វិសេសណាស់ដែលបានជួបលោកអ្នកជាថ្មី ខណៈដែលយើងខិតជិតដល់ចុងបញ្ចប់សប្ដាហ៍មួយទៀត ហើយ។ ការចែកចាយរបស់ខ្ញុំក្នុងសប្ដាហ៍នេះ ខ្ញុំបានពន្យល់អំពីភាពខុសប្លែកពីគ្នាដ៏សំខាន់ៗមួយចំនួន មុននឹង យើងអាចពេញចិត្តយ៉ាងពិតប្រាកដចំពោះព្រះគុណរបស់ព្រះ។ ខ្ញុំក៏បានពន្យល់ផងដែរថា ការនេះតម្រូវឲ្យមាន ការប្រើប្រាជ្ញា ដ្បិតមានផ្នែកនៃសេចក្តីពិតនៅក្នុងព្រះគម្ពីរ ដែលមានខ្លឹមសារខាងវិញ្ញាណយ៉ាងជ្រាលជ្រៅ និង អស្ចារ្យបំផុត។ ប៉ុន្តែ យើងមិនអាចចូលទៅក្នុងជម្រៅខាងវិញ្ញាណនោះបានទេ ដរាបទាល់តែយើងប្រើប្រាជ្ញា របស់យើង ហើយច្បាមយកគោលការណ៍គ្រឹះ និយមន័យ និងលក្ខណៈពិសេសសមហេតុផល ដែលបើកផ្លូវទៅ កាន់ជម្រៅខាងវិញ្ញាណ។ ហើយគោលគំនិតអំពីព្រះគុណ គឺមានលក្ខណៈបែបនេះឯង។ យើងត្រូវយល់ ពីលក្ខណៈពិសេសទាំងនេះ ដែលត្រូវបានរក្សាទុកយ៉ាងប្រុងប្រយ័ត្ន និងយ៉ាងខ្ជាប់ខ្ជួនពាសពេញព្រះគម្ពីរទាំង មូល។

លក្ខណៈពិសេសទីមួយដែលខ្ញុំបានលើកឡើង គឺព្រះគុណ និងការប្រព្រឹត្តិ។ ការប្រព្រឹត្តិជាអ្វីដែលយើងរក បាន ដោយអំពើដែលយើងធ្វើ។ ព្រះគុណជាអ្វីដែលយើងទទួលបាន តាមរយៈជំនឿ ដែលមិនមែនជាការខំ ប្រឹងរក។ ភាពសំខាន់នៃព្រះគុណ គឺមិនអាចរកបានដោយការខំប្រឹងនោះឡើយ។

បន្ទាប់មក មានខុសប្លែកគ្នាមួយរវាងក្រឹត្យវិន័យ និងព្រះគ្រិស្ត ដែលបានសង្ខេបនៅក្នុងគម្ពីរយ៉ូហាន ១:១៧

ដ្បិតក្រឹត្យវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ តែព្រះគុណ និងសេចក្តីពិត បានមកតាមរយៈ ព្រះយេស៊ូវគ្រីស្ទ។

ក្រឹត្យវិន័យតម្រូវឲ្យមានការប្រព្រឹត្តិ ហើយមិនទទួលយកអ្វីផ្សេងទៀតឡើយ ក្រៅតែពីការប្រព្រឹត្តិឲ្យបាន ពេញលេញ។ រីឯព្រះគ្រិស្តវិញ ទ្រង់ផ្ដល់ព្រះគុណ ដែលទទួលយកបានតាមរយៈជំនឿ ហើយមិនតម្រូវឲ្យយើង សម្រេចគ្រប់ទាំងការប្រព្រឹត្តិរបស់ក្រឹត្យវិន័យ ដោយពឹងអាងលើកម្លាំងរបស់ខ្លួនឡើយ។

