកហើយ គឺយ៉ូហាន ១:១៧៖

ដ្បិតក្រឹត្យវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ តែព្រះគុណ និងសេចក្ដីពិត បានមកតាមរយៈ [ឬ ដោយសារ] ព្រះយេស៊ូវគ្រីស្ទ។

គ្រប់ទាំងព្រះគុណរបស់ព្រះ គឺនៅក្នុងព្រះយេស៊ូព្រះគ្រីស្ទ។ គ្មានផ្លូវណាបង្ហូរព្រះគុណរបស់ព្រះ ក្រៅពីព្រះយេស៊ូសោះឡើយ។ ដូច្នេះ ប្រសិនបើលោកអ្នកចង់បានព្រះគុណរបស់ព្រះ នោះលោកអ្នកត្រូវទទួលព្រះយេស៊ូ។ នៅពេលដែលលោកអ្នកទទួលព្រះយេស៊ូ នោះគ្រប់ទាំងព្រះគុណរបស់ព្រះ កើតមានសម្រាប់លោកអ្នកហើយ។ ឥឡូវនេះ យើងនឹងមើលទៅការនេះ ដែលបញ្ជាក់កាន់តែពេញលេញថែមទៀត នៅក្នុងយ៉ូហាន ១:១១-១៧។

ព្រះអង្គបានយាងមកគង់នៅទឹកដីរបស់ព្រះអង្គ តែប្រជារាស្ត្រព្រះអង្គមិនបានទទួលព្រះអង្គឡើយ។ ប៉ុន្តែ អស់អ្នកដែលទទួលព្រះអង្គ...

សូមកត់សម្គាល់ អន្តរការណ៍ដ៏សំខាន់បំផុត គឺពាក្យទទួលព្រះអង្គ។

...គឺអស់អ្នកដែលជឿដល់ព្រះនាមព្រះអង្គ ព្រះអង្គប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ...

ព្រះអង្គបានប្រទានឲ្យ ហើយនោះជាអំណោយ អ្នកទាំងនោះមិនបានខំប្រឹងរកទេ។

...គឺអស់អ្នកដែលជឿដល់ព្រះនាមព្រះអង្គ...

ឥឡូវនេះ តើអ្វីទៅជាលទ្ធផលនៃការទទួលព្រះអង្គ? នៅខ១៣៖

ជាកូនដែលមិនមែនកើតមកពីឈាម ពីប្រាថ្នាខាងរូបសាច់ ឬពីចំណង់របស់មនុស្សឡើយ គឺកើតមកពីព្រះវិញ។

ពួកគេបានកើតជាថ្មី ពួកគេបានជួបបទពិសោធន៍ការផ្លាស់ប្រែមួយថ្មីខាងវិញ្ញាណ នៅខាងក្នុង ការកើតជាថ្មី ជាមនុស្សថ្មី។

បន្ទាប់មក ការនេះបានតភ្ជាប់ដោយផ្ទាល់ជាមួយព្រះគុណរបស់ព្រះ ដែលបានបង្ហាញឲ្យឃើញនៅក្នុងព្រះយេស៊ូ។ លោកយ៉ូហានបន្តនៅខបន្ទាប់ថាៈ

ព្រះបន្ទូល [គឺព្រះបន្ទូលរបស់ព្រះ ដែលព្រះយេស៊ូវជាព្រះបន្ទូលដ៏នៅអស់កល្ប] បានត្រឡប់ជាសាច់ឈាម ហើយគង់នៅក្នុងចំណោមយើង យើងបានឃើញសិរីល្អរបស់ព្រះអង្គ គឺជាសិរីល្អនៃព្រះរាជបុត្រាតែមួយ ដែលមកពីព្រះវរបិតា មានពេញដោយព្រះគុណ និងសេចក្ដីពិត។