បន្ទាប់មក មានភាពផ្ទុយគ្នារវាងព្រះគុណ និងយុត្តិធម៌ ដែលយុត្តិធម៌ ត្រូវតែសុក្រឹត មិនលម្អៀង មិន ប្រែប្រួល ជាខ្នាតតែមួយគត់ ដែលវាស់មនុស្សគ្រប់គ្នា ដូចគ្នាទាំងអស់។ ប៉ុន្តែព្រះគុណវិញ គឺញែកដោយ ឡែក ឬរំលងលើការតម្រូវរបស់យុត្តិធម៌ ហើយផ្ដល់អ្វីម្យ៉ាង ដែលយុត្តិធម៌មិនអាចផ្ដល់ឲ្យបាន។

ថ្ងៃនេះ ខ្ញុំនឹងចែកចាយអំពីមូលដ្ឋានគ្រឹះតែមួយគត់សម្រាប់ព្រះគុណរបស់ព្រះ។ មានព្រឹត្តិការណ៍មួយនៅ ក្នុងប្រវត្តិសាស្រ្តរបស់មនុស្ស ដែលបង្កលក្ខណៈឲ្យព្រះទ្រង់ផ្ដល់ព្រះគុណ មិនមែនត្រឹមតែយុត្តិធម៌ប៉ុណ្ណោះ។ ព្រឹត្តិការណ៍នោះ គឺការសុគតរបស់ព្រះយេស៊ូគ្រិស្ត នៅលើឈើឆ្កាង។

លោកអ្នកឃើញទេ ដូចដែលខ្ញុំបានចង្អុលបង្ហាញរួចហើយថា មានប្រភេទនៃភាពតានតឹងមួយ រវាងព្រះ គុណ និងយុត្តិធម៌។ តើព្រះទ្រង់អាចយុត្តិធម៌ពេញលេញផង ហើយផ្ដល់ព្រះគុណ និងសេចក្តីមេត្តាករុណាផង ដូចម្ដេចបាន? ភាពតានតឹងនេះ បានបង្ហាញឲ្យឃើញនៅក្នុងសញ្ញាចាស់ តាមការបើកសម្ដែងមួយ ដែលព្រះ អម្ចាស់បានប្រទានឲ្យលោកម៉ូសេស្គាល់ព្រះអង្គ។ លោកម៉ូសេបានទូលសុំចង់ឃើញសិរីល្អរបស់ព្រះជាអម្ចាស់ ហើយបទគម្ពីរបានចែងថា ព្រះជាអម្ចាស់បានយាងចុះមក ប្រកាសប្រាប់ពីនាមព្រះអង្គដល់លោកម៉ូសេ ហើយ នៅក្នុងព្រះនាមរបស់ព្រះអង្គ គឺជាការបើកសម្ដែងប្រាប់ពីលក្ខណៈរបស់ព្រះអង្គ។ ព្រឹត្តិការណ៍នេះ មានចែងនៅ ក្នុងនិក្ខមនំ ៣៤:៥-៧។

ព្រះយេហូវ៉ាបានយាងចុះមកក្នុងពពក ហើយគង់នៅទីនោះជាមួយលោក ទាំងប្រកាសពីព្រះនាម «យេហូវ៉ា» ផង [គឺព្រះនាមរបស់ព្រះយេហូវ៉ា] ។ 6 ព្រះយេហូវ៉ាយាងកាត់នៅមុខលោក ហើយប្រកាសថា៖ «យេហូវ៉ា យេហូវ៉ា ជាព្រះប្រកបដោយព្រះហឫទ័យមេត្តាករុណា ប្រណីសន្ត្សោ ទ្រង់យឺតនឹងខ្ញាល់ មានព្រះហឫទ័យ សប្បុរស ហើយស្មោះត្រង់ជានិច្ច 7 ទ្រង់មានព្រះហឫទ័យមេត្តាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះ អំពើទុច្ចរិត អំពើរំលង និងអំពើបាប ប៉ុន្តែ ព្រះអង្គមិនរាប់មនុស្សមានទោសថាជាឥតទោសឡើយ....

ដូច្នេះ មានការសង្កត់ធ្ងន់ដ៏អស្ចារ្យលើព្រះគុណ សេចក្តីមេត្តាករុណា សេចក្តីស្រឡាញ់ និងសេចក្តីស្មោះ ត្រង់របស់ព្រះ ព្រះអង្គមានព្រះហឫទ័យអត់ទោស។ ប៉ុន្តែបទគម្ពីរនេះបានបញ្ចប់ដោយពាក្យព្រមានថាៈ “ព្រះ អង្គមិនរាប់មនុស្សមានទោស ទុកជាអត់ទោសឡើយ”។

ព្រះគុណរបស់ព្រះ បែបដូច្នេះឯង គឺមិនអាចបន្ទូរបន្ថយ ឬសម្របសម្រួលសេចក្ដីយុត្តិធម៌របស់ព្រះអង្គ បានឡើយ។ នៅក្នុងទំនុកតម្កើង ៨៩:១៤ អ្នកសរសេរទំនុកតម្កើងទូលទៅព្រះអម្ចាស់ថាៈ

សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ ជាជើងថ្កល់នៃបល្ល័ង្ករបស់ព្រះអង្គ

បល្ល័ង្កទាំងមូលរបស់ព្រះ បានសង់ឡើងនៅលើសេចក្តីសុចរិត និងយុត្តិធម៌។ ប្រសិនបើព្រះទ្រង់បន្ធូរ បន្ថយ ឬងាកចេញពីសេចក្តីសុចរិត និងយុត្តិធម៌ នោះបល្ល័ង្ករបស់ព្រះនឹងមិនមានជើងថ្កល់រឹងមាំឡើយ គឺនឹង លែងមានសុវត្ថិភាព គ្មានគ្រឹះ ឬជើងថ្កល់សម្រាប់ការគ្រប់គ្រងរបស់ព្រះអង្គ ព្រោះបល្ល័ង្ករបស់ព្រះអង្គ តំណាង ឲ្យការគ្រប់គ្រងរបស់ព្រះអង្គ។ ការគ្រប់គ្រងរបស់ព្រះអង្គ គឺតាំងឡើងដោយសេចក្តីសុចរិត និងយុត្តិធម៌។ ពិភពទាំងមូលនឹងលែងដំណើរការតាមគន្លងផ្លូវ ហើយភាពវឹកវរកើតឡើង លែងមានសណ្ដាប់ធ្នាប់។ ដូច្នេះ ព្រះត្រូវតែរក្សាសេចក្ដីយុត្តិធម៌របស់ព្រះអង្គ។ ទីមួយ ព្រោះសេចក្ដីយុត្តិធម៌ ជាចរិតរបស់ព្រះអង្គ ហើយដែល ធ្វើអ្វីផ្សេងទៀតនោះ វានឹងផ្ទុយពីចរិតរបស់ព្រះអង្គ។ ទីពីរ ព្រោះវានឹងបង្កឲ្យមានចលាចល ពាសពេញពិភព ទាំងមូល។