សូមសម្គាល់ ឥឡូវនេះ ការសង្កត់ធ្ងន់ គឺនៅលើពាក្យព្រះគុណ និងសេចក្ដីពិត។

លោកយ៉ូហាន [នេះគឺយ៉ូហានបាទីស្ទ] បានធ្វើបន្ទាល់អំពីព្រះអង្គ ដោយប្រកាសថា៖ «គឺព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា៖ “ព្រះអង្គដែលយាងមកក្រោយខ្ញុំ មានឋានៈធំជាងខ្ញុំ ដ្បិតទ្រង់គង់នៅមុនខ្ញុំ”»។

បន្ទាប់មកទៀត លោកយ៉ូហាន ដែលជាអ្នកសរសេរគម្ពីរដំណឹងល្អនេះ បន្តទៀតថាៈ

យើងរាល់គ្នាបានទទួលសេចក្ដីពោរពេញរបស់ព្រះអង្គ មកពីព្រះអង្គ ជាព្រះគុណថែមលើព្រះគុណ។

និយាយបានម្យ៉ាងទៀតថា នៅពេលដែលយើងទទួលព្រះយេស៊ូ នោះគ្រប់ទាំងសេចក្ដីពោរពេញរបស់ព្រះ នៅក្នុងព្រះយេស៊ូ ក៏បើកចំហចំពោះយើង។ ដ្បិតគ្រប់ទាំងព្រះគុណ មាននៅក្នុងព្រះយេស៊ូ ជាព្រះគុណថែមលើព្រះគុណ បើកចំហចំពោះយើង។ បន្ទាប់មក លោកយ៉ូហានសង្ខេបសេចក្ដីនោះ នៅក្នុងខដែលខ្ញុំបានដកស្រង់ជាច្រើនដងរួចមកហើយ នោះគឺៈ

ដ្បិតក្រឹត្យវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ តែព្រះគុណ និងសេចក្ដីពិត បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។

លោកអ្នកឃើញទេ ការសង្កត់ធ្ងន់ គឺពាក្យព្រះគុណ។ ពេញដោយព្រះគុណ និងសេចក្ដីពិត។ ព្រះគុណថែមលើព្រះគុណ។ ព្រះគុណ និងសេចក្ដីពិត។ ការសង្កត់ធ្ងន់ទាំងអស់ សំដៅលើការទទួលព្រះយេស៊ូ។ ដូច្នេះ ចំណុចវិជ្ជមាន ភាពមិនប្រែប្រួលនៃអន្តរការណ៍នេះ គឺការទទួលព្រះយេស៊ូ និងការចុះចូលចំពោះព្រះអង្គ។ នេះមិនមែនជារឿងសាសនា មិនមែនជាការសូត្រពាក្យអធិស្ឋាន មិនមែនជារឿងទៅព្រះវិហារ។ សកម្មភាពទាំងនេះ អាចជាការប្រពៃណាស់ នៅតាមកន្លែងរបស់ខ្លួន ប៉ុន្តែអន្តរការណ៍ដែលចេញពីការសម្រេចចិត្តដ៏សំខាន់ គឺជាការប្រគល់ខ្លួន ចុះចូលចំពោះព្រះយេស៊ូ ការប្រគល់ខ្លួនរបស់លោកអ្នកដោយឥតលាក់លៀម ការបើកចំហនៅចំពោះព្រះអង្គ ដើម្បីឲ្យព្រះអង្គនាំគ្រប់ទាំងអស់ ហើយធ្វើគ្រប់ទាំងអស់ នៅក្នុងជីវិតរបស់លោកអ្នក។ លទ្ធផល គឺមួយជាពីរ។ ខ្ញុំនឹងសរុបលទ្ធផលនោះដោយសង្ខេប។ ទីមួយ គឺការកើតជាថ្មី គឺជាប្រភេទនៃជីវិតថ្មីមួយថ្មីទាំងស្រុង ដែលចាប់ផ្ដើមនៅក្នុងយើង។ នោះមិនមែនជាជីវិតខាងរូបសាច់ទេ តែជាជីវិតខាងវិញ្ញាណ ហើយទោះជាយ៉ាងនោះក៏ដោយ នៅទីបំផុត ជីវិតនោះក៏មានឥទ្ធិពលមកលើរូបសាច់របស់យើងដែរ។