ដូច្នេះ យើងត្រូវបានប្រឈមជាមួយនឹងបញ្ហានេះ។ នេះជារឿងមួយដែលស្រួលនិយាយ ប៉ុន្តែមិនមែនជា រឿងមួយដែលស្រួលដោះស្រាយនោះទេ។ បញ្ហាដែលបាននិយាយនោះគឺ តើព្រះទ្រង់អាចជាព្រះដែលយុត្តិធម៌ ផង ហើយអត់ទោសអំពើបាបផង យ៉ាងដូចម្ដេចបាន? រឿងនេះស្រួលក្នុងការនិយាយ ប៉ុន្តែមានតែព្រះជាអ ម្ចាស់ផ្ទាល់ប៉ុណ្ណោះ ដែលអាចដោះស្រាយបញ្ហានោះបាន។ មានផ្លូវតែមួយគត់ដែលព្រះអង្គអាចដោះស្រាយ បញ្ហានោះបាន គឺតាមរយៈការសុគតរបស់ព្រះយេស៊ូគ្រិស្ត នៅលើឈើឆ្កាង សម្រាប់អំពើបាបរបស់យើង ដូច្នេះ ហើយបានជាលោកប៉ូលបង្ហាញថា ឈើឆ្កាងជាដំណោះស្រាយសម្រាប់បញ្ហាដែលថា តើព្រះទ្រង់អាចជាព្រះ ដែលយុត្តិធម៌ផង ហើយអត់ទោសផង យ៉ាងដូចម្ដេចបាន? នៅក្នុងគម្ពីររ៉ូម ៣:២៣-២៦ លោកប៉ូលថ្លែងអំពី ការនេះ ដែលយើងត្រូវស្ដាប់ដោយយកចិត្តទុកដាក់។ លោកចាប់ផ្ដើមដោយបញ្ជាក់ពីទោសកំហុសរបស់មនុស្ស ជាតិទាំងមូល។ ខ២៣,២៤ ចែងថាៈ

ព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អរបស់ព្រះ តែដោយសារព្រះគុណរបស់ព្រះអង្គ ពួក គេបានរាប់ជាសុចរិតដោយឥតគិតថ្លៃ តាមរយៈការប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។

សូមកត់សម្គាល់ ដោយព្រោះយើងទាំងអស់គ្នាសុទ្ធតែបានធ្វើបាប នោះគ្មានអ្នកណាម្នាក់ក្នុងចំណោមយើង អាចសុំរកយុត្តិធម៌បានទេ។ ប៉ុន្តែ ដោយព្រះគុណរបស់ព្រះ យើងបានរាប់ជាសុចរិតដោយទទេ ឥតគិតថ្លៃ ហើយសូមកត់សម្គាល់ថា នៅពេលដែលនិយាយពីព្រះគុណ គឺដោយទទេ ឥតគិតថ្លៃ មិនមែនដោយការប្រព្រឹត្តិ មិនមែនដោយការខំប្រឹងរក តែតាមរយៈការប្រោសលោះ តាមរយៈកិច្ចការប្រោសលោះរបស់ព្រះយេស៊ូគ្រិស្ត នៅលើឈើឆ្កាង។ បន្ទាប់មក លោកប៉ូលបន្តថាៈ

25 ព្រះបានប្រគល់ព្រះអង្គ[គឺព្រះយេស៊ូវ] ជាយញ្ញបូជាប្រោសលោះ....

ពាក្យយញ្ញបូជាប្រោសលោះ គឺព្រះយេស៊ូវត្រឡប់ជាយញ្ញបូជា ដើម្បីនាំមនុស្សមានបាបទាំងអស់ទៅឯ ព្រះវិញ គឺបានផ្សះផ្សាមនុស្សមានបាប ឲ្យបានជានាជាមួយព្រះ ហើយបើកផ្លូវឲ្យមនុស្សមានបាបដែលបានទទួល ការលើកលែងទោស បានជាមេត្រីនឹងព្រះ។

...ព្រះបានប្រគល់ព្រះអង្គជាយញ្ញបូជាប្រោសលោះ ដោយសារព្រះលោហិតព្រះអង្គ តាមរយៈ ជំនឿ។ ព្រះអង្គធ្វើដូច្នេះ ដើម្បីបង្ហាញឲ្យឃើញសេចក្តីសុចរិតរបស់ព្រះអង្គ ហើយចំពោះការដែល ព្រះអង្គបានទតរំលងអំពើបាបដែលគេបានប្រព្រឹត្តពីមុន ព្រោះព្រះអង្គមានព្រះហឫទ័យអត់ធ្មត់....

លោកអ្នកឃើញទេ ព្រះបានអត់ទោសអំពើបាបរបស់មនុស្សជំនាន់មុនជាច្រើន ក៏ប៉ុន្ដែ សេចក្តីយុត្តិធម៌ របស់ព្រះអង្គមិនដែលបានបំពេញឲ្យគ្រប់គ្រាន់ឡើយ។ តើការនោះបានកើតឡើងយ៉ាងដូចម្ដេច? ព្រោះព្រះ បានរង់ចាំពេលវេលាមួយ ដែលព្រះយេស៊ូទ្រង់បំពេញឲ្យសេចក្តីយុត្តិធម៌របស់ព្រះ ម្ដងជាសម្រេច សម្រាប់ មនុស្សទាំងអស់ តាមរយៈការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង ហើយធ្វើឲ្យស្របគ្នាជាមួយនឹងសេចក្តីយុត្តិធម៌ របស់ព្រះ ដែលព្រះអង្គបានអត់ទោសអំពើបាបរបស់មនុស្សជាន់មុន។ នៅក្នុងពិភពលោកនេះ មានសំណួរ ធំមួយ។ ព្រះបានអត់ទោសអំពើបាបទាំងនេះ។ ព្រះអង្គបានរំលងអំពើបាប។ ព្រះអង្គមិនបានប្រើសេចក្ដីយុត្តិ ធម៌ទេ។ តើការនេះដំណើរការទៅដូចម្ដេចបាន? ក្នុងន័យម្យ៉ាង ពិភពលោកទាំងមូលកំពុងរង់ចាំដំណោះ ស្រាយរបស់ព្រះសម្រាប់បញ្ហានេះ។ ប៉ុន្តែ ដំណោះស្រាយបានមកតាមរយៈការសុគតរបស់ព្រះយេស៊ូ នៅលើ ឈើឆ្កាង។ ដូច្នេះ នៅពេលដែលព្រះទ្រង់អនុញ្ញាតឲ្យព្រះយេស៊ូសុគតសម្រាប់អំពើបាបរបស់យើង លោកប៉ូល បានសង្ខេបការនេះនៅក្នុងរ៉ូម ៣:២៦ថាៈ

ដើម្បីសម្ដែងឲ្យឃើញនៅគ្រានេះថា ព្រះអង្គសុចរិត ហើយថា ព្រះអង្គរាប់អ្នកដែលមានជំនឿដល់ ព្រះយេស៊ូវ ជាសុចរិតផងដែរ។

នោះហើយជាដំណោះស្រាយនៃបញ្ហា។ ព្រះទ្រង់រក្សាសេចក្តីយុត្តិធម៌របស់ព្រះអង្គ ប៉ុន្តែព្រះអង្គក៏រាប់ជា សុចរិត ព្រះអង្គដោះឲ្យរួច ព្រះអង្គប្រទានការអត់ទោស ដល់អ្នកដែលជឿដល់ព្រះយេស៊ូ ព្រោះអស់ទាំងទោស កំហុសរបស់មនុស្សជាតិទាំងមូល បានធ្លាក់ទៅលើព្រះយេស៊ូ ហើយបានរងជំនួសដោយសារការសុគតរបស់ព្រះ អង្គដើម្បីរំដោះបាប។ ការសុគតរបស់ព្រះយេស៊ូ បានបំពេញសេចក្តីយុត្តិធម៌របស់ព្រះ។ ដូច្នេះ សម្រាប់អស់ អ្នកដែលជឿដល់ព្រះយេស៊ូ និងការប្រោសលោះនៃលោហិតរបស់ព្រះអង្គដែលបានខ្ចាយ ឥឡូវនេះ ព្រះទ្រង់ អាចប្រទានការអត់ទោស សេចក្តីសុខសាន្ត ការរួចពីទោស និងសេចក្តីសុចរិត តាមរយៈជំនឿដល់លោហិតរបស់ ព្រះយេស៊ូ។ ព្រះទ្រង់សុចរិត ប៉ុន្តែនៅក្នុងរបៀបនោះដែរ ព្រះអង្គក៏រាប់អ្នកដែលជឿដល់ព្រះយេស៊ូ ជាសុចរិត ផងដែរ។