បន្ទាប់មក យើងទទួលបានព្រះគុណលើព្រះគុណដ៏ពេញលេញ ចេញពីព្រះយេស៊ូដែលគង់នៅក្នុងយើង។ ដ្បិតគ្រប់ទាំងព្រះគុណនៅក្នុងព្រះគ្រីស្ទ ការកើតថ្មីបើកផ្លូវឲ្យព្រះគុណថែមលើព្រះគុណ បានសម្ដែងចេញនៅក្នុងយើង។ គ្រប់ទាំងព្រះគុណ មាននៅក្នុងព្រះយេស៊ូ។ ដូច្នេះ នៅពេលដែលលោកអ្នកទទួលព្រះយេស៊ូ នោះគ្រប់ទាំងព្រះគុណនៅក្នុងព្រះយេស៊ូ ត្រឡប់ជាបើកចំហចំពោះយើង។ ព្រះយេស៊ូ ប្រៀបបាននឹងត្បូងពេជ្រដ៏ស្រស់ស្អាត ដែលមានជ្រុងរាប់មិនអស់ ហើយជ្រុងនីមួយៗ សុទ្ធតែភ្លឺចាំងឆ្លុះ ដោយសោភណភាព និងដោយព្រះគុណ។ ជ្រុងនីមួយៗរបស់ត្បូងពេជ្រ គឺជាព្រះគុណដ៏ពិសេស។ នៅពេលដែលយើងយកត្បូងពេជ្រនោះចូលមក នោះផ្លូវក៏បើកចំហឲ្យព្រះគុណ ព្រមទាំងឲ្យគ្រប់ជ្រុងនៃព្រះគុណ ភ្លឺចែងចាំងចេញពីជីវិតរបស់យើង។

ខ្ញុំសូមជូនឧទាហរណ៍ជាក់ស្ដែងខ្លះ អំពីរបៀបដែលអន្តរការណ៍នេះដំណើរការ។ ខ្ញុំបានជួបការនេះនៅក្នុងបទពិសោធន៍ផ្ទាល់របស់ខ្ញុំ ម្ដងហើយម្ដងទៀត។ ឧបមាថា លោកអ្នកមានបញ្ហាជាមួយការអៀនខ្មាស។ មានមនុស្សជាច្រើនជួបរឿងបែបនេះ។ លោកអ្នកក៏ថ្វាយរឿងនេះទៅព្រះយេស៊ូទៅ ហើយព្រះគុណនៃសេចក្ដីក្លាហានរបស់ព្រះអង្គ ក៏កើតមានដល់លោកអ្នក។ ដូច្នេះ ព្រះគុណនៃសេចក្ដីក្លាហានរបស់ព្រះអង្គ បានចូលមកជំនួសភាពទន់ខ្សោយនៃការអៀនខ្មាសរបស់លោកអ្នក។

ឬមួយ លោកអ្នកមានបញ្ហាកំហឹង។ នោះជាបញ្ហាខ្លាំងជាងគេរបស់ខ្ញុំ កាលពីច្រើនឆ្នាំកន្លងមក។ ប៉ុន្តែ លោកអ្នកថ្វាយការនោះទៅព្រះយេស៊ូ នោះព្រះគុណ និងសេចក្ដីស្លូតរបស់ព្រះអង្គ ក៏ចូលជំនួសបញ្ហាកំហឹងរបស់លោកអ្នក។ ខ្ញុំអាចប្រាប់បានយ៉ាងពិតប្រាកដថា ការនោះបានកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំ ជាច្រើនឆ្នាំមកហើយ។ មនុស្សដែលទើបនឹងស្គាល់ខ្ញុំប៉ុន្មានឆ្នាំថ្មីៗនេះ គេសឹងតែមិនជឿថា ខ្ញុំធ្លាប់មានបញ្ហាជាមួយនឹងកំហឹង នៅក្នុងជីវិតកន្លងមកទេ ព្រោះព្រះគុណរបស់ព្រះ បានចូលមកជំនួសកំហឹងរបស់ខ្ញុំ។ ខ្ញុំមិនអាចខំប្រឹងដោយខ្លួនឯងបានទេ នោះគឺជាព្រះគុណសុទ្ធសាធ។ ខ្ញុំមិនបានខំប្រឹងរកដើម្បីឲ្យបានព្រះគុណនោះទេ ខ្ញុំមិនបានធ្វើការដើម្បីឲ្យបានព្រះគុណនោះទេ គឺខ្ញុំគ្រាន់តែជឿប៉ុណ្ណោះ។