លក្ខណៈប្រោសលោះនៃការសុគតរបស់ព្រះយេស៊ូនៅលើឈើឆ្កាង ត្រូវបានថ្លែងទុកជាមុន នៅក្នុងគម្ពីរ អេសាយ ៥៣:៤-៦ ដែលជាទិដ្ឋភាពទំនាយអំពីអ្វីដែលបានកើតឡើង នៅពេលដែលព្រះយេស៊ូបានសុគតនៅ លើឈើឆ្កាង។ ទាំងនេះជាសេចក្ដីទំនាយរបស់លោកអេសាយៈ

ទ្រង់ [ព្រះយេស៊ូ] បានទ្រាំទ្រ រងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំង សេចក្ដីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែល ព្រះបានវាយ ជាអ្នកដែលរងវេទនា តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅ លើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់ យើងទាំងអស់គ្នា បានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបាន ទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់ [ព្រះយេស៊ូ]។

នៅក្នុងឃ្លាចុងក្រោយបានសង្ខេបទាំងអស់។ ព្រះអម្ចាស់បានទម្លាក់អំពើទុច្ចរិត ការបះបោរ អំពើបាប របស់មនុស្សជាតិទាំងមូល ទៅលើព្រះយេស៊ូ។ ព្រះយេស៊ូបានបង់ថ្លៃប្រោសលោះអំពើបាបសម្រាប់មនុស្ស ជាតិទាំងអស់។ “ទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិត របស់យើង ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់”។ ដោយព្រោះព្រះយេស៊ូ ទទួលទោស ឥឡូវនេះ ព្រះទ្រង់អាចនឹងប្រទានដល់យើងបាន នូវសេចក្តីសុខសាន្ដ និងការផ្សះផ្សា។

លោកអ្នកដឹងទេ យើងចងចាំនូវអ្វីដែលយើងបាននិយាយរួចមកហើយ គឺថា ជានិច្ចកាល លោកអ្នកត្រូវ មានព្រះគុណ មុនពេលដែលលោកអ្នកអាចមានសេចក្តីសុខសាន្ត។ ការផ្សះផ្សារវាងសេចក្តីយុត្តិធម៌ និងសេចក្តី មេត្តាករុណានេះ គឺត្រូវបានពណ៌នាយ៉ាងល្អដោយអ្នកសរសេរទំនុកតម្កើង នៅក្នុងទំនុកតម្កើង ៨៥:១០-១១ ហើយខ្ញុំសូមអានជូនលោកអ្នកចេញពីសំណៅ Living Bible

10 សេចក្ដីមេត្តាករុណា និងសេចក្ដីពិត ជួបគ្នា សេចក្ដីយុត្តិធម៌ និងសេចក្ដីសុខសាន្ត ថើបគ្នា។ 11 សេចក្ដីពិតដុះពន្លកចេញពីដី ហើយសេចក្ដីសុចរិត ញញឹមពីស្ថានសួគ៌។