ឬថា លោកអ្នកមានបញ្ហាជាមួយនឹងសេចក្ដីស្រើបស្រាល។ តើអ្វីទៅជាដំណោះស្រាយ? គឺសុំឲ្យព្រះគុណនៃភាពបរិសុទ្ធរបស់ព្រះយេស៊ូ សម្ដែងចេញនៅក្នុងលោកអ្នក។

ខ្ញុំសូមនិយាយថា កុំផ្ដោតទៅលើភាពអវិជ្ជមាន។ កុំចំណាយពេលវេលារបស់លោកអ្នក ខ្វល់ខ្វាយអំពីបញ្ហាឡើយ ព្រោះវាធ្វើឲ្យលោកអ្នកទៅមិនបានឆ្ងាយ។ ចូរងាកបែរចេញពីបញ្ហា ហើយទុកដាក់រឿងនោះចំពោះព្រះគុណរបស់ព្រះយេស៊ូ។ ប្រសិនបើបញ្ហារបស់លោកអ្នក ជាសេចក្ដីស្រើបស្រាល ចូរទទួលយកភាពបរិសុទ្ធរបស់ព្រះអង្គទៅ។

មួយទៀត ឧបមាថា លោកអ្នកមានបញ្ហាជាមួយនឹងសេចក្ដីល្ងង់ខ្លៅ។ តើអ្វីទៅជាដំណោះស្រាយ? គឺទទួលយកព្រះគុណនៃប្រាជ្ញាដែលមាននៅក្នុងព្រះយេស៊ូ។ ចូរឲ្យប្រាជ្ញារបស់ព្រះអង្គ ចាប់ផ្ដើមធ្វើការតាមរយៈលោកអ្នក។ លោកអ្នកប្រាកដជានឹងមានសេចក្ដីអស្ចារ្យចំពោះលទ្ធផល។ លោកអ្នកអាចនឹងឆ្លើយចំពោះនរណាម្នាក់ ដែលពីមុនលោកអ្នកមិនអាចឆ្លើយបាន ហើយលោកអ្នកនឹងគិតថា «មើល៍ តើខ្ញុំបានចម្លើយនេះមកពីណា?» ចម្លើយនោះ គឺមកពីព្រះគុណរបស់ព្រះ។

ឧទាហរណ៍មួយទៀត ដែលមនុស្សជាច្រើនបានជួប។ លោកអ្នកមានបញ្ហាជាមួយនឹងការខ្វល់ខ្វាយ។ ខ្ញុំជឿថា លោកអ្នកជាច្រើនច្បាស់ជាមានបញ្ហានេះ។ តើលោកអ្នកត្រូវធ្វើដូចម្ដេច? កុំខ្វល់អំពីរឿងខ្វល់ខ្វាយ គ្រាន់តែទុកដាក់រឿងអស់នោះចំពោះព្រះយេស៊ូទៅ ហើយបើកឲ្យព្រះគុណនៃសេចក្ដីសុខសាន្តរបស់ព្រះអង្គ ចូលមកជំនួសបញ្ហាខ្វល់ខ្វាយរបស់លោកអ្នក។

យើងអស់ពេលសម្រាប់ថ្ងៃនេះហើយ។ ខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីម្ដងទៀតនៅវគ្គក្រោយ តាមពេលវេលា និងម៉ោងដដែល។ វគ្គក្រោយ ខ្ញុំនឹងនិយាយអំពីការរៀនពឹងអាងលើព្រះគុណរបស់ព្រះ។