ឥឡូវនេះ កន្លែងដែលសេចក្តីមេត្តាករុណា និងសេចក្តីពិតបានជួបគ្នាជាមួយសេចក្តីយុត្តិធម៌ គឺនៅលើឈើ ឆ្កាង។ សេចក្តីយុត្តិធម៌បានធ្លាក់មកលើព្រះយេស៊ូ ដើម្បីឲ្យសេចក្តីមេត្តាករុណារួមជាមួយសេចក្តីពិត អាចមាន អំណោយផលដល់អ្នកជឿលើព្រះយេស៊ូ។ ព្រះគម្ពីរតែងសង្កត់ធ្ងន់ថា ព្រះគុណចូលមកអមជាមួយនឹងសេចក្តី ពិត។ បញ្ហាអំពើបាបរបស់មនុស្ស មិនអាចមើលរំលងបានទេ។ គ្មានអ្វីអាចទៅរួចទេ ដូចមានពាក្យដែលខ្មែរ យើងពោលថា ដំរីងាប់ មិនអាចយកចង្អេរមកបាំងបានទេ។ អ្វីៗត្រូវតែលាតត្រដាងជាចំហ ហើយដោះ ស្រាយ។ សេចក្តីពិតត្រូវតែបំពេញ។ ប៉ុន្ដែ នៅពេលដែលសេចក្តីពិត និងសេចក្តីយុត្តិធម៌ត្រូវបានបំពេញ នោះនឹងរកបានសេចក្តីមេត្តាករុណា។ ដូច្នេះ សេចក្តីពិតត្រូវបានរក្សាទុក សេចក្តីយុត្តិធម៌ត្រូវបានបំពេញ ហើយយ៉ាងនោះក៏បើកផ្លូវឲ្យមានសេចក្តីមេត្តាករុណា និងសេចក្តីសុខសាន្តចូលមក។ លទ្ធផល គឺសេចក្តីពិតបាន ដុះចេញពីផែនដី ហើយសេចក្តីសុចរិត ញញឹមពីលើស្ថានសួគ៌មក។

សូមចំណាយពេលអានសេចក្ដីនេះនៅក្នុងគម្ពីររបស់លោកអ្នក ក្នុងទំនុកតម្កើង ៨៥:១០-១១ចុះ។ សូម មើលនូវរូបភាពដ៏ល្អអំពីការផ្សះផ្សាឲ្យបានជានា វាងសេចក្តីយុត្តិធម៌របស់ព្រះ និងព្រះគុណរបស់ព្រះ ដែលបាន សម្រេចនៅលើឈើឆ្កាង បន្ទាប់មកទៀត សូមអនុវត្តបទគម្ពីរនេះទៅកាន់ជីវិតរបស់លោកអ្នកផ្ទាល់។

ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះអស់ហើយ។ ខ្ញុំសូមបញ្ចប់ដោយប្រើពាក្យដែលពួកសាវកតែងតែ បញ្ចប់សំបុត្ររបស់ពួកលោកថាៈ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ»។ នេះ ជាការជូនពររបស់ខ្ញុំដល់លោកអ្នក សម្រាប់រដូវកាលនេះ។

ខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមម៉ោងពេលវេលា និងម៉ោងដដែល។ វគ្គក្រោយ ខ្ញុំនឹង ពន្យល់អំពីព្រះរបៀបទទួលព្រះគុណ។

ក្នុងពេលដែលយើងខិតជិតដល់ចុងបញ្ចប់នៃឆ្នាំនេះ ខ្ញុំចង់ថ្លែងអំណរគុណជាពិសេសដល់លោកអ្នកទាំង អស់គ្នាដែលបានរួមចំណែកសម្រាលបន្ទុកខាងថវិកាជាមួយខ្ញុំ នៅក្នុងព័ន្ធកិច្ចវិទ្យុនេះ។ ខ្ញុំក៏សុំលោកអ្នកដោយ ស្មោះត្រង់ផងដែរថា សូមលោកអ្នកនឹកចាំពីព័ន្ធកិច្ចនេះ តាមរយៈអំណោយដ៏សប្បុរសរបស់លោកអ្នកមុនពេល ចប់ឆ្នាំនេះ។ អំណោយដ៏សប្បុរសរបស់លោកអ្នក នឹងក្លាយជាប្រភពដ៏ធំក្នុងការលើកទឹកចិត្តសម្រាប់ខ្ញុំផ្ទាល់ ហើយជួយខ្ញុំឲ្យបន្ត និងពង្រីកព័ន្ធកិច្ចនេះ នៅឆ្នាំថ្មីដែលនឹងចូលមកដល់នៅពេលខាងមុខនេះ។ សូមព្រះប្រទាន ពរ